សង្គម​ស៊ីវិល​ស្វាគមន៍​ការកំណត់​ចំនួន​ទឹកប្រាក់​ចំណងដៃ​អ្នកកាន់ការ​រដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2014 ក+ ក-

ភ្នំពេញ​៖​មន្ត្រី​បក្សប្រឆាំង និង​សង្គម​ស៊ីវិល ស្វាគមន៍​បំណង​កំណត់​ចំនួន​ទឹកប្រាក់​ចំណងដៃ​របស់​អ្នកកាន់ការ​រដ្ឋ​។ ការបញ្ជាក់​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង និយាយប្រាប់​អ្នកកាសែត​ជា​សាធារណៈ​ថា លោក​នឹង​បំផុសគំនិត​ស្វែងរក​ការគាំទ្រ​លើ​ការកំណត់​ពី​ចំនួន​ទឹកប្រាក់ ដែល​មន្ត្រីរាជការ​ត្រូវ​ចងដៃ​ការ បុណ្យ ទទួល​ជំនូន ជូន​កាដូ​ទៅ​ចៅហ្វាយនាយ ឬ​ទទួល​ប្រាក់​ទាំងនេះ​ពី​ឈ្មួញ​ឯកជន​។​

ការ​ចងដៃ​ការ ចូល​បុណ្យ កាដូ​ខួបកំណើត ក្នុង​បំណង​កេងចំណេញ​ផលប្រយោជន៍​ពី​មន្ត្រីរាជការ ដែល​បានទទួល​ជំនូន​ទាំងនោះ​ទៅ​ថ្ងៃមុខ ទំនង​នឹង​ស្ថិតក្រោម​ការតាមដានរ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់ទុកថា ការជូន​កាដូ ឬ​ចងដៃ​ច្រើន​ហួសហេតុ ជាការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ប្រយោល​។​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឆ្លើយ​មិន​ស្ទាក់ស្ទើរ​ឡើយ​ថា បើសិនជា លោក ឱម យ៉ិនទៀង រៀបចំសេចក្តី​ស្នើច្បាប់​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើពុករលួយ ត្រង់​មាត្រា​ដែល​និយាយ​ពី​ការជូន​កាដូ​នេះ លោក​នឹង​គាំទ្រ​ពេញទំហឹង​តែម្តង​។ លោក​បន្តថា ព្រោះតែ​មន្ត្រីរាជការ​ទទួល​កាដូ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះហើយ ទើប​ធ្វើ​ឲ្យ​មន្ត្រី​ទាំងនេះ​បំពេញការងារ​ដោយ​លម្អៀង មិន​បម្រើ​ប្រយោជន៍​ជាតិ​៖ «​ការកូន​ការ​ចៅ អ្នកខ្លះ​ចង​សុទ្ធតែ​ឡាន​ទំនើប​។ មួយទៀត ការកូន​ហើយ​ក្លាយជា​សេដ្ឋី​ក៏មាន​»​។​

លើសពីនេះ លោក យឹម សុវណ្ណ ក៏មាន​បំណង​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដែរ​។ លោក​ចង់​ឲ្យ​ច្បាប់ តម្រូវ​ឲ្យ​មន្ត្រី​សាធារណៈ​ទាំងអស់​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ ច្បាប់​ការពារ​សាក្សី​ដែល​ប្ដឹង​ពី​ករណី​ពុករលួយ និង​ជ្រើសតាំង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​មនុស្ស​ដែល​មិន​ពាក់ព័ន្ធ​បញ្ហានយោបាយ​។​
​ទាក់ទង​នឹង​បញ្ហា​នេះ លោក ឱម យ៉ិនទៀង បញ្ជាក់ថា លោក​នឹង​រៀបចំ​សិក្ខាសាលា​ប្រមូល​គំនិត​ថ្មី បើ​មានគំនិត​គាំទ្រ​ច្រើន​គេ នឹង​អនុវត្តតាម​។ ហើយ​ការ​ចងដៃ​បុណ្យ​ការ និង​ជូន​កាដូ​ផ្សេងៗ​ច្រើន​ហួសហេតុ វា​មិន​ត្រឹមត្រូវ​នោះទេ​។​

ចំណែកឯ​នាយក​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល វិញ លោក​ក៏​ពេញ​ចិត្តនឹង​គម្រោងការ​នេះដែរ​។ លោក​មានប្រសាសន៍ថា បច្ចុប្បន្ន​ការជូន​កាដូ​ថ្លៃ​ហួសហេតុ តម្លៃ​សុទ្ធតែ​រាប់ពាន់​ដុល្លារ រាប់ម៉ឺន​ដុល្លារ​នេះ ជា​ករណី​គួរ​ឲ្យ​សង្ស័យ​ណាស់​។ លោក​បន្តថា ពេលដែល​ច្បាប់​កម្ពុជា ចែង​ពី​យន្តការ​នៃ​ការស៊ើបអង្កេត​លើ​ការ​ចងដៃ ចូល​បុណ្យ​ជូន​កាដូ​នេះ នោះ​អំពើពុករលួយ ឬ​ទំនាស់​ផលប្រយោជន៍ ក៏​អាច​កាត់បន្ថយ​បាន​ខ្លះ​ដែរ​។ លោក ព្រាប កុល បញ្ជាក់ថា ច្បាប់​ប្រឆាំង​អំពើពុករលួយ ក៏​គួរតែ​ចែង​ពី​ទំនាស់​ផលប្រយោជន៍​ឲ្យ​បាន​ច្បាស់​៖ «​យើង​ត្រូវ​កំណត់ តម្លៃ​សមស្រប​ណាមួយ ដែល​ឯកភាពគ្នា​។ នៅ​ស្រុក​ខ្មែរ​យើង អ្នកខ្លះ​ឆ្លៀតឱកាស​យក​ប្រពៃណី​វប្បធម៌​ហ្នឹង ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​ធ្វើជា​កាដូ​ធ្វើជា​អំណោយ​អី ជាដើម​»​។​

ប្រភព​ក្រៅផ្លូវការ​ខ្លះ​បញ្ជាក់ថា មង្គល​ការដែល​បានទទួល​ចំណងដៃ​ច្រើនជាងគេ​នៅ​កម្ពុជា គឺជា​មង្គលការ​របស់​កូនៗ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ចំណងដៃ​ការកូន លោក ហ៊ុន សែន មួយចំនួន​ជា​កូនសោ​ឡាន​ទំនើបៗ និង​ប្រាក់កាស​រាប់ពាន់​ដុល្លារ​។ ចំណែកឯ​ការជូន​កាដូ​វិញ ឲ្យ​តែ​ដល់​ពិធី​បុណ្យទាន ឬ​ខួបកំណើត​មន្ត្រី​ធំៗ​ម្តងៗ មន្ត្រីក្រោមឱវាទ និង​អ្នកជំនួញ ក៏​តម្រង់​ជួរ​គ្នា​ជូន​បាច់ផ្កា ស្រា​ថ្លៃ ព្រមទាំង​ភ្ជាប់​ស្រោមសំបុត្រ​ទៀតផង​។​

​សព្វថ្ងៃនេះ ច្បាប់​ប្រឆាំង​អំពើពុករលួយ មិនមាន​វិសាលភាព​គ្របដណ្ដប់​ទៅលើ​អំណោយ ឬ​ជំនូន ព្រមទាំង​ចំណងដៃ​ការ និង​បុណ្យ​នោះទេ​។ ច្បាប់​សព្វថ្ងៃ មាន​វិសាលភាព​ទៅលើ​បទល្មើស​កេងចំណេញ​ផលប្រយោជន៍​សាធារណៈ កិបកេង​ចំណូល​ជាតិ ការរំលោភ​អំណាច និង​ការគំរាមកំហែង ជាដើម​។ ច្បាប់​ប្រឆាំង​អំពើពុករលួយ ក៏​អនុញ្ញាត​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់ការ​ចំពោះ​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ដែរ​។ ប៉ុន្តែ ប្រធាន​អង្គភាព លោក ឱម យ៉ិនទៀង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ដំណាក់កាល​ដំបូង​ត្រូវ​បោសសម្អាត​មន្ត្រី​សាធារណៈ​ជាមុនសិន​៕ប្រភពៈrfa
Untitled-1

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​