​មនុស្ស​ជិត​២០​នាក់​របួស​ក្នុងពេល​កម្លាំង​សន្តិសុខ​វាយ​បំបែក​អ្នក​តវ៉ា​រឿង​ដី​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2014 ក+ ក-

ភ្នំពេញ​៖​មាន​មនុស្ស​ចំនួន​ជិត ២០​នាក់ រង របួស​នៅក្នុងពេល​កងសន្តិ សុខខណ្ឌដូន ពេញប្រើ​កម្លាំង​ដោយ​ហិង្សា វាយ​បំបែក​លើ​អ្នក​តវ៉ា​រឿង​ដីធ្លី​មកពី​ខេត្តព្រះ វិហារ នៅ​ថ្ងៃទី​២០ តុលា​។ ក្នុងចំណោម​អ្នករងរបួស គឺមាន​កុមារ​ផង​។​

ពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី​នៅ​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ជិត ១០០​នាក់ នាំគ្នា​ព្យាយាម​យក​លិខិត​សុំ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​កងសន្តិសុខ​រារាំង​នៅ​សួនច្បារ​នាគ​បាញ់​ទឹក​ខាងកើត​វិមាន ឯករាជ្យ បាន​រារាំង​ក្បួន​អ្នក​តវ៉ា​ដោយ​មិន​ឲ្យ​ចូល​ទៅជិត​ផ្ទះ​លោក នាយករដ្ឋមន្ត្រី​ឡើយ​។​

នៅវេលា​ថ្ងៃត្រង់ កងសន្តិសុខ​ខណ្ឌដូនពេញ រាប់សិប​នាក់ ដែល​គាំទ្រ​កម្លាំង​ពីក្រោយ​ដោយ​កង​អាវុធហត្ថ​រាប់រយ​នាក់ បាន​ប្រើ​អំពើហិង្សា​បណ្ដេញ​អ្នក​តវ៉ា​ចេញពី​ទីនោះ​។​

អ្នករបួស​ដែល​អាជ្ញាធរ​វាយ​ត្រូវបាន​ពេទ្យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ជួយសង្គ្រោះ និង​ព្យាបាល​។​

​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ឱ្យដឹងថា ក្រោយ​ការ​វាយ​បង្ក្រាប​ដោយ​ហិង្សា​របស់​អាជ្ញាធរ​មួយ​ប្រាវ​នោះ ខាង​លោក​បានទទួល​អ្នក​តវ៉ា​ដែល​រងរបួស​ទាំង​ក្មេង និង​ចាស់ ជិត​ម្ភៃ​នាក់​។ ក្នុងនោះ​មាន​ប្រាំ​នាក់​រងរបួស​ធ្ងន់​​។​

មន្ត្រី​សម្របសម្រួល​អង្គការ​ការពា​រ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះវិហារ ចាត់ទុក​ការបង្ក្រាប​ដោយ​ហិង្សា​លើ​អ្នក​តវ៉ា​រឿង​ដីធ្លី​មកពី​ខេត្ត ព្រះវិហារ​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​។​

នៅក្នុង​លិខិត​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រុមអ្នកតវ៉ា​បានសរសេរថា ពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី​នេះ​មាន​ចំនួន ៣៣១​គ្រួសារ​ស្ថិតនៅ​ក្នុងស្រុក​ជាំ​ក្សាន្ត និង​ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។ ពួកគាត់​ឱ្យដឹងថា បញ្ហាដីធ្លី​នេះ​កើតឡើង​ចំពោះ​ពលរដ្ឋ ៧៨​គ្រួសារ នៅពេលដែល​អាជ្ញាធរខេត្ត​ចង់​ពង្រីក​វាល​យន្តហោះ​។ រីឯ​ពលរដ្ឋ ២៥៣​គ្រួសារ​ទៀត ត្រូវបាន​អាជ្ញាធរ​ឈូសឆាយ និង​ដុត​ផ្ទះសម្បែង សាលា និង​វត្ត ហើយ​ឱ្យ​ពួកគាត់​ទៅ​រស់នៅក្នុង​ចម្ការមីន​។​

មន្ត្រី​សម្របសម្រួល​អង្គការ​ការពា​រ​សិទ្ធិមនុស្ស​អាដហុក ប្រចាំខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ បញ្ជាក់​បន្ថែមថា នៅ​ឆ្នាំ​២០១២ ពលរដ្ឋ​នៅ​យល់ព្រម​តាម​អាជ្ញាធរ​ដោះដូរ​ដី​ពី​ឃុំ​កន្ទួត ទៅ​នៅ​ទីតាំង​ថ្មី​ឈ្មោះ​ស្រះ​ក្ដុល​។ លោក​ថា ការយល់ព្រម​នោះ ក៏​ព្រោះតែ​អាជ្ញាធរខេត្ត​ធ្លាប់​សន្យា​នឹង​ពលរដ្ឋ​រៀបចំ​ឱ្យមាន ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​ផ្លូវទឹក​ភ្លើង​សម្រាប់​ពលរដ្ឋ​ដែល​រើ​ទៅនោះ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិន​អ្វី​ដូច​ការសន្យា​ទេ ។​

នៅ​ព្រឹក​ថ្ងៃទី​២០ តុលា ដដែល មុនពេល​ហែ​ក្បួន​ទៅរក​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក ហ៊ុន សែន ពលរដ្ឋ​បាន​ហែ​ញត្តិ​ទៅ​ដាក់​នៅតាម​ស្ថានទូត​មួយចំនួន ដូចជា ស្ថានទូត​ចិន (China) រុស្សី (Russia) អូស្ត្រាលី (Australia) និង​រដ្ឋសភា​ជាដើម ដើម្បីឱ្យ​ស្ថានទូត និង​ស្ថាប័ន​ទាំងនោះ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដីធ្លី ជូន​ពួកគាត់​៕​ប្រភព​៖rfa

Untitled-1