ពង្រាងច្បាប់​នៃ​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​នឹង​បញ្ជូនទៅពិភាក្សាក្នុងសភា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2014 ក+ ក-

ភ្នំពេញ​៖​ចំណុច​សំខាន់ៗ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​ដែល​ចេញ​ដោយ ​ក្រសួងសុខាភិបាល ត្រូវបាន​ដាក់​ឲ្យ​ពិភាក្សា នៅ​ក្នុង​មន្ទីរព្រឹទ្ធសភា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មុននឹង​សេចក្តីព្រាង​នេះ​ត្រូវ បានអនុម័តដោយរដ្ឋសភា និងមុនពេលបញ្ជូន​ទៅឲ្យ ស្ថាប័ន​នីតិបញ្ញតិ​នៅពេល​ខាងមុខនេះ ។

ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា ការ​តម្លើង​ពន្ធ​លើ​គ្រឿង​ស្រវឹង ការកំណត់​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ឬ​ការកំណត់​អាយុ​ដែល​អាច​ផឹក​គ្រឿង​ស្រវឹង​សុទ្ធសឹង​ជា​ប្រធានបទ​សំខាន់ៗ​ដែល​ត្រូវ​លើកយក​ក្នុងឱកាស​នោះ​យ៉ាង​ផុត​ល​ផុស​ដែរ​។​

ប្រភពព័ត៌មាន​បា​នប​ន្ត​ថា ការពិភាក្សា​បាន​លើកយក​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មើលទៅ​ហាក់ដូចជា​ក្តៅគគុក​នៅ​ទូទាំងប្រទេស​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​មក​ដាក់​ជា​ប្រធានបទ​សំខាន់​ផ្សារភ្ជាប់​គ្នា​ទៅនឹង​គ្រោះថ្នាក់​ចរាចរណ៍​ដែលជា​កត្តា​ដ៏​ព្រួយបារម្ភ​បំផុត​។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​លោក យង់ គឹមអេង ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះដែរ បាន​លើកឡើងថា ការលើក​ពី​បញ្ហា​គ្រឿង​ស្រវឹង​មក​ជជែក ដែលមាន​ការចូលរួម​ពី​តំណាង​រដ្ឋសភា ព្រឹទ្ធសភា ក្រសួងសុខាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល គឺ​ចង់​ឲ្យ​មានការ​ចូលរួម​មតិ​បន្ថែម និង​បង្ហាញ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​ពី​គ្រោះថ្នាក់ និង​ការវិវត្ត​ទាក់ទង​ទៅនឹង​ប​ញ្ញ​តិ​ច្បាប់​ផ្សេងៗ​ស្តីពី​គ្រឿង​ស្រវឹង ។​

ចំណុច​សំខាន់​ចំនួន​៤ ត្រូវបាន​លើកយក​មក​ពិភាក្សា​លម្អិត និង​ផ្តល់​មតិ​បន្ថែម រួមមាន​ទី​១ ការ​តម្លើង​ពន្ធ​លើ​គ្រឿង​ស្រវឹង ទី​២ កម្រិត​ដល់​កន្លែង​លក់​គ្រឿង​ស្រវឹង​ត្រូវមាន​អាជ្ញា​ប័​ណ្ឌ​ត្រឹមត្រូវ ហើយ​ចៀសវាង​លក់ដូរ​នៅ​ទីកន្លែង​មួយចំនួន ដូចជា​ក្បែរ​សាលារៀន វត្ត​អា​រ៉ា​ម មន្ទីរពេទ្យ ឬ​កន្លែងធ្វើការ​របស់​រដ្ឋ​ជាដើម​។​
​រីឯ​ចំណុច​ទី​បី​នោះ​គឺ​ទាក់ទង​ទៅនឹង​ការផ្សាយពាណិជ្ជកម្ម គឺ​គេ​ពុំគួរ​ផ្សាយ​ពី​សកម្មភាព​ផឹកស៊ី​ការបង្កើត​ភាពសប្បាយ​រីករាយ និង​ផ្សាយ​ពី​អត្ថប្រយោជន៍​របស់​គ្រឿង​ស្រវឹង​នោះទេ​។ ផ្ទុយទៅវិញ​គឺ​ស្នើ​ឲ្យ​ផ្សាយ​តែ​ម៉ាក ឬ​ឡូ​ហ្គូ តែប៉ុណ្ណោះ​។ ដោយឡែក​ចំណុច​ចុងក្រោយ គឺ​ការកំណត់​អាយុ​បុគ្គល​ដែល​អាច​សេព​គ្រឿង​ស្រវឹង​ចាប់​អាយុ​ចាប់ពី​២១​ឆ្នាំ​ឡើងទៅ​។​

​គួរ​លើកឡើង​ផងដែរ​ថា គ្រឿង​ស្រវឹង​មិន​ត្រឹមតែ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ​ទេ គឺ​បាន​បង្កើត​ឲ្យ​មាន​អំពើហិង្សា និង​អំពើ​ពាលា បាត់​សណ្តាប់ធ្នាប់​ក្នុងសង្គម​ជាច្រើន​ទៀត​៕