ភ្នំពេញ៖សហព័ន្ធអ្នកកាសែតអន្តរជាតិ ហៅកាត់ថា អាយ.អេហ្វ.ជេ (IFJ) និងសហជីពអ្នកកាសែតអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីជូ (SEAJU) រួមគ្នាអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបញ្ចប់និទណ្ឌភាព និងបន្តជំរុញការរកយុត្តិធម៌ជូនអ្នកកាសែត ដែលគេសម្លាប់នៅក្នុងឆ្នាំ ២០១៤ នេះ។
ការអំពាវនាវរបស់សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) និងសហជីពអ្នកកាសែតអាស៊ីអាគ្នេយ៍ (SEAJU) គឺ ធ្វើឡើងចំពេល ដែលសហប្រជាជាតិសម្ពោធទិវាអន្តរជាតិ បញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែត នៅថ្ងៃអាទិត្យ ទី ២ វិច្ឆិកា។
ក្នុងឱកាសសម្ពោធទិវាអន្តរជាតិជាលើកដំបូងនេះ សហព័ន្ធ និងសហជីពអ្នកកាសែតទាំងពីរ ចេញសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនមួយ ដោយសរសេរថាគ្មានជនល្មើសណាមួយត្រូវបាននាំខ្លួនមកផ្ដន្ទាទោស ចំពោះអំពើសម្លាប់ទាំងនោះនៅឡើយទេ។ សហព័ន្ធ និងសហភាពទាំងពីរទទូចសុំឱ្យរដ្ឋាភិបាលកម្ពុជា បញ្ចេញសារខ្លាំងក្លាមួយថា នឹងមិនអត់អោនចំពោះ អ្នកប្រព្រឹត្តឱ្យមានការសម្លាប់ទាំងនេះឡើយ។
ស្របគ្នាដែរនៅក្នុងប្រទេសកម្ពុជាវិញ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏ចាប់ផ្ដើមសម្ពោធយុទ្ធនាការអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធ ប្រឆាំងនិទណ្ឌភាព។ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងថាការអំពាវនាវឱ្យមានយុទ្ធនាការនេះ គឺព្រោះតែខាងអ្នកស្រីមើលឃើញថា និទណ្ឌភាពនៅកម្ពុជាកាន់រីករាលដាល ហើយករណីភាគច្រើនមិននាំជនល្មើសមកកាត់ទោស ហើយជនរងគ្រោះនៅតែមិនទទួលបានយុត្តិធម៌ និងការពិត៖ «សំខាន់ បំផុត យើងចង់ស្នើឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតកន្លងមក ចំពោះករណីអ្នកសារព័ត៌មានទាំង ១៣ រូប។ យើងដឹងហើយ មកដល់ឆ្នាំ ២០១៤ នេះ គឺមាន ១៣ រូបហើយ ដែលត្រូវបានសម្លាប់ ហើយនៅក្នុងឆ្នាំ ២០១៤ ហ្នឹង គឺមានទៅដល់ ២ ករណី។ អ៊ីចឹងយើងចង់ឱ្យរដ្ឋាភិបាលធានាថា ករណីទាំងអស់នេះ ត្រូវបានស៊ើបអង្កេត ហើយមិនមែនតែករណីអ្នកសារព័ត៌មានទេ ប៉ុន្តែមានដូចជាជនរងគ្រោះថ្មីៗ ក្នុងការបង្ក្រាបដោយហិង្សានៅដើមឆ្នាំ ២០១៤ យើងនេះ គឺធ្វើម៉េចធានាសិទ្ធិទទួលបាននូវយុត្តិធម៌ និងការដែលជនរងគ្រោះគាត់អាចដឹងពីការពិត ហើយនឹងទទួលបានសំណងមួយសមរម្យសម្រាប់ការដែលខ្លួនគាត់បានរងគ្រោះ នេះ»។
កាលពីថ្ងៃទី ៣១ តុលា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកកាសែតអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីប៉ា (SEAPA) ក៏ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ទាក់ទងនឹងការអំពាវនាវដល់រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ចាត់វិធានការជាក់លាក់ ដើម្បីឆ្ពោះទៅរកការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នក កាសែតនេះដែរ។
សមាជិកគណៈនាយកនៃក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល សាទរចំពោះការអំពាវនាវនេះ ជាពិសេស អំពាវនាវដល់អាជ្ញាធរដែនដីស្វែងរកយុត្តិធម៌ដល់អ្នកកាសែត ដែលត្រូវគេសម្លាប់ បំភិតបំភ័យ ឬជ្រៀតជ្រែកការងាររបស់អ្នកសែតកំពុងបំពេញភារកិច្ច។ លោកបញ្ជាក់ថា អ្នកសារព័ត៌មាន មិនមែនជាសត្រូវរបស់រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ឬក៏របស់ភាគីណាទាំងអស់។ ផ្ទុយទៅវិញ អ្នកសារព័ត៌មាន គឺជាមិត្តភក្ដិរបស់ស្ថាប័ន និងបុគ្គលគ្រប់ភាគី៖ «ពី អ្នកសារព័ត៌មាន លោកបានស្វះស្វែងរកអ្វីដែលជាចំណុចអវិជ្ជមាន ដើម្បីឱ្យសង្គមហ្នឹងផ្លាស់ទៅជាវិជ្ជមានវិញ។ ដូច្នេះអ្នកសារព័ត៌មានគ្មានចេតនា ទោះបីរឿងនោះជារឿងអវិជ្ជមានក៏ដោយ។ អ៊ីចឹងនៅពេលដែលអ្នកសារព័ត៌មានផ្សព្វផ្សាយពីរឿងអវិជ្ជមានទៅលើ ទាំងស្ថាប័នរដ្ឋាភិបាល ទាំងស្ថាប័នមិនមែនរដ្ឋាភិបាល គឺពួកគាត់ត្រូវតែស្វះស្វែងធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ថា តើរឿងហ្នឹងពិតឬអត់? ប្រសិនបើរឿង ហ្នឹងជារឿងពិត គួរតែស្វះស្វែងរកយុត្តិសាស្ត្រយ៉ាងណា ដើម្បីធ្វើការផ្លាស់ប្ដូរ។ នេះជាចំណុចសំខាន់សម្រាប់រាជរដ្ឋាភិបាលក៏ដូចជា អាជ្ញាធរនៅថ្នាក់មូលដ្ឋាន»។
ករណីអ្នកកាសែត ដែលត្រូវគេសម្លាប់នៅក្នុងប្រទេសកម្ពុជា មានចំនួន ១៣ នាក់ហើយ ចាប់តាំងពីឆ្នាំ ១៩៩៤ មក។ ដោយឡែកនៅឆ្នាំ ២០១៤ មានអ្នកកាសែតចំនួន ៣ នាក់ត្រូវបានសម្លាប់ គឺទី ១ អ្នកកាសែតមាគ៌ាកម្ពុជា លោក សួន ច័ន្ទ ត្រូវគេវាយសម្លាប់ខេត្តកំពង់ឆ្នាំង កាលពីខែមករា ទី២ អ្នកកាសែតជនជាតិកាណាដា ដេវ វ៉កឃើរ (Dave Walker) ត្រូវ បានគេរកឃើញសាកសពក្នុងខែកុម្ភៈ នៅខេត្តសៀមរាប និងទី២ អ្នកកាសែត និងសមាជិករបស់សមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យ គឺលោក តាំង ទ្រី ក៏ត្រូវគេបាញ់សម្លាប់នៅខេត្តក្រចេះ កាលពីខែតុលា។ អាជ្ញាធរចាប់បានជនសង្ស័យ ៣ នៅក្នុងករណីនេះ។
ថ្មីៗ នេះ តុលាការខេត្តកំពង់ឆ្នាំង បានចោទប្រកាន់ជនសង្ស័យម្នាក់នៅក្នុងករណីសម្លាប់អ្នកកាសែត គឺលោក សួន ច័ន្ទ។
សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) មានសមាជិកជាង ៦០ ម៉ឺននាក់ ស្វាគមន៍ចំពោះការចោទប្រកាន់អ្នកសម្លាប់លោក សួន ចាន់ ក៏ប៉ុន្តែត្រូវតែស្វែងរកចាប់ខ្លួនអ្នកសម្លាប់ផ្សេងទៀត។
មិនទាន់ទទួលបានការឆ្លើយតបណាមួយពីរាជរដ្ឋាភិបាលទេ នៅថ្ងៃអាទិត្យ ទី ២ វិច្ឆិកា៕ ប្រភព៖rfa
សាកសពលោក តាំង ទ្រី ដែលឃាតកសម្លាប់ និងរថយន្តរបស់ខ្លួន កាលពីថ្ងៃទី ១២ តុលា ២០១៤។
រូបថត៖ កាសែតនិស្សិតខ្មែរ