ក្រោយ​បំបែក​កំណត់ត្រា Red Picture ចាក់​បញ្ចាំង​រឿង​”​ទង់ព្រលឹង​”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2016 ក+ ក-

​លោក រតនៈ
​ភ្នំពេញ​៖​បន្ទាប់ពី​បំបែក​កំណ​ត​ត្រា​ទទួលបាន​អ្នកគាំទ្រ និង​ចំណូល​ច្រើនជាងគេ​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត ទី​១​រឿង “​ភូមិ​អត់​មនុស្ស​”​កាលពី​ឆ្នាំ​២០១ ៥ ផលិតកម្ម Red Picture បានប្រកាស​បើកសម្ពោធ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ទី​២​រឿង “​ទង់ព្រលឹង​”​ដែលជា​ខ្សែភាពយន្ត​បែប​កំប្លែង និង​ភ័យរន្ធត់​។ ផលិតករ​សិល្បករ​រំពឹងថា​ខ្សែភាពយន្ត​ថ្មី​នេះ​ក៏​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​បន្តទៀត​។
​ ​ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​បើក​ការដាក់​បញ្ចាំង​ជា​ផ្លូវការ​ខ្សែភាពយន្ត​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៦​នេះ នៅ​ទីផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី ។ កម្មវិធី​នេះ​ស្ថិតក្រោម​វត្តមាន​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តំ​ណា​រោងភាពយន្ត ផលិតករ​សិល្បករ​ជាច្រើនរូប​ចូលរួម​ផងដែរ​។
​ ​ខ្សែភាពយន្ត​រឿង​”​ទង់ព្រលឹង​”​មានការ​ចូលរួម​សម្តែង​ពី​តារា​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើន​ដូចជា អ្នកនាង សុខ សោ​ម៉ា​វ​ត្តី លោក ជា សុវណ្ណ​ន​រា​ហ៍ លោក ទេព រិន្ទ​ដា​រ៉ូ លោក ប៊ី​អាយ​ជី នាយ​គ្រឿន នាយ​ក្រូច នាយ​ចឺម នាង ប៉ោង​ប៉ោង នាយ​ក្តិ​ប កញ្ញា No More កញ្ញា សុវណ្ណ រ៉ា​ផា​ជាដើម​។​
​ ​ប្រធាន​នាយកដ្ឋាន​ភាពយន្ត លោក ស៊ិន ចាន់​សា​យ៉ា បាន​កោតសរសើរ​ចំពោះ​ផលិតកម្ម Red Picture ដែល​ធ្លាប់បាន​បំបែក​កំណត់ត្រា​ចំនួន​អ្នកទស្សនា​កាលពី​ឆ្នាំមុន និង​បន្ត​ផលិត​ខ្សែភាពយន្ត​ដែលមាន​គុណភាព​សម្រាប់​ទស្សនិកជន​។ អ្វីដែល​លោក​សរសើរ​ផងដែរ​នោះ​គឺ​ការសហការ​ផលិត​រប​ស់​ក្រុមការងារ​ផលិតកម្ម ពិសេស​ការសហការ​រួបរួម​គ្នា​រវាង​ផលិត​កម្មនេះ​ជាមួយនឹង​តារាចម្រៀង​ផលិតកម្ម ថោ​ន ដោយបាន​បញ្ចូល​នូវ​បទ​ចម្រៀង​ទំនុកច្រៀង​ថ្មី​ដាក់បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ដែល​បានបង្ហាញ​ពី​ភាព​សម្បូរបែប​នឹង​ការ​សាមគ្គី​គ្នា​រវាង​ផលិតកម្ម​និង​ផលិតកម្ម ។ លោក​រំពឹង​ដែរ​ថា​ខ្សែភាពយន្ត​នេះ​នឹង​ក្លាយជា​ទស្សនីយភាព​ល្អ​មួយ​ថ្មី​ទៀត​សម្រាប់​អ្នកទស្សនា ហើយ​លោក​ក៏​សំណួ​ម​ពរ​ឲ្យ​បណ្តា​ផលិតករ សិល្បករ ព្យាយាម​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងការ​ចូលរួម​ផលិត​ខ្សែភាពយន្ត​ប្រកបដោយ​គុណភាព​ប្រកួតប្រជែង​។​
​ ​លោក ឌៀប សុវណ្ណ​រ៉ា អ្នកនិពន្ធ​ដឹកនាំ​រឿង និង​ជា​ចាងហ្វាង​ផលិតកម្ម Red Picture បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ជោគជ័យ​ក្នុង​ការផលិត​ខ្សែភាពយន្ត​លើកដំបូង ផលិតកម្ម​បានសម្រេច​ចេញ​ថត​ខ្សែភាពយន្ត​ថ្មី​មួយទៀត​កាលពី​ចុងឆ្នាំ​២០១៥​ដែល​ដែល​ការចំណាយ​ការផលិត​ប្រមាណ​ពី​៤​ទៅ​៥​ម៉ឺន​ដុល្លារ​។ លោក​បញ្ជាក់ថា​រឿង “​ភូមិ​អត់​មនុស្ស​”​ដែលជា​ស្នាដៃ​ដំបូង​របស់​ផលិតកម្ម​ទទួល​បានកា​រ​គាំទ្រ​ច្រើន​ដែល​ចំណូល​សរុប​ប្រមាន​៣០​ម៉ឺន​ដុល្លារ​គឺ​មិនទាន់​គិតការ​ចែក​ភាគរយ​រវាង​ផលិតកម្ម និង​រោងភាពយន្ត​នោះទេ​។ លោក​បន្តថា រឿង​ថ្មី​នេះ​មានការ​ចូលរួម​សម្តែង​ពី​តារា​ល្បីឈ្មោះ​ជាច្រើន​ដូច​ខ្សែភាពយន្ត​ទី​១​ដែរ​និង​បញ្ចូល​តារា​សម្តែង​ថ្មី​មួយចំនួន​បន្ថែម​ទៀតហើយ​ការសម្រិតសម្រាំង​ការផលិត​កាន់តែ​ពិសេស​ទាំង​សាច់រឿង​និង​បច្ចេកទេស​ក្នុង​ការផលិត​។ លោក​ថា រឿង “​ទង់ព្រលឹង​”​ត្រូវបាន ផលិត​ទៅតាម​តម្រូវការ​ទីផ្សារ​ភាពយន្ត​បច្ចុប្បន្ន​សម្រាប់​យុវវ័យ​ខណៈដែល​ការផលិត​ខ្សែភាពយន្ត​មនោសញ្ចេតនា​នៅ​មិនទាន់មាន​ទីផ្សារ​អ្នកទស្សនា​ច្រើន​នៅឡើយ​។ ទោះជា​យ៉ាងណា​រឿងនេះ​នៅតែ​បង្កប់​ដោយ​ទស្សនៈ​អប់រំ​ច្រើន​ហើយ​លោក​ក៏​នៅតែ​រំពឹង​ខ្ពស់​ជាមួយនឹង​ការផលិត​ខ្សែភាពយន្ត​ថ្មី​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ដូច​ខ្សែភាពយន្ត​ទី​១​របស់​ផលិតកម្ម​លោក​ដែរ​៕

32415
​ ​