ដំណើរ​វិវត្តន៍​នៃ​ការទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2014 ក+ ក-

​ភ្នំពេញ​៖​សង្គម​ស៊ីវិល​បន្ត​រិះគន់​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី ស្តីពី​ការទទួល​ជនភៀសខ្លួន​ឲ្យ​មក​រស់នៅ​កម្ពុជា​។ ប្រតិកម្ម​នេះ​កើតឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ជួបពិភាក្សា​ជាមួយ​នាយករដ្ឋ មន្ត្រី​អូស្ត្រាលី លោក តូ​នី អា​ប៊​ត (Tony Abbott) នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ឬ​ភូមា ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា​។ លោក ហ៊ុន សែន សន្យាថា កម្ពុជា​មិន​ប្តូរ​ជំហរ​ឡើយ​ក្នុង​ការទទួល​ជនភៀសខ្លួន​ពី​ប្រទេស អូស្ត្រាលី​។​

នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូ​នី អា​ប៊ឺ​ត មិន​ខ្វល់​ទេ​ចំពោះ​ប្រតិកម្ម​ទាំង​អម្បាលម៉ាន​ដែល​ជំទាស់​មិន​ឲ្យ អូស្ត្រាលី បញ្ជូន​ជនភៀសខ្លួន​មក​នៅ​ប្រទេស​កម្ពុជា នោះ​។ ភាគី​ទាំងពីរ​ថែមទាំង​ប្តេជ្ញា​ថា នឹង​អនុវត្ត​ខ្លឹមសារ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​បញ្ហា​នេះ​ឲ្យ​មាន ប្រសិទ្ធភាព​បំផុត​។ មន្ត្រី​សង្គម​ស៊ីវិល​និង​គណបក្សប្រឆាំង​ចាត់ទុកថា កិច្ចព្រមព្រៀង​របស់​នា​យក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ជា​កិច្ច ព្រមព្រៀង​រំលោភសិទ្ធិ​មនុស្ស និង​ច្បាប់​អន្តរជាតិ​។​
​ប្រធាន​បណ្តាញ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ លោក ម៉ៅ ពិសេស ដែល​ធ្លាប់​ដាក់​ញត្តិ​ទៅកាន់​រដ្ឋសភា​ជំទាស់​មិន​ឲ្យ​ទទួល​ជនភៀសខ្លួន នោះ មានប្រសាសន៍ថា ប្រជាពលរដ្ឋ​កម្ពុជា កំពុង​រងទុក្ខវេទនា​ពី​ការរំលោភបំពាន​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន រួមមាន សិទ្ធិសេរីភាព​បញ្ចេញមតិ សិទ្ធិ​ដីធ្លី និង​លំនៅឋាន​ជាដើម​។​

លោក​បន្តថា ជនភៀសខ្លួន​ដែល​នឹង​បញ្ជូនមក​ស្នាក់នៅ​ស្រុក​ខ្មែរ ក៏​ប្រហែល​ជាមាន វាសនា​មិន​ខុសពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ​។ លោក​បញ្ជាក់ថា ការសម្រេច​នេះ​ត្រូវយក​មតិយោបល់​ពី​ប្រជាពលរដ្ឋ​ជាមុន សិន​៖ «​ចាំ ឃ្លាំមើល​ថែមទៀត​ថា យើង​នឹង​វិវត្តន៍​ទៅ​យ៉ាងម៉េច យើង​សង្ឃឹមថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​កាន់តែ​ខូច​មុខមាត់​ថែមទៀត​។ សូម​អំពាវនាវ​ឲ្យ​មតិ​ជាតិ​អន្តរជាតិ​ជួយ​ថ្កោលទោស​ការរំលោភបំពាន សិទ្ធិមនុស្ស​របស់​រដ្ឋា​ភិ​បាល​ទាំងពីរ​»​។​

​លោក ម៉ៅ ពិសេស មាន​គម្រោង​ជួប​សមាជិក​ព្រឹទ្ធសភា​មក​គណបក្ស​ហ្គ្រី​ន (Green) ដែលជា​បក្សរ​ឆាំង​របស់​ប្រទេស​អូស្ត្រាលី (Australia) អ្នកស្រី សា​រ៉ា​ស ហាន់​សុន យ៉ុង (Sarah Hanson-Young) ក្នុងពេលដែល​អ្នកស្រី​មក​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ខាងមុខ​។ លោក​នឹង​នាំ​ស្ត្រី​អ្នកនយោបាយ​អូស្ត្រាលី​រូបនេះ ទៅ​មើល​ស្ថានភាព​ជីវភាព​របស់​រាស្ត្រ​នៅ​តំបន់​បុរី​កីឡា និង​តំបន់​មួយចំនួនទៀត ដើម្បី​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា មិនទាន់មាន​សមត្ថភាព​ពេញលេញ​ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរ​រក្សា​រាស្ត្រ ខ្លួនឯង​ឡើយ​។ ហេតុនេះ កម្ពុជា​ក៏​មិនមាន​សមត្ថភាព​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​ដែរ​។​
​ចំណែកឯ​អ្នកនាំពាក្យ​គណបក្សប្រឆាំង លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​ដាច់ខាត​ចំពោះ​ការទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី ព្រោះ​ទង្វើ​នេះ​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​។​

លោក​បញ្ជាក់ថា គណបក្សកាន់អំណាច​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ជុំវិញ ការ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្លួនឯង និង​ធ្វើ​ឲ្យ​អាប់មុខ​ប្រទេសជាតិ​លើ​ឆាក​អន្តជាតិ​នោះ​៖ «​អ្នកណា​ជា អ្នកសម្រេច​អ្នក​ហ្នឹង​ជា​អ្នកទទួលខុសត្រូវ​ហើយ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ប្រវត្តិសាស្ត្រ​។ យើង​មិន​ត្រូវធ្វើ​អ្វី​តាមតែ​នឹកឃើញ​ដោយ​មិន​យក​យោបល់​រាស្ត្រ​ជាធំ ឡើយ​»​។​

ទោះជា​បែបណា​ក្តី អ្នកនាំពាក្យ​ជំនួប​រវាង​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី គឺ​លោក កៅ គឹមហួន បញ្ជាក់ថា ភាគី​កម្ពុជា​និង​អូស្ត្រាលី បាន​ព្រមព្រៀងគ្នា​ជា​នយោបាយ​រួចហើយ ប៉ុន្តែ​ភាគី​ទាំងពីរ​ត្រូវ​សិក្សា​លើ​ផ្នែក​បច្ចេកទេស​ថែមទៀត​។ លោក​បន្តថា លោក ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អូស្ត្រាលី នៅពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​ស្វែងរក​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​ស្វែងយល់​លំអិត​ពី​បញ្ហា​ជនភៀសខ្លួន​នោះ​បន្ថែមទៀត​។​

រាជរដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​បញ្ហា​ជនភៀសខ្លួន​នេះ កាលពី​ថ្ងៃទី​២៧ ខែកញ្ញា​។ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​នេះ អូស្ត្រាលី​សន្យា​ជួយ​ចិញ្ចឹម​ជនភៀសខ្លួន​ដែល​មក​តាំងទី​លំនៅ​ថ្មី​នៅ កម្ពុជា រយៈពេល​១​ឆ្នាំ​ដំបូង និង​ផ្តល់ប្រាក់​ជំនួយ​ឲ្យ​កម្ពុជា លើ​វិស័យ​ផ្សេងៗ​ទៀត​ក្នុង​១​ឆ្នាំៗ ៤០​លាន​ដុល្លារ​។ កាសែត​អូស្ត្រាលី ផ្សាយ​ថា ប្រទេស​នេះ​ត្រូវ​ចំណាយ​ប្រាក់​១​ឆ្នាំៗ ៤០០​លាន​ដុល្លារ ដើម្បី​ចិញ្ចឹម​ជនភៀសខ្លួន​ដែល​បម្រុង​បញ្ជូនមក​កម្ពុជា​នេះ​។ មួយវិញទៀត ជនភៀសខ្លួន​មួយចំនួន​បាន​សរសេរ​បដា​ដោយមាន​ខ្លឹមសារ​ថា ពួកគេ​សុខចិត្ត​ស្លាប់​បើសិនជា​ត្រូវបញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​៕ rfa
Untitled-1
ពលរដ្ឋ​លើក​បដា​តវ៉ា​ប្រឆាំង​ការបញ្ជូន​ជនភៀសខ្លួន​ពី​ប្រទេស អូស្ត្រាលី មក​នៅ​កម្ពុជា នា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ កញ្ញា ២០១៤​។