គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចប្រមាណ៣០ឆ្នាំមកនេះ ត្រូវបានអ្នកវិភាគកត់សំគាល់ថា បក្សដែលមានកំណើតចេញពីបក្សកុំម្មុយនីស្តនេះ បានទទួលជោគជ័យដោយសារប្រើប្រាស់យុទ្ធសាស្ត្រចាស់ដើម្បីបង្ក្រាបគូប្រកួតមុនពេលចរចា ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បង្ហាញមោទនភាពថា យុទ្ធសាស្ត្រវាយផង ចរចាផង នាំឲ្យគណបក្សរបស់លោកទទួលបានជោគជ័យ ដូចជាករណីខ្មែរកក្រហមជាដើម ។
អ្នកវិភាគ យល់ថា យុទ្ធសាស្ត្រនេះនៅតែត្រូវបានគណបក្សប្រជាជនកម្ពុជាប្រើប្រាស់មកដល់ សព្វថ្ងៃនេះ រាល់ពេលណាដែលគណបក្សដែលជាគូប្រជែងមិនព្រមធ្វើតាមអ្វី ដែលគណបក្សប្រជាជនកម្ពុជាចង់បាន ។
នៅក្នុងពិធីចែកសញ្ញាបត្រនៅថ្ងៃទី២០ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកមិនបានប្រើតុលាការដើម្បីបង្ក្រាបលើគណបក្សប្រឆាំង និងសកម្មជនដីធ្លីនោះទេ ។ ប៉ុន្តែលោកទទួលស្គាល់ថា បើគណបក្សសង្គ្រោះជាតិព្រមចូលសភាកាន់តែលឿន នោះនឹងអាចបង្អាក់រឿងព្រហ្មទណ្ឌនៅតុលាការ ។លោកថ្លែងថា «ឥឡូវ យើងឯកភាពគ្នាហើយ ដើម្បីចូលសភា ។ ដល់ចឹងចូលសភា ចូលឲ្យវាលឿនទៅ! ចូលឲ្យវាលឿនទៅ! ដើម្បីយកអភ័យឯកសិទ្ធិ ។ អាហ្នឹងហើយគេហៅថា ដំណើរការតាមរដ្ឋប្បវេណីដើម្បីបង្អាក់ព្រហ្មទណ្ឌ ។ ហើយករណីឯកឧត្តមកឹម សុខា ផ្ទាល់ ខ្ញុំថា ឯកឧត្តមមានជម្រើសពីរ ។ ជម្រើសទី១ បើចូលស្បថបានរហ័ស អាហ្នឹងរួច ។ ជម្រើសទី២ សុំពន្យាពេលចូលតុលាការព្រោះតុលាការគេកោះហៅដែរ» ។
ពីមុនមកគណបក្សប្រជាជនកម្ពុជា តែងច្រានចោលការលើកឡើងថា គណបក្សនេះប្រើតុលាការដើម្បីចាប់ខ្លួនតំណាងរាស្ត្របក្សសង្គ្រោះជាតិ បង្ខំឲ្យចូលសភាដើម្បីឲ្យសភាគ្រប់ទឹក ។
ករណីលោក មាជ សុវណ្ណរ៉ា មិនមែនទើបតែកើតមាននៅពេលនេះទេ ពោលគឺត្រូវបានអាជ្ញាធរចោទប្រកាន់ជាមួយគ្នានឹងក្រុមតំណាងរាស្ត្រ ជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិ៧រូបទៀត នៅពេលពួកគេទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ ។ ប៉ុន្តែពេលនោះអាជ្ញាធរមិនចាប់ខ្លួនលោក មាជ សុវណ្ណរ៉ា ទេ ដោយអ្នកវិភាគយល់ថា ករណីនេះគណបក្សប្រជាជនកម្ពុជាទុក “ជានុយ” សម្រាប់ស្ទូចនៅពេលក្រោយ ពីព្រោះពេលនោះ គណបក្សសង្គ្រោះជាតិបានចូលសភាទៅតាមការចង់បានរបស់គណបក្សកាន់អំណាចហើយ ។
ហេតុអ្វីបានជារដ្ឋាភិបាលទើបចាប់ខ្លួនលោក មាជ សុវណ្ណរ៉ា នៅពេលនេះ?
អ្នកវិភាគយល់ថា ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សនៅពេលនេះ ដើម្បីដាក់សម្ពាធឲ្យគណបក្សសង្គ្រោះជាតិទទួលយកលក្ខខណ្ឌរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការកំណត់សញ្ជាតិរបស់សមាជិក គ.ជ.ប ថ្មី។
ប៉ុន្តែលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា បើទោះជាគណបក្សប្រជាជនកម្ពុជាប្រើយុទ្ធសាស្ត្រចាប់ខ្លួនលោក មាជ សុវណ្ណរ៉ា បង្ខំឲ្យគណបក្សប្រឆាំងព្រមទទួលយកអ្វីដែលគណបក្សកាន់អំណាចចង់បាន ក្នុង គ.ជ.ប ក៏ដោយ តែលើកនេះមិនអាចទៅរួចនោះទេ ។
ចំណែកលោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយយល់ថា គណបក្សប្រជាជនកម្ពុជា ប្រើយុទ្ធសាស្ត្រទៅតាមកាលៈទេស ។ លោកថាកាលពីឆ្នាំ១៩៨៥ គណបក្សប្រជាជនកម្ពុជា បានវាយនៅតាមព្រំដែនទាំង១៨ នៃជម្លោះជាមួយខ្មែរក្រហម រួចចរចាទៅបានជោគជ័យ ។ ប៉ុន្តែក្រោយសង្គ្រាមចប់ គណបក្សនេះប្រើរូបមន្តបង្រួបបង្រួម ហើយរួចវាយបំបែកវិញ ដូចជាករណីគណបក្សហ្វ៊ុនស៊ិនប៉ិចជាដើម ។
រីឯបច្ចុប្បន្នេះ លោក សុខ ទូច កត់សំគាល់ថា គណបក្សប្រជាជនកម្ពុជា បានងាកទៅប្រើយុទ្ធសាស្ត្រចាស់វិញ គឺវាយហើយបានចរចាជាមួយគណបក្សសង្គ្រោះជាតិតាមក្រោយ ។ លោកថា « អ៊ីចឹងរូបមន្តហ្នឹង វាអាស្រ័យទៅលើតួអង្គទី២ ។ តើតួអង្គទី២មានកម្លាំងប៉ុន្មាន? កម្លាំងចែកចេញពី៤ ។ ទី១- កម្លាំងគាំទ្រ ទី២- កម្លាំងថវិកា ហិរញ្ញវត្ថុ ទី៣- កម្លាំងនិទស្សន៍ ហៅថា បញ្ញាវ័ន្តក្នុងយុទ្ធសាស្ត្រនយោបាយហ្នឹង ។
ចំណុចទី៤ គឺកម្លាំងគាំទ្ររបស់អន្តរជាតិកម្រិតណា? ហើយប្រសិនបើកម្លាំង៤ហ្នឹងអត់បានវាស់ស្ទង់ទេ ភាពជោគជ័យរបស់គណបក្សប្រជាជននឹងបន្តទៀត អាវាយហើយចរចាហ្នឹង ។ ប៉ុន្តែកន្លងមកហាក់ដូចជា លំបាកដោយសាតែខាងពួកបច្ចឹមប្រទេស តែងតែជួយគណបក្សប្រឆាំង ថាទាល់តែអ្នកឯងត្រូវគ្នា បានផ្តល់ជំនួយ ធ្វើឲ្យចុះសម្រុងគ្នាច្រើន» ។
ដោយឡែក អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី យល់ថាយុទ្ធសាស្ត្រចាស់របស់គណបក្សប្រជាជនកម្ពុជា អាចទទួលបានជោគជ័យក្នុងរយៈខ្លី តែបរាជ័យក្នុងរយៈពេលវែង ។ លោកលើកឧទាហរណ៍ជាក់ស្តែងនៃការចែកសារ៉ុង ប៊ីចែង ដើម្បីបានសន្លឹកឆ្នោតគឺបានជោគជ័យតែមួយរយៈប៉ុណ្ណោះ ខណៈប្រជាជនមិនទាន់មានការយល់ដឹង ប៉ុន្តែនៅពេលបោះឆ្នោតឆ្នាំ២០១៣ យុទ្ធសាស្ត្រនេះ ត្រូវបានបរាជ័យ ដោយសារពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ។
សម្រាប់ករណីចាប់ខ្លួនសកម្មជនបក្សប្រឆាំងដើម្បីដាក់សម្ពាធលើ ការចរចា លោក មាស នី យល់ថាយុទ្ធសាស្ត្រនេះអាចឈ្នះគណបក្សសង្គ្រោះជាតិនៅពេលនេះ ប៉ុន្តែនឹងបាត់សន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាកាន់តែច្រើននៅ អាណត្តិក្រោយ ៕ VOD