ភ្នំពេញ៖ ពេញមួយថ្ងៃ នៅថ្ងៃសុក្រទី២៨វិច្ឆិកានេះ រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ឬហៅថាច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១។ សេចក្តីព្រាងនោះ ត្រូវបានអនុម័តដោយសំឡេង ៦៥ សំឡេង។ ប៉ុន្តែអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមកិច្ចប្រជុំ មិនបានលើកដៃ គាំទ្រសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥ នោះទេ។
កិច្ចប្រជុំពេញអង្គរដ្ឋសភា ចាប់ផ្តើម ចាប់តាំងពីព្រឹកម៉ោង ៨ រហូតដល់ម៉ោងជាង ៦ ល្ងាច ថ្ងៃសុក្រ ទី២៨វិច្ឆិកា ទើបចប់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសមរង្ស៊ី ក្នុងនាមជាអ្នកតំណាងរាស្ត្រ បានចូលរួមកិច្ចប្រជុំរដ្ឋសភា រយៈពេលពេញមួយថ្ងៃនេះ។
សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ ឬច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥ បានកំណត់ការចំណាយថវិការដ្ឋ សរុបចំនួន ១៥.៦៩៩.៥២៩ លានរៀល ស្មើប្រមាណ ៣.៨៦៧ លានដុល្លារ។ ការចំណាយនេះ មានកំណើន ១០,៨ ភាគរយ ធៀបនឹងច្បាប់ ស្តីពី ហិរញ្ញវត្ថុ ឆ្នាំ២០១៥។
សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥ មាន ៦ ជំពូក និង ១៧ មាត្រា បានកំណត់ពីការចំណាយលើក្រសួងអាទិភាព នៅក្នុងឆ្នាំ២០១៥ រួមមាន៖ ទី១-ក្រសួងអប់រំ យុវជន និងកីឡា ចំនួនជាង ៤៤៤ លានដុល្លារ ទី២-ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចំនួនជាង ៤៣៤ លានដុល្លារ ទី៣-ក្រសួងការពារជាតិ ចំនួនជាង ៣២៤ លានដុល្លារ ទី៤-ក្រសួងសុខាភិបាល ចំនួនជាង ៣១៧ លានដុល្លារ ទី៥-ក្រសួងមហាផ្ទៃ ចំនួន ២៥៨ លានដុល្លារ។
សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥ ក៏បានកំណត់ពីការតម្លើងកម្រិតបៀវត្សលើកលែងពន្ធ គឺចាប់ ៨០០.០០០ រៀល ទើបជាប់ពន្ធលើប្រាក់ខែ។ លើសពីនេះ សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ២០១៥ រដ្ឋាភិបាល បានសម្រេចផ្តល់សិទ្ធិដល់មន្ត្រីពន្ធដារ ឲ្យធ្វើជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីទទួលបានសិទ្ធិអំណាចពេញលេញក្នុងការស៊ើបអង្កេតបទល្មើសស្តីពី ពន្ធដារ ក្នុងគោលបំណងធានាប្រសិទ្ធភាព ក្នុងការជំរុញការកៀរគរចំណូល និងពង្រឹងការអនុវត្តច្បាប់ ស្តីពី ពន្ធដារ។
ជាការកត់សម្គាល់ សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ២០១៥ មិនត្រូវបានអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដែលចូលរួមកិច្ចប្រជុំ លើកដៃគាំទ្រនោះទេ។ គណបក្សសង្គ្រោះជាតិ យល់ថា សេចក្តីព្រាងច្បាប់នោះ មិនទាន់ពេញលេញ រីឯការកំណត់ពីការគៀងគរចំណូល នៅខ្វះចន្លោះ ហើយរដ្ឋសភា មានពេលខ្លី ដើម្បីពិនិត្យ ជាដើម។
ប៉ុន្តែអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាច្រើនរូប បានឡើងធ្វើបទអន្តរាគមន៍ និងសួរដេញដោលលើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ជុំវិញសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ២០១៥៕