ភ្នំពេញ៖ក្រុមគ្រួសារយុវជនដែលបានស្លាប់ដោយសារផ្ទុះកាំជ្រួច កាល ពីថ្ងៃទី២៩ តុលា ក្នុងព្រះរាជពិធី គម្រប់ខួប១០ឆ្នាំព្រះមហា ក្សត្រគ្រងរាជសម្បត្តិ បានដាក់លិខិតទៅស្ថាប័នកំពូលៗថ្នាក់ជាតិជាច្រើនឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលផ្ដល់សំណង ខណៈដែលរដ្ឋាភិបាល បានគេចវេះមិនទទួលខុសត្រូវនូវការធ្វេស ប្រហែសរបស់ខ្លួន។
គ្រួសារយុវជនដែលស្លាប់ដោយសារផ្ទុះកាំជ្រួច ទាមទារសំណងជំងឺចិត្ត ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីរាជរដ្ឋាភិបាល។
សំណើនេះធ្វើឡើង បន្ទាប់ពីគ្រួសារជនរងគ្រោះព្យាយាមដាក់លិខិតទៅស្ថាប័នកំពូលៗ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនឲ្យជួយជំរុញធ្វើយ៉ាងណាដាក់សម្ពាធទៅរដ្ឋាភិបាលឲ្យចេញមុខ មកទទួលខុសត្រូវចំពោះករណីបាញ់កាំជ្រួចអបអរបុណ្យជាតិបណ្ដាលឲ្យមនុស្សស្លាប់និងរងរបួស។
ឪពុកជនរងគ្រោះ ឈ្មោះ វ៉ាន់ ណាគ្រី ឲ្យដឹងថា រដ្ឋាភិបាលហាក់ស្ងៀមស្ងាត់មិនចេញមកទទួលខុស ត្រូវចំពោះការស្លាប់របស់កូនប្រុសគាត់។ លោកបញ្ជាក់ថារដ្ឋាភិបាលជាអ្នកទទួលខុសត្រូវចំពោះការធ្វេសប្រហែសបណ្ដាលឲ្យផ្ទុះកាំជ្រួចត្រូវមនុស្សស្លាប់ និងរបួស។
លោក វ៉ាន់ ណាគ្រី បានដាក់លិខិតទៅព្រះបរមរាជវាំង ទៅស្ថាប័នរដ្ឋសភា ក្រសួងការពារជាតិ អង្គការសិទ្ធិមនុស្សអាដហុក និងអង្គការសិទ្ធិមនុស្សលីកាដូ។ ប៉ុន្តែស្ថាប័នទាំងនោះនៅមិនទាន់ឆ្លើយតប ចំពោះសំណើដែលគាត់សុំពឹងពាក់ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យផ្ដល់សំណងនោះទេ។
កូនប្រុសរបស់លោក វ៉ាន់ ណាគ្រី ឈ្មោះ ណាគ្រី ដារ៉ូ វ័យ២៣ឆ្នាំ បានស្លាប់ក្នុងថ្លុកឈាមបែកធ្លាយពោះមួយចំហៀងដល់ឆ្អឹងជំនី នៅចម្ងាយប្រមាណ២០០ម៉ែត្រពីកន្លែងបាញ់កាំជ្រួចនៅត្រើយខាងកើតក្បែរសណ្ឋាគារសុខា ទល់មុខព្រះបរមរាជវាំង។
ភ្លាមៗក្រោយកើតហេតុ មន្ត្រីជំនាញនៃក្រសួងមហាផ្ទៃអះអាងថា ជាកំហុសបច្ចេកទេស។ ពាក្យកំហុសបច្ចេកទេសនេះ ធ្វើឲ្យរដ្ឋាភិបាលមិនបានចេញមកទទួលខុសត្រូវ ឬផ្ដល់សំណងដល់គ្រួសារជនរងគ្រោះ។ ក្រៅតែពីលុយចូលបុណ្យសពចំនួន២លានរៀន ជាថវិកាផ្ទាល់ខ្លួនរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថវិកា៦លានរៀលទៀត ពីគណៈកម្មការបុណ្យជាតិ។
ឪពុកជនរងគ្រោះបញ្ជាក់ថា សំណើសំណងជំងឺចិត្ត៥ម៉ឺនដុល្លារនោះ មិនអាចកាត់ថ្លៃជីវិតកូនប្រុស របស់លោកដែលបានស្លាប់ទេ។ ប៉ុន្តែជាសំណើមួយដែលត្រូវតែទាមទារខានមិនបានទៅរដ្ឋាភិបាល ដើម្បីជាជួងមួយដាក់តឿនកុំឲ្យរដ្ឋាភិបាលព្រងើយកន្តើយ និងធ្វេសប្រហែសដូចករណីនេះទៀត។
ទាក់ទងនឹងលិខិតសុំអន្តរាគមន៍ពីគ្រួសារយុវជនដែលស្លាប់នោះ អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បញ្ជាក់ថា អង្គការលោកបានទទួលលិខិតនោះហើយ និងកំពុងពិនិត្យមើលតាមលទ្ធភាពដែលអាចជួយដល់គាត់បាន។ អង្គការមួយនេះ កំពុងតែពិនិត្យតាមផ្លូវច្បាប់ដើម្បីអាចជួយគាត់តាមប្រព័ន្ធតុលាការ។
លោក អំ សំអាត បញ្ជាក់ថា ការទាមទារសំណងពីគ្រួសារជនរងគ្រោះ គឺជាសិទ្ធិរបស់គាត់។ ប៉ុន្តែរដ្ឋាភិបាលក៏មិនត្រូវយកកំហុសបច្ចេកទេសមកគេចវេះមិនទទួលខុសត្រូវនោះដែរ។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ធ្លាប់ប្រាប់ថាការទទួលខុសត្រូវក្នុងរឿងនេះ គឺថ្នាក់ជាតិ ដែលក្នុងនោះមានក្រសួងមហាផ្ទៃ និងទីចាត់ការហ្វឹកហ្វឺននៃអគ្គសេនាធិការដ្ឋានកងយោធពលខេមរភូមិន្ទ។ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថាប័នដែលមានភារកិច្ច ឬពាក់ព័ន្ធទាំងអស់ នៅមិនទាន់និយាយចេញជាសាធារណៈពីការទទួលខុសត្រូវលើករណីនេះក្នុងកម្រិតណានោះទេ៕ rfa /
សាកសពយុវជន ណាគ្រី ដារ៉ូ ដែលដេកស្លាប់ក្នុងថ្លុកឈាម នៅចម្ងាយប្រមាណ២០០ម៉ែត្រ ពីកន្លែងបាញ់កាំជ្រួច នៅត្រើយម្ខាងមុខវាំង នៅយប់ថ្ងៃទី ២៩ តុលា ២០១៤។