កម្ពុ​ជាមាន​កោះ​សរុប​ប្រមាណ​ជាង ៦០​ក្នុង​ដែនសមុទ្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2014 ក+ ក-

​ភ្នំពេញ​៖តាម​កាសែត​រស្មី​កម្ពុជា​ចុះផ្សាយ​ នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៤នេះ​ បានសរសេរ ថា​នៅតាម​ដែនសមុទ្រ​របស់​កម្ពុជា មាន​កោះ​រហូតដល់​ទៅ​៦៩ កោះ ដែលជា​ដែន​អេកូឡូស៊ី​ដ៏​សំខាន់​នៅក្នុង​តំបន់​។​កាសែត​នេះ​បញ្ជាក់ថា​យោងទៅតាម​របាយការណ៍​មួយ​ដែល​បានកំណត់​បង្ហាញ​នៅក្នុង ព្រឹត្តិ​ប​ត្តិ​ប្រវត្តិ​ធម្ម ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បានចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​ឲ្យ​ដឹងថា​នៅ​កម្ពុជា​ដែលមាន​ឆ្នេរសមុទ្រ​ប្រមាណ​ជា ៤៣៥ គ​.​ម គឺមាន​កោះ​ទាំង​តូច​ទាំង​ធំ​សរុប​ប្រមាណ​ជា ៦៩ កន្លែង ។ ប្រជុំ​កោះ​ទាំង​តួច​ទាំង​ធំ​ទាំង ៦៩ កន្លែង​នេះ គឺមាន​ផ្ទៃដី​សរុប​ប្រមាណ​៥៥.៦០០ គម​២ ហើយ តំបន់​ទាំងនោះ គឺ​ភាគច្រើន​គ្របដណ្តប់​ដោយ​ផ្កាថ្ម និង ប្រព័ន្ធ​អេកូឡូស៊ី​ដែលជា​ប្រភព​សំខាន់​សំរាប់​ធនធានជីវសាស្ត្រ​នៅក្នុង ដែន សមុទ្រ​នៅក្នុង​ប្រទេស​កម្ពុជា ។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា តំបន់​នៅតាម​ប្រជុំ​កោះ​ទាំងនោះ គឺមាន​សក្តានុពល ទាំង​សេដ្ឋកិច្ច​និង​ធម្មជាតិ​ដែល​កម្ពុជា​គួរតែ​ព​ង្រឹ​ក​ការពារ និង អភិរក្ស ជាក់ស្តែង​ដូចជា នៅ កោះ​ស្តេច ជាដើម ។​

កោះ​ស្តេច នេះ​គឺជា​កោះ​មួយ​នៅក្នុង​ចំណោម​កោះ​ទាំង ៦៩ នេះ​។ កោះ​នេះ​គឺមាន ចំងាយ​ប្រមាណ​ជា ៦០​គម ប៉ុណ្ណោះ​ពី​ព្រំដែន​ថៃ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​គី​រីសាគរ ខេត្តកោះកុង ។​

នៅ​ជិត​កោះ​នេះ គឺមាន​កោះ​មួយចំនួនទៀត​ដែល​រួមមាន​ដូចជា កោះ​អំពល់​, កោះអណ្តែត​, កោះ​ចាន​, កោះ​ដំឡូង​, កោះ​ស្មាច់ និង កោះ តូ​តាំង ។​នៅក្នុង​នោះ កោះ​ស្មាច់ គឺជា​កោះ​ដែលមាន​ទំហំ​ធំជាងគេ គឺ​ប្រហែលជា​៣០ ហ​.​ត ហើយ​កោះអណ្តែត គឺ​តូច​ជាងគេ ដែលមាន​ត្រឹមតែ ៤ ហ​.​ត ប៉ុណ្ណោះ​។​

កោះ​ស្តេច​សព្វថ្ងៃនេះ គឺមាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជា​៦៧០ គ្រួសារ ដែលមាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជា ៤០០០ នាក់ ដែល​ភាគច្រើន​គឺជា​អ្នកនេសាទ ៕cen/

Untitled-1
ទិដ្ឋភាព នៅ​ឆ្នេ​មួយកន្លែង​នៅលើ​កោះ​ស្តេច ដែលជា​កោះ​មួយ​នៅក្នុង ចំណោម​កោះ​នៅ​ដែនសមុទ្រ​នៅក្នុង​ប្រទេស​កម្ពុជា (​រូបថត ៖ អ៊ីនធឺណិត​)