ភ្នំពេញ: លោក សម រង្ស៊ី ត្រូវគេរិះគន់តាមហ្វេសប៊ុកបន្ទាប់ពីលោក និងសម្តេច ហ៊ុន សែន បានព្រមព្រៀងកាលពីថ្ងៃទី២៨វិច្ឆិកា ដើម្បីឲ្យមាន ការកែសម្រួលបទបញ្ជាផ្ទៃក្នុងឲ្យមានប្រធានក្រុមតំណាងរាស្ត្រភាគ តិចនៅរដ្ឋសភា និងត្រូវមានឋានៈស្មើនាយករដ្ឋមន្ត្រី ដែលគ្មាននរណាក្រៅពីលោក សម រង្ស៊ី នោះទេ។ចំណែកលោកបណ្ឌិត សុខ ទូច បានយល់ថា កម្ពុជាបានដើរហួសដំណាក់កាលនៃការបង្កើត ឲ្យមានប្រធានក្រុមតំណាងរាស្ត្រភាគតិចនៅក្នុងរដ្ឋសភានោះហើយ ។
នៅក្នុងហ្វេសប៊ុកនាថ្ងៃអាទិត្យនេះ មានការលើកឡើងថា លោកសម រង្ស៊ី ដែលចង់បានឋានៈស្មើនាយករដ្ឋមន្ត្រីក្នុងនាមជាប្រធានក្រុមតំណាងរាស្ត្រភាគតិចនៅរដ្ឋសភានោះ គឺដើម្បីឲ្យលោកបានធំជាងលោកកឹមសុខា ដែលជាអនុប្រធានទី១រដ្ឋសភានាពេលសព្វថ្ងៃ។
ក្នុងហ្វេសប៊ុក ក៏បានរិះគន់លោក សម រង្ស៊ី ផងដែរថា បានបំភ្លេចអស់ហើយនូវការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដូចការដើរសន្យាជាមួយសកម្មជន និងប្រជាពលរដ្ឋតាមរាជធានីខេត្ត ព្រមទាំងបំភ្លេចការប្រកាសទាមទារកន្លងមក ដូចជា អំពើអយុត្តិធម៌សង្គម ការសម្លាប់កម្មករ និងសកម្មជន ជាដើម។ ក្នុងនោះ ការទាមទារឲ្យដោះលែងសកម្មជនដីធ្លី ព្រះសង្ឃ និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ នាពេលសព្វថ្ងៃ មិនទាំងបានផង ក៏លោកសមរង្ស៊ី បានឯកភាពតាមនាយករដ្ឋមន្ត្រី ហ៊ុនសែន ទាំងអស់។
គួរជម្រាបថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានឯកភាពគ្នាកាលពីថ្ងៃទី២៨ វិច្ឆិកា ថានឹងជំរុញការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃ រដ្ឋសភាឲ្យបានឆាប់ ដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា និងរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍នៅថ្ងៃទី៣០ វិច្ឆិកា ថា ការផ្ដួចផ្ដើមឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា និងឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភានេះ គឺជាការស្នើរបស់ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពីព្រោះលោកថា លោក សម រង្ស៊ី ចង់ពង្រឹងតួនាទីរបស់គណបក្សនយោបាយដែលមិនមែននៅក្នុងរដ្ឋាភិបាលជាផ្លូវការ នោះមានន័យថា ត្រូវតែមានការតែងតាំងជាផ្លូវការនូវប្រធានគណបក្សប្រជែងដើម្បីឲ្យគាត់មានបុព្វសិទ្ធិ និងតួនាទីក្នុងការបំពេញភារកិច្ចតាមដានការងាររដ្ឋាភិបាលប្រហាក់ប្រហែលនឹងនាយករដ្ឋមន្ត្រីដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយ លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានបញ្ជាក់ថា ប្រធានក្រុមភាគតិចនៅរដ្ឋសភា នឹងមានឋានៈស្មើនាយករដ្ឋមន្ត្រី និងមានតួនាទីជាគូសន្ទនាជាមួយប្រមុខរដ្ឋាភិបាលទាក់ទង់នឹងបញ្ហារបស់ប្រទេសជាតិ។
សម្រាប់អ្នកវិភាគនយោបាយ លោក បណ្ឌិត សុខ ទូច យល់ឃើញថា ប្រសិនបើប្រទេសកម្ពុជាស្ថិតក្នុងដំណាក់ការបង្រួបបង្រួមជាតិ គេអាចប្រើប្រាស់រូបភាពនេះបាន ប៉ុន្តែលោកថា ដោយសារកម្ពុជាបានងើបផុតពីដំណាក់ការបង្រួបបង្រួមជាតិ ឈានចូលដល់ដំណាក់ការកសាង និងការពារជាតិហើយ ដូច្នេះកម្ពុជាមិនចាំបាច់ត្រូវការឲ្យមានប្រធានក្រុមតំណាងរាស្ត្រភាគតិចនោះទេ។
លោកបន្តថា ក្នុងបរិបទប្រទេសកម្ពុជាបច្ចុប្បន្ន ការបង្កើតឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រ និងប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភា គឺមិនចាំបាច់នោះឡើយ ព្រោះលោកថា គណបក្សប្រឆាំង សព្វថ្ងៃមានសំឡេងគ្រប់គ្រាន់នៅក្នុងសភា ដើម្បីកោះហៅមន្ត្រីរដ្ឋាភិបាលមកសួរដេញ ដោលបាន គ្រប់ពេលវេលា។ ផ្ទុយទៅវិញលោកថា ការបង្កើតក្រុមថ្មីនេះ នឹងធ្វើឲ្យបាត់បង់ អំណាចសភា ដែលមានស្រាប់ និងធ្វើឲ្យខាតបង់ថវិកាជាតិទៀតផង។
លោកបណ្ឌិត សុខ ទូច ក៏យល់ឃើញដែរថា ការបង្កើតឲ្យមានក្រុមថ្មីនៅក្នុងសភានេះ គឺប្រៀបបានទៅនឹងការបង្កើតនូវរដ្ឋធម្មនុញ្ញថ្មីមួយ ក្នុងរដ្ឋធម្មនុញ្ញដែលមានស្រាប់ ហើយវាក៏ធ្វើឲ្យរដ្ឋបាលក្នុងសភា រឹតតែមានភាពអនាធិបតេយ្យផងដែរ៕
លោក ហ៊ុន សែន និងលោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែតបន្ទាប់ពីប្រជុំនៅមន្ទីររដ្ឋសភា ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៤