ភ្នំពេញ៖នៅថ្ងៃចន្ទ ទី១ ខែធ្នូនេះ ធនាគារអភិ វឌ្ឍន៍អាស៊ី ADB បានអនុ ម័តលើយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា CPS សម្រាប់ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។ ផែនការវិនិយោគរបស់ ADB ដែលគ្របដណ្តប់លើរយៈពេល ៥ ឆ្នាំនេះ មានទឹកប្រាក់ប្រមាណជាង ៨០០ លានដុល្លារ ក្នុងទម្រង់ជាហិរញ្ញប្បទានសម្បទាន។នេះបើយោងតាមការផ្សាយរបស់ RFI ។
RFI បានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានប្រកាសថា យុទ្ធសាស្ត្រភាពជាដៃគូថ្មី សម្រាប់ប្រទេសកម្ពុជា ត្រូវបានរៀបចំឡើង ផ្អែកទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤ ដល់ឆ្នាំ២០១។
តាមសេចក្តីប្រកាស យុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំនេះ ឆ្លុះបញ្ចាំងពីកិច្ចពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយនឹងអ្នកពាក់ ព័ន្ធជាច្រើន ដូចជា មន្ត្រីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងតំណាងសង្គមស៊ីវិល លើវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នសិក្សាស្រាវជ្រាវនានា។
ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃចន្ទនេះ លោក Eric Sidgwick នាយក ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យុទ្ធសាស្ត្រភាពជាដៃគូថ្មី សម្រាប់ប្រទេសកម្ពុជានេះ គឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ADB ចំពោះគោលដៅអភិវឌ្ឍន៍របស់ប្រទេស ដែលចង់បាននូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
លោក Eric Sidgwick បន្តថា យុទ្ធសាស្ត្រភាពជាដៃគូនេះ មានសសរស្តម្ភជាយុទ្ធសាស្ត្រចំនួន ៣ សម្រាប់ឲ្យ ADB ផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅក្នុងតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជា ដែលមានប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះរស់នៅច្រើនជាងគេ។ សសរស្តម្ភជាយុទ្ធសាស្ត្រទាំង ៣ នោះ រួមមាន៖
ទី១-ការតភ្ជាប់យ៉ាងស៊ីជម្រៅ រវាងតំបន់ជនបទ និងតំបន់ប្រជុំជន ហើយបន្តទៅដល់កម្រិតតំបន់
ទី២-ការអភិវឌ្ឍធនធានមនុស្ស និងសង្គម
និងទី៣-ការកែលំអការគ្រប់គ្រងវិស័យសាធារណៈ។
សេចក្តីប្រកាស លើកឡើងថា ADB នឹងផ្តល់ការគាំទ្រជាពិសេសដល់ការបង្កើនផលិតភាព និងការធ្វើពាណិជ្ជកម្មភាវូបនីយកម្ម កសិកម្ម ការកសាងហេដ្ឋានរចនាសម្ព័ន្ធជនបទ និងប្រជុំជន ការលើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិ ដូចជា ការកសាងភាពធន់ទៅនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងការគាំទ្រដល់ការសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូន។ សកម្មភាពដទៃទៀត រួមមាន ការកែលម្អការអប់រំកម្រិតមធ្យមសិក្សា និងការអភិវឌ្ឍជំនាញឲ្យចំគោលដៅ ជាពិសេស សម្រាប់ប្រជាពលរដ្ឋក្រីក្រ តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមតម្រូវការទីផ្សារ។
RFI បានបន្តថា ADB ក៏បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រភាពជាដៃគូថ្មី សម្រាប់ប្រទេសកម្ពុជា រយៈពេល ៥ ឆ្នាំនេះ ក៏មានដាក់ចេញនូវជំហាន ដើម្បីធ្វើឲ្យបរិយាកាសសម្រាប់ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និងការអភិវឌ្ឍវិស័យឯកជន កាន់តែមានភាពល្អប្រសើរជាងមុន ក៏ដូចជា បន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដូចជា ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានតាមតំបន់ជនបទ និងបង្កើតការងារឲ្យបានកាន់តែច្រើន និងល្អប្រសើរជាងមុន៕
សន្និសីទកាសែត ដោយ លោក Eric Sidgwick នាយក ADB ប្រចាំប្រទេសកម្ពុជាRFI/Ly Menghour