ពលរដ្ឋ​អះអាងថា​ថៃ​បន្ត​រំកិល​ព្រំដែន​យក​ដី​ខ្មែរ​នៅ​ប៉ៃលិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2014 ក+ ក-

​ភ្នំពេញ​៖​ដី​កសិកម្ម​ជាច្រើន​ហិកតារ​របស់​កសិករ​ខ្មែរ​ក្នុង​សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ត្រូវបាន​ថៃ រំកិល​ព្រំដែន​ចូល​យក​បន្ថែមទៀត ក្នុងពេល​ថ្មីៗ​នេះ​។ ម្ចាស់​ដី​អះអាងថា ពួកគាត់​ពុំមាន​លទ្ធភាព​ទប់ស្កាត់ ក្រៅពី​បង់​បោះ​ទាំង​ស្ដាយស្រណោះ​នោះឡើយ​។ ចំណែក​មន្ត្រីជាន់ខ្ពស់​ខេត្ត​ប៉ៃលិន​វិញ អះអាងថា ការពិត​ដី​នៅ​ចំណុច​ដែលមាន​ព័ត៌មាន​ថា ថៃ​រំកិល​នោះ គឺជា​តំបន់​ត្រូវ​ហាមឃាត់ និង​ជា​តំបន់ស​ថែមទៀត​ផង​។​
​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី​ទម្លាក់​ការទទួលខុសត្រូវ​ក្នុង​រឿង ធ្វើ​ឲ្យ​ដី​ត្រូវ​បាត់បង់​នេះ​ថា គឺជា​បន្ទុក​របស់​មន្ត្រី​ជំនាញ​នៅ​ថ្នាក់ក្រោម​ជាតិ និង​រដ្ឋាភិបាល​ដែល​ពុំបាន​ពង្រឹង​គោលនយោបាយ​ក្នុងការ​គ្របគ្រង​ដី​នៅ តាម​ព្រំដែន​ឲ្យ​មាន​ប្រសិទ្ធភាព ជាហេតុ​ធ្វើ​ឲ្យ​ភាគី​ថៃ បន្ត​រំកិល​ព្រំដែន​ចូល​កម្ពុជា ជា​បន្តបន្ទាប់​។​
​ពលរដ្ឋ​រស់នៅ​សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ចោទប្រកាន់ថា មូលហេតុ​ដែល​ថៃ អាច​បន្ត​រំកិល​ព្រំដែន​ចូលមកក្នុង​ទឹកដី​កម្ពុជា បាន​រហូត​នេះ ក្នុងពេល​បច្ចុប្បន្ន ទំនងជា​រដ្ឋាភិបាល​ពុំមាន​ឆន្ទៈ​ក្នុងការ​ការពារ​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់ខ្លួន​។ ហេតុនេះ​ទើប​ភាគី​ថៃ ចេះ​បន្ត​រំកិល​ព្រំដែន​ចូលមក​កម្ពុជា ទាំង​ក្នុង​អតីតកាល និង​សព្វថ្ងៃ​បាន​ដោយ​ងាយ​។​
​លោក​បន្តថា​៖ «​គេ​យក​ហ្នឹង​គេ​យក​មុន​យើង​បោះឆ្នោត​។ អ៊ីចឹង​តាំងពី​ហ្នឹង​មក​យើង​អត់​មាន​ធ្វើ​អី​បានទេ​។ យក​ក្នុង​ឆ្នាំ​២០១៣ ហ្នឹងហើយ​។ អ៊ីចឹង​ក្នុង​រដូវ​យើង​ដាំ​ដុះ​ហ្នឹង ទៅ​គេ​ដេញ​តែម្ដង​។ ទៅក្នុង​ខែ​ប្រាំ ខែ​ប្រាំមួយ​ហ្នឹង ទៅ​ថៃ​ដេញ​ហើយ​»​។​
​ពាក់ព័ន្ធ​ក្នុង​រឿងនេះ លោក រ៉ុង ឈុន ជា​តំណាង​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែលជា​ជា​ញឹកញយ ស្ថាប័ន​បាន​ត្រួតពិនិត្យ​រឿង​ព្រំដែន​ដែរនោះ ចាត់ទុកថា អ្វីដែល​ប្រទេសជិតខាង​អាចធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​ក្នុង​រឿង​ព្រំដែន នេះ គឺ​ដោយសារ​កម្ពុជា តែង​ធ្វេសប្រហែស​និង​ពុំ​សូវ​ដែល​បាន​ខ្វល់ខ្វាយ​ប៉ុន្មាន​ឡើយ​រឿង​ព្រំដែន បើសិនជា​មន្ត្រី​អនុវត្ត​ទាំងនោះ​ពុំមាន​ផលប្រយោជន៍​ណាមួយ​ទេ​។ ជាពិសេស រដ្ឋាភិបាល​ផ្ទាល់​ពុំដែល​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ស្រឡាញ់​បូរណភាព ទឹកដី​របស់ខ្លួន​ម្ដងណា​ឡើយ​។​
​ទាក់ទិន​នឹង​ដី​នៅ​ចំណុច​ព្រំដែន​បរ​យ៉ា​ខា​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​និយាយថា ភាគី​ថៃ​បាន​រំកិល​ចូលមក​កម្ពុជា​នេះ មុនពេល​បោះឆ្នោត​សកល​ឆ្នាំ​២០១៣ និង​ក្រោយពេល​អតីត​មេ​ប៉ុស្តិ៍​វរ​ការពារ​ព្រំដែន លោក មួន ទឹម ហៅ ញ៉​ន ត្រូវបាន​អង្គភាព​ព្រំដែន​របស់លោក​ដកប​ញ្ឈ​រ​ជើង និង​ដាក់ទណ្ឌកម្ម​នៅ​ស្នងការ​ខេត្ត​ប៉ៃលិន អស់​ពេល​ជាច្រើន​ខែ មុននឹង​ផ្ទេរ​ទៅ​ឲ្យ​កាន់​ទីតាំង​ផ្សេង​វិញ​។​
​ប្រភព​បន្តថា ដី​របស់​កម្ពុជា ដែល​បាត់បង់​ថ្មី​ទៀត​នៅពេលនេះ គឺជា​ប្រភេទ​ដី​កសិកម្ម ហើយ​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ និង​បង្កបង្កើត​ផល​ជា​យូរ​ឆ្នាំ​មកហើយ​។ វិទ្យុ​អាស៊ីសេរី សុំ​ការបំភ្លឺ​ជាច្រើន​ដង​តាម​ទូរស័ព្ទ ពាក់ព័ន្ធ​រឿងនេះ ពី​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ ៨២១ លោក អ៊ុំ នន និង​ស្នងការ​ខេត្ត​ប៉ៃលិន លោក ជា ច័ន្ទ​ឌឹ​ន ប៉ុន្តែ​ទូរស័ព្ទ​របស់លោក​ពុំមាន​អ្នកទទួល​ឡើយ​។​
​បើទោះជា​បែបនេះ​ក៏ដោយចុះ អភិបាលខេត្ត​ប៉ៃលិន លោក កើត សុធា បដិសេធថា រហូតមកដល់​នេះ លោក​នៅ​ពុំទាន់​ទទួលបាន​ព័ត៌មាន​ជុំវិញ​ភាគី​ថៃ រំកិល​ព្រំដែន​ចូលមកក្នុង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា នៅឡើយ​ទេ​។ ក៏ប៉ុន្តែ លោក​អះអាងថា នៅ​ចំណុច​ទួល​រំដេង ដែល​សង្ស័យថា មានការ​រំកិល​ព្រំដែន​នេះ គឺជា​តំបន់​ត្រូវ​ហាមឃាត់ និង​ថែមទាំង​ជា​តំបន់ស​ទៀតផង​។​
​លោក​បន្តថា ការពិត​ទីតាំង​ទាំងនោះ គឺ​អាជ្ញាធរ​បាន​ជូនដំណឹង​ម្ដង​ជា​ពីរដង​រួចមកហើយ ពុំ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​កាប់​គាស់ ឬថា ទៅ​បង្កបង្កើត​ផល​អ្វី​ឡើយ​៖ «​ការយល់ច្រឡំ​ទេ ការវាយតម្លៃ ព្រោះ​កន្លែង​ហ្នឹង​គឺ​នៅ​ចន្លោះ​មួយ​ដែល​យើង​នៅ​ដូរ​ទេ វា​មិនមែនជា​ការយក​មិន​យក​អី​ទេ តាម​ខ្ញុំ​មើល​នោះ​ណា​។ ប៉ុន្តែ​ដោយសារ​ប្រជាជន​យើង​គាត់​ឥត​សូវ​បាន​គិតពី​រឿង​ផលប៉ះពាល់​នៅ តំបន់​ហ្នឹង​ទេ ព្រោះ​តំបន់​ហ្នឹង​តំបន់ហាមឃាត់​។ យើង​ហាមឃាត់​គាត់​មិន​ឲ្យ​ចូលទៅ​ផ្ដេសផ្ដាស​ទេ ព្រោះ​តំបន់​នោះ​ជា​តំបន់​ជាប់​ព្រំដែន​សីមា​។ យើង​មិនទាន់​ច្បាស់លាស់ ដល់​អ៊ីចឹង​គាត់​ចេះតែ​ចូលទៅ ហើយ​យើង​ហាមឃាត់​ឥត​បាន ដល់​អ៊ីចឹង​ទៅខាង​ណោះ​គេ​អត់​អាច​មានអី ព្រោះ​ឥឡូវនេះ ខ្ញុំ​អត់​ទាន់​ទទួល​ព័ត៌មាន​រឿង​ដី​ទេ​»​។​
​លោក រ៉ុង ឈុន ដែលជា​តំណាង​នៃ​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចាត់ទុកថា វា​ជា​រឿង​ដែល​គួរ​ចម្លែក​បំផុត នៅពេលណា​ដែល​និយាយ​ពី​តំបន់ស គឺ​គេ​ពុំដែល​ឃើញ​តំបន់ស​ស្ថិតនៅក្នុង​ទឹកដី​នៃ​ប្រទេសជិតខាង​ម្ដង ណា​ទេ​។ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ កាលណា​គិតពី​តំបន់ស តែង​ជា​ចំណុច​ដែល​ស្ថិតនៅក្នុង​ទឹកដី​របស់​កម្ពុជា ជា​ដរាប ទាំង​ជាមួយ​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ព្រំដែន​កម្ពុជា​-​ថៃ​។​
​លោក​បន្តថា ជាពិសេស​តាមរយៈ​តំបន់ស​នេះហើយ ដែល​ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា មួយផ្នែកធំ​ត្រូវ​បាត់បង់​ជា​បន្ត​បន្ទាប់មក ក្នុងចំណោម​ហេតុផល​ផ្សេងទៀត ដូចជា​តាមរយៈ​ការកំណត់​តម្រុយ​បង្គោល​ព្រំដែន និង​ការ​រំកិល​ព្រំប្រទល់​របស់​ប្រទេសជិតខាង​កម្ពុជា ជាដើម​៖ «​ជុំវិញ​បញ្ហា​បរទេសជិតខាង ទាំង​យួន ទាំង​សៀម តែងតែ​រំលោភបំពាន​រាល់ថ្ងៃ​មកលើ​អធិបតេយ្យភាព បូរណភាព​ទឹកដី​នៃ​កម្ពុជា​យើង ដោយសារតែ​លោក ហ៊ុន សែន មាន​ភាពកម្សោយ ហើយ​មិនបាន​ប្រើប្រាស់​លទ្ធភាព​ក្នុងការ​ការពារ​អធិបតេយ្យភាព​របស់ខ្លួន ហើយ​។​យើង​គិតថា មេដឹកនាំ​ដែល​មិនបាន​យកចិត្តទុកដាក់​ចំពោះ​អធិបតេយ្យភាព បូរណភាព​ទឹកដី​បន្តទៅទៀត​។ យើង​គិតថា​វា​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្មែរ​យើង គួរតែ​ចូលនិវត្តន៍​ប្រសើរ​ជាង​»​។​
​ជាប់​ទាក់ទិន​រឿងរ៉ាវ​នេះ ដែល​ឈានដល់​ការបាត់បង់​ទឹកដី​បន្ថែមទៀត មុន​ការបោះឆ្នោត​សកល​កាលពី​ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅ ដែល​ធ្វើ​ឲ្យ​ដី​ជាច្រើន​ហិកតារ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៣​គ្រួសារ ត្រូវបាន​ភាគី​ថៃ គ្រប់គ្រង​វិញ​នោះ គឺ​ទីតាំង​នេះ​មាន​ប្រវត្តិ​ដ៏​ចម្រូងចម្រាស​ម្ដង​រួចហើយ កាលពី​ខែមីនា ឆ្នាំ​២០១២​។​
​កាលណោះ​អតីត​មេ​ប៉ុស្តិ៍​នៃ​អង្គភាព​វរ​ការពារ​ព្រំដែន​ប្រចាំ​ទិស ប​រយ៉ា​ខា លោក មួន ទឹម ហៅ ញ៉​ន ត្រូវបាន​ស្នងការ​ខេត្ត​ប៉ៃលិន ដកហូត​តួនាទី និង​ដាក់ទណ្ឌកម្ម បន្ទាប់ពី​លោក​ត្រូវបាន​អង្គភាព​រកឃើញ​ពី​កំហុស​ថា ជួយ​ការពារ និង​ផ្ដល់ព័ត៌មាន​ឲ្យ​អ្នករាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី ចុះ​សិក្សា​ពី​បង្គោល​ឡាក់​លេខ ៦៤​។ កា​បាត់បង់​នេះ នៅ​មិនទាន់​គិតពី​តំបន់​ផ្សេងទៀត​នៅឡើយ​ផង នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដូចគ្នា​ដែរ​។​
​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ក្នុង​ខេត្តបន្ទាយមានជ័យ ឯណោះ​វិញ គឺ​ត្រង់​បង្គោល​ឡាក់​លេខ ៤៣ ភាគី​ថៃ តែង​ចូល​ធ្វើស្រែ​ក្នុង​ទឹកដី​ខ្មែរ​ជា​រៀងរាល់ឆ្នាំ រហូតមកដល់​ពេលនេះ ទំនាស់​នេះ​នៅ​មិនទាន់​ដោះស្រាយ​បញ្ចប់​នៅឡើយ​ផង​។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​នោះ និយាយថា គេ​សង្កេតឃើញ​ជំនាញ​របស់​រដ្ឋាភិបាល​ចុះ​ធ្វើការ​ដែរ ប៉ុន្តែ​កិច្ចការ​ហាក់​ពុំមាន​ផល​វិជ្ជមាន​ឡើយ​។ ផ្ទុយទៅវិញ ភាគី​ថៃ បាន​ចូល​កាន់កាប់​បាន​ទាំងស្រុង​ក្នុងពេល​កន្លងទៅ​ថ្មីៗ​នេះ ដោយ​ពុំមាន​ឧបសគ្គ​ឡើយ​៖ «​យើង​ឃើញ​កាល​មាន​បញ្ហា​ភ្លាមៗ​ហ្នឹង​ប៉ូលិស​យើង​ទៅ​ដែរ ប៉ុន្តែ​ទៅដល់​ហ្នឹង យើង​នៅ​ឆ្ងាយ​មិនសូវ​បានដឹង មកវិញ​ឃើញ​មាន​បៀរ​មានអី​ផឹក​ជាមួយ​ថៃ​ហ្នឹង មិនដឹង​ធ្វើ​យ៉ាងម៉េច​។ គេ​មកពី​កន្លែង​មើល​អ៊ីចឹងទៅ គេ​មាន​បៀរ​មានអី​ផឹក​ឡើង​គគុក ហើយ​មិនដឹង​និយាយ​ម៉េច​»​។​
​បើទោះជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែសីហា ឆ្នាំ​២០១២ កន្លងទៅ បានប្រកាស​រួចហើយ នៅក្នុង​សភា​ថា ដី​កម្ពុជា​នឹងមិន​បាត់បង់​សូម្បី​មួយ​មិល្លីម៉ែត្រ​ទៅ​ប្រទេសជិតខាង ក្ដី ក៏​លោក រ៉ុង ឈុន និយាយថា លោក​ពុំមាន​ជំនឿ​សោះឡើយ​ថា ទឹកដី​របស់​កម្ពុជា អាចមាន​ទំហំ​គ្រប់​ចំនួន​ដូចដែល​មាននៅ​ក្នុង​ផែនទី​សព្វថ្ងៃ គឺ ១៨១.០៣៥ គីឡូម៉ែត្រ​ក្រឡា​នោះ​៕​ប្រភពៈ​rfa
Untitled-3

ង្គោ​ល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរ​អែម សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​។