ភ្នំពេញ៖ ដីសម្បទានសេដ្ឋកិច្ចជាង ១ ម៉ឺន ២ ពាន់ហិកតា នៅភាគខាងជើង និងឦសាន្តប្រទេស ត្រូវរាជរដ្ឋាភិបាលសម្រេចដកហូតពីក្រុមហ៊ុនចំនួន៨ និងបានបន្ថយរយៈពេលនៃការវិនិ យោគលើដីសម្បទានចំពោះក្រុមហ៊ុនមួយចំនួនដែលចុះកិច្ចសន្យាថ្មី ពី ៩៩ ឆ្នាំ ឲ្យមកត្រឹម ៥០ ឆ្នាំ ដោយសារតែមិនមានការអភិវឌ្ឍតាមកិច្ចសន្យា។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍បែបនេះនៅក្នុងសន្និសីទកាសែតស្តី ពីដីសម្បទានសេដ្ឋកិច្ច និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា នារសៀលេថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងបរិស្ថាន។
លោក សាយ សំអាល់ បានលើកឡើងថា បើតាមការវាយតម្លៃរបស់គណៈកម្មការ និងអន្តរក្រសួង ដើម្បីពិនិត្យ និងវាស់វែងដីសម្បទានសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានសម្រេចតាមលិខិតលេខ ១៣៦៥ សជណ ចុះថ្ងៃទី២៦កញ្ញាឆ្នាំ២០១៤ ដោយបានលុបគោលការណ៍វិនិយោគចំនួន ៨ ក្រុមហ៊ុន ជាលើកដំបូង។
ក្រុមហ៊ុនដែលត្រូវរាជរដ្ឋាភិបាលដកហូតមកវិញ ហើយប្រគល់ឲ្យក្រសួងបរិស្ថានជាអ្នកគ្រប់គ្រង រួមមាន ទី១ ក្រុមហ៊ុនវិមានសិលា ដែលវិនិយោគផ្នែកទេសចរណ៍ នៅកោះថ្មី ខេត្តព្រះសីហនុ ចំនួន ៩៨៧ហិកតា ដែលជាផ្នែកមួយនៃឧស្យានជាតិព្រះសីហនុរាម។ ទី២ ក្រុមហ៊ុន សៀងហេង ដែលវិនិយោគផ្នែកទេសចរណ៍ ចំនួន៩៨៨ហិកតា នៅតំបន់ឧស្យានជាតិព្រះសីហនុរាម។ ទី៣ ក្រុមហ៊ុន សៀងហេង ដែលវិនិយោគផ្នែកទេសចរណ៍ ចំនួន៣៥០ហិកតា នៅតំបន់ឧស្យានជាតិព្រះសីហនុរាម។ ទី៤ ក្រុមហ៊ុន ប្លូម៉េតត្រូ ចំនួន៣៥០ហិកតា នៅតំបន់ឧស្យានជាតិព្រះសីហនុរាម។ ទី៥ ក្រុមហ៊ុនហេង ប៉ុណ្ណាត នៅតំបន់ឧស្យានជាតិព្រះសីហនុរាម។ ទី៦ ក្រុមហ៊ុន សាំងវឌ្ឍនៈ ចំនួន ៥៨៥ ហិកតាស្ថិតនៅទ្រនាប់សត្វឆ្លងកាត់ រវាងឧស្យានជាតិកុសុមៈគីរីរម្យ និងឧស្យានព្រះមុនីវង្សបូកគោ។ ទី៧ ក្រុមហ៊ុនចាន់រ៉ាត់ ចំនួន៦៣ហិកតានៅខេត្តកោះកុង ចំណុចតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពេន និងទី៨ ក្រុមហ៊ុនឋានសួគ៌ចំកាត់ មានទីតាំងតំបន់ឧស្យានជាតិបទុមសាគរ ខេត្តកោះកុង ចំនួន ៩១៣៧ ហិកតា។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា “យើងមិនមែនចេះដកហូតដោយមិនមានមូលហេតុច្បាស់នោះទេ,មូលហេតុធំបំផុតដែលរាជរដ្ឋាភិបាលលុបចោលនូវអាជ្ញាប័ណ្ណវិនិយោគ ដោយសារគាត់មិនមានការអភិវឌ្ឍអី្វទេ។ ដីដែលដកហូតមកវិញនេះ នឹងដាក់ទៅជាដីសម្រាប់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ហើយដីនោះ មិនទាន់មានការកាប់ព្រៃនៅឡើយទេ”។
លោកបានបន្តថា ការលុបចោលដីវិនិយោគនេះ គឺជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ស្របតាមការសន្យានៅពេលបោះឆ្នោតថា រាជរដ្ឋាភិបាលមិនផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនទៀតទេ។ ចំណែកដីដែលផ្តល់សម្បទានទៅឲ្យក្រុមហ៊ុនរួចមកហើយ រដ្ឋាភិបាលក៏កំពុងត្រួតពិនិត្យផងដែរ ដើម្បីវាយតម្លៃឡើងវិញ ថាតើក្រុមហ៊ុនទៅមុខរួចឬមិនរួច គឺរាជរដ្ឋាភិបាលនឹងដកហូតត្រឡប់មកវិញ។
លោក សាយ សំអាល់ បានថ្លែងបន្តថា រាជរដ្ឋាភិបាលដាក់គោលការណ៍ថ្មីចំនួន ៥០ឆ្នាំ ក្នុងការវិនិយោគ។ ចំពោះក្រុមហ៊ុនដែលមានគោលការណ៍ទៅហើយ និងបានចុះកិច្ចសន្យាទៅហើយ គឺនៅរក្សារយៈពេលវិនិយោគចំនួន ៩៩ ឆ្នាំដដែល ប៉ុន្តែចំពោះក្រុមហ៊ុន ដែលទទួលបានគោលការណ៍រួចហើយនឹងត្រូវចុះកិច្ចសន្យាថ្មីជាមួយរាជរដ្ឋាភិបាលគឺការវិនិយោគកំណត់យកត្រឹមតែចំនួន ៥០ឆ្នាំប៉ុណ្ណោះ ។
ក្នុងឱកាសនោះដែរ គេមិនឃើញមានការលើកឡើងពីចំណាត់ការរដ្ឋបាល ឬកំណត់ទោសទណ្ឌលើក្រុមហ៊ុនវិនិយោគដែលមិនបានគោរពតាមកិច្ចសន្យាវិនិយោគនោះឡើយ។ពាក់ពន្ធនឹងចំណុចនេះ ត្រូវមជ្ឈដ្ឋានមួយចំនួនរិះគន់ដល់ក្រសួងបរិស្ថានថា បានបិទបាំងសកម្មភាពមិនប្រក្រតីរបស់ក្រុមហ៊ុនដែលត្រូវបានដកហូតសិទ្ធិវិនិយោគ ព្រោះត្បិតក្រុមហ៊ុនខ្លះក្រៅពីកាប់បំផ្លាញព្រៃឈើ និងប្រមូលយករ៉ែធម្មជាតិអស់ហើយ គេបានទុកដីតំបន់នោះចោលលែងអើពើ ហើយបើទោះបីជាមានការអភិវឌ្ឍក៏គេធ្វើបន្តិចបន្តួចគ្រាន់តែឲ្យឃើញជារូបភាពប៉ុណ្ណោះ។
មជ្ឈដ្ឋានដដែលបានបង្ហាញពីការមើលឃើញរបស់ខ្លួនថា ច្បាប់វិនិយោគលើដីសម្បទានសេដ្ឋកិច្ចនៅស្រុកខ្មែរស្រួលអីយ៉ាងនេះ ព្រោះពេលទទួលបានសិទ្ធិវិនិយោគរួចហើយ គេនាំគ្នាកាប់ឈើ ឬលក់រ៉ែក្រោមដីយ៉ាងរំភើយមិនខ្វល់ពីការអភិវឌ្ឍអ្វីឡើយ ។ក្នុងករណីបើរដ្ឋមិនសុខចិត្តដោយសារគ្មានការអភិវឌ្ឍរដ្ឋដកហូតយកទៅវិញចុះពួកគេអត់តូចចិត្តទេ ហើយក៏អត់ភ័យរន្ធត់អ្វីដែរព្រោះគេមានកំហុសតែម្យ៉ាងគត់គឺមិនបានធ្វើការអភិវឌ្ឍន៍តាមកិច្ចសន្យាប៉ុណ្ណោះ៕
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពេលធ្វើសន្នីសីទកាសែតកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅក្រសួងបរិស្ថាន