សិល្បៈ៖តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានព្យាយាមស្រោចស្រង់ វិស័យសិល្បៈខ្មែរ ដោយបានបញ្ចេញមតិ និងធ្វើការតស៊ូជាច្រើន ទៅលើបញ្ហា ដែលប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកស្ទើរគ្រប់ប៉ុស្តិ៍ ចាក់ផ្សាយរឿងថៃយ៉ាងគគ្រឹកគគ្រេង តែការខិតខំប្រឹងប្រែងរបស់នាង ហាក់មិនបានទទួលផលនោះឡើយ។
កាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារដោយបានសរសេរថា៖“មនុស្សដែលចាញ់គ្រប់យ៉ាង។ ខ្ញុំសុំនិយាយថា ខ្ញុំសុំចុះចាញ់ហើយ ហើយក៏ឆ្អែតបំផុត ឆ្អែតឡើងក្អួតចេញមកវិញ ដើម្បីសិល្បៈវប្បធ័ម៌ជាតិ ខ្ញុំត្រូវមនុស្សមួយប្រទេស ជេរ និង រិះគន់យ៉ាងអាម៉ាស តែខ្ញុំទទួលយកបានទាំងអស់ឲ្យតែសិល្បៈខ្មែរមានដង្ហើម។
តែអ្វីៗគឺខុសទាំងអស់ ហើយក្លាយជាជនដែលស្គាល់តែការខុស ព្រោះខ្ញុំមិនចេះធ្វើជាមនុស្សអាត្មានិយម មិនចេះស្តោះហើយលេប មិនចំណុះគេ មិនចេះយកមុខយកមាត់។ ពីពេលនេះទៅ គឺសុំធ្វើជាមនុស្សអាត្មានិយម និងលែងជឿជាក់គ្រប់វិស័យ ព្រោះវាគ្មានជំនឿទៀតទេ អ្នកធ្វើគឺខ្ញុំ អ្នកស្រែកគឺគេ អ្នកបានផលគឺឈ្មួញ។ ហើយសូមមេត្តាឈប់យកខ្ញុំ ទៅប្រើប្រាស់ទៀតទៅ ខ្ញុំសុំធ្វើជាអ្នកសិល្បៈដែលមិនមាន សតិសម្បជញ្ញះវិញល្អជាង គឺ ឆ្អែតគ្រប់យ៉ាង!”។
គួរបញ្ជាក់ថា ការប្រកាសឈប់ខ្វល់ ពីរឿងប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកចាក់រឿងថៃនេះ គឺបន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា ឆ្លងកាត់ការបរាជ័យជាច្រើនដង ក្នុងការបញ្ចេញមតិទៅលើបញ្ហាប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកចាក់រឿងថៃ យ៉ាងគគ្រឹកគគ្រេង ស្ទើរគ្រប់ប៉ុស្តិ៍នោះ តារាសម្តែងរូបនេះ បានប្រកាសដកខ្លួនឈប់ខ្វល់ពីរឿងនេះទៀតហើយ៕