ភ្នំពេញ៖ ចំណងស្នេហ៍មួយដែលគេរំពឹងថា នឹងធ្វើឲ្យតារាសម្តែងស្រីវ័យក្មេងធ្មេញជំពីស មាន សូនីតា អាចឈានទៅរកសុភមង្គលដ៏ភ្លឺថ្លាក្នុងជីវិតនាពេលអនាគតនោះ គឺពេលនេះបានប្រែ ទៅជាភាពស្ងប់ស្ងាត់ប្រៀបដូចទឹកសមុទ្រស្ងប់ខ្យល់។
ប្រហែល ៣-៤ ខែចុងក្រោយនេះ អ្នកទាំងពីរបានធ្វើឲ្យគេកត់សម្គាល់ថា ពួកគេកំពុង នៅឆ្ងាយពីគ្នាដូចមេឃ និងដី ហើយគ្មានការប្រាស្រ័យទាក់ទងគ្នាសោះ សូម្បីតែខ្សែភ្នែកដែលពីមុន ធ្លាប់វេញត្របាញ់រកគ្នាក៏លែងមានទៀតដែរ។
សម្ព័ន្ធភាពស្នេហារវាង តារាសម្តែង មាន សូនីតា និង តារាប្រុសរូបរាង សង្ហាលោក ហួរ នរៈមង្គល ហាក់ប្រែប្រួលចម្លែកក្នុងមួយរយៈពេលចុងក្រោយនេះ ខណៈភាពល្អូកល្អិនបានប្រែទៅជា ស្ងួតរីងក្រៀមក្រោះគួរឲ្យសង្ស័យ។ អ្នកខ្លះថា ចំណងស្នេហ៍របស់ពួកគេ ស្ថិតក្នុងសភាពផុយស្រួយ តែខ្លះទៀតយល់ថា ពួកគេកំពុងប្រឹងទប់កុំឱ្យជីវិតស្នេហ៍របស់ខ្លួនលាន់ឮដូចគេទូងស្គរ ចេញទៅខាងក្រៅ។
អ្នកសិល្បៈដែលនៅកៀកកិតកញ្ញា មាន សូនីតា បានប្រាប់ឲ្យដឹងថា ម្ចាស់ស្នេហ៍លោក ហួរ នរៈមង្គល ដែលគេធ្លាប់ដឹងថា បានចាប់ចិត្តប្រតិព័ទ្ធតារារូបស្រស់ កញ្ញា មាន សូនីតា ពេលនេះសម្ព័ន្ធភាព ទំនាក់ទងស្នេហារបស់ពួគេហាក់មានភាពឃ្លាតឆ្ងាយពីគ្នា។ ខណៈថ្មីៗនេះក៏មានការបែក ធ្លាយដំណឹងថា កំពុងមានភាគីទី៣ ចូលជ្រៀតជ្រែកផ្តាច់ស្នេហ៍របស់ពួកគេ។
ប្រភពបានបន្តថា មួយរយៈនេះគូស្នេហ៍ទាំងពីរមានភាពខុសប្លែកជាងពីប៉ុន្មានខែមុន ដែលព័ត៌មានស្នេហានេះមិនទាន់បែកធ្លាយសុះសាយ គឺគេឧស្សាហ៍ឃើញកញ្ញា មាន សូនីតា និង លោក ហួរ នរៈមង្គល បណ្តើរគ្នាទៅណាមកណាដោយស្នាមញញឹម។ មិនត្រឹមតែប៉ុណ្ណោះ លោកធ្លាប់បង្ហាញការយកចិត្តទុកដាក់ជ្រាលជ្រៅចំពោះនាងដោយជួយយកអាសា គ្រប់ពេលនាងត្រូវការ។
មិនអាចសុំការបំភ្លឺ ពីកញ្ញា មាន សូនីតា ជុំវិញការបែកធ្លាយដំណឹងបែកបាក់ស្នេហ៍របស់ពួកគេទាំងពីរបានទេកាលពីថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៤នេះ។
គួររំឭកថា សម្ព័ន្ធស្នេហារវាងតារាសម្តែង កញ្ញា មាន សូនីតា និង ហួរនរៈមង្គល បានធ្លាយចេញពីចង្កោម អ្នកសិល្បៈ កាលពីចុងឆ្នាំ២០១២ នៅពេលពួកគេទាំងពីរ រួមសម្តែងធ្វើជាតួឯកប្រុស-ស្រីរួមគ្នា ក្នុងរឿង “អ្នកមានគុណ”។ ចាប់តាំងពី ពេលនោះមក អ្នកទាំងពីរ ក៏បានផ្តើមមាន ទំនាក់ទំនង ស្និទ្ធស្នាល រហូតបានក្លាយទៅជាគូស្នេហ៍ ។ ប៉ុន្តែដំណឹងនេះ មិនត្រូវបានបិទបាំងពីក្រសែភ្នែកមហាជនឡើយគឺនៅក្រោយពីព័ត៌មាននេះកាន់តែល្បីសុះសាយខ្លាំងឡើង៕