ព្រះសីហនុ ៖អភិបាលខេត្តព្រះសីហនុ ត្រៀមស្នើសុំកិច្ចអន្តរា គមន៍ពីប្រមុខដឹកនាំរដ្ឋា ភិបាលដើម្បីដកយកដីតំបន់ឆ្នេរសមុទ្រដែលកាន់កាប់ដោយក្រុមហ៊ុន និងឯកជននៅតាមតំបន់ឆ្នេរមួយ ចំនួនដាក់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនាឡើងវិញ។
ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីតំបន់ឆ្នេរសមុទ្រមួយចំនួនក្នុងខេត្តព្រះសីហនុ ត្រូវហ៊ុមព័ទ្ធដោយរបងថ្មរបស់ក្រុមហ៊ុន និងជនមានអំណាច ហើយភ្ញៀវទេសចរមិនអាចទៅកម្សាន្ត ឬមិនអាចដើរឆ្លងកាត់តំបន់នោះដូចពេលមុនបានទេ។
អភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន ដែលទើបចូលកាន់តំណែងថ្មីក្នុងអាណត្តិទី៥ សម្ដែងពីក្តីកង្វល់ពីតំបន់ឆ្នេរមួយចំនួនក្នុងខេត្តនេះ ត្រូវគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ព័ទ្ធរបងធ្វើជាកម្មសិទ្ធិ ហើយមិនអនុញ្ញាតឲ្យទេសចរចូលកម្សាន្តដោយសេរីនោះទេ។
ទោះយ៉ាងណា លោក ឈិត សុខុន បញ្ជាក់ថា នឹងពិនិត្យឯកសារច្បាប់ និងសុំគោលការណ៍ពីផ្នែកពាក់ព័ន្ធ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដកដីតំបន់ឆ្នេរដែលឈ្មួញ ឬឯកជន ហ៊ុមព័ទ្ធរបងថ្មធ្វើជាកម្មសិទ្ធិ មកជាសម្បត្តិរដ្ឋ និងដាក់ជូនទេសចរចូលទស្សនាឡើងវិញ៖ «អូ! ឆ្នេរហ្នឹងគេបិទយូរមកហើយ។ បើយើងនិយាយពីការគ្រប់គ្រងឆ្នេរ វាត្រូវមានផ្លូវ។ ហើយការបិទផ្លូវតាមឆ្នេរនេះ គឺគេបិទពីមុនមក វាពិបាកបន្តិចដែរអារឿងហ្នឹង។ យើងមានឯកសារប្លង់គោលរបស់ក្រសួងដែនដី គឺយើងត្រូវយកមកពិនិត្យ និងសុំការអនុម័តដល់សម្ដេចជាផ្លូវការ គឺយើងមានលិខិតបទដ្ឋានបែបហ្នឹង។ ចាំមើលៗតើ ជំហានដែលយើងដកដោះស្រាយហ្នឹង ត្រូវធ្វើជាជំហានៗ»។
បច្ចុប្បន្ន ដីនៅតាមតំបន់ឆ្នេរសមុទ្រខ្លះនាខេត្តព្រះសីហនុ ភ្ញៀវទេសចរមិនអាចដើរ ឬអង្គុយ និងចុះងូតទឹកកម្សាន្តជាលក្ខណៈគ្រួសារបានដោយសេរីដូចពេលមុនទេ ដោយមានក្រុមហ៊ុន ឬឯកជនព័ទ្ធរបងជាកម្មសិទ្ធិ។ ឆ្នេរទាំងនោះមានដូចជា ឆ្នេរសុខា ឆ្នេរឯករាជ្យ ឬឆ្នេរសណ្ឋាគារ ៧ជាន់ និងឆ្នេរអូរឈើទាល ជាដើម។
ទាក់ទិនបញ្ហានេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏បានរអ៊ូរទាំអំពីដីឆ្នេរសមុទ្រភាគច្រើននៅខេត្តព្រះសីហនុ ពេលបច្ចុប្បន្ន ត្រូវក្រុមហ៊ុន និងឯកជនព័ទ្ធរបងថ្មតាមមាត់សមុទ្រ និងមិនមានទីធ្លាដើរកម្សាន្តឲ្យបានទូលំទូលាយដូចពេលមុន។
ពលរដ្ឋខ្មែរម្នាក់ និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក លី ឌី បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ជួយមានវិធានការចំពោះភាពអនាធិបតេយ្យ នៃការគ្រប់គ្រងឆ្នេរនៅខេត្តព្រះសីហនុ ឲ្យបានប្រសើរឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត៖ «ច្បាប់ ឆ្នេរបានចែងថា បើសិនជាយើងវិនិយោគ គឺវិនិយោគឲ្យនៅម្ខាងផ្លូវនៃថ្នល់ស្របមាត់ឆ្នេរហ្នឹង។ ហើយបើករណីវិនិយោគចំតំបន់មាត់ឆ្នេរ លុះត្រាតែក្រុមហ៊ុននោះត្រូវធ្វើកិច្ចសន្យាមួយឲ្យប្រជាពលរដ្ឋដើរ លេងឆ្លងហ្នឹងបាន។ ប៉ុន្តែជាក់ស្តែង យើងមើលទៅឥឡូវនេះ គឺនៅឆ្នេរសុខា និងឆ្នេរអូរឈើទាល គឺត្រូវបានបិទទាំងស្រុង ហើយប្រជាពលរដ្ឋអត់អាចដើរចេញចូលបានទេ។ នេះហើយជាបញ្ហាប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ។ យើងបានដឹងហើយថា សម្ដេច ហ៊ុន សែន គាត់មានប្រសាសន៍ហើយថា ពេលខ្លះគាត់អត់បានដឹងរឿងហ្នឹងទេ»។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ស៊ីអិនរ៉ូ (CNRO) ប្រចាំខេត្តព្រះសីហនុ លោក សុខ សុខុម ទទួលស្គាល់ថា ពិតជាមានភាពអនាធិបតេយ្យនៃការគ្របគ្រងតំបន់ឆ្នេរសមុទ្រខេត្ត ព្រះសីហនុ ដោយក្រុមហ៊ុន និងអ្នកមានអំណាចពិតមែន។ លោកថា ករណីនេះ
អាជ្ញាធរខេត្ត ឬថ្នាក់ដឹកនាំរដ្ឋាភិបាល ត្រូវមានចំណាត់ការរឹបអូសយកដីតំបន់ឆ្នេរដែលគ្រប់គ្រងខុសច្បាប់ ដាក់ជាសម្បត្តិរដ្ឋវិញ៖ «ក្នុងនាមគាត់ជាអាជ្ញាធរដែនដី ជាអាជ្ញាធរខេត្ត បើសិនជាយើងធ្វើមិនបាន គាត់ត្រូវសុំគោលការណ៍ពីរាជរដ្ឋាភិបាល ថាដីឆ្នេរនៅតំបន់នេះ ដែលមានបុគ្គលដែលមានអំណាចថ្នាក់នេះៗ មកយកធ្វើជាកម្មសិទ្ធិ។ ចឹង! គាត់មិនត្រូវទុកបណ្តោយឲ្យគេធ្វើរបងធ្វើអីស្រេចតែនឹងចិត្តនោះ ទេ។ ហើយបើទុកអ៊ីចឹង ធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ និងដល់ការអភិវឌ្ឍជាតិយ៉ាងសំខាន់»។
ខេត្តព្រះសីហនុ មានតំបន់ឆ្នេរជាច្រើនដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅកម្សាន្ត មានដូចជា ឆ្នេរជ័យជម្នះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ។ ខេត្តព្រះសីហនុ ជាខេត្តមួយមានសោភ័ណភាពស្រស់ស្អាត ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ច្រើននិយមទៅកម្សាន្តនៅឆ្នេរឯករាជ្យ ឬឆ្នេរសណ្ឋាគារ ៧ជាន់ ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ ឆ្នេរហាវៃ និងឆ្នេរម្លប់ជ្រៃ ជាដើម។ ប៉ុន្តែបច្ចុប្បន្ន ឆ្នេរមួយចំនួនត្រូវគ្រប់គ្រងដោយក្រុមហ៊ុន និងឯកជន ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនអាចចូលទស្សនាបានទេ។
ឆ្នេរសមុទ្រប្រទេសកម្ពុជា សរុបមានប្រវែង ៤៤០គីឡូម៉ែត្រ។ ខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្ររួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង ៤នេះ ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាត បំផុតលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)៕rfa
ឆ្នេរព្រៃត្រែង ដែលត្រូវព័ទ្ធរបងហ៊ុមព័ទ្ធជាកម្មសិទ្ធិ នាខេត្តព្រះសីហនុ។ រូបថតថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤