លោក រតនៈ
ភ្នំពេញ៖អតីតកញ្ញា ឯក Bridgerstone ឆ្នាំ២០០៨ នាង កែវ ស្រីនិច្ច បានចាកចេញពីភិភពសិល្បៈយ៉ាងស្ងៀមស្ងាត់ក្រោយពេលនាងប្រឡូកក្នុងវិស័យនេះបានត្រឹម២ឆ្នាំ។ ទោះជាយ៉ាងណាថ្មីនេះនាងបានបង្ហាញឲ្យមានការភ្ញាក់ផ្អើលក្រោយពីគេសង្កេតឃើញនាងបង្ហាញវត្តមានក្នុងការងារសិល្បៈជាថ្មី គឺក្រោយពេលលែងប្តីឥតខាន់ស្លា។
ការបាត់មុខរបស់តារាសម្តែងស្រីល្បីឈ្មោះ កែវ ស្រីនិច្ច បានបង្កើតឲ្យមានការងឿងឆ្ងល់ រហូតលេចដំណឹងថានាងបានជ្រើសរើសបុរសម្នាក់ដើម្បីរួមរស់ជាមួយគ្នាដោយមិនបានរៀបការ។ គេចាំបានថា តារាសម្តែងកែវ ស្រីនិច្ចបានឱកាសកញ្ជ្រោកក្នុងពិភពសិល្បៈក្រោយពេលនាងប្រឡងជាប់ជាកញ្ញាឯក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិលេខ៩ និងក្រោមក្រោមការជួយជ្រោមជ្រែងពីម្តាយដែលជាអ្នកសិល្បៈជើងចាស់ ។ នាងទទួលបានឱកាសការងារសិល្បៈច្រើនគួរសមប៉ុន្តែនាងបានបានបាត់មុខដោយស្ងប់ស្ងាត់ខណៈដែលនការងារសិល្បៈជាច្រើនសំរុករត់រកនាងទៅវិញ។ការបាត់មុខក្នុងសង្គមសិល្បៈគឺក្រោយពេលនាងបញ្ចប់ការថតខ្សែភាពយន្តរឿង “នាងឈូកស” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។ ការបាត់មុខក្នុងវិស័យសិល្បៈភ្លាមៗកែវ ស្រីនិច្ចបានបង្ហាញខ្លួនភ្លាមដែរក្នុងនាមជាអាជីករនៅផ្សារអូរឬស្សីទៅវិញ។
តារាស្រីរូបនេះបញ្ជាក់ថាការវិលមកកាន់ការងារសិល្បៈជាថ្មីនេះគឺក្រោយពីនាងផ្អាកមុខជំនួញដែលធ្លាប់បានធ្វើកន្លងមក។ នាងទទួលស្គាល់ថា កន្លងមកនាងបានជួយលក់ដូរមាសនៅក្នុងផ្សារអូឬស្សីជាមួយនឹងម្តាយក្មេក ប៉ុន្តែពេលនេះនាងឈប់ហើយក្រោយពីបញ្ចប់ទំនាក់ទំនងជាមួយបុរសជាប្តី។ នាងថាក្រោយប្រឡូកការងារសិល្បៈបានជាង២ឆ្នាំនាងបានស្រលាញ់ជាមួយនឹងបុរសម្នាក់ហើយ ក៏បានរួមរស់ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ និងស្នាក់នៅផ្ទះខាងប្រុសដោយនាងបានបញ្ចប់ការងារសិល្បៈរួចងាកទៅចាប់របររកស៊ី។ នាងបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគ្រួសារនាងលេចចេញនូវភាពរកាំរកូសច្រើនពិសេសទាក់ទងនឹងប្រាក់ចំណូលដែលមានទាប។ នាងបន្តថាក្រៅពីបញ្ហាប្រាក់ចំណូល ក៏មានបញ្ហាមួយចំនួនជាមួយនឹងអតីតស្វាមីនាងដែរ។ នាងបានស្នើស្វាមីក្នុងការវិលចូលសិល្បៈដើម្បីបន្ថែមចំណូលដែលមានស្រាប់ ប៉ុន្តែស្វាមីនាងជំទាស់។ ដោយមានរឿងរ៉ាវជាច្រើនខាងលើទើបនាងនិងស្វាមីសម្រេចចែកផ្លូវគ្នាដើររៀងៗខ្លួន។ បញ្ជាក់ក្នុងន័យស្តាយក្រោយនូវអ្វីដែលនាងបានជ្រើសរើសបញ្ចប់អាជីពសិល្បៈដោយទទួលយកស្នេហាដែលសាច់ញាតិមិនសូវជាពេញចិត្ត។ នាងថា ទីផ្សារការងារសិល្បៈនាងអាចនឹងមានច្រើនប្រសិននាងបន្តចាប់ការងារសិល្បៈ។បញ្ជាក់ក្នុងន័យរៀងចាលនឹងរឿងរ៉ាវស្នេហាអ្នកមេម៉ាយរូបនេះបញ្ជាក់ថា នឹងបិតបេះដូងត្រឹមនេះសិន ព្រោះតែចង់យកពេលវេលាគិតពីរឿងការងារឲ្យបានច្រើន។ តារាស្រីរូបនេះរំពឹងថាការវិលមកកាន់សង្វៀនសិល្បៈជាថ្មីនឹងទទួលបានការគាំទ្រលើកទឹកចិត្តពីទស្សនិកជនជាថ្មី។ នាងបន្តថា នាងទើបនឹងវិលមកប្រឡូកសិល្បៈជាថ្មីបានរយៈពេលជាង៥ខែប៉ុណ្ណោះ ប៉ុន្តែនាងទទួលបានការងារសម្តែងមួយចំនួនជាថ្មីផងដែរ បើទោះបីជាមិនមានតំណែងជាតួឯកដូច៦ឆ្នាំមុនក្តី។ តារាស្រីវ័យ២៤ឆ្នាំរូបនេះបញ្ជាក់ដែរថា មិនប្រកាន់ក្នុងការសម្តែងជាតួអង្គអ្វីទេគឺនាងពេញចិត្តនឹងការសម្តែងហើយក៏យល់ច្បាស់ពីស្ថានភាព ផលិតខ្សែភាពយន្តហើយតារាសម្តែងស្រស់ក្មេងជាច្រើនក៏មានឱកាសដណ្តើមតំណែងតួឯកដែរ៕