លោក រតនៈ
ភ្នំពេញ៖បន្ទាប់ពីបំបែកកំណតត្រាទទួលបានអ្នកគាំទ្រ និងចំណូលច្រើនជាងគេពីការចាក់បញ្ចាំងខ្សែភាពយន្ត ទី១រឿង “ភូមិអត់មនុស្ស”កាលពីឆ្នាំ២០១ ៥ ផលិតកម្ម Red Picture បានប្រកាសបើកសម្ពោធដាក់បញ្ចាំងខ្សែភាពយន្តទី២រឿង “ទង់ព្រលឹង”ដែលជាខ្សែភាពយន្តបែបកំប្លែង និងភ័យរន្ធត់។ ផលិតករសិល្បកររំពឹងថាខ្សែភាពយន្តថ្មីនេះក៏នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនបន្តទៀត។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីប្រកាសបើកការដាក់បញ្ចាំងជាផ្លូវការខ្សែភាពយន្តថ្មីនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០១៦នេះ នៅទីផ្សារទំនើបស្ទឹងមានជ័យថ្មី ។ កម្មវិធីនេះស្ថិតក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណារោងភាពយន្ត ផលិតករសិល្បករជាច្រើនរូបចូលរួមផងដែរ។
ខ្សែភាពយន្តរឿង”ទង់ព្រលឹង”មានការចូលរួមសម្តែងពីតារាក្មេងចាស់ប្រុសស្រីជាច្រើនដូចជា អ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ លោក ទេព រិន្ទដារ៉ូ លោក ប៊ីអាយជី នាយគ្រឿន នាយក្រូច នាយចឺម នាង ប៉ោងប៉ោង នាយក្តិប កញ្ញា No More កញ្ញា សុវណ្ណ រ៉ាផាជាដើម។
ប្រធាននាយកដ្ឋានភាពយន្ត លោក ស៊ិន ចាន់សាយ៉ា បានកោតសរសើរចំពោះផលិតកម្ម Red Picture ដែលធ្លាប់បានបំបែកកំណត់ត្រាចំនួនអ្នកទស្សនាកាលពីឆ្នាំមុន និងបន្តផលិតខ្សែភាពយន្តដែលមានគុណភាពសម្រាប់ទស្សនិកជន។ អ្វីដែលលោកសរសើរផងដែរនោះគឺការសហការផលិតរបស់ក្រុមការងារផលិតកម្ម ពិសេសការសហការរួបរួមគ្នារវាងផលិតកម្មនេះជាមួយនឹងតារាចម្រៀងផលិតកម្ម ថោន ដោយបានបញ្ចូលនូវបទចម្រៀងទំនុកច្រៀងថ្មីដាក់បញ្ចូលក្នុងខ្សែភាពយន្តដែលបានបង្ហាញពីភាពសម្បូរបែបនឹងការសាមគ្គីគ្នារវាងផលិតកម្មនិងផលិតកម្ម ។ លោករំពឹងដែរថាខ្សែភាពយន្តនេះនឹងក្លាយជាទស្សនីយភាពល្អមួយថ្មីទៀតសម្រាប់អ្នកទស្សនា ហើយលោកក៏សំណួមពរឲ្យបណ្តាផលិតករ សិល្បករ ព្យាយាមបំពេញតួនាទីរបស់ខ្លួនក្នុងការចូលរួមផលិតខ្សែភាពយន្តប្រកបដោយគុណភាពប្រកួតប្រជែង។
លោក ឌៀប សុវណ្ណរ៉ា អ្នកនិពន្ធដឹកនាំរឿង និងជាចាងហ្វាងផលិតកម្ម Red Picture បានបញ្ជាក់ថា ក្រោយពីទទួលបានជោគជ័យក្នុងការផលិតខ្សែភាពយន្តលើកដំបូង ផលិតកម្មបានសម្រេចចេញថតខ្សែភាពយន្តថ្មីមួយទៀតកាលពីចុងឆ្នាំ២០១៥ដែលដែលការចំណាយការផលិតប្រមាណពី៤ទៅ៥ម៉ឺនដុល្លារ។ លោកបញ្ជាក់ថារឿង “ភូមិអត់មនុស្ស”ដែលជាស្នាដៃដំបូងរបស់ផលិតកម្មទទួលបានការគាំទ្រច្រើនដែលចំណូលសរុបប្រមាន៣០ម៉ឺនដុល្លារគឺមិនទាន់គិតការចែកភាគរយរវាងផលិតកម្ម និងរោងភាពយន្តនោះទេ។ លោកបន្តថា រឿងថ្មីនេះមានការចូលរួមសម្តែងពីតារាល្បីឈ្មោះជាច្រើនដូចខ្សែភាពយន្តទី១ដែរនិងបញ្ចូលតារាសម្តែងថ្មីមួយចំនួនបន្ថែមទៀតហើយការសម្រិតសម្រាំងការផលិតកាន់តែពិសេសទាំងសាច់រឿងនិងបច្ចេកទេសក្នុងការផលិត។ លោកថា រឿង “ទង់ព្រលឹង”ត្រូវបាន ផលិតទៅតាមតម្រូវការទីផ្សារភាពយន្តបច្ចុប្បន្នសម្រាប់យុវវ័យខណៈដែលការផលិតខ្សែភាពយន្តមនោសញ្ចេតនានៅមិនទាន់មានទីផ្សារអ្នកទស្សនាច្រើននៅឡើយ។ ទោះជាយ៉ាងណារឿងនេះនៅតែបង្កប់ដោយទស្សនៈអប់រំច្រើនហើយលោកក៏នៅតែរំពឹងខ្ពស់ជាមួយនឹងការផលិតខ្សែភាពយន្តថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនដូចខ្សែភាពយន្តទី១របស់ផលិតកម្មលោកដែរ៕