តុលាការ​ភ្នំពេញ​មិនទាន់​សម្រេច​ពី​ការ ស្នើ​នៅក្រៅ​ឃុំ​របស់ មា​ជ សុវណ្ណារ៉ា ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2014 ក+ ក-

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មេធាវី​លោក មា​ជ សុវណ្ណារ៉ា បាន​ថ្លែងថា លោក​នឹងដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​នេះ ដើម្បី​សុំ​ឲ្យ​កូនក្តី​របស់លោក​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។​

​លោក​ហែម សុជាតិ មេធាវី​មួយរូប ការពារ​ក្តី​ឲ្យ​លោក មា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា លោក​មាន​សុទិដ្ឋិនិយម​ពី​ការស្នើសុំ​នេះ ដោយសារ​កូនក្តី របស់លោក​មិនបាន​ប្រព្រឹត្តិ​បទល្មើស​អ្វី​ឡើយ​។ ដូច្នេះ​តុលាការ​មិនមាន​អ្វី​ត្រូវ​បន្ត​ការ​ស៊ើបសួរ​អ្វី​ទៀត​ទេ​។

​កាលពី​ថ្ងៃទី ១៨​ខែវិច្ឆិកា​ម្សិលមិញ ក្រសួងយុត្តិធម៌ បានធ្វើការ​ឆ្លើយតប ទៅ​ក្រសួងមហាផ្ទៃ ទាក់ទង​ទៅនឹង​សំណើ​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​បញ្ចប់​នីតិវិធី និង​លើកលែង​ការចោទប្រកាន់​លើ​លោក មា​ជ សុវណ្ណារ៉ា បន្ទាប់ពី​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​លិខិត​នេះ ទៅ​ឲ្យ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​១៤​វិច្ឆិកា​កន្លងទៅ​។​

​សូមបញ្ជាក់ថា លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ក្រោម​បទ​ចោទ​ដឹកនាំ​ឲ្យ​មានការ​បះបោរ ញុះញង់​អ្នកដទៃ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ហិង្សា ដោយមាន​ស្ថាន​ទម្ងន់ទោស​ខណៈ​គាត់​បាន​ចូលរួម​នៅក្នុង​ការតវ៉ា​កាល​ថ្ងៃទី​១៥ ខែកក្កដា នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​។​
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់ RFI នៅថ្ងៃនេះ​ដែរ​ថា លោក ឧបនាយករដ្ឋមន្ត្រី​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ឲ្យ​ធ្វើលិខិត​ទៅកាន់​លោក សម រង្សី វិញ​ដោយ​ស្របតាម​ការ​ផ្តល់យោបល់ ពី​ក្រសួងយុត្តិធម៌​ថា​ជា​នីតិវិធី​ច្បាប់​សុទ្ធសាធ​។​

​លោក ខៀវ សុភ័គ បន្ត​ខ្លឹមសារ​ក្រសួងយុត្តិធម៌ ខណៈដែល​ក្រសួងមហាផ្ទៃ កំពុង​ព្រាង​លិខិត​ទៅ​លោក​សម រង្សី​ថា ការឃាត់ខ្លួន​លោក មា​ជ សុវណ្ណារ៉ា បានធ្វើ​ឡើង ដោយ​អនុវត្តតាម​នីតិវិធី​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។ ករណីនេះ លោក មា​ជ សុវណ្ណារ៉ា មាន​សិទ្ធិ​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ស្ថិតក្រោម​ការត្រួតពិនិត្យ របស់​តុលាការ​។ រីឯ​សិទ្ធិ​សម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យទៅលើ​ចៅក្រម​ស៊ើបសួរ​។​

​លោក​មេធាវី នៅតែ​អះអាងថា ការចាប់ខ្លួន លោក មា​ជ សុវណ្ណារ៉ា គឺជា​រឿង​នយោបាយ ដូចជា​ករណី​អ្នកតំណាងរាស្ត្រ និង​សកម្មជន​គណបក្សប្រឆាំង​កន្លងមក​ដែរ​៕

Untitled-3