សិល្បៈ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា គ្រាន់តែលឺសួរនាំរឿងស្នេហាកញ្ញាសើចហើយនិយាយថា៖ “រឿងស្នេហាអីទៀតហើយបង ខ្ញុំអត់ដឹងទេ ចង់បែកក៏ពួកគាត់ជាអ្នកថា ចង់ជួបក៏ពួកគាត់ជាអ្នកថាដែរ អីចឹងស្រេចតែចិត្តពួកគាត់ទៅខ្ញុំមិនហ៊ានហាមឃាត់ទេ”កញ្ញា ឱក សុគន្ធកញ្ញា និយាយ ថា ស្នេហារវាងនាង និង លោក រ៉េតធី ដូណា ចេញផ្សាយហូរហែកន្លងមកជាការបង្កើតឡើង ពីសំណាក់ក្រុមអ្នកសារព័ត៌មាន ដោយនាងមិនបានដឹងរឿងអ្វីឡើយ។
ការ បកស្រាយរបស់តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មី ហង្សមាសរូបនេះ បានធ្វើឡើងបន្ទាប់ពីបណ្ដាញសារព័ត៌មានបានសរសេរជាហូរហែពី ទំនាក់ទំនងរវាងកញ្ញា ឱក សុគន្ធកញ្ញា និង រ៉េធី ដូណា ចាប់តាំងពីឆ្នាំ ២០០៥ នៅគ្រាដែលអ្នកទាំងពីរនៅក្នុងផលិតកម្ម U2។ ថ្វីបើមានការចុះផ្សាយអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ក៏ដោយ ក៏ក្រុមគ្រួសារ ក៏ដូចជា សមីខ្លួនផ្ទាល់ បានបដិសេធន៍អំពីចំណងស្នេហាមួយនេះជាបន្ដបន្ទាប់។
ជុំវិញការចោទថា អ្នកសារព័ត៌មានជាអ្នកប្រឌិតរឿងឡើងដើម្បីទាញយកផលប្រយោជន៍ អ្នកយកព័ត៌មានឱ្យទស្សនាវដ្ដីក្នុងស្រុកម្នាក់និយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បានចោទជាសំនួរថា ប្រសិនបើព័ត៌មានដែលចុះផ្សាយកន្លងមកជាព័ត៌មានមិនពិតមែន ហេតុអ្វីតារាចម្រៀងរូបនេះមិនចេញមុខបកស្រាយ ម្ដេចសំងំធ្វើឱ្យទស្សនិកជនងឿងឆ្ងល់បែបនេះ។
អ្នកសារព័ត៌មាន សុំមិនបញ្ចេញឈ្មោះរូបនេះបញ្ជាក់ដូច្នេះ៖ “រឿងពិតក៏នៅលើគាត់ មិនពិតក៏នៅលើគាត់ដែរ សំខាន់ចេញមុខធ្វើសន្និសីទបកស្រាយ កុំឱ្យទស្សនិកជនគេឆ្ងល់តទៅទៀត”។
ដោយឡែក តន្ត្រីករល្បីឈ្មោះ លោក រ៉េតធី ដូណា មិនធ្វើអត្ថាធិប្បាយច្រើនទេលើរឿងនេះ ដោយលោកយល់ថា វាកន្លងហួសយូរមកហើយ។ លោកគ្រាន់តែបញ្ជាក់ខ្លីថា៖ “ខ្ញុំលែងនឹកនារឿងហ្នឹងយូរហើយ”។