ក្រុមស៊ើបអង្កេតបានប្រកាសផ្តល់ប្រាក់រង្វាន់ ៣០ លានដុល្លារ សម្រាប់ភស្តុតាងមិនអាចប្រកែកបាន ពីឧក្រិដ្ឋជនដែលបានបាញ់ទម្លាក់យន្តហោះហើរ MH17 របស់ម៉ាឡេស៊ី ខណៈយន្តហោះនោះកំពុងហោះឆ្លង កាត់ពីលើព្រំប្រទល់ប្រទេសអ៊ុយក្រែន-រុស្ស៊ី ។
នេះគឺជាប្រាក់រង្វាន់ដែលមានចំនួនច្រើនជាងប្រាក់រង្វាន់ដែលសហរដ្ឋ អាមេរិកធ្លាប់បានប្រកាសផ្តល់ឲ្យអ្នកណាដែលបានដឹងព័ត៌មានពីកន្លែងលាក់ខ្លួនរបស់មេភេរវករអាល់កៃដា អូសាម៉ា ប៊ីឡាដិន ក្នុងតម្លៃតែ ២៥ លានដុល្លារទៅទៀត ។
គួររម្លឹកផងដែរថា ជើងហោះហើររបស់ម៉ាឡេស៊ី MH17 នេះ ត្រូវបានជួបគ្រោះថា្នក់ធ្លាក់នៅក្នុងទឹកដីអ៊ុយក្រែន កាលពីខែកក្កដា កន្លងមកនេះ ដែលបានសម្លាប់អ្នកដំណើរទាំងអស់ ២៨៣ នាក់ និងក្រុមសមាជិកអាកាសយានិក ១៥ នាក់ ។
នៅពេលនោះ បណ្តាមេដឹកនាំលោកខាងលិច បានជឿថា យន្តហោះនេះ ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីល របស់ពួកក្រុមឧទ្ទាមគាំទ្ររុស្ស៊ី ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។តាមរបាយការណ៍ជំហានដំបូងមួយរបស់ក្រុមប្រឹក្សាសុវត្ថិភាពហូឡង់ក៏ស្របជាមួយគ្នានោះដែរ ។
ទោះជាយ៉ាងនេះក្តី រហូតមកទល់ពេលនេះ លទ្ធផលនៃការស្វែងរក ភស្តុតាងនៃឧក្រិដ្ឋជនដែលបានបាញ់មីស៊ីលប្រល័យ MH17 នេះ គឺពុំទាន់ត្រូវបានបញ្ចេញនៅឡើយ ៕