អូ​បា​ម៉ា​ថ្លែង​សរសើរ​ពី​វីរៈភាព​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ចំពោះមុខ​ម​ហិ​ច្ឆិ​តា​របស់​រុស្ស៊ី​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2014 ក+ ក-

ក្នុងឱកាស​ជួប​សន្ទនា​គ្នា​រវាង​លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆិ​ន​កូ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​សេត​វិមាន ក្រុង​វ៉ាស៊ីនតោន លោក​អូ​បា​ម៉ា បាន​ថ្លែង​សរសើរ​ដល់​វីរៈភាព របស់លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដែលមាន​សេចក្តីក្លាហាន ដឹកនាំ​ប្រទេស​ឆ្លងកាត់​វិបត្តិ​នយោបាយ និង​សង្គ្រាម និង​ជាពិសេស ចំពោះមុខ​ការឈ្លានពាន​ពី​សំណាក់​នយោបាយ​វាទទី​របស់​រុស្ស៊ី​។ ដោយបាន​សន្យា​ផ្តល់ជំនួយ​ជា​ទឹកប្រាក់ ដើម្បី​ឲ្យ​អ៊ុយ​ក្រែ​ន ពង្រឹង​វិស័យ​យោធា អាមេរិក​បាន​បដិសេធ មិន​ផ្តល់​ជា​គ្រឿង​សព្វាវុធ​ដល់​អ៊ុយ​ក្រែ​ន​ទេ​។​

​នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក​ប៉េ​ត្រួ ប៉ូ​រ៉ូ​ឆិ​ន​កូ បាន​ទៅដល់​សេត​វិមាន នៅ​ទីក្រុង​វ៉ាស៊ីនតោន ក្នុងនាម​ជា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដើម្បី​ជួប​សន្ទនា​ដោយផ្ទាល់ ជាមួយ​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា និង​ថ្លែងការណ៍​នៅ​ចំពោះមុខ​សភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​។ ស្ថិតក្នុង​បរិបទ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៅ​អ៊ុយ​ក្រែ​ន និង​ដែល​មានការ​លូកដៃ​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​កាច់ចង្កូត​ប្រទេស ទៅ​អែប​ជាប់​ជាមួយ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដើម្បី​ទទួលបាន​នូវ​ការការពារ និង​គាំទ្រ ទប់ទល់​ជាមួយ​ចង្កូម​របស់​រុស្ស៊ី​។​

លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​សរសើរ​អំពី​វីរៈភាព និង​សេចក្តីក្លាហាន​ក្នុងការ​សម្រេចចិត្ត របស់លោក​ប៉ូ​រ៉ូ​ឆិ​ន​កូ ដែល​បានជ្រើសរើស​យក​លោក​សេរី ក្នុងការ​អភិវឌ្ឍន៍​ជោគវាសនា​អណាគត​របស់​អ៊ុយ​ក្រែ​ន​។ មួយវិញទៀត លោក​អូ​បា​ម៉ា បាន​ថ្លែង​សរសើរ និង​គាំទ្រ លើ​ភាព​មោះមុត​របស់លោក​ប៉ូ​រ៉ូ​ឆិ​ន​កូ ដែល​បានដាក់​ស្នើ​នូវ​គម្រោងការ​សន្តិភាព ដោយ​ក្នុងនោះ លោក​បាន​សន្យា​ផ្តល់​ស្វ័យភាព​មួយចំនួន​ដល់​ដែនដី​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​បាន​សន្យា ថា​នឹងមិន​ចាប់ទោស​អូស​ដំណើរ​ដល់​ពួក​ឧទ្ទាម​។​

​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្រមព្រៀង​ប្រគល់​ទឹកប្រាក់​ចំនួន​៤៦​លាន​ដុល្លារ ដើម្បី​ឲ្យ​អ៊ុយ​ក្រែ​ន​យកទៅ​ពង្រឹង​វិស័យ​ការពារជាតិ​។ ទោះបីជា​យ៉ាងណា អាមេរិក បាន​បដិសេធ​មិន​ប្រគល់​អាវុធ​ដល់​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ទេ​។ រឿង​មួយទៀត​នោះ គឺ​លោក​ប៉ូ​រ៉ូ​ឆិ​ន​កូ ចង់បាន​ការគាំទ្រ​រប​ស់​អាមេរិក ក្នុងការ​ប្រគល់​ឲ្យ​នូវ​អភ័យឯកសិទ្ធិ​ពិសេស របស់​អង្គការ​អូតង់ មក​ឲ្យ​អ៊ុយ​ក្រែ​ន​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​អូ​បា​ម៉ា បាន​បដិសេធ ដោយ​លោក​យល់ឃើញថា អភ័យឯកសិទ្ធិ​នោះ វា​នឹង​មិនបាន​ជួយ​អ្វី​អ៊ុយ​ក្រែ​ន ឲ្យ​លើសពីនេះ​ទេ​។​

​សូម​រំលឹក​ផងដែរ​ថា វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន បានធ្វើ​ឲ្យ​រងើកភ្លើង​សង្គ្រាមត្រជាក់​រវាង​លោកខាងលិច និង​រុស្ស៊ី​ឆាបឆេះ​ឡើង​ញ​។ រុស្ស៊ី​ដែល​បាន​គាំទ្រ​ពួក​ឧទ្ទាម ហើយ​បាន​បញ្ជូនទាហាន​ជាច្រើន​ពាន់​នាក់ ចូល​ដី​អ៊ុយ​ក្រែ​ន ត្រូវបាន​លោកខាងលិច​ថ្កោលទោស និង​ដាក់ចេញ​ជា​បន្តបន្ទាប់​នូវ​ទណ្ឌកម្មសេដ្ឋកិច្ច​។ ទោះបីជា​យ៉ាងណា ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន ហាក់​ធ្វើ​ហី មិន​ខ្វល់​នូវ​ការចោទប្រកាន់ និង​ទណ្ឌកម្ម​អ្វី​ទាំងអស់ ព្រមទាំង​បាន ចោទ​អឺរ៉ុប​ថា​បានធ្វើ​ផ្ទុយ​ពី​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​។ លោកពូ​ទីន​ដែល​និយាយ​មិន​ទៀង ម្តង​ក្តៅ​ម្តង​ត្រជាក់ បាន​ថ្លែង​គាំទ្រ​គម្រោងការ​សន្តិភាព​ស្នើ​ដោយ​លោក​ប៉ូ​រ៉ូ​ឆិ​ន​កូ ប៉ុន្តែ​ទន្ទឹមនឹងនេះ រុស្ស៊ី​បាន​បញ្ជូន​ទ័ព​៤០០០​នាក់​បន្ថែមទៀត ឲ្យ​ចល័ត​នៅតាម​ព្រំដែន​ក្នុង​តំបន់​គ្រី​ម៉េ​៕ ប្រភព ៖ rfi
Untitled-1

លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆិ​ន​កូ ធ្វើ​សន្ទរកថា ថ្កោលទោស​រុស្ស៊ី​ដែល​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន លេប​ត្របាក់​យក​តំបន់​គ្រី​ម៉េ នោះ​ចំពោះមុខ​សភា​ជាន់ខ្ពស់​អាមេរិក កាលពី​ថ្ងៃ ១៨ កញ្ញា ២០១៤