សេអ៊ូល ៖ លោក មូន ជុងអ៊ីន (Moon Chung-in) ទីប្រឹក្សាជាន់ខ្ពស់សន្តិសុខជាតិកូរ៉េខាងត្បូងបាន អះអាងនៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃអាទិត្យម្សិលមិញថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមានសុខភាពល្អធម្មតា និងមិនបានជួបគ្រោះអកុសល ដូចបណ្តាពាក្យចចាមអារ៉ាម ឬសារព័ត៌មានមិនផ្លូវការមួយចំនួន បានចុះផ្សាយនោះឡើយ។ នេះបើសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ។
ថ្លែងនាឱកាសនោះ លោក Chung-in បានលើកឡើងដូច្នេះថា «ការបញ្ជាក់ដោយរដ្ឋាភិបាលរបស់យើងគឺច្បាស់លាស់ និងនៅដដែល នោះគឺលោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ ហើយលោកមានសុខភាពល្អធម្មតា»។ ទីប្រឹក្សារូបនេះបន្ថែមថា លោក គីម បាននិងកំពុង ស្នាក់នៅក្នុងទីក្រុង Wonsan ភាគខាងកើតនៃប្រទេសកូរ៉េខាងជើង តាំងតែពីថ្ងៃទី១៣មក។
សូមជម្រាបថា កាលពីដើមសប្តាហ៍មុន សារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទមួយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ ទាក់ទងនឹងប្រព័ន្ធបេះដូង ក៏ដូចជាសសៃឈាម កាលពីថ្ងៃទី១២ ខែមេសា ដោយសារតែការជក់បារីច្រើនពេក, ការធាត់លើសទម្ងន់ និងការធ្វើការងារហួសកម្លាំង ស្របពេលមានពាក្យចចាមអារ៉ាមខ្លះថា លោកបានបាត់បង់ជីវិតទៅហើយ និងខ្លះទៀតថា បានក្លាយជាមនុស្សរុក្ខជាតិ៕