ស្ងាត់ៗ​ស្រាប់តែ​ឃើញ​តារា មាន សូ​នី​តា និង​ហួរ នរៈ​មង្គល ដើរចេញ​ពីគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2014 ក+ ក-

ភ្នំពេញ​៖ ចំណង​ស្នេហ៍​មួយ​ដែល​គេ​រំពឹងថា នឹងធ្វើ​ឲ្យ​តារា​សម្តែង​ស្រី​វ័យក្មេង​ធ្មេញ​ជំ​ពីស មាន សូ​នី​តា អាចឈាន​ទៅរក​សុភមង្គល​ដ៏​ភ្លឺ​ថ្លា​ក្នុង​ជីវិត​នាពេល​អនាគត​នោះ គឺ​ពេលនេះ​បាន​ប្រែ ទៅជា​ភាពស្ងប់ស្ងាត់​ប្រៀប​ដូច​ទឹកសមុទ្រ​ស្ងប់ខ្យល់​។​

​ប្រហែល ៣-៤ ខែ​ចុង​ក្រោយនេះ អ្នក​ទាំងពីរ​បានធ្វើ​ឲ្យ​គេ​កត់សម្គាល់ថា ពួកគេ​កំពុង នៅ​ឆ្ងាយ​ពីគ្នា​ដូច​មេឃ និង​ដី ហើយ​គ្មាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​សោះ សូម្បីតែ​ខ្សែ​ភ្នែក​ដែល​ពីមុន ធ្លាប់​វេញ​ត្របាញ់​រកគ្នា​ក៏​លែងមាន​ទៀត​ដែរ​។​

​សម្ព័ន្ធភាព​ស្នេហា​រវាង តារា​សម្តែង មាន សូ​នី​តា និង តារា​ប្រុស​រូបរាង សង្ហា​លោក ហួរ នរៈ​មង្គល ហាក់​ប្រែប្រួល​ចម្លែក​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ ខណៈ​ភាព​ល្អូកល្អិន​បាន​ប្រែ​ទៅជា ស្ងួត​រីង​ក្រៀមក្រោះ​គួរ​ឲ្យ​សង្ស័យ​។ អ្នកខ្លះ​ថា ចំណង​ស្នេហ៍​របស់​ពួកគេ ស្ថិតក្នុង​សភាព​ផុយស្រួយ តែ​ខ្លះទៀត​យល់ថា ពួកគេ​កំពុង​ប្រឹង​ទប់​កុំឱ្យ​ជីវិត​ស្នេហ៍​របស់ខ្លួន​លាន់ឮ​ដូច​គេ​ទូងស្គរ ចេញទៅ​ខាងក្រៅ​។​

​អ្នកសិល្បៈ​ដែល​នៅ​កៀក​កិត​កញ្ញា មាន សូ​នី​តា បាន​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់​ស្នេហ៍​លោក ហួរ នរៈ​មង្គល ដែល​គេ​ធ្លាប់​ដឹងថា បាន​ចាប់ចិត្ត​ប្រតិព័ទ្ធ​តារា​រូប​ស្រស់ កញ្ញា មាន សូ​នី​តា ពេលនេះ​សម្ព័ន្ធភាព ទំនាក់​ទង​ស្នេហា​របស់​ពួ​គេ​ហាក់​មាន​ភាព​ឃ្លាតឆ្ងាយ​ពីគ្នា​។ ខណៈ​ថ្មីៗ​នេះ​ក៏មាន​ការ​បែក ធ្លាយ​ដំណឹង​ថា កំពុងមាន​ភាគី​ទី​៣ ចូល​ជ្រៀតជ្រែក​ផ្តាច់​ស្នេហ៍​របស់​ពួកគេ​។​

ប្រភព​បាន​បន្តថា មួយរយៈ​នេះ​គូស្នេហ៍​ទាំងពីរ​មាន​ភាពខុសប្លែក​ជាង​ពី​ប៉ុន្មាន​ខែ​មុន ដែល​ព័ត៌មាន​ស្នេហា​នេះ​មិនទាន់​បែកធ្លាយ​សុះសាយ គឺ​គេ​ឧស្សាហ៍​ឃើញ​កញ្ញា មាន សូ​នី​តា និង លោក ហួរ នរៈ​មង្គល បណ្តើរគ្នា​ទៅណា​មក​ណា​ដោយ​ស្នាមញញឹម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ធ្លាប់​បង្ហាញ​ការយកចិត្តទុកដាក់​ជ្រាលជ្រៅ​ចំពោះ​នាង​ដោយ​ជួយ​យកអាសា គ្រប់ពេល​នាង​ត្រូវការ​។

មិនអាច​សុំ​ការបំភ្លឺ ពី​កញ្ញា មាន សូ​នី​តា ជុំវិញ​ការ​បែកធ្លាយ​ដំណឹង​បែកបាក់​ស្នេហ៍​របស់​ពួកគេ​ទាំងពីរ​បានទេ​កាលពី​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៤​នេះ​។​

​គួររំឭកថា សម្ព័ន្ធ​ស្នេហា​រវាង​តារា​សម្តែង កញ្ញា មាន សូ​នី​តា និង ហួរ​នរៈ​មង្គល បាន​ធ្លាយ​ចេញពី​ចង្កោម អ្នកសិល្បៈ កាលពី​ចុងឆ្នាំ​២០១២ នៅពេល​ពួកគេ​ទាំងពីរ រួម​សម្តែង​ធ្វើជា​តួឯក​ប្រុស​-​ស្រី​រួមគ្នា ក្នុង​រឿង “​អ្នកមានគុណ​”​។ ចាប់តាំងពី ពេល​នោះមក អ្នក​ទាំងពីរ ក៏បាន​ផ្តើម​មាន ទំនាក់ទំនង ស្និទ្ធស្នាល រហូត​បាន​ក្លាយទៅជា​គូស្នេហ៍ ។ ប៉ុន្តែ​ដំណឹង​នេះ មិនត្រូវបាន​បិទបាំងពី​ក្រសែភ្នែក​មហាជនឡើយគឺនៅក្រោយពី​ព័ត៌មាន​នេះកាន់តែ​ល្បី​សុះសាយខ្លាំង​ឡើង​៕

Untitled-1Untitled-1