(ខេត្តមណ្ឌលគិរី)៖ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅថ្ងៃទី២ខែឧសភាឆ្នាំ២០២៦ នេះ មានការដឹកជញ្ជូនឈើតាមរថយន្តខ្នាតធំៗ កំពុងចរាចរមកពីស្រុក កោះញែកឆ្លងកាត់ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗ។ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់សួរនាំនៅស្រុកកែវសីមាចំនួន៧រថយន្ត។
មហាជនបានសំណូមពរដល់ជំនាញពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីទាំងអស់ ដូចជា មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មន្ទីរបរិស្ថាន និង ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីជាដើម សូមធ្វើការត្រួតពិនិត្យថាតើការដឹកជញ្ជូនឈើ ដែលកំពុងចរាចរគគ្រឹកគគ្រេងតាមដងផ្លូវមានច្បាប់អនុញ្ញាតដែរឬទេ។ព្រោះជាញឹកញាប់នៅខេត្តមណ្ឌលគិរី មហាជនតែតែងឃើញការដឹកជញ្ជូនឈើតាមរយៈរថយន្តខ្នាតធំជាហូរហែរទៅកាន់បណ្តាខេត្តផ្សេងៗ។
បើតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា មានក្រុមហ៊ុនវិនិយោគលើដីព្រៃសម្បទានសេដ្ឋកិច្ចមួយចំនួននៅមណ្ឌលគិរីជាពិសេសនៅស្រុកកោះញែក ដោយក្រុមហ៊ុនទាំងនោះអាចនាំឈើពីខាងក្រៅដែនក្រុមហ៊ុនចូលមកក្នុងក្រុមហ៊ុនដើម្បីស្របច្បាប់ក្នុងការនាំចេញ។
នាយករដ្ឋបាលខេត្តមណ្ឌលគិរីនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី លោក នាងវណ្ណៈ មានប្រសាសន៍នៅរសៀលថ្ងៃទី២ខែឧសភាឆ្នាំ២០២៦ថាទាក់ទងការដឹកជញ្ជូនឈើចរាចរតាមរយៈរថយន្តខ្នាតធំៗនេះ លោកមិនទាន់បានដឹង ទេ។ដោយសារថ្ងៃនេះលោកទើបធ្វើដំណើរមកពីភ្នំពេញ ហើយលោកបានបន្តថា លោកនិងធ្វើការហៅទូរស័ព្ទទៅជំនាញពាក់ព័ន្ធគ្រប់ជំនាញនៅមណ្ឌលគិរី ដើម្បីសួរនាំអំពីករណីនេះ៕


