All posts by មេគង្គ ប៉ុស្តិ៍

លោក អ៊ុន ចាន់ បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ខូប​គម្រប់​៧ថ្ងៃ​ មាតា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

កំពង់ចាម​ ÷ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន​ដឹកនាំ​មន្រ្តីរាជការ​ នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​​ នារសៀល​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញចូលរួមពិធីបុណ្យ​ខួប​គម្រប់​ ៧ថ្ងៃ នៃ​មាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងបានចូលបច្ច័យ​ ចំនួន០៥លានរៀល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា​ ប៊ុន​ ស៊ាងលី សូម​ឲ្យ​បានទៅសោយសុខក្នុងឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គួរ​រំលឹក​ផង​ដែរ​ថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន​ ស៊ាងលី​ បានទទួលមរណភាព នៅវេលាម៉ោង ២៖១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ សពត្រូវដម្កល់ទុក​ធ្វើបុណ្យ២យប់-៣ថ្ងៃនៅរាជធានីភ្នំពេញ និងត្រូវបានដង្ហែ យកមកបញ្ចុះនៅវេលាម៉ោង ៣៖៣៣នាទីរសៀលថ្ងៃទី៦​ ឧសភា​នេះ​ នៅឯស្រុកកំណើត​ ស្ថិត​នៅ​ក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ ៕ ដោយ ៖ ប៉ែន សុផល

លោក អូស្មាន ហាស្សាន់ ផ្តល់កញ្ចប់​អាហារ​ខែ​បួស​រ៉ាម៉ាឌន​ និង​ក្រេីន​រំលឹក​ដល់​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ការ​ឆ្លង​រាល​ដាល​កូវីដ​១៩

កំពង់ចាម​ ÷ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អមដំណើរ​ដោយ​សហការី​ នាព្រឹក​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាកញ្ចប់អាហារ សម្រាប់ទទួលទាន​ខែបួសរ៉ាម៉ាឌន ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​សាសនិក​ខ្មែរ​ឥស្លាម​ ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ ចំនួន១០០គ្រួសារ នៅសង្កាត់​សំបួរ​មាស​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​។

ដោយ​​ក្នុងមួយគ្រូសារទទួលបាន អង្ករ១០គីឡូ និងគ្រឿងឧបភោគបរិភោគមួយចំនួន មានដូចជា ស្ករស ត្រីខ ទឹកដោះគោ ប្រេងឆា អំបិល និង​ដំណាប់​ផ្លែ​ល្មេី​០១កញ្ចប់​ផងដែរ​។

ក្នុង​ពិធី​សំណេះសំណាល​នោះដែរ​ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បាន​ថ្លែង​​ថា​ ប្រទេស​កម្ពុជា​យេីង​មាន​សុខសន្តិភាព​ ស្ថិរភាពពេញលេញលេីផ្ទៃប្រទេស និង​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ ​ ដោយ​សារ​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​ ដែលបាន​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ​ ដូច្នេះ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ចូលរួមថែរក្សា​សុខសន្តិភាព​មួយនេះ​ ​ឲ្យ​បាន​គង់វង្ស​ ដេីម្បី​រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើង​ឲ្យ​កាន់តែមានការរីកចម្រើនទៅមុខផងដែរ។

លោកទេសរដ្ឋមន្ត្រី​ បាន​ថ្លែង​បន្ត​ថា​ ថ្វីត្បិត​តែ​ស្ថានភាពនៃ​ជំងឺ​កូវីដ​១៩​ នា​ដំណាក់កាល​បច្ចុប្បន្ន​នេះ​ មាន​ការ​ថប់​ថយ​ចុះ​ក៏ពិត​មែន​ តែ​យើង​មិនត្រូវមានការ​ធ្វេសប្រហែស​នោះ​ឡើយ​ គឺ​ត្រូវ​បន្តការ​អនុវត្ត​គម្លាត​សុវត្ថិភាព​បុគ្គល និង​គម្លាត​សុវត្ថិភាព​សង្គម ព្រមទាំងធ្វើ​អនាម័យ ជាប់​ជាប្រចាំ ឲ្យ​បាន​គ្រប់ៗ​គ្នា ពោលគឺ​ត្រូវ​យកចិត្តទុកដាក់ បន្ត​អនុវត្ត​ ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​ ផងដែរ​។

ជាមួយគ្នា​នោះ​ ទេសរដ្ឋមន្ត្រី​ ក៏បានលេីកឡេីងផងដែរថា​ ការស្លៀកពាក់ស្បៃបិទជិតទាំងក្បាល និងមុខ ត្បិតមានពលរដ្ឋខ្លះនៅប្រទេសឥស្លាមក្នុងតំបន់មួយចំនួន ជាពិសេសនៅមជ្ឈឹមបូព៌ា ដែលអនុវត្តយកការគ្របមុខសម្រាប់ស្រ្តី ពេលចេញទៅតំបន់សាធារណៈនោះ គ្រាន់តែជាការយល់ឃើញមួយជ្រុងជាមួយនឹងប្រពៃណីរបស់ពួកគាត់ ស្របតាមស្ថានភាពនៅប្រទេសគាត់តែប៉ុណ្ណោះដែលមិនមែនជាកាតព្វកិច្ចនៃច្បាប់ឥស្លាមនោះទេ៕

ស្ថានភាពនៅកម្ពុជាយើងពីដើមមកពុំមានឡើយការស្លៀកពាក់បែបនេះ ទាំងក្របខណ្ឌប្រពៃណី រឺក្របខណ្ឌសាសនាឥស្លាម គ្រាន់តែទើបបច្ចុប្បន្នយើងឃើញថាមានមួយចំនួនតូច បានយកការអនុវត្តប្រពៃណីនេះ ហើយយល់ឃើញថា ជាកាតព្វកិច្ចក្នុងច្បាប់ឥស្លាម តែតាមពិតស្រ្តីឥស្លាម គេអនុញ្ញាតអោយបើកទម្រង់មុខ និងប្រអប់ដៃ ដោយមិនមានបញ្ហាអ្វីឡើយ​ ៕ដោយ ប៉ែន សុផល

(Video) ទាហានឈុតខ្មៅថៃឃាត់ខ្លួនពលករខ្មែរប្រុសស្រី៦៨នាក់ដែលត្រូវមេខ្យល់បោះបង់ចោលកណ្តាលព្រៃ

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរប្រុសស្រីមានទាំងក្មេងផងដែរចំនួន ៦៨នាក់ត្រូវបានទាហានឈុតខ្មៅតាមព្រំដែនថៃ កម្ពុជា ឃាត់ខ្លួនខណៈពួកគេត្រូវបានមេខ្យល់បោះបង់ចោលនៅកណ្ដាលព្រៃ តាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុច ភូមិណងពឺ ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងទឹកដីកម្ពុជា នៅទល់មុខភូមិអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

គួររំលឹកថា មកដល់ពេលនេះ នៅតែជឿជាក់ទៅលើមេខ្យល់ពលករប្រុស ស្រីជាច្រើននាក់ដែលឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នេះ។

សមត្ថកិច្ចកម្ពុជាប្រាប់ថា ពលករខ្មែរ ឆ្លងដែនខុសច្បាប់តាមរយ:មេខ្យល់ មានចំនួន៦៨នាក់ មានចាស់ មានក្មេង ចាញ់បោកមេខ្យល់នៅកណ្ដាលព្រៃ ដាច់បាយដាច់ទឹក់ តែត្រូវទាហានថៃជួយសង្គ្រោះទាន់ បើមិនដូច្នេះ អាចនិងស្លាប់នៅក្នុងព្រៃ ។

លោក នាយប៉ុស្តិ៍ទាហានឈុតខ្មៅថៃ ( ភូងកង ប៊ិន) ប្រាប់ថា លោក តែងតែឃាត់ពលករខ្មែរខុសច្បាប់ ដែលចូលតាមច្រករបៀង តាមរយ:មេខ្យល់ ដើម្បីធ្វើការណែនាំដល់ពួកគាត់ ដែលចាញ់ការលួងលោមយកប្រាក់ដើម្បីឆ្លងដែនទៅធ្វើការខុសច្បាប់ប្រថុយនឹងការគ្រោះថ្នាក់ណាមួយ។ នៅក្នុងប្រទេសថៃនៅតែបន្តការរីករាលដាលវីរុស កូវីដ-១៩ ដែលកំពុងតែរាតត្បាតផង។ ម៉្យាងវិញទៀត ជៀសវាងពលករទាំងនោះចាញ់បោកមេខ្យល់ផង ព្រោះដឹងថាមេខ្យល់យកប្រាក់ម្នាក់ ២៥០០បាត ពីពលករ ហើយមិនបានដល់គោលដៅទេ គឺត្រូវគេចាប់មកវិញដដែល ។

ជុំវិញពលករខ្មែរចាញ់បោកមេខ្យល់ឆ្លងដែនតាមច្រករបៀងនេះលោកហ៊ុន សារឿន កុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវអ្នកសារព័ត៏មានទំនាក់ទំនងតាមតេឡេក្រាម ហើយលោកបានចូលមើលដែរតែលោកមិនមានការឆ្លើយតបឡើយ៕

ត្រឹមតែ១ថ្ងៃ ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង ១០,០០០នាក់

រីយ៉ូ ៖ ប្រទេសប្រេស៊ីលបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃរហូតដល់ទៅ ១០,២២២នាក់ និងអ្នកស្លាប់ ៧៥១នាក់ ដែលជាអត្រាស្លាប់ប្រចាំថ្ងៃ ច្រើនបំផុតមិនធ្លាប់មាន។ នេះបើតាមសារព័ត៌មាន CNA។

ការរកឃើញអ្នកស្លាប់ ៧៥១នាក់ក្នុងពេលតែមួយថ្ងៃនេះ គឺជាការបំបែកនូវកំណត់ត្រាចាស់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលមានមនុស្សស្លាប់ ៦១៥នាក់ក្នុងមួយថ្ងៃដូចគ្នា។ បច្ចុប្បន្នប្រទេសប្រេស៊ីល មានករណីឆ្លងជំងឺ COVID-19 សរុប១៤៦,៨៩៤ករណី ក្នុងនោះស្លាប់១០,០១៧នាក់ និងជាសះស្បើយឡើងវិញ៥៩,២៩៧នាក់។

បើតាមសារព័ត៌មានខាងលើបានបញ្ជាក់ថា តំបន់ដែលទទួលរងគ្រោះខ្លាំងជាងគេ គឺរដ្ឋសៅប៉ូឡូ (Sao Paulo) ដែលមានប្រជាជានរស់នៅជិត ៤៦លាននាក់ (ប្រហាក់ប្រហែលអេស្ប៉ាញ) ដោយរ៉ាប់រងអ្នកឆ្លង COVID-19 ជាង ៤១,០០០ករណី ក្នុងនោះស្លាប់ ៣,៤១៦នាក់។ ប្រេស៊ីលនៅតែបន្តបិទសាលារៀន និងពាណិជ្ជកម្មមិនសូវសំខាន់ ក៏ដូចជារក្សាបទបញ្ជាឲ្យស្នាក់នៅផ្ទះដើម្បីសុវត្ថិភាព រហូតដល់ដំណាច់ខែឧសភានេះ៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤លាននាក់

បរទេស ៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,០១០,៧៧២ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៧៥,៩៧២នាក់ និងជាសះស្បើយឡើងវិញ ១,៣៨២,៣៧២នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័រដដែលបន្តបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៣២១,៧៨៥នាក់ ស្លាប់ចំនួន ៧៨,៦១១នាក់ និងជាសះស្បើយចំនួន ២២៣,៦០៣នាក់៕

 

រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀតនៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែក។

នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ ខ្វាតព៌ណស(គ្រីស្តាល់?)បង្កប់ក្នុងដីនៅទីនោះដែរ។ សូមបញ្ជាក់ថា គ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។

សូមរំលឹកកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញចម្លាក់អណ្តើកចំនួន១ និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។ ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញរចនាសម្ពន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ៕

 

 

 

 

 

គ្រោះថ្នាក់ចរាចរណ៍ថយចុះជាង៥០ភាគរយ​ ក្រោយរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍១សប្តាហ៍នេះ

ភ្នំពេញ ៖ ១សប្តាហ៍នៃការរឹតបន្តឹងការអនុវត្តន៍ចរាចរណ៍ផ្លូវគោកកន្លងមកនេះ ស្ថានភាពចរាចរណ៍ មានភាពល្អប្រសើរជាងមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេល ១សប្តាហ៍កន្លងទៅ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់សរុបចំនួន ១៣,៩៦៨ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០,៨១៥ករណី ស្មើនឹង៧៧% គ្រប់ប្រភេទចំនួន ៣,១៥៣ករណី ស្មើនឹង២៣%។

ជាមួយគ្នានេះ ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៣/៩៥លើក ថយ៥២លើក ស្មើ៥៤% ស្លាប់ ២៤/៤០នាក់ ថយ១៦នាក់ ស្មើ៤០% របួស ៥៦/១១៥នាក់ ថយ ៥៩នាក់ ស្មើ៥១,៣០% ប្រៀបធៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩។

ចំណុចកត់សម្គាល់នោះគឺ អ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្ត ដល់កងកម្លាំងអនុវត្តន៍ច្បាប់ មានស្មារតីបន្តអនុវត្តន៍ភារកិច្ច កាន់តែសកម្មខ្លាំងក្លាជាងមុន៕

ថ្ងៃនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសរុបចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលដែលទទួលបានមុននេះបន្តិច៕

សាខាកាកបាទក្រហមខេត្តព្រះវិហារ បន្តទទួលបានថវិកា និងសម្ភារពីសប្បុរសជនជុំវិញខេត្ត

ព្រះវិហារ ៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នេះ បានទទួលអំណោយជាសម្ភារ: និងថវិកាពីសប្បុរសជន តាមមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីជួយទ្រទ្រង់សកម្មភាពកាកបាទក្រហមក្នុងខេត្ត ក្នុងឱកាសអបអរសារទរ ខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

លោក ប្រាក់ សុវណ្ណ បានថ្លែងថា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកស្រី ជាប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ក៏ដូចជាសប្បុរសនានា ដែលតែងតែបាននាំអំណោយតាមរយ:គៀងគរថវិកា និងសម្ភារ:ដោយស្ម័គ្រចិត្តពីសប្បុរសជនយកមកបម្រើប្រើប្រាស់ ជាប្រយោជន៍មនុស្សធម៌ និងចែកជូនជនរងគ្រោះទូទៅ កើតឡើងដោយសារគ្រោះធម្មជាតិ ជនក្រីក្រចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា។

លោក ប្រាក់ សុវណ្ណ បញ្ជាក់ទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែចង្អុលបង្ហាញជាប្រចាំដល់សាខា អនុសាខា ត្រូវចុះពិនិត្យមើល ព្រមទាំងជួយជាសម្ភារ ថវិកា និងលើកទឹកចិត្តដល់អ្នកដែលជួបវិបត្តិទាំងអស់នោះហើយសាខា អនុសាខា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវធ្វេសប្រហែសក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ ហើយក៏មិនអនុញ្ញាតឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារនោះឡើយ។

សូមបញ្ជាក់ថា ថវិកាដែលទទួលបានក្នុងឱកាសនេះរួមមាន៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនថវិកា២០លានរៀល អង្ករ១តោន ទឹកក្រូច ២០កេស ទឹកសុទ្ធ៥កេស និងមន្ត្រីរាជការក្នុងមន្ទីរចំនួន៩០ម៉ឺនរៀល, លោក សំ សារឿន ប្រធានមន្ទីរដែនដីថវិកា ៥លានរៀល, លោក ម៉ប់ ធិរឹត ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត ថវិកា៤លានរៀល, លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តថវិកា៣លានរៀល, លោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តថវិកា១លានរៀល, លោក អ៊ុង វុឌ្ឍី អភិបាលរងខេត្តថវិកា ១លានរៀល, លោក សុក សាន្តតារ៉ា អភិបាលស្រុកឆែប ថវិកា ១.៥លានរៀល, លោក សុខ មុនីរិទ្ធ អភិបាលរងស្រុកឆែប ថវិកា៥០ម៉ឺនរៀល ព្រមទាំងមន្ទីរអង្គភាពជាច្រើនទៀត៕ ដោយ ៖ កូវ ប៊ុនហេង

បើកការដ្ឋានស្ថាបនាផ្លូវ៣ខ្សែនៅស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូចំនួន ៣ ខ្សែ ក្នុងស្រុកមង្គលបូរី ដោយត្រូវចំណាយថវិកាស្ថាបនាដោយមូលនិធិខេត្តបន្ទាយមានជ័យ។

លោក រដ្ឋ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ ការបើកការដ្ឋានស្ថាបនាផ្លូវ ៣ ខ្សែនេះរួមមានផ្លូវ ក្នុងភូមិនាងកេត ឃុំឬស្សីក្រោក ១ខ្សែប្រវែង ១៦៣៦ម៉ែត្រ ចាក់កៅស៊ូនិងប្រវែង ២០០០ ម៉ែត្រ តភ្ជាប់ដល់ឃុំបត់ត្រង់ ក្រាលគ្រួសក្រហម ខ្សែទី ២ ពីភូមិសំរោង តភ្ជាប់ដល់ភូមិអញ្ចាញ ឃុំឬស្សីក្រោក ប្រវែង ២៤៤០ ម៉ែត្រ ក្រាលនៅកៅស៊ូ និង១ ខ្សែទៀត ពីភូមិជំទាវ តភ្ជាប់ទៅដល់ឃុំតាឡំ ប្រវែង ២០០០ ម៉ែត្រ ក្រាលកៅស៊ូ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តបូករួមជាមួយអង្គភាពពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបម្រើនិង ដោះស្រាយបញ្ហា នៅមូលដ្ឋានជាអទិភាពខ្ពស់។ ឯកឧត្តមបន្តថា ៖ ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកផ្លូវថ្នល់ជាវិស័យអទិភាពខ្ពស់មានសារៈសំខាន់ ហើយបាននិង កំពុងប្រែក្លាយជាបណ្តើរៗ ផ្លាស់ប្តូរពីផ្លូវដីមកជាផ្លូវក្រាលគ្រួសថ្មមិច ហើយកំពុងផ្លាស់ប្តូរមកជាចាក់កៅស៊ូ ឬ ចាក់បេតុង ស្របតាមគោលការណ៏ជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ដូចនេះផ្លូវជាសរសៃរឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បម្រើផល ប្រយោជន៏ប្រជាពលរដ្ឋសង្គមជាតិ មានផ្លូវមានក្តីសង្ឃឹម និងមានការរីកចម្រើន។

ចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការណ៍ដូចជា កាប់ដើមឈើ បង្ខិតរបង ដើម្បីផ្លូវបានធំទូលាយ ហើយម្យ៉ាងទៀតសូមហាមរថយន្តដឹកនាំទំនិញធុនធ្ងន់ ឆ្លងកាត់បញ្ជៀសការខូចខាតផ្លូវប្រើប្រាស់មិនបានយូរ ហើយពិសេសជៀសនេះទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តបន្តទៀត ក្នុងការប្រយុទ្ធប្រឆាំងនូវការឆ្លងរីករាលដាលនូវមេរោគកូរ៉ូណា កូវីដ ១៩៕

មកលេងផ្ទះបងប្អូនបែរជាស្លាប់ដោយខ្សែភ្លើងឆក់

កំពង់ចាម:បុរសម្នាក់បានចាកចេញពីផ្ទះមកលេងបងប្អូន ហើយឆ្លៀតពេលទំនេរបានតខ្សែភ្លើងឆក់ត្រី តែចៃដន្យ បានស្លាប់ដោយខ្សែភ្លើងឆក់់ បង្ករអោយមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក នៅភូមិត្រពាំងផ្អាវ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ក្រោយបានទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចមូលដ្ឋានបានចាត់តាំងកម្លាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រីងជ្រំុ គ្រូពេទ្យមណ្ឌលសុភាពឃុំព្រីងជ្រុំ និងអាជ្ញាធរមូលដ្ឋាន ហើយបានបង្កើតគណកម្មការ ចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវពិនិត្យទីកន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញថា : សពជនរងគ្រោះមាន ឈ្មោះ រស់ គឹមស្រ៊ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានមកលេងផ្ទះបងថ្លៃ ឈ្មោះ តន ណារី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងផ្អាវ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តាំងពី ថ្ងៃ៧ខែឧសភាឆ្នាំ២០២០ ។  លុះព្រឹកឡើងវេលាម៉ោង៨និង២០នាទីនាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ ឈ្មោះរស់ គឹមស្រ៊ាន់ នេះបានយកខ្សែភ្លើងតចេញពីប្រអប់ព្រីភ្លើងនៅផ្ទះបងថ្លៃ ចូលទៅក្នុងស្រះដើម្បីឆក់ត្រីក្នុងស្រះខាងក្រោយផ្ទះរបស់បងថ្លៃ ពេលដែលតរួចរាល់ហើយក៏យកទៅឆក់ត្រី តែមិនទាន់បានឆក់ត្រីផង ស្រាប់តែឆក់ខ្លួនឯងបណ្តាលស្លាប់នៅមាត់ស្រះនោះតែម្តង។

ប៉ូលិសបានបន្តថាតាមការពិនិត្យសាកសពឃើញថាសាកសពមានសភាពស្លេកស្លាំង 1.ផ្នែកក្បាល់ : លើថ្ពាល់ខាងឆ្វេងមានស្នាមឆេះខ្លោចដោយខ្សែភ្លើងឆក់មួយកន្លែង2 ផ្នែកដងខ្លួន :  នៅលើស្មា ដើមដៃខាងឆ្វេង និងក្លៀកខាងឆ្វេង មានស្នាមឆេះរោលស្បែក ដោយខ្សែភ្លើងឆក់មួយកន្លែង3.ផ្នែកអវយវ: : គ្មានស្លាកស្នាម។-ផ្អែកតាមការពិនិត្យពីកន្លែងកើតហេតុ ផ្អែកតាមការបំភ្លឺរបស់សាក្សីជុំវិញទីកន្លែងកើតហេតុនិងផ្អែកតាមការពិនិត្យទៅលើសាកសពជនរងគ្រោះសមត្ថកិច្ចបានសន្និដ្ឋានបានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារខ្សែភ្លើងឆក់ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេក្រោយពីធ្វើការពិនិត្យសពរួចគណៈកម្មការបានប្រគល់សពអោយទៅបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ឥណ្ឌា​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ជិត​៤​ពាន់​នាក់​ក្នុង​មួយថ្ងៃ​

ញូ​ដេលី ៖ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា​នៅថ្ងៃនេះ​បានប្រកាស​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន ៣,៣៩០​នាក់​ឆ្លង COVID-19 នៅក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 នៅក្នុង​ប្រទេស​ឥណ្ឌា​កើន​ដល់ ៥៦,៣៤២​នាក់​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។

​ក្នុង​រយៈពេល​២៤​ម៉ោង​ដដែល​នេះ​អាជ្ញាធរ​បានប្រកាស​មាន​មនុស្ស ១០៣​នាក់​បន្ថែមទៀត​បាន​ស្លាប់ នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់ ១,៨៨៦​នាក់ និង​ករណី​ជាសះស្បើយ ១៦,៥៤០​នាក់​។​

​សូមជម្រាបថា ថ្ងៃនេះ​គឺជា​ថ្ងៃទី៤៥ នៃ​ការបិទ​ប្រទេស​ឥណ្ឌា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង COVID-19 ហើយ​វា​នឹង​បន្ត​អូសបន្លាយ​ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០៕

 

លោក អ៊ុន ចាន់ដា បើកកិច្ចប្រជុំពិភាក្សាដំណើរនាំឲ្យរីកចម្រើននៃការសាងសង់ខឿនច្រាំងទន្លេមេគង្គ 

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរនាំឲ្យរីកចម្រើននៃគម្រោងអភិវឌ្ឍន៍សាងសង់ច្រាំងទន្លេមេគង្គ ស្ថិតនៅចំណុចក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងគម្រោងសាងសង់ច្រាំងទន្លេចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរក្រុង -ស្រុក ពាក់ព័ន្ធផងដែរ។

គួររំលឹកផងដែរថា ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំពង់ចាមប្រវែង១៨៥ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាមដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាមត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពលោអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាមបានកំពុងសិក្សាគម្រោងសាងសង់ខឿនច្រាំងទន្លេចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលទទួលរងផលប៉ះពាល់ដោយសារការបាកស្រុតច្រាំងទន្លេយ៉ាងធ្ងន់ធរនាពេលកន្លងមកផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានជំរុញឲ្យក្រុមហ៊ុនម៉ៅការ និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យ និងសិក្សាបច្ចេកទេសឲ្យបានច្បាស់លាស់ក្នុងការសាងសង់ ខឿនច្រាំងទន្លេដោយមានគុណភាពរឹងមាំល្អសម្រាប់ជារបាំងការពារទឹកជំនន់ទន្លេមេង្គ។ បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានជំរុញដល់ក្រុមហ៊ុនម៉ៅការឲ្យធ្វើការសាងសង់តាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ និងធ្វើយ៉ាងណាឲ្យការសាងសង់ច្រាំងទន្លេនេះរួចមុនរដូវទឹកឡើងនាពេលខាងមុខនេះផងដែរ៕ ដោយ ៖ ប៉ែន សុផល

សម្តេចតេជោក្រើនរំលឹកប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រើនរំលឹកដាស់តឿន ដល់ប្រជាពលរដ្ឋ ត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ដើម្បីចៀសវាងការឆ្លង មេរោគ កូវីដ-១៩។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈ Facebook បានក្រើនរំលឹកប្រជាពលរដ្ឋខ្មែរឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេសមិនត្រូវធ្វេសប្រហែសចំពោះការរីករាលដាលនៃជំងឺកូវីដ១៩នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកយ៉ាងដូច្នេះ «ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ២នាក់ទៀតក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថា ជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជា ឬគិតថាកម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ។ ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់»។

សម្តេចតេជោ បានបន្ថែមថា មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោក កំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ។

សម្តេចតេជោ បានរំលឹកប្រជាពលរដ្ឋទាំងអ្នកនៅរាជធានី និងនៅតាមបណ្តាខេត្ត បន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជែលសម្អាតកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗឱ្យបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជានៅសល់អ្នកកើតជំងឺកូវីដ១៩តែពីរនាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាលជំងឺ ខណៈអ្នកជំងឺ១២០នាក់ បានព្យាបាលឱ្យជាសះស្បើយ។ រយៈពេលជាង ៣សប្តាហ៍ហើយ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះឡើយ៕

 

 

រុស្ស៊ីឈរលំដាប់ថ្នាក់លេខ៥ដែលមានការឆ្លងវីរុស Covid-19 ច្រើនជាងគេនៅលើពិភពលោក

រុស្ស៊ី ៖ ក្នុងរយៈពេលជាងមួយសប្តាហ៍ គិតចាប់តាំងពីដើមខែឧសភា រហូតដល់បច្ចុប្បន្ននេះ ប្រទេសរុស្ស៊ី បានវ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់ លើកំណើននៃការឆ្លងរាលដាលវីរុស Covid-19 ដែលគិតត្រឹមថ្ងៃសុក្រនេះ រុស្ស៊ីជាប់លំដាប់ថ្នាក់លេខ៥ហើយនៅលើពិភពលោក ដែលមានការឆ្លងវីរុស Covid-19 ច្រើនជាងគេ។

ក្នុងរយៈពេល ២៤ម៉ោង ក្នុងចន្លោះពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រនេះ រុស្ស៊ីមានការឆ្លងថ្មីនៃវីរុស Covid-19 រហូតដល់ចំនួន ១១,២៣១ករណី ដែលនាំឲ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ១៧៧,១៦០ករណី និងមនុស្សស្លាប់ថ្មី ក្នុងរយៈពេល ២៤ម៉ោងដូចគ្នាមានចំនួន ៨៨នាក់ ដែលនាំអោយអ្នកស្លាប់ សរុបកើនឡើងដល់ ១,៦២៥នាក់។

ចំពោះការឆ្លងសរុបនៃវីរុស Covid-19 នៅជុំវិញពិភពលោកវិញបានកើនឡើងដល់ចំនួន ៣,៩១៣,៥៥៩ នាក់ មនុស្សស្លាប់សរុបមានចំនួន ២៧០,៤២២នាក់ និងអ្នកជំងឺវីរុស Covid-19 ចំនួន ១,៣៤១,០០១នាក់ បានជាសះស្បើយពីវីរុសនេះ៕