All posts by មេគង្គ ប៉ុស្តិ៍

ក្រុមប្រឹក្សាធម្មនុញ្ញ ៖ ច្បាប់​ស្តីពីការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្ន គឺ​ស្របនឹង​រដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​សម្រេច​អនុម័ត​ជាឯកច្ឆនថា ច្បាប់​ស្តីពីការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្ន គឺ​ស្របនឹងរដ្ឋធម្មនុញ្ញ។ ការ​សម្រេច​នេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំ​ពេញអង្គ ក្រោមអធិបតីភាព​លោក អ៊ីម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២០។

កិច្ច​ប្រជុំនេះ ធ្វើឡើង​បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចូលឆ្លើយបំភ្លឺនៅក្រុមប្រឹក្សាធម្មនុញ្ញកាលពីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០។

សូមជម្រាប​ថា ច្បាប់នេះ ត្រូវបាន​រដ្ឋសភា​អនុម័តកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០ និងត្រូវបាន​ព្រឹទ្ធសភា​អនុម័ត កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២០៕

 

រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតអាមេរិកដាំដើមឈើអមតាមចិញ្ចើមផ្លូវជាតិលេខ៦

ភ្នំពេញ ៖ រដ្ឋបាលរាជធានីដាំដើមឈើប្រភេទធ្នង់ប្រមាណជិត១០០០ដើមត្រូវបានអាជ្ញាធររាជធានីដាក់ដាំពង្រាយអមតាមចិញ្ចើមផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រហ្មមុខបួនរហូតដល់វត្តវារិន្ទសង្កាត់ព្រែកលាបស្ថិតក្នុងខណ្ឌជ្រោយចង្វា ក្នុងគោលបំណងដើម្បីអបអរខួបលើកទី៧០នៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកនិងការលើកកម្ពស់កិច្ចគាំពារបរិស្ថានបង្កើនសម្រស់បៃតង និងលើកកម្ពស់សោភណ្ឌភាព បរិស្ថានស្អាតក្នុងរាជធានីភ្នំពេញ។
ក្នុងពិធីដាំដើមឈើធ្វើឡើងនៅព្រឹកថ្ងៃទី២៧ មេសានេះ នៅមុខវត្តមង្គលសិរីកៀនឃ្លាំងក្រោមវត្តមាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ៃឃើល យូបៀល តំណាងឯកអគ្គរដ្ឋទូត នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងលោក លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញផងដែរ។

លោក នួន ផារ័ត្ន បានមានប្រសាសន៍ដឹងថា ការដាំដើមឈើនៅពេលនេះគឺដើម្បីពង្រីកនូវគម្រប ពណ៌បៃតងនៅក្នុងរាជធានីភ្នំពេញ ដែលជាផែនការមួយនៅក្នុងចំណោមផែនការជាច្រើននៃទីក្រុង វ័យឆ្លាតដែលរដ្ឋបាលរាជធានីកំពុងរៀបចំ ប្លង់មេ Master Plan ។ លោកបានបញ្ជាក់ថា ការដាំដើមឈើនៅពេលនេះជាជំហានតូចៗនៅក្នុងជំហានដ៏វែងឆ្ងាយ សំរាប់អភិវឌ្ឍន៍រាជធានីភ្នំពេញដែលធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណស្រស់បំព្រង សម្បូរពណ៌បៃតបនិងការចូលរួមកាត់បន្ថយនៅផលប៉ះពាល់ពីការផ្លាស់ប្តូអាកាសធាតុផងដែរ។

លោក ម៉ៃឃើល យូបៀល តំណាងឯកអគ្គរដ្ឋទូតនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍អោយដឹងថាការដាំដើមឈើនៅពេលនេះគឺដើម្បីអបអរខួបលើកទី៧០នៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ដែលប្រធានបទនៅក្នុងខែនេះ ទាក់ទងទៅនឹងបញ្ហាបរិស្ថាន។ លោកបានបញ្ជាក់ឲ្យដឹងថា ការដាំដើមឈើនាពេល នេះគឺដើម្បីបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ដើមឈើប្រភេទធ្នង់ប្រមាណជិតមួយពាន់ដើម ដែលមានអាយុកាលចន្លោះចាប់ពី៤ឆ្នាំ ទៅ៦ឆ្នាំដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈរដ្ឋបាលព្រៃឈើ ត្រូវបានដាក់ដាំពង្រាយតាមបណ្តោយផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលជ្រោយចង្វារ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល៕

ស្នងការ​ខេត្ដកណ្ដាលឱ្យ​ទាហាន​វៀតណាម រុះរើ​តង់​ចេញ​ឱ្យ​ឆ្ងាយ​ពី​បន្ទាត់ស

ខេត្តកណ្តាល ៖ ស្នងការខេត្ដកណ្ដាលបានឱ្យភាគីវៀតណាមដែលឈរក្នុងតំបន់ស រុះរើតង់ និងដកថយក្រោយឱ្យបានឆ្ងាយពីបន្ទាត់ព្រំដែននេះ ក្រោយពីសង្កេតឃើញថា មានតង់ដែលទាហានវៀតណាមសាងសង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ១៩។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដ​កណ្ដាល បានដឹកនាំលោកស្នងការរង, មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥, លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ដំបូកចែវជាច្រើនរូប បានចុះពិនិត្យតាមបន្ទាត់ព្រំដែនដោយថ្មើរជើងពីគោលដៅបាក់ដាយ និងគោលដៅចំការចេក ដែលជាចំណុះឱ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង ៤៧០០ម៉ែត្រ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យនៅក្នុងតំបន់ស មិនមានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗ ពីភាគីខាងវៀតណាមចូលក្នុងទឹកដីខ្មែរបានឡើយ។

នៅពេលដំណើរពិនិត្យនោះ លោកស្នងការបានឱ្យភាគីខាងវៀតណាម រុះរើតង់ចេញឱ្យឆ្ងាយពីបន្ទាត់ស ក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគីវៀតណាម បានសាងសង់តង់ចំនួន ៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ទាំងនេះ។

បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ ក៏បានជម្រុញឱ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនដើរល្បាតជាប្រចាំ តាមបន្ទាត់ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់សនោះ៕

 

 

យោធា​ស​ក្កិ​៤​បាញ់សម្លាប់​ប្រពន្ធ​ស្លាប់​ក្នុង​រថយន្តព្រោះរឿងប្រច័ណ្ឌ​

ខេត្ត​ណ្តា​ល ៖ កាលពី​ម្សិលមិញ​មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង ខណដែល​ជនសង្ស័យ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ម្នាក់ បាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន​ដោយសារ តែ​រឿង​ប្រច័ណ្ឌ រួចហើយ​បាន​ដឹក​សព​ប្រពន្ធ​ពី​ភ្នំពេញ រហូតដល់​ខេត្តកណ្តាល ហើយ​ហៅ​សមត្ថកិច្ច​មកឃាត់​ខ្លួន​តែម្តង ដោយ​មិនបាន​រត់គេច​នោះឡើយ​។ ហេតុការណ៍​ឃាតកម្ម បាន​កើតឡើង​នៅតាម​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​សមត្ថកិច្ច​បានបញ្ជាក់​ថា សង្ស័យ​ជា​ឃាតក​មានឈ្មោះ គឹម សារី អាយុ ៥៨​ឆ្នាំ ជា​មន្ត្រី​យោធា នៃ​ក្រសួងការពារជាតិ​។ ចំណែក​ប្រពន្ធ​ដែលជា​ជនរងគ្រោះ​ឈ្មោះ សោម សា​រៀប អាយុ​៥០​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បន្តថា ក្រោយពេល​បាញ់សម្លាប់​ភរិយា​នៅក្នុង​រថយន្ត​ហើយ​នោះ បុរស​ជា​ប្តី​បាន​ដឹក​សព​ភរិយា​ពី​កន្លែងកើតហេតុ ទៅកាន់​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។ ពេលទៅដល់​ចំណុច​នេះ បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ឱ្យមក​ឃាត់ខ្លួន​តែម្តង​។​

​ប៉ុន្តែ​ជនសង្ស័យ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ជនរងគ្រោះ និង​ជនសង្ស័យ បាន​ឈ្លោះប្រកែក​គ្នា នៅ​ក្នង​រថយន្ត ដោយ​ជិះ​បណ្ដើរ ឈ្លោះ​គ្នា​បណ្ដើរ​(​រឿង​ប្រច័ណ្ឌ ) រហូត​ជិះ​មកដល់​ចំណុចកើតហេតុ ជនសង្ស័យ​ជា​ប្ដី បាន​បាញ់​ប្រពន្ធ​ស្លាប់​តែម្ដង៕

 

ថ្ងៃនេះ អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបកើនដល់១១៩នាក់ និងមិនមានករណីឆ្លងថ្មីទេ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រកាសនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ មិនមានករណីឆ្លងថ្មីទេ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមេសា អ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលជាសះស្បើយ មានចំនួនសរុបកើនដល់ ១១៩នាក់ ក្នុងចំណោម១២២ករណីនៅទូទាំងប្រទេស ខណៈអ្នកជំងឺដែលកំពុងព្យាបាល នៅសល់តែ ០៣នាក់ប៉ុណ្ណោះ៕

 

លោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អជាធម្មតា

សេអ៊ូល ៖ លោក មូន ជុងអ៊ីន (Moon Chung-in) ទីប្រឹក្សាជាន់ខ្ពស់សន្តិសុខជាតិកូរ៉េខាងត្បូងបាន អះអាងនៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃអាទិត្យម្សិលមិញថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមានសុខភាពល្អធម្មតា និងមិនបានជួបគ្រោះអកុសល ដូចបណ្តាពាក្យចចាមអារ៉ាម ឬសារព័ត៌មានមិនផ្លូវការមួយចំនួន បានចុះផ្សាយនោះឡើយ។ នេះបើសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ។

ថ្លែងនាឱកាសនោះ លោក Chung-in បានលើកឡើងដូច្នេះថា «ការបញ្ជាក់ដោយរដ្ឋាភិបាលរបស់យើងគឺច្បាស់លាស់ និងនៅដដែល នោះគឺលោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ ហើយលោកមានសុខភាពល្អធម្មតា»។ ទីប្រឹក្សារូបនេះបន្ថែមថា លោក គីម បាននិងកំពុង ស្នាក់នៅក្នុងទីក្រុង Wonsan ភាគខាងកើតនៃប្រទេសកូរ៉េខាងជើង តាំងតែពីថ្ងៃទី១៣មក។

សូមជម្រាបថា កាលពីដើមសប្តាហ៍មុន សារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទមួយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ ទាក់ទងនឹងប្រព័ន្ធបេះដូង ក៏ដូចជាសសៃឈាម កាលពីថ្ងៃទី១២ ខែមេសា ដោយសារតែការជក់បារីច្រើនពេក, ការធាត់លើសទម្ងន់ និងការធ្វើការងារហួសកម្លាំង ស្របពេលមានពាក្យចចាមអារ៉ាមខ្លះថា លោកបានបាត់បង់ជីវិតទៅហើយ និងខ្លះទៀតថា បានក្លាយជាមនុស្សរុក្ខជាតិ៕

 

 

 

Bundesliga និង​ Serie A អនុញ្ញាត​ឲ្យកីឡាករ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជា​ថ្មី​

បរទេស ៖ លីគ​កំពូល​ ២ ប្រទេសមាន​ដូចជា Bundesliga និង​ Serie A ​បាន​ត្រៀម​ប្រកួត​វិញ ដោយ​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ។ នេះបើយោងតាម  ESPN FC ។

សម្រាប់​លីគ​កំពូលអ៊ីតាលី Serie A អនុញ្ញាត​ឲ្យកីឡាករ​​​ហ្វឹកហាត់​រៀង​ខ្លួនៗចាប់ផ្តើម​ពី​ថ្ងៃ​ទី៤ និងចូលហ្វឹកហាត់ជាក្រុម​ចាប់ពីថ្ងៃទី១៣ ខែ​ឧសភា​ ឆ្នាំ២០២០។ សម្រាប់​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ជា​ថ្មី​នៅ Serie A គឺចាប់ពីថ្ងៃទី២៧ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនា តែ​នៅ​តែ​មិន​ទាន់​បើក​ឲ្យ​មាន​អ្នក​ចូល​មើល​នោះទេ ត្រូវ​លេង​ដោយ​បិទទ្វារ​។

​នៅ​លីគ​កំពូលអាល្លឺម៉ង់ Bundesliga ក៏​បាន​ដំណឹង​ថា អនុញ្ញាត​ឲ្យកីឡាករគ្រប់ក្រុម​ចូល​​ហ្វឹកហាត់វិញ​ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា។ វិធានការនៅអាល្លឺម៉ង់ គឺសម្រាប់​ការ​​ប្រកួត​ដែល​នៅសល់នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ក្នុង​កីឡដ្ឋានត្រឹម​តែ២៤០​នាក់​​ប៉ុណ្ណោះមាន​ដូចជា កីឡាករ គ្រូ មន្ត្រី​អាជ្ញាកណ្ដាល បុគ្គលិក​ពេទ្យ និង​ក្រុម​ការងារ​ថត ហើយ​ក៏ត្រូវអនុវត្តវិធានការការពារ ឬ​តាម​ដាន​សុខភាព​កីឡាករ​ និង​បុគ្គលិក​ក្លឹប​នីមួយៗ​ផង​ដែរ។ ចំណែកនៅ La Liga និង Premire League នៅ​មិន​ទាន់​ដឹង​នៅថ្ងៃវិលវិញនៅ​ឡើយទេ៕

 

 

ចំនួនករណីឆ្លង COVID-19 លើលោកកើនជិតដល់ ៣លាននាក់

បរទេស ៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,៩៩៤,៤៣៦ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២០៦,៩៧៣នាក់ និងជាសះស្បើយឡើងវិញ ៨៧៨,៧០៧នាក់។ នេះបើយោងតាមទិន្នន័យពីគេហទ័ពអន្តរជាតិ Worldometer៕

 

អ៊ីតាលីនឹងចាប់ផ្ដើមបើករោងចក្រឡើងវិញ នៅដើមឧសភា និងសាលារៀននៅខែកញ្ញា

រ៉ូម ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ប្រកាសថា នឹងចាប់ផ្ដើមបើករោងចក្រឡើងវិញនៅថ្ងៃទី៤ ខែឧសភា និងសាលារៀននៅខែកញ្ញា ជាផ្នែកមួយនៃផែនការបន្ធូរបន្ថយវិធានការបិទប្រទេសទប់ស្កាត់ COVID-19។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ធ្វើការប្រកាសបែបនេះ អំឡុងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន La Repubblica នៅថ្ងៃអាទិត្យនេះ។ លោក Conte បានគូសបញ្ជាក់ នាឱកាសនោះដូច្នេះថា៖ « យើងកំពុងធ្វើការក្នុងម៉ោងនេះ ដើម្បីអនុញ្ញាតឱ្យផ្នែកខ្លះនៃអាជីវកម្មអាច បើកដំណើរការឡើងវិញ ចាប់ពីរោងចក្រផលិត រហូតដល់ការសាងសង់ នៅថ្ងៃទី៤ ខែឧសភា»។ លោកបន្ថែមថា វិធានការទាំងនេះអាចនឹងត្រូវបានធ្វើបទបង្ហាញនៅសប្ដាហ៍ក្រោយយ៉ាងយូរ ខណៈសាលារៀនអាចនឹង បើកទ្វារឡើងវិញ នៅខែកញ្ញា៕

 

 

COVID-19 ៖ សិង្ហបុរី​រកឃើញ​៩៣១ករណីថ្មី សរុបកើនលើស​១៣,០០០ករណី

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងនៅល្ងាចម្សិលមិញថា ចំនួនករណីឆ្លងវីរ៉ុស COVID-19 នៅក្នុងប្រទេសបានកើនឡើងលើស១៣,០០០ករណីហើយ គិតត្រឹមថ្ងៃអាទិត្យ បន្ទាប់ពីករណីឆ្លងថ្មី ចំនួន៩៣១ករណី ត្រូវបានបញ្ជាក់។ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា ចំនួនករណីឆ្លងថ្មី ដែលបានរកឃើញនេះបាននាំឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស មាន១៣,៦២៤ករណី។ ៨៨៦ករណីក្នុងចំណោមករណីថ្មី ដែលបានរកឃើញនៅថ្ងៃអាទិត្យនេះ គឺជាអ្នកកាន់បណ្ឌស្នាក់នៅសម្រាប់ធ្វើការ ដែលស្នាក់នៅកន្លែងធ្វើការ។

ក្រសួងបានឲ្យដឹងដែឬថា មានអ្នកជំងឺចំនួន៥៨នាក់ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ។ សរុបមានអ្នកជំងឺ១,០៦០នាក់ហើយ ដែលបានជាសះស្បើយពីជំងឺឆ្លងមួយនេះ នៅសិង្ហបុរី ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ឬនៅដាច់ដោយឡែកពីគេ ក្នុងសហគមន៍៕

 

ព្រឹកនេះក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺ COVID-19

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ រៀបចំសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។

សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ សន្និសីទក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។

សូមជំរាបថា នៅថ្ងៃទី២៦ ខែមេសាម្សិលមិញ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៧នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមាន សរុបចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕

ព័ត៌មានមិនផ្លូវការ ថា មេដឹកនាំកំពូលកូរ៉េខាងជើង ស្លាប់

កូរ៉េ ៖ មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្លាប់កាលពីយប់ថ្ងៃសៅរ៍ ។នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មានមិនផ្លូវការជាច្រើន ​។

តាមសារព័ត៌មាន express របស់អង់គ្លេស សារព័ត៌មានចិន និងសារព័ត៌មានជប៉ុន ក៏បានផ្សាយថា មេដឹកនាំវ័យ ៣៦ឆ្នាំរូបនេះ បានស្លាប់។ ប្រភពផ្សេងទៀត បាននិយាយថា លោក គីម ជុងអ៊ុន ត្រូវគ្រូពេទ្យដាក់នៅលើគ្រែមរណៈ ដោយសារខួរក្បាលរបស់គាត់លែងដំណើរការ ដែលគ្មានសង្ឃឹមថា អាចសង្គ្រោះបានទេ បន្ទាប់ពីការវះកាត់បេះដូងថ្លោះធ្លោយ។ ទោះជាយ៉ាងនេះក្តី ព័ត៌មានផ្លូវការពីស្ថានភាពសុខភាព និងទីកន្លែងស្នាក់នៅរបស់មេដឹកនាំផ្តាច់ការរូបនៅនៅតែមិនច្បាស់ ដោយសារតែការរក្សាការសម្ងាត់ដល់កំពូលមេដឹកនាំរដ្ឋរូបនេះ៕

ព្រឹកស្អែក មន្ត្រីសុខាភិបាលនឹងធ្វើសន្និសីទកាសែតជុំវិញស្ថានភាពកូវីដ១៩នៅកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី 27 ខែមេសាឆ្នាំ 2020 ស្អែកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួង ដើម្បីពន្យល់ពីការស្ថានភាពនៃជំងឺកូវីដ 19 នៅកម្ពុជា។

គួរជម្រាបថា នាព្រឹកមិញនេះ ក្រសួងសុខាភិបាលកម្ពុជាំ បានប្រកាសថា នៅកម្ពុជាគ្មានករណីឆ្លងថ្មីនៃជងឺកូវីដ19 ទេ ចំណែកអ្នកជំងឺដែលនៅសល់ចំនួន 5 នាក់ក៏មិនទាន់បានជាសះស្បើយនៅឡើយ៕

ថ្ងៃនេះ គ្មានអ្នកឆ្លងថ្មី ឯអ្នកជំងឺ៥នាក់ចុងក្រោយក៏មិនទាន់មានអ្នកជាដែរ

ភ្នំពេញ : ថ្ងៃនេះមិនមានករណីឆ្លងថ្មីទេ ហើយក៏មិនទាន់មានជាសះស្បើយនោះដែរ។ ចំនួនអ្នកជាសះស្បើយមាន ១១៧ នាក់ ក្នុងចំណោម ១២២ នាក់។

ផ្ទុះការតវ៉ាជាថ្មី ! ឪពុកម្តាយសិស្សឲ្យសាលាអន្តរជាតិ CIA បញ្ចុះថ្លៃ ៤៥ភាគរយសម្រាប់ការសិក្សាតាម អនឡាញ

ភ្នំពេញ ៖ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ មាតាបិតា និងអាណាព្យាបាលសិស្សសាលាអន្តរជាតិCIA ប្រមាណជិត ២០០នាក់ក្នុងចំណោមប្រមាណជាង ៦០០នាក់ដែលផ្តិតស្នាមមេដៃបានប្រមូលផ្តុំគ្នានៅមុខសាលាដើម្បីស្នើឲ្យសាលាបញ្ចុះតម្លៃ៤៥ភាគរយដល់សិស្សម្នាក់ៗក្នុងការសិក្សានៅផ្ទះដោយសាលាបានបិតទ្វារហើយបង្រៀនតាមប្រពន្ធ័អនឡាញដល់កូនៗរបស់ពួកគាត់។

ការតវ៉ានេះ ដោយអាណាព្យាបាលបានជួបប្រមូលផ្តុំ
នៅសាលាអន្តរជាតិCIAមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមអាណាព្យាបាលបានអោយដឹងថា សាលានេះមានសិស្សសរុប ៤.០០០នាក់ ហើយត្រូវបានបិតទ្វារស្របពេលដែលក្រសួងអប់រំ បានប្រកាសជាផ្លូវការខណៈដែលមានជំងឺឆ្លងកូវឹដ១៩ ដែលកំពុងតែរីករាលដាល។

ក្រោយពេលសាលាអន្តរជាតិCIA បានបិទទ្វារបស់ខ្លួនរួចមក ក៏មានការតម្រូវឲ្យសិស្សទាំងអស់សិក្សាតាមប្រព័ន្ធអនឡាញ ដែលខាងសាលាតម្រូវឲ្យមាតាបិតា និងអាណាព្យាបាលសិស្សបង់លុយដល់សាលាដែលសាលាបញ្ចុះតម្លៃសម្រាប់មតេយ្យ២៥ភាគរយ និងថ្នាក់ទី១ ដល់ ១២ បញ្ចុះថ្លៃ ១៥ភាគរយ។

អាណាព្យាបាលសិស្ស បានលើកឡើងថា ការបញ្ចុះតម្លៃត្រឹមតែ ២៥ភាគរយ គឺមានផលវិបាកសម្រាប់ពួកគាត់ស្របពេលសេដ្ឋកិច្ចរបស់ពួកគាត់កំពុងធ្លាក់ចុះ ដូច្នេះហើយពួកគាត់បានសុំស្នើឲ្យសាលាជួយបញ្ចុះតម្លៃឲ្យបានត្រឹមតែ ៤៥ភាគរយទើបពួកគាត់មានលទ្ធភាពបង់ជូនសាលាបាន។

បើសិនជាការស្នើសុំបញ្ចុះតម្លៃ ៤៥ភាគរយមិនបានទេនោះ ពួកគាត់នឹងបន្តធ្វើការតវ៉ានៅមុខសាលានេះ លុះត្រាតែបានលទ្ធផល ៤៥ភាគរយ។អាណាព្យាបាលបានអោយដឹងថា កាលពិព្រឹកថនងៃទី២២ ខែមេសា អាណាព្យាបាលបានផ្ទុះការតវ៉ាម្តងហើយ តែសាលាមិនព្រមក៍បន្តតវ៉ានៅថ្ងៃនេះ៕