ភ្នំពេញ ៖ ដោយមើលឃើញថា ស្ថានភាពជំងឺកូវីដ ១៩ នៅតែបន្តជះឥទ្ធិពលដល់វិស័យសណ្ឋាគារ កាន់តែខ្លាំងឡើងនោះ រាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធដល់វិស័យសណ្ឋាគារ និងផ្ទះសំណាក់ចំនួន៧រាជធានី ខេត្ត ក្នុងប្រទេសកម្ពុជា ដែលខេត្តទាំងនោះ បានរងផលប៉ះពាល់ខ្លាំងពីជំងឺនេះ ។ 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្បុជា បានអោយដឹងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ី និងលើសកលលោក បានធ្វើអោយឲ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសរងគ្រោះ រួមទាំងកម្ពុជាផង ។ ចាប់ផ្ដើមអនុវត្តនូវវិធានការចាំបាច់នានា រៀងៗខ្លួនរួមមាន ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ការបិទផ្សារលក់ទំនិញ ហាមឃាតិមិនឲ្យពលរដ្ឋធ្វើដំណើរជាដើម ដែលទាំងនេះគឺជាមូលហេតុធ្វើឲ្យសេចក្តីត្រូវការលើទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដូចជាសម្លៀកបំពាក់ស្បែកជើងមានការធ្លាក់យ៉ាងខ្លាំង ។ ទន្ទឹមនឹងនោះ វិស័យទេសចរណ៍ ដែលរួមមានសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក៏បន្តទទួលរងផលប៉ះពាល់កាន់តែខ្លាំងថែមទៀតផងដែរ ។
ដោយមើលឃើញ នូវបញ្ហានេះ កាន់តែខ្លាំងឡើងនោះ រដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរ ណ៍ដែលចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាំជីវកម្ម នៅក្នុងរាជធានីភ្នំពេញខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិតនៃខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល៣ខែ ដោយគិតចាប់ពីខែ មីនា ដល់ខែឧសភា ឆ្នាំ ២០២០ ។
ក្នុងសេចក្តីប្រកាសនោះ ក៏បានបញ្ជាក់ អាជីវកម្មទេសចរណ៍ដែលរដ្ឋាភិបាលប្រកាសលើកលែង នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ( E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនៃការលើកលែងនេះ ។ រដ្ឋាភិបាលក៏បានកំណត់ឲ្យអ្នកជាប់ពន្ធដាក់លិខិត ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០១៩ យ៉ាងយឺតបំផុតឲ្យបានមុនដំណាច់ខែមីនា ២០២០ ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យបង់រំលស់ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២០ ។
បុគ្គលិក និយោជិត សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលព្យួរឬផ្អាកអាជីវកម្មដោយរងផលប៉ះពាល់ពីកូវីដ១៩ នេះក៏ត្រូវបានរដ្ឋាភិបាលឧបត្ថម្ភ ២០ភាគរយនៃប្រាក់ខែអប្បបរមា ( ២០ភាគរយនៃ១៩០ដុល្លារ ) ហើយកម្មករ និយោជិត ត្រូវភ្ជាប់មកជាមួយនូវលក្ខខណ្ឌនៃការចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីៗរវាងពី១ទៅ២សប្ដាហ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍។
សូមបញ្ជាក់ថា អាជីវកម្មដែលរងផលប៉ះពាល់ក្រៅពីវិស័យទេសចរណ៍ ដូចជាបៀរហ្កាឌិន ក្លឹបកម្សាន្ត រោងភាពយន្ត និងខារ៉ាអូខេ ត្រូវបានប៉ាន់ប្រមាណថា ធ្វើអោយបាត់បង់ឱកាសការងារ ប្រមាណជិត២ម៉ឺននាក់រួចទៅហើយ ហើយសម្រាប់វិស័យសណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ត្រូវបានថាធ្វើអោយបាត់បង់រាប់ម៉ឺននាក់ផងដែរ ៕
ខេត្តព្រះវិហារ ៖ ដំណើរចុះពិនិត្យផ្សព្វផ្សាយ និងណែនាំអំពីវិធានការការពារជំងឺ COVID-19 របស់ក្រុមគ្រូពេទ្យ សម្តេចតេជោ សែន ស្រអែម នោះ គឺបានធ្វើឡើងក្រោមការគាំទ្រ និងកិច្ចសហការណ៍ល្អ ពីមេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត លោកឧត្តមសេនីយ៍ទោ ជូ តុងអាន និងអាជ្ញាធរប្រចាំមូលដ្ឋាន កាលពីថ្ងៃទី៣១មីនាឆ្នាំ២០២០ នៅទិសទី១ ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងភូមិ ចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ជាប់ព្រំដែនកម្ពុជា-ថៃ ។
ក្រុមគ្រូពេទ្យសម្តេចតេជោ សែន ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី នូ សារិន វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ សម្តេចតេជោ ស្រអែម រួមនឹងក្រុមការងារ បានចុះទៅដល់ផ្ទះប្រជាពលរដ្ឋ និងគ្រួសារកងទ័ព នៅក្នុងមូលដ្ឋាននោះ ហើយបានធ្វើការពិនិត្យ វាស់កំដៅ ព្រមទាំងបានផ្សព្វផ្សាយ នូវវិធានការការពារមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីណែនាំនោះ តម្រូវអោយប្រជាពលរដ្ឋ រួមគ្នាបង្ការ និងទប់ស្កាត់ ការរាតបាតមេរោគកូវីដ១៩ ដល់គ្រួសារយុទ្ធជន បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា បងប្អូនកូនចៅ គ្រូសារកងទ័ព ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស និងតំបន់ផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះសុខភាព និងការរស់នៅ ត្រូវមានអនាម័យល្អ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល និងចឹលទឹកអនាម័យ អោយបានញឹកញាប់ ត្រូវសំអាតបរិវេណផ្ទះ និងកន្លែងរស់នៅអោយបានគ្រប់ៗគ្នា ជាប្រចាំ។
លោកវេជ្ជបណ្ឌិត នូ សារិន បានផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស អនុសាសន៍ដ៏ខ្ពងខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើ ដើម្បីបង្ការ និងទប់ស្កាត់បាន ពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅក្នុងមូលដ្ឋានរស់នៅ។ លោកថា នៅគ្រាបច្ចុប្បន្ន ជំងឺដ៏កាចសាហាវនេះ កំពុងបន្តឆ្លង និងរាតត្បាតនៅទូទាំងសកលលោក បូករួមទាំងកម្ពុជា យើងផងដែរ តែកម្ពុជា ពុំទាន់មានអ្នកស្លាប់នឹងជំងឺកូវីដ១៩នេះនៅឡើយទេ។
លោកឧត្តមសេនីយ៍ទោ ជូ តុងអាន បានស្នើដល់កូនចៅប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលទើបវិលត្រឡប់មកពីក្រៅប្រទេសទាំងអស់ ប្រសិនបើមានអាការៈ ក្តៅខ្លួន ក្អក ឬ ហៀរសំបោរខុសធម្មតា ត្រូវស្នាក់នៅដាច់ដោយឡែក ពីគេនិងក្រុមគ្រួសារ ក្នុងរយះពេល១៤ថ្ងៃសិន ហើយត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យ សុំប្រឹក្សាយោបល់ ពីក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាលអាការៈរោគនោះ។ លោកថា ក្រោយការពិនិត្យ និងព្យាបាលរួចហើយ ក្រុមពេទ្យបញ្ជាក់ថា គ្មានការកើតឡើង នៃជំងឺកូវីដ១៩ នោះទេ នោះទើបអាចរស់នៅជាមួយក្រុមគ្រួសារ និងញ្ញាតមិត្ត បងប្អូន ឬ ឪពុកម្តាយបានដូចដើម។ លោកឧត្តមសេនីយ៍ បញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បាន៕ ដោយ ៖ កូវ ប៊ុនហេង
បរទេស ៖ គណៈកម្មការរៀបចំអូឡាំពិកក្រុងតូក្យូ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៣០ ខែមីនា នេះ ដោយលើកពេលបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ទៅធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខវិញ។ 
គួរកត់សំគាល់ថា នេះគឺជាលើកទីមួយហើយ ដែលកីឡាអូឡាំពិក ត្រូវបានលើកពេលប្រកួត ដែលការលើកពេលនេះ ដោយសារតែវិបត្តិ កូវីដ១៩ ដែលនឹងបង្កជាផលវិបាកជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ ទាំងការរៀបចំទូទៅ។
លោក Yoshiro Mori ប្រធានគណៈកម្មការរៀបចំកីឡាអូឡាំពិកក្រុងតូក្យូ បានបញ្ជាក់ថា ក្រោយការប្រជុំពិគ្រោះយោបល់រវាងគណៈកម្មរររៀបចំកីឡាអូឡាំពិកក្រុងតូក្យូ ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងសហព័ន្ធកីឡាអន្តរជាតិទាំង ៣៣ បានសម្រេចថា កីឡាអូឡាំពិកក្រុងតូក្យូ និងចាប់ផ្តើមបើកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយបិទបញ្ចប់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ ចំណែក ការប្រកួតកីឡាប៉ារ៉ាឡាំពិក ជនពិកា នឹងចាប់ផ្តើមបើកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១៕
ភ្នំពេញ ៖ នៅថ្ងៃស្អែក ទី១ ខែមេសា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ស្តេចនឹងយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពតាមការណាត់របស់ក្រុមគ្រូពេទ្យ។
ព្រះរាជសាររបស់ព្រះមហាក្សត្រនៃកម្ពុជា ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា
«ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុល សេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»៕
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញដឹកនាំកិច្ចប្រជុំនេះ បានបញ្ជាក់ថា កម្ពុជាមិនមានទាន់ច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយទេ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន។
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ៕
ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) បានរកឃើញរកអាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ៣៨ លីត្រ ដែលបានលាយធ្វើជែលលាងដៃក្លែងក្លាយ និងរកឃើញឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមបណ្តាឱសថស្ថាន ស្ថិតក្នុងខណ្ឌទាំង ១២ ចំនួន ៩៥ ទីតាំង នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
បន្ទាប់ពីផ្ទុះនៃមេរោគកូវីដ ១៩ បន្តកើនចំនួនអ្នកឆ្លងនៅកម្ពុជា រាជរដ្ឋាភិបាលក៏បានចាត់វិធានយ៉ាងតឹងរឹងដើម្បីទប់ស្កាត់ជំងឺកុំរីករាលដាល។ ប៉ុន្តែស្ថានភាពនេះ ក៏មានជនឆ្លៀតឱកាសកេងចំណេញប្រយោជន៍ផងដែរ ជាពិសេសដាក់លក់ផលិតផលក្លែងក្លាយ នៅតាមបណ្ដាឱសថស្ថានមួយចំនួន។
អាស្រ័យដូចនេះ ទើបកាំកុងត្រូល និងអាជ្ញាធរតាមបណ្តាខណ្ឌ បើកយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុល អង្កេតតម្លៃលក់ម៉ាស និងស្វែងរកឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ ជាក់ស្ដែងដូចជា ការដាក់លក់ផលិតផលគ្មានប្រភពផលិតច្បាស់លាស់ លក់ម៉ាសតម្លៃថ្លៃ កេងយកផលចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃវីរុសមួយនេះ។
ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០៩នាក់ហើយ ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩ សរុបមានចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស១៣នាក់ ក្នុងនោះមានជនបរទេស៥ និងខ្មែរ៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការផលិត និងលក់ឧបករណ៍ក្លែងក្លាយ សម្រាប់ធ្វើតេស្ត និងការពារមេរោគកូវីដ១៩ ក្នុងរយៈពេល២ថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមានដូចជា ម្ជុលទេស ២១ដើម ឧបករណ៍ធ្វើតេស្ត ១៣កេស និង ៤៨កញ្ចប់ សម្លៀកបំពាក់ពេទ្យ ៤០០កំផ្លេ និងម៉ាសក្លែងក្លាយជិត ២០ម៉ឺនម៉ាស់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា “ចាត់វិធានការទាំងអស់ ១២ករណី នៅភ្នំពេញមាន ៩ករណី នៅខេត្តព្រះសីហនុ ២ករណី និងខេត្តសៀមរាប ១២ករណី ទាំងអស់សរុប ១២ករណី ចាប់មនុស្សចំនួន ១៣នាក់ ក្នុងនោះមានចិន ៥នាក់ ហើយអប់រំឲ្យត្រឡប់ទៅវិញ ៤នាក់ និងបន្តនីតិវិធីចំនួន ០៩នាក់។ វត្ថុតាងមានដូចជា ម្ជុលទេស ២១ដើម ឧបករណ៍ធ្វើតេស្ត ១៣កេស និង ៤៨កញ្ចប់ សម្លៀកបំពាក់ពេទ្យ ៤០០កំផ្លេ និងម៉ាសក្លែងក្លាយជិត ២០ម៉ឺនម៉ាស”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៣០ ខែមីនា នៅវិមានរដ្ឋសភាថា បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។ ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ សូមកុំឲ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ១៩ នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ នោះទេ។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្នាំណា ដែលថាព្យាបាលជា ហើយឧបករណ៍ណា ដែលថាធ្វើតេស្តឃើញវីរុសកូវីដ១៩ គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង»៕
ភ្នំពេញ ៖ ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី សរុបទាំង០៩រូប ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្រោយពីរដ្ឋសភា បានបើកកិច្ចប្រជុំផ្ដល់សេចក្ដីទុកចិត្តនោះ បានអញ្ជើញចូលទៅស្បថនៅក្នុងព្រះបរមរាជវាំង វេលាម៉ោង ៤រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
សូមជម្រាបថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រិត្យកែសម្រួលតែងតាំងសមាសភាពរដ្ឋមន្ត្រីថ្មី ក្នុងនោះតែងតាំងឥស្សរជនជាទេសរដ្ឋមន្ត្រីចំនួន៥រូប ព្រមទាំងកែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រីថ្មីចំនួន៥រូប តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្រាប់តំណែងជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស មានឥស្សរជន ៤រូប រួមមាន ៖ លោក ហ៊ឹម ឆែម ,លោក អង្គ វង្សវឌ្ឍានា , លោក ត្រាំ អ៊ីវតឹក និងលោក ពេជ្រ ប៊ុនធិន ដោយឡែក លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនោះដែរ ក៏មានរដ្ឋមន្ដ្រីថ្មី ចំនួន ៤រូប គឺ៖ ១.លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ២.លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ៣.លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និង៤.លោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៕

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមីនា នេះ បានបញ្ជាក់ជូនដំណឹងដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ នៅកម្ពុជា ដោយមិនអនុញ្ញាតឱ្យធ្វើការព្យាបាលជំងឺ កូវីដ១៩ និងធ្វើតេស្តរកមេរោគនៃជំងឺ កូវីដ ១៩ នៅតាមសេវាពិនិត្យព្យាបាលឯកជនរបស់ខ្លួនជាដាច់ខាត លុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ៖
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ស្ថានភាពអាកាសនៅកម្ពុជា នឹងមានសីតុណ្ហភាពអប្បបរមាពី ២៤-២៧អង្សាសេ និងអតិបរមាពី៣២-៣៧អង្សាសេ។
ក្រសួងធនធានទឹក បានជូនដំណឹងថា ក្នុងរយ:ពេលនេះ តាមតំបន់មួយចំនួននៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅបង្គួរ។
ក្រសួងក៏អំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានចាប់ពីថ្ងៃទី០២-០៦ ខែមេសា ខាងមុខ៕
ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា បានផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 តាមបណ្ដាញ Facebook ដោយគ្មានការអនុញ្ញាតនោះត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន កាលពីម្សិលមិញ ។ ការឃាត់ខ្លួនស្ត្រីរូបនោះធ្វើឡើងនៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ នាព្រលប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរូបនោះឈ្មោះ វ៉ា វួចគៀង អាយុ២៦ឆ្នាំ មុខរបរលក់ឥវ៉ាន់តាមប្រព័ន្ធអនឡាញ ជាម្ចាស់ ផ្ទះជួល ហើយត្រូវបាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ស្ត្រីរូបនោះបានឆ្លើយសារភាពថា ពិតជាបានប្រើប្រាស់ page facebooK ឈ្មោះ Rama Brand Shop បង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ពិតប្រាកដមែន។
ប៉ុន្តែនាងអះអាងថា រូបគាត់គ្រាន់តែជួយបង្ហោះផ្សព្វផ្សាយ ពាណិជ្ជកម្ម ដើម្បីលក់ឧបករណ៍ ខាងលើនេះឲ្យឈ្មោះ ម៉ូនីតា សុខ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក តែប៉ុណ្ណោះ ។ ប៉ុន្តែប្រសិនបើ មានអ្នកកម្មង់ទិញ ខ្លួននឹង Chat ទៅ Facebook មានឈ្មោះ Monita Sok ដើម្បីទទួលឥវ៉ាន់ យកមកលក់បន្ត ខណៈជាក់ស្ដែង នាងពុំទាន់ទទួលបានឧបករណ៍នោះនៅឡើយទេ ។
តាមមន្ត្រីនគរបាលខ័ណ្ឌឫស្សីកែវបានឲ្យដឹងថា ក្រោយការសាកសួរសមត្ថកិច្ចខ័ណ្ឌបានបញ្ជូនស្ត្រីខាងលើនេះបន្តទៅស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ៕
ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែ មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល នឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៣១ ខែមីនាស្អែកនេះ។
បន្ទាប់ពីពិភាក្សាក្នុងកម្រិតអន្តរក្រសួងហើយ សេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងត្រូវដាក់ចូលក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣ ខែមេសាខាងមុខនេះ មុនពេលបញ្ជូនទៅស្នើសុំព្រះហស្ថលេខាពី ព្រះមហាក្សត្រនៃកម្ពុជា។
គួរកត់សម្គាល់ថា ការរៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ បានធ្វើឡើងខណៈដែលការឆ្លងមេរោគកូវីដ១៩ បន្តកើនឡើងជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ក្នុងនោះបើគិតត្រឹមថ្ងៃទី ៣០ ខែមីនានេះ មានចំនួនសរុប ១០៧នាក់ហើយ។ ដោយឡែក ប្រទេសក្នុងតំបន់ ភាគច្រើន ក៏បានដាក់ប្រទេសក្នុងគ្រាអាសន្នផងដែរ ដូចជា វៀតណាម និងថៃ ជាដើម ខណៈ ដែលប្រទេសឡាវ ក៏បានប្រកាសបិទប្រទេសរបស់ខ្លួន នៅថ្ងៃទី ៣០ ខែមីនានេះដែរ៕
ភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំសភានាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាមិនឲ្យមានការនាំចេញអង្ករស និងស្រូវ ទៅក្រៅប្រទេសលើកលែងតែអង្ករក្រអូប ប៉ុណ្ណោះ ដែលនៅបន្តអនុញ្ញាតឲ្យមានការនាំចេញ ដោយអះអាងថា ដើម្បីត្រៀមស្បៀងទុកនៅក្នុងស្រុកឱ្យបានកាន់តែច្រើន។
សម្តេចបន្តថា វិធានការនេះ នឹងចូលជាធរមាននៅវេលាយប់ម៉ោង ២៣ និង៥៩នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ខាងមុខ។ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល នឹងបញ្ចេញថវិកាបន្ថែម ដើម្បីផ្ដល់ជូនដល់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដើម្បីប្រមូលទិញស្រូវពីកសិករ។
ក្នុងសន្និសីទនេះដែរ សម្ដេចតេជោ បានបញ្ជាឲ្យបិទកាស៊ីណូទាំងអស់នៅទូទាំងកម្ពុជា នៅថ្ងៃទី១ ខែមេសា នេះ ដោយអះអាងថា ជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស កូវីដ ១៩៕
ភ្នំពេញ ៖ រដ្ឋសភាបានសម្រេចយល់ព្រមទាំងស្រុងលើសេចក្តីស្នើតែងតាំង និងកែសម្រួលថ្នាក់ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីថ្មីសរុប ៩រូប ជាសមាសភាពរាជរដ្ឋាភិបាល តាមការស្នើឡើងរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម័យប្រជុំវិសាមញរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន រួមទាំងតំណាងរាស្រ្តសរុបចំនួន ១២១រូប។
* សម្រាប់តំណែងរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះមាន៖
លោក ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា
លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៉ីវតឹក
លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជំនួសលោក ហ៊ឹម ឆែម
លោក ព្រំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន
* សម្រាប់តំណែងទេសរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះមាន
លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី (រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)
លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក ត្រាំ អ៉ីវតឹក ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
គណៈរដ្ឋមន្ត្រីអាណត្តិទី០៦ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដោយទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ រហូតមកដល់ពេលនេះ គណៈរដ្ឋមន្រ្តីអាណត្តិថ្មីនោះ មានសមាសភាពសរុបចំនួន៤៩រូប ក្នុងនោះមាននាយករដ្ឋមន្រ្តី១រូប ឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី១៩រូប (បូកថ្មី៣) និងរដ្ឋមន្ត្រី ២៩រូបជាដើម៕
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍