All posts by មេគង្គ ប៉ុស្តិ៍

អ្នកទោសនៅ​​ថៃ​ផ្ទុះ​កុបកម្ម​ដោយសារ​ភ័យខ្លាច​ឆ្លង​ជំងឺ COVID-19

បាងកក ៖ អ្នកទោស​ក្នុង​ពន្ធនាគារ​មួយ​នៅ​ប្រទេស​ថៃ​បាន​ផ្ទុះ​កុបកម្ម​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ដោយសារតែ​អ្នកទោស​ភ័យខ្លាច​ពី​ការឆ្លង​រាលដាល​នៃ​ជ​ងឺ COVID-19 ខណៈ​មាន​អ្នកទោស​មួយចំនួន​បាន​រត់គេចខ្លួន​ក្នុងអំឡុងពេល​កុបកម្ម​កើតឡើង​ផងដែរ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​បរទេស Reuters។​

​លោក ​សំ​សាក់ ថេប​ស៊ូ​ទីន (Somsak Thepsutin) រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថៃ បាន​គូសបញ្ជាក់ថា ការតវ៉ា​បានចាប់ផ្តើម​នៅ​ម៉ោង​ខ្ទង់១១ និង៤៥ នាទី​ព្រឹក​ថ្ងៃអាទិត្យ នៅក្នុង​សាល​អាហារ ខណៈពេលដែល​អ្នកយាម​កំពុង​ជាប់រវល់​ជួសជុល​បន្ទប់ សម្រាប់​ដាក់​អ្នកទោស​ដែលមាន​ជំងឺឆ្លង​មួយចំនួន​ដូចជា​ជំងឺ​ផ្តាសាយ​ជាដើម​។ ប៉ុន្តែនោះ​មិនមែនជា​ជំងឺ​កូ​វីដ​១៩ ទេ​។​

​លោក សំ សាក់​ថេប​ស៊ូ​ទីន បានបញ្ជាក់​បន្ថែមថា មាន​អ្នកទោស​ប្រមាណ ១០០ នាក់ បាន​ដុតបំផ្លាញ​សាល​អាហារ និង​បាន​វាយកម្ទេច​បន្ទប់​ទទួល​សាច់ញាតិ ដែល​មក​សួរ​សុខខ​ទុក្ខ​អ្នកទោស​។ ភ្លាមៗ​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុកថៃ​ជាច្រើន បានបង្ហាញ​ពី​វីដេអូ​នៃ​ហេតុការណ៍​ខាងលើ៕

 

 

បារាំង ៖ មួយថ្ងៃមានស្លាប់ចំនួន២៩២នាក់ និងអ្នកឆ្លងថ្មី ២,៥៩៩នាក់

ប៉ារីស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកនេះថា ក្នុងរយៈពេលតែមួយថ្ងៃ (២៤ម៉ោង) អ្នកឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ចំនួន ២,៥៩៩នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ២៩២នាក់ទៀតបានបាត់បង់ជីវិត។

បើតាមរបាយការណ៍ចុងក្រោយពីក្រសួងសុខាភិបាលបារាំងបានឲ្យដឹងទៀតថា ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសបានកើនឡើងដល់ ៤០,១៧៤ករណី ក្នុងនោះអ្នកជំងឺសរុប២,៦០៦នាក់ស្លាប់។ នៅក្នុងចំណោមករណីឆ្លងទាំងអស់ គឺអ្នកជំងឺ ៤,៦៤២នាក់ កំពុងតែស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ដោយកើនឡើង ៣៥៩នាក់ពីលើចំនួនចាស់ នៅក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។ ប្រទេសបារាំងនៅស្ថិតក្នុងការរឹតបន្តឹងនៅឡើយ ដោយប្រជាជននានា ត្រូវណែនាំឲ្យស្ថិតនៅក្នុងផ្ទះដើម្បីបង្ការការឆ្លងជំងឺ COVID-19 រហូតដល់ថ្ងៃទី១៥ ខែមេសា ហើយវាអាចនឹងត្រូវអូសបន្លាយបន្ថែមទៀត ទៅតាមស្ថានការណ៍ជាក់ស្តែង៕

 

ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤នាក់ថែមទៀត សុរបកើនដល់១០៧នាក់

 ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០៧នាក់ហើយ ខណៈថ្ងៃនេះផងដែរមានអ្នកជំងឺ២នាក់ជាសះសកបើយបន្ថែមទៀត សរុបចំនួនជាសះស្បើយកើនដល់២៣នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។

តាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្មី៤នាក់នោះ មានទី១៖ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលបម្រើការងារនៅកាស៊ីណូ និងខារ៉ាអូខេមួយ នៅច្រកប៉ោយប៉ែត, ទី២៖ បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកដំណើរត្រឡប់ពីប្រទេសជប៉ុនចូលកម្ពុជា ថ្ងៃទី២៨ ខែមីនា, ទី៣៖ ស្រ្តីជនជាតិខ្មែរ អាយុ២០ឆ្នាំ នៅក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទើបវិលត្រឡប់ពីប្រទេសអង់គ្លេស ចូលមកកម្ពុជាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ និងទី៤៖ បុរសជនជាតិបារាំង នៅម្តុំទួលទំពូង រាជធានីភ្នំពែញ ដែលធ្វើដំណើរទៅប្រទេសហ្គុយយ៉ាណា មកដល់កម្ពុជាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។

ដោយឡែក សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលជាសះស្បើយថ្មី២នាក់ទៀត គឺមាន បុរសអាយុ៣៨ឆ្នាំ ដែលឆ្លងពីជនជាតិជប៉ុន នៅខេត្តសៀមរាប និងបុរសអាយុ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានធ្វើតេស្តចំនួន២លើកឃើញថា លទ្ធផលអវិជ្ជមានទាំងពីរលើក។ អ្នកទាំងពីរត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ៕

 

រដ្ឋសភាជាតិ បើកកិច្ចប្រជុំអនុម័តលើសេចក្តីស្នើកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

ភ្នំពេញ ៖ ព្រឹកនេះ រដ្ឋសភាជាតិ បានដំណើរការនៃសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។

តាមការគ្រោងទុក បន្ទាប់ពីបញ្ចប់សម័យប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភាផងដែរ។

សម័យប្រជុំនេះ បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្ញើបញ្ជីឈ្មោះសមាសភាពរាជរដ្ឋាភិបាលមួយចំនួន ដែលត្រូវផ្លាស់ប្តូរថ្មីទៅកាន់រដ្ឋសភា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីសុំការផ្តល់សេចក្តីទុកចិត្តពីសមាជិកសភា។

កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើបអំពីការកែសម្រួលគណៈរដ្ឋមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរសមាសភាពនេះ គឺជារឿងធម្មតានៃការដឹកនាំរបស់រដ្ឋនីមួយៗ។

សូមជម្រាបថា សមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ នេះ មានឧបនាយករដ្ឋមន្ត្រី ១០រូប, ទេសរដ្ឋមន្ត្រី ១៧រូប និងរដ្ឋមន្ត្រី ២៩រូប។ សមាសភាពរដ្ឋមន្ត្រីមួយចំនួន មានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីផងដែរ៕

សម្ភារៈជំនួយប្រឆាំង COVID-19 របស់មហាសេដ្ឋីចិន Jack Ma ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជាទទួលឧបករណ៍តេស្តពិនិត្យរកវីរុស COVID-19 ចំនួន២ម៉ឺនឈុត ពីមូលនិធិ Alibaba និងមូលនិធិរបស់មហាសេដ្ឋីចិន លោក Jack Ma។

ពិធីប្រគល់-ទទួលកញ្ចប់តេស្តពិនិត្យរកវីរុសកូរ៉ូណាថ្មី (COVID-19) ចំនួន២ម៉ឺនឈុតសម្រាប់បម្រើឱការការពារ ការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ជាអំណោយរបស់មូលនិធិ Alibaba និងមូលនិធិ Jack Ma នេះ បានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានលោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ឡើងដល់១០២នាក់ហើយ ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩ កើនដល់១៣នាក់។ ចំណែកអ្នកជំងឺកូវីដ១៩ ចំនួន៨៩នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានស្រ្តី២៦នាក់ និងបុរស៦៣នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត៕

 

អ្នកឆ្លងកូវីដ១៩នៅកម្ពុជាកើនដល់១០២នាក់ ខណៈអ្នកជាសះស្បើយកើនដល់១៣នាក់

ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០២នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន០២នាក់ (សរុបកើនដល់១៣នាក់) គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។

គិតត្រឹមម៉ោង៧៖០០ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៨៩នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានស្រ្តី២៦នាក់ និងបុរស៦៣នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត។ ដោយឡែកសម្រាប់អ្នកដែលទើបនឹងជាសះស្បើយថ្មីនេះ មានបុរសអាយុ៦៤ឆ្នាំ នៅរាជធានីភ្នំពេញ និងបុរសអាយុ៤១ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។

សម្រាប់ជនជាតិខ្មែរ៤នាក់ ដែលរកឃើញឆ្លងថ្មីនេះ គឺស្ថិតនៅក្នុងគ្រួសារតែមួយ ក្នុងនោះមានបុរសអាយុ៦៤ឆ្នាំ (ឪពុក) ស្រ្តីអាយុ៦១ឆ្នាំ (ជាម្តាយ) បុរសអាយុ៣៩ឆ្នាំ (ជាកូន) និងស្រ្តីអាយុ៣៧ឆ្នាំ (ជាកូន)។ បច្ចុប្បន្នពួកគេ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។ ក្រុមគ្រួសារនេះ បានធ្វើដំណើរទៅប្រទេសបារាំង ហើយពេលត្រឡប់មកវិញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បុរសអាយុ៣៩ឆ្នាំ ក៏មានបញ្ហាសុខភាពបន្តិចបន្តួច រីឯក្រុមគ្រួសាររបស់គាត់៣នាក់ទៀត បានវិលត្រឡប់មកផ្ទះវិញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក៏មានបញ្ហាសុខភាពតិចតួចដែរ។

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនានេះដែរ ក្រសួងសុខាភិបាល បានយកសំណាកបុរសជនជាតិចិន២នាក់ ក្នុងចំណោមជនជាតិចិន១៧៤នាក់ ដែលហោះហើរពីប្រទេសហ្វីលីពីន នៅថ្ងៃទី២៤ ខែមីនា ដើម្បីវិលត្រឡប់ទៅប្រទេសចិនវិញ តាមជើងហោះហើរមួយនៅថ្ងៃទី២៧ ខែមីនា។ ពួកគាត់បានសម្រាកនៅសណ្ឋាគារមួយ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលលទ្ធផលចេញពីវិទ្យាស្ថានប៉ាស្ទ័រ គឺអវិជ្ជមានផងដែរ។

សូមបញ្ជាក់ថា គិតរហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ហើយ ដែលក្នុងនោះមាន១៣នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង៩១នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕

វិស័យកាត់ដេរនៅកម្ពុជារងទុក្ខពីរជាន់ ក្នុងឆ្នាំ២០២០ នេះ

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០៩នេះ វិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ទទួលរងនូវទុក្ខផ្ទួនៗ ដោយទី១ សហគមន៍ ត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ និងបញ្ហាធំ ដែល ពិភពលោកកំពុងជួបប្រទះនោះ គឺជំងឺកូវីដ ១៩ ដែលរាលដាលកាន់តែខ្លាំងលើពិភពលោក ក្នុងនោះប្រទេសអ្នកបញ្ជាទិញធំៗដូចជាអាមេរិក និងសហភាពអឺរ៉ុបក៏កំពុងតែរងទុក្ខធ្ងន់ផងដែរពីជំងឺនោះ។

ស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់នេះតាមរបាយការណ៍សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្លៀកជើងកម្ពុជា បានបង្ហាញថា អ្នកបញ្ជាទិញប្រមាណ៧០ភាគរយ ទៅ ៨០ភាគរយ បានស្នើសុំផ្អាកការបញ្ជាទិញដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។

ដោយឃើញថាស្ថានភាពកាន់តែអាក្រក់បែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសមួយលើកលែងពន្ធលើប្រាក់ចំណូល ឬប្រាក់ចំណេញរបស់សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ទៅតាមកម្រិតនៃការប៉ះពាល់។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង បានអោយដឹងថា ការលើកលែងពន្ធលើប្រាក់ចំណូលនេះ ហាក់មិនបានជួយសម្រាលបន្ទុកច្រើនប៉ុន្មានទេ ដល់វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរនៅកម្ពុជា ស្របពេលអ្នកបញ្ជាទិញធំៗមួយចំនួនបានសម្រចផ្អាកការបញ្ជាទិញពីកម្ពុជាដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ១៩ ។ លោកថា សហគ្រាសក្នុងវិស័យកាត់ដេរ មិនរំពឹងថាឆ្នាំនេះ សហគ្រាសវាយនភណ្ឌកាត់ដេរនៅកម្ពុជាទទួលបានប្រាក់ចំណេញនោះទេ ។

លោកបន្តថា អ្វីដែលជាបញ្ហាប្រឈមធំរបស់រោងចក្រពេលនេះ និងពេលខ្លីខាងមុខគឺបញ្ហាលំហូរសាច់ប្រាក់ ពីព្រោះយើងមិនអាចដឹកទំនិញទៅឲ្យអ្នកបញ្ជាទិញបាន ហើយក៏អត់បានការទូទាត់សាច់ប្រាក់ ដូច្នេះខាងរោងចក្រអត់មានលុយសម្រាប់បើកប្រាក់ខែឲ្យកម្មករនិយោជិតនោះទេ ។អ្វីដែលយើងអាចនិយាយបាននៅពេលនេះគឺថា ៦ខែទៅមុខនេះ មានភាពមិនច្បាស់លាស់ទាល់តែសោះ ហើយអ្វីដែលជាក្តីបារម្ភធំនោះគឺទីផ្សារនាំចេញរបស់ កម្ពុជា ។អ្វីដែលត្រូវផ្តោតគឺការអនុវត្តយន្តការផ្សេងៗដើម្បីរស់ក្នុងរយៈពេលខ្លីខាងមុខនេះ ។

បើតាមលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាបានអោយដឹងថា វាជាការពិតណាស់ដែលវិស័យនេះរងនូវផលប៉ះពាល់ផ្ទួនៗ ទាំងEBA និងកូវីដ ១៩នេះ ។ ក្នុងស្ថានភាពនេះគឺគ្រប់ប្រទេសលើពិភពលោកគឺត្រូវការសង្គ្រោះប្រជាជនគេ ដូច្នេះគេត្រូវការបិទប្រទេសគេមួយរយៈសិន ដើម្បីអោយទប់ស្កាត់ហើយការបញ្ជាទិញពីកម្ពុជាក៏ត្រូវបានផ្អាកផងដែរ ។ តែយ៉ាងណាក៏ដោយអ្នកបញ្ជាទិញក៏គួរតែគិតគូរ ដល់ជីវភាព កម្មករនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែរងផលប៉ះពាល់ពីជំងឺកូវីដ ១៩នេះផងដែរ ដោយមានការឧបត្ថម្ភមួយចំនួន ដល់កម្មករ ហើយរដ្ឋាភិបាលកម្ពុជាជួយខ្លះទៅពួកគេអាចនឹងគេចផុតពីវិបត្តិធ្ងន់ធ្ងរបានមួយកម្រិត។

លោកបន្តថា បច្ចុប្បន្ននេះ រោងចក្រប្រមាណ ៥០ត្រូវបានបិទ ហើយប៉ះពាល់ដល់កម្មករ ប្រមាណ៣ម៉ឺននាក់ផងដែរ អត់ការងារធ្វើ ហើយបើសិនជាស្ថានភាពនេះ នៅតែបែបនេះទៀត នៅក្រោយខែមេសា ស្ថានភាពនៃការអត់ការងារធ្វើរបស់កម្មករ នឹងកាន់តែច្រើនឡើង ហើយមានជាបន្តបន្ទាប់ ។ យ៉ាងណាក៏ដោយ នៅពេលស្ថានភាពកូវីដ ១៩ បានប្រសើរឡើងវិញ លោកស្នើអោយសហភាពអឺរ៉ុប ពិចារណាក្នុងការជួយកម្ពុជា ដោយបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ មកដល់កម្ពុជាបន្តទៀត ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ ។
សូមបញ្ជាក់ថា វិស័យឧស្សាហកម្មកាត់ដេរ ជាវិស័យមួយដែលផ្ដល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាច្រើនជាងគេ ដែលមានចំនួនដល់ជិត១លាននាក់ ផ្ដល់ប្រាក់ចំណូលប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដល់កម្មករ និយោជិត និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់ផងដែរ ។ ប៉ុន្តែ នៅឆ្នាំ២០២០នេះវិស័យនេះហាក់ទទួលរងនូវបញ្ហាផ្ទួនៗ ដែលទាមទារអោយភាគីពាក់ព័ន្ធទាំងអស់ចូលរួមដោះស្រាយបន្ទាន់ផងដែរ៕

អ៊ីតាលីមានអ្នកស្លាប់ថ្មីដោយសារ Covid-19 ចំនួន៩៦៩នាក់ សរុបកើនដល់៩១៣៤នាក់

រ៉ូម ៖ សារព័ត៌មាន Sky News រាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសអ៊ីតាលី នៅតែធ្ងន់ធ្ងរដោយក្នុងថ្ងៃសុក្រមនុស្សស្លាប់រហូតដល់៩៦៩នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៩១៣៤នាក់។

អត្រាស្លាប់នេះខ្ពស់នេះរួមមានប៉ុន្មានជាប់គ្នា ៖ ថ្ងៃច័ន្ទសប្តាហ៍នេះស្លាប់ ៦០២នាក់, ថ្ងៃអង្គារស្លាប់៧៤៣នាក់, ថ្ងៃពុធស្លាប់៦៨៣នាក់, ថ្ងៃព្រហស្បត្តិ៍៦៦២នាក់។

គិតត្រឹមយប់ថ្ងៃទី២៧ ខែមីនានេះ អ៊ីតាលីមានករណីឆ្លងសរុប ៨៦៤៩៨ករណី៕

 

សម្ភារៈជំនួយប្រឆាំង COVID-19 របស់មហាសេដ្ឋីចិន Jack Ma នឹងមកដល់កម្ពុជានៅថ្ងៃស្អែក

ភ្នំពេញ ៖ សម្ភារ:ជំនួយរបស់លោក ជេក ម៉ា (Jack Ma)មហាសេដ្ឋីកំពូលរបស់ចិន នឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃស្អែកនេះ ដើម្បីផ្តល់ជូនក្រសួងសុខាភិបាល។ នេះបើតាមសារព័ត៌មានចិន ស៊ីស៊ីថាម ដែលបានស្រង់ប្រសាសន៏ របស់ ទូត ចិនប្រចាំនៅកម្ពុជា។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងយកជំនួយរបស់ មូលិធិជេក ម៉ា និង មូលិធិ Alibaba ដែលមានឧបករណ៍ធ្វើតេស្តរក COVID-19ចំនួន២ម៉ឺន និងសំភារៈ ផ្សេងទៀត ប្រគល់ជូនឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅទីស្តីការក្រសួងសុខា ភិបាល នៅថ្ងៃស្អែក។ តាមរយៈការបង្ហោះ សារនៅលើបណ្តាញទ្វីធើកាលពីថ្ងៃទី២១ មីនា ថា អាលីបាបាគ្រុប នឹងបរិច្ចាគសំភារៈបន្ទាន់ ដែលមានម៉ាសចំនួន១លាន៨សែន ឧបករ ណ៍ ធ្វើតេស្ត ចំនួន២១ម៉ឺន ឈុតការពារចំនួន ៣ម៉ឺន៦ពាន់ រួមជាមួយនឹងម៉ាស៊ីនខ្យល់ និងទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅមកកាន់តំបន់អាស៊ី ក្នុងនោះមាន អាហ្គានីស្ថាន បង់ក្លា ដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និង ស្រីលង្កា។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៏នេះ សាធារណៈរដ្ឋប្រជាមានិត្យចិន បានបញ្ជូនគ្រូ ពេទ្យជំនាញ ចំនួន៧រូប សុទ្ធសឹងជាគ្រូពេទ្យដែលបានប្រយុទ្ធនឹងការរីករាលដាលនៃវីរុសកូវីដ១៩ នៅ ទីក្រុងអ៊ូហានមកកាន់កម្ពុជា ដើម្បីជួយបណ្តុះបណ្តាល និងចែករំលែកពីយុទ្ធសាស្ត្រដល់ គ្រូពេទ្យជួរមុខរបស់កម្ពុជា អមដោយជំនួយសម្ភារៈវេជ្ជសាស្ត្រ រហូតដល់ទៅ៤តោន។

កាលពីម្សិលម៉ិញនោះដែរ គ្រូពេទ្យជំនាញរបស់ចិនចំនួនបួននាក់បន្ថែមទៀត បានមក ដល់កម្ពុជា ដើម្បីជួយបណ្តុះបណ្តាលគ្រូពេទ្យយោធាកម្ពុជា ទប់ទល់នឹងវីរុសកូវីដ១៩។

គិតមដល់ល្ងាចថ្ងៃទី២៧ មីនានេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៩៨នាក់ ក្រោយពី រកឃើញទៅលើជនជាតិឥណ្ឌូនេស៊ីចំនួនពីរនាក់ទៀតកាលពី យប់ម៉ិញ។ កម្ពុជាក៏បាន ព្យាបាលអ្នកឆ្លងវីរុសថ្មី ជាសះស្បើយជាបន្តបន្ទាប់ រហូតដល់១១នាក់ហើយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ បានអំពាវនាវឲ្យ ជនជាតិ រួម សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេស បានប្រាប់ឲ្យអាជ្ញាធរ មូលដ្ឋានបង្កើនការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវចុះចែកគ្រឿងឧបភោគ បរិភោគដល់ពលរដ្ឋ ដែលខ្វះខាតក្នុងគ្រាលំបាកមួយនេះ៕

អាជ្ញាធរខេត្តកំពង់ចាម ប្រជុំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដល់អាជ្ញាធរមូលដ្ឋាន

ខេត្តកំពង់ចាម ៖ លោក ហេង វណ្ណនី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០ នេះ បានបេីកកិច្ចប្រជុំផ្សព្វផ្សាយណែនាំអំពីវិធានការការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុកស្រីសន្ធរ ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសចំពោះបងប្អូនពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេសផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ហេង វណ្ណនី អភិបាលរងខេត្ត បានលើកឡើងថា ចំពោះមន្ត្រីពាក់ព័ន្ធ ដែលត្រូវធ្វើការផ្សព្វផ្សាយបន្ត នៅតាមភូមិនីមួយៗ តាមទីប្រជុំជនផ្សារ និង តាមខ្នងផ្ទះ ដោយការចាក់ខ្សែអាត់សំលេង និង ចែកខិតបណ្ណ័ ជាពិសេស ត្រូវ ជួបផ្ទាល់ធ្វើការអប់រំចំពោះ អ្នកចំណូលស្រុកតាមគ្រួសារនីមួយៗ ដោយតំរូវអោយស្នាក់នៅដាច់ដោយឡែក ពីសមាជិកគ្រួសារ រយៈពេល១៤ ថ្ងៃ ដើម្បី តាមដានសុខភាព តាមការណែនាំផ្នែកសុខាភិបាល ដែលជាការចូលរួមទប់ស្កាត់ការីករាលដាលមេរោគកូវិដ១៩ ដល់សហគមន៍។ តែទោះជាយ៉ាងណា ការដាក់អោយនៅដាច់ដោយឡែក វាមិនមែនជាការរេីសអេីងដែរ ព្រោះដើម្បីចូលរួមបង្កា ជំងឺរាតត្បាតដ៏កាចសាហាវ ដែលពិភពលោក កំពុងព្រួយបារម្ភ។ ដូច្នេះ តម្រូវឲ្យយើង មានការប្រុងប្រយ័ត្នខ្ពស់ ទេីបមានសុវត្ថិភាពទាំងអស់គ្នា។

លោក ហេង វណ្ណនី បានបញ្ជាក់ផងដែរថា ក្នុងការទប់ស្កាត់ការរីករាលដាលនៃកូរ៉ូណាវីរុសនេះ សូមបងប្អូនប្រជាពលរដ្ឋដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ កុំឲ្យមានការភ័យខ្លាចអ្វីឡើយ ចំពោះការនៅដាក់អោយរស់នៅដាច់ដោយឡែកនោះ តែជាការធ្វើឡើង ក្នុងគោលបំណង សុខសុវត្ថិភាពគ្រួសារយើង សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ ។ ម្យ៉ាងវិញទៀត សូមកុំមានការរើសអើង ត្រូវចូលរួមជួយគ្នាទៅវិញទៅមក ចំពោះមនុស្សទូទៅ ដោយកុំមានការសង្សយ័ ប្រសិនបើ ឃើញមានបងប្អូនណាម្នាក់ឈឺ ឡើងកំដៅ ក្អក ឈឺបំពង់ក ហត់ណែនដើមទ្រូង ពិបាកដកដង្ហើម ត្រូវណែនាំអោយទៅ មណ្ឌលសុខភាព ឫ មន្ទីរពេទ្យបង្អែក ដើម្បីពិនិត្យ ព្យាបាល ឬ តេទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល ជាបន្ទាន់។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងទាំង១០ក្រុង-ស្រុកទូទាំងខេត្តកំពង់ចាម ដោយផ្តោតទៅលើ ១-ការពិនិត្យមើលបញ្ជី ពលករ ពលការីនី ដែលទើបត្រឡប់ មកដល់មូលដ្ឋានរបស់ខ្លួន។ ២-ណែនាំឲ្យពួកគាត់ស្នាក់នៅដាច់ដោយឡែក នៅពេលដែលគាត់មកផ្ទះ ៣-ត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំចំពោះមុខសញ្ញាដែលបានណែនាំរួច និងឲ្យបន្តណែនាំដល់មិត្តភ័ក្ត្ររបស់គាត់ ដែលធ្លាប់ទំនាក់ទំនង និងណែនាំដល់គ្រួសារ ឲ្យគាត់ស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ទាំងការរស់នៅស្អាត មានអនាមយ័ លាងដៃនឹងសាប៊ូ ឬ អាកុលជាប់ជាប្រចាំ, ពាក់ម៉ាស់ ឬកន្សែង ៤-បន្តការផ្សព្វផ្សាយរូបភាពនៅនឹងកន្លែង និងចល័តតាមមូលដ្ឋាន ៥-ផ្តល់ព័ត៌មានដល់ សមត្ថកិច្ច មណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ពួកគាត់ នៅពេលមានការសង្ស័យ អំពីបញ្ហាសុខភាពផ្ទាល់ខ្លួន។ និង៦-រដ្ឋបាលក្រុង ស្រុក ត្រូវរាយការណ៍មករដ្ឋបាលខេត្តឲ្យបានជាប់ជាប្រចាំផងដែរ ៕ ដោយ ៖ ប៉ែន សុផល

ភ្ញៀវបរទេស ដែលចង់ចាកចេញពីកម្ពុជាស្វែងរកអន្តរាគមន៍សុំលិខិតបញ្ជាក់ពីសុខភាព

ភ្នំពេញ ៖ ភ្ញៀវបរទេសជាច្រើននាក់ កំពុងស្វះស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ដើម្បីបានចាកចេញពីកម្ពុជា តាមជើងហោះហើរឆ្ពោះទៅប្រទេសកំណើតរបស់ខ្លួនវិញ។ ការស្វែងរកអន្តរាគមន៍នេះ នៅបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ តម្រូវឲ្យពួកគេមានលិខិតបញ្ជាក់ពីសុខភាព។

ភ្ញៀវបរទេសជាច្រើននាក់មិនអាចចាកចេញពីកម្ពុជាបានទេ ដោយសារក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជាបានទាមទារឱ្យភ្ញៀវទេសចរដែលចង់ជិះយន្តហោះត្រឡប់ទៅប្រទេសខ្លួនវិញ ត្រូវតែធ្វើតេស្តសុខភាពនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ជាមុនសិន ដើម្បីបញ្ជាក់ថា ពួកគេមិនមានផ្ទុកកូវីដ-១៩។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ថ្មីៗនេះ មានភ្ញៀវទេសចរបរទេសជាង ១០០នាក់ ដែលបាននាំគ្នាទៅស្វែងរកការធ្វើតេស្តសុខភាពនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ បានប្រាប់គាត់ថា វិទ្យាស្ថានប៉ាស្ទ័រ មិនព្រមធ្វើតេស្តសុខភាពឱ្យឡើយ ដោយលើកហេតុផលថា ពួកគេមិនបានឈឺ។ លោកស្រីបន្តថា «ខាងអាកាសចរណ៍ គេថា មិនយកទេលិខិតពីមន្ទីរពេទ្យរុស្ស៊ី ទាល់តែចេញពី ប៉ាស្ទ័រ។

លោកស្រីបន្តថា ករណីភ្ញៀវទេសចរដែលមិនបានត្រឡប់វិញនេះ នឹងធ្វើឱ្យពួកគេខាតប្រាក់ដោះដូរសំបុត្រយន្តហោះម្តងហើយម្តងទៀត និងបញ្ហាផ្សេងៗទៀត។

បើតាមអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន អះអាងថា ភ្ញៀវទេសចរដែលកំពុងស្នាក់នៅកម្ពុជាបច្ចុប្បន្នជាង ៥០០០នាក់ មកពី ៥៣សញ្ជាតិ។ ក្នុងចំណោមជនបរទេសជាង ៥០០០នាក់នេះ គឺមានជនជាតិចិនច្រើនជាងគេ។

គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ទាំងជនជាតិខ្មែរ និងជនជាតិបរទេសមានចំនួន ៩៨នាក់។ ក្នុងចំណោមមនុស្សទាំង ៩៨នាក់នោះ គឺមានមនុស្ស ១១នាក់ ដែលក្រសួងបញ្ជាក់ថា ត្រូវបានគ្រូពេទ្យព្យាបាលឱ្យ ជាសះស្បើយ
៕

សំណុំរឿងលោក កឹម សុខា ត្រូវពន្យារពេលសវនាការដោយសារបញ្ហា កូវីដ១៩

ភ្នំពេញ ៖ សំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្អាកសវនាការទៅតាមការស្នើសុំរបស់ភាគីសហមេធាវីតំណាងរដ្ឋាភិបាល និងសហមេធាវីការពារក្ដីឲ្យជនត្រូវចោទ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសរសេរនៅលើពាក្យស្នើសុំពន្យារពេលនោះ ថា ៖ «ឯកភាពតាមពាក្យសុំដោយឲ្យពន្យារពេលរហូតដល់មានការជូនដំណឹងអំពីកាលបរិច្ឆេទថ្ងៃសវនាការជាថ្មី»។
សូមជម្រាបថា សំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ដែលចោទលើលោក កឹម សុខា បានដំណើរការជំនុំជម្រះអស់ជាច្រើនសប្ដាហ៍មកហើយ គិតចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ មក ហើយនៅថ្ងៃសវនាការចុងក្រោយកាលពីថ្ងៃទី ១២ ខែមីនា សវនាការបានផ្អាកនៅពេលសួរដេញដោលបានឈានដល់ការបង្កើតគណបក្សសង្គ្រោះជាតិ ដោយតុលាការគ្រោងនឹងបន្តនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នេះ ប៉ុន្តែត្រូវបានសហមរធាវីទាំងសងខាង ស្នើសុំពន្យារពេលសវនាការដោយសារបារម្ភពីបញ្ហារាលដាលនៃជំងឺ កូវីដ ១៩៕

ទេសរដ្ឋមន្រ្តី មាស សុភា ចុះពិនិត្យ និងទទួលយកសណ្ឋាគារព្រះវិហារជ័យជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ Covid-19

ខេត្តព្រះវិហារ ៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្នុងដែនដីនៃខេត្តព្រះវិហារ អមដំណើរដោយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រី មន្ទីរអង្គភាពពាក់ព័ន្ធ នៅវេលាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានចុះពិនិត្យ និងចុះហត្ថលេខា ទទួលយកសណ្ឋាគារព្រះវិហារជ័យ ដើម្បីត្រៀមប្រយុទ្ធប្រឆាំង និងព្យាបាលជំងឺ Covid-19។

លោកឧកញ៉ា អ៊ឹង ឃាង ម្ចាស់សណ្ឋាគារព្រះវិហារជ័យ បានផ្តល់ទីតាំងសណ្ឋាគាររបស់ខ្លួន ដែលមានចំនួន៤២បន្ទប់ ក្នុងខេត្តព្រះវិហារ ដើម្បីប្រើប្រាស់សម្រាប់ជាកន្លែង ត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩។ ក្រៅតែពីការផ្តល់សណ្ឋាគាររបស់ខ្លួន សម្រាប់ជាកន្លែងទទួលព្យាបាលជំងឺហើយនោះ ម្ចាស់សណ្ឋាគារនេះ ក៏បានធានាចេញប្រាក់ថ្លៃទឹកភ្លើង ដែលប្រើប្រាស់ ក្នុងប្រតិបត្តិការព្យាបាលជំងឺ ជូនពលរដ្ឋទៀតផង។

ការសម្រេចផ្តល់ទីតាំងសណ្ឋាគារនេះ ធ្វើឡើងតបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សណ្ឋាគារព្រះវិហារជ័យ មានទីតាំងនៅឃុំស្រអែម តំបន់ប្រាសាទព្រះវិហារ៕ ដោយ ៖ កូវ ប៊ុនហេង

អ្នកទោសជិត៤០០នាក់ត្រូវបានដាក់ស្នើសុំបន្ធូបន្ថយ និងលើកលែងទោសក្នុងឱកាសបុណ្យចូលឆ្នាំ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្តិធម៌» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាទីស្ដីការគណៈរដ្ឋមន្ដ្រីថា បញ្ជីឈ្មោះរបស់ទណ្ឌិតដែលត្រូវបានបញ្ជូនមកពីគ្រប់រាជធានី-ខេត្តមកក្រសួងប្រជុំពិភាក្សាដើម្បីបន្ធូរបន្ថយ និងលើកលែងទោសសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខមានសរុប ៣៩៩រូប។

លោកបញ្ជាក់ថា ការបន្ធូរបន្ថយ និងលើកលែងទោសសម្រាប់ទណ្ឌិតអាចអនុវត្តន៍ទៅបានលុះត្រាណា ជាទណ្ឌិតដែលបានអនុវត្តទោស២ភាគ៣នៃទោសសរុប និងទណ្ឌិតដែលអនុវត្តទោសបាន១ភាគ៣នៃទោសសរុបអាចទទួលបានការបន្ធូរបន្ថយទោស ហើយត្រូវគិតលើលក្ខខណ្ឌ និងគោលការណ៍ធំ៣ក្នុងនោះរួមមាន ៖ ១. លក្ខខណ្ឌច្បាប់, ២. លក្ខខណ្ឌការកែប្រែខ្លួន និងការកសាងខ្លួនក្នុងពន្ធធនាគារ, ៣. គោលការណ៍មនុស្សធម៌.

លោក ជិន ម៉ាលីន បញ្ជាក់បន្ថែមថា បទល្មើសដែលគណៈកម្មការថ្នាក់ជាតិលើកយកមកដាក់ស្មើសុំបន្ធូបន្ថយ និងលើកលែងទោស ​គឺភាគច្រើនជាបទល្មើសស្រាលៗកើតទៅលើ ស្ត្រីមានផ្ទៃពោះ កុមារ មនុស្សចាស់ មនុស្សមានជំងឺរាំរ៉ៃ។ មានបទល្មើស២ដែលគណៈកម្មការថ្នាក់ជាតិមិនយកមកពិចារណគឺ បទល្មើសឃាតកម្មសាហាវឃោរឃៅ និងគ្រឿងញៀន។ សម្រាប់ចំនួនច្បាស់លាស់ទណ្ឌិតត្រូវបានបន្ធូបន្ថយទោស និងលើកលែងទោសមានប៉ុន្មាននោះរងចាំព្រះរាជក្រឹត្យចេញ។

សូមបញ្ជាក់ថា សព្វថ្ងៃទណ្ឌិតដែលជាប់ឃុំនៅពន្ធធនាគារនៅទូទាំងប្រទេសមានសរុបជាង៣ម៉ឺននាក់៕

 

អាមេរិកក្លាយជាប្រទេសដែលមានករណីឆ្លងវីរុសកូវីដ១៩ ច្រើនជាងគេនៅក្នុងពិភពលោក

អាមេរិក ៖ គិតត្រឹមល្ងាចថ្ងៃទី២៦នេះ ករណីឆ្លងសរុបនៅសហរដ្ឋអាមេរិកមានចំនួនជាង៨ម៉ឺន ២ពាន់នាក់ គឺច្រើនជាងប្រទេសចិន ដែលជាប្រភពនៃការផ្ទុះវីរុសកូវីដ១៩ ដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ។

យ៉ាងណាមិញ ករណីស្លាប់នៅសហរដ្ឋអាមេរិកមានចំនួនជាង១ពាន់ករណី ដែលទាបជាងប្រទេសចិន (ចំនួនអ្នកស្លាប់ជាង ៣ពាន់នាក់) ប្រទេសអ៊ីតាលី (ចំនួនអ្នកស្លាប់ជាង ៨ពាន់នាក់) និងប្រទេសអេស្ប៉ាញ (ចំនួនអ្នកស្លាប់ជាង ៤ពាន់នាក់)៕