All posts by មេគង្គ ប៉ុស្តិ៍

ប្រទះឃើញសំណង់ឈើអាយុកាលជិត១០០០ឆ្នាំ នៅបាតស្រះខាងជើងប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។

មានប្រសាសន៍នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា រចនាសម្ពន្ធសំណង់ឈើដែលបានប្រទះឃើញនេះស្ថិតនៅចំកណ្តាលនៃស្រះ ដែលមានអាយុកាលជិត១ពាន់ឆ្នាំហើយ តែនៅមានទ្រង់ទ្រាយល្អដូចដើម និងមានការបញ្ចុះបានយ៉ាងត្រឹមត្រូវ ដោយមានស្រទាប់ខ្សាច់ ស្រទាប់ថ្ម ស្រទាប់កំណករុក្ខជាតិនិងធញ្ញជាតិ ស្រទាប់សត្វសមុទ្រ និងបំណែកកុលាលភាជន៍ជាច្រើនសម័យកាល ដែលបានរៀបចំយ៉ាងស្អាតប្រកបដោយគំនិតសិល្បៈ លាយបញ្ចូលនឹងជំនឿ ព្រោះមានមានតម្កល់បដិមានៃព្រហ្មមញ្ញសាសានា១អង្គផង។ បដិមានេះជាទេពតំណាងឱ្យចំណេះដឹង បញ្ញាញាណ និងមន្តអាគម។ ការដែលបញ្ចុះទេពលាយជាមួយដូច្នេះ គឺបង្ហាញពីការគោរពតាមជំនឿដើម្បីជាទីពឹងពាក់របស់មនុស្សនិងដើម្បីឱ្យទីនេះក្លាយជាទីទុកចិត្ត ក្លាយជាទឹកពិសិដ្ឋ សម្រាប់ប្រោះព្រំអ្នកផងមកសំពះព្រះពិស្ណុលោក។

លោក សុខរិទ្ធី បានបន្តថា ការរកឃើញថ្មីនេះ ជាប្រវត្តិសាស្ត្រនៃការស្រាវជ្រាវដំបូងហើយដែលបានប្រទះឃើញនូវសំណង់ឈើមានស្នាដៃល្អស្អាតនិងព្រះមួយអង្គនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះក៏ជាភស្តុតាងវិទ្យាសាស្រ្តស្រាវជ្រាវបែបបុរាណវិទ្យា ដែលបានបំពេញបន្ថែមទៅលើព័ត៌មានកន្លងមកដែលយើងពឹងផ្អែកការសិក្សាស្រាវជ្រាវលើសិលាចារឹក បដិមាសាស្រ្ត ប្រវត្តិសិល្បៈ។ល។ ដែលបង្ហាញនូវអាថ៌កំបាំងយ៉ាងធំមួយទាក់ទងនឹងប្រវត្តិនៃការកសាងស្រះទឹក សំណង់ប្រាសាទអង្គរវត្ត បរិស្ថានធម្មជាតិ និងការរស់នៅរបស់មនុស្ស ដែលបង្ហាញឱ្យដឹងថា អង្គរមិនមានការបោះបង់ចោលនោះទេ គឺមានមនុស្សមករស់នៅទីនេះមិនដាច់តាំងពីសម័យកសាងរហូតដល់សម័យទំនើប។

លោកបន្ថែមថា ដំណាក់កាលដំបូងនេះ យើងមិនទាន់កំណត់ឱ្យច្បាស់ថាសំណង់ឈើនេះមានប្រភេទឈើអ្វីខ្លះ? សំណង់មានតួនាទីអ្វីប្រាកដនោះឡើយ គឺរង់ចាំការយកបំណែកឈើទៅពិសោធន៍និងសិក្សាតាមបែបវិទ្យាសាស្ត្រជាមួយអ្នកជំនាញផ្សេងៗទៀត៕

 

 

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជាកើនដល់៩៨នាក់ ក្រោយរកឃើញរកណីថ្មីចំនួន២នាក់ទៀត

ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៨នាក់ហើយ ខណៈដែលថ្ងៃនេះ មានអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន០១នាក់ទៀតផងដែរ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។

សរុបគិតមកត្រឹមយប់ថ្ងៃទី២៦ ខែមីនានេះ អ្នកជាសះស្បើយពីជំងឺកូវីដបានកើនដល់ចំនួន១១នាក់ ដែលនេះបង្ហាញពីភាពជោគជ័យរបស់ក្រុមគ្រូពេទ្យកម្ពុជា។

ករណីឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌូនេស៊ី២នាក់ គឺបុរសអាយុ៤១ឆ្នាំ និងបុរសអាយុ៤៤ឆ្នាំ ដែលបានចូលមកកម្ពុជា ក្នុងខេត្តសៀមរាប បន្ទាប់ពីពួកគេបានធ្វើតេស្តឃើញមានកូវីដ១៩ នៅប្រទេសថៃ។ ដោយឡែក ករណីព្យាបាលជាសះស្បើយវិញ គឺនៅក្នុងខេត្តកោះកុង ដែលមានអ្នកជំងឺកូវីដអាយុ៥៧ឆ្នាំ មានទីលំនៅខេត្តកំពត។

ទោះជាយ៉ាងនេះក្តី ក្រៅពីករណីខាងលើនេះ ក្រសួងសុខាភិបាល ក៏បានរកឃើញមានបុរសជនជាតិស៊ុយអែតម្នាក់ទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្តែបុរសនេះបានចាកចេញពីកម្ពុជាផងដែរ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្ល៉េះ ដោយករណីនេះមិនរាប់បញ្ចូលជាករណីថ្មី នៅក្នុងប្រទេសកម្ពុជាឡើយ៕

 

ពលរដ្ឋត្រៀមប្តឹង ទីតាំងកែច្នៃយានយន្តធុនធំមួយកន្លែងកណ្តាលក្រុងសិរីសោភ័ណ ទៅACU

បន្ទាយមានជ័យ ៖ ទីតាំងកែច្នៃយានយន្តធុនធំ មួយកន្លែង ដែលស្ថិតនៅចម្ងាយប្រមាណជា៥០០ម៉ែត្រ ពីសាលាខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋត្រៀមប្តឹងទៅ ACU បន្ទាប់ពីយានដ្ឋាននេះ បង្កការភិតភ័យ និងគ្រោះថ្នាក់ជាច្រើនលើក ដែលអាជ្ញាធរ និងមន្ទីរជំនាញបានត្រឹមតែចុះធ្វើកិច្ចសន្យា តែមិនមានចំណាត់ការបញ្ឈប់ ឬផ្លាស់ប្តូរទីតាំងនោះឡើយ។

យានដ្ឋានខាងលើនេះ មានទីតាំងស្ថិតនៅខាងត្បូងផ្លូវជាតិ៥ ប្រមាណជា ៥០ម៉ែត្រ តាមបណ្តោយចុះផ្លូវក្រុមហ៊ុនទឹកស្អាត ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពោពេញទៅលំនៅដ្ឋានជុំជិត ដែលមានម្ចាស់យានដ្ឋានឈ្មោះ ឆាយ ឈាន ។

ការត្រៀមប្តឹងេពីសំណាក់ប្រជាពលរដ្ឋដែលនៅជុំវិញ យានដ្ឋានកែច្នៃខាងលើ ធ្វើឡើងស្របពេលដែលមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប៉ាល់ សុមេដា ប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក ចុះធ្វើការត្រួតពិនិត្យជាក់ស្តែងទីតាំងយានដ្ឋាន បន្ទាប់ពីយានដ្ឋាននេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដែលកែច្នៃសង្ស័យខុសលក្ខណៈបច្ចេកទេស ចេញពីទីតាំងរបស់ខ្លួនទៅបុកបណ្ណាគារបន្ទាយស្រី ដែលនៅទល់មុខគ្នា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ។

យោងតាមការចុះពិនិត្យ របស់គណៈកម្មការខាងលើ យានដ្ឋានខាងលើមានច្បាប់ត្រឹមតែជួសជុលរថយន្តតែប៉ុណ្ណោះ តែសកម្មភាពពិត យានដ្ឋាននេះ បានកែច្នៃ និងតំឡើងរថយន្តធុនធំដឹកទំនិញ និងរថយន្តបែន ដូនចជា ៖ ដំឡើងរថយន្តដឹកទំនិញធុនធំ រថយន្តបែនកង់១០ កង់១២ ដោយកាត់តកែច្នៃសាក់ស៊ី កែប៉ុង តទ្រង់ និងកាត់ទ្រង់ ជាដើម ។ ដែលរូបភាពទាំងនេះ មើលមិនឃើញថា យានដ្ឋានខាងលើ ជាយានដ្ឋានគ្រាន់តែជួសជុលស្របទៅតាមលិខិតអនុញ្ញាតរបស់មន្ទីរសាធារណៈការឡើយ ។

ប្រជាពលរដ្ឋលើកឡើងថា ជារៀងរាល់ថ្ងៃពួកគាត់តែងមានការភ័យខ្លាច និងប្រុងប្រយ័ត្នជានិច្ច គ្រប់ពេលលឺសូរសម្លេងរថយន្តធំៗ ម្តងៗ ពួកគាត់តែងចេញពីផ្ទះមកចាំមើល សកម្មភាពរថយន្តទាំងនោះ ថាអាចបង្កគ្រោះថ្នាក់ដល់ពួកគាត់ ឬអត់ ។ មូលហេតុដែលពួកគាត់តែងប្រុងប្រយ័ត្ននេះ គឺ ជាញឹកញាប់រថយន្តដែលចូលកែច្នៃ ឬដំឡើងថ្មីនៅក្នុងយានដ្ឋានខាងលើ តែងបង្កការភ័យខ្លាចដូចជា ៖ សុខៗ រថយន្តថយចេញពីយានដ្ឋាន ដោយគ្មានកែកុងបញ្ជា ធ្វើឲ្យក្រុមជារត់យកកំណល់កល់កង់ព្រោងព្រាត, រថយន្តខ្លះទៀតចតនៅខាងមុខយានដ្ឋានសុខ ក៏រអិលចុះចំណតទៅបុកបង្គោលភ្លើងបណ្តាលឲ្យបាក់, រថយន្តធំឈប់ចតតម្រួតគ្នាមុខយានដ្ឋានបង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ដល់រថយន្តដទៃ, តែងបង្កសម្លេងរំខាន និងក្លិនឈ្ងៀម តាមរយៈ ការផ្សារ តោន ឆាបដែក, និងការបង្ហូប្រេងម៉ាស៊ីនពេញចញ្ចើមផ្លូវជាដើម ។ កត្តាទាំងអស់ខាងលើនេះ ធ្វើឲ្យមន្ទីរជំនាញ និងអាជ្ញាធរ បានចុះអប់រំធ្វើកិច្ចសន្យា ជាញឹកញាប់ដល់ម្ចាស់យានដ្ឋាន ដូចជា ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងកិច្ចសន្យាស្នើសុំលិខិតអនុញ្ញាតពីមន្ទីរសាធារណៈការ ម្ចាស់យានដ្ឋានសន្យាបំពេញ កិច្ចសន្យាចំនួន០៦ ចំណុចរួមមាន ៖ មិនរំលោភ និងប្រើប្រាស់ចំណីផ្លូវសម្រាប់ថ្មើជើង , គោរពតាមច្បាប់រដ្ឋកំណត់មិនតំឡើង តទ្រុង ថែមផ្លូវទំហំខុសបទដ្ឋានបច្ចេកទេស , ត្រូវការពារបរិស្ថាន ពិសេសការបង្ហូប្រេងរំអិលចេញក្រៅ , មិនរំខានដល់ការរស់នៅអ្នកជិតខាង , ត្រូវបំរុងទុកនូវឧបករណ៍សុវត្ថិភាព(បំពង់សម្រាប់ពន្លត់អគ្គីភ័យ) បន្ទាប់ពីធ្វើកិច្ចសន្យានេះបាន១ឆ្នាំ អាជ្ញាធរក្រុងសិរីសោភ័ណ និងមន្ទីរសាធារណៈ បានកោះហៅ និងធ្វើកិច្ចសន្យាទៅលើបញ្ហាខាងលើដដែល ។ លុះឆ្នាំ២០១៧ មានកិច្ចសន្យាមួយទៀត ជាមួយសមត្ថកិច្ចប៉ូលីសសណ្តាប់ធ្នាប់ លើបញ្ហាខាងលើដូចគ្នា ។

ដោយសារតែ មិនមានចំណាត់ការទៅតាមកិច្ចសន្យាខាងលើ ទើបលើកនេះ ប្រជាពលរដ្ឋត្រៀមប្តឹងទៅ អង្គភាប្រឆាំងអំពើពុករលួយ ACU ឲ្យជួយស្រាវជ្រាវលើករណីនេះ ។

ជុំវិញការចុះត្រូតពិនិត្យយានដ្ឋានខាលើ ពីសំណាក់គណៈកម្មការ ដឹកនាំដោយមន្ទីរសាធារណការ លោក ប៉ាល់ សុមេដា ប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា តាមការណែនាំរបស់លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោកបានចុះត្រួតពិនិត្យជាក់ស្តែងយានដ្ឋានខាងលើ ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ និងនគរបាលសណ្តាប់ធ្លាប់ ចំពោះការចុះត្រួតពិនិត្យនេះ លោកមិនបានបកស្រាយថា យានដ្ឋាននេះយ៉ាងណានោះទេ តែលោកនឹងធ្វើរបាយការជូនប្រធានមន្ទីរដើម្បីសម្រេច ។

លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យអ្នកសារព័ត៌មានដឹងថា លោកនឹងធ្វើរបាយការណ៍ស្នើសុំបិទយានដ្ឋានខាងលើ ទៅលោកអភិបាលខេត្តសម្រេច ព្រោះ មន្ទីរជំនាញបានណែនាំម្ចាស់យានដ្ឋានខាងលើ ជាច្រើនដងមកហើយ ៕

កម្ពុជា អនុញ្ញាតឱ្យយន្តហោះម៉ាឡេស៊ី ចុះចតដឹកពលរដ្ឋខ្លួនចំនួន១១១នាក់ ចេញពីកម្ពុជា

ភ្នំពេញ ៖ កម្ពុជា បានអនុញ្ញាតឱ្យអាជ្ញាធរម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿងមកដឹកពលរដ្ឋរបស់ខ្លួនចំនួន ១១១នាក់ ដែលកំពុងជាប់នៅក្នុងប្រទេសកម្ពុជា ព្រោះគ្មានជើងហោះ ហើរ។ នេះបើតាមទំព័រ Facebook របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ។
តាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ឯ.ឧ. ប្រាក់ សុខុន ក៏បានស្នើសុំម៉ាឡេស៊ី ឱ្យជួយដឹកពលរដ្ឋកម្ពុជា ចំនួន ៦នាក់ត្រឡប់មកពីប្រទេសម៉ាឡេស៊ី វិញ តាមយន្តហោះពិសេសដដែលនេះផងដែរ។
សូមបញ្ជាក់ថា តាមរបាយការណ៍បានបង្ហាញថា ប្រទេសម៉ាឡេស៊ី កើតមានជំងឺកូវីដ១៩ ជិត ២ពាន់ករណី និងមានមនុស្សប្រមាណ ២០នាក់បានស្លាប់ ដោយសារតែការរីករាលដាលនៃជំងឺនេះ ប្រទេសម៉ាឡេស៊ី បានសម្រេចបិទជើងហោះហើរពីគ្រប់ប្រទេសទាំងអស់ ទើបនាំឱ្យពលរដ្ឋម៉ាឡេស៊ីមួយចំនួន ត្រូវជាប់នៅក្នុងប្រទេសកម្ពុជា៕

ក្រុមគ្រូពេទ្យជំនាញចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណវិមានរដ្ឋសភា

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល បានចុះមកបាញ់ថ្នាំសម្លាប់ មេរោគនៅ ក្នុងបរិវេណវិមានរដ្ឋសភាជាតិ។

សូមជម្រាបជូនថា ក្រៅពីការបាញ់ថ្នាំសម្លាប់មេរោគនេះ ស្ថាប័នរដ្ឋសភា ក៏បានចាត់វិធានការផ្សេងៗមួយចំនួនទៀតសម្រាប់ការការពារការឆ្លងរាលដាលនៃមេរោគកូវីដ១៩ នេះផងដែរមានដូចជា ការ ប្រើឧបករណ៍វាស់កម្ដៅ ផ្ដល់ទឹកលាងដៃសម្រាប់អ្នកចូលក្នុងវិមានរដ្ឋសភា នៅគ្រប់ច្រកចូលទាំងអស់

និងតាមទីតាំងជាច្រើនទៀតក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្ដល់សាប៊ូ ទុកសម្រាប់លាងដៃនៅគ្រប់ទីតាំងបន្ទប់ទឹក ចំពោះការចរាចរណ៍ឯកសារផ្សេងៗ គឺធ្វើឡើងតាម រយៈអនឡាញ និងបានណែនាំមន្ត្រី ត្រូវការពារសុខភាពទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម

ភ្នំពេញ ៖ សម័យប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៦ មីនានេះ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុង គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម។ សេចក្តីព្រាងច្បាប់ទាំង៣នេះរួមមាន៖ ១-សេច ក្តីព្រាងច្បាប់ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។ ២-សេចក្តីព្រាងច្បាប់ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ នៅខេត្តឧត្តរមានជ័យ និង៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។

ក្នុងសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលទាក់ទងទៅនឹងវិស័យថាមពលអគ្គិសនីនេះ បានលើក
ឡើងថា វិស័យថាមពល ត្រូវបានអភិវឌ្ឍក្នុងសន្ទុះយ៉ាងលឿន និងបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការ ទ្រទ្រង់ការអភិវឌ្ឍ ហើយថា តម្រូវការប្រើប្រាស់អគ្គិសនីបន្តស្ថិតក្នុងអត្រាកំណើនខ្ពស់ដើរស្របនឹងចក្ខុ វិស័យដ៏មហិច្ឆិតារបស់រាជរដ្ឋាភិបាលក្នុងការជម្រុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្របដណ្តប់គ្រប់ភូមិ ក្នុងឆ្នាំ ២០២០ ដោយតម្លៃសមរម្យ និងតម្លៃឯកភាពទូទាំងប្រទេស៕

រាជរដ្ឋាភិបាលទទួលថវិកាពីសប្បុរសជនបានជិត ៩លានដុល្លារសម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានទទួលថវិកាចំនួនជិត ៩លានដុល្លារពីសប្បុរសជនក្នុងស្រុក សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ខណៈដែលនៅកម្ពុជាកំពុងរកឃើញអ្នកឆ្លងជំងឺនេះជាបន្តបន្ទាប់។
សម្តេចតេជោបានបញ្ជាក់ថា ៖ «មកដល់ពេលនេះ ថវិកានៃការចូលរួមរបស់សប្បុរសជនបានប្រមាណជាជិត ៩លាន។ សូមអរគុណជាមួយនឹងការអរព្រះគុណចំពោះព្រះករុណា ព្រះមហាក្សត្រ ក៏ដូចជាសម្តេចម៉ែជាទីសក្ការៈ។ អរគុណចំពោះសប្បុរសជននានាដែលបានចូលរួម មិនថាច្រើន មិនថាតិច។ នេះបង្ហាញពីទឹកចិត្តដែលខ្មែរចេះស្រឡាញ់គ្នា។ ថវិកាយើងប៉ុណ្ណេះ គ្រាន់តែពលរដ្ឋរបស់យើងចំនួនទឹកប្រាក់ជាង ៨លានដុល្លារដែលចូលរួម តែប៉ុន្មានថ្ងៃទេ ហើយយើងនឹងបន្តទទួលដោយសារជំងឺនេះវាអត់ទាន់ស្ងប់ទេ»៕

ក្រសួងទេសចរណ៍ តម្រូវឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីបញ្ចូលព័ត៌មានពីស្ថានភាពរបស់ភ្ញៀវដែលចូលស្នាក់នៅ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ប្រកាសដាក់ឲ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ«ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍» តាមរយៈគេហទំព័រ www.accomodationregigstrar.net ចំពោះម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ដើម្បីឆ្លើយតបភ្លាមៗទៅនឹងសភាពការណ៍បច្ចុប្បន្ន នៃការរីករាលដាលចម្លងវីរុសរលាកសួតប្រភេទថ្មី កូវីដ១៩។

ក្នុងសេចក្តីប្រកាសនេះ បានកំហិតឲ្យគ្រប់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ត្រូវភ្ជាប់ប្រើប្រាស់ប្រព័ន្ធព័ត៌មានអនឡាញ ដើម្បីបញ្ចូលព័ត៌មានរបស់ភ្ញៀវ ក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍បានឱ្យដឹងថា ៖ “ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍” តាមអនឡាញ នេះ ផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍ អាចសហការផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ឬតាមដានវត្តមានភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល់នៃវីរុស កូវីដ១៩៕

ជប៉ុនកំពុងសម្លឹងមើលទីផ្សារកម្លាំងពលកម្មនៅកម្ពុជា ខណៈគ្រោងទទួលពលករជំនាញថែទាំអគារពីបរទេសជាង៣ម៉ឺននាក់

ភ្នំពេញ ៖ ប្រទេសជប៉ុនកំពុងសម្លឹងមើលទីផ្សារការងារនៅប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ខណៈប្រទេសជាមិត្តរបស់កម្ពុជាមួយនេះ មានគម្រោងត្រូវការជ្រើសរើសពលករជំនាញពីបរទេសលើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ ៣០,០០០នាក់ នាពេលខាងមុខនេះ។

ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុន ដឹកនាំដោយលោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងការងារ។

បើតាមការឱ្យដឹងរបស់លោក ហ៊ីរ៉ូស្សី ហូរីហ្គូឈិ បានលើកឡើងថា អ្វីទៅជាការថែទាំអគារ? ការថែទាំអគារ គឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុន ក្នុងនោះមានទាំងការថែទាំអនាម័យ បរិស្ថាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សោភ័ណភាពសំណង់ និងកិច្ចការសម្អាតទាំងក្នុងអគារ និងបរិវេណជុំវិញអគារ ដែលមានការគាំទ្រ និងទទួលស្គាល់ពីក្រសួងសំណង់ និងរាជរដ្ឋាភិបាលជប៉ុន រហូតដល់មានការចេញច្បាប់ពិសេសមួយសម្រាប់ប្រទេសជប៉ុនផងដែរ។ បច្ចុប្បន្នទីផ្សារការងារនេះកំពុងមានតម្រូវការយ៉ាងខ្លាំងនៅប្រទេសជប៉ុន។

លោក ហ៊ីរ៉ូស្សី បានបន្តថា មកដល់ពេលនេះ សមាគមថែទាំអគារជប៉ុនរបស់លោកមានសមាជិកប្រមាណជាង ២,៨០០ក្រុមហ៊ុន និងមានបុគ្គិលធ្វើការជាជនជាតិជប៉ុន និងពលករមកពីបរទេសប្រមាណ ១,០០០,០០០នាក់់។

លោកបានបន្ថែមទៀតថា ដោយសារប្រទេសជប៉ុនកំពុងពើបប្រទះនឹងបញ្ហាកំណើនមនុស្សចាស់កើនឡើងខ្ពស់ រីឯកម្លាំងពលកម្មពេញវ័យកំពុងមានកំណើនយឺតនោះ បានធ្វើឱ្យប្រទេសប្រឈមនឹងកង្វះកម្លាំងពលកម្ម ក្នុងនោះការងារលើជំនាញថែទាំអគារនេះក៏អាចនឹងជួបបញ្ហាដូចគ្នាដែរ។ ដូច្នេះហើយបានជាសមាគមរបស់លោក ត្រូវការជ្រើសរើសកម្លាំងពលកម្មពីក្រៅប្រទេសយកទៅបំពេញការងារក្នុងប្រទេសខ្លួន។ បើតាមការវាយតម្លៃរបស់សមាគម ជំនាញថែទាំអគារនេះមានតម្រូវការដល់ទៅប្រមាណ ៩០ម៉ឺននាក់ ក្នុងនោះគេត្រូវការកម្លាំងពលកម្មពីក្រៅប្រទេសប្រមាណ ៣០,០០០នាក់។

លោក ហ៊ីរ៉ូស្សី បានបញ្ជាក់ទៀតថា កន្លងទៅ សមាគមរបស់លោកបានជ្រើសរើសពលករជំនាញពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ប៉ុន្តែនៅឆ្នាំបន្ទាប់ទៅនេះ សមាគមរបស់លោកមានបំណងជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជាវិញម្ដង។

ឆ្លើយតបនឹងការលើកឡើងនេះ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ដោយបានប្រគល់ការងារទៅឱ្យអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងារ ឱ្យសហការជាមួយសមាគមថែទាំអគារជប៉ុនឱ្យបានជិតស្និទ្ធ និងសហការជាមួយក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញ ប្រលងតេស្ត និងបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន​។

ចំពោះទីតាំងសម្រាប់ការប្រលងតេស្ត ត្រូវបានលោករដ្ឋមន្ត្រីផ្ដល់ជម្រើសចំនួន ២៖ ទី១. សមាគមអាចយកគ្រឹះស្ថានបណ្ដុះបណ្ដាលណាមួយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំការប្រឡងតេស្ត ក្នុងនោះក្រសួងមានគ្រឹះស្ថានដែលបណ្ដុះបណ្ដាលជំនាញលើផ្នែកសំណង់ អគ្គិសនី រថយន្តចំនួន ៥កន្លែង។ ទី២. សមាគមថែទាំងអគារជប៉ុនអាចសហការជាមួយក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករនៅកម្ពុជា ដើម្បីដំណើរការការប្រឡងតេស្តសមត្ថភាព។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះការងារជាក់ស្ដែងយ៉ាងណានោះ សូមឱ្យសមាគមថែទាំអគារជប៉ុនសហហការ និងពិភាក្សាជាមួយអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងាររបស់ក្រសួង និងក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករបន្តទៀត ហើយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងទទួលស្គាល់ជាផ្លូវការតាមក្រោយ។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត ១៥,០០០នាក់ ដែលធ្វើនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗទៀត ប៉ុន្តែបើតាមការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង នៅចំពោះមុខគណៈប្រតិភូជប៉ុន គឺសូមឱ្យខាងជប៉ុនបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០០,០០០នាក់ សម្រាប់រយៈពេលខាងមុខបន្តទៀត ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើន ដែលសមាគម ក៏ដូចជាក្រុមហ៊ុននៅប្រទេសជប៉ុនអាចជ្រើសរើសកម្លាំងពលកម្មដែលមានប្រភពនៅក្នុងប្រទេសស្រាប់ និងប្រភពដែលត្រលប់ពីក្រៅប្រទេសបន្ទាប់ពីពួកគេចប់កិច្ចសន្យាការងារ៕

 

រដ្ឋាភិបាលប្រកាសបិទហាង បៀរហ្កាឌិនទូទាំងប្រទេស

ភ្នំពេញ ៖ បន្ទាប់ពីមានការឆ្លងរាលដាលកាន់តែច្រើនឡើងនៃជំងឺកូវីដ ១៩ រដ្ឋាភិបាលកម្ពុជាបានប្រកាសបិទ អាជីវកម្មបៀរហ្កាឌិន ទូទាំងជាបណ្ដោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឹនេះបន្តទៀតនៅក្នុងសគមន៍កម្ពុជា ។
យោងតាមសេចក្តី ប្រកាសរបស់ក្រសួងទេសចរណ៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី២៥ មីនា ២០២០ នេះបានអោយដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលបានសម្រេចឱ្យបិទអាជីវកម្មបៀរហ្កាឌិននៅគ្រប់រាជធានី ខេត្តជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៥ មីនា ២០២០ តទៅ រហូតដល់មានមានជូនដំនឹងជាថ្មី ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះរដ្ឋាភិបាលប្រកាសបិទនូវក្លឹបកម្សាន្ត រោងភាពយន្ត និង ខារ៉ាអូខេទូទាំងប្រទេសផងដែរ ប៉ុន្តែនៅតែមិនទាន់ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះបាន ពោលគឺ ចាប់តាំងពីប្រកាសបិទរួចមក កម្ពុជានៅតែរកឃើញករណី ផ្ទុកវីរុសកូរ៉ូណា ឬកូវីដ១៩ដដែល ដោយភាគច្រើនជាករណីនាំចូល ក្នុងនោះជនជាតិខ្មែរច្រើនជាងគេគឺមានចំនួនរហូតដល់៣៤ករណី ឬស្មើនឹង៤០ភាគរយ នៃអ្នកផ្ទុកសរុប បន្ទាប់មកគឺជនជាតិបារាំង មានចំនួន៣៣ករណី ឬស្មើនឹង៣៧ភាគរយនៃអ្នកផ្ទុកសរុប ។
ដោយសារតែការរាលដាលនៅតែបន្ត រដ្ឋាភិបាលក៏ប្រកាសបិទបៀរហ្កាឌិនចាប់ពីពេលនេះ ហើយទំហំនៃការប៉ះពាល់ទៅលើសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរថែមទៀត ជាក់ស្ដែងហាងបៀរហ្កាឌិន នៅក្នុងប្រទេសកម្ពុជា បានផ្ដល់ការងារជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់នាក់ ហើយបើសិនជាបិទ ហាងនេះ ច្បាស់ណាស់ អ្នកបាត់បង់ចំណូលនឹងកាន់តែកើនឡើងថែមទៀត ។
លោកវន់ ពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអោយដឹងថា លោកគាំទ្រនូវចំណាត់ការរបស់រដ្ឋាភិបាល ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ក៏ប៉ុន្តែ ក្នុងអំឡុងពេលដែលបុគ្គលិកបម្រើការនៅក្នុងបៀរហ្កាឌិននេះ មិនមានប្រាក់ចំណូល រដ្ឋគួរតែមានប្រាក់ឧបត្ថម្ភធន់មួយចំនួនសម្រាប់ពួកគាត់ដោះស្រាយជីវភាពផងដែរ ។
លោកបន្តថា កាលពីមុននេះបន្តិច រដ្ឋាភិបាលបានប្រកាសបិទខារ៉ាអូខេ ក្លឹបកម្សាន្ត និងរោងកុន ហើយពួកគាត់មួយចំនួនក៏បានរត់ចូលមកធ្វើការក្នុងហាងបៀរហ្កាឌិន តែនៅពេលនេះបិទទាំងបៀរហ្កាឌិនទៀត ពួកគាត់នឹងអត់ការងារធ្វើហើយនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុងតែម្ដង ។
លោកបន្ថែមថា ទន្ទឹមនឹងបញ្ហានេះ កាន់តែរាលដាលធំឡើង រដ្ឋាភិបាលក៏គួរតែជួយអន្តរាគមន៍ដល់មីក្រូហិរញ្ញវត្ថុ និងធនាគារពាណិជ្ជ ដែលផ្ដល់ឥណទានដល់ពលរដ្ឋ ផ្អាកការបង់ឬពន្យារពេលបង់មួយរយៈរហូតដល់រដ្ឋាភិបាលប្រាកដថា អាចគ្រប់គ្រងស្ថានការណ៍នៃជំងឺនេះបាន បើពុំទោះទេ ពលរដ្ឋដែលបាត់បង់ចំណូលនឹងមិនមានប្រាក់សម្រាប់បង់ទៅធនាគារវិញនោះឡើយ ។
កាលពីប៉ុន្មានថ្ងៃមុនេះដែរ ប្រធានគណបក្សយុវជនកម្ពុជាក៏បានស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ពន្យារការបង់ឬផ្អាកមួយរយៈក្នុងពេលកូវីដ កំពុងតែរាលដាលខ្លាំងដូច្នេះ ៕

រដ្ឋមន្ត្រីកសិកម្ម ៖ សន្តិសុខស្បៀង អង្ករ បន្លែ ត្រី សាច់ របស់កម្ពុជាមានស្ថិរភាពល្អ អាចបំពេញតម្រូវការបាន ទោះមានវិបត្តិនៃជំងឺកូវីដ១៩

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្មកម្ពុជា អះអាងថា ស្បៀងអាហាររបស់កម្ពុជា មានស្ថិរភាពល្អ អាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានទោះមានវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ។

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក វេង សាខុន បានបញ្ជាក់ថា ការដែលលោកហ៊ានអះអាងបែបនេះ ដោយសារតែបច្ចុប្បន្នស្រូវអង្កររបស់កម្ពុជា មានបម្រុងទុកច្រើន ហើយការចិញ្ចឹមសត្វ (ជ្រូក គោ មាន់ ទារ) ចិញ្ចឹមត្រី និងការដាំដុះបន្លែបង្ការ មានដំណើរការជាធម្មតាគ្មានអ្វីប៉ះពាល់នោះឡើយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ចំពោះបញ្ហាសន្តិសុខស្បៀងសម្រាប់កម្ពុជា ខ្ញុំគិតថា មិនមានបញ្ហាអ្វី ដែលកើតឡើងទេ ព្រោះស្រូវយើងមាននៅសល់ច្រើន ការចិញ្ចឹមជ្រូករបស់យើងក៏អាចផ្គត់ផ្គង់ទីផ្សាររហូតដល់៨០ភាគរយ ហើយការចិញ្ចឹមត្រីរបស់យើងក៏ដំណើរការធម្មតា ការដាំដុះបន្លែបង្ការរបស់កសិករក៏ដំណើរការធម្មតា និយាយរួមវិស័យកសិកម្មរបស់កម្ពុជា នៅដំណើរការធម្មតា»។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកយកនូវសមិទ្ធផលមួយចំនួន ក្នុងការថែរក្សាសន្តិសុខស្បៀង ដែលសម្រេចដោយក្រសួងកសិកម្ម ក្នុងឆ្នាំ២០១៩មានដូចជា ការងារបង្កបង្កើនផលស្រូវ នៅទូទាំងប្រទេសសម្រេចបានលើផ្ទៃដីចំនួន ៣.៣៣លានហិកតា។ ទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំង និងវស្សាសម្រេចបាន ៣.៣៣តោនក្នុង១ហិកតា ដែលមានបរិមាណផលស្រូវសរុបទទួលបានជាង១០.៨៨លានតោន មានអតិរេកស្រូវ (ស្រូវលើស) ចំនួនជាង៥.៧៦លានតោនគិតជាអង្ករស្មើនឹង ៣.៦៩លានតោន។

ដោយឡែកសម្រាប់ផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្មរយៈពេលខ្លី ទទួលបានបរិមាណផលប្រមាណជាង ១៦លានតោននៅឆ្នាំ២០១៩។ ការនាំចេញផលិតផលកសិកម្មសរុប សម្រេចបានប្រមាណ ៧លានតោន ដែលក្នុងនេះការនាំចេញផ្លូវការមានចំនួន ៤.៨៧លានតោន កើនលើសឆ្នាំមុនជាង១៣% ដែលក្នុងនោះការនាំចេញផ្លែចេក ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត កៅស៊ូ ស្ករអំពៅ ប្រេងដូងឆៅ បានកើនឡើងគួរឲ្យកត់សម្គាល់។ បរិមាណអង្ករនាំចេញផ្លូវការមានចំនួន ៦២០ពាន់តោនក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨ នាំចេញបាន ៦២៦ពាន់តោន។

តាមការស្រាវជ្រាវបានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ ការនាំចេញស្រូវក្រៅផ្លូវការមានចំនួនជាង២លានតោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ព្រំដែន ប្រទេសវៀតណាម។ ពាក់ព័ន្ធការការចិញ្ចឹមសត្វវិញ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងក៏បានជំរុញការចិញ្ចឹមសត្វជាលក្ខណៈទំនើប ការផលិតចំណីសត្វក្នុងទ្រង់ទ្រាយមធ្យម និងធំ ដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស កែលម្អពូជសត្វ ការកែច្នៃផលិតផលបសុសត្វ ការបង្កើតសត្តឃាតដ្ឋានទំនើប ព្រមទាំងការសម្រួលពាណិជ្ជ-កម្មសត្វ និងផលិតផលសត្វ។

ជាការកត់សម្គាល់កន្លងមក ការចិញ្ចឹមសត្វតាមប្រពៃណីត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ ដោយបានប្តូរទិសដៅផលិតកម្មសម្រាប់តែតម្រូវការក្នុងគ្រួសារ ទៅជាការចិញ្ចឹមសម្រាប់ធ្វើពាណិជ្ជកម្មវិញ។ ការផ្លាស់ប្តូរបែបផែនផលិតកម្មនេះបានកើនឡើងជាលំដាប់ ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ ផលិតកម្មសត្វសម្រេចបានចំនួន៤៥.៨ លានក្បាល កើនឡើង៣.៣% ធៀបនឹងឆ្នាំ២០១៨។ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម មានបានកើន៣៧% ធៀបនឹងឆ្នាំ២០១៨។ ការផលិតនិងផ្គត់ផ្គង់សាច់ មានការកើនឡើងជារៀងរាល់ឆ្នាំ ពោលគឺបានកើនពី ២០៩ពាន់តោននៅឆ្នាំ២០១៥ ដល់២៣៩ពាន់តោននៅក្នុងឆ្នាំ២០១៩។

សម្រាប់ការវិស័យជលផលវិញ ក្នុងឆ្នាំ២០១៩ ផលចាប់ពីធម្មជាតិ និងផលវារីវប្បកម្មសម្រេចបានចំនួនជាង ៩០៨ពាន់តោន ក្នុងនោះ ផលនេសាទទឹកសាបសម្រេចបាន ៤៧៩ពាន់តោន, ផលនេសាទសមុទ្រ ១២២ពាន់តោន និងផលវារីវប្បកម្ម (ការចិញ្ចឹមត្រី) សម្រេចបានចំនួន ៣០៧ពាន់តោន កើនឡើង ២១% ធៀបនឹងឆ្នាំ២០១៨ ៕

 

សម្ដេច ស ខេង ព្រមាន​ពី​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ បើ​ចំនួន​អ្នក​ឆ្លង COVID-19 បន្ដ​កើនឡើង

ខេត្ត​បាត់ដំបង ៖ ឧបនាយករដ្ឋមន្ត្រី​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង កាលពី​រសៀល​ម្សិលមិញ​បានផ្តល់​បទសម្ភាសន៍​ខ្លី​មួយ​ជាមួយ​អ្នកសារព័ត៌មាន នៅ​ខេត្តបាត់ដំបង ក្រោយ​ជំនួប​សំណេះសំណាល​ជាមួយ​មន្ដ្រីរាជការ ដោយ​សម្តេច​មានប្រសាសន៍​ថា ប្រសិនបើ​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅតែ​បន្ដ​កើនឡើង ជៀស​មិន​ផុតពី​ការដាក់​ប្រទេស​កម្ពុជា ក្នុង​គ្រាអាសន្ន​នោះទេ​។

ប៉ុន្តែ​សម្តេច បានបញ្ជាក់ថា តាម​ក្នុងស្ថានភាព​បច្ចុប្បន្ន​ក្នុង​កម្រិត​ប៉ុណ្ណឹង ប្រហែលជា​មិនទាន់មាន​នោះទេ ក្នុង​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ៕

 

​អាមេរិក​ផ្អាកសកម្មភាព​យោធា​​ចេញទៅ​បរទេស​​ដើម្បី​ទប់​ស្កាត​កូ​រ៉ូ​ណា​

​វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក Mark Esper បានចេញ​បទបញ្ជា​ឲ្យ​យោធា​អាមេរិក​ទាំងអស់​ផ្អាក​ធ្វើដំណើរ​ទៅ​បរទេស​រហូតដល់​៦០​ថ្ងៃ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ទប់​ស្កាត​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​នៅក្នុង​បទសម្ភាសន៍​មួយ​លោក Mark Esper បាន​និយាយថា​បទបញ្ជា​នេះ​ត្រូវបាន​អនុវត្ត​ទៅលើ​កងកម្លាំង​សហរដ្ឋអាមេរិក​បុគ្គលិក​ស៊ីវិល​និង​ក្រុមគ្រួសារ​របស់​សហរដ្ឋ​អាមេរិក​ទាំងអស់​ប៉ុន្តែ​បាន​កត់សម្គាល់ថា​នឹងមាន​ករណី​លើកលែង​មួយចំនួន​។​

​លោក Mark Esper បាន​បញ្ជាក់ថា «​គោលបំណង​របស់​វិធាន​ការដែល​បានដាក់​ចេញ​នេះ គឺ​ដើម្បី​ធានា​ឲ្យ​ប្រាកដថា យើង​មិន​នាំ​វីរុស​ត្រឡប់​ផ្ទះ​មក​ចម្លង​ដល់​អ្នកដទៃ​ទេ ដែល​នេះ​មានន័យថា យើង​មិន​បានធ្វើ​ឲ្យ​វា​រីក​រាលដាល​ក្នុងចំណោម​របស់​យោធា​យើង​ទេ​»​។​

​លោក​បាន​បន្ថែ​មៀត​ថា រហូតមកដល់​ពេលនេះ​វិធានការ​នេះ​គឺមាន​ឥទ្ធិពល​បំផុត​ហើយ​វា​នឹង​ជះឥទ្ធិពល​ដល់​កម្លាំង​នៅ​ជុំវិញ​ពិភពលោក​។ ​សហរដ្ឋអាមេរិក​បាន​និយាយថា ​ខ្លួន​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​កាត់បន្ថយ​ចំនួន​កងទ័ព​របស់ខ្លួន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មក​នៅត្រឹម ៨.៦០០ នាក់​ក្នុង​រយៈពេល ១៣៥ ថ្ងៃ​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ពួក​តា​លី​បង់​កាលពី​ខែ​មុន​។​

​សូមជម្រាបថា បច្ចុប្បន្ននេះ​សហរដ្ឋអាមេរិក បាន​កត់ត្រា​អ្នក​ឆ្លង​សរុប​នៃ​ជំងឺ COVID-19 រហូតដល់ ៦៦,០៤៨​ករណី ក្នុងនោះ ៩៤៤​នាក់​ស្លាប់បាត់​បង់ជីវិត ហើយ ៣៩៤​នាក់​ផ្សេងទៀត​បានជា​សះស្បើយ​ឡើងវិញ​៕

 

រដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៦ពិនិត្យ​ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣  

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៦ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដោយមានវត្តមាន សមាជិក​ សមាជិការដ្ឋសភា​ ពេលផ្តើមសម័យប្រជុំចំនួន​ ១០៧រូប។

អង្គប្រជុំរដ្ឋសភាបានអនុម័តសមាសភាពលេខាធិការ ចំនួន ៣រូប សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលមាន ៖ លោក យឹម លាត លោកស្រី គង់ សាឡន និងលោកស្រី កុល ធារិន។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាព្រឹកនេះ នឹងពិនិត្យ​ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ដូចខាងក្រោម ៖

១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។

២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោង វិនិយោគ សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរ មានជ័យ។

៣- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោង វិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោង ចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។

 

បាញ់ប្រហារ​នៅ​វិហារ​សាសនា Sikh-Hindu ​នៅរដ្ឋធានី​កា​ប៊ុលសម្លាប់​មនុស្ស​២៥​នាក់​

កា​ប៊ុល ៖ ​មនុស្ស​យ៉ាងតិច ២៥ នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ខ្មាន់កាំភ្លើង និង​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយចំនួន បាន​បើក​ការវាយប្រហារ​ទៅលើ​ព្រះវិហារ​សាសនា Sikh-Hindu ដែលមាន​ប្រភពពី​ឥណ្ឌា​ស្ថិតនៅក្នុង​រដ្ឋធានី​កា​ប៊ុល នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ពេល​អ្នក​គោរពបូជា​កំពុងធ្វើការ​អធិស្ឋាន​ពេលព្រឹក​។​ នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​បុរស​ម្នាក់​នៅក្នុង​ឯកសណ្ឋាន​ប៉ូលីស​បាន​បើក​ការវាយប្រហារ​នៅ​ចំ​កណ្តាល​ព្រះវិហារ​នៅ​កណ្តាល​ទីក្រុង​កា​ប៊ុល​បាន​បាញ់​អ្នកយាម​ម្នាក់ មុនពេល​ចាប់ផ្តើម​វាយប្រហារ​លើ​អ្នក​គោរពបូជា​នៅ​សាល​នា​។ ហើយ​បន្ទាប់មក​កងកម្លាំង​សន្តិសុខ ក៏បាន​បាញ់សម្លាប់ ភេរវ​ករ​ទាំងអស់ ចោល​នៅ​ហ្នឹង​កន្លែង​តែម្តង​។​

​ក្រោយ​ការវាយប្រហារ​នេះ​ភ្លាមៗ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ក្រុម​ភេរ​វករ ISIS បាន​ចេញមុខ​អះអាងថា ជា​ទង្វើ​របស់​ក្រុម​ខ្លួន​។ ISIS បានចេញ​សេចក្តីថ្លែងការណ៍​ទៀតថា ទង្វើ​របស់​ពួកគេ​ពេលនេះ គឺជា​ការ​សងសឹក​ចំពោះ​អាជ្ញាធរ​ឥណ្ឌា ដែល​បានធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​ជនជាតិ​ម៉ូ​ស្លី​ម នៅក្នុង​ផ្នែក​មួយ​នៃ​តំបន់​កា​ស្មៀ​រ ហើយ ISIS ក៏​ព្រមាន​ធ្វើការ​វាយប្រហារ​បែបនេះ​បន្ថែមទៀត​ដែរ​៕