All posts by មេគង្គ ប៉ុស្តិ៍

ការបិទ​ប្រទេស​ថៃ​បង្ក​ឲ្យ​មានការ​ជម្លៀស​ពលករ​ចំណាកស្រុក​ចំនួន​៦០,០០០​នាក់​

ថៃ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពលករ​ចំណាកស្រុក​ប្រហែល ៦០,០០០ នាក់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ថៃ​បាន​ភៀសខ្លួន​ចេញពី​ប្រទេស ចាប់តាំងពី​អាជ្ញាធរ​បាន​បិទ​ផ្សារ និង​អាជីវកម្ម​ជាច្រើន​កាលពី​ចុង​សប្តាហ៍​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ។​

​វិធានការណ៍​ចុងក្រោយ​របស់​ប្រទេស​ថៃ​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​គ្មាន​ការងារ​ធ្វើ និង​ជំរុញ​ឲ្យ​មានការ​ជម្លៀស​យ៉ាងច្រើន​នៃ​ពលករ​ចំណាកស្រុក​ប្រមាណ ៤ ឬ ៥ លាន​នាក់​របស់​ប្រទេស​នេះ​ភាគច្រើន​មកពី​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា និង​ប្រទេស​កម្ពុជា ។​

​ប្រទេស​ថៃ​បាន​បិទ​ព្រំប្រទល់​ដី​របស់ខ្លួន ហើយ​បាន​ប្រាប់​ប្រជាជន​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ និង​បាន​បិទ​អាជីវកម្ម​ភាគច្រើន​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​វីរុស​នេះ ហើយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​កំណត់​ឲ្យ​ប្រើ​អំណាច​ប្រកាស​ប្រទេស​ក្នុង​ភាពអាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ​បាន​ប្រាប់​រ៉​យ​ទ័​រថា ពលករ​ចំណាកស្រុក​ប្រមាណ ៦០,០០០ នាក់​មកពី​ប្រទេស​ឡាវ កម្ពុជា និង​មី​យ៉ាន់​ម៉ា​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ ហើយ​គិត​ត្រឹម​ថ្ងៃ​អង្គារ ខណៈដែល​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ករណី​វីរុស​ចំនួន ៩៣៤ ករណី​ដែលជា​ចំនួន​ខ្ពស់បំផុត​ទី ២ នៅ​អាស៊ីអាគ្នេយ៍ ។​

​ហ្វូងមនុស្ស​យ៉ាងច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ព្រំដែន​មី​យ៉ាន់​ម៉ា​ដោយ​កាន់​វ៉ា​លី និង​ស្ពាយ​ឥ​វ៉ាន់​នៅលើ​ខ្នង​របស់​ពួកគេ​ចំពេល​មាន​ភាពវឹកវរ​មួយចំនួន ខណៈដែល​ហ្វូងមនុស្ស​បាន​ប្រញាប់ប្រញាល​ទៅកាន់​ខ្លោងទ្វារ​ព្រំដែន ។​

​លោក Ye Min មកពី​គណៈកម្មាធិការ​សម្ព័ន្ធភាព​ជំនួយ​ក្នុងប្រទេស​ថៃ​បាន​និយាយថា “​អាជ្ញាធរ​រដ្ឋកំ​ពុងរៀ​ប​ចំ​បញ្ជូន​ពលករ​ទាំង​នោះ​ទៅ​រដ្ឋ និង​តំបន់​របស់​ពួកគេ​វិញ​តាម​រថយន្ត ប៉ុន្តែ​អ្នកខ្លះ​មិនអាច​រង់ចាំ និង​ព្យាយាម​ឆ្លងកាត់​តាមផ្លូវ​នោះ​” ។ លោក​បាន​និយាយថា មាន​មនុស្ស​ប្រមាណ ៣ ម៉ឺន​នាក់​បាន​ឆ្លងកាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​តាមរយៈ​ច្រក​ជាច្រើន ។​

​ដោយ​ដកស្រង់​កំណត់ត្រា​ផ្លូវការ​សមាជិកសភា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​លោ Thant Zin Aung បាន​និយាយថា ចំនួន​អ្នក​ដែល​បាន​ឆ្លងកាត់​ច្រក​តែមួយ​គឺមាន​ចំនួន ១៨,០០០ នាក់​ដោយមាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ច្រក ៣ ផ្សេងទៀត ។​

​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ពី​ករណី​ទី ៣ នៃ​ការឆ្លង​វីរុស​នេះ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទៅលើ​បុរស​អាយុ ២៦ ឆ្នាំ​ម្នាក់​ដែល​បាន​ហោះ​ពី​ចក្រភព​អង់គ្លេស​តាមរយៈ​ទីក្រុង​បាងកក ។ ពលករ​ដែល​ត្រូវបាន​បញ្ជូន​ត្រឡប់មកវិញ​ត្រូវ​ទទួល​ការត្រួតពិនិត្យ​សុខភាព ហើយ​ត្រូវបាន​បញ្ជា​ឲ្យ​រស់នៅ​ផ្តាច់ខ្លួន​នៅតាម​ភូមិ​ទូទាំងប្រទេស​រយៈពេល ១៤ ថ្ងៃ ។​

​យោងតាម​ការរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ១១ នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយមាន​អាកា​រៈ​គ្រុនក្តៅ​ខ្លាំង ហើយ​ពលករ​មួយចំនួនធំ​ក៏បាន​ឆ្លង​ចូល​ប្រទេស​កម្ពុជា និង​ឡាវ​ផងដែរ ៕

 

រាជធានី-ខេត្តដែលមានអ្នកកើតជំងឺកូវីដ១៩ ត្រឹមថ្ងៃទី ២៥ មីនា

ភ្នំពេញ ៖ យោង​តាម​ក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា គិត​ត្រឹម​យប់ ថ្ងៃទី​ ២៥ មីនា​ ២០២០​ កម្ពុជា​រកឃើញអ្នកជំងឺ​កូវីដ១៩ ចំនួន ៥នាក់បន្ថែម​ទៀត​ (បារាំង២​ ខ្មែរ៣) សរុបទាំងអស់មានចំនួន​៩៦ករណី ប៉ុន្តែអ្វីដែលជាជោគជ័យរបស់ក្រុមគ្រូពេទ្យកម្ពុជានោះគឺថា ចំនួនអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានរហូតដល់១០នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនានេះ ក្នុងនោះមានជនជាតិខ្មែរ៨នាក់ និងជនបរទេស២នាក់​​។

ក្នុង​នេះ​កម្ពុជាមាន ១៣ រាជធានី​ខេត្ត​ដែល​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ រួម​មាន ៖

១. រាជធានី​ភ្នំពេញ មានចំនួន ១៣នាក់ អ្នកជាសះស្បើយ ៣នាក់

២. ខេត្ត​ព្រះ​សីហនុ មានចំនួន ៣៦នាក់ អ្នកជាសះស្បើយ ១នាក់

៣. ខេត្ត​សៀមរាប មានចំនួន ៣នាក់ អ្នកជាសះស្បើយ គ្មាន

៤. ខេត្តកំពង់ចាម មានចំនួន ១៥នាក់ អ្នកជាសះស្បើយ គ្មាន

៥. ខេត្តបាត់​ដំបង មានចំនួន ៨នាក់ អ្នកជាសះស្បើយ ២នាក់

៦. ខេត្តព្រះវិហារ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន

៧. ខេត្ត​បន្ទាយមានជ័យ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន

៨. ខេត្ត​កំពង់ឆ្នាំង មានចំនួន ៣នាក់ អ្នកជាសះស្បើយ គ្មាន

៩. ខេត្ត​កំពត់ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន

១០. ខេត្ត​ត្បូង​ឃ្មុំ មានចំនួន ៤នាក់ អ្នកជាសះស្បើយ ៣នាក់

១១. ខេត្ត​កែប មានចំនួន ៤នាក់ ជាសះស្បើយ គ្មាន

១២. ខេត្ត​កោះកុង មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន

១៣. ខេត្ត​កណ្ដាល មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន។

ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បាន​បញ្ជាក់ថាកម្ពុជា ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ​ តែលទ្ធភាពនឹងអាចកើតមានឡើង​៕

ចត្តាឡីស័កកំពុងតេស្តរកវីរុសកូវីដ១៩លើជនជាតិចិន ១៧៤នាក់នៅក្រុងបាវិត

ស្វាយរៀង ÷ ជនជាតិចិនចំនួន ១៧៤នាក់ ក្នុងនោះ​ស្រី​ចំនួន​៣៧​នាក់ ដែលត្រូវបានសមត្ថកិច្ចចម្រុះក្រុងបាវិតឃាត់ និងរៀបចំឲ្យនៅដោយឡែ កកា លពីយប់ថ្ងៃទី២៤ ខែមីនា ម្សិលមិញនេះ មិនទាន់រកឃើញរោគសញ្ញានៃការឆ្លងវីរុសកូវីដ១៩ ទេ។ នេះបើតាមបញ្ជាក់រប់លោក​ លឹម សៀង​ហេង អភិបាលក្រុង​បាវិត នៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០​ នេះ ។

លោក​ លឹម សៀង​ហេង អភិបាលក្រុង​បាវិត បាបានប្រាប់ថា នៅ​យប់​ថ្ងៃ​២៤ ខែមីនា ឆ្នាំ​២០២០ ថា ជនជាតិទាំងនោះ បានធ្វើដំណើរតាម​រថយន្តក្រុង ពីភ្នំពេញ ទៅចុះនៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូ ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត កាលពី​វេលា​ម៉ោង​ ៧និង១០នាទីយប់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

លោកថា រហូតដល់​ម៉ោង​ ១៧ល្ងាចថ្ងៃទី២៥ ខែមីនា នេះ នៅ​មិនទាន់​សម្រេច​ថា យក​ជន​ជាតិចិន​ទាំងនោះទៅដាក់នៅកន្លែងណានៅឡើយទេ គឺ​ឲ្យពួកគាត់នៅដាច់ដោយឡែកសិន កំពុងរង់ចាំលទ្ធផលរបស់ក្រុមចត្តាឡីស័ក៕

សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ស្ថាប័នរដ្ឋ និងឯកជន ​លុប​ចោលការ​ស្កេ​ន មេដៃ និងធ្វើការពីផ្ទះ

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បទបញ្ជា​ផ្ទាល់មាត់ នៅ​ថ្ងៃទី​២៥​មីនា​ នេះ ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​នានា រៀបចំ​ឲ្យ​មន្ត្រីរាជការ និង​បុគ្គលិក មិនចាំបាច់វត្តមានមួយចំនួន ត្រូវធ្វើ​ការ​ពី​ផ្ទះ​។ រីឯ​ការ​ស្កេ​ន​មេដៃ ដើម្បី​បញ្ជាក់​វត្តមាន​ត្រូវលុបចោល ព្រោះ​ការ​ស្កេ​ន​មេដៃ​នេះ អាច​ចម្លង​មេរោគ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម័គ្រចិត្ត ៤២២​នាក់ មុនពេល​ចេញទៅ​បំពេញបេសកកម្ម​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០៕​

ស្ត្រីម្នាក់ស្លាប់​និងប្រុសស្រី៥នាក់រងបួសក្នុងគ្រោះថ្នាក់ភលើងឆេះផ្ទះមួយល្វែងនៅខណ្ឌទួលគោក

​ ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋលក់អីវ៉ាន់មួយល្វែងផ្ទះបង្កឲ្យមានយាយចំណាស់ម្នាក់ ស្លាប់នៅក្នុងផ្ទះ និង មនុស្សប្រុសស្រី៥នាក់ រងរបួសធ្ងន់ស្រាលបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងសមត្ថកិច្ចពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងកាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២២១ កែវនិងផ្លូវលេខ១ ៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​ បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុកើត គឺផ្ទះត្រូវភ្លើងឆាបឆេះ ជាផ្ទះរបស់ប្រជាពលរដ្ឋប្រកបមុខរបរលក់ដូរ អីវ៉ានចាប់ហួយ រួមមានលក់សាំង ច្រកដប ផងដែរ អគ្គីភ័យនេះកើតឡើងគឺដោយសា រ តែរលំដបសាំង បង្កជាអណ្ដាតភ្លើងឆាប់យ៉ាងរហ័សឆេះពេញផ្ទះតែម្ដង ខណៈនោះប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបា លបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបានមកដល់កន្លែងកើតហេតុជួយបាញ់ពន្លត់ជាស្ថាពរ។

​ លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន់ នាយការិ យាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងផងដែរ ក្នុងហេតុការនេះ គឺគួរឲ្យសោកស្ដាយមែនតែន ដោយបង្កអោយមានមនុស្សចំណាស់ម្នាក់ស្លាប់ អាយុប្រហែសជាង៧០ឆ្នាំ នៅក្នុងផ្ទះកើតហេតុនៅជាន់លើ និងមនុស្សប្រុសស្រី ៥នាក់ ក្នុងនោះ ស្រី៤នាក់និងប្រុសម្នាក់ រង របួសធ្ងន់ស្រាលបញ្ជូូនទៅមន្ទីរពេទ្យភ្លាមៗ។

​ លោក នាយការិយាល័យបានបញ្ជាក់ផងដែរក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យដើម្បីបាញ់ពន្លត់អោយស្ថាពរអស់រថយន្តចំនួន១២គ្រឿង ជារថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

កម្ពុជាបានត្រៀមបន្ទប់ជាង ៣,០០០ សម្រាប់ព្យាបាលអ្នកមានមេរោគកូវីឌ-១៩ ដោយឥតគិតថ្លៃ

ភ្នំពេញ ៖ នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអោយបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីឌ-១៩ ដោយឥតគិតថ្លៃ។

ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេទ្យមួយចំនួនដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាចទទួលបងប្អូនប្រជាពលរដ្ឋអោយស្នាក់នៅព្យាបាលដោយឥតគិតថ្លៃ។ នៅរាជធានីភ្នំពេញវិញ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមអគារមួយចំនួនដូចជា ១)អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) ២)មន្ទីរពេទ្យខ្មែរសូវៀត ៣)មន្ទីរពេទ្យនៅចាក់អង្រែ ៤) ពេទ្យយោធារដែលនៅមិនទាន់ប្រើនៅឡើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលសង្ស័យថាខ្លួនមានឆ្លងមេររោគកូវីឌ-១៩ សូមទូរស័ព្វមកលេខ ១១៥​ ដើម្បីប្រឹក្សាយោបល់ នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រោះនេះគឺជាបញ្ហាសុខភាពផ្ទាល់របស់បងប្អូនដែលត្រូវតែពិនិត្យសុខភាពខ្លួនឯងអោយបានច្បាស់ចៀសវាងចម្លងរោគនេះទៅប្តីឬប្រពន្ឋឬកូនចៅ និងក្រុមគ្រួសារដែលចុងក្រោយគឺមានតែការសោកស្តាយ ។ សូមបងប្អូនកុំមានការភ័យព្រួយបារម្ភ ហើយសូមកុំរើសអើងគ្នាទៅវិញទៅមក៕

អាជ្ញាធរខេត្តកំពង់ចាមបើកយុទ្ធនាការក្តៅនៅតាមមូលដ្ឋានដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩

ខេត្តកំពង់ចាម ៖ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅគ្រប់មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពង់ចាមក្រោយពីទទួលការណែនាំពី លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ covid19 ខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាននានាទាំង១០ក្រុង-ស្រុកនៃខេត្តកំពង់ចាម  បានបើកយុទ្ធនាការយ៉ាងក្ដៅគគុកដោយប្រើប្រាស់រថយន្ត ឬម៉ូតូជាមធ្យោបាយភ្ជាប់ជាមួយឃោសនា ស័ព្ទដើម្បីធ្វើការផ្សព្វផ្សាយសារអប់រំអំពីវិធានការនានាក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  នៅគ្រប់ច្រកល្ហកផងដែរ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ លោក ផេន សុផល អភិបាលស្រុកបាធាយ និងលោក អូត ឈាង អធិការនគរបាលស្រុកជើងព្រៃក៏ដូចជានៅតាមបណ្ដាក្រុង-ស្រុកទូទាំងខេត្តកំពង់ចាមបានដឹកនាំកម្លាំង និងមន្ត្រីពាក់ព័ន្ធចុះផ្សព្វផ្សាយដោយចាក់សារសំឡេងអប់រំនៅតាមទីសាធារណៈ  និងទីផ្សារនានាតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលក៏ដូចជាគោលការណ៍របស់រដ្ឋបាល ខេត្តកំពង់ចាមដែលមានខ្លឹមសារថា ១-ត្រូវលាងសម្អាតដៃឲ្យបានស្អាតញឹកញាប់ជាមួយនឹងសាប៊ូ ឬ  អាល់កុលជាប់ជាប្រចាំ។ ២-ត្រូវផ្ទប់មាត់ ច្រមុះនៅពេលក្អក កណ្តាស់ដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម ហើយលាងសម្អាតដៃនឹងសាប៊ូឲ្យបានស្អាត។  ៣-ត្រូវនៅឲ្យ ឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅ ក្អក កណ្តាស់ ផ្តាសាយ។ ៤-ត្រូវជៀសវាងការជួបជុំកន្លែងដែលមាន មនុស្សចូលរួមច្រើន។ ៥-បើសិនជាមានរោគសញ្ញាណាមួយ ឬមានបញ្ហាសុខភាពផ្សេងៗ សូមប្រញាប់ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ៦-ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបតែវិល ត្រឡប់មកពីក្រៅប្រទេសត្រូវនៅតែក្នុងផ្ទះរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃមកដល់ ដោយត្រូវអនុវត្តន៍ ដូចខាងក្រោម គឺត្រូវនៅក្នុងបន្ទប់ដាច់ដោយឡែក ដែលមានខ្យល់អាកាសបរិសុទ្ធចេញចូលបានល្អ  សូមនៅឲ្យឆ្ងាយពីសមាជិកគ្រួសារចម្ងាយ២ម៉ែត្រ ត្រូវលាងដៃ ងូតទឹកសម្អាតខ្លួនប្រាណប្រដាប់ប្រដាប្រើប្រាស់ផ្សេងៗ និងផ្លាស់ប្ដូរសម្លៀកបំពាក់ដែលបានបោកគក់រួចឲ្យបានញឹកញាប់ ហើយតាមដាន សុខភាពផ្ទាល់ខ្លួន ប្រសិនបើក្តៅខ្លួន ក្អក កណ្តាស់ ឬពិបាកដកដង្ហើមសូមទាក់ទងទៅលេខទូរស័ព្ទ  ១១៥ជាបន្ទាន់ដើម្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីសុខភាពយើងទាំងអស់គ្នា៕ ដោយ ៖ ប៉ែន សុផល

ជនបរទេសដែលកើតជំងឺ កូវីដ១៩ លើទឹកដីកម្ពុជាអាចទទួលការព្យាបាលដោយមិនបាច់បង់ប្រាក់

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសចេញនូវវិធានការធំៗ ចំនួនបី ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា គឺការទប់ស្កាត់ការចម្លងមកពីខាងក្រៅ ការទប់ស្កាត់ការចម្លងចូលទៅក្នុងសហគមន៏នៅក្នុងប្រទេស និងខិតខំព្យាបាលអ្នកឆ្លងកូវីដ១៩ ឲ្យជាសះស្បើយ ក្នុងនោះ ជនបរទេស ណាក៏ដោយ ដែលមានផ្ទុកវីរុស កូវីដ ១៩ នៅលើទឹកដីកម្ពុជា រាជរដ្ឋាភិបាលធានាព្យាបាលរហូតជាសះស្បើយ ដោយគ្មានតម្រូវបង់ប្រាក់នោះឡើយ។

សម្តេចតេជោ ក៏បានណែនាំឲ្យមន្ត្រីរាជរដ្ឋា ភិបាលទាំងអស់ ផ្អាកការចូលរួមប្រជុំជាអន្តរជាតិនៅក្រៅប្រទេស ហើយក៏ត្រូវ លុបចោលកម្មវិធីប្រជុំលក្ខណៈអន្តរជាតិនានានៅកម្ពុជាទៀតផង។
ជាមួយនេះ ក៏កំពុងពិចារណាក្នុងការលើកពេលកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបទៅឆ្នាំក្រោយវិញ ក្នុងករណីវីរុសកូវីដ១៩ មិនថមថយឥទ្ធិពលមកលើកម្ពុជា និងពិភពលោក ពិសេសតំបន់អឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃស្ថានភាពកូវីដ១៩។ ក្នុងដំណាក់កាលនេះ កម្ពុជាគ្មានការបិទផ្សារ បិទភោជនីយដ្ឋាន រឺបិទរោងចក្រនោះឡើយ រាជរដ្ឋាភិបាលគ្រាន់តែបិទកន្លែងកំសាន្តសប្បាយ និងការជួបជុំ បែបសាសនាផ្សេងប៉ុណ្ណោះដែលប្រមូលផ្តុំមនុស្សច្រើន ប៉ុន្តែរាជរដ្ឋាភិបាល ក៏គ្មានគោលការណ៏ផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះដែរ ប៉ុន្តែប្រជាពលរដ្ឋខ្មែរអាចជួបជុំសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមផ្ទះរៀងៗខ្លួនបាន៕

កម្ពុជានៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាធម្មតា តែហាមការជួបជុំ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបជុំជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី ២៥ ខែមីនា នេះថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតែប្រារព្ធធ្វើជាធម្មតា ក៏ប៉ុន្តែហាមមានការជួបជុំគ្នា។
សម្តេចបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរអាចជួបជុំសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមផ្ទះរៀងៗខ្លួនបាន ខណៈដែលកម្ពុជា នាពេលនេះ មិនទាន់ប្រកាសឲ្យបិទផ្សារ ភោជនីយដ្ឋាន ហាងបាយ ហាងគុយទាវ ឬហាងកាហ្វេ នោះដែរ លើកលែងតែការប្រារព្ធពិធីសាសនា ពិធីជួបជុំផ្សេងៗមានមនុស្សច្រើន ក្លឹបកំសាន្ត រោងភាពយន្ត ខារ៉ាអូខេ ការប្រគុំតន្ត្រីជាដើម។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត នឹងប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២០៕

WHO ៖ សហរដ្ឋអាមេរិកអាច​ក្លាយជា​ចំណុចកណ្តាល​ថ្មី​នៃ​ការ​រាតត្បាត COVID-19

​វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក អាច​នឹង​ក្លាយជា «​ចំណុចកណ្ដាល​សកល​ថ្មី​» នៃ​ការឆ្លង​រាតត្បាត​របស់ COVID-19 ក្នុងពេលដែល​ករណី​ឆ្លង​នៅក្នុង​ប្រទេស​មហាអំណាច​ផុត​លេខ​មួយ​នេះ ហាក់ដូច​មិនមាន​ភាព​ធូរស្រាល​ឡើយ​។ នេះ​ជា​សារ​ព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក ( WHO ) ដែល​ត្រូវបាន​សារព័ត៌មាន​បរទេស​ដ​ក​ស្រង់​យកមក​ចុះផ្សាយ​កាលពី​ម្សិលមិញ​។​

​តាម​របាយការណ៍​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ត្រឹមតែ​២៤​ម៉ោង​មុន ៨៥​ភាគរយ​នៃ​ករណី​ឆ្លង COVID-19 ត្រូវបាន​រាយការណ៍​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​ក្នុងនោះ​ទៀតសោត មាន ៤០​ភាគរយ នៅក្នុង​សហរដ្ឋអាមេរិក​។ ជាក់ស្ដែង គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ អាជ្ញាធរ​សុខាភិបាល​អាមេរិក បាន​ទទួលស្គាល់ថា​អ្នក​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ទូទាំងប្រទេស បាន​កើន​ដល់​ច្រើនជាង ៤២,០០០​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​រហូតដល់​៥៥៩​នាក់​។​

​ផ្តើម​ពី​ការ​រាតត្បាត​យ៉ាង​ឆាប់រហ័ស​និង​ចំនួន​ច្រើ​នោះ​ហើយ​ទើប​មន្ត្រី​អ្នកនាំពាក្យ​អង្គការ WHO លោកស្រី Margaret Harris បាន​គូសបញ្ជាក់ថា អាមេរិក​នឹង​ក្លាយជា​ចំណុចកណ្តាល​ថ្មី​នៃ​ការឆ្លង​រាតត្បាត​យ៉ាង​សាហាវ COVID-19 ៕

 

ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន២នាក់បន្ថែមទៀតនៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងឱ្យដឹងថា នៅថ្ងៃទី២៥ ខែមីនានេះ កម្ពុជា មានករណីឆ្លងកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត ដែលកើតឡើងលើជនជាតិបារាំងទាំង២នាក់ នៅខេត្តព្រះសីហនុ។ ដូច្នេះ កម្ពុជា មានករណីនេះឡើងដល់ ៩៣នាក់ហើយ។

ការថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធីសំណេះសំណាល​ជាមួយ​គ្រូពេទ្យស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០៕

 

ចំនួន​អ្នកស្លាប់ដោយកូរ៉ូណានៅ​អ៊ីតាលី​កើន​ដល់​៦.៨២០​នាក់​

អ៊ីតាលី ៖ យោងតាម​ទិន្នន័យ​ថ្មី​ដែល​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​ការពារ​ជន​ស៊ីវិល​បានឱ្យដឹងថា​ជំងឺ​រាតត្បាត COVID-19 បានសម្លាប់​មនុស្ស​កើន​ដល់​៦.៨២០ នាក់​នៅ​ទូទាំងប្រទេស​អ៊ីតាលី​កាល ពី​ថ្ងៃ​អង្គារ​ជាមួយនឹង​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ឡើងដល់ ៦៩.១៧៦ នាក់​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ស៊ិន​ហួរ​។​

​ថ្លែង​នៅក្នុង​សន្និសីទកាសែត​តាម​ទូរទស្សន៍​ប្រធាន​នាយកដ្ឋាន​ការពារ​ស៊ីវិល​លោក Angelo Borrelli បាន​និយាយថា មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៥.២៤៩ នាក់​និង​មាន​អ្នកស្លាប់​ថ្មី ៧៤៣ នាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ លោក Borrelli បានបញ្ជាក់​បន្ថែមថា ក្នុង​ចំណា​ម​ឆ្លង​ទាំងអស់​ខាងលើ ក៏មាន​អ្នកជំងឺ​ចំនួន ៨.២២៦ នាក់​បានជា​សះស្បើយ​ឡើងវិញ​ផងដែរ​៕

 

COVID-19 ៖ បារាំងមានអ្នកស្លាប់ថ្មី ២៤០នាក់ស្លាប់ សរុប១,១០០នាក់

ប៉ារីស ៖ អាជ្ញាធរសុខាភិបាលបារាំងបានប្រកាសឲ្យដឹង នៅយប់ថ្ងៃអង្គារសប្តាហ៍នេះថា នៅក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ អ្នកជំងឺ COVID-19 ២៤០នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ១,១០០នាក់។ នេះបើតាមសារព័ត៌មាន CNA។

អាជ្ញាធរសុខាភិបាលបារាំងបានបញ្ជាក់ទៀតថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសអឺរ៉ុបមួយនេះ ក៏បានកើនឡើងដល់ ២២,៣០០ករណីផងដែរ ដោយនៅក្នុងនោះអ្នកជំងឺ ១០,១៧៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ២,៥១៦នាក់នៅក្នុងចំណោមនោះទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់៕

ទេសចរលើកប៉ាល់ Viking Cruise នៅខេត្ដកំពង់ចាម ៥៣នាក់ ត្រឡប់ទៅស្រុកកំណើតវិញ ក្រោយធ្វើតេស្ដមិនមាន COVID-19

ខេត្តកំពង់ចាម ៖ ភ្ញៀវទេសចរលើកប៉ាល់ Viking Cruise Journey ចំនួន ៥៣នាក់ ក្នុងចំណោមជាង ៦០នាក់ ដែលមកពីប្រទេសវៀតណាម ចូលសំចតនៅខេត្ដកំពង់ចាម ត្រូវបានរៀបចំដោយយកចិត្តទុកដាក់ផ្តល់ឲ្យចាកចេញពីសណ្ឋាគារមេគង្គ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ ដើម្បីឲ្យពួកគាត់ត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីមន្ត្រីសុខាភិបាលកម្ពុជា បានពួកគេឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ហើយក្រោយពីការធ្វើតេស្ត៣លើក រកមិនឃើញ COVID-19 នេះឡើយ។

គួរជម្រាបថា អ្នកដំណើរនៅលើកប៉ាល់ Viking Cruise Journey ដែលចូលចតនៅប្រទេសកម្ពុជា ក្រោយមកពីប្រទេសវៀតណាម ត្រូវបានរកឃើញវិជ្ជមាន COVID-19 ចំនួន ៣នាក់។ ក្រោយយកមកដាក់ឲ្យពិនិត្យព្យាបាល នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២២ ខែមីនា មន្ត្រីសុខភាពកម្ពុជា បានបញ្ចប់ការពិនិត្យសុខភាពរួចរាល់ ទើបជួយរៀបចំឯកសារឲ្យពួកគាត់បានចាកចេញពីប្រទេសកម្ពុជាដោយស្ងបើចិត្ត។

គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់៕

ពលរដ្ឋខ្មែរនៅតែបន្តវិលត្រឡប់ចូលមកស្រុកកំណើតវិញតាមច្រករបៀងក្រោយផ្ទុះមេរោគប្រភេទថ្មីកូវិដ១៩

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានការប្រកាសបិទច្រកព្រំដេនកម្ពុជាថៃដើម្បីកាត់បន្ថយការរីករាលដាលជម្ងឺថ្មីកូវិត១៩ គេសង្កេតឃើញថាមានពលរដ្ឋខ្មែរដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃរាប់ម៉ឺននាក់បានបង្ខំចិត្តវិលត្រឡប់មកមាតុប្រទេសវិញ។ការវិលត្រឡប់មកមាតុ ប្រទេសវិញរបស់បងប្អូនប្រជាពលរដ្ឋនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរខេត្តបន្ទាយមានជ័យបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការត្រួតពិនិត្យសុខភាពនិងការរស់នៅបណ្តោះអាសន្នរយៈពេល១៤ថ្ងៃដើម្បីតាមដានមុននឹងអោយចាកចេញចូលទៅរួមរស់ជាមួយក្រុមគ្រួសារនិងស្រុកភូមិវិញ។

ច្រកត្រូវបានបិទទាំងស្រុងនៅថ្ងៃទី២៣ខែមិនាឆ្នាំ២០២០នេះ ពលរដ្ឋក៏សម្រុកមកខ្លាំងក្នុងថ្ងៃបិទនោះដែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងច្រករបៀងមួយចំនួន ហើយកំពុងបន្តមកដល់ថ្ងៃទី២៤ខែមិនានេះដែរ តែការសម្រុកចេញថ្ងៃនេះគឺតាមច្រករបៀងចំការគក្រោមការគ្រប់គ្រងរបស់កងការពារព្រំដែន៥០៣ គ្រប់គ្រងដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន។

លោកឧត្តមសេនីយ៍ទោ  ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទីមួយបន្ទាយមានជ័យបានថ្លែងប្រាប់តាមទូរសព្ទ័ថា អាជ្ញាធរថៃបានដឹកបងប្អូនប្រជាពលរដ្ឋខ្មែរចំនួន៨១នាក់តាមរថយន្តយកមកទម្លាក់ចោលនៅមុខច្រករបៀងចំការគ ។ដើម្បីងាយស្រួលដល់ការគ្រប់គ្រងក្នុងការតាមដានសុខភាពរបស់ពួកពលរដ្ឋទាំងនោះ និងក្រោមបទបញ្ជា និងការណែនាំ ពីឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ  ដឹកនាំកម្លាំងចុះសហការ បានចុះធ្វើការអប់រំណែនាំបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទើបតែត្រឡប់មកពីប្រទេសថៃអោយយល់ដឹងអំពីវិធីការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រោយពីបានណែនាំរួច លោកឧត្តសេនីយ៍ មេបញ្ជាការ ក៏បានបញ្ជាអោយកងកម្លាំងទាហាន ដឹកបងប្អូនប្រជាពលរដ្ឋទាំង ៨១នាក់នោះ មកដាក់នៅមណ្ឌលសំចកបណ្តោះអាសន្ន (NPA) ក្រុងប៉ោយប៉ែត ដើម្បីអោយក្រុមគ្រូពេទ្យធ្វើការត្រួតពិនិត្យតាមដានសុខភាព។

សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តបន្ទាយមានជ័យរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុ រាត្រី បានត្រៀមរៀបចំជាស្រេចទីកន្លែងសម្រាប់ស្នាក់នៅព្យាបាលអ្នកផ្ទុកជំងឺប្រភេទថ្មី កូរ៉ូណា កូវិដ១៩ គឺសណ្ឋាគារព្រះចន្ទ័ ដែលមានទីតាំងនៅគល់ស្ពានសែសិន៕