All posts by មេគង្គ ប៉ុស្តិ៍

(វិដេអូ)សត្វត្រយ៉ងដ៏កម្រជាង២០០ក្បាល បង្ហាញខ្លួននៅក្នុងទំនប់ទឹកអូស្វាយ ស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ ៖ សត្វត្រយ៉ងមួយហ្វូង ដែលជាសត្វត្រូវបានចុះបញ្ជីជាប្រភេទដ៏កម្រស្ទើរតែផុតពូជ នៅកម្ពុជា ដោយគេគិតថា មនុស្សជំនាន់ក្រោយអាចលែងបានឃើញ បានឮត្រឹមតែឈ្មោះប៉ុណ្ណោះ ស្រាប់តែពេលនេះ ពួកវាបានបង្ហាញវត្តមានប្រមាណជាង ២០០ក្បាលក្នុងទំនប់ទឹកអូស្វាយ ឬហៅថា ទំនប់ទឹកស្រះក្តុល ដែលទីតាំងទំនប់ទឹកខាងលើនេះ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សន្ត ខេត្តព្រះវិហារ។

បើតាមកាបញ្ជាក់ពីលោក ប្រាក់ ភី មេឃុំស្រអែម បានអោយដឹងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះថា រូបលោកផ្ទាល់ គឺលោកមិនដែលបានស្គាល់ប្រភេទសត្វត្រយ៉ងនោះទេ ដែលកាលពីមុនពួកវា ក៏មិនដែលមានវត្តមាននៅក្នុងទំនប់ទឹកខាងលើនោះដែរ។

លោកមេឃុំ បានបញ្ជាក់បន្ថែមថា សត្វដែលកម្រៗ ដូចជា ប្រភេទសត្វទាទឹក នោះវិញ បច្ចុប្បន្នក៏មានវត្តមានក្នុងទំនប់ទឹកខាងលើនេះដែរ ។លោក ក៏បានអំពាវនាវដល់ប្រជាសហគមន៏ ដែលរស់នៅក្នុងតំបន់ខាងលើ ធ្វើយ៉ាងណាមេត្តាជួយអភិរក្សសត្វដ៍កម្រនេះ ដើម្បីជាកាទាក់ទាញភ្លៀវទេសចរ ដែលបានអញ្ជើញមកទស្សនាប្រាសាទព្រះវិហារ ហើយលោកក៏អាចអញ្ជើញភ្ញៀវឲ្យឈាងចូលទៅមើលហ្វូងសត្វដ៏កម្រនេះបានផងដែរ។

ដោយឡែកលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៏ ខេត្តព្រះវិហារ បានលើកឡើងថា ប៉ុន្មានថ្ងៃមុននេះ លោកបានទទួលបានព័ត៌មានពាក់ពន្វ័នឹងសត្វត្រយ៉ងនេះដែរ ហើយលោក ក៏បានចាត់អោយ មគ្គទេសក៍ របស់លោក ចុះទៅពិនិត្យនឹងធ្វើកាស្រាវជ្រាវលើពពួកសត្វទាំងនេះ ដើម្បីរកវិធានការណាមួយ ជួយអោយសត្វដ៏កម្រទាំងនេះ រស់នៅបានក្នុងទំនប់ខាងលើជាអចិន្ត្រៃយ៍។

លោកសំណូមពរដល់ប្រជាសហគមន៍ក៏ដូចអាជ្ញាធរពាក់ពន្វ័ទាំងអស់ ចូលរួមសហការ ដោយទី១ គឺមិនត្រូវកាប់ដើមឈើ ដែលនៅជិតតំបន់ខាងលើនោះជាដាច់ខាត។

ទី2 មិនត្រូវបរបាញ់ ឬក៏ដាក់ថ្នាំបំពុល ឬក៏រូបភាពផ្សេងៗដែលធ្វើឲ្យមានផលប៉ះពាល់រំខានដល់ការស់នៅរបស់សត្វទាំងនោះៗឡើយ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា នេះជាមោទនភាពមួយ ដែលតំបន់នេះ នៅជិតតំបន់ប្រាសាទព្រះវិហារ ហើយលោកនឹងរៀបចំគំរោងស្នើសុំអាជ្ញាធរប្រាសាទព្រះវិហារ ដើម្បីសហកាជាមួយអាជ្ញាធរដែនដី ចូលរួមសហកាជាមួយមន្ទីរទេសចរណ៍ខេត្ត បង្កើតតំបន់ខាងលើនេះទៅជាតំបន់ទេសចរណ៍បែបធម្មជាតិសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកលេងកំសាន្តទៅថ្ងៃអនាគតឲ្យបានកាន់តែច្រើនថែមទៀត៕ ដោយ ៖ កូវ ប៊ុនហេង

កងទ័ពចិន ២៦៥នាក់បានចាកចេញពីកម្ពុជាហើយ បន្ទាប់ពីបញ្ចប់«សមយុទ្ឋនាគមាស២០២០»

ភ្នំពេញ ៖ បន្ទាប់ពីបានចូលរួមធ្វើលំហាត់សមយុទ្ធយោធា ជាមួយនឹងកងយោធពលខេមរភូមិន្ទ កងទ័ពរំដោះប្រជាជនចិន ចំនួន ២៦៥នាក់ បានធ្វើមាតុភូមិនិវត្តន៍វិលមាតុប្រទេសវិញ នាព្រឹកថ្ងៃទី១ ខែមេសា នេះ តាមជើងយន្តហោះពិសេសមួយរបស់កងទ័ពអាកាសរំដោះប្រជាជនចិន។

លំហាត់នេះបានបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយមានវត្តមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មេបញ្ជាការនៃ ខ ភ ម នឹងឯកឧត្តម វ៉ាង វិន ធៀន ( WANG WEN TIAN ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី នឹងធ្វើជាសក្ខីភាព ក្នុងពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២០នេះ ។

សូមបញ្ជាក់ថា សមយុទ្ធនាគមាស២០២០ ដែលបើកប្រតិបត្តិការរយះពេល ១៥ថ្ងៃកន្លងមកនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង ៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះ រថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត ។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០នេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌»៕

ក្រុមមន្ត្រីអតីត CNRP សុំចុះបញ្ជីបង្កើតគណបក្ស«ខ្មែរស្រឡាញ់ជាតិ»

ភ្នំពេញ ៖ ក្រុមអតីតមន្ត្រីគណបក្សប្រឆាំង CNRP បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយថ្មីមួយឈ្មោះ «ខ្មែរស្រឡាញ់ជាតិ»នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ ភ្ជាប់ដោយឯកសារជាច្រើន ក្នុងនោះស្នាមមេដៃជាង ៤ពាន់ និងបង្ហាញពីរចនាសម្ព័ន្ធគណៈកម្មាធិការបណ្តោះអាសន្នរបស់បក្សថ្មីនេះផងដែរ។

ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ គឺបន្ទាប់ពីក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ជាផ្លូវការកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ការអនុញ្ញាតនេះ គឺបន្ទាប់ពីបានដាក់ពាក្យ ស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមករាឆ្នាំ២០២០។

គណបក្ស ខ្មែរស្រឡាញ់ជាតិ “អក្សរកាត់ គ.ខ.ស.ជ “ បាវចនា សេរីភាព យុត្តិធម៌ប្រជាធិបតេយ្យ ឈ្មោះជាភាសាបរទេស Cambodian Nation Love Party (CNLP)។

រចនាសម្ព័ន្ធគណៈកម្មាធិការបណ្ត្តោះអាសន្នរបស់ខ្មែរស្រឡាញ់ជាតិ មានដូចជាៈ ១. លោក ជីវ កក្តា ជាប្រធានគណបក្ស។ ២. លោក តាន់ ទីន អនុប្រធានប្រចាំការ។ ៣. លោក កង កឹមហាក់អនុប្រធាន។ ៤. លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្ស និងតំណាងស្ថាបនិក។ ៥. លោកសៀវ សុត សមាជិក។ ៦. លោកស៊ឹម សុវណ្ណី សមាជិក។ ៧. លោក សុខ វិបុល សមាជិ ។៨. លោក អាន សុភារ៉ា សមាជិក។

លោក ជីវ កក្តា ជាប្រធានគណបក្ស ខ្មែរស្រឡាញ់ជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែត ថា គណបក្សខ្មែរស្រឡាញ់ជាតិ បានយកស្នាមមេដៃចំនួន ៤៥១៦មេដៃ មកដាក់នៅក្រសួងមហាផ្ទៃ ដើម្បីសុំចុះបញ្ជីគណបក្សនយោបាយថ្មី៕

ធនាគារជាតិ ហាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ កុំរឹបអូសទ្រព្យបញ្ចាំ របស់កូនបំណុល

ភ្នំពេញ ៖ «គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា និងជៀសវាងដាច់ខាត ក្នុងការរឹបអូសទ្រព្យបញ្ចាំដូចជា ផ្ទះសំបែងរបស់អតិថិជន ក្នុងកំឡុងពេលពួកគាត់កំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺ កូវីដ១៩ នេះ»។ នេះជាការលើកឡើងរបស់លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតប្រព័ន្ធទូរស័ព្ទ HOTLINE និងលេខទូរស័ព្ទទំនាក់ទំនងប្រចាំទីស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដើម្បីទទួលព័ត៌មានពីផលវិបាករបស់អតិថិជនដែលបានជួបប្រទះ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ៕

ជំនួយសម្ភារៈវេជ្ជសាស្ត្ររបស់ចិនសំរាប់ទប់ស្កាត់ COIVD-19 ជាង២តោន បានដឹកមកដល់កម្ពុជា

ភ្នំពេញ ៖ ដូចការគ្រោងទុកសម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រសម្រាប់ប្រើប្រាស់ប្រឆាំងនឹងជំងឺកូវីដ-១៩ ទម្ងន់ជាង២តោនបានដឹកមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។ នេះ ជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា។

លោក នាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់ជំនួយបរិក្ខាសុខាភិបាល ការបង្ហាត់បង្រៀន ការប្រើប្រាស់ ប្រព័ន្ធបច្ចេកទេសទំនើប និងវិទ្យាសាស្ត្រ ប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យចិន ដែលមានបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ នោះ នឹងជួយដល់ស្ថាប័នសុខាភិបាល ក្នុងជួរកងយោធពលខេមរភូមិន ឲ្យកាន់តែមានសមត្ថភាព បង្ការ ទប់ស្កាត់ ការពារជំងឺឆ្លងនានា និងឈានឆ្ពោះទៅយកជ័យជម្នះលើសមរភូមិប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

លោក នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងការពារប្រទេស កងទ័ព និងប្រជាជនចិន ដែលបានផ្តល់ជំនួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ ប្រមាណជាង២តោន មកដល់ក្រសួងការពារជាតិកម្ពុជា នាពេលនេះ ដើម្បីបង្ការការពារទប់ស្កាត់ការរីករាយដាយលពីមេរោគជម្ងឺផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ។

គួររំលឹកថា ក្រសួងការពារប្រទេសចិន កាលពីថ្ងៃទី២៤ មីនា បានបញ្ជូនគ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ១៩ របស់កងទ័ពរំដោះប្រជាជនចិន ចំនួន៤រូប រួមជាមួយឧបករណ៍សម្ភារៈមួយចំនួនមកកម្ពុជា ដើម្បីបង្ហាត់បង្រៀនពីវិធានការទប់ស្កាត់ និងការព្យាបាលដល់ក្រុមគ្រូពេទ្យបង្គោល នៃកងយោធពលខេមរភូមិន្ទ ក្នុងគោលដៅប្រយុទ្ធបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម ដោយសារវីរ៉ុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាពនៅកម្ពុជា។

សូមបញ្ជាក់ថា ៖ ក្រៅពីគ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្ររបស់កងទ័ពរំដោះប្រជាជនចិនទាំង៤រូប ប្រទេសចិន ក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញចំនួន៧នាក់ផ្សេងទៀត និងសម្ភារៈបរិក្ខាពេទ្យការពារជំងឺកូវីដ១៩ មកកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា តាមរយៈជើងយន្តហោះពិសេស ៕

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២មេសា ពិនិត្យលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធទី១ ខែមេសា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា លើរបៀបវារៈសំខាន់ចំនួន៣ ដែលរាជរដ្ឋាភិបាលបានស្នើសុំ ដើម្បីឱ្យច្បាប់នោះឆាប់បានចូលជាធរមាន សម្រាប់យកទៅអនុវត្តធ្វើឱ្យកាន់ប្រសើរឡើងថែមទៀត ជាប្រយោជន៍ដល់សង្គមជាតិ និងឆ្លើយតបតាមតម្រូវការរបស់ប្រជាជន។ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក៏បានកំណត់យកថ្ងៃព្រហស្បតិ៍ទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ។

បើតាមប្រសាសន៍ លោក ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភាបានថ្លែងនៅក្រោយកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍នោះថា របៀបវារៈទាំងនោះមាន ១-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុ រ៉ូយាល់ គ្រុប អ៊ិន-វេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត ខេត្តកោះកុង ។ ២-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព២៦៥មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ និង ៣-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញសម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត៕

ពលរដ្ឋថៃជាច្រើននាក់សម្រុកចេញពីក្រុងប៉ោយប៉ែតបន្ទាប់ពីកម្ពុជាប្រកាសបិទកាស៊ីណូ

ប៉ោយប៉ែត ៖ រយៈពេល២ថ្ងៃ ចុងក្រោយនេះ គេឃើញប្រជាពលរដ្ឋថៃជាច្រើននាក់ បាននាំគ្នាសម្រុកចេញទៅកាន់ប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងឡឹក ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យបិទកាស៊ីណូ ទាំងអស់នៅទូទាំងប្រទេស ចាប់ពីម៉ោង ២៣ និង៥៩នាទីយប់ថ្ងៃទី១ ខែមេសា នេះ ដែលជាវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ១៩។

បើទោះបីច្រកព្រំដែននៃប្រទេសទាំងពីរត្រូវបានបិទតាំងពីថ្ងៃទី២៣ មីនា ក៏ដោយ គេអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ បានជួយធ្វើការសម្របសម្រួលឲ្យប្រជាពលរដ្ឋថៃ ដែលធ្វើការនៅតំបន់កាស៊ីណូ និងកន្លែងផ្សេងៗ ចេញទៅកាន់ប្រទេសខ្លួនវិញ ដោយពន្យល់ផងដែរពីវិធានការនានាសម្រាប់ឲ្យសាមីជន ចេះពីវិធីការពារខ្លួនពីវីរុសកូរ៉ណា។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋថៃ ដែលចេញទៅកាន់ប្រទេសខ្លួននេះ ដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទកាស៊ីណូទូទាំងប្រទេសនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ដូច្នេះប្រពលរដ្ឋថៃ ដែលនៅធ្វើការនៅក្នុងកាស៊ីណូ និងកន្លែងផ្សេងៗ ដែលមិនទាន់បានចេញទៅថៃ វិញនោះ ត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែនរបស់ប្រទែសទាំងពីរ បានជួយសម្របសម្រួលបំពេញបែបបទទៅតាមច្បាប់ ដើម្បីពួកគេបានត្រឡប់ទៅស្រុកកំណើតនៅថៃ វិញ៕

ក្រុមគ្រូពេទ្យសម្តេចតេជោចុះពន្យល់ពីវិធានការការពារជំងឺ COVID-19 ដល់គ្រួសារកងទ័ព និងពលរដ្ឋ

ខេត្តព្រះវិហារ ៖ ដំណើរចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំ អំពី វិធានការការពារជំងឺ COVID-19 របស់ក្រុមគ្រូពេទ្យ សម្តេចតេជោ សែន ស្រអែម នោះ គឺបានធ្វើឡើងក្រោមការគាំទ្រ និងកិច្ចសហការណ៍ល្អ ពីមេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត លោកឧត្តមសេនីយ៍ទោ ជូ តុងអាន និងអាជ្ញាធរប្រចាំមូលដ្ឋាន កាលពីថ្ងៃទី៣១មីនាឆ្នាំ២០២០ នៅទិសទី១ ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងភូមិ ចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ជាប់ព្រំដែនកម្ពុជា-ថៃ ។

ក្រុមគ្រូពេទ្យសម្តេចតេជោ សែន ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី នូ សារិន វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ សម្តេចតេជោ ស្រអែម រួមនឹងក្រុមការងារ បានចុះទៅដល់ផ្ទះប្រជាពលរដ្ឋ និងគ្រួសារកងទ័ព នៅក្នុងមូលដ្ឋាននោះ ហើយបានធ្វើការពិនិត្យ វាស់កំដៅ ព្រមទាំងបានផ្សព្វផ្សាយ នូវវិធានការការពារមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីណែនាំនោះ តម្រូវអោយប្រជាពលរដ្ឋ រួមគ្នាបង្ការ និងទប់ស្កាត់ ការរាតបាតមេរោគកូវីដ១៩ ដល់គ្រួសារយុទ្ធជន បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា បងប្អូនកូនចៅ គ្រូសារកងទ័ព ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស និងតំបន់ផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះសុខភាព និងការរស់នៅ ត្រូវមានអនាម័យល្អ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល និងចឹលទឹកអនាម័យ អោយបានញឹកញាប់ ត្រូវសំអាតបរិវេណផ្ទះ និងកន្លែងរស់នៅអោយបានគ្រប់ៗគ្នា ជាប្រចាំ។

លោកវេជ្ជបណ្ឌិត នូ សារិន បានផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស អនុសាសន៍ដ៏ខ្ពងខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើ ដើម្បីបង្ការ និងទប់ស្កាត់បាន ពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅក្នុងមូលដ្ឋានរស់នៅ។ លោកថា នៅគ្រាបច្ចុប្បន្ន ជំងឺដ៏កាចសាហាវនេះ កំពុងបន្តឆ្លង និងរាតត្បាតនៅទូទាំងសកលលោក បូករួមទាំងកម្ពុជា យើងផងដែរ តែកម្ពុជា ពុំទាន់មានអ្នកស្លាប់នឹងជំងឺកូវីដ១៩នេះនៅឡើយទេ។

លោកឧត្តមសេនីយ៍ទោ ជូ តុងអាន បានស្នើដល់កូនចៅប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលទើបវិលត្រឡប់មកពីក្រៅប្រទេសទាំងអស់ ប្រសិនបើមានអាការៈ ក្តៅខ្លួន ក្អក ឬ ហៀរសំបោរខុសធម្មតា ត្រូវស្នាក់នៅដាច់ដោយឡែក ពីគេនិងក្រុមគ្រួសារ ក្នុងរយះពេល១៤ថ្ងៃសិន ហើយត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យ សុំប្រឹក្សាយោបល់ ពីក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាលអាការៈរោគនោះ។ លោកថា ក្រោយការពិនិត្យ និងព្យាបាលរួចហើយ ក្រុមពេទ្យបញ្ជាក់ថា គ្មានការកើតឡើង នៃជំងឺកូវីដ១៩ នោះទេ នោះទើបអាចរស់នៅជាមួយក្រុមគ្រួសារ និងញ្ញាតមិត្ត បងប្អូន ឬ ឪពុកម្តាយបានដូចដើម។ លោកឧត្តមសេនីយ៍ បញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បាន៕ ដោយ ៖ កូវ ប៊ុនហេង

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែមេសា

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៤៥០រៀលក្នុង១លីត្រ។

ការកំណត់ថ្លៃថ្មីនេះ ឃើញថា ចុះថ្លៃខ្លាំងបើធៀបនឹង១៥ថ្ងៃមុន ដែលសាំងធម្មតាតម្លៃ ៣,០៥០រៀល និងម៉ាស៊ូត២,៨០០រៀលក្នុង១លីត្រ៕

 

មេទ័ព​កម្ពុជា​ចេញ​បញ្ជា​ហាម​កងទ័ព​ចេញពី​បន្ទាយ​ជាដាច់ខាត​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​

​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បានចេញ​បទបញ្ជា​ដល់​កងទ័ព​គ្រប់​កងឯកភាព​ហាម​មិន​ឲ្យ​កងទ័ព​ទាំងអស់​ចេញពី​បន្ទាយ​ជាដាច់ខាត​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​ចូលមក​ដល់​ក្នុងពេល​ខាងមុខនេះ ដោយ​ត្រូវ​ត្រៀមកម្លាំង ដើម្បី​ចេញ​អន្តរាគមន៍​ទប់ស្កាត់ ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ ។

​សូម​អាន​បទបញ្ជា​របស់​អគ្គ​មេបញ្ជាការ ខ​.​ភ​.​ម ៖

 

កម្ពុជានាំចេញកសិផលជិត៣លានតោន ក្នុងរយៈពេល៣ខែដំបូង ឆ្នាំនេះ

ភ្នំពេញ ៖ តួលេខនៃការនាំចេញកសិផល នៅរយៈពេល៣ខែដំបូងនេះ ការកត់ត្រាការនាំចេញផ្លូវការ ដោយអគ្គនាយកដ្ឋានកសិកម្ម មានចំនួន ១,៦៣៨,៣៣៨តោន និងក្រៅផ្លូវការមានចំនួន ១,២៩៨,៦៥៤ តោន។

បើតាមក្រសួងកសិកម្ម នៅរយៈពេល៣ខែមកនេះ កម្ពុជានាំចេញផ្លូវការ នូវអង្ករបានជាង២៣ ម៉ឺនតោន, ដំឡូងមីប្រមាណ១.១លាន តោន, គ្រាប់ស្វាយចន្ទី ជាង១២ម៉ឺនតោន, គ្រាប់ពោធជាង២.៥ម៉ឺន តោន, ផ្លែចេកស្រស់ជាង៧.៦ម៉ឺនតោន, ផ្លែស្វាយជាង២.៥ម៉ឺនតោន និងផលិតផលផ្សេងៗទៀត ជាង៤.៥ម៉ឺនតោន។

ដោយការនាំចេញក្រៅផ្លូវការមានដំឡូងមី និងស្រូវទៅកាន់ប្រទេសវៀតណាម មានចំនួន ១,២៩៨,៦៥៤តោន។ ទីផ្សារសម្រាប់កសិផលរបស់កម្ពុជា មានប្រទេសចិន អឺរ៉ុប អាមេរិក វៀតណាម ថៃ ជប៉ុន រុស្ស៊ី ឥណ្ឌា ប្រទេសសមាជិកអាស៊ាន និងប្រទេសមួយចំនួនទៀត៕

 

ថ្ងៃនេះមិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ថែមទៀត

ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសថា ថ្ងៃនេះមិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដចំនួន៨៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។

សេចក្តីប្រកាសរបស់ក្រសួងបានបញ្ជាក់ថា ករណីអ្នកជាសះស្បើយមាន០២នាក់ គឺស្ថិតនៅខេត្តកែប មានបុរសជនជាតិខ្មែរអាយុ៣០ (កាន់សាសនាឥស្លាម និងមានទីលំនៅនៅខេត្តកំពត) ដែលបានវិល ត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៉ី និងបុរសជនជាតិម៉ាឡេស៊ី អាយុ៦១ឆ្នាំ មកពីប្រទេសម៉ាឡេស៉ី បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកែប។

តាមក្រសួងសុខាភិបាល គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលត្រូវបានយកទៅធ្វើការវិភាគសរុបទូទាំងប្រទេស មានចំនួន៥.៧៦៨ករណីផងដែរ។ ទោះជាយ៉ាងនេះក្តី ក្រុមការងារសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណិថ្មីជាបន្តបន្ទាប់ទៀត ហើយនឹងបន្តជម្រាបជូនដល់សាធារណជន ប្រសិនបើរកឃើញករណិវិជ្ជមានវីរុសកូវីដ១៩ ថ្មីណាផ្សេងទៀត។

គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៥នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ បុរសជនជាតិម៉ាឡេស៊ី១នាក់ និងជនជាតិខ្មែរ១៩នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៤នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៦នាក់៕

 

កម្ពុជា ទទួលបានថ្នាំបាញ់សម្លាប់មេរោគក្នុងយន្តហោះ និងក្នុងស្ថាប័នថ្នាក់ដឹកនាំកំពូលៗ

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់ថ្នាំបាញ់សម្លាប់មេរោគ ដល់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលកម្ពុជា ចំនួន ២០ធុង(១ធុងចំណុះ២៥លីត្រ) និងឧបករណ៍បាញ់ថ្នាំចំនួន ៤០គ្រឿងសម្រាប់បាញ់លើយន្តហោះ លើព្រះទីនាំង និងប្រើប្រាស់លើទីតាំងដែលចាំបាច់របស់ថ្នាក់ដឹកនាំកំពូលៗ និងព្រះមហាក្សត្រ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះថា ថ្នាំបាញ់ចំនួន ២០ធុង និងឧបករណ៍បាញ់ថ្នាំទាំង ៤០គ្រឿងនេះ មានសារៈសំខាន់ណាស់សម្រាប់បាញ់លើយន្តហោះពិសេស ( VVIP Flight) ដែលជាព្រះទីនាំងនៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួមទាំងថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្រាប់បាញ់លើក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលត្រូវការជាចាំបាច់ ក្នុងគោលបំណងទប់ស្កាត់ និងការពារការរាលដាលមេរោគ កូវិដ ១៩ (COVID 19) ដែលកម្ពុជាបានរកឃើញជាបន្តបន្ទាប់៕

អត្រាឆ្លង និងស្លាប់ដោយ covid19 លើពិភពលោកហក់ឡើងជាង ៨០ម៉ឺននាក់ ស្លាប់ជិត ៤ម៉ឺននាក់

បរទេស ៖ អត្រាឆ្លង និងស្លាប់ដោយសារជំងឺ កូវីដ១៩ នៅលើពិភពលោកបានហក់ឡើងដល់ ៨០០.០២៣នាក់ក្នុងនោះអ្នកជំងឺសរុប ៣៨.៧៤៨នាក់បានស្លាប់ និង ១៦៩.៩៩៣នាក់ បានជាសះស្បើយ។ នេះជារបាយការណ៍របស់សកលវិទ្យាល័យ Johns Hopkins មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រកាសនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

របាយការណ៍ដដែលបង្ហាញថា ប្រទេសដែលមានអត្រាអ្នកឆ្លង COVID-19 ច្រើនជាងគេនោះគឺសហរដ្ឋអាមេរិក មានអ្នកឆ្លងចំនួន ១៦៤.៣៥៩នាក់ ក្នុងនោះអ្នកជំងឺ ៣.១៧៣នាក់បានស្លាប់។ ចំណែក អ៉ីតាលី ក៏ស្ថិតក្នុងចំណោមប្រទេសមានអត្រាស្លាប់ខ្ពស់ដែរ គឺចំនួន ១១.៥៩១នាក់ ក្នុងចំណោមករណីឆ្លងសរុប ១០១.៧៣៩នាក់៕

កូវីដ-១៩ ៖ រដ្ឋាភិបាលលូកដៃអន្តរាគមន៍ដល់អ្នកជំពាក់ធនាគារ និងមីក្រូហិរញ្ញវត្ថុ

ភ្នំពេញ ៖ ក្នុងកាលៈទេសៈ ដែលស្ថានភាពជំងឺកូវីដ១៩ នៅតែបន្តរាលដាល និងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា និងបណ្ដាប្រទេសជាច្រើនលើពិភពលោក រដ្ឋាភិបាលនៃបណ្ដាប្រទេសនីមួយៗ បានលូកដៃកាន់តែច្រើនទៅក្នុងវិស័យឯកជន ដើម្បីសុំអោយវិស័យឯកជន ជួយបន្ធូបន្ថយ និងអនុគ្រោះដល់ប្រជាពលរដ្ឋ ជាក់ស្ដែង ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ រដ្ឋាភិបាលកម្ពុជា បានលូក ដៃចូលអន្តរាគមន៍ស្នើសុំឲ្យគ្រឹះស្ថានទាំងនេះ ជួយបន្ធូរបន្ថយកម្រិតណាមួយ ដើម្បីជួយពលរដ្ឋក្នុងគ្រាដែលពលរដ្ឋកំពុងជួបទុក្ខលំបាកបាត់បង់ចំណូលកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។
យោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានតម្រូវអោយគ្រឹះស្ថានយកចិត្តទុកដាក់ជាមួយអតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែង និងអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យអាទិភាព ដូចជាវិស័យទេសចរណ៍៍ រួមមានសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ វិស័យកាត់ដេរ ដោយបញ្ចូលទាំងកម្មករនិយោជិត វិស័យសំណង់គឺចំពោះតែឥណទានសាងសង់ផ្ទះឬហាងដំបូង និងឥណទានទិញផ្ទះដំបូង និងវិស័យដឹកជញ្ជូន ដោយរាប់បញ្ចូលទាំងអ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បីជាដើម ។

បើតាមលោកង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់នៃក្រុមហ៊ុននិងជាអ្នកវិភាគសេដ្ឋកិច្ចមួយរូបបាននិយាយថាលោកគាំទ្រធនាគារជាតិនៃកម្ពុជាដែលបានចេញសារាចរណែនាំអោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយលក្ខខណ្ឌកម្ចី និងការសងត្រលប់ ។ យ៉ាងណាសារាចរនេះមិនទាន់មានលក្ខណៈបរិយាបន័្ន គ្របដណ្តប់គ្រប់វិស័យនៅឡើយ ពោលគឺមានវិសាលភាពគ្របដណ្តប់តែវិស័យអាទិភាពបួនប៉ុណ្ណោះ រួមមាន (ទេសចរណ៍ សំណង់ កាត់ដេរ និងការដឹកជញ្ជូន)។

លោកបន្តថា ក្នុងកាលៈទេសៈនេះ ធនាគារជាតិគប្បីពង្រីកវិសាលភាពនៃសារាចរនេះអោយគ្របដណ្តប់វិស័យដទៃទៀតត្បិតអីផលប៉ៈពាល់នៃជំងឺឆ្លងកូវីដ១៩នេះមានផលអវិជ្ជមានស្ទើរគ្រប់វិស័យទាំងអស់ ។ លោកជឿជាក់ថាប្រសិនបើស្ថានភាពរីករាលដាលនៃកូវីដ១៩នៅតែបន្ត រដ្ឋាភិបាលប្រហែលជាត្រូវលូកដៃអោយជ្រៅជាងនេះ ។ ឧទាហរណ៍ ដូចជាការទិញផ្ទះបង់រំលស់ជាមួយបុរី ត្បិតវិសាលភាពនៃសារាចរខាងលើមិនមានការគ្របដណ្តប់លើផ្នែកនេះទេ ។

ពាក់ព័ន្ធបញ្ហាដែលកំពុងប្រឈម ពីឥទ្ធិពលនៃជំងឺកូវីដ ១៩នេះដែរ សហជីពកម្ពុជាជាច្រើនបានស្នើអោយរដ្ឋាភិបាលជួយអន្តរាគមន៍ផងដែរ ទៅដល់កម្មករកម្មការិនី រោងចក្រដែលកំពុងរងផលប៉ះពាល់ ពីការអត់ការងារ និងបាត់បង់ចំណូលទាំងស្រុង ។

បើតាមលោកប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា បានអោយដឹងថា រហូតមកដល់ពេលនេះកម្មករប្រមាណ ៣ម៉ឺននាក់ហើយដែលបាត់បង់ការងារ និងចំណូល ហើយបន្តបន្ទាប់ បើសិនជាស្ថានភាពកាន់តែអាក្រក់ទៀតនោះ នៅខែក្រោយៗនេះអត្រាអ្នកអត់ការងារធ្វើនឹងកាន់តែច្រើនៗឡើង ទី១ ស្ថានភាពជំងឺកាន់តែរាលដាល ធ្វើអោយរោងចក្រត្រូវ បិទទ្វារ ដើម្បីការពារ ការរីករាលដាលនៃជំងឺនេះ ។ មួយទៀតនោះបណ្ដាអ្នកបញ្ជាទិញសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងទីផ្សារសហភាពអឺរ៉ុបក៏បានស្នើអោយផ្អាកការដឹកជញ្ជូនទំនិញទៅកាន់ប្រទេសទាំងនោះមួយរយៈ ដោយសារតែ ប្រទេសទាំងនោះ ក៏ជួបបញ្ហាធ្ងន់ធ្ងរពីជំងឺកូវីដ ១៩នេះដែរ ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣១ ខែមីនា ២០២០ កម្ពុជារកឃើញករណីអ្នកផ្ទុកកូវីដ ១៩ ទូទាំងប្រទេសចំនួន ១០៩នាក់ក្នុងនោះ មានអ្នកជាសរុប ២៣នាក់ បូកទាំងជនជាតិចិនម្នាក់ នៅកំពង់សោម ។ ចំណែកស្ថានភាពនៅលើពិភពលោកវិញ ឃើញថា សហរដ្ឋអាមេរិករកឃើញអ្នកផ្ទុកជំងឺនេះ ច្រើនជាងគេរហូតដល់ជាង១៦ម៉ឺននាក់ តែប្រទេសអ៊ីតាលី ជាប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺនេះ ច្រើនជាងរហូតដល់ជាង ១ម៉ឺន ១ពាន់នាក់ ខណៈលើពិភពលោកមានអ្នកស្លាប់សរុបចំនួន ជាង ៣ម៉ឺន ៧ពាន់នាក់ ៕