All posts by មេគង្គ ប៉ុស្តិ៍

ពលរដ្ឋ​សាទរ​ ខណ:ស្ពាន​គៀន​ជ្រៃ​​ ក្នុងស្រុកកំពង់សៀម សាងសង់រួចរាល់មុនកាលកំណត់

ខេត្តកំពង់ចាម​ ៖ ស្ពាន​គៀន​ជ្រៃ​ ដែល​មាន​ទទឹង​ ១០ម៉ែត្រ​ និង​បណ្តោយ ​៩០ម៉ែត្រ​​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្ពាន​ថ្មី​ ឃុំ​គៀន​ជ្រៃ​ ស្រុក​កំពង់​សៀម​ ដែលបាន​ស្ថាបនា​​ឡើង​ក្នុងរយ:ពេល​ជាង​៤ខែ​ លើផែនការ៦ខែ ត្រូវបានបញ្ចប់ការសាងសង់ ហើយ​គ្រោង​អនុញ្ញាត​ឲ្យធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ជា​បណ្ដោះ​អាសន្ន​។ ក្នុង​ពេល​ឆាប់ៗ​​នេះ។​

ព័ត៌មាននេះ បានធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ​សប្បាយ​រីករាយ​ក្នុង​ការ​ទទួល​ស្វាគមន៍​ដំណើរ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ ដែល​បានចុះ​មកពិនិត្យ​ការដ្ឋាន​ខាង​លើ​ នាព្រឹក​ថ្ងៃ​ទី​៣១​ ខែមិនា​ ឆ្នាំ​២០២០​ ​អមដំណើរ​ដោយ​លោក​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ​

គួរ​រំលឹក​ផង​ដែរ​ថា​ ដោយសារទឹកជំនន់​ឆ្នាំ​២០១៩ កន្លងទៅ​នេះ​ ឡើងក៏លឿន ហើយស្រកចុះទៅវិញក៏លឿន បានបង្កឲ្យមានការបាក់ស្រុតដីច្រាំងទន្លេជាច្រើនកន្លែង​ នៅតាមបណ្ដោយដងទន្លេមេគង្គ​ បណ្តាល​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ត្រូវ​កាត់​ផ្តាច់​ ជាមួយ​គ្នានោះ​ស្ពានថ្ម ១កន្លែង នៅ​លើកំណាត់ផ្លូវជាតិលេខ២៧៩(កំពង់ចាម – ស្ទឹងត្រង់) ស្ថិតក្នុង​ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែល​មានទំហំ​ ទទឹង​៤ម៉ែត្រ​ និង​បណ្តោយ​៩០ម៉ែត្រ​ បានកសាងឡើង ក្នុងអំឡុងឆ្នាំ២០០១-២០០២​ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរច្រោះ នា​រដូវ​ទឹកសម្រក​ បណ្ដាលឲ្យលេចចេញគ្រឹះផ្នែកខាងក្រោមនៃសរសរ​ជើងស្ពាន ដេីម្បី​បញ្ចៀស​នូវ​គ្រោះ​ថ្នាក់​ជាយថាហេតុ​ ដោយ​សារ​ការ​ធ្វេី​ចរាចរ​លើ​ស្ពា​ន​ដែល​ត្រូវ​បាត់បង់​គុណភាព​នេះ លោក អ៊ុន​​ ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ស្នើដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មានការអត់ធ្មត់ ដោយតម្រូវឲ្យធ្វើចរាចរ​ ទៅតាមផ្លូវវាង​ក្រោម​ស្ពាន​ ជាបណ្ដោះអាសន្នសិន​ ដោយ​ត្រូវ​រង់ចាំក្រសួង​អភិវឌ្ឍន៍ជនបទ​ រៀបចំ​គម្រោង​​ស្ថាបនា​ស្ពានបេតុង​ថ្មី​ ជំនួស​ស្ពាន​ចាស់​ ដែល​ត្រូវ​រុះរើ​ ​ ឲ្យ​បាន​មុន​រដូវ​ទឹក​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ ដែល​មាន​ទទឹង​រហូត​ដល់​១០.ម៉ែត្រ​ និង​បណ្តោយ​៩០ម៉ែត្រ​ ផង​ដែរ​ ៕ ដោយ ៖ ប៉ែន សុផល

«ត្រីឆ្តោស៊ីកូនឯង» អាយុ១៤ឆ្នាំ នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម ៖ បុរសវ័យ ៣៨ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលពាក្យបណ្តឹងពីបទចោទ រំលោភសេពសន្ថវៈលើកូនស្រីបង្កើតរបស់ខ្លួនអាយុ ១៤ឆ្នាំ បានសម្រេចចំនួនពីរលើក។

អ្នកភូមិនៅកន្លែងកើតហេតុ បានដៀលត្មិះបុរសរូបនេះកប់ៗមាត់ ដោយប្រដូចទៅនឹងសត្វតិរិច្ឆាន ឬអញនកខ្លះស្រែកដៀលថា ជាត្រីឆ្តោស៊ីកូនឯង។ បុរសរូបនេះ ត្រូវបានកំលាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានរំលោភសេពសន្ថវៈលើកូនស្រីបង្កើតរបស់ខ្លន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០ និង៣០នាទី នៅចំណុចភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្មេងស្រីរងគ្រោះអាយុ ១៤ឆ្នាំ រស់នៅជាមួយជនសង្ស័យជាឪពុកបង្កើតឈ្មោះ ពៅ ហា ភេទប្រុស អាយុ ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញនៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម បានដឹកនាំនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរកា ចុះចាត់វិធានការជាបន្ទាន់ ទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរុករកជនសង្ស័យរហូតដល់វេលាម៉ោង ១៣ និង២០នាទីថ្ងៃដដែល ទើបឃាត់ខ្លួនបានជនសង្ស័យខាងលើ និងបានបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីបំពេញសំណុំបែបបទតាមនីតិវិធី។ ជនសង្សយ័បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈលើកូនស្រីខ្លួន ចំនួន២លើកពិតប្រាកដ ហើយទើបបែកការណ៍បន្ទាប់ពីខ្លួនបានប្រព្រឹត្តិលើកទី២ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និ៣០នាទី។ ប៉ូលិសបានអោយដឹងថា ករណីនេះសមត្ថកិច្ចយើងកំពុងរៀបចំកសាងឯកសារ និងសំណុំរឿង និងត្រៀមបញ្ជូនជនត្រូវចោទទៅតុលាការខេត្តកំពង់ចាម ដើម្បីចាត់ការតាមច្បាប់៕

រដ្ឋសភាកម្ពុជា«ចូលកង» តែមិនបានបើកសម័យប្រជុំដោយសារបញ្ហាកូវីដ១៩

ភ្នំពេញ ៖ តាមការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គឺរដ្ឋសភា នឹងត្រូវបើកសម័យប្រជុំលើកទី៤ នីតិកាលទី៦ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះជាកំណត់ តែដើម្បីទប់ស្កាត់ការរាលដាលនៃ វីរុសកូវីដ ១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចមិនអញ្ជើញតំណាងរាស្ត្រចូលរួមពិធីបើកសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នាពេលនេះឡើយ។
សូមជម្រាបថា ការបើកសម័យប្រជុំថ្មីនៃរដ្ឋសភា ត្រូវអញ្ជើញតំណាងរាស្ត្រ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមបើកក្នុងសម័យប្រជុំនោះ នៅវិមានរដ្ឋសភាជាតិ ក្រោមអធិបតីភាពប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន និងអនុប្រធានទាំងពីរ។ តែការបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នេះ មិនបានធ្វើដូចទម្លាប់រាល់ដងនោះឡើយ ដោយសារហេតុផលនៃជំងឺ កូវីដ ១៩៕
គួររំឭកថា សម័យប្រជុំលើកទី៣ នីតិកាលទី៦ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ កន្លងទៅ ដែលរហូតមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ ការឈប់សម្រាកគម្រប់រយៈពេល៣ខែ ដែលសមាជិករដ្ឋសភាទាំងអស់ត្រូវ«ចូលកង» ដោយអញ្ជើញតំណាងរាស្ត្រចូលរួមបើកសម័យប្រជុំរបស់ខ្លួនតាមកាលកំណត់៕

ល្ងាចមិញ! ខ្យល់កន្រ្តាក់វាយប្រហារក្រុងស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង ធ្វើឲ្យខូចខាតផ្ទះជាច្រើនខ្នង

ខេត្តបាត់ដំបង ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ផ្ទះជាច្រើនខ្នងស្ថិតនៅក្នុងក្រុងបាត់ដំបង ស្រុកមោងឬស្សី ក៏ដូចជាស្រុករុក្ខគិរី នៃខេត្តបាត់ដំបង បានរងការខូចខាត ក្រោយពីមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម ដែលបានជូនដំណឹងកាលពីដើមសប្តាហ៍នេះឲ្យដឹងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបលើផ្ទៃដី ជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ដែលនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពពី ៣៤ ដល់៣៧អង្សាសេ ហើយចាប់ពីថ្ងៃទី២-៦ ខែមេសា បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ចំណែកបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងតិច។
ជាមួយគ្នានេះ ក្រសួងក៏ស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានចាប់ពីថ្ងៃទី២-៦ ខែមេសា៕

តំបន់ខ្លះនៅភ្នំពេញ នឹងផ្តាច់ចរន្តអគ្គសិនី ៥ថ្ងៃដើម្បីជួសជុលបណ្តាញ

ភ្នំពេញ ៖ ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី២ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ មានតំបន់មួយចំនួនក្នុងរាជធានី និងជាយរាជធានីភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីជាបណ្តោះអាសន្ន ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ។
បើតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២ ខែមេសា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នៅសង្កាត់អូរឬស្សីទី៣ ចោមចៅទី២ ជើងឯក ជ្រោយចង្វារ គោករកា បឹងទំពន់ទី១ បឹងទំពន់ទី២ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ច្បារអំពៅទី១ ច្បារអំពៅទី២ ព្រែកប្រា និរោធ ព្រែកលៀប ព្រែកតាសេក អូរបែកក្អម ភ្នំពេញថ្មី កាកាបទី១ កាកាបទី២ និងសង្កាត់ចោមចៅទី១។
នៅថ្ងៃទី៣ ខែមេសា ផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង៩ព្រឹក ដល់៥ល្ងាច នៅសង្កាត់គោករកា និរោធ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ចាក់អង្រែលើ ចាក់អង្រែក្រោម ព្រែកលៀប ព្រែកតាសេក អូរបែកក្អម ភ្នំពេញថ្មី កាកាបទី១ កាកាបទី២ និងសង្កាត់ចោមចៅទី១ ព្រមទាំងសង្កាត់តាក្តុល ដើមមៀន កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ ក្នុងខេត្តកណ្តាល។
នៅថ្ងៃទី៤ ខែមេសា ផ្អាកការផ្គត់ផ្គង់ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ច្រាំងចំរេះទី១ ស្ទឹងមានជ័យទី២ ជ្រោយចង្វារ កំបូល ឪឡោក និងសង្កាត់កន្ទោក ក្នុងរាជធានីភ្នំពេញ ព្រមទាំងសង្កាត់តាខ្មៅ ឃុំបែកចាន ឃុំក្រាំងម្កាក់ និងឃុំឆក់ឈើនាង ក្នុងខេត្តកណ្តាល។ ចំណែកនៅថ្ងៃទី៥ ខែមេសា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច នៅសង្កាត់និរោធ ក្រាំងធ្នង់ ត្រពាំងក្រសាំង ចោមចៅទី៣ កំបូល និងសង្កាត់កន្ទោក ក្នុងរាជធានីភ្នំពេញ៕

កូវីដ ១៩ ៖ កម្ពុជា រងផលប៉ះពាល់ទាំងផ្នែកសង្គម និងកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ ថ្លែងក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹក ថ្ងៃទី២ ខែមេសា នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អគ្គបណ្ឌិតសភា ចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ពាក់ព័ន្ធជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩ ទោះបីកម្ពុជា មិនទាន់មានការបាត់បង់ជីវិតនៅឡើយក្តី តែជំងឺនេះបាននិងកំពុងបន្តគំរាមកំហែងដល់សង្គមកម្ពុជា និងមានផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច ដែលកំពុងលេចរូបរាងកាន់តែច្បាស់ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្តិចម្តងៗ ជាពិសេសជះឥទ្ធិពលលើវិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចធំៗពីរ រួមមាន វិស័យកាត់ដេរ និងទេសចរណ៍។
លោកបានបន្តថា បានរំលឹកថា សម្តេចនាយក រដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការបន្ទាន់ចំនួន ២ជុំ រួចមកហើយ ក្នុងនោះជុំទី១ ចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងជុំទី២ ចាប់ផ្តើមនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ដើម្បីជួយឲ្យធុរកិច្ចអាចបន្តអាជីវកម្មរបស់ខ្លួនបាន និងជួយសម្រួលដល់កម្មករ និយោជិតផងដែរ។
លោកបន្តថា ស្ថិតក្នុងគោលការណ៍កាត់បន្ថយផលប៉ះពាល់ជម្ងឺកូវីដ១៩នេះ សម្តេចនាយក រដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការបន្ទាន់ចំនួន២ជុំរួចមកហើយ ក្នុងនោះជុំទី១ ចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងជុំទី២ ចាប់ផ្តើមនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ថ្មីៗនេះ ដើម្បីជួយឲ្យធុរកិច្ចអាចបន្តអាជីវ កម្មបាន និងជួយសម្រួលដល់កម្មករនិយោជិតផងដែរ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន បានបញ្ជាក់ថា ៖ ពាក់ព័ន្ធនឹងជម្ងឺរាតត្បាតរលាកផ្លូវដង្ហើមកូវីដ១៩នេះ បច្ចុប្បន្នវាកំពុងរាតត្បាតនៅ ក្នុងខណៈប្រទេសក្នុងអាស៊ាន នៅអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងក្លាយ ជាមជ្ឈមណ្ឌលនៃការរាតត្បាតជំងឺដ៏កាចសាហាវនេះ៕

តម្លៃ​ប្រេង​នឹង​បន្ត​ដាំក្បាលចុះ ខណៈតម្រូវការប្រេងធ្លាក់ចុះនៅទូទាំងពិភពលោក

ញូវយ៉ក ៖ តម្លៃប្រេង បានបន្តដាំក្បាលចុះ បន្ទាប់ពីបរិមាណស្តុកប្រេងរបស់អាមេរិក បានកើនឡើង កាលពីសប្ដាហ៍មុន ដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦មក ខណៈតម្រូវការប្រេងបានធ្លាក់ចុះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩នៅទូទាំងពិភពលោក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន  REUTERS។

របាយការណ៍របស់រដ្ឋបាលព័ត៌មានថាមពលអាមេរិកបានឱ្យដឹងថា បរិមាណប្រេងស្តុករបស់អាមេរិក បានកើនឡើង ១៣,៨ លានបារ៉ែលកាលពីសប្ដាហ៍មុន។ កំណើននេះ ត្រូវបានអ្នកជំនាញព្យាករណ៍ថា  នឹងបន្តកើតមានក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត។

ទីផ្សារបានដាំក្បាលចុះ បន្ទាប់ពីតម្រូវការប្រេងបានធ្លាក់ចុះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ និងការបង្កើនការចម្រាញ់ប្រេងបន្ថែមរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសរុស្ស៊ី។ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌឺមៀ ពូទីន កាលពីថ្ងៃពុធ បានស្នើឱ្យក្រុមហ៊ុនផលិតប្រេងសាកលលោក និងអតិថជនទាំងអស់ រួមគ្នាដោះស្រាយបញ្ហាប្រឈមនៃទីផ្សារប្រេង ខណៈលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា តម្លៃប្រេងបច្ចុប្បន្ន “ថោកជាងទឹក” ទៅទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មមួយនេះ៕

 

 

កម្ពុជាផ្តល់ការលើកទឹកចិត្តដល់អ្នកវិនិយោគ ឲ្យមានភាពជឿជាក់ក្នុងការដាក់ទុន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគ និងបានខិតខំបង្កបរិយាកាសឱ្យអ្នកវិនិយោគមានភាពជឿជាក់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។
ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិនិយោគិនទាំងអស់ ខណៈដែលកម្ពុជាកំពុងចាត់វិធានការធ្វើកំណែទម្រង់,ពង្រីក ទីផ្សារ, ជំរុញវិមាត្រសេដ្ឋកិច្ច និងគាំទ្រការប្រកួតប្រជែងក្នុងក្របខ័ណ្ឌទីផ្សារសេរីប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។

នេះជាអ្វីដែលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជម្រាបជូនលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជាដែលត្រូវបញ្ចប់បេសកកម្មការទូត នាជំនួបកាលពីម្សិលមិញ។

ក្នុងជំនួបនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះប្រជាជន និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ការកសាងសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាតាំងពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ន នេះ ។ លោកថា សមិទ្ធិផលប្រកបដោយផ្លែផ្កានៃការអភិវឌ្ឍដែលកម្ពុជាទទួលបាន មិនអាចកាត់ផ្តាច់
ពីការគាំទ្ររបស់រដ្ឋាភិបាលរុស្ស៊ី និងដៃគូអភិវឌ្ឍន៍នានាសោះហើយ។ ជាក់ស្តែង ក្នុងអាណត្តិការទូតរបស់ ឯកឧត្តម Dmitry Tsvetkov នៅកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងរុស្ស៊ី ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ហើយបាននាំមកនូវលទ្ធផលដ៏ត្រចះត្រចង់ ជា ពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច,ពាណិជ្ជកម្ម, វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។

នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីឥទ្ធិពលនៃការរាតត្បាតនៃជម្ងឺកូវីត១៩ ដែលបានធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសនានាលើសកលលោក និង សេណារីយ៉ូមួយចំនួនសម្រាប់ដោះស្រាយ និងទប់ស្កាត់ចំពោះផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា៕

ចំនួនអ្នកឆ្លង COVID-19 ទូទាំងពិភពលោកកើនដល់៩៣៥,៥៨១នាក់ ខណៈជាង៤៧,០០០នាក់ស្លាប់

បរទេស ៖ គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ នេះបានបង្ហាញឲ្យដឹងថា ចំនួនករណីសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងសកលលោកបានកើនដល់ ៩៣៥,៥៨១នាក់ហើយ ដោយក្នុងនោះ៤៧,២២៣នាក់ស្លាប់បាត់បង់ជីវិត និង១៩៤,២៦០នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ។ នេះបើយោងតាមគេហទំព័រពិភពលោក worldometers។

គេហទំព័រនេះដដែលបានបង្ហាញថា សម្រាប់ប្រទេសដែលឈរលេខ១ ក្នុងតារាងមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានចំនួន២១៥,០៨១នាក់ ក្នុងនោះអ្នកជំងឺ៥,១០៩ស្លាប់។ សម្រាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ គឺប្រទេសអ៊ីតាលី និងអេស្ប៉ាញនៅបន្តបន្ទាប់គ្នា ដែលមានករណីឆ្លងសរុបលើសពី ១០០,០០០ករណីរៀងៗខ្លួន។

ដោយឡែកសម្រាប់ប្រទេសចិនវិញដែលកន្លងមកត្រូវបានគេចាត់ទុកថា ជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺដ៏កាចសាហាវនេះតាំងពីដើមទី ឥឡូវនេះបានធ្លាក់មកត្រឹមចំណាត់ថ្នាក់លេខ៤ ដែលមានអ្នកឆ្លងសរុបជាង៨០,០០០ករណី នៅទូទាំងប្រទេស ពោលគឺមានចំនួនតិចជាងសហរដ្ឋអាមេរិក រហូតដល់ជាង១៣៣,០០០ករណីឯណោះ៕

 

ក្រសួងអប់រំ ប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២០

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅវិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបង។

បើតាមក្រសួងបានបញ្ជាក់ថា ការសម្រេចផ្អាកនេះធ្វើឡើងដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ ១៩ ( Covid-19 ) ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

 

មេបញ្ជាការ​នាវាចម្បាំង​អាមេរិក​ដ​ង្ហើ​យ​សុំ​បញ្ជូនទាហាន​ផ្ទុកមេរោគ COVID-19 ឡើងគោក​

អាមេរិក ៖ មេបញ្ជាការ​នៃ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​មួ​យ​គ្រឿង ដែល​កំពុង​សំចត នៅ​កំពង់ផែ​កោះ​ហ្គាំ ខណៈ​នេះ​បាន​សរសេរ​លិខិត​មួយច្បាប់​ទៅ​ក្រសួងការពារជាតិ​អាមេរិក ដើម្បី​ស្នើ​ឲ្យ​បញ្ជូន​នាវិក​ដែល​ផ្ទុកមេរោគ COVID-19 ជាង​១០០​នាក់​ដែល​កំពុង​បង្កក្តី​បារម្ភ​យ៉ាងខ្លាំង។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បាន​បដិសេធ​ចំពោះ​សំណើ​នេះ។​

​សូមជម្រាបថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​កងទ័ពជើងទឹក​អាមេរិក ឈ្មោះ USS Theodore Roosevelt កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល នូវ​មេរោគ​កូ​វីដ​១៩​។ យោងតាម​លិខិត របស់លោក Brett Crozier មេបញ្ជាការ​ដឹកនាំ​នាវា​នេះ បាន​ឲ្យ​ដឹងថា កាលពី​សប្តាហ៍​មុន គេ​បាន​រកឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ ចំនួន​៣​នាក់ ក្នុងចំណោម​កង​នាវិក​ទាំងអស់​ចំនួន​៤០០០​នាក់ នៅលើ​នាវា​។ តែ​រំលង​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ បាន​កើនឡើង​ជាង​១០០​នាក់​ឯណោះ។​

​មេបញ្ជាការ​នាវា​ខាងលើ​បាន​បញ្ជាក់ថា ប្រសិនបើ​ក្រសួងការពារជាតិ បើកភ្លើង​ខៀវ អនុញ្ញាត​ឲ្យ​កង​នាវិក​មួយចំនួនធំ អាច​ឡើងគោក ហើយ​ស្នាក់នៅ​ដាច់ដោយឡែក រយៈពេល​២​សប្តាហ៍​នោះ នោះ​គឺជា​រឿង​ល្អ​បំផុត​។ លោក​បន្តថា មនុស្ស​៤០០០​នាក់ ស្ថិតនៅលើ​នាវា​តែមួយ គឺ​ពិតជា​មានការ​លំបាក​ខ្លាំងណាស់ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​។ ប៉ុន្តែ​សំដី​ចុងក្រោយ​របស់​មេបញ្ជាការ​រូប​នោះបាន​លើកឡើងថា កាលៈទេសៈ​នេះ​គឺ គ្មាន​សង្គ្រាម​ទេ ដូច្នេះ​មិនគួរ​បណ្តោយ​ឲ្យ​ទាហាន​ស្លាប់​ទទេរៗ​នោះឡើយ​៕

​

 

មន្ត្រីជំនាញព្រំដែន ៖ ករណីវៀតណាមដេញពលរដ្ឋខ្មែរមិនឲ្យធ្វើស្រែនៅស្រុកញាក្រែកជាព័ត៌មានបំផ្លើស

ខេត្តត្បូងឃ្មុំ ៖ គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា បានច្រានចោលព័ត៌មានដែលលើកឡើងថា វៀតណាម  រារាំងពលរដ្ឋខ្មែរមិនឱ្យធ្វើស្រែលើដីខ្លួនក្នុងភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ការបដិសេធនេះ បានធ្វើឡើងនៅក្រោយពេលហ្វេសប៊ុកផេក William Guang របស់លោក សុខសុវណ្ណវឌ្ឍនា សារាបុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបង្ហោះនូវវីដេអូ និងសារពាក់ព័ន្ធនឹងការចូលមកដេញពលរដ្ឋខ្មែរមិនឱ្យធ្វើស្រែក្នុងដីខ្មែរដោយទាហានវៀតណាម។

 

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ ខែមីនា គណៈកម្មាធិការចម្រុះព្រំដែន បានប្រកាសទាត់ចោលការលើកឡើងនេះ ដោយថា ចាត់ទុកជាព័ត៌មានក្លែងក្លាយ បំផ្លើសការពិត ដោយអះអាងថា ដីទាំងនោះមុនការបោះព្រំដែន គឺស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ដោយគ្មានពលរដ្ឋខ្មែរណាម្នាក់ធ្លាប់គ្រប់គ្រងទីនោះពីមុនមកទេ៕

ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១នាក់ ខណៈអ្នកជំងឺ៩នាក់បន្ថែមទៀតបានជាសះស្បើយ

ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលបានចេញប្រកាសនូវដំណឹងរីករាយបន្តទៀតហើយថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់៩នាក់ ធ្វើឲ្យចំនួនអ្នកជាកើនឡើងរហូតដល់៣៤នាក់ ខណៈរកឃើញអ្នកឆ្លងថ្មីតែម្នាក់ប៉ុណ្ណោះ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៧៦នាក់ នៃអ្នកឆ្លងសរុប១១០នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល៕ 

រណីជាសះស្បើយចំនួន០៩នាក់ថ្មីនេះ មានជនជាតិខ្មែរ១នាក់ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ជនជាតិប៊ែលហ្សិក១នាក់ អាយុ៣៣ឆ្នាំ នៅរាជភ្នំពេញ និងជនជាតិបារាំង៧នាក់ នៅខេត្តព្រះសីហនុ។

ដោយឡែកករណីរកឃើញអ្នកជំងឺកូវីដថ្មី១ករណីនេះវិញ គឺឆ្លងនៅលើបុរសជនជាតិខ្មែរម្នាក់ (រស់នៅសណ្ឋាការមួយក្នុងខេត្តព្រះសីហនុ)។ បុរសរូបនេះជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ និងប៉ះពាល់ជាមួយនឹងភ្ញៀវទេសចរបារាំងទាំងអស់ ដែលរកឃើញមានផ្ទុកកូវីដ១៩ នៅខេត្តព្រះសីហនុកន្លងមក៕

 

 

អាជ្ញាធរខេត្តក្រចេះ ប្រកាសជួយដឹកជញ្ជូនពលករខ្មែរដែលចេញពីប្រទេសថៃ ត្រឡប់ទៅផ្ទះវិញ

ខេត្តក្រចេះ ៖ ថ្លែងក្នុងកិច្ចប្រជុំពិសេសមួយ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ បានណែនាំឱ្យត្រៀមលក្ខណៈក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរបណ្តាខេត្តដែលជាព្រំប្រទល់ប្រទេសថៃ ដើម្បីស្រង់នូវស្ថិតិ និងជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលជាពលករទៅធ្វើការនៅប្រទេសថៃមកខេត្ត វិញ។

លោកអភិបាលរងខេត្ត បានឲ្យដឹងថា គិតមកទល់ពេលនេះ មានបងប្អូនពលករវិលចូលស្រុកចំនួន ២៥៦នាក់ ហើយអាជ្ញាធរមូលដ្ឋានបានដាក់ពួកគាត់ឲ្យរស់នៅដាច់ដោយឡែកពីគេរយ:ពេល១៤ថ្ងៃ និងបានតាមដានសុខភាពជាប្រចាំ។

លោកក៏បានស្នើឱ្យអាជ្ញាធរស្រុក-ក្រុងទាំង៦ នៃខេត្តក្រចេះ បន្តស្វែងរកបន្ថែម ដោយធ្វើការតាមដានត្រួតពិនិត្យពីស្ថានភាពសុខភាព និងត្រៀមបញ្ចេញមធ្យោបាយដឹកជញ្ជូនពួកគាត់វិលចូលស្រុកវិញ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ៕

គុយបាសន្យាជំរុញទេសចរ និងវិនិយោគិនមកកម្ពុជាបន្ថែមទៀត ក្រោយវិបត្តិ Covid-19 

ភ្នំពេញ ៖ ស្ថានទូតគុយបាប្រចាំរាជធានីភ្នំពេញ បានបង្ហាញពីការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះវិស័យទេសចរណ៍ក៏ជាវិស័យសំខាន់មួយ ដែលនៅតែបន្តការរីកចម្រើន និងចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ខណៈវត្តមានភ្ញៀវទេសចរ និងវិនិយោគិនគុយបាក៏មាននៅកម្ពុជាដែរ។

ប៉ុន្តែដូចដែលបានដឹងហើយថា ដោយសារការរីករាលដាលជំងឺ Covid-19 បានធ្វើឱ្យពិភពលោកជួបនូវវិបត្តិធ្ងន់ធ្ងរ ពិសេសវិស័យទេសចរណ៍ក៏រងនូវផលប៉ះពាល់យ៉ាងខ្លាំង។ មិនខុសពីសភាពការណ៍ទូទៅក្នុងពិភពលោកប៉ុន្មានដែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគរបស់គុយបា បានចាកចេញពីប្រទេសកម្ពុជាស្ទើរតែទាំងអស់ ដោយសារតែអ្នកខ្លះក៏ត្រូវផុតទិដ្ឋការ អ្នកខ្លះក៏ចង់ត្រលប់ទៅមាតុភូមិវិញ ស្របពេលនឹងការភ័យខ្លាចការឆ្លងជំងឺ Covid-19, នេះបើតាមលោកស្រី លីយួរកា រ៉ូទ្រីហ្គេស ប៉ារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា។

នៅក្នុងកិច្ចពិភាក្សាការងារជាមួយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ លោកស្រី លីយួរកា រ៉ូទ្រីហ្គេស ប៉ារីយ៉ូស បានសន្យាថា ចាំដល់ពេលវិបត្តិជំងឺ Covid-19 រសាយផុតចេញពីពិភពលោក សាធារណរដ្ឋគុយបានឹងបន្តជំរុញឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។

លោកស្រី លីយួរកា រ៉ូទ្រីហ្គេស បានបញ្ជាក់ថា ភាគីគុយបានៅតែបន្តគាំទ្រ និងពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជា ខណៈលោករដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញការពេញចិត្តចំពោះទំនាកទំនងមិត្តភាព ដែលប្រទេសទាំងពីរសម្រេចបានកន្លងមក។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតគុយបា ធ្វើយ៉ាងណាជួយសហការឱ្យមានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអេស្ប៉ាញរបស់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត ពីព្រោះប្រជាពលរដ្ឋគុយបា និងប្រជាពលរដ្ឋនៅប្រទេសនានាក្នុងទ្វីបអាមេរិកខាងត្បូង (លើកលែងតែប្រេស៊ីល) ភាគច្រើនគឺនិយាយភាសាអេស្ប៉ាញ។

លោកបណ្ឌិត ថោង ខុន បានបន្តថា កម្ពុជាក៏ទទួលបានភ្ញៀវទេសចរនិយាយភាសាអេស្ប៉ាញយ៉ាងច្រើនផងដែរ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ៦.៦លាននាក់ ដែលកម្ពុជាទទួលបាននៅឆ្នាំ២០១៩ កន្លងទៅ។

គួរបញ្ជាក់ថា កម្ពុជា និងគុយបាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦០ ឆ្នាំមកហើយ ខណៈប្រទេសមិត្តទាំងពីរក៏គ្រោងប្រារព្ធទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងការទូតរួមគ្នាផងដែរ ប៉ុន្តែត្រូវចាំដល់ស្ថានការណ៍ Covid-19 ធូរស្បើយសិន៕