ភ្នំពេញ ៖ សម្តេច ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានចេញបញ្ជាណែនាំបន្ថែមក្នុងការដោះស្រាយជូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃកន្លងមកចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនទៅដល់៦ម៉ឺននាក់។
ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចតេជោ បានណែនាំទៅក្រសួងសុខាភិបាលថា ៖ «ត្រូវតាមដានត្រួតពិនិត្យនៅតាមទល់ដែនអោយបានហ្មត់ចត់ ហើយក្នុងនោះត្រូវត្រៀមរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ និងរៀបចំទីកន្លែងពិនិត្យសុខភាពអោយបានល្អដល់ពលករ។ ក្រសួងសុខាភិបាលត្រូវធ្វើជាម្ចាស់ការលើការងារនេះ ហើយសហការជាមួយក្រុមការងារនៅតាមព្រំដែនទាំងអស់។ ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង, ភួយ, កន្ទេល, ខ្នើយ, ក្រមា សម្រាប់ប្រគល់ជូនបងប្អូនកូនក្មួយពលករដែលត្រូវដាក់អោយស្នាក់នៅដាច់ដោយឡែកបណ្តោះអាសន្នចំនួន១៤ថ្ងៃ ដូចជានៅតាមសាលារៀន តាមសហគម ឬនៅតាមលំនៅដ្ឋានជាមួយក្រុមគ្រួសារជាដើម»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ៖ «ពេលណាបងប្អូនចាកចេញពីទីនោះ គឺសូមប្រគល់សំម្ភារៈទាំងនោះជូនទៅគាត់យកទៅប្រើប្រាស់តែម្តង។ ចំពោះមធ្យោបាយសម្រាប់ដឹកជញ្ជូនបងប្អូនកូនក្មួយពលករវិញ គឺត្រូវប្រើប្រាស់រថយន្តកងទ័ពមកពីកងពលលេខ៩០ និង កងពលលេខ៩៩ ដែលត្រូវរៀបចំដាក់ដំបូលអោយបានស្រួល។ មកទល់ពេលនេះ បងប្អូនកូនក្មួយពលករទាំងអស់ដែលបានវិលត្រឡប់មកប្រទេសវិញ គឺមិនមានបង្ករហានិភ័យណាមួយនៅតាមសហគមនៅឡើយទេ»។
សម្តេច ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរដល់ថ្នាក់ភូមិ, ថ្នាក់ឃុំ, ស្រុក និងថ្នាក់ជាតិ ដែលបានចុះជួយនៅតាមមូលដ្ឋាន ក្នុងនោះរួមទាំងការអប់រំឃោសនា ផ្សព្វផ្សាយណែនាំទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជា គ្រប់គ្រងស្ថានការណ៍បានល្អមកទល់ពេលនេះ៕
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំថ្មីមួយបន្ថែមទៀត ស្តីពីវិធានការ ការពារការចម្លងវីរុសកូវីដ១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលមានផ្ទុកអ្នកដំណើរច្រើនចាប់ពី១០នាក់ឡើងទៅ។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្រសួងសូមណែនាំដល់ម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលមានផ្ទុកគ្នាច្រើនលើសពី១០នាក់ដូចខាងក្រោម៖
* បើកបង្អូចរថយន្ត ឲ្យខ្យល់ចេញចូល (ដោយមិនប្រើម៉ាស៊ីនត្រជាក់)
* លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស ឬក្រម៉ាខ្ចប់មាត់ ច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុ នៃវីរុសផ្តាសាយផ្សេងៗ រួមទាំងកូវីដ១៩ផងដែរ
* ត្រូវសំអាតរថយន្តជាប្រចាំ ដោយប្រើប្រាស់ទឹកសាប៊ូ និងជូនអាល់កុល តាមធ្នាក់កៅអី
* ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬជែលអាល់កុល ឲ្យអ្នកដំណើរលាងដៃ ពេលឡើងលើរថយន្ត
* ចំពោះអ្នកបើកបររថយន្តទាំងនោះ បើមានរោងសញ្ញា ដូចជាផ្តាសាយ ត្រូវតែផ្អាកការបើកបរ ជាបណ្តោះអាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈ ដើម្បីត្រួតពិនិត្យសុខភាព៕
ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់១៥នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៤៩នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦៥នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល៕
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃ នាថ្ងៃទី៣ ខែមេសាឆ្នាំ ២០២០ នេះបានចេញសេចក្តី ជូនដំណឹងស្ដីពីរាជរដ្ឋាភិបាលថៃប្រកាសដាក់បម្រាមគោចរនៅទូទាំងប្រទេស។
ក្នុងសេចក្តីជូនដំណឹងបានចែងថា រដ្ឋាភិបាលថៃហាមមិនឱ្យប្រជាពលរដ្ឋទូទាំងប្រទេសចេញក្រៅផ្ទះចាប់ពីម៉ោង ១០យប់ រហូតដល់ម៉ោង ៤៖00 ព្រឹក លើកលែងតែមានការណីចាំបាច់ដូចជា អ្នកបំពេញការងារផ្នែកវេជ្ជសាស្ត្រ ធនាគារ ការដឹកជញ្ជូន គ្រឿងបរិក្ខារ គ្រឿងបរិភោគ ផលិតផលកសិកម្ម បរិក្ខារពេទ្យ កាសែត ប្រេងឥន្ធនៈ ការនាំចេញនាំចូល ជាដើម។
សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋខ្មែរដែលនៅប្រទេសថៃទាំងអស់ សូមអនុវត្តតាមបម្រាមគោចររបស់អាជ្ញាធរថៃឲ្យបានខ្ជាប់ខ្ជួន ក្នុងករណីពលរដ្ឋខ្មែរនៅថៃមានបញ្ហាអ្វីមួយនៅក្នុងអំឡុងពេលនេះសូមទាក់ទងផ្តល់ព័ត៌មានទៅស្ថានតំណាងកម្ពុជាប្រចាំនៅថៃ តាមរយៈលេខទូរសព្ទ ០៩២ ៨០ ៥០ ៥៦១ និងលេខ ០៩៤ ០៩ ២៥ ៩០៥។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ៖
បាងកក ៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន១០៣នាក់ថែមទៀត ធ្វើឡើងចំនួនអ្នកឆ្លងជំងឺកើនដល់កើនដល់១,៩៧៨នាក់ ហើយអ្នកជំងឺ០៤នាក់ក៏ទើបតែបានបាត់បង់ជីវិតផងដែរ ដែលសរុបកើនដល់១៩នាក់ និងជាសះស្បើយចំនួន៥៨១នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យមជ្ឈមណ្ឌលទទួលបន្ទុកស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃ លោក Taweesin Wisanuyothin បានបញ្ជាក់ថា អ្នកជំងឺដែលស្លាប់គឺជាបុរសជនជាតិថៃទាំងអស់ ក្នុងនោះម្នាក់អាយុ៥៩ឆ្នាំ ដែលធ្វើការនៅលើរថភ្លើងមួយខ្សែ ហើយ៣នាក់ទៀតអាយុចន្លោះ៧២-៨៤ឆ្នាំ មានជាប់ពាក់ព័ន្ធការចូលរួមទស្សនាការប្រកួតប្រដាល់មួយ នៅទីក្រុងបាងកក ដែលជាប្រភពនៃការឆ្លងរាលដាលដ៏ធំមួយ នៅក្នុងប្រទេសថៃ។
សូមជម្រាបថា រដ្ឋាភិបាលថៃកំពុងបន្តស្ថិតក្រោមគ្រាមានអាសន្ន ចាប់ពីយប់ថ្ងៃសុក្រនេះ និងព្រមានចាប់ផ្តើមអនុវត្តបម្រាមគោចរនាវេលាយប់ ដែលមានរយៈពេល៦ម៉ោង គឺចន្លោះម៉ោង១០៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីទាបភ្លឺ នៅទូទាំងប្រទេសតែម្តង ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19៕
ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់មកនៅត្រឹម ២,៣% សម្រាប់ឆ្នាំ ២០២០នេះ និន្នាការនេះ គឺដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា ឬCOVID-19។ នេះបើយោងតាមការព្យាករណ៍របស់ធនាគារ អភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ។
លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេស កម្ពុជា មានប្រសាសន៍ថា ៖ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងហក់ឡើងវិញដល់ ៥,៧% ក្នុងឆ្នាំ ២០២១ ខាងមុខ ប្រសិនបើជំងឺរាតត្បាតនេះត្រូវបញ្ចប់ ហើយសកម្មភាពសេដ្ឋកិច្ច នឹងវិល មករកប្រក្រតីភាពវិញ។ លោកស្រី បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ វិធានការត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ដោយជំងឺកូវីដ១៩ ដែលមិនធ្លាប់ កើត មានពីមុនមកនេះ ដូចជាការគាំទ្របៀវត្សរ៍ដល់កម្មករកាត់ដេរ ក៏ដូច ជាការសម្រាលពន្ធ និងបំណុលដល់អាជីវកម្មនានា។ លោកស្រីថា រាជរដ្ឋាភិបាល ក៏បានរៀបចំថវិកាបំរុង សម្រាប់អន្តរាគមន៍ចាំបាច់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនេះ ទៅលើសេដ្ឋកិច្ចជាតិ ជាពិសេសទៅ លើប្រជាពលរដ្ឋដែលងាយរងគ្រោះ។
បើតាមរបាយការណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ ផ្នែកសេវាកម្មរបស់កម្ពុជា នឹង ធ្លាក់ចុះប្រមាណ ១,៧% ដោយសារឱនភាពវិស័យទេសចរណ៍ និងការថមថយនៃកំណើន អចលនទ្រព្យ។ កំណើននៃ វិស័យឧស្សាហកម្ម បានត្រូវព្យាករណ៍ថា នឹងចុះដល់ ៦,៥% ដោយសារកម្រិតទាបនៃផលិតកម្មសំលៀក បំពាក់សម្រាប់ការនាំចេញ ក៏ដូចជាវិស័យ សំណង់ដែលបន្ថយល្បឿន។ អតិផរណាត្រូវបានរំពឹងថា នឹង នៅតែមានអត្រាទាប ដែល ជាមធ្យម ត្រឹម ២,១% ក្នុងឆ្នាំ២០២០ ខណៈដែលកំណើនសេដ្ឋកិច្ច ថយចុះ ហើយអត្រា អតិផរណា នឹងនៅតែទាបក្នុងឆ្នាំ២០២១ ដោយសារតម្លៃប្រេងអន្តរជាតិធ្លាក់ចុះទាប។
ធនាគារអភិវឌ្ឍន៍អាស៊ីបានសំណូមពរថា៖ រាជរដ្ឋាភិបាលកម្ពុជា គួរផ្តោតជាសំខាន់ លើការទប់ ស្កាត់ជំងឺកូវីដ១៩។ បើមិនដូច្នោះទេ ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងសេវាកម្ម នឹងមានការ លំបាក។ ទន្ទឹមនេះ រាជរដ្ឋាភិបាល អាចប្រើថវិកាពីក្នុងកញ្ចប់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលសរុប មានចំនួន ៦,៥ពាន់ លានដុល្លារអាមេរិក ត្រូវបានប្រកាសកាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០២០ សម្រាប់ឆ្លើយតប នឹងជំងឺកូវីដ១៩នេះ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ទារកម្នាក់ភេទប្រុសអាយុ០៤ខែ ជាកូនបង្កើតរបស់ជនជាតិបារាំង ដែលទើបបានព្យាបាលជាសះស្បើយពីជំងឺ COVID-19 ហើយ ត្រូវបានឲ្យចេញពីមន្ទីរពេទ្យកុមារជាតិ។
សូមជម្រាបថា តាមរបាយការណ៍ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃម្សិលមិញករណីថ្មីរកឃើញវិជ្ជមាន COVID-19 ចំនួន ០៤នាក់ គឺ ៖
ក- បុរសជនជាតិបារាំង អាយុ ៦៧ឆ្នាំ និងស្ត្រីជនជាតិបារាំងអាយុ៦៧ឆ្នាំ វិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងសណ្ឋាគារក្នុងក្រុងព្រះសីហនុ។ បុគ្គលទាំងពីររូបនេះ ជាអ្នកទេសចរបារាំងនៅក្នុងក្រុមជាមួយអ្នកទេសចរបារាំងជាង៣០នាក់ ដែលមួយចំនួនធំបានរកឃើញមានវីរ៉ុសកូវីដ១៩ ក្នុងពេលកន្លងមកនេះ។
ខ- ស្ត្រីអាយុ៥៩ឆ្នាំ ជនជាតិបារាំង វិជ្ជមានកូវីដ១៩ ជាអ្នកនៅក្នុងចំណោមក្រុមទេសចរបារាំងចំនួន ០៤នាក់ផ្សេងពីក្រុមខាងលើ ដេលបានរកឃើញក្នុងក្រុមនេះ មានវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ ដំបូងគេ ត្រូវបានដាក់ឲ្យព្យាបាលនៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ។
គ- បុរសអាយុ ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ី វិជ្ជមានវីរុសកូវីដ១៩ ជាអ្នកដំណើរស្នាក់នៅបណ្ដោះអាសន្ន នៅឃុំពាមជីកង. ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ បុរសរូបនេះ ជាក្រុមមកធ្វើការការងារសាសនាមានគ្នាចំនួន ០៨នាក់ ដែលចំនួន ០៧នាក់ លើកមុន បានរកឃើញមានវីរុសកូវីដ១៩ នៅស្រុកកងមាសនេះដែរ។
តួលេខសរុបនៅក្នុងងប្រទេសកម្ពុជា នៃអ្នកកើតមានជំងឺកូវីដ១៩ មានសរុបចំនួន ១១៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ សរុបចំនួន ៣៥នាក់៕
បាងកក ៖ «បំរាមគោចរទូទាំងប្រទេស» រយៈពេល៦ម៉ោងនៅពេលយប់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ជាមួយការព្រមានថា អ្នកដែលរំលោភបំពានលើបទបញ្ជានេះ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ០២ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃដែលដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានក្រើនរំលឹកថា អ្នកដែលទិញម៉ាស ឬសម្ភារៈសំខាន់នានាៗស្ដុកទុក អាចនឹងប្រឈមមុខជាប់ពន្ធនាគារ០៧ឆ្នាំ និងពិន័យជាប្រាក់៤,២០០ដុល្លារ។ បន្ថែមពីលើនេះលោកក៏បានអំពាវនាវឱ្យប្រជាជនថៃទាំងអស់ ដែលនៅក្រៅប្រទេស ពន្យារពេលត្រឡប់មកស្រុកកំណើតវិញ រហូតដល់ក្រោយថ្ងៃទី១៥ ខែមេសា ដើម្បីចូលរួមចំណែកបញ្ឈប់ការឆ្លងCOVID-19។
បំរាមគោចរខាងលើដែលមានរយៈពេលចាប់ពីម៉ោង១០៖០០នាទីយប់ ដល់ម៉ោង៤៖០០នាទីទាបភ្លឺ បានចូលជាធរមាននៅថ្ងៃសុក្រនេះ។ ប៉ុន្តែបំរាមនេះត្រូវបានលើកលែង សម្រាប់បុគ្គលិកចាំបាច់ដូចជា បុគ្គលិកសុខាភិបាល បុគ្គលិកដឹកជញ្ជូនឥន្ធនៈ និងចំណីអាហារ រួមទាំងសេវាប្រៃសនីយ៍ជាដើម។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ថៃមានអ្នកឆ្លង COVID-19 កើនដល់ ១,៨៧៥នាក់ ក្នុងនោះស្លាប់១៥នាក់ និងជាសះស្បើយ ៥០៥នាក់។ ក្នុងចំណោមអ្នកឆ្លងទាំង ១,៨៧៥នាក់នោះ ១,៥០៨នាក់ជាជនជាតិថៃផ្ទាល់៕
ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួន១នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៣៥នាក់ និងកំពុងសម្រាកព្យាបាល៧៩នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៤ នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។
អ្នកជំងឺថ្មីទាំង៤នាក់នោះ មានទី១ ៖ បុរសជនជាតិបារាំងអាយុ ៦៧ឆ្នាំ ទី២ ៖ ស្ត្រីជនជាតិបារាំងអាយុ ៦៧ឆ្នាំដែលជាអ្នកទេសចរបារាំង ក្នុងក្រុមជាមួយនឹងអ្នកទេសចរបារំាង៣០នាក់ដែលមួយចំនួនធំត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩។ ទី៣៖ ស្ត្រីជនជាតិបារាំងអាយុ៥៩ឆ្នាំ ក្នុងចំណោមអ្នកទេសចរបារាំង ៤នាក់ផ្សេងពីក្រុមខាងលើ ដែលបានរកឃើញក្នុងក្រុមនេះ មានវិជ្ជាមានវីរុសកូវីដ១៩ ចំនួន២នាក់ដំបូងគេ) ត្រូវបានដាក្យសម្រាបកព្យាបាលនៅសណ្ឋាគារ ក្នុងក្រុងព្រះសីហនុ និងទី៤៖ បុរសជនជាតិម៉ាឡេស៊ីអាយុ ៤០ឆ្នាំជាអ្នកស្នាក់នៅបណ្ដោះអាសន្ន នៅឃុំពាមជីកង ស្រុកកងមាសខេត្តកំពង់ចាម។
ដោយឡែកអ្នកជំងឺដែលជាសះស្បើយនោះ គឺជាទារកអាយុ៤ខែ ជាកូនបង្កើតរបស់បុរសជនជាតិបារាំង ដែលទើបបានព្យាបាលជាសះស្បើយដែរ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកុមារជាតិ។
រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៣៦នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួនក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាកព្យាបាលសរុបនៅក្នុងប្រទេសកម្ពុជាមានចំនួន៧៩នាក់ ក្នុងចំណោមកូវីដ ១១៤ករណី៕
ភ្នំពេញ ៖ ធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោង ឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ដែលឥណទាននេះជាលើកដំបូងហើយ នៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការ សម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈយន្តការសេវារហ័ស ក្នុងពេលមានការរាលដាល កូវីឌ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកដែលទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។
គម្រោងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌល ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញា នៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។ លើសពីនេះ គម្រោងក៏នឹងជួយទៅលើការចំណាយ ក្នុងការជាវការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់ យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាលដាលនៃការឆ្លងមេរោគ៕

ពិភពលោក ៖ យោងតាមតួលេខចុងក្រោយពីសាកលវិទ្យាល័យ Johns Hopkins University បានបង្ហាញថា មានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងមួយលានករណីហើយ នៅទូទាំងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន BBC។
ក្នុងនោះមនុស្សជាង ៥១ ០០០នាក់បានស្លាប់ ហើយជាង ២០៨ ០០០នាក់ផ្សេងទៀត បានជាសះស្បើយវិញ។ នេះបើយោងតាមតួលេខរបស់សាកលវិទ្យាល័យខាងលើដដែល។
គួរឲ្យដឹងថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបំផុត ខណៈប្រទេសអ៊ីតាលីមានចំនួនអ្នកស្លាប់ច្រើនបំផុត៕
ខេត្តកំពង់ចាម ៖ ស្ពានគៀនជ្រៃ ដែលមានទទឹង ១០ម៉ែត្រ និងបណ្តោយ ៩០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ពានថ្មី ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ដែលបានស្ថាបនាឡើងក្នុងរយ:ពេលជាង៤ខែ លើផែនការ៦ខែ ត្រូវបានបញ្ចប់ការសាងសង់ ហើយគ្រោងអនុញ្ញាតឲ្យធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្ដោះអាសន្ន។ ក្នុងពេលឆាប់ៗនេះ។
ព័ត៌មាននេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ សប្បាយរីករាយក្នុងការទទួលស្វាគមន៍ដំណើរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត ដែលបានចុះមកពិនិត្យការដ្ឋានខាងលើ នាព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ អមដំណើរដោយលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។
គួររំលឹកផងដែរថា ដោយសារទឹកជំនន់ឆ្នាំ២០១៩ កន្លងទៅនេះ ឡើងក៏លឿន ហើយស្រកចុះទៅវិញក៏លឿន បានបង្កឲ្យមានការបាក់ស្រុតដីច្រាំងទន្លេជាច្រើនកន្លែង នៅតាមបណ្ដោយដងទន្លេមេគង្គ បណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវកាត់ផ្តាច់ ជាមួយគ្នានោះស្ពានថ្ម ១កន្លែង នៅលើកំណាត់ផ្លូវជាតិលេខ២៧៩(កំពង់ចាម – ស្ទឹងត្រង់) ស្ថិតក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានទំហំ ទទឹង៤ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ បានកសាងឡើង ក្នុងអំឡុងឆ្នាំ២០០១-២០០២ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរច្រោះ នារដូវទឹកសម្រក បណ្ដាលឲ្យលេចចេញគ្រឹះផ្នែកខាងក្រោមនៃសរសរជើងស្ពាន ដេីម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ ដោយសារការធ្វេីចរាចរលើស្ពានដែលត្រូវបាត់បង់គុណភាពនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការអត់ធ្មត់ ដោយតម្រូវឲ្យធ្វើចរាចរ ទៅតាមផ្លូវវាងក្រោមស្ពាន ជាបណ្ដោះអាសន្នសិន ដោយត្រូវរង់ចាំក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំគម្រោងស្ថាបនាស្ពានបេតុងថ្មី ជំនួសស្ពានចាស់ ដែលត្រូវរុះរើ ឲ្យបានមុនរដូវទឹកឡើងក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានទទឹងរហូតដល់១០.ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ ផងដែរ ៕ ដោយ ៖ ប៉ែន សុផល






មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍