All posts by មេគង្គ ប៉ុស្តិ៍

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្តាំផ្ញើដល់ពលរដ្ឋកុំព្រួយបារម្មណ៍ពីជំងឺប្រភេទថ្មី កូរ៉ូណា

ដោយ ៖ ប៉ែន សុផល

ខេត្តកំពង់ចាម ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានសូមកុំភ្ញាក់ផ្អើល និងមានការព្រួយបារម្មណ៍ចំពោះជំងឺប្រភេទថ្មី កូរ៉ូណា ដែលកំពុងកើតមាននៅលើពិភពលោក ព្រោះប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់បានឆ្លងរាលដាលនៅឡើយទេ។ផ្ទុយទៅវិញអ្វីដែលបារម្មណ៍នោះគឺជំងឺភ័យព្រួយរបស់ ប្រជាពលរដ្ឋទៅវិញទេ។ លោកបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពន្យល់បងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភអំពីជំងឺនេះឲ្យសោះ ហើយម្យ៉ាងទៀតពាក់ព័ន្ធនឹងជំងឺនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន កំពុងយកចិត្តទុកដាក់ និងចាត់វិធានការគ្រប់រូបភាព ដើម្បីទុបស្កាត់នូវជំងឺឆ្លងនេះនិងធ្វើយ៉ាងណាដើម្បីការពារសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

ការបញ្ជាក់ និងផ្តាំផ្ញើខាងលើនេះគឺបានធ្វើឡើងនៅក្នុងឱកាសដែល លោក ផុស សុវណ្ណ និងលោក ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តមខៀវ កាញ្ញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្ត ពោធិរិទ្ធ ហៅវត្តត្នោត ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

ឆ្លៀតក្នុងឱកាសនេះដែរលោក ផុស សុវណ្ណ មានប្រសាសន៍លើកឡើងទៀតថា វិស័យពុទ្ធចក្រ និងអណាចក្របានដើរទន្ទឹមគ្នា ក្រោមម្លប់សន្តិភាព និងបានធ្វើឲ្យប្រទេស កម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើននិងសុខសន្តិភាពហើយប្រជាពលរដ្ឋមានសេរីភាពគ្រប់បែបយ៉ាង ។ហើយសមិទ្ធផលទាំងនេះគឺចាត់ថាជាការរំលឹកនិងអរគុណដល់បុព្វការីជន ដែលបាន ពាលីជីវិតនិងទុកជាទីសការៈសម្រាប់មនុស្សជំនាន់ក្រោយៗទៀតគោរពបូជា។

បន្ទាប់ពីលោក ទន់ សារ៉ាត បានលើកឡើងនូវគោលនយោបាយ និងការរីកចម្រើនរួចមកលោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិនបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងផងដែរថា ទីវត្តអារាមវត្តត្នោតនេះ គឺបានកើតឡើងតាំងពីឆ្នាំ១៩៣៤មកម្ល៉េះ ដោយមានព្រះចៅអធិការវត្តចំនួន៦ព្រះអង្គ មកហើយ ដោយមានការជួយជ្រោមជ្រែង ពីគណៈពង្រឹងមូលដ្ឋានឃុំកោះសូទិន និងពុទ្ធបរិស័ទចំណុះជើងវត្ត មកដល់បច្ចុប្បន្ននេះ បានកសាងបាននូវសមិទ្ធផលយ៉ាងច្រើនរហូតបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។

គួរបញ្ជាក់ថា សមិទ្ធផលដែលក្រុមការងារបានជួយរួមមាន ៖ កសាងខ្លោងទ្វារវត្ត របង៨បន្លោះ និងម៉ាស៊ីនកាណូតចំនួន១។ ទន្ទឹមនឹងនេះ លោក ផុស សុវណ្ណ និង លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយក្នុងស្រុក ក្រៅស្រុក បានជួយឧបត្ថម្ភ និងកសាងសមិទ្ធផលជាច្រើនទៀតសរុបជាទឹកប្រាក់ចំនួន៣២២០០ដុល្លារ ៕

មន្ត្រីទូតអាមេរិក សរសើរពីការរីកចម្រើនរបស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អ

ភ្នំពេញ ៖ លោក ប៉ាទ្រីក មើហ្វី ( (H.E. W, Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងការណ៍ការកោតសរសើរ ចំពោះការរីកចម្រើនរបស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អ ជាពិសេសគឺរក្សាសន្តិសុខ ជូនបុគ្គលិកស្ថានទូតបានយ៉ាងល្អប្រសើរ ។ ជាងនេះទៅទៀត ក្នុងពិធីខួបគម្រប់៧០ឆ្នាំ នៃទំនងការទូតកម្ពុជា និងសហរដ្ឋអាមេរិក គឺរក្សាបានននូវសន្តិសុខយ៉ាងល្អ។

ការបង្ហាញពីអារម្មណ៍បែបនេះ របស់ លោក ប៉ាទ្រីក មើហ្វី បានធ្វើឡើងក្នុងជំនួបជាមួយ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីរសៀលថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ ២០២០ នៅសាលារាជធានីភ្នំពេញ។

ក្រៅពីសម្ដែងការកោតសរសើរ ចំពោះការអភិវឌ្ឍន៍រីកចម្រើនជាមួយនឹងបញ្ហាសន្តិសុខល្អហើយនោះ លោក ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ក៏បានចាត់ទុកភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងអាស៊ានដែលត្រូវរៀបចំគម្រោងជាទីក្រុងវៃឆ្លាត(smart city) ដែលរៀបចំដោយសហរដ្ឋអាមេរិកផងដែរ ។ គម្រោងនេះ នឹងមានអត្ថប្រយោជន៍ទាំងអស់គ្នា សម្រាប់រាជធានីភ្នំពេញ និង បណ្ដារទីក្រុងផ្សេងទៀត។

លោក បន្តថា ពាក់ព័ន្ធនឹងទីក្រុងវៃឆ្លាតនេះ នៅសហរដ្ឋអាមេរិក បានធ្វើសន្តិសុខព័ត៌មានមួយ ជុំវិញទីក្រុងវៃឆ្លាតមួយដែរ ក្នុងនោះសម្រាប់កម្ពុជា គឺមានទីក្រុង បីបានចូលរួម ក្នុងនោះមានទីក្រុង សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ ។ សហរដ្ឋអាមេរិកសន្យាថា នឹងបណ្ដុះបណ្ដាល ធនធានមនុស្សជុំវិញទីក្រុងឆ្លាតវៃ (smart city) ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេសទៅលើកាកសំណល់ផងដែរ។

លោក ឃួង ស្រេង ក៏បានរំលឹក ពីរបបប៉ុលពត ដែលបានធ្វើឲ្យប្រទេសប្រទេសកម្ពុជា ធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនៃការរីកចម្រើនរាជធានីភ្នំពេញនេះ ភ្នំពេញ ក៏មានបញ្ហាប្រឈមមួយចំនួន ដូចជា៖ បញ្ហាកកស្ទះចរាចរណ៍ និងបរិស្ថានជាដើម ដែលបញ្ហានេះរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយ ។
លោក អភិបាលបញ្ជាក់ផងដែរថា ចំពោះបញ្ហាសន្តិសុខ គឺឃើញថា រាជធានីភ្នំពេញមានសន្តិសុខល្អប្រសើរ ហើយប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀត ដែលជាកង្វល់ដ៏ខ្លាំងរបស់រាជធានីភ្នំពេញនោះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលវាបានសម្លាប់និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរាល់ថ្ងៃ។ ចំពោះបញ្ហាសំរាម នៅពេលខាងមុខនេះ អាចនឹងមានលក្ខណៈល្អប្រសើរជាងនេះ។

យ៉ាងណាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ផងដែរថា ទីក្រុងណាក៏ដូចជាទីក្រុងណាដែរ បញ្ហាប្រឈមនៅតែមាន ដូចជាបញ្ហាកកស្ទះចរាចរណ៍ សំណល់ បញ្ហាដីធ្លី ខ្យល់អាកាស ជាដើម ជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា៕

រកឃើញអាហារ២មុខមានសារធាតុគីមីបូរ៉ាក់ នៅក្នុងផ្សារររ៉ា ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ធ្វើតេស្តលើម្ហូបអាហារ ៤៣មុខ រកឃើញ២មុខមានសារធាតុគីមីបូរ៉ាក់ និង៤មុខ សង្ស័យជាប់កាកសំណល់ថ្នាំគីមី សម្លាប់សត្វល្អិត ដែលបណ្តាលឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន។ការធ្វើតេស្តនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងផ្សាររ៉ា ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការយកគំរូមុខទំនិញម្ហូបអាហារ មានត្រី សាច់ បន្លែ លត បាញ់ឌុក ផ្លែឈើ និងគ្រឿងសមុទ្រ ដែលបានដកហូតមកពីផ្សាររ៉ា នៅក្រុងប៉ោយប៉ោយប៉ែត ភាគច្រើនអាជីវករនាំចូលពីប្រទេសថៃ និងមួយចំនួនតូចដាំដុះក្នុងស្រុក ឃើញថា ការធ្វើតេស្តជាបឋមនៅមន្ទីរពិសោធន៍ខ្នាតតូចនៅក្រុងប៉ោយប៉ែត ទាំង៤៣មុខ រកឃើញ២មុខលាយសារធាតុគីមីបូរ៉ាក់ក្នុ ងកំរិតច្រើន ដាក់នៅលើនំបាញ់ឌុក និងសសៃលត។ ការដាក់នៅក្នុងបាញ់ឌុក និងលត នេះ ត្រូវបានរកឃើញ និងបានធ្វើការណែនាំដល់អាជីវករជាច្រើនដងមកហើយដែរ ដែលមានទីតាំងផលិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយឥលូវនៅតែមានលាយសារធាតុគីមីបូរ៉ាក់នេះ នៅក្នុងនំ បាញ់ឌុក និងលត ដដែល។

លោកបន្ថែមថា ក្រុមការងារកំពុងតាមដានឲ្យស៊ីជម្រៅនៅទីតាំងផលិតនោះ ហើយនិងអនុវត្តជាក់ស្តែងទៅតាមទំហំនៃការផលិតនោះ ជាមួយនិងអាជីវករ។

លោកប្រធានសាខាកាំកុងត្រូលក៏បានបញ្ជាក់ពីការទទួលទានចំណីអាហារដែលមានសារធាតុគីមីបូរ៉ាក់ថាបានធ្វើឲ្យប៉ះពាល់ដល់ក្រពះ ពោះវៀន ងងឹតមុខ ឈឺក្បាល វិលមុខ ឆ្អល់ពោះ បើធ្ងន់ធ្ងរបាត់បង់ផ្លូវបន្តពូជ បើធ្ងន់ធ្ងរខ្លាំងនោះ អាចកើតជំងឺមហារីក បើសិនទទួលទានវាសុទ្ធត្រឹម៥ក្រាម សំរាប់កូនក្មេង និង១៥ក្រាមសំរាប់មនុស្សចាស់ វានិងក្អួតឈាមស្លាប់តែម្តង។

លោក សាន វិជ្ជសារ៉ាវុធ បញ្ជាក់ថា ក្រៅពី បាញ់ឌុក និងលត មានផ្លែឈើចំនួន ៤មុខទៀត មានផ្លែប៉ម ផ្លែស្តូបឺរី ផ្លែសារី និងក្តិបឪឡឹក ដែលការធ្វើតេស្តបឋមវាមានពណ៌ដែលធ្វើឲ្យមានការសង្ស័យថា មានជាប់កំណកថ្នាំគីមីសម្លាប់សត្វល្អិត ហើយផ្លែឈើទាំងនេះ និងយកទៅពិសោធន៍បន្ថែមទៀតនៅមន្ទីរពិសោធន៍ខ្នាតធំ នៅអគ្គនាយកដ្ឋានកាំកុងត្រូលនៅរាជធានីភ្នំពេញ។ចំពោះថ្នាំសម្លាប់សត្វល្អិតនេះ ប៉ះពាល់ដល់អ្នកទទួលទាន ធ្វើឲ្យស្រវាំងភ្នែក ក្អួតចង្អោ ថប់ដង្ហើម បើករណីធ្ងន់ធ្ងរអាចសន្លប់។

លោកបញ្ជាក់បន្ថែមថា ថ្វីត្បិតតែសមត្ថកិច្ចមន្ត្រីជំនាញកាំកុងត្រូលបានរំកិលពីព្រំដែនចូលមកក្នុងបន្តិចមែន ប៉ុន្តែ នៅតែបន្តការងារយ៉ាងសកម្ម ឈរលើតួនាទីភារកិច្ចគិតគូរដល់សុខភាព សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ តាមរយៈការដកហូតគំរូទំនិញពីទីផ្សារមកធ្វើតេស្តសុវត្ថិភាព៕

ក្រុមរុករកប្រទះឃើញរូបចម្លាក់តោថ្មបុរាណចំនួន៤ដែលកប់ក្នុងដីរាប់ពាន់ឆ្នាំនៅស្រុកថ្មពួក

បន្ទាយមានជ័យ ៖ រូបចម្លាក់តោថ្មចំនួន៤ ដែលកប់ជ្រៅទៅក្នុងដីរាប់ពាន់ឆ្នាំត្រូវបាក្រុមការងាររុករកប្រទះឃើញនៅក្បែរកំពង់ទឹកបុរាណមួយកន្លែង នៅខាងជើងស្ពាន ភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ ស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ការប្រទះឃើញតោថ្មបុរាណនេះ ខណៈពេលដែលក្រុមជាងសហគមន៍ប្រាសាទបន្ទាយឆ្មារ បានធ្វើការកាយ រៀបចំតំបន់ទេសចរណ៍ នៅតំបន់នោះក្រោមការឧបត្ថម្ភពី លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។

ជុំវិញការប្រទះឃើញនេះ លោក ម៉ៅ ស៊ី ប្រធានសហគមន៍ប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា៖ រូបចម្លាក់តោថ្មទាំង៤នេះ ត្រូវបានក្រុមជាងសហគមន៍ប្រាសាទបន្ទាយឆ្មារ ធ្វើការកាយកែលម្អរសោភ័ណភាពបារាយណ៍មេបុណ្យនៅកំពង់បុរាណចាស់ក៏ប្រទះឃើញជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០២-០៣ ខែកុម្ភៈឆ្នាំ២០២០ ជាបន្តបន្ទាប់ ។រូបចម្លាក់សត្វតោទាំង៤នោះមានមួយនៅរក្សាបាននូវសោភ័ណភាពល្អទាំងស្រុង ។

លោក ម៉ៅ ស៊ី បានបញ្ជាក់ថា ៖ រូបចម្លាក់តោថ្មទាំងនេះ គឺត្រូវបានកសាងឡើងតាមរចនាប័ទ្មនាសម័យអង្គរ ធ្វើអំពីថ្មភក់ ដែលរូបតោនីមួយៗមានទម្ងន់ជាង ១តោន ។

សូមបញ្ជាក់ថា ក្រោយពីបានធ្វើកំណាយ និងស្ទួចយកចេញពីក្រោមដីរួចមក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានដឹកនាំក្រុមការងារ រៀបចំធ្វើពិធីក្រុងពាលី សែនព្រេន បួងសួង ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជាពលរដ្ឋខ្មែរទូទាំងនគរផងដែរ៕

សម្តេចតេជោនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន

កូរ៉េ ៖ នៅថ្ងៃទី៥កុម្ភៈស្អែកនេះ សម្តេចតេជោ នឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើង មេរោគកូរូណា ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។

សម្តេចតេជោមានប្រសាសន៍បន្តថា នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។

ការ​ថ្លែងខាងលើនេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយលោកស្រី Hak Ja Han Moon ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២០។

ក្នុងជំនួបគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនឹងប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ពិសេសទាក់ទិនទៅនិងបម្រែបម្រួលអាកាសធាតុ និងការវិវត្តន៍ថ្មីៗ នៃការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុសនៅទីក្រុងវូហាន ប្រទេសចិន ដែលជាកង្វល់ពិតប្រាកដរបស់ពិភពលោក។

សម្តេច ហ៊ុន សែន បានមានប្រសា​សន៍ថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុស​ គឺមិនមែនតែជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។ សម្តេច និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាផ្សេងៗទៀត ដែលជាកង្វល់ពិតប្រាកដករបស់សម្តេច និងលោកស្រី។

ក្នុងកិច្ច​សន្ទនាគ្នានោះ លោកស្រី ហាក់ ចា ហានមូន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូន ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទីក្រុងសេអ៊ួល សាធារណរដ្ឋកូរ៉េ ស្រប​ពេល នៃការផ្ទុះមានឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុស នៅទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន​។

ទាក់ទិនទៅនឹងប្រសាសន៍លើកឡើងរបស់លោកស្រី​ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិនមែនជាឧបសគ្គសម្រាប់សម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេចមានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើង ចំពោះសន្តិភាព សន្តិ​សុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុង​ប្រឈម និងរួមគ្នាដោះស្រាយ៕

 

 

អាជ្ញាធរដាំដើមត្នោតពេជ្រជាច្រើនដើមនៅលើសួនច្បារ មុខដេអិន ដើម្បីបង្កើនសោភ័ណភាព

ភ្នំពេញ ៖ ដើមត្នោតពេជ្រជាច្រើនដើម ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាំនៅលើសួនច្បារ DN ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីមុខក្រសួងការពារជាតិ ក្នុងខណ្ឌ ៧មករា កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅមកដល់ ពេលនេះបាននិងកំពុងបង្អួតសម្រស់យ៉ាងស្រស់ស្អាតនិងទាក់ទាញទេសចរណ៍ និងបានធ្វើឱ្យរាជធានីភ្នំពេញលើកសោភ័ណ្ឌភាពរាជធានីរីកស្រស់បំព្រងមួយកម្រិតថែមទៀត។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិង រុក្ខជាតិនៃមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកនេះថា អនុវត្តតាមការណែនាំពី ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញបានដាំកាលពីអំឡុងឆ្នាំ២០១៩ បានដាំដើមត្នោតពេជ្រជាច្រើនដើមនៅលើសួនច្បារ DN ក្រោយពីបានដាំស្មៅនិងផ្ការួច ដើម្បីលើកសោភ័ណ្ឌភាពរាជធានីឱ្យកាន់តែរីកស្រស់បំព្រងថែមមួយកម្រិតទៀត។
លោកបន្តថា ៖ ការដាំដើមត្នោតពេជ្រនៅលើសួនច្បារ DN នេះ មួយចំណែកគឺដើម្បីលើក សោភ័ណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រង ទាក់ទាញភ្លៀវទេចរណ៍ជាតិនិងអន្តរជាតិ ដោយសារសួនច្បារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីដែលជាមហាវិថីមួយត្រូវបានភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ។
ក្រៅពីលើកសោភ័ណ្ឌភាព រាជធានីភ្នំពេញ វាក៏ជាកន្លែងសម្រាប់ឲ្យប្រជាពលរដ្ឋបានហាត់ប្រាណ ទាំងពេលព្រឹកនិង ពេលល្ងាចផងដែរ ដែលតម្រូវឱ្យរដ្ឋបាលរាជធានីធ្វើការថែទាំរាល់ថ្ងៃ។
លោកបន្តថា ៖ សួនច្បារសាធារណៈមួយចំនួននៅក្នុងរាជធានីភ្នំពេញត្រូវបានមើលថែដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងខណ្ឌចំនួន៤នៅកណ្តាលក្រុង ក្នុងនោះមានខណ្ឌដូនពេញ ចំការមន ៧មករា និងខណ្ឌទួលគោក។ចំណែកខណ្ឌ៨ខណ្ឌទៀតទទួលខុសត្រូវមើលថែទាំដោយក្រុមហ៊ុនឯកជន។
គួរបញ្ជាក់ផងដែរថា ៖ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង បានធ្វើការកែសម្រួលសួនច្បារសាធារណៈនានានៅក្នុងរាជធានីភ្នំពេញជាមួយនិងការស្ថាបនាបង្គន់សាធារណៈស្អាតៗនិងមានស្តង់ដាដាក់តាមសួនច្បារជាច្រើនកន្លែង។
ដោយហេតុថា សួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ ទុកឱ្យប្រជាពលរដ្ឋបានអង្គុយលេងកំសាន្តនិងហាត់ប្រាណផងដែរ។ផ្តើមចេញពីបញ្ហានេះទើបរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលធ្វើយ៉ាងណាឲ្យតាមបណ្ដាលសួនច្បារនីមួយៗគឺសុទ្ធតែ ដើមឈើ និងមានកន្លែងសំរាប់ឱ្យប្រជាពលរដ្ឋបានហាត់ប្រាណ ព្រោះថាការហាត់ប្រាណជាឱសថដ៏សក្កិសិទ្ធក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ៕

ក្នុង​ឆ្នាំ​២០១៩ ក្រសួង​រកឃើញ​ករណី​បើកប្រាក់​បៀវត្ស​លើស​ជាង៧​ពាន់​លាន​រៀល

ភ្នំពេញ ៖ ក្រសួង​មុខងារសាធារណៈ បានប្រកាសថា ក្រសួង​បាន​រកឃើញ​ករណី​បើក បៀវត្ស​លើស​ចំនួន ៧,១៩៨,១៣៥,៥១៤​រៀល ប៉ុន្តែ​ប្រាក់​ទាំងនេះ​ត្រូវបាន​បង្វែរ​ចូល ទៅក្នុង​រតនាគារ​វិញ​។ ការរកឃើញ​នោះ​គឺ​ក្នុងពេល​ចុះ​ធ្វើ​អធិការកិច្ច​ក្នុង​វិស័យ​មុខងារ សាធារណៈ​ពេញ​មួយឆ្នាំ​២០១៩។

​តួលេខ​នៃ​ករណី​បើក​បៀវត្ស​លើស​នោះ​ធ្វើឡើង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​មុខងារ សាធារណៈ ដែល​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ។​

​យោងតាម​របាយការណ៍​ក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ ក្រសួង​បាន​គ្រប់គ្រង​មន្ត្រីរាជការ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សរុប ២១៨,៤៨២​នាក់ (​ស្ត្រី ៨៨,៧០៣​នាក់​) ស្នើ​នឹង ៤០.៦១% ក្នុងនោះ​ថ្នាក់ជាតិ​ចំនួន ៤៥,៥៩៩​នាក់ (​ស្ត្រី ១២,៩៨១​នាក់​) និង​ថ្នាក់ក្រោម​ជាតិ​ចំនួន ១៧២,៨៨៣​នាក់ (​ស្ត្រី ៧៥,៧៤៩​នាក់៕

 

 

ចិនបញ្ជូនបុគ្គលិកពេទ្យយោធាជិត៨០០នាក់ និងបរិក្ខារពេទ្យ៥៨តោនទៅ Wuhan

វូហាន ៖ បុគ្គលិកពេទ្យយោធា៧៩៥នាក់ និងបរិក្ខារពេទ្យ៥៨តោនត្រូវបានបញ្ជូនតាមយន្ដ ហោះដឹកជញ្ជូនសរុបចំនួន០៨គ្រឿង មកពីកងកម្លាំងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវូហានធានហេ (Wuhan Tianhe International Airport) កាលពីថ្ងៃអាទិត្យដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យន្ដហោះដឹកជញ្ជូនខាងលើ បានចាកចេញពីមូលដ្ឋានយោធាមួយកាលពីថ្ងៃអាទិត្យម្សិលមិញ និងបានទៅដល់ទីក្រុង សិនយ៉ាង (Shenyang), ឡានចូវ (Lanzhou), ក្វាងចូវ (Guangzhou) ព្រមទាំងទីក្រុង ណាននីង (Nanjing) ហើយក្រោយទម្លាក់បុគ្គលិកពេទ្យយោធា និងបិរក្ខារពេទ្យ យន្ដហោះទាំងនេះបានបន្តដំណើរជាថ្មី និងបានទៅដល់ទីក្រុង វូហាន ដោយជោគជ័យនៅចន្លោះម៉ោង ៨៖៥៥ និងម៉ោង ៩៖៣០នាទីព្រឹកថ្ងៃអាទិត្យ។

នេះគឺជាការបញ្ជូនយន្ដហោះដឹកជញ្ជូនទ្រង់ទ្រាយធំបំផុតមួយ របស់កងទ័ពរំដោះប្រជាជនចិន ដែលមិនស្ថិតនៅក្រោមប្រតិបត្តិការយោធា បន្ទាប់ពីប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដោយរញ្ជួយដីនៅឆ្នាំ២០០៨ ក្នុងខេត្ត ស៊ីឈាន់ (Sichuan) និងគ្រោះរញ្ជូយដីវាយប្រហារខេត្ត ឈីងហៃ (Qinghai) នៅឆ្នាំ២០១០។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មី កូរ៉ូណា បានកើនដល់៤២៥នាក់ និងមនុស្សចំនួនជាង២ម៉ឺននាក់ទៀតឆ្លងនៅក្នុងប្រទេសចិន៕

 

ក្រសួងធនធានទឹក ៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងចុះត្រជាក់ដល់១៧អង្សាសេ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពី០៤ ដល់ ១០ ខែកុម្ភៈ ឆ្នាំ២០២០។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្តបន្ទាប់ សង្កេតឃើញថា ចាប់ពីថ្ងៃទី០៤ ដល់ ទី១០ ខែកុម្ភៈ ជ្រលងសម្ពាធខ្ពស់រំកិលគ្របដណ្តប់លើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យ៖

១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* នៅថ្ងៃទី៤-៨ ខែកុម្ភៈ ធាតុអាកាសត្រជាក់នៅពេលព្រឹក
– សីតុណ្ហភាពអប្បបរមា មានពី១៧-២១អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៩-៣២អង្សាសេ

* តំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី២០-២៣អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

* តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

នៅថ្ងៃទី៩-១០ ខែកុម្ភៈ ផ្នែកមួយចំនួននៃបណ្តាខេត្តនៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម៕

 

ក្រសួងកសិកម្ម បង្កើនការធ្វើវារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃ ឲ្យបាន២០ភាគរយក្នុងមួយឆ្នាំ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងនឹងខិតខំជំរុញវារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃឲ្យបាន២០ភាគរយក្នុងមួយឆ្នាំ ដើម្បីបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក។ ការពឹងផ្អែកទៅលើទិន្នផលធម្មជាតិ មិនអាចបំពេញសេចក្តីត្រូវការនៃកំណើនប្រជាពលរដ្ឋបានទេ។
នៅក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមមន្ត្រី ស្តីពីភាពរីកចំរើន និងវឌ្ឍនភាពរបស់ក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី០៣ កុម្ភៈ លោក ស្រី វុឌ្ឍី អគ្គលេខា នៃអគ្គលេខាធិការដ្ឋានក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បាន បញ្ជាក់ថា ទិន្នផលត្រីទឹកសាប និងទឹកប្រៃ មិនអាចបំពេញតម្រូវការប្រជាពលរដ្ឋ ដែលចេះតែមានកំណើនពី មួយថ្ងៃទៅមួយថ្ងៃបានទេ ព្រោះត្រីទឹក សាបមានចំនួនតិចតួចជាងឆ្នាំមុនៗ។ ក្នុងមួយឆ្នាំ កម្ពុជា អាចប្រមូលផលទិន្នផលត្រីបានប្រមាណ៦០ម៉ឺនតោន ប៉ុន្តែចំនួននេះ មិនអាចបំពេញតម្រូវការ កំណើនប្រជាជនបានទេ។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា ក្រសួងនឹងខិតខំជំរុញការធ្វើវារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃឲ្យបាន ចន្លោះពី១៥ ទៅ២០ភាគរយក្នុងមួយឆ្នាំ ពោលគឺនឹងបង្កើនពីជាង២៩ម៉ឺនតោន ក្នុងឆ្នាំ២០១៩ ឲ្យដល់ជិត៦២ម៉ឺនតោនក្នុងឆ្នាំ២០២៣។

បើតាមរបាយការណ៏របស់ក្រសួងកសិកម្ម បានបង្ហាញថា វិស័យកសិកម្ម បានរួមចំណែកក្នុងសេដ្ឋកិច្ចចំនួន២៣,៥ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ទិន្នផលដំណាំផ្សេងៗក្នុងឆ្នាំ២០១៩កន្លងទៅបានថយចុះធៀបទៅនឹងឆ្នាំ២០១៨ ដោយសាររងនូវផលប៉ះពាល់ដោយសារបញ្ហាអាកាសធាតុ មានទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត គ្រាន់តែទិន្នផលស្រូវរងនូវការខូចខាតមានចំនួនជាង៦ម៉ឺន៧ពាន់ហិចតា។ ឆ្នាំ២០១៩កន្លងទៅ កម្ពុជាផលិតស្រូវបានជាង១០ លាន៨សែនតោន ហើយមានអតិរេកស្រូវចំនួន៥លាន៧សែនតោន មានថយ ចុះបន្តិចបន្តួចធៀបទៅនឹងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៩ កន្លងទៅ ផលដំណាំ របស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានប្រមាណជិត៥លានតោន ក្នុងនោះនាំចេញអង្ករផ្លូវការបានប្រមាណ៦២ម៉ឺនតោនទៅកាន់៥៩ប្រទេស ក្នុងនោះចិនស្រូបយក៤០ភាគរយ អឺរ៉ុប៣២ភាគរយ អាស៊ាន១៣ភាគរយ និងទីផ្សារដទៃទៀតចំនួន១៣ភាគរយ៕

EU គាំទ្រវាយតម្លៃការរីកចម្រើនក្នុងវិស័យអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន

ខេត្តបាត់ដំបង ៖ លោក Franck VIAULT ជាអគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប បានវាយតម្លៃពីវិស័យអប់រំនៅកម្ពុជាថានាពេលបច្ចុប្បន្នមានការរីកចម្រើនច្រើន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងប្រាក់បៀរវត្សចំពោះលោកគ្រូ អ្នកគ្រូ រួមទាំងការខិតខំរបស់រាជរដ្ឋាភិបាលនិងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ផងនោះ ធ្វើឲ្យកុមារនៅកម្ពុជាដែលមានអាយុគ្រប់ចូលរៀនក្នុងមួយឆ្នាំៗស្ទើរតែ ១០០ភាគរយ(បានចុះឈ្មោះចូលរៀន) ។
ការលើកឡើងបែបនេះ ក្នុងពិធីប្រារព្ធខួប៣០ឆ្នាំនៃការការពារសិទ្ធិកុមារ កាលពីព្រឹកថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២០ នៅបរិវេណសាលាបឋមសិក្សា២ធ្នូ ក្រោមអធិបតីភាព លោក Franck VIAULT ជាអគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប ព្រមទាំងលោកគ្រួអ្នកគ្រួ អាជ្ញាធរមួលដ្ឋានផងដែរ។
លោក Franck VIAULT ជាអគ្គទីប្រឹក្សានិងជាប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថាសហភាពអឺរ៉ុប (EU)សហការជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើន តាមរយៈការផ្ដល់ជំនួយដល់អង្គការនានា ធ្វើការងារអប់រំនៅតាមមូលដ្ឋាន ក្នុងការចុះជួយកុមារដោយផ្ទាល់ឬសាងសង់ជាហេដ្ឋារចនាសម្ព័ន្ធមានសាលារៀន ការធ្វើកំណែរទម្រង់ក្នុងក្រសួងអប់រំ ធ្វើឲ្យមន្ត្រីអប់រំធ្វើការមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ដល់កុមារ។ការខំប្រឹងរបស់រាជរដ្ឋាភិបាលនិងការចូលរួមពីអង្គការដៃគូនេះ ធ្វើឲ្យវិស័យអប់រំនៅកម្ពុជា នាពេលបច្ចុប្បន្ន មានការរីកចម្រើនច្រើន ដោយកុមារគ្រប់អាយុចូលរៀនប្រមាណ៩៧ភាគរយ បានចូលរៀនដែលលទ្ធផលនេះ ធ្វើឲ្យអង្គការដៃគូបានចូលរួមអភិវឌ្ឍន៍ដែលមានសហភាពអឺរ៉ុបមានការពេញចិត្ត។ជាគោលដៅជួយឲ្យកុមារនិងយុវជននៅកម្ពុជា មានភាពឆ្លាតវៃនិងកាត់បន្ថយគម្លាតពីយុវជននៅក្នុងតំបន់នោះ សហភាពអឺរ៉ុប EU បានគាំទ្រឲ្យមានការចាប់ដៃគូររវាងសាកលវិទ្យាល័យនៅកម្ពុជាចំនួន៣១និងសាកលវិទ្យាល័យជាង១០០ ក្នុងបណ្ដាប្រទេសជាង២០នៅអឺរ៉ុប ដែលសហការគ្នាតាមរយៈផ្លាស់ប្តូរជំនាញដល់គ្នាទៅវិញទៅមក។
លោកជំទាវ ផាវ៉ាន់ សាកឿត អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណដល់សហភាពអឺរ៉ុបនិងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានសហការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យកុមារនិងយុវជនកម្ពុជា មានឱកាសចូលរួមប្រកួតប្រជែងពាក់ព័ន្ធនឹងវិស័យអប់រំនៅថ្នាក់តំបន់និងថ្នាក់អន្តរជាតិ ហើយទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។
លោកជំទាវ ផាវ៉ាន់ សាកឿត បានជំរុញដល់លោកគ្រូ អ្នកគ្រូ បន្តអភិវឌ្ឍន៍វិស័យអប់រំថែមទៀត ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សកាន់តែច្រើន ចូលរួមអភិវឌ្ឍន៍ប្រទេស ហើយកុមារនិងយុវជន ត្រូវខំរៀនសូត្រទាំងជំនាញខ្លី វែង ដោយនាំគ្នាចូលរួមអនុវត្តន៍ច្បាប់កម្ពុជាទាំងអស់ឲ្យបានខ្ជាប់ខ្ជួននិងមិនត្រូវសេពគប់គ្រឿងញៀនជាដាច់ខាត៕

ឆ្នាំ២០១៩ ចាប់ខ្លួនមនុស្ស៥៩នាក់ រថយន្តជិត៥០០គ្រឿងពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ

ភ្នំពេញ ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសកាលពីថ្ងៃទី២ ខែកុម្ភៈ ឲ្យដឹងថា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ៥៩នាក់, ចាប់​យក​ឈើ​ចម្រុះចំនួន ៩ ២១៥,៨៧៦ម៉ែត្រត្រីគុណ និងចាប់យកមធ្យោបាយសរុបចំនួន ៤៩១​គ្រឿង ព្រមជាមួយគ្នានោះយើងបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់​បំផ្លាញ​ចោល​នូវ​រថយន្ត​បាកុង និង​មធ្យោបាយកែច្នៃសរុបចំនួន ២១២គ្រឿង។

ឈើដែលចាប់បានខាងលើ គណៈកម្មការជាតិ កំពុងថែរក្សាមិនឱ្យបាត់ ឬ​ឆេះ​ដោយ​ប្រការ​ណា​មួយ​ឡើយ ហើយឈើនេះត្រូវបានដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិ។ គណៈ​កម្មការ​ជាតិ និងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តធ្វើការផ្សព្វផ្សាយ អប់រំជាសាធារណៈ ដើម្បី​ឱ្យ​បុគ្គល​គ្រប់រូបជ្រួតជ្រាប យល់ដឹងអំពីច្បាប់ពាក់ព័ន្ធនឹងព្រៃឈើ ក្នុង​ន័យ​ឱ្យ​ជៀស​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ត​ខុស​ច្បាប់ និងចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ទុកសម្រាប់ប្រយោជន៍ជាតិ និង​ពិភព​លោក​ទាំងមូល។

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តថា នាពេលបច្ចុប្បន្ននេះ តាម​រយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ជំនាញ បានបញ្ជាក់ថា ការកាប់ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំមានភាពស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​មាន​ការ​លូច​បន្លំ​ដឹក​ជញ្ជូន​ផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រម៉ក ជា​ដើម៕

 

ជនបរទេសចំនួន១.៥៣៣នាក់ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា

ភ្នំពេញ ៖ ជនបរទេសចំនួន ១.៥៣៣ នាក់ ( ៦៣ សញ្ជាតិ) ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយពីនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗក្នុងឆ្នាំ ២០១៩។

នេះបើតាមរបាយការណ៍បង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ លើកទិសដៅការងារឆ្នាំ ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅទីស្តីការក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងចំណោមជនបរទេសដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវបានបណ្ដេញចេញពីកម្ពុជាច្រើនជាងគេ គឺជនជាតិចិន។ ក្នុងនោះចិនមានចំនួន ១ ០១៣ នាក់ថៃ ២២០ នាក់ វៀតណាម ១៤៩នាក់ នីហ្សេរីយ៉ា ៩៤ នាក់ ឥណ្ឌា ៣១ នាក់ កូរ៉េខាងត្បូង ២៥ នាក់ និងអាមេរិក ១៧ នាក់។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះបានរកឃើញមានបទល្មើសបង្កឡើងដោយជនបរទេសចំនួន ៥៣៨ លើកគិតជាមនុស្សមានចំនួន ១៨០២ នាក់។ ជនល្មើសទាំងនេះបានធ្វើសកម្មភាពជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតល្បែងតាមអនឡាញខុសច្បាប់ជាដើម៕

កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០ នឹងធ្លាក់ចុះក្នុងរង្វង់ ៦,១ភាគរយ

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០ នេះមាន ៦,៥ភាគរយ ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ពិសេសការផ្ទុះវីរុសកូរ៉ូណានៅទីក្រុងវូហានដែលកំពុងរីករាលដាល និងការប្រឈម នឹងការដកប្រព័ន្ធអនុគ្រោះពីសហភាពអឺរ៉ុប EBA។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន ផល្លា បានថ្លែងថា «ការព្យាករសេដ្ឋកិច្ចរបស់យើងសម្រាប់ឆ្នាំ ២០២០ នឹងស្ថិតក្នុងចំនួន ៦,១ ភាគរយ ធ្លាក់ចុះពីការព្យាករលើកមុន ៦,៥ ភាគរយ»។ ការធ្លាក់ចុះនេះគឺដោយសារតែកំណើនយឺតរបស់វិស័យកសិកម្ម ការធ្លាក់ចុះផ្នែកសំណង់ ទេសចរណ៍ និងការនាំចេញសម្លៀកបំពាក់។
លោក ផាន ផល្លា បានថ្លែងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២០ កាលពីថ្ងៃព្រហស្បតិ៍ ថាទោះបីជាភាពតានតឹងដោយសារសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិក បានធូរស្បើយបន្តិចក៏ដោយ ក៏សេដ្ឋកិច្ចរបស់ពួកគេនៅតែធ្លាក់ចុះដោយសារការប្រែប្រួលអាកាសធាតុ ភូមិសាស្ដ្រនយោបាយ ហើយជាពិសេសការផ្ទុះវីរុសកូរ៉ូណា នៅទីក្រុងវូហាន ដែលនឹងរារាំងកំណើនសេដ្ឋកិច្ចពិភពលោក៕

មេរោគកូរ៉ូណា នៅថ្ងៃទី៣ ខែកុម្ភៈ ស្លាប់៣៦១នាក់ និងឆ្លងកើនដល់ ១៧.៣៨៧នាក់

ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា កើនដល់៣៦១នាក់ និងមានអ្នកឆ្លងកើនដល់ ១៧ ៣៨៧នាក់។ ក្នុងចំណោមអ្នកស្លាប់នោះគឺ៣៦០នៅក្នុងប្រទេសចិន ហើយ១ករណីកើតមាននៅក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់ South China Morning Post។

របាយការណ៍របស់អាជ្ញាធរចិនបង្ហាញថា គិតតែក្នុងថ្ងៃអាទិត្យម្សិលមិញគឺមានអ្នកស្លាប់៥៧នាក់ និងអ្នកឆ្លងថ្មីចំនួន២ ៨២៩។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដាក់ពិភពលោកក្នុងភាពអាសន្នដោយការគម្រាមកំហែងនៃវីរុសឆ្លងនូវែល កូរ៉ូណា ខណៈតួលេខមនុស្សស្លាប់ និងអ្នកជំងឺបង្កដោយវីរុសរាតត្បាតនេះ បន្តកើនឡើងជាលំដាប់។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទទួលបន្ទុកគ្រាអាសន្ននៃអង្គការសុខភាពពិភពលោក ក្នុង អំឡុងពីរបីសប្តាហ៍កន្លងមក ពិនិត្យឃើញភាពអាសន្ននៃការរីករាលដាលបានកើនដល់កម្រិតមិនអាចប៉ាន់ប្រមាណបាន បើទោះជារដ្ឋាភិបាលចិនបានចាត់វិធានការមិនធ្លាប់មានក្តី។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ម្សិលមិញនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អង្គការសុខភាពអន្តរជាតិមួយនេះបានបញ្ជាក់ថា ការសម្រេចដាក់ពិភពលោកក្នុងគ្រាអាសន្ននេះ គឺដោយសារវីរុសនេះបានឆ្លង ចូលដល់ប្រទេសផ្សេងៗក្នុងពិភពលោកកាន់តែច្រើន៕