All posts by មេគង្គ ប៉ុស្តិ៍

សម្តេចប្រធានរដ្ឋសភាស្នើអូស្រ្តាលីបន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើសុំប្រទេសអូស្រ្តាលីបន្តបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីកសាង ធនធានមនុស្សឱ្យច្រើន ជាការកសាងធនធានមនុស្ស ដែលជាកក្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជាឱ្យកាន់តែឆាប់រហ័ស។ ក្រៅពីនេះ សម្តេចបានលើកឡើងសំណើផ្សេងៗទៀត ដល់ភាគីអូស្រា្តលី ក្នុងនោះមានការការជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកឡើងសំណើដូចខាងលើនេះ នៅក្នុងឱកាសសម្តេចទទួលជួបសម្តែងការគួរសម របស់លោក ប៉ាប្លូ ជីហូ កាង ( Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ដែលទើបតំាងប្រចំានៅព្រះរាជាណាកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងកម្ពុជានិងអូស្រ្តាលី មានទំនាក់ទំនងល្អជាមួយគ្នា ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ រដ្ឋសភាកម្ពុជានិងអូស្រ្តាលី តែងតែមានកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក យ៉ាងជិតស្និទ្ធ នៅលើវេទិកាអន្តរ សភាក្នុងតំបន់ និងសកលោក។

កាលពីខែមករាកន្លងទៅ សម្តេច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភាកម្ពុជាចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)លើកទី២៨ នៅទីក្រុងកង់ប៉េរា ដែលបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយសម្តេចបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី ដែលបានបង្ហាញពីការរីកចម្រើន នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-អូស្រ្តាលី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមស្វាគមន៍ និងអបអរសាទរ ចំពោះលោកម ប៉ាប្លូ ជីហូ កាង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ប៉ាប្លូ ជីហូ កាង បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេច និងបានថ្លែងអំណរគុណដែលសម្តេចប្រធានរដ្ឋសភាចំណាយពេលវេលាទទួលជួបឯកឧត្តមនាឱកាសនេះ។

ឆ្លើយតបសំណើរបស់សម្តេច ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី បានលើកឡើងមានអ្នកវិនិយោគអូស្រ្តាលីច្រើនបានកំពុងវិនិយោគទុននៅកម្ពុជាក្នុងវិស័យកសិម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ កម្ពុជា ពិសេសអង្គរវត្តគឺជាទិសដៅទេសចរណ៍របស់ប្រជាជនអូស្រ្តាលី។ មានជនជាតិអូស្រ្តាលីរាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ បានមកទស្សនាកម្ពុជា។

ចំពោះការផ្តល់អាហារូបករណ៍អូស្រ្តាលីដល់និស្សិតកម្ពុជាវិញ លោក ប៉ាប្លូ ជីហូ កាង បានគូសបញ្ជាក់ថាស្ថានទូតអូស្តា្រលីទើបតែផ្ញើអេឡិចត្រនិចទៅកាន់គ្រប់ក្រសួងរបស់កម្ពុជាដើម្បីជំរុញ ផ្សព្វផ្សាយដល់មន្រ្តីបានដាក់ពាក្យសុំទៅសិក្សានៅអូស្រ្តាលី។ ការស្នើសុំដែលមន្រ្តីកម្ពុជាមានពេលរហូតដល់ខែមេសាទើបបិទបញ្ចប់។

សូមជម្រាបថា អូស្រ្តាលីជាប្រទេសមួយដែលបានជួយអភិវឌ្ឍន៍កម្ពុជាជាច្រើនវិស័យ ក្នុងនោះមានការដោះសំអានមីន កសិកម្ម អភិវឌ្ឍន៍ជនបទ អភិបាលកិច្ចនិងលទ្ធិប្រជាធិបេតយ្យជាដើម៕

 

ព្រឹទ្ធសភា​អាមេរិក​សម្រេចចិត្ត​បោះឆ្នោត​មិន​ដកតំណែង Trump

អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump ត្រូវបាន​លើកលែងទោស​នៅក្នុង​ការចោទប្រកាន់​ពីបទ​រំលោភ​អំណាច​និង​បង្ក​ការរាំងស្ទះ ដល់​ការងារ​ស៊ើបអង្កេត​របស់​សភា ហើយ បន្ទាប់ពី​ព្រឹទ្ធសភា​សម្រេចចិត្ត​បោះឆ្នោត មិន​ទម្លាក់​រូបលោក​ចេញពី​តំណែង​កាលពី​ថ្ងៃ​ពុធ​។​

​សម្រាប់​ការបោះឆ្នោត​សម្រេច​នោះ​សមាជិក​ព្រឹទ្ធសភា​បាន​បោះឆ្នោត លុបចោល​ការចោទប្រកាន់​ពីបទ​រំលោភ​អំណាច​ក្នុង​សំឡេង ៥២ ទល់នឹង ៤៨​សំឡេង និង​បទចោទប្រកាន់​បង្ក​ការរាំងស្ទះ ដល់​ការងារ​ស៊ើបអង្កេត​របស់​សភា​ក្នុង​សំឡេង ៥៣ ទល់នឹង ៤៧​សំឡេង​។​

​តាមរយៈ​ការសម្រេច​របស់​ព្រឹទ្ធសភា លោក Trump បាន​ក្លាយជា​ប្រធានាធិបតី​ទី ៣ នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដែល​គេច​ផុតពី​ការដកតំណែង​បន្ទាប់ពី​លោក ប៊ី​ល គ្លី​ន​តុ​ន និង​លោក អែន​ឌ្រូ ច​ន​សុន (Andrew Johnson)​។​

​គួរ​បញ្ជាក់ថា លោក Trump ត្រូវបាន​សភាតំណាងរាស្ត្រ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ដំណើរការ​នីតិវិធី​ដកតំណែង​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ ជាមួយ​ការ​ចោទ ប្រកាន់​ពីបទ​រំលោភ​អំណាច និង​បង្ក​ការរាំងស្ទះ​ដល់​ការងារ​ស៊ើបអង្កេត​របស់​សភា ជុំវិញ​សំណុំរឿង​អ៊ុយ​ក្រែ​ន​៕

 

UN ថ្កោលទោស​ការ​កាត់​យក​របស់​អ៊ីស្រាអែល​នៅក្នុង​ផែនការ​សន្តិភាព​របស់ ​Trump

​អាមេរិក ៖ ពង្រាង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្កោលទោស​ផែនការ​របស់​អ៊ីស្រាអែល​ក្នុងការ​កាត់​យក​កន្លែង​តាំង​ទីលំនៅ​របស់ខ្លួន​នៅ​តំបន់ West Bank ដែល​នេះ​ជាការ​ស្តីបន្ទោស​លើ​សំណើ​សន្តិភាព​គាំទ្រ​អ៊ីស្រាអែល​របស់លោក​ប្រធានាធិបតី Donald Trump​។​

​ពង្រាង​អត្ថបទ​នេះ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​សមាជិក​ក្រុមប្រឹក្សា​ដោយ​ប្រទេស​ទុយ​នេ​ស៊ី​និង​ឥណ្ឌូនេស៊ី​ទំនងជា​ត្រូវ​ប្រឈម​នឹង​ការ​វេតូ​របស់​សហរដ្ឋ​អាមេរិក​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ វា​បានផ្តល់​នូវ​ទស្សនៈ​ផ្សេងៗ​របស់​សមាជិក​មួយចំនួន​អំពី​ផែនការ​សន្តិភាព​ដែល​លោក Trump បានបង្ហាញ​កាលពី​សប្តាហ៍​មុន​។​

​ក្រុម​អ្នកការទូត​បាន​និយាយថា ការចរចា​លើ​អត្ថបទ​នេះ​ទំនងជា​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​។ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas ត្រូវបាន​គេ​រំពឹងថា​នឹង​និយាយ​ទៅកាន់​ក្រុមប្រឹក្សា​នៅ​សប្តាហ៍​ក្រោយ​អំពី​ផែនការ​នេះដែ​លអាច​នឹង​ស្របពេល​ជាមួយ​ការបោះឆ្នោត​លើ​ពង្រាង​សេចក្តីសម្រេច​នេះ​។​

​សេចក្ដីព្រាង​នេះ​ដែល​ត្រូវបាន​មើលឃើញ​ដោយ​រ៉​យ​ទ័​រ​បាន​និយាយថា សេចក្តីសម្រេច​នេះ​បាន​សង្កត់ធ្ងន់​ទៅលើ​ភាពខុស​ច្បាប់​នៃ​ការ​កាត់​យក​ផ្នែក​ណាមួយ​នៃ​ទឹកដី​ដែល​ប៉ា​ឡេ​ស្ទី​ន​កាន់កាប់​និង​បាន​ថ្កោលទោស​លើ​សេចក្តីថ្លែងការណ៍​នាពេល​ថ្មីៗ​ដែល​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​ដាក់បញ្ចូល​ទឹកដី​ទាំងនេះ​។​

​ផែនការ​របស់លោក Trump ដែលជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រយៈ​ពេល​៣​ឆ្នាំ​ដោយ​ទីប្រឹក្សា​ជាន់ខ្ពស់​លោក Jared Kushner នឹង​ទទួលស្គាល់​សិទ្ធិអំណាច​របស់​អ៊ីស្រាអែល​លើ​កន្លែង​តាំងទី​លំនៅ ​ហើយនឹង​តម្រូវ​ឲ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បំពេញ​នូវ​លក្ខខណ្ឌ​ដ៏​លំបាក​ជាច្រើន​បើសិនជា​ចង់បាន​រដ្ឋ​មួយ​ដែលមាន​រដ្ឋធានី​របស់​ខ្លួន​ក្នុងភូមិ​មួយ​នៅ​តំបន់ West Bank ភាគ​ខាងកើត​ទីក្រុង​យេ​រូ​សា​ឡឹម​។​

​លោក Kushner គ្រោង​នឹង​ថ្លែង​អំពី​ផែនការ​នេះ​ទៅកាន់​បណ្តា​ឯកអគ្គរដ្ឋទូត​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕

 

អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់៥៦០នាក់ហើយនៅចិន

ប៉េកាំង ៖ របាយការណ៍ផ្លូវការពីអាជ្ញាធរចិន ដែលបានចេញនៅព្រឹកថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់៥៦០នាក់ហើយ ខណៈមនុស្សរហូតដល់ ២៨,០១៨នាក់បានឆ្លង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនាព្រឹកថ្ងៃនេះ។

សម្រាប់រយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ មនុស្សសរុប៧៣នាក់បន្ថែមទៀតបានស្លាប់ និងករណីឆ្លងវីរុសកូរ៉ូណាថ្មី ៣,៦៩៤នាក់បន្ថែមទៀត ត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្ត និងតាមតំបន់ទូទាំងប្រទេសចិន។ សម្រាប់មនុស្សស្លាប់បន្ថែមទៀតនេះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ទាំងអស់ ជាទីដែលរដ្ឋាភិបាលចិន កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា កាន់តែខ្លាំងឡើងៗ៕

 

នាយករដ្ឋមន្ត្រីនិវត្តន៍មកដល់កម្ពុជាវិញនៅម៉ោង ២រំលងអាធ្រាត្រ ក្រោយបំពេញទស្សនកិច្ចនៅកូរ៉េ និងចិន

ភ្នំពេញ ÷ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បាននិវត្តន៍មកដល់កម្ពុជាវិញហើយ នៅម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែកុម្ភៈ នេះ ក្រោយដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋ កូរ៉េ និងសាធារណៈរដ្ឋប្រជាមានិត្យចិន ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈកន្លងទៅ។

នៅទីក្រុងសេអ៊ូលស ហ៊ុន សែន បានចូលរួមថ្លែងបើកមហាសន្និបាតនៃកិច្ចប្រជុំកំពូលពិភពលោកគម្រប់ខួប១០០ឆ្នាំ និងកិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាព ក្រោមពីប្រធានបទ«សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» ព្រមទាំងបានជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំកំពូលរបស់សាធារណៈរដ្ឋកូរ៉េ មានទាំង លោក ម៊ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េ ជួបពិភាក្សារជាមួយនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ ឯ.ឧ ជុង សៃឃ្យុង។ ក្នុងនោះសម្តេចតេជោ ក៏បានជួបលោក បាន គីមូន អតីតអគ្គលេខាធិកាអង្គការសហប្រជាជាតិ និងប្រធានភ្នាក់ងារសង្គមព័ត៌មានជាតិ និងជាប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់ លោកសាស្រ្តាចារ្យ អាញ់ មូនស៊ុក ផងដែរ។ បើតាម លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាគីទាំងពីរ កម្ពុជាកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី និងទំហំពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងជាលំដាប់ ពិសេសការវិនិយោគរបស់កូរ៉េនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់រដ្ឋធានីប៉េកាំងសាធារណៈរដ្ឋប្រជាមានិត្យចិន ដើម្បីចូលរួមរំលែកទុក្ខ និងការលំបាករបស់រដ្ឋាភិបាល និងប្រជាជនចិនទល់ទៅនឹងវីរុសកូរ៉ូណា ដែលបានសម្លាប់ពលរដ្ឋចិនជិត៥០០នាក់។ សម្តេចតេជោ បានជួបមេដឹកនាំកំពូល របស់ចិន រាប់ទាំងនាយករដ្ឋមន្ត្រីចិន លី ខឹឈាង និងប្រធានាធិបតីចិន ហ្ស៊ី ជិនពីងផងដែរ។

លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ថា ទស្សនកិច្ចការងារបស់សម្តេចតេជោ នៅពេលនេះ បានធ្វើឲ្យទំនាក់ទំនងកម្ពុជាចិន កាន់តែស្អិតរមួតថែមទៀត ក្នុង កាលៈទេសដែលចិនកំពុងជួបការលំបាក។ សម្តេចតេជោ គឺជាមេដឹកនាំទី១ ក្នុងពិភពលោក ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងពេលដែលចិន កំពុងផ្ទុះវីរុសកូរ៉ូណា នៅទីក្រុងវូហាន ខេត្តហឺប៉ី៕

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បន្ថយជើងហោះហើរ៣០% ទៅកាន់ប្រទេសចិន

បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន បាននិយាយថា ក្រុមហ៊ុន Cathay Pacific Airways Ltd របស់ទីក្រុងហុងកុង គ្រោងនឹងកាត់បន្ថយប្រហែល ៣០ ភាគរយ នៃសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងរយៈពេល ២ ខែខាងមុខ រួមទាំងការហោះហើរប្រមាណ ៩០ភាគរយ ទៅកាន់ប្រទេសចិនដីគោក។

ទីក្រុងហុងកុង បានរាយការណ៍ពីការស្លាប់ដំបូង ដោយសារវីរុសកូរ៉ូណា កាលពីថ្ងៃ អង្គារ ដែលជាករណីស្លាប់ទី ២ នៅខាងក្រៅប្រទេសចិន ដោយសារការផ្ទុះ ឡើងជំងឺ ដែល បានសម្លាប់មនុស្ស ៤៩០ នាក់។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Cathay លោក Augustus Tang បានប្រាប់ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថា នឹងបន្តឃ្លាំមើលស្ថានការណ៍ និងកែសម្រួលសមត្ថភាព ក្រុមហ៊ុនម្តងទៀត ប្រសិនបើចាំបាច់។

លោក Tang បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ នឹងប្រកាសពីវិធានការបន្ថែម ទៀត ដើម្បីជួយឱ្យក្រុមហ៊ុននេះ ឆ្លងកាត់ស្ថានភាពនាពេលខាងមុខ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕

ព្រឹទ្ធសភា ចុះអនុស្សរណៈជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ីស្តីពីកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃព្រឹកទី០៥ខែកុម្ភៈឆ្នាំ២០២០នេះ បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ជាមួយ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដើម្បីបង្កើតទំនាក់ទំនងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និត រវាង ស្ថាប័នទាំងពីរ សម្រាប់បំរើផលប្រយោជន៍ ក្នុងផ្នែកស្រាវជ្រាវ ការបណ្តុះបណ្តាល ការរៀបចំព្រឹតិ្តការណ៍ និងការចែករំលែកផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានគ្នាទៅវិញទៅមក។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅសាលប្រជុំពិសេស នៃវិមានព្រឹទ្ធសភា។
នាឱកាសនោះ ឯកឧត្តម អ៊ុ សារឹទ្ធ បានសម្តែងនូវការអបអរសាទរ និង វាយតម្លៃខ្ពស់ ចំពោះការបើកឱកាស នៃកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និត និងទូលំទូលាយរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានិងវិទ្យាស្ថានចក្ខុវិស័យអាស៊ី តាមរយៈការផ្តួចផ្តើម និងការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។

ឯកឧត្តម អ៊ុ សារឹទ្ធ បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងបង្កើតទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក ក្នុងផ្នែកស្រាវជ្រាវ ការបណ្តុះបណ្តាល ការរៀបចំព្រឹតិ្តការណ៍ និងការចែករំលែកផ្សព្វផ្សាយចំណេះដឹង និងព័ត៌មាន។
ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងអនុវត្តសកម្មភាពរួមគ្នា ដែលរួមមាន៖ ការស្រាវជ្រាវ និងបោះពុម្ពផ្សាយរួមគ្នា និង ការរៀបចំព្រឹតិ្តការណ៍រួមគ្នា ដូចជាសិក្ខាសាលា ការធ្វើបឋកថា និងការការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។

លោក អ៊ុ សារឹទ្ធបានបន្តទៀតថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានដាក់ចេញនូវគោលការណ៍ថ្មី ដោយយកការស្រាវជ្រាវជាស្នូល ដើម្បីបម្រើសេវាដល់សមាជិកព្រឹទ្ធសភាក្នុងការអនុវត្តមុខងារទាំង៣របស់ព្រឹទ្ធសភា។ កត្តានេះ គឺមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលប្រមូលផ្តុំទៅដោយអ្នកស្រាវជ្រាវ មានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ខ្ពស់ នឹងជួយជំរុញការងារស្រាវជ្រាវរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តេទូលំទូលាយជាងមុនថែមមួយកម្រិតទៀត។

លោក អគ្គលេខាធិការមានជំនឿជឿជាក់ថា តាមរយៈស្មារតីនៃកិច្ចសហប្រតិបតិ្តការ និងការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរ ដែលឆ្លុះបញ្ចាំងក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងសម្រេចបាននូវការអនុវត្តសកម្មភាពរួមគ្នាកាន់តែច្រើននាពេលខាងមុខ។ អគ្គលខាធិការដ្ឋានព្រឹទ្ធសភា ត្រៀមខ្លួនក្នុងការធ្វើកិច្ចសហប្រតិបតិ្តការពេញលេញ និងជិតស្និតជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីធានាភាពជោគជ័យនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ។

លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានរម្លឹកថា កាលពីខែមិថុនាឆ្នាំ២០១៩ កន្លងមកនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានសហគ្នារៀបចំសិក្ខាសាលា ស្តីពី “ការវិវត្តនៃភូមិសាស្រ្តនយោបាយនិងការលេចឡើងនៃសេដ្ឋកិច្ចឌីជីថល និងសកម្មភាព នានាមួយចំនួនទៀត ប៉ុន្តែមិនទាន់ជាផ្លូវការ។ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងព្រឹទ្ធសភាឱ្យទៅជាផ្លូវការ។
លោកបញ្ជាក់ថា នាពេលថ្មីៗនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានសហការជាមួយនឹងក្រុមការងារឯកសារ ជួយដល់ព្រឹទ្ធសភា រដ្ឋសភា ក្នុងការរៀបចំកិច្ចប្រជុំ ASEP ដែលនឹងប្រព្រឹត្តទៅក្នុងខែតុលា ខាងមុខ ឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ីនឹងបន្តកិច្ចសហការជាមួយព្រឹទ្ធសភា រដ្ឋភា ទាក់ទងនឹងកិច្ចប្រជុំអន្តរជាតិផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការទូតសភា ដើម្បីជំរុញមុខមាត់ប្រទេសជាតិ និងតួនាទីសភាកម្ពុជាលើឆាកអន្តរជាតិ៕

លោកអភិបាលខេត្តពន្យល់ឲ្យអភិបាលស្រុកកងមាស ទេីបកាន់តំណែងថ្មីត្រូវអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន ជំរុញ ដល់ អភិបាល ស្រុក កងមាស ត្រូវ ខិតខំ អនុវត្ត កម្មវិធី កំណែទម្រង់រដ្ឋបាល សាធា រណៈ ក្នុងការបង្ខិតសេវា ឲ្យ នៅជិតកៀកនឹងប្រជាពលរដ្ឋ ជាពិសេស ត្រូវ យកចិត្តទុកដាក់ ក្នុង ការ អនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការ ថ្លែង បែប នេះ ខណៈ ដែលលោក បាន អញ្ជើញ ជា គណៈអធិបតី ក្នុង ពិធី ប្រកាស តែងតាំង ចូល កាន់ មុខ តំណែង ជា អភិបាល នៃ គណៈ អភិបាល ស្រុក កងមាស ដែល បាន ធ្វើឡើង នាព្រឹក ថ្ងៃ ទី ៦ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ សាលា ស្រុកកងមាស ដោយ មាន ការ អញ្ជើញ ចូល រួម ពី លោក ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត លោក លោក ស្រី អភិបាល រង ខេត្ត មន្ទីរអង្គភាព ជុំវិញ ខេត្ត និង មន្ត្រី ពាក់ព័ន្ធ ក្នុង ស្រុក ជាច្រើន រូប ផង ដែរ ។

ដោយ ពិធី ប្រកាស តែងតាំង ចូល កាន់ មុខ តំណែង នេះ គឺ លោក ភោគ សាវុធ ពី អភិបាល រង ស្រុក ត្រូវ បាន ប្រកាស តែងតាំង ជា អភិបាល នៃ គណៈ អភិបាល ស្រុក កងមាស ជំនួស លោក មឿន ផា ដែលត្រូវ ចូលនិវត្តន៍ ។

ថ្លែង ក្នុង ពិធី នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន លើក ឡើង ថា ការ ផ្លាស់ ប្ដូរ និង ការ តែងតាំង មុខ តំណែងថ្មី នេះ គឺ ជា ភាព ចាំបាច់ មួយ ហើយ ក៏ ជា ការ បន្ត និរន្តរភាព រដ្ឋបាល ស្រប ទៅ តាម ច្បាប់ របស់ ក្រុម ព្រឹក្សា ស្តីពី ការ គ្រប់គ្រង រដ្ឋបាល ខណ្ឌ ក្រុង ស្រុក ពោលគឺ មិន មែន ដោយ សារ បញ្ហា ប្រឈម ដែល ត្រូវ ផ្លាស់ប្ដូរ នោះ ទេ គឺ ដល់ អាយុ កាល ត្រូវ ចូល និវត្តន៍ ។

ជាមួយគ្នា នោះ លោក អភិបាលខេត្ត បាន ថ្លែង ថា ក្នុង នាម ជា គណៈអភិបាលស្រុក ត្រូវខិតខំបម្រេីសេវាសាធារណ:ជូនប្រជាពលរដ្ឋ ឲ្យ កាន់តែល្អប្រសេីរ និងខិតខំដោះស្រាយរាល់សំណូមពររបស់ បងប្អូន ប្រជាពលរដ្ឋ ជាពិសេស ត្រូវ យកចិត្តទុកដាក់អនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជាងនេះទៅទៀតការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តដាក់ ដេីម្បីស្របទៅតាមការកែទម្រង់ គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕ដោយ ÷ ប៉ែន សុផល

កូរ៉េ សន្យាផ្តល់ជំនួយលើការបណ្ដុះបណ្ដាល និងរៀបចំផែនការមេស្តីពី E-Government

ភ្នំពេញ ៖ ប្រធានភ្នាក់ងារសង្គមព័ត៌មានជាតិ និងជាប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់ លោកសាស្រ្តាចារ្យ អាញ់ មូនស៊ុក បានបញ្ជាក់ថា ការិយាល័យ e-government កូរ៉េ សន្យាបន្តជួយអភិវឌ្ឍវិស័យ e-government កម្ពុជាឲ្យរីកកាន់តែប្រសើរឡើង តាមរយៈការបណ្តុះបណ្តាល និងជួយរៀបចំផែនការមេដល់មន្ត្រីកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចតេជោ កាលពីព្រឹកម៉ិញ នៅរដ្ឋធានីសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា លោកសាស្ត្រាចារ្យ អាញ់ មូនសុក ប្រធាននៃគណៈកម្មាធិការប្រឹក្សាបានបញ្ជាក់ជូនសម្តេចតេជោថា រដ្ឋាភិបាលកូរ៉េ មិនត្រឹមតែចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជាពាក់ព័ន្ធនឹងការងារ e-government ប៉ុណ្ណោះទេ ប៉ុន្តែកូរ៉េ មានឆន្ទៈខ្ពង់ខ្ពស់ខ្លាំង ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។ ការិយាល័យ e-government របស់កូរ៉េ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញ e-government រួចហើយ កាលពីថ្មីៗកន្លងទៅ។

បើតាមលោកសាស្ត្រាចារ្យ អាញ់ មូនស៊ុក លោកបានមកកាន់កម្ពុជា ដើម្បីជួយក្នុងការបណ្ដុះបណ្ដាល និងការរៀបចំផែនការមេសម្រាប់ e-government ផងដែរ។ លោកសាស្ត្រាចារ្យបន្ថែមថា នៅក្នុងប្រទេសកូរ៉េ គឺមានភ្នាក់ងារសង្គមព័ត៌មានជាតិរបស់កូរ៉េ និងជាស្ថាប័នទទួលខុសត្រូវមួយក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើយ៉ាងណាបណ្ដុះបណ្ដាលលើវិស័យ IT ពាក់ព័ន្ធនឹង e-government។ ជារួមក្រោយពិការសិក្សា នឹងពិភាក្សារួចហើយនោះគឺខាងរដ្ឋាភិបាលកូរ៉េ នឹងរៀបចំការផ្ដល់ជាជំនួយឥតសំណងដល់ប្រទេសកម្ពុជា ក្នុងការពាក់ព័ន្ធនឹង e-government ក្នុងការបណ្ដុះបណ្ដាល និងការរៀបចំផែនការមេ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ e-government។

នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើមួយចំនួនធំ ហើយពាក់ព័ន្ធនឹងe-government។ អ្វីដែលសម្ដេចចង់បាននោះ គឺការបណ្ដុះបណ្ដាល ការរៀបចំផែនការមេ ការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងពាក់ព័ន្ធនឹង e-government ពីកូរ៉េដល់ប្រទេសកម្ពុជា។ពិសេសការបណ្ដុះបណ្ដាលមន្ត្រី មុននឹងរៀបចំផែនការមេ ឬផែនទីចង្អុលផ្លូវ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែក e-government នេះ។ លោកសាស្រ្តាចារ្យ បានមានប្រសាសន៍ដែរថា e-government អាចជួយរដ្ឋាភិបាលកម្ពុជាជាច្រើន ក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសធ្វើយ៉ាងណាឲ្យមន្ត្រីរាជរដ្ឋាភិបាល ជាមន្ត្រីរាជការមានចំណេះដឹងលើបច្ចេកវិទ្យា៕

អាជ្ញាធរ​ចិន ៖ អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​៨៩២​នាក់​ហើយ​ជាសះស្បើយ​

​ប៉េកាំង ៖ អាជ្ញាធរ​សុខាភិបាល​ចិន​បានប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​អ្នកជំងឺ​សរុប​ចំនួន ៨៩២ នាក់​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ត្រូវបាន​គេ​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។ ​នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។​

​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន​ថា​ កាលពី​ថ្ងៃ​អង្គារ​មាន​មនុស្ស​២៦២​នាក់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ ក្នុងនោះ​មនុស្ស​១២៥ នាក់​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ។​

​សូមជម្រាបថា​គិត​ត្រឹម​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី​បាន​កើន​ឡើងដល់ ៤៩០​នាក់ និង​រហូតដល់ ២៤,៣២៤​នាក់​បាន​ឆ្លង​នៅក្នុង​បណ្តា​ខេត្ត និង​តំបន់​ចំនួន ៣១ ទូទាំងប្រទេស​ចិន​៕

 

មនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់៤៩០នាក់ និងឆ្លងជាង២៤,៣២៤នាក់នៅចិន

ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់ ៤៩០នាក់ហើយ ខណៈមនុស្សរហូតដល់ ២៤,៣២៤នាក់បានឆ្លង។

បើតាមរបាយការណ៍ផ្លូវការពីអាជ្ញាធរចិនបានបញ្ជាក់ថា សម្រាប់រយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ មនុស្សសរុប៦៥នាក់បន្ថែមទៀតបានស្លាប់ និងករណីឆ្លងវីរុសកូរ៉ូណាថ្មី ៣,៨៨៧នាក់បន្ថែមទៀត នៅក្នុងបណ្តាខេត្ត និងតំបន់ ៣១ ទូទាំងប្រទេសចិន។ សម្រាប់មនុស្សស្លាប់បន្ថែមទៀតនេះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ទាំងអស់ ជាទីដែលរដ្ឋាភិបាលចិនកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា កាន់តែខ្លាំងឡើងៗ៕

 

សម្តេចតេជោនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ក្រោយចិនមិនអាចរៀបចំការធ្វើដំណើរទៅកាន់ទីក្រុងវូហាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួសមជាមួយភាគីមិត្តចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះបងប្អូន និងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅ និងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន ក្រោយក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងវូហានបាន។ នេះបើយោងតាមហ្វេសបុកផ្លូវការរបស់សម្តេច។

តាមរយៈទំព័រហ្វេសបុកនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ សម្តេចបានសរសេរថា តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុសិក្សានៅទីនោះ។ ប៉ុន្តែមកទល់ម៉ោង១១:០០យប់មិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាត្តិអោយចេញក្រៅពីទីកន្លែងរស់នៅបានដែរ។

ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរបស់ខ្ញុំចំពោះពលរដ្ធ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកមិញនេះ ខាងរដ្ធាភិបាលចិនបានអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួសមជាមួយភាគីមិត្តចិននឹងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ធាភិបាលចិនចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន។

ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់អោយខ្ញុំមានសុខភាពល្អ។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយ៕

 

 

WHO ៖ វីរុសកូរ៉ូណាថ្មី មិនទាន់ក្លាយជាជំងឺរាតត្បាតនៅទូទាំងសកលលោកឡើយ

វ៉ាស៊ីនតោន ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បាននិយាយថា វីរុសកូរ៉ូណា ដែលមានប្រភពមកពីទីក្រុងវូហាន ប្រទេសចិន មិនទាន់ក្លាយ ជា«ជំងឺរាតត្បាត នៅទូទាំងសកលលោក» នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ការអះអាងខាងលើធ្វើឡើងដោយ លោកស្រី Sylvie Brian ប្រធានអង្គភាពបង្ការគ្រោះមហន្តរាយនៃជំងឺឆ្លងពិភពលោករបស់អង្គការ WHO។ ថ្លែងប្រាប់ អ្នកសារព័ត៌មាន លោកស្រី Briand បានគូសបញ្ជាក់ដូច្នេះថា បច្ចុប្បន្ន វីរុសកូណាថ្មី មិនទាន់ក្លាយជាជំងឺរាតត្បាតនៅទូទាំងសកលលោក នោះទេ…ប៉ុន្តែ ជាការពិតវីរុសនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅខេត្ត Hubei ប្រទេសចិន។

សូមជម្រាបថា គិតត្រឹមម៉ោង ៨៖៤០នាទីយប់ ថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវនេះបានកើនដល់៤២៥នាក់នៅចិនដីគោក និងម្នាក់នៅហុងកុង ហើយម្នាក់ទៀតនៅហ្វីលីពីន ខណៈចំនួនអ្នកឆ្លងមានច្រើនជាង ២០,០០០នាក់៕

 

សម្តេចតេជោ ៖ ជំងឺកូរ៉ូណា ជាក្តីកង្វល់រួមរបស់ពិភពលោក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយ លោកស្រី ហាក់ ចា ហានមូន ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល នៅព្រឹកម៉ិញ មុនបើកកិច្ចប្រជុំកំពូលស្តីពីសន្តិភាព។ បញ្ហានៃជំងឺវីរុសកូរ៉ូណា នៅប្រទេសចិន ជាប្រធានស្នូលនៃជំនួបពិភាក្សានេះ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនិងប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ពិសេសទាក់ទិនទៅនិងបម្រែ បម្រួលអាកាសធាតុ និងការវិវត្តន៍ថ្មីៗ នៃការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុល នៅទីក្រុងវូហាន ប្រទេសចិន ដែលជាកង្វល់ពិតប្រាកដរបស់ពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា បញ្ហានៃការបម្រែ បម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុល គឺមិនតែជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធី សាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។

លោកស្រី ហាក់ ចាហានមូន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូន ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទីក្រុងសេអ៊ួល សាធារណរដ្ឋកូរ៉េ ស្របពេល នៃការផ្ទុះមានឡើងនៃជំងឺប្រភេទថ្មី គូរ៉ូណាវីរ៉ុស នៅទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន។

សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិនមែនជាឧបសគ្គសម្រាប់ សម្តេចសម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញ សម្តេចមានឆន្ទះពិតប្រាកដជាមួយ មេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើង ចំពោះសន្តិភាព សន្តិសុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុងប្រឈម និងរួមគ្នាដោះស្រាយ។ សម្តេចតេជោមានប្រសាសន៍ បានបញ្ជាក់ថា នៅថ្ងៃស្អែកទី៥ កុម្ភះ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហាន កុំឲ្យមានការភ័យខ្លាច ចំពោញការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស៕

ប្រទេសបារាំង ៖ អង់គ្លេស និងសហភាពអឺរ៉ុប ត្រូវតែមានច្បាប់រួមដើម្បីការពារទីផ្សារតែមួយ

បរទេស ៖ រដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់ប្រទេសបារាំង លោក អាមេលី ដឺ ម៉ុនឆាលីន បាននិយាយថា ចក្រភពអង់គ្លេស នឹងត្រូវការអនុម័តច្បាប់របស់សហភាពអឺរ៉ុប ប្រសិនបើប្រទេសនេះ ចង់បានការធ្វើពាណិជ្ជកម្ម ដោយគ្មានឧបសគ្គចូលទីផ្សារអឺរ៉ុបតែមួយ។

លោក ម៉ុនឆាលីន បាននិយាយបែបនេះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំ ជាមួយ អ្នកចរចាលើការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប លោក Michel Barnier ដែល បានបង្ហាញអាណត្តិរបស់គណៈកម្មការអឺរ៉ុប សម្រាប់កិច្ចពិភាក្សាជាមួយ ប្រទេស អង់គ្លេស ស្តីពីទំនាក់ទំនង នាពេលអនាគតរវាងទីក្រុងឡុងដ៍ និងទីក្រុងព្រូស៊ែល។

លោក Barnier បាននិយាយថា សហភាពអ៊ឺរ៉ុប ចង់បានកិច្ចព្រមព្រៀង លើការ ធ្វើ ពាណិជ្ជកម្ម គ្មានពន្ធ និងគ្មានកូតា ដ៏មានមហិច្ឆតាជាមួយប្រទេសអង់គ្លេស ប៉ុន្តែ កិច្ចព្រម ព្រៀងនេះ នឹងពឹងផ្អែកលើការប្រកួតប្រជែងបើកចំហ និងយុត្តិធម៌រវាងចក្រភពអង់គ្លេស និងប្លុកប្រទេសទាំង ២៧ ។

ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានជាប់គាំងលើការផុតកំណត់ ដើម្បីទទួលបានកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងនាពេលអនាគត ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា ប្រទេសអង់គ្លេសនឹងមិនគោរពតាមវិធាន និងបទប្បញ្ញត្តិ របស់ប្លុកនេះទៀតនោះទេ៕