All posts by មេគង្គ ប៉ុស្តិ៍

រាជរដ្ឋាភិបាល ឯកភាពបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ប៉ុន្តែដកមាត្រា៤ និងកែសម្រួលពាក្យពេចន៍ នៅក្នុងមាត្រាមួយចំនួន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៏ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានអនុញ្ញាតជាគោលការណ៍ឲ្យប្តូរឈ្មោះទៅជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏ដូចជារបបគំហើញដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានជាលក្ខណៈសកល និងដើម្បីធ្វើឲ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ(នវានុវត្តន៍) របស់កម្ពុជាទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលទូលំទូលាយក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត។ ពិសេសជម្រុញ និងទាក់ទាញវិស័យវិទ្យាសាស្ត្រ ឲ្យមានការរីកចម្រើន និងជម្រុញការផ្ទេរបច្ចេកវិទ្យា ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤.០។

ការអភិវឌ្ឍន៍វិស័យនេះគឺជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការតភ្ជាប់រវាងសេដ្ឋកិច្ចសំខាន់ៗ ដែលជាឃ្នាស់ជម្រុញកំណើន និងបង្កើតការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម ដែលធ្វើឲ្យផលិតភាពកើនឡើង និងមានចំណូលខ្ពស់ជាងមុន ក្នុងដំណាក់កាលដែលកម្ពុជាកំពុងតែផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។

អភិវឌ្ឍន៍យ៉ាងលឿនរហ័សដែលពាក់ព័ន្ធជិតស្និតទៅនឹងផ្នែកវិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាសកល កម្ពុជាត្រូវការជាចាំបាច់នូវយន្តការគ្រប់គ្រងមួយច្បាស់លាស់លើរបបថ្មីនេះ ធ្វើយ៉ាងណាធានាឲ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចីរភាព និងការប្រកួតប្រជែងខ្ពស់ សំដៅធ្វើឲ្យកម្ពុជាសម្រេចបាននៅចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានដាក់ឆ្លងពិគ្រោះយោបល់ ពិភាក្សា ពិនិត្យកែសម្រួលឡើងវិញ ក្នុងកិច្ចប្រជុំអន្តរក្រសួងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយមានក្រសួងពាក់ព័ន្ធចំនួន១៥ រួមទាំងតំណាងក្រុមប្រឹក្សាអ្នកច្បាប់ផងបានចូលរួមផ្តល់ជាមតិយោបល់ និងបានលើកឡើងនូវចំនុចមួយចំនួនពាក់ព័ន្ធនឹងទម្រង់ ខ្លឹមសារ បទបញ្ញតិ្ត ដែលគួរត្រូវបានកែសម្រួល និងចែងក្នុងសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងអនុក្រឹត្យនេះ៕

កម្ពុជា-ចិន នឹងបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅខែមេសា ខាងមុខ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានបញ្ជាក់ថា ដំណើរការ នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងបន្តការចរចារនៅអំឡុងខែមេសាបន្តទៀត។ បើតាមអ្នកនាំពាក្យ ក្រុមការងារអន្តរក្រសួងរបស់កម្ពុជា និងមន្ត្រីរដ្ឋាភិបាលចិន បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពន្លឿនកិច្ចចរចាពាណិជ្ជកម្មនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមការងារចរចារបស់កម្ពុជា និងក្រុមការងាររបស់ចិន បានបង្កើតក្រុមការងារចរាចរហូតដល់១០ក្រុម ហើយធ្វើការពិភាក្សាក្នុងពេលដំណាលគ្នា ដើម្បីពន្លឿនការបញ្ចប់ការចរចាឲ្យបានឆាប់រហ័ស។ ការចរចាជុំទី១ ធ្វើឡើងកាលពីខែមករា នៅប្រទេសចិនបានបញ្ចប់ ដោយលទ្ធផលល្អប្រសើរ គ្រាដែលភាគីទាំងបានស្វែងយល់ពីគ្នា និងលើកយកបញ្ហាដាក់លើតុជជែកពិភាក្សាយ៉ាងល្អិតល្អន់។ គំនិតផ្តួចផ្តើមបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានធ្វើឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីចិន លី គឺជាំង ក្នុងជំនួបទ្វេភាកាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣តាមការកំណត់។

ក្នុងជំនួបកាលពីម្សិលម៉ិញ ជាមួយប្រធានាធិបតីចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា ចិន ត្បិតភាពរីកចំរើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភពីប្រទេសចិនឡើយ។ សម្តេចតេជោ ក៏បានស្នើឲ្យចិនជួយបើកទីផ្សារបន្ថែម ដើម្បីទទួលទិញផលិតផលពីកម្ពុជាបន្ថែមទៀត ពិសេសស្នើឲ្យចិន ជួយគៀងគរវិនិយោគចិនមកកាន់កម្ពុជា។ ចំណែកប្រធានាធិបតីចិន បានអះអាងថា ចិននឹងបន្តជំនួយដល់កម្ពុជា ទៅតាមអ្វីដែលអាចធ្វើបាន ហើយរដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។

ប្រធានាធិបតីចិន កំពុងពិចារណាក្នុងការតម្លើងទំនាក់ទំនង កម្ពុជាចិនឲ្យកាន់តែធំជាងនេះបន្ថែមទៀត នៅពេលខាងមុខ នោះក៏ដោយសារ កម្ពុជា ចិនបានចុះហត្ថលេខារួមគ្នា ក្នុងការរួមវាសនាតែមួយជាមួយគ្នា៕

លោក ជា សុផារ៉ា សម្រេចផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល

ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សម្រេច​បញ្ចប់​ភារកិច្ច​លោក លឹម ចាន់សូភី ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កណ្តាល ដោយ​ចាត់​ឱ្យ​មក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​អភិរក្ស​សុរិយោដី​ចំណុះ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្រ្ត​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្រ្តី ​ក៏បាន​សម្រេច​តែងតាំង​លោក សុក កាន់ណារិទ្ធ ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដីខេត្តកណ្តាល ជំនួសលោក លឹម ចាន់សូភី៕

សូមអាន​ប្រកាស​ខាងក្រោម៖

 

អាជ្ញាធរ​ចិន ៖ អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​១.៥៤០​នាក់​បានជា​សេះ​ស្បើយ​

​ប៉េកាំង ៖ អាជ្ញាធរ​សុខាភិបាល​ចិន​បានប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​អ្នកជំងឺ​សរុប​ចំនួន​១.៥៤០​នាក់​ដែល​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន​។​

​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន​ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មនុស្ស​៣៨៧​នាក់​បាន​ដើរ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​ក្នុងនោះ​មនុស្ស​១៨៤ នាក់​នៅ​ខេត្ត​ហ៊ូ​ប៉ី ។​

​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​អំពី​ស្ថានភាព​នៃ​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​ថ្មី នៅ​ទូទាំង​ផ្ទៃ​ប្រទេស ក្នុងនោះ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើងដល់ ៦៣៦​នាក់ និង​ឆ្លង ៣១,១៦១​នាក់​នៅក្នុង​ខេត្ត និង​តំបន់​សរុប​ចំនួន ៣១ របស់​ចិន​៕

 

ក្រុមហ៊ុនធំៗអាមេរិកចំនួន១៥ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មសរដ្ឋអាមេរិកប្រចាំនៅកម្ពុជា រៀបចំធ្វើវេទិការធុរកិច្ចអាមេរិកនៅកម្ពុជា ស្តីពី «ការលានុវត្តន៍ភាពធ្វើធុរកិច្ចក្នុងវិស័យកសិកម្មរបស់កម្ពុជា នៅឆ្នាំ ២០២០» រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៦-៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ ដែលមានក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចំនួន១៥ចូលរួមមកពីវិស័យសិកម្ម និងផលិតបច្ចេកវិទ្យា។

ក្រុមហ៊ុនទាំងនេះ មានដូចជា ៖ ក្រុមហ៊ុន Altech, ក្រុមហ៊ុន Amazon Web Service, ក្រុមហ៊ុន Archer Daniels Midland, ក្រុមហ៊ុន​​​ California Figs, ក្រុមហ៊ុន​ Corteva Agriscience, ក្រុមហ៊ុន DTN, ក្រុមហ៊ុន​ IBM និងក្រុមហ៊ុន John Deere (RMA) ជាដើម។

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ២០២០» ដែលរៀបចំឡើងដោយស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគាររ៉ូសវូត រាជធានីភ្នំពេញ ពីថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២០។ ជាអធិបតីក្នុងពិធីនោះដែរគឺ លោក ប៉ាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនជាតិ និងអន្តរជាតិ ជាច្រើនទៀតផងដែរ។

នៅក្នុងសុន្ទរកថាគន្លឹះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជម្រាបជូនថា វិស័យកសិកម្ម ជាវិស័យអាទិភាពមួយដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី បានជម្រាបជូនពីផលិតផលកសិកម្មមួយចំនួន ដូចជាស្រូវ-អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែលសុទ្ធសឹងជាផលិតផលសក្ដានុពល សម្រាប់ជាព័ត៌មានជូនដល់ធុរជនជាតិ និងអន្តរជាតិ ពិចារណាក្នុងការធ្វើអាជីវកម្ម ឬវិនិយោគនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការកែច្នៃផលិតផលកសិកម្ម ជាការងារអាទិភាពមួយ ដើម្បីទ្រទ្រង់វិស័យកសិកម្មឲ្យមានការរីកចម្រើនមួយចំណែកទៀត ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកជាឧទាហរណ៍ការកែច្នៃដំឡូងមីទៅជាម្សៅ គ្រាប់ថ្នាំ ថង់ អេតាណុល និងជាវត្ថុផ្សេងៗទៀត ដែលសកម្មភាពទាំងនោះ នឹងបង្កើតការងារ បង្កើនចំណូល និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ នៅក្នុងន័យនេះ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យក្រុមហ៊ុនអាមេរិក ក៏ដូចជាក្រុមហ៊ុនក្នុងស្រុក ពិចារណាលើការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្ម ដោយបានលើកឡើងអំពីបរិយាកាសវិនិយោគល្អប្រសើររបស់កម្ពុជា។

ឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រិក មើហ្វី (W. Patrick Murphy) បានជម្រាបជូនថា ការរៀបចំវេទិកាធុរកិច្ចស្ដីពីវិស័យកសិកម្មនៅកម្ពុជានេះជាវេលាដ៏ល្អមួយ គាប់ជួនជាមួយនឹងខួបអនុស្សាវរីយទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ចំពោះវេទិកាធុរកិច្ចលើកនេះ មានក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៥ក្រុមហ៊ុន ដោយក្នុងនោះរួមមានក្រុមហ៊ុនដែលប្រកបកសិកម្មបែបប្រពៃណី និងក្រុមហ៊ុនមួយចំនួនទៀតជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាទំនើប ដែលអាចជួយដល់ការជំរុញវិស័យកសិកម្ម និងបង្កើនទិន្នផល។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ក្រុមហ៊ុនទាំងនោះនឹងសហការជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ សង្កត់ធ្ងន់លើការប្រើប្រាស់បច្ចេកវិទ្យា លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនបន្ថែមទៀតថា តាមរយៈការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ចំណែកនៃវិស័យកសិកម្មនឹងមានការចុះថយជាលំដាប់ ហើយក្នុងពេលនោះហើយ ដែលបច្ចេកវិទ្យានឹងជួយបំពេញបន្ថែមក្នុងការបង្កើនផលិតភាព គាំទ្រស្ថិរភាពស្បៀង និងលើកកម្ពស់ខ្សែចង្វាក់តម្លៃកសិកម្មសម្រាប់ការនាំចេញ។

សូមជម្រាបជូនថា ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ គឺមានសរុបប្រមាណ ៥,៤ ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែវិច្ឆិកា ស្មើនឹងកំណើនប្រមាណ ២៧,៤% បើប្រៀបនឹងឆ្នាំ២០១៨។ ក្នុងនោះផងដែរ វិស័យកសិកម្មក៏រួមចំណែកមួយចំនួនដ៏សំខាន់ ក្នុងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

 

កងពលតូចអន្តរាគមន៍លេខ៧ ប្រជុំពិនិត្យ និងដាក់ទិសដៅការងារយោធាឆ្នាំ២០២០

ខេត្តព្រះវិហារ ៖ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នាព្រឹក ថ្ងៃទី០៥ ខែកុម្ភះឆ្នាំ២០១៩ នៅក្នុងទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញជាអធិបតី ប្រជុំបូកសរុបលទ្ធផលការងារយោធា ឆ្នាំ២០១៩ នឹងដាក់ចេញទឹសដៅបន្តការងារយោធា ឆ្នាំ២០២០។ ពិធីនេះក៏មានចូលរួមពីសំណាក់មេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចទាំងបួនចំណុះផងដែរ។

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានមានប្រសាន៍ជម្រុញទៅដល់នាយ និងពលទាហានទាំងអស់ ត្រូវខិតខំបន្តយកចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងភារកិច្ចការពារជាតិមាតុភូមិ នៅតាមបន្ទាត់ព្រំដែន និងយកចិត្តទុកដាក់ការពារសន្តិសុខសណ្ឋាប់ធ្នាប់ឱ្យបានល្អប្រសើរ នៅតាមតំបន់ឈរជើងរបស់ខ្លួន។

លោកបន្តថា នៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធា ឆ្នាំ២០១៩នឹងដាក់ចេញទិសដៅ ការងារយោធាឆ្នាំ២០២០របស់អង្គភាព នាពេលនេះ គឺចង់បញ្ជាក់ឱ្យកាន់តែច្បាស់ ក្នុងការយកចិត្តទុកដាក់ ទាំងកម្លាំងកាយ កម្លាំងចិត្តយ៉ាងធំធេងរបស់កងទ័ព បាននឹងកំពុងខិតខំបំពេញបេសសកម្ម នៅតាមបន្ទាត់ព្រំដែន។ ក្រោមអនុសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលកងយោធពលខេមរភូមិន្ទ មានតួនាទីយ៉ាងសំខាន់ និងចាំបាច់បំផុត ក្នុងកិច្ចការ ការពារអធិបតេយ្យភាព ឯករាជ និងបូរណភាពដែនដី។

លោក ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានលើឡើងបញ្ជាក់ថា ថ្វីត្បិត តែសភាពការណ៍តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែយើងនៅតែមិនធ្វេសប្រហែស១វិនាទីណាឡើយ។ ព្រមទាំងបង្កើតការប្រុងប្រយ័ត្នរឹតតែទ្វេរឡើង ដោយត្រួតពិនិត្យ ហ្វឹកហ្វឺនជាប្រចាំ និងត្រៀមលក្ខណរួចជាស្រេច នូវកម្លាំងទ័ព ស្បៀងអាហារ បរិក្ខាសឹក ដែលមានក្នុងដៃស្រាប់។ ត្រៀមជាប់ជាប្រចាំនូវកម្លាំងអន្តរាគមន៍ សំរាប់ជួយដល់ប្រជាពលរដ្ឋជួបគ្រោះមន្តរាយផ្សេងៗ និងត្រៀមអនុវត្តន៍រាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូនគ្រប់ពេលវេលា។ យកចិត្តទុកដាក់ពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ក្តាប់ឱ្យជាប់រាល់សភាពការណ៍ នៅតំបន់ឈរជើង ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ពិសេសគឺបញ្ហាគ្រឿងញៀន ចូលរួមសហការ ជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ដើម្បីរក្សាអោយបាននូវភូមិឃុំមានសុវត្ថិភាព។

ជាមួយគ្នានោះ លោកមេបញ្ជាការ ក៍បានកោតសសើរ ធ្វើការវាយតំលៃដល់មេបញ្ជាការ ដែលបានខិតខំប្រឹងប្រែង រៀបចំ និងមានភាពវ៉ៃឆ្លាតក្នុងការច្នៃប្រឌិត លើការកសាងអង្គភាពឱ្យកាន់រីកចំរើន៕

ជនពិកាដោយសារគ្រាប់មីន៣០០នាក់ទទួលអំណោយពីចលនាយុវជនកម្ពុជាក្រុម១៥៧

ខេត្តបន្ទាយមានជ័យ ៖ ក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧នៃខេត្តបន្ទាយមានជ័យបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគទៅចែកជូនដល់គ្រួសារជនពិកាចំនួន៣០០នាក់នៅក្នុងស្រុកថ្មពួកដែលពិកាដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ។ពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២០ក្នុងបរិវេណវត្តថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យក្រោមវត្តមានរបស់ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី  អនុប្រធានទី១អាជ្ញាធរមីន។

លោក ដៀប ឈួន អភិបាលស្រុកថ្មពួកបានអោយដឹងថាស្រុកថ្មពួកជាស្រុកមួយដែលឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃនិងអូសបន្លាយយូរឆ្នាំ។ ជាមួយគ្នានោះដែរក៏បានបន្សល់ទុកជនពិកា ក្មេងកំព្រា ស្ត្រីម៉េម៉ាយ ជាច្រើនគ្រួសារ ជាមួយនោះក៏បានបន្សល់ទុកគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅរាយប៉ាយពាស់ពេញដី ។លោកបន្តថាគ្រាប់យុទ្ធភ័ណដែលមិនទាន់ផ្ទុះទាំងនេះក៏បាននិងកំពុងយាយីអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើងជារៀងរាល់ថ្ងៃ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័័យបានមានប្រសាសន៍ថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាស់វៃនិងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង ហេដ្ឋារចនាសម្ពន្ធ័នានាត្រូវបានផុសត្រដែតឡើង។ ថ្វីត្បិតប្រទេសទទួលបានសុខសន្តិភាពក៏ពិតមែន តែអ្វីដែលយើងនៅតែមិនអាចភ្លេចបាន នោះគឺបងប្អូនជនពិកាដោយសារសង្គ្រាម ដោយសារគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះដែលបាននិងកំពុងមានវត្តមានពាស់ពេញដីក្នុងស្រុកថ្មពួកនិងក្នុងព្រះរាជាណាចក្រកម្ពុជា។

ទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១អាជ្ញាធរមីន បានមានប្រសាសន៍ចូលរួមសោកស្តាយនិងអាណិតអាសូរចំពោះបងប្អូនជនពិកាទូទាំងប្រទេសពិសេសបងប្អូនជនពិកាដែលកំពុងមានវត្តមាននាពេលនេះ ដែលរងគ្រោះព្រោះតែបូរណភាពទឹកដីនិងសុខសន្តិភាពប្រទេសជាតិ។ឯកឧត្តម ទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់បងប្អូនជនពិកាដែលបានលះបង់និងចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ បងប្អូនពិតជាទទួលរងនូវការលំបាកពេកហើយ ចំពោះការលះបង់នេះ តែរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោក្នុងនាមប្រមុខថ្នាក់ដឹកនាំប្រទេសមិនដែលបំភ្លេចនិងទុកចោលបងប្អូនជនពិកាទាំងអស់នេះឡើយ ក្នុងនាមជាអ្នកមានគុណបំណាច់ចំពោះជាតិ មាតុភូមិ។

សូមបញ្ជាក់ផងដែរថាអំណោយដែលត្រូវចែកជូនក្នុងម្នាក់ៗ មានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១២កំប៉ុង ទឹកត្រី៦ដប ទឹកស៊ីវ៦ដប ស្កសរ១គីឡូក្រាម អំបិលអ៊ីយ៉ូត១គីឡូក្រាម ប៊ីចេង១កញ្ចប់ សាប៊ូ១គីឡូក្រាម អាវស១ សារ៉ុង១ ថវិកា៣ម៉ឺនរៀល ។ ចំពោះសិស្សានុសិស្ស១០០នាក់ ក្នុងម្នាក់ៗ ទទួលបាន សៀវភៅ២ក្បាល ប៊ិច២ដើម ជ័រលុប១ បន្ទាត់១ អាវសរ១ និងថវិកា៥.០០០រៀល។ លោកគ្រូពេទ្យ២នាក់ ម្នាក់សារ៉ុង១ ថវិកា២ម៉ឺនរៀល។ កម្លាំងការពារ១៥នាក់ម្នាក់២ម៉ឺនរៀល។ យាយជីតាជីម្នាក់សារ៉ុង១ ថវិកា២ម៉ឺនរៀល ។ និងថវិកាចូលកសាងវត្តចំនួន១លានរៀល ព្រមទាំងពិសារនំបញ្ចុករួមគ្នាមួយពេលផងដែរ៕

ចំនួន​អ្នកស្លាប់​ដោយ​វីរុស​កូ​រ៉ូ​ណា​នៅ​ចិន​កើន​ដល់​៦៣៦​នាក់​ហើយ​

​ប៉េកាំង ៖ អាជ្ញាធរ​ចិន បានប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែកុម្ភៈ​នេះ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​នៅ​ដល់​៦៣៦​នាក់ ហើយ​បន្ទាប់ពី​ខេត្ត​ហ៊ូ​ប៉ី​ដែល​រងគ្រោះ​ខ្លាំង​បាន​រាយការណ៍​ថា​មាន​អ្នកស្លាប់​ថ្មី​ចំនួន​៦៩​នាក់​បន្ថែមទៀត​។ ​នេះ​បើ​យោងតាម​សារព័ត៌មាន CNA ។​

ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃ​របស់​គណៈកម្មការ​សុខភាព​ជាតិចិន បាន​បញ្ជាក់ថា ខេត្ត​ហ៊ូ​ប៉ី មាន​មនុស្ស​រហូតដល់​២,៤៤៧​នាក់​បានឆ្លងវីរុស​នេះ​បន្ថែមទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​វីរុស​កើន​ដល់​៣១,១៦១ នៅក្នុង​ប្រទេស​ចិនដីគោក​៕

 

ក្រសួងព័ត៌មានបង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន

ភ្នំពេញ ៖ ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយដើម្បីបង្កើតគណៈកម្មការសម្របសម្រួល ដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន។

គណៈកម្មការនេះ ដឹកនាំដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយមានអនុប្រធានចំនួន៤នាក់ និងមានសមាសភាព២៣នាក់ ដែលក្នុងនោះមានទាំងប្រធានសមាគមសារព័ត៌មានមួយចំនួនផងដែរ។

តាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖

 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈមួយចំនួន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាលើឯកសារសំខាន់ៗចំនួន៣ ព្រមទាំងបញ្ហាដទៃទៀតរបស់រាជរដ្ឋាភិបាល។

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា របៀបវារៈដែលលើកមកពិក្សាក្នុងកិច្ចប្រជុំនាព្រឹកនេះរួមមាន ៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ២៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងទី៣៖ គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យគម្រោងអភិវឌ្ឍបណ្ដាញបញ្ជូន២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូងថ្មខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាប និងគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ នៅស្រុកបទុបសាគរ ខេត្តកោះកុង និងការអនុវត្តបន្តទៀត។

ក្រៅពីរបៀបវារៈទាំង៣ខាងលើ កិច្ចប្រជុំក៏នឹងពិភាក្សាទៅលើសំណើសុំការយល់ព្រមពីគណៈរដ្ ឋមន្រ្តី ដើម្បីអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ ៖ ១៖ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ២៖ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។ ៣៖ ពិធីសារទីមួយ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។ ៤៖ ពិធីសារទីពីរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និង៥៖ ពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕

 

​ កម្ពុ​ជាមាន​អ្នកស្លាប់លើសពី​៤០​នាក់ក្នុង​មួយថ្ងៃៗ ​បង្កឡើង​ដោយ​ថ្នាំជក់​

​ភ្នំពេញ ៖ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក បាន​រកឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១៥,០០០​នាក់ស្លាប់​ជា​រៀងរាល់ឆ្នាំបណ្តាលមកពី​ជំងឺ​ដែlបង្ក ដោយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ហើយ​ក្នុង​មួយថ្ងៃៗ មាន​អ្នកស្លាប់​ប្រមាណ​លើសពី ៤០​នាក់​។ ជំងឺ​ទាំងនោះ​រួមមាន ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជំងឺឆ្លង​ផ្លូវដង្ហើម​ផ្នែក​ខាងក្រោម ជំងឺ​ត្បៀត​ទងសួត​រ៉ាំរ៉ៃ ជំងឺមហារីក​សួត ទងសួត និង​បំពង់ខ្យល់​។​ល​។​

​ទន្ទឹម​នោះ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​បណ្តាលឱ្យ​ខាតបង់​ថវិកា​៦៤៩​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ដែល​ស្មើនឹង​៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រជាជន​កម្ពុជា​។ ក្នុងនោះ​៥៨៤​លាន​ដុល្លារ បណ្តាលមកពី​ការខាតបង់​ផលិតភាព​សេដ្ឋកិច្ច និង​៦៥​លាន​ដុល្លារ លើ​ការចំណាយ​ព្យាបាល​ជំងឺ​ដែល​បង្កដោយ​ការជក់បារី​៕

 

ក្រុមហ៊នអង់គ្លេសមួយ គ្រោង​វិនិយោគ​លើកសិដ្ឋាន​ចិញ្ចឹមគោ​យកទឹកដោះនៅ​កម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន Unitedgreen ដែល​មានមូលដ្ឋាន​នៅក្រុងឡុងដ៏ ប្រទេស​អង់គ្លេស គ្រោង​វិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹមគោ​យកទឹកដោះនៅកម្ពុជា។ ការ​បង្ហាញ​គម្រោង​នេះធ្វើឡើង​ដោយ​លោក Rod Bassett នាយក​ក្រុមហ៊ុន ក្នុង​ជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។

លោក​នាយក​បាន​ថ្លែង​ដោយ​សង្ខេប​អំពី​ជីវប្រវត្តិ​របស់​ក្រុមហ៊ុន មុខរបរ ទុន​វិនិយោគ រចនាសម្ព័ន្ធ​ក្រុមហ៊ុន។ល។ និងជា​ពិសេសគោលបំណង​នៃជំនួបនាពេលនេះគឺ ៖ ទី១- ធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីគោលនយោបាលវិនិយោគរបស់រាជរដ្ឋា ភិបាល ក៏ដូចជារបស់ក្រសួង និងទី២- ពិនិត្យលើសក្តានុពលនៃធនធានដី ទឹក និងទីផ្សារ ដើម្បីវិនិយោគលើខ្សែច្រវាក់ផលិតកម្មគោទឹកដោះដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយតាំងពីការបង្កាត់ពូជ ការដាំស្មៅជាចំណី ការចិញ្ចឹម និងរោងចក្រកែច្នៃ វេចខ្ចប់ទឹកដោះស្រស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។

លោកបានបន្ថែមទៀតថា កម្ពុជាជាប្រទេសមានសក្តានុពលលើវិស័យកសិកម្ម បូករួមទាំងឱកាសអំណោយផលពេញលេញ ប៉ុន្តែនៅត្រង់ថាកម្ពុជាមិនទាន់បានចាប់ ផ្តើមអនុវត្តបច្ចេកវិទ្យាឱ្យបានគ្រប់ចំណុចនៃខ្សែច្រវាក់ផលិតកម្ម ធ្វើឱ្យគំលាតរវាងផលិតផលដែលផលិតដោយកសិករ និងទីផ្សារស្ថិតនៅឆ្ងាយពីគ្នា។

ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនមានចំណាប់អារម្មណ៍ធ្វើការរៀបចំគម្រោងវិនិយោគតាំងពីមូលដ្ឋាននៃផលិតកម្ម រហូតដល់ទីផ្សារ ដោយនាំយកទំនើបកម្មកសិកម្ម និងទំនើបកម្មកសិឧស្សាហកម្ម ជាពិសេសហិរញ្ញវត្ថុមកអនុវត្ត។

ជាការឆ្លើយតប លោក​រដ្ឋមន្ត្រីបានជូនយោបល់ថាក្រុមហ៊ុនគួរចាប់ផ្តើមពីកសិដ្ឋានតូច ធ្វើជា​លក្ខណ:បង្ហាញ រួចឈានទៅពង្រីកអាជីវកម្មបន្តិចម្តងៗ ស្របតាមនិន្នាការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ និងត្រូវការនៃការប្រើប្រាស់ទឹកដោះគោ។ មួយវិញទៀត លោកបានណែនាំឱ្យក្រុមហ៊ុនគួរសិក្សាឱ្យបានច្បាស់ លាស់ពីរចនាសម្ព័ន្ធគាំទ្រសំខាន់ៗដូចជាទឹក ភ្លើង និងការដឹកជញ្ជូន។ល។ ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនាពេលខាងមុខដំណើរការទៅដោយរលូន។ ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក៕

 

ព្រះមហាក្សត្រ និងសម្ដេចម៉ែ ​ប្រោសព្រះរាជទាន១៥ម៉ឺនដុល្លារដល់ចិនចំពោះ​ការ​ប្រឈម​នូវ​ការ​ផ្ទុះ​ឡើង​វីរុស​កូរ៉ូណា

ភ្នំពេញ ៖ ព្រករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ប្រោស​ព្រះ​រាជទាននូវព្រះរាជទ្រព្យផ្ទាល់ចំនួន ១៥ម៉ឺនដុល្លារ ដល់​ប្រទេសចិន ចំពោះ​ការ​ប្រឈម​នូវ​ការ​ផ្ទុះ​ឡើង នៃ​វីរុស​កូរ៉ូណា។ នេះ​បើតាមការបង្ហោះនៅក្នុង​ហ្វេសបុក Royal du Cambodge។

ការប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តនេះដោយ ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥ម៉ឺន​ដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១០ម៉ឺនដុល្លារ ) ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន៕

 

WHO អំពាវនាវ​រក​ថវិកា​៦៧៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​ប្រយុទ្ធប្រឆាំង​វីរុស​កូ​រ៉ូ​ណា​

​ស្វី​ស​ ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ (WHO) លោក Tedros Adhanom Ghebreyesus  កាលពី​ថ្ងៃ​ម្សិលមិញ​បានអំពាវនាវ​រក​ថវិកា​ចំនួន៦៧៥​លាន​ដុល្លារ​អាមេរិកជា​ជំនួយ​សម្រាប់​ផែនការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ ជាពិសេស​តាមរយៈ​ការវិនិយោគ​នៅក្នុង​ប្រទេស​នានា ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មាន​បញ្ហា និង​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់បំផុត​។​

​លោក​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា ថ្ងៃនេះ​យើង​កំពុង​រៀបចំ​ផែនការ​ត្រៀម និង​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ …. យើង​កំពុង​ស្នើសុំ​ថវិកា​ចំនួន ៦៧៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ទ្រទ្រង់​ផែនការ​សម្រាប់​រយៈពេល ៣​ខែ​ខាងមុខ​។ លោក Tedros និយាយថា សារ​របស់​យើង​ទៅកាន់​សហគមន៍​អន្តរជាតិ គឺ​ត្រូវ​វិនិយោគ​នៅថ្ងៃនេះ ឬ​បង់ប្រាក់​ច្រើន​នៅពេល​ក្រោយ ដោយ​បន្ថែមថា ការអំពាវនាវរ​កមូ​ល​និ​ធិ​គឺ “​តិចជាង​ប្រាក់​ដែល​យើង​នឹងត្រូវ​ចំណាយ ប្រសិនបើ​យើង​មិន​វិនិយោគ​លើ​ការត្រៀម​រៀបចំ​ឥឡូវនេះ​ទេ​”​។​

​លោក Tedros បាន​បញ្ជាក់ថា​ថវិកា ៦០​លាន​ដុល្លារ​នៃ​មូលនិធិ​នេះ​នឹង​ក្លាយជា​ប្រតិបត្តិការ​នានា របស់​អង្គការ​សុខភាព​ពិភពលោក ចំណែក​ថវិកា​នៅសល់​នឹង​បញ្ជូន​ទៅកាន់​បណ្ដា​ប្រទេស​នានា ដែល​ត្រូវការ​ជំនួយ​ដើម្បី​ការពារ​ប្រឆាំងនឹង​វីរុស​ដ៏​កាច​សាហាវ​នេះ៕

 

ប្រធានាធិបតីឡាវ នឹងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ ក្នុងសប្តាហ៍ក្រោយ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា លោក ប៊ុនញ៉ាំង វរជីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ប៊ុនញ៉ាំង វរជីត នឹងចូលគាល់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង។ បន្ទាប់ពីនោះ លោកនឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

តាមការបញ្ជាក់របស់ក្រសួងការបរទេស ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក ប៊ុនញ៉ាំង វរជីត នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យនិងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។

ក្រសួងការបរទេសបានបន្ថែមទៀតថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ប៊ុនញ៉ាំង វរជីត គឺជាព្រឹត្តិការណ៍ដ៍មានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក៏ដូចជា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសនិងប្រជាជន ដែលជាអ្នកជិតខាងល្អទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត៕

ខាងក្រោមនេះជាសេចក្តីប្រកាស របស់ក្រសួងការបរទេស៖