All posts by មេគង្គ ប៉ុស្តិ៍

ព្រឹកនេះ សម្តេច ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦.១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ៕

 

តុលាការបន្តចូលក្នុងសំណុំរឿងលោក កឹម សុខា ទាក់ទងសម្ងាត់ជាមួយបរទេស

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសពីថ្ងៃ សុក្រ ថា សវនាការក្នុងសប្ដាហ៍ទី៥ គឺនៅថ្ងៃពុធ និងព្រហស្បតិ៍ នាសប្ដាហ៍ក្រោយ តុលាការនឹងបន្តសួរដេញដោលលោក កឹម សុខា អតីតប្រធានបក្សប្រឆាំងអំពីអង្គហេតុត្រូវវ៉ូវគ្នាសម្ងាត់ជាមួយបរទេសចាប់តាំងពីពេលបង្កើតគណបក្សសង្គ្រោះជាតិ មុនពេលបោះឆ្នោត និងក្រោយការបោះឆ្នោត២០១៣ រហូតដល់ពេលចាប់ខ្លួន។

លោក កុយ សៅ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងដូចនេះ មុនពេលលោកប្រកាស បិទសវនាការដែលបានធ្វើឡើងរយៈពេលតែ ១ ព្រឹកនៅថ្ងៃទី៧ កុម្ភៈ និងជាសវនាការថ្ងៃទី៨ សប្ដាហ៍ទី៤ ពាក់ព័ន្ធនឹងរឿងសន្ទិដ្ឋភាពជាមួយបរទេសរបស់លោក កឹម សុខា។

សវនាការចាប់ផ្ដើមដំបូងលោក កុយ សៅ ប្រាប់ឱ្យចាក់ខ្សែវីដេអូខ្លីៗជិត ២០ ដែលជាវីដេអូបង្ហាញពីសកម្មភាព និងការថ្លែងរបស់លោក កឹម សុខា។ ក្នុងចំណោមវីដេអូទាំង នោះ មានខ្លះបង្ហាញពីការថ្លែងសារពាក់ព័ន្ធនឹងសិទ្ធិមនុស្សកាលពីលោក កឹម សុខា ធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស។ វីដេអូខ្លះទៀតបង្ហាញពីលោក កឹម សុខា ថ្លែងសារនយោបាយក្នុងពេលធ្វើសមាជបក្ស និងការថ្លែងតាមវេទិកាជួបជាមួយអ្នកគាំទ្រកាលលោកធ្វើជាប្រធាន គណបក្សសិទ្ធិមនុស្ស។

មានវីដេអូមួយបង្ហាញពីសកម្មភាពលោក កឹម សុខា ដឹកនាំការដើរយាត្រាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការចេះប្រើប្រាស់សិទ្ធិផ្សេងៗនៅពេលលោកធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស ហើយសារនយោបាយគឺពាក់ព័ន្ធនឹងគោលជំហររបស់លោកគណបក្សសិទ្ធិ មនុស្ស និងគោលជំហររបស់អតីតគណបក្សសង្គ្រោះជាតិជុំវិញមូលហេតុបង្កើតគណបក្សទាំង ២ នេះ។

សូមជម្រាបថា ក្នុងរយៈពេលសវនាការប៉ុន្មានសប្ដាហ៍មកនេះ តុលាការបានបើកការសួរ ដេញដោលលោក កឹម សុខា អំពីសកម្មភាពរបស់លោកចាប់តាំងពីក្លាយជាតំណាងរាស្ដ្រដំបូងក្នុងឆ្នាំ ១៩៩៣។ ការឈប់ធ្វើនយោបាយមកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងការ បង្កើតគណបក្សសិទ្ធិមនុស្សរហូតដល់ឆ្នាំ២០១២៕

ក្រសួងមហាផ្ទៃព្រមានពីផលិតផលក្លែងក្លាយលក់នៅតាមអនឡាញ

ភ្នំពេញ ៖ លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ការលក់ផលិតផលក្លែងក្លាយ និងអាចប្រឈមនឹងទោសទណ្ឌចំពោះមុខច្បាប់។ ជាមួយគ្នានេះ លោកបានក្រើនរំលឹកពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការទិញផលិតផលនានា តាមអនឡាញ ព្រោះផលិតផលខ្លះជាផលិតផលក្លែងក្លាយ ប៉ះពាល់ដល់សុខភាព។  

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគមអ្នកលក់ឱសថកម្ពុជា កាលពីម្សិលម៉ិញ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រ យ័ត្នខ្ពស់ចំពោះការទិញផលិតផល និងឱសថតាមអនឡាញ ត្បិតផលិតផល ខ្លះ មិនបានចុះបញ្ជីការត្រឹមត្រូវ និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពល រដ្ឋ។ បើតាមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បានធ្វើការចុះបង្ក្រាបអ្នកលក់ផលិតផលក្លែងក្លាយ តាមអនឡាញជាបន្តបន្ទាប់។

លោកបញ្ជាក់ថា ការចុះហត្ថជាមួយសមាគមអ្នកលក់ឱសថនៅពេលនេះ គឺដើម្បី រួមគ្នា សហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងការចរាចរណ៍ រឺលក់ផលិតផលឱសថ អន់គុណភាព និងឱសថក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរបំផុត។

លោក មៀច សុផាន់ណា បានឲ្យដឹងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ គ្រោងដុតកម្ទេចចោលនូវផលិតផលក្លែងក្លាយ នៅខេត្តកំពង់ធំ ប្រមាណជា១០តោន ហើយផលិតផលក្លែងក្លាយ ប្រមាណជា ១០០តោន នឹងដុតកម្ទេចចោល នៅដើមខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានលើកឡើងថា ការចុះអនុស្សរណៈនេះ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែល ប្រកបរបបស្របច្បាប់ និងរកស៊ីប្រកួតប្រជែងដោយភាពត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពិតជាបានផ្ដល់នូវសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាផងដែរ។ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា មានសមាជិកភាពជាង ៥ពាន់ក្រុមហ៊ុន ដែលកំពុងប្រកបរបរវេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តសាស្ត្រ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម៕

ក្រសួងបរិស្ថានរៀបចំវេទិកាកេសរកូល (ផ្កាអ័រគីដេ) លើកទី១ ដើម្បីឲ្យសាធារណៈបានស្គាល់

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរៀបចំវេទិកាកេសរកូលលើកទី១ ជាមួយនឹងការដាក់តាំងពិពរណ៌កេសរកូល (ផ្កាអ័រគីដេ) ជាច្រើនប្រភេទដល់អ្នកចូលរួមទស្សនា។ បើតាម លោក អ៊ាង សុផល្លែត រដ្ឋលេខាក្រសួងបរិស្ថាន បានបញ្ជាក់ថា កេសរកូល រឺផ្ការអ័រគីដេនៅកម្ពុជាបច្ចុប្បន្ន មានរហូតជាង៥០០ប្រភេទ។

លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា វេទិកានេះគឺជាឱកាសសម្រាប់ស្វែងយល់ និងដកពិសោធលើការងារ ទៅវិញ ទៅមក លើការងារអភិរក្សធនធានពន្ធុ (Plant Genetic) ក៏ដូចជាវិស័យបរិស្ថាននិងធនធានធម្មជាតិ ដែលជាការបោះជំហានថ្មីថែមមួយកម្រិតរវាងព្រះ រាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង បន្ថែមពីលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនទៀត។បច្ចុប្បន្ន នេះមន្ត្រីជំនាញនៃក្រសួងបរិស្ថានបានស្រាវជ្រាវ និងអភិរក្សកេសរកូល (ផ្កាអ័រគីដេ)បានចំនួន១៦០ប្រភេទ ខណៈប្រភេទកេសរកូលសរុបនៅក្នុងប្រ ទេសកម្ពុជាត្រូវគេប៉ានស្មានថាមានប្រមាណជាង ៥០០ ប្រភេទ។ កាលពីឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានសម្រេចបង្កើតមជ្ឈ មណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្នុងគោលបំណងលើកកម្ពស់ការសិក្សាស្រាវជ្រាវ អភិរក្សកេសកូល អប់រំផ្សព្វផ្សាយពីតម្លៃនៃកេសរកូល និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងសំដៅធានាឱ្យបាននូវការគ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា មជ្ឈមណ្ឌលនេះ ផ្តល់អត្ថប្រយោជន៍ ក្នុងការរក្សា និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌជាកន្លែងសម្រាប់អ្នកសិក្សាស្រាវជ្រាវអនុវត្តដោយផ្ទាល់ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃសម្រាប់មនុស្សជំនាន់ក្រោយ ភ្ជាប់ទំនាក់ទំនងមនុស្សនិងធម្មជាតិជាគោលដៅទេសចរណ៍ធម្មជាតិថ្មី បង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ទទួលចំណេះដឹង ជំនាញ និងបទពិសោធន៍ពីអ្នកជំនាញជាតិ និងអន្តរជាតិ កៀរគរថវិកា សម្ភារ និងបច្ចេកទេសក្នុងការគ្រប់គ្រងធនធាន។ ក្រសួងបរិស្ថានមានបំណងប្រែក្លាយមជ្ឈមណ្ឌលនេះឱ្យក្លាយទៅជាផលិតផលទេសចរថ្មីបែបធម្មជាតិ បន្ថែមលើផលិតផលទេសចរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរណ៍បែបនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ វាក៏នឹងរួមចំណែកកាត់បន្ថយការពឹងផ្អែករបស់សហគមន៍មូលដ្ឋានដែលកំពុងរស់នៅជុំវិញតំបន់នេះពីការកាប់ឈើ និងការទាញយកធនធានធម្មជាតិ ជីវៈចម្រុះ មកជាអ្នករៀបចំសេវាកម្មទេសចរ និងផលិតផលិតផលទេសចរនៅពេលដែលមជ្ឈមណ្ឌលនេះត្រូវបានអភិវឌ្ឍន៍ពេញលេញ និងគ្រប់ជ្រុងជ្រោយស្របតាមផែនការមេ៕

សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការជាមួយ ប្រធានរដ្ឋនៃប្រទេសឡាវ

ភ្នំពេញ ៖ នាវេលាម៉ោង ១៤:១៥ នាទីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៊ុនញ៉ាំង វរជិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានទទួលស្វាគមន៍ដោយមិត្តភាព ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា និងជាបងប្អូន។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកជំទាវប្រធានរដ្ឋសភាឡាវ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ឯកឧត្តមប្រធានរដ្ឋ បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ មានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ ជាពិសេសវិស័យអប់រំ វប្បធម៌ ការពារជាតិ ការពារសន្តិសុខសាធារណៈ ក៏ដូចជាបញ្ហាព្រំដែន។
ឯកឧត្តមប្រធានរដ្ឋ បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមានការរីកចម្រើនជានិច្ច។ ចំពោះបញ្ហាព្រំដែន ឯកឧត្តមប្រធានរដ្ឋ បានគាំទ្រការដោះស្រាយរួមគ្នារបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយភាគីទាំងពីរក៏បានលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។
ឯកឧត្តមប្រធានរដ្ឋ បានរម្លឹកថា ប្រទេសឡាវ និងប្រទេសកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីបុរាណកាលមក។ ឯកឧត្តមបានបញ្ជាក់ និងអះអាងថា ប្រទេសទាំងពីរជានិច្ចជាកាលតែងតែរួមគ្នាថែរក្សាសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តការល្អជាមួយគ្នា។ ទោះបីជាប្រទេសទាំងពីរជួបឧបសគ្គយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរបានខិតខំដើម្បីសុខដុមរមនា សម្រាប់ជីវភាពរស់របស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។ ប្រទេសទាំងពីររួមគ្នាថែរក្សាការពារព្រំដែនឱ្យមានសន្តិសុខ ដើម្បីឱ្យព្រំដែនក្លាយជាព្រំដែនសន្តិ-ភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ បញ្ហាប្រឈម និងបញ្ហាគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការជួញដូរខុសច្បាប់ ទាមទារឱ្យសមត្ថកិច្ចនៃប្រទេសទាំងពីរ ត្រូវខិតខំសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងអំពើខុសច្បាប់នេះ។

ឯកឧត្តមប្រធានរដ្ឋ បានមានប្រសាសន៍ថា ប្រទេសឡាវបានលក់អគ្គិសនីឱ្យប្រទេសកម្ពុជាចំនួន ១៩៥ មេហ្គាវ៉ាត់ ហើយបើតាមផែនការ ប្រទេសកម្ពុជាត្រូវការអគ្កិសនីចំនួន ៣.០០០ មេហ្គាវ៉ាត់បន្ថែមទៀតនៅឆ្នាំ២០៣០។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសំណូមពរសម្តេចប្រធានព្រឹទ្ធសភា ជួយជំរុញឱ្យប្រទេសទាំងពីរមានការផ្លាស់ប្តូរទស្សនកិច្ចគ្នា ក៏ដូចជាការសហការគ្នាទៅវិញទៅមកឱ្យកាន់តែច្រើនថែមទៀត ដើម្បីបង្កើនការយោគយល់គ្នា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តម ប៊ុនញ៉ាំង វរជិត និងសូមអរគុណលោកជំទាវប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានផ្តាំផ្ញើសួរសុខទុក្ខសម្តេចផ្ទាល់។
ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងសូមស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ និងសូមចាត់ទុកទស្សនកិច្ចនេះ ជាទស្សនកិច្ចប្រវត្តិសាស្រ្ត ដែលនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។

សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសឡាវបានភ្ជាប់ទំនាក់ទំនងការទូតក្រោមស្នាព្រះហស្ថរបស់ព្រះករុណា “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំឡាវជំនាន់មុន។ ប្រជាជននៃប្រទេសទាំងពីរធ្លាប់មានប្រវត្តិតស៊ូ ពុះពារឆ្លងកាត់ឧបសគ្គ លំបាក និងជួយគ្នាទៅវិញទៅមក។ ប្រជាជននៃប្រទេសទាំងពីរមានប្រពៃណីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងមានទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ប្រហាក់ប្រហែលគ្នា និងកាន់ព្រះពុទ្ធសាសនាដូចគ្នា ព្រមទាំងរួមគ្នាប្រើប្រាស់ទន្លេមេគង្គធ្វើជាប្រភពទឹកសម្រាប់ការរស់នៅរៀងៗខ្លួន។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយមើលឃើញថា ចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ហើយទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជា “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ គឺជាដៃគូដ៏ល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាអ្នកជិតខាងល្អ។ ក្នុងនាមព្រឹទ្ធសភា សម្តេចសូមគាំទ្រទាំងស្រុងរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខា និងសូមលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីជាគុណប្រយោជន៍ក្នុងការអភិវឌ្ឍ ប្រកបដោយមោទនភាព វិបុលភាព សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកថែរក្សាសុខសុវត្ថិភាព នៅក្នុងតំបន់ និងអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលការធ្វើខណ្ឌសីមា និងបោះបង្គោល ព្រំដែនបានរួចរាល់ចំនួន៨៦%នៃខ្សែព្រំដែនរួម នៅសល់១៤%ទៀត ប្រទេសទាំងពីរ បាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយ។ លទ្ធផល ដែលសម្រេចបានគួរជាទីមោទនៈនេះ បញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងសុឆន្ទៈមោះមុត យ៉ាងពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយខ្សែព្រំដែនជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវភាពសុខសាន្តជូនប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរយូរអង្វែងជាមរតកសម្រាប់អ្នកជំនាន់ក្រោយ។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាឡាវ ត្រូវបានលើកកម្ពស់ឥតឈប់ឈរ។ ទន្ទឹមនឹងនេះ ក្រុមសមាជិកសភាដែលទទួលបន្ទុកការងារ CLV ក៏បានធ្វើការជួបគ្នាជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអន្តរសភា ជាពិសេស AIPA, IPU, APPF។

សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនឡាវសម្រេច បានក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានរដ្ឋ និងសូមប្រសិទ្ធពរជូនបក្សប្រជាជនបដិវត្តឡាវ រដ្ឋាភិបាល និងប្រជាជនឡាវ ទទួលបានជោគជ័យឧត្តុង្គឧត្តម និងថ្មីៗបន្ថែមទៀត ដើម្បីបុព្វហេតុអភិវឌ្ឍន៍ ប្រកបដោយមោទនភាព និងវិបុលភាព សម្រាប់ប្រជាជនឡាវជានិច្ចនិរន្តរ៍តទៅ។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនគណៈប្រតិភូ ស្នាក់នៅ និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អ បរិបូរណ៍ និងទទួលបានជ័យជម្នះ៕

រដ្ឋបាល​រាជធានី​ភ្នំពេញនឹង​កែ​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​ត្រង់​ចំណុច​ប្រសព្វ​ក្តាន់ពីរ​

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​កែ​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​ត្រង់​ចំណុច​ប្រសព្វ​ក្តាន់ពីរ​រវាង​មហាវិថី​ស៊ីធីសេនធ័រ (ផ្លូវ​ R6) និង​មហា​វិថី​សាធារណរដ្ឋ​ឆេក ក្នុងនោះ​នឹង​ធ្វើការ​កែសម្រួល​ផ្ទៃសួនច្បារ​ក្តាន់ពីរ​មួយ​ផ្នែក​ទៅជា​រង្វង់មូលក្តាន់ពីរ និង​ស្ថាបនា​ផ្លូវជុំវិញ​រង្វង់មូលនេះ ដោយ​រក្សា​រូបសំណាក​ក្តាន់ពីរ ឱ្យ​នៅ​ដដែល។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០។

ជាមួយគ្នានេះ រដ្ឋបាល​រាជធានី ក៏ស្ថាបនា​ពង្រីក​កំណាត់​​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ចិញ្ចើម​ខាងជើង ចាប់ពី​ស្ថានីយ​ប្រេង​ឥន្ធនៈតូតាល់ ដល់​ផ្លូវកែងមហា​វិថីស៊ីធី​សេនធ័រ​ចូល​ទីក្រុងរណប​ភ្នំពេញ ស៊ីធី សែនធ័រ (អតីតតំបន់​អភិវឌ្ឍ​បឹងកក់) និង​ដាក់​លូ​ទំហំ​ ១ម៉ែត្រ ដើម្បី​រំដោះ​ទឹកចេញពី​ដងមហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​សហព័ន្ធ​រុស្ស៊ី។

ការងារខាងលើនេះធ្វើឡើង​បន្ទាប់ពី​រដ្ឋបាលរាជធានី​ភ្នំពេញបាន​ពិនិត្យ​ឃើញ​ពីការកកស្ទះចរាចរណ៍ ខ្លាំង​នៅលើ​កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ី ចាប់​ពី​ចំណុច​ប្រសព្វ​ក្តាន់ពីរ រហូតដល់​ស្តុបបេកាសេ។ រដ្ឋបាល​រាជធានី​ ចាប់ផ្តើម​អនុវត្ត​ការដ្ឋាន​ខាងលើ ចាប់ពីថ្ងៃជូនដំណឹង​នេះតទៅ៕

 

ឃាត់ខ្លួន​មនុស្ស​ចំនួន​៧០​នាក់ ក្នុងការបង្ក្រាប​មណ្ឌល​កម្សាន្ត​ក្លិប​មួយ​នៅជ្រោយចង្វា

ភ្នំពេញ ៖ ​នៅម៉ោង​ជាង១រំលង​អធាត្រ​ឈានចូល​ថ្ងៃទី៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ សមត្ថកិច្ចបានបើកប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នៅ​មណ្ឌល​កម្សាន្ត​ក្លិប​ផ្លាយ នៅ​ផ្លូវកែវ​ចិន្តា​ភូមិ៣ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយបានឃាត់ខ្លួន​មនុស្ស​ចំនួន ៧០​នាក់ រកឃើញ​គ្រឿងញៀន​គ្រប់ប្រភេទ​មួយចំនួន​ដូចជា ៖ ថ្នាំក្រវី​ជាង១០០កញ្ចប់តូច​នឹងគ្រាប់​ចំនួន ៥​កញ្ចប់ រួមនិង​ឧបករណ៍​ប្រើប្រាស់​មួយចំនួន ម៉ូតូ​៣៧គ្រឿង រថយន្ត​៧គ្រឿង។ 

ការ​បង្ក្រាប​នេះ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តម​សេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និងមាន​ការចូលរួម​ពីកម្លាំង​សមត្ថកិច្ច​ចម្រុះ​មានដូចជា ការិយាល័យ​ព្រហ្មណ្ឌ​កម្រិតស្រាល កម្លាំង​អន្តរាគមន៍ នឹង​សមត្ថកិច្ច​ខណ្ឌជ្រោយចង្វារ។

លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ និងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញបានឲ្យដឹងនៅ​ព្រឹក​ថ្ងៃទី១០ ខែ​កុម្ភៈនេះ​ថា ប្រតិបត្តិការ​បង្ក្រាប​មណ្ឌល​កម្សាន្ត​ក្លិបផ្លាយ ឃាត់ខ្លួន​មនុស្ស​ចំនួន ៧០​នាក់ និង​រកឃើញ​គ្រឿងញៀន​មួយ​ចំនួន។ ដោយលោក​បានបញ្ជាក់​ថា ក្នុង​ចំណោម​មនុស្ស​ចំនួន ៧០​នាក់ មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន និងអ្នក​មិន​ប្រើប្រាស់។ ចំពោះ​អ្នក​មិនប្រើប្រាស់ គឺ​អប់រំ ណែនាំ ឲ្យត្រឡប់​ទៅផ្ទះវិញ។ ចំណែក​អ្នកប្រើប្រាស់​គឺឲ្យពួកគាត់​ស្ម័គ្រចិត្ត​ទៅទទួល​ការព្យាបាល ឬ​បន្សាប។ លោក​ឧត្តមសេនីយ៍​ឯក ស ថេត បាន​បញ្ជាក់​ថា ចំពោះ​អ្នកចែកចាយ​គ្រឿងញៀន​នៅក្នុង​មណ្ឌល​កម្សាន្ត​ក្លិបផ្លាយ គឺអនុវត្ត​ទៅតាម​ច្បាប់ ដោយមិន​លើកលែង​ឡើយ។

យោងតាមរបាយការណ៍បានបង្ហាញថា ជនសង្ស័យចំនួនពីរនាក់ ដែលចែកចាយគ្រឿងញៀន គឺទី១. ឈ្មោះ ឃាង ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល និងទី២. រ័ត្ន ធានី ភេទស្រី អាយុ៣៧ឆ្នាំ ជាមេការមណ្ឌលកម្សាន្តក្លិបផ្លាយ។ វត្ថុតាងរកឃើញមានដូចជាៈ ក្រាមពណ៌ស (ខេតាមីន) ចំនួន ១០១កញ្ចាប់ ថ្នាំគ្រាប់ពណ៌ស្លែ ចំនួន ៣២គ្រាប់ ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន ១០គ្រាប់ ជញ្ជីងថ្លឹងចំនួនមួយ៕

 

 

រយៈពេល៨ឆ្នាំ អាជ្ញាធរជាតិអប្សរាជួសជុលច្រាំងកសិន្ធុអង្គរវត្តសម្រេចសរុបប្រវែង៩០ម៉ែត្រ

ខេត្តសៀមរាប ៖ ច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើងស្ពានហាលសរុបប្រវែង៩០ម៉ែត្រ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាឮ ជួសជុលសម្រេចបានក្នុងរយៈ៨ឆ្នាំកន្លងមកនេះ។

ការជួសជុលនេះធ្វើឡើងក្នុងបំណងលើកកម្ពស់សោភ័ណភាពទេសភាពប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ ពង្រឹងច្រាំងកសិន្ធុឱ្យមានរូបរាងដើមឡើងវិញ ព្រមទាំងជួយលើកសម្រស់ស្ពានហាលសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្តឱ្យកាន់តែរឹងមាំ។

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា មូលហេតុសំខាន់ៗដែលបណ្តាលឱ្យច្រាំងកសិន្ធុខូចរចនាសម្ព័ន្ធ ដោយសារអាយុកាលនៃសំណង់ សត្វកណ្តៀរពូនលើកាំជណ្ដើរ កង្វះការថែទាំជាប្រចាំ ថ្ម គ្រឹះក្រោមពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ហើយដើមឈើធំៗដែលដុះក្បែរច្រាំងបានចាក់ឫសជ្រែកទៅក្នុងថ្ម ធ្វើឱ្យថ្មរំកិលពីទីតាំងដើមនៃច្រាំងកសិន្ធុទៀតផង។

លោក សុខនី បញ្ជាក់ទៀតថា ក្នុងរយៈពេល៨ឆ្នាំមកនេះ អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានជួសជុលច្រាំងកសិន្ធុអង្គរវត្តនៅខាងជើងស្ពានហាលជាដំណាក់កាលដូចជា ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ ជួសជុលបានប្រវែង៤០ម៉ែត្រ ។ ឆ្នាំ២០១៩ ជួសជុលបាន២០ម៉ែត្រ ដែលមាន១០ម៉ែត្រ ត្រង់ចំណុចប្រព័ន្ធលូ ហើយឆ្នាំ២០២០ គឺជួសជុលបាន២០ម៉ែត្រ។

ក្នុងការជួសជុល អ្នកជំនាញបានប្រើបច្ចេកទេសបុរាណដោយកាយដីចាស់ ដីស្អុយចេញ ហើយចាក់ជំនួសដោយដីថ្មី រួចបុកបង្ហាប់គ្រឹះក្រោមឱ្យមាំជាមួយថ្មភ្នំ ដីខ្សាច់ ល្បាយដី កម្ទេចថ្មបាយក្រៀម និងកំបោរស។ ពិសេសបាតគ្រឹះបានតម្រៀបថ្មឆ្លាស់គ្នាទទឹង បណ្តោយដើម្បីជួយទប់កម្លាំងសង្កត់ ព្រមទាំងយកដីឥដ្ឋមកការពារជម្រាបទឹកកុំឱ្យចូលបាតក្រោមជាដើម ដើម្បីឱ្យគ្រឹះនៅរឹងមាំយូរអង្វែង។

កន្លងមក ដៃគូអន្តរជាតិជាច្រើនដូចជា ប្រទេសបារាំង ប្រទេសឥណ្ឌា ប្រទេសអ៊ីតាលី បានមកជួសជុលច្រាំងកសិន្ធុអង្គរវត្ត កាំជណ្តើរ និងផ្លូវចូលខាងមុខប្រាសាទអង្គរវត្ត ថែមទាំងជួយបណ្តុះបណ្តាលអ្នកជំនាញអាជ្ញាធរអប្សរាជាច្រើនរូបដែរ ក្នុងការអភិរក្សសំណង់បុរាណមួយនេះ៕

 

WHO ព្រមានថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅតាមបណ្តាប្រទេសនានាអាចមានច្រើន

ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានព្រមានថា ការឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV នៅក្រៅប្រទេសចិនទំនងជាអាចមានចំនួនច្រើន លើសតួលេខផ្លូវការ ព្រោះតែការមិនទាន់រកឃើញ។ នេះបើតាមសារព័ត៌មាន CNA។

នៅលើបណ្តាញសង្គម Twitter លោក Ghebreyesus បានសរសេរថា លោកកំពុងតែព្រួយបារម្ភចំពោះការកើនឡើងនៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ដែលពុំធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសចិន ពោលគឺករណីឆ្លងក្នុងស្រុកផ្ទាល់ នៅតាមប្រទេសដែលមានករណីវីរុសកូរ៉ូណាថ្មី 2019-nCoV។ លោក Ghebreyesus បានសង្កត់ធ្ងន់ការរកឃើញករណីបែបនេះ ទោះមានចំនួនទាបក្តី ក៏វាអាចមានន័យថា ការឆ្លងវីរុសនៅក្រៅប្រទេសចិន តាមពិតអាចរាលដាលច្រើនជាងការរកឃើញ។

សូមជម្រាបថា នៅក្រៅប្រទេសចិនករណីឆ្លងវីរុសកូរ៉ូណាថ្មីជាង ៣៥០ករណី ត្រូវបានរាយការណ៍នៅតាមប្រទេសជិត ៣០ទៀតជុំវិញពិភពលោក ហើយមានករណីស្លាប់ម្នាក់នៅហ្វីលីពីន។ ករណីវីរុសនៅតាមប្រទេសទាំងនោះ ភាគច្រើនគឺជាករណីប្រជាជនចិន ឬអ្នកធ្វើដំណើរពីចិន ជាពិសេសពីទីក្រុង វូហាន (Wuhan) និងខេត្ត ហ៊ូប៉ី (Hubei) ប៉ុន្តែក៏មានករណីឆ្លងគ្នា នៅក្នុងប្រទេសទាំងនោះផ្ទាល់ផងដែរ៕

 

 

ជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ ត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីការធ្វើតេស្ដ លើកទី៣ បង្ហាញលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណា។ 

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិបាលខេត្តបានអញ្ជើញទៅសំណេះសំណាលដល់អ្នកជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nQV) ជា ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយពីការធ្វើតេស្តលើកទី៣ បង្ហាញនូវលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nQV) ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង មានសុខភាពល្អប្រសើរ រីឯក្រុមគ្រួសារជនជាតិចិនរូបនេះ ៣នាក់ទៀត ក៏ត្រូវបានរួចផុតពីការសង្កេតសុខភាព ហើយអាចជួបជុំគ្នាវិញជាធម្មតាហើយដែរ។

ជនជាតិចិនរូបនេះមានឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

 

ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាកើនលើស៩០០នាក់ និងឆ្លងជាង៣៩៨០០នាក់

ប៉េកាំង ៖ តាមរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីរបស់អាជ្ញាធរចិននៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនលើស៩០០នាក់ និងឆ្លងជាង ៣៩,៨០០នាក់។ នេះបើតាមការទីភ្នាក់ងារព័ត៌មាន CNA។

រយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្ស៩១នាក់បន្ថែមទៀតបានបាត់បង់ជីវិតនៅក្នុងខេត្តហ៊ូប៉ី ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមថ្មីជាង២៦១៨នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ជាង៣៩៨០០នាក់៕

 

ខឹងគេជំពាក់ប្រាក់មិនសងទាញពូថៅកាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកំពង់ចាម ៖ ជនសង្សយ័ម្នាក់ត្រូវបានកំលាំងអធិការនគរបាលស្រុកព្រៃឈរឃាត់ខ្លួនជាក់ស្តែង បន្ទាប់ពីជនសង្សយ័បានយកពូថៅកាប់់ទៅលើជនរងគ្រោះដោយខឹងជំពាក់ប្រាក់មិនព្រមសង ហើយជនបង្ករត្រូវសមត្ថកិច្ចចាប់ខ្លួន។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១៩ និង០៥នាទីនៅចំណុចក្រោមផ្ទៈ របស់ឈ្មោៈ រិនសុភាភេទស្រីអាយុ៣៨ឆ្នាំនៅភូមិត្រពាំងបឹង ឃុំថ្មពូនស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបង្ករឡើងដោយឈ្មោះសុខ អូគឹង ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិត្រពាំងបឹងឃុំថ្មពូនស្រុកព្រៃឈរ ខេត្តកំពង់ចាមបាន យកពូថៅពីផ្ទះរបស់ខ្លួនមកកាន់ជាប់នឹងដៃយកទៅកាប់លើ ឈ្មោៈ ផន ភិន ភេទប្រុសអាយុ២៥ឆ្នាំនៅភូមិត្រពាំងបឹងឃុំថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាម ក្នុងខណៈពេលជនរងគ្រោះកំពុងឈនោមក្បែរ កន្លែង ផឹកស្រាបៀ ហើយពេលនោះជនរងគ្រោះឃើញទាន់ ក៍លើកដៃរងបណ្តាលអោយត្រូវរបួស កដៃខាងឆ្វេងមួយ កន្លែងនឹងកំភួនដៃឆ្វេងមួយកន្លែងទៀត(ស្រាល)។

ជនបង្ករបានសារភាពថាពួកគេទាំង២នាក់បាន ឈ្លោះប្រកែកគ្នា បន្ទាប់មកជនបង្ករខឹងជនរងគ្រោះ ជំពាក់លុយមិនព្រមសងក៏យកពូថៅកាប់ទៅលើជនរងគ្រោះ។ប៉ូលិសបានអោយដឹងថា ក្រោយកើតហេតុកម្លាំងជំនាញព្រហ្មទណ្ឌស្រុកនិងកម្លាំងប៉ុស្តិ៍ថ្មពូន បាននាំជនសង្ស័យ ខាងលើនេះមកដល់អធិការដ្ឋាន នរគបាលស្រុកព្រៃឈរធ្វើតេស្តទឹកម៉ូតរកសារធាតុញៀនឃើញថាអវិជ្ជមាននឹងសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបាន ធ្វើសកម្មភាព នេះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ថានដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់ ៧២២នាក់ និងឆ្លងជាង ៣៤,៤០០នាក់នៅចិន

ប៉េកាំង ៖ តាមរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរចិនផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសាយវីរុសកូរ៉ូណាថ្មីនៅទូទាំងផ្ទៃប្រទេសបានកើនឡើងដល់ ៧២២នាក់ និងឆ្លងជាង ៣៤,៤០០នាក់ ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

របាយការណ៍បញ្ជាក់ថា រយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្ស៨៦នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ ៨១នាក់នៅខេត្តហ៊ូប៉ី (Hubei), ០២នាក់ហៃឡុងជាំង (Heilongjiang), ម្នាក់នៅទីក្រុងប៉េកាំង, ម្នាក់នៅហេណា (Henan) និងម្នាក់នៅកាន់ស៊ូ (Gansu) ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមកាលពីថ្ងៃសុក្រម្សិលមិញនេះគឺ ៣,៣៩៩នាក់៕

 

កម្ពុជា-ថៃប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមបណ្ដាខេត្តជាប់ព្រំដែន

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានជួបពិភាក្សាការងារជាមួយ លោកម ជូរីន ឡាសានាវិស៊ិត (Jurin Lakasawisit) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រថៃ ក្នុងឱកាសលោក អញ្ជើញមកចូលរួមពិធីសម្ពោធពិព័រណ៍ «ថប់ថៃប្រេន ២០២០» ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនាពេលនោះ កម្ពុជា និងថៃបានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យរឹតតែរឹងមាំបន្ថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្មតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ ក្រោយពីកិច្ចប្រជុំពិភាក្សាការងាររួចមក លោករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ «ថប់ថៃប្រេន ២០២០» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ។

លោក ប៉ាន សូរស័ក្ដិ បានលើកឡើងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ ប្រចាំឆ្នាំជាបន្តបន្ទាប់នៅកម្ពុជា គឺជាសញ្ញាណវិជ្ជមានមួយ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានរួមសហការពង្រឹង និងពង្រីកទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ក្នុងឋានៈជាប្រទេសភូមិផងរបងជាមួយដ៏ល្អផង និងក្នុងក្របខ័ណ្ឌពាណិជ្ជកម្មទ្វេភាគីផង។ ក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានតាំងចិត្តរួមសហការគ្នាឲ្យកាន់តែស៊ីជម្រៅ និងសកម្មទ្វេឡើង តាមរយៈការផ្លាស់ប្តូរការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មទៅវិញទៅមក ក្នុងនោះក្រសួងពាណិជ្ជកម្មថៃ តាមរយៈស្ថានទូតថៃប្រចាំនៅកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ នៅក្នុងប្រទេសកម្ពុជា ដូចជា ពិព័រណ៍ Thai Mini Week, Top Thai Brand, Thailand Trade Fair, Thai Products Expo ជាដើម។

ដោយឡែកក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជូនវិស័យឯកជន និងក្រុមហ៊ុនក្នុងស្រុក ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនៅប្រទេសថៃ រួមទាំងការសហការគ្នាបង្កើតឲ្យមានកិច្ចប្រជុំ សិក្ខាសាលា ស្តីពីសកម្មភាពពាណិជ្ជកម្ម ជាប្រចាំទៅវិញទៅមកជាច្រើនផងដែរ។

លោករដ្ឋមន្ត្រីបានបន្តសង្កត់ធ្ងន់ថា កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដែលកើតចេញកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមននឹងការសម្រេចបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីជាបន្តបន្ទាប់ និងការរីកចម្រើននានា អាចកើតឡើងដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ពេញលេញ ប្រជាជនកម្ពុជាមានសេចក្តីសប្បាយរីករាយក្នុងការបង្កបង្កើនផល មានសិទ្ធិសេរីភាពក្នុងការធ្វើ ធុរកិច្ច និងវិនិយោគ តាមអ្វីដែលពួកគេចង់ធ្វើ។ សូមអរគុណសន្តិភាព ដោយមានសន្តិភាព គឺមានការអភិវឌ្ឍ ហើយក៏ដោយសារសន្តិភាព ទើបប្រជាជនកម្ពុជាមានជីវភាពកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា ពិព័រណ៍ «ថប់ថៃប្រេន ២០២០» ដែលបានប្រារព្ធធ្វើនាពេលនេះ មានស្តង់ពាណិជ្ជកម្មចំនួន ៣០០ ស្តង់ ដែលបានដាក់តាំងនូវគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងប្រើប្រាស់ជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលថៃដែលមានគុណភាពខ្ពស់ និងមានប្រជាប្រិយភាព។ ការរៀបចំពិព័រណ៍ក្នុងឆ្នាំ២០២០ នេះ ជាវេលាមួយដ៏ល្អ គាប់ជួនជាមួយនឹងខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ហើយតាមរយៈការជួបពិភាក្សារវាងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ភាគីទាំងពីរនឹងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដើម្បីជាប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ៕

 

គណៈរដ្ឋមន្ត្រីអនុម័តគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតដោយធ្យូងថ្ម នៅកោះកុង និងឧត្តរមានជ័យ

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុងគម្រោងវិនិយោគចំនួនបី ផ្តោតលើគម្រោងវិនិយោគអគ្គិសនីដើរដោយធ្យូងថ្ម នៅកោះកុង ខេត្តឧត្តរមានជ័យ និងគម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនី។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា គម្រោងវិនិយោគនេះ មានភាពចាំបាច់ក្នុងការបំពេញឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៤។

បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងវិនិយោគលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ចំនួន២កន្លែង ដើម្បីរកប្រភពអគ្គិសនីថ្មី បំប៉នសេដ្ឋកិច្ចជាតិ។ គម្រោងវិនិយោគទី១ រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់សក្តានុពលរ៉ែធ្យូងថ្មដែលមាននៅក្នុងតំបន់នោះ។ តាមការគ្រោងទុក រោងចក្រនេះគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២។ រោងចក្រទី២ រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០ មេហា្កវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយប្រើប្រាស់ធ្យូងថ្មនាំចូលតាមច្រកសមុទ្រ ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។

អ្នកនាំពាក្យ បានបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ធ្វើការវិនិយោគលើគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមទំហំវិនិយោគសរុប ២៩៤លានដុល្លារអាមេរិក។ តាមកិច្ចព្រម ព្រៀង អគ្គិសនីកម្ពុជា ត្រូវធានាទិញថាមពល ៨៥% ស្មើនឹង១៧១២លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ក្រុមហ៊ុន HSCMC ក៏ធ្វើការវិនិយោគលើគម្រោងសាងសង់បណ្តាញបញ្ជូន២៣០គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនីនេះ មកអនុស្ថានីយខាងកើតសៀមរាប ក្នុងទំហំវិនិយោគសរុប ៦១,៤៥ លានដុល្លារអាមេរិក ក្រោមរូបភាពវិនិយោគគឺសាងសង់-ផេ្ទរ (Build-Transfer)។ ក្រុមហ៊ុននឹងធ្វើការសាងសង់បណ្តាញ សៀគ្វីប្រវែង ៣៥គីឡូម៉ែត្រ ពីអនុស្ថានីយអគ្គិសនីខាងកើតសៀមរាប ទៅអនុស្ថានីយអគ្គីសនីក្បែរអាកាសយានដ្ឋានសៀមរាបថ្មី និងសាងសង់ខ្សែបណ្តាញ ២៣០គីឡូវ៉ុល ចំនួន២សៀគ្វី ប្រវែង១០០ គីឡូម៉ែត្រ ពីរោងចក្រអគ្គិសនី ទៅអនុស្ថានីយអគ្គីសនីក្បែរអាកាសយានដ្ឋានសៀមរាបថ្មីផងដែរ
រាជរដ្ឋាភិបាល ក៏បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន ROYAL GROUP សហការជាមួយក្រុមហ៊ុន SINOSTEEL EQUIPMENT & ENGINEERING CO.,LTD មកពីសាធារណរដ្ឋប្រជាមានិតចិន ធើ្វការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយប្រើប្រាស់ធ្យូងថ្មនាំចូលតាមច្រកសមុទ្រ ក្រោមរូបភាពវិនិយោគ គឺសាងសង់-ធ្វើម្ចាស់-អាជីវកម្ម (Build-Own-Operate=BOO) ដោយគ្រោងចំណាយថវិកាវិនិយោគសរុប ១៣៤៤លានដុល្លារអាមេរិក។ អគ្គិសនីកម្ពុជា ត្រូវធានាទិញថាមពល៨០% នៃអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ ស្មើនឹង៤៧៦៥លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា គម្រោងវិនិយោគទាំង ៣នេះ មានភាពចាំបាច់ក្នុងការបំពេញឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៤ ធានាឱ្យមានស្ថិរភាពផ្គត់ផ្គង់នៅរដូវប្រាំង ដែលវារីអគ្គិសនី មួយភាគធំពុំមានលទ្ធភាពផលិតបានច្រើន៕