All posts by មេគង្គ ប៉ុស្តិ៍

ចិន​អរគុណ​ដល់​ការគាំទ្រ​របស់​ជប៉ុន​អំពី​ការឆ្លង​រាលដាល​នៃ​វីរុស​ប្រភេទ​ថ្មី​

ចិន ៖ ក្រុមប្រឹក្សារដ្ឋ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក Wang Yi បាន​និយាយ​ជាមួយ​លោក Toshimitsu Motegi រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ​​តាម​ការស្នើសុំ​ការពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​និង​គ្រប់គ្រង​ការ​រាតត្បាត​នៃ​វីរុស​នេះ​។​

​លោក Motegi បាន​និយាយថា​ភាគី​ជប៉ុន​យកចិត្តទុកដាក់​ចំពោះ​វិធានការ​វិជ្ជមាន​និង​ដ៏​មាន​ឥទ្ធិពល​ដែល​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី Xi Jinping ដើម្បី​គ្រប់គ្រង​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការរីក​រាលដាល​នៃ​ការឆ្លង​រាលដាល​នៃ​វីរុស​ថ្មី​នេះ​។​

លោក​បាន​បន្ថែមថា ​ប្រទេស​ជប៉ុន​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ប្រទេស​ចិន​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការគំរាមកំហែង​នៃ​ការ​រាតត្បាត​ និង​ផ្តល់​ការគាំទ្ររួមទាំង​ជំនួយ​គ្រប់បែបយ៉ាង​ដល់​ប្រទេស​ចិន​។​ ទន្ទឹមនោះ​នោះ​ជប៉ុនក៏បានផ្ដល់​ជំនួយ​ជា​ម៉ាស​ចំនួន​មួយ​លាន​ដល់​ប្រទេស​ចិន ថែមទាំង​មានការ​ដាក់លក់​ម៉ាស់​បញ្ចុះតម្លៃ​ពិសេស​នៅតាម​ទីផ្សារ​ជាច្រើន ដោយ​ពុំ​មានការ​ឡើងថ្លៃ​នោះទេ​។​

​គួរ​បញ្ជាក់ថា គិត​មក​ពេលនេះ វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​បានសម្លាប់​មនុស្ស​កើន​ដល់​៨០​នាក់​ហើយ ចំណែក​អ្នក​ឆ្លង​វីរុស​នេះ​នៅ​ប្រទេស​ចិន​បាន​កើនឡើង​រហូតដល់​២៧៦១​នាក់ ខណៈ​ប្រមាណ​៣៧​ករណី​ផ្សេងទៀត នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ថៃ ៖ ០៨​ករណី អូស្ត្រាលី ៖ ០៤​ករណី​​ បារាំង ៖ ០៣​ករណី ជប៉ុន ៖ ០៤​ករណី ម៉ាឡេស៊ី ៖ ០៤​ករណី សិង្ហ​បុរី ៖ ០៤​ករណី កូរ៉េខាងត្បូង ៖ ០៣​ករណី សហរដ្ឋអាមេរិក ៖ ០៣​ករណី​ ​វៀតណាម ៖ ០២​ករណី នេ​ប៉ាល់ ៖ ០១​ករណី និង កាណាដា ៖ ០១​ករណី៕

 

ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកើនដល់៨០នាក់ ខណៈឆ្លងជាង២.៧០០ករណី

ចិន ៖  វិរុសផ្លូវដង្ហើមប្រភេទថ្មីកូរ៉ណាបានសម្លាប់មនុស្សកើនដល់៨០នាក់ហើយ ចំណែកអ្នកឆ្លងវីរុសដ៏សាហាវនេះនៅប្រទេសចិនបានកើនឡើងរហូតដល់២៧៦១នាក់ ខណៈប្រមាណ៣៧ ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន។ នេះបើយោងតាមសារព័ត៌មាន CNA។

ប្រទេសចិនបានពង្រីកការរឹតត្បិតការធ្វើដំណើរយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទ (២៧ មករា) និងបានពន្យារពេលថ្ងៃឈប់សម្រាកសាធារណៈដើម្បីទប់ទល់នឹងការរាតត្បាត ខណៈដែលប្រទេសជាច្រើនបានត្រៀមជម្លៀសពលរដ្ឋរបស់ពួកគេចេញពីទីក្រុងផ្ទុះជំងឺនេះ៕

គ .ជ.ប នឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការស្រង់ស្ថិតិប្រជាពលរដ្ឋ ប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលជូនប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥រាជធានី ខេត្ត ស្ដីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។

សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលនេះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ដែលរួមមាន លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង នឹងថ្លែងសុន្ទរកថាបើក ហើយលោក ទេព នីថា អគ្គលេខាធិការ និងថ្លែងសុន្ទរកថាបិទកម្មវិធី។

សូមជមម្រាបថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ មានចំនួន ៨,៦២៩,៣៥៧នាក់ ស្មើនឹង៨៤.៧៨ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋប៉ាន់ស្មានសរុបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងនោះប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី ចំនួន១០៨,២៧២នាក់៕

 

អ្នកឆ្លងវីរុសកូរ៉ូណានៅចិនកើនដល់២០៧០នាក់និង៣៧ករណីទៀតនៅតាមបណ្តាប្រទេសមួយចំនួន

ចិន ៖ វីរុសផ្លូវដង្ហើមប្រភេទថ្មីបានសម្លាប់មនុស្សកើនដល់៥៦នាក់ហើយ ចំណែកអ្នកឆ្លងវីរុសនេះនៅប្រទេសចិនបានកើនឡើងរហូតដល់២០៧០នាក់ ខណៈប្រមាណ៣៧ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន។ នេះបើយោងតាមសារព័ត៌មានរបស់ចិនចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

១/ ប្រទេសចិន ៖ ឆ្លង ២០៧០នាក់ ក្នុងនោះស្លាប់ ៥៦នាក់
២/ ថៃ ៖ ០៨ករណី
៣/ អូស្ត្រាលី ៖ ០៤ករណី
៤/ បារាំង ៖ ០៣ករណី
៥/ ជប៉ុន ៖ ០៤ករណី
៦/ ម៉ាឡេស៊ី ៖ ០៤ករណី
៧/ សិង្ហបុរី ៖ ០៤ករណី
៨/ កូរ៉េខាងត្បូង ៖ ០៣ករណី
៩/ សហរដ្ឋអាមេរិក ៖ ០៣ករណី
១០/ វៀតណាម ៖ ០២ករណី

១១/ នេប៉ាល់ ៖ ០១ករណី
១២/ កាណាដា ៖ ០១ករណី

 

ក្រសួងការងារ ពន្យល់ពីដែនសមត្ថកិច្ចរបស់ខ្លួនក្នុងវិស័យសំណង់

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី ២១ ខែមករា បានចេញសេចក្ដីប្រកាសព័ត៌មានមួយឆ្លើយតបទៅតំណាងសហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលដែលបានដាក់ញត្តិសូមឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ យកចិត្ដទុកដាក់ដោះស្រាយនូវវិធានការចំនួន ៧ ចំណុចដើម្បីជួយគាំពារកម្មករក្នុងវិស័យសំណង់ ដោយបញ្ជាក់ថា ចំណុចមួយចំនួនក្រសួងបាន និងកំពុងអនុវត្តរួចហើយ ប៉ុន្ដែនឹងបន្តពិនិត្យចំណុចណាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួង។

សេចក្ដីប្រកាសព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CEN-TRAL) ក្នុងនាមតំណាង សហព័ន្ធសហជីព សមាគម អង្គការ សង្គមស៊ីវិល និងសហគមន៍ចំនួន ៧៨ កាលពីព្រឹកថ្ងៃទី ២១ ខែមករា បានយកញត្តិទៅដាក់នៅក្រសួងការងារ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសូមឲ្យដោះស្រាយនូវវិធានការចំនួន ៧ ចំណុចក្នុងការអនុវត្ដបទដ្ឋានសុវត្ថិភាពនៅតាមការដ្ឋានសំណង់នីមួយៗទូទាំងប្រទេសកម្ពុជា និងពង្រឹងការអនុវត្ដច្បាប់ក្នុងវិស័យសំណង់។

សេចក្ដីប្រកាសព័ត៌មានបានឆ្លើយតបថា៖ «ក្រសួងសូមបញ្ជាក់ថា ចំណុចដែលទាមទារមួយចំនួនក្រសួងបាននិងកំពុងអនុវត្ដរួចហើយ។ ចំពោះមុខក្រសួងនឹងពិនិត្យដោះស្រាយយ៉ាងយកចិត្ដទុកដាក់នូវរាល់សំណូមពរទាំងឡាយណាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួង»។ចំពោះរាល់សំណូមពរផ្សេងទៀត ដែលផុតពីដែនសមត្ថកិច្ចរបស់ក្រសួងការងារ ក្រសួងនឹងបញ្ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយបន្តទៀត។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងបានបន្ដថា ក្រសួងបានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីបន្តពិនិត្យ និងដោះស្រាយនូវរាល់កង្វល់នានាដែលបានលើកឡើង។

លោក សុខ គីន ប្រធានសហព័ន្ធសហជីពសំណង់ និងព្រៃឈើកម្ពុជាបានសាទរចំពោះការឆ្លើយតបរបស់ក្រសួងការងារលើញត្តិរបស់បណ្ដាសម្ព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលដែលបានដាក់ទៅក្រសួង។

លោក សុខ គីន ថ្លែងថា ៖ «ទោះបីយ៉ាងណាក៏យើងទទួលបានការឆ្លើយតបពីក្រសួងដែលជាសេនាធិការឱ្យរដ្ឋាភិបាល លើចំណុចដែលពួកយើងបានស្នើសុំដើម្បីឱ្យពួកយើងអស់សង្ស័យលើចំណុចដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានធ្វើការងារនេះ។ ប៉ុន្ដែយើងនឹងនៅតាមដាននៅលើចំណុចដែលមិនទាន់ធ្វើ»។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា៖ «អាជ្ញាធរខណ្ឌត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាមួយប្រជាពលរដ្ឋ។ ត្រូវចុះតាមដាន ពិនិត្យមើលការដ្ឋានសំណង់ដែលកំពុងសាងសង់ ថាតើសំណង់ទាំងនោះមានច្បាប់ឬទេ? ស្របតាមស្តង់ដាបច្ចេកទេសទេ? បើពិនិត្យឃើញថា ការដ្ឋានសំណង់ទាំងនោះធ្វើខុសលក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតត្រូវតែបិទជាបណ្ដោះអាសន្ននឹងត្រូវហៅម្ចាស់ការដ្ឋានសំណង់មកប្រជុំដោះស្រាយសំដៅធ្វើយ៉ាងណាឱ្យការដ្ឋានទាំងនោះអនុវត្តស្របតាមច្បាប់៕ ​

រាជរដ្ឋាភិបាល សម្រេចបញ្ចុះថ្លៃអគ្គិសនីសម្រាប់វិស័យឧស្សហកម្ម

ភ្នំពេញ ៖ រដ្ឋាភិបាលនឹងធ្វើការបញ្ចុះតម្លៃអគ្គិសនី ៤០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យឧស្សាហកម្ម ដើម្បីរក្សាភាព ប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម។

បើតាមលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា អ្នកនៅក្នុងវិស័យស្រូវអង្ករ និងសហគ្រាស ធនតូច បានអបអរសាទរការបញ្ចុះតម្លៃរបស់រដ្ឋាភិបាលនេះ ប៉ុន្តែបាន អំពាវនាវឲ្យបង្កើនគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីឲ្យកាន់តែប្រសើរ។

លោក ស៊ុយ សែម បានថ្លែងកាលពីថ្ងៃអង្គារថា ការបញ្ចុះតម្លៃ អគ្គិសនីរបស់រដ្ឋាភិបាល ៤០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មនៅឆ្នាំនេះ។

លោកបានបន្តថា៖ «តាមគោលនយោបាយរបស់រដ្ឋាភិបាល យើងសម្រេចបញ្ចុះតម្លៃអគ្គិសនី ៤០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់នៅប្រទេសរបស់យើង ខណៈឆ្នាំមុនការបញ្ចុះតម្លៃ ៨០ រៀលរួចទៅហើយក្នុង មួយគីឡូវ៉ាត់ម៉ោង យើងនឹងធ្វើការបញ្ចុះជាបន្តបន្ទាប់ទៀត។ គោលការណ៍ថ្មីនឹងបញ្ចុះនេះនឹងចាប់អនុវត្តនៅក្នុងខែកុម្ភៈ ខាងមុខនេះតទៅ»។

បច្ចុប្បន្នកម្ពុជាផលិតថាមពលអគ្គិសនីភាគច្រើនពីប្រភពវារីអគ្គិសនី ដែលមាន ៤៨ ភាគរយ និង ៤៧ ភាពរប្រភពពីថាមពលធ្យូងថ្ម ខណៈកម្ពុជានាំចូលថាមពលអគ្គិសនី ១៥ភាគរយពីប្រទេស ជិតខាង។

វិស័យឯកជនដែលជាម្ចាស់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវជាង ៣០០ នឹងទទួលបានផលប្រយោជន៍ធំពីការបញ្ចុះតម្លៃអគ្គិសនីនេះ បើទោះបីជាកម្រិតទាបក៏ដោយ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានសមាជិកជាង ៣០០ រោងម៉ាស៊ីនបានបញ្ជាក់ថា ការបញ្ចុះតម្លៃអគ្គិសនីរបស់រដ្ឋាភិបាលនឹងជួយជំរុញខ្សែចង្វាក់ផលិតកម្ម និងរក្សាភាពប្រកួតប្រជែងក្នុងវិស័យស្រូវអង្ករ។ លោកបន្ថែមថា រដ្ឋាភិបាលសម្រេចបញ្ចុះតម្លៃពី ០,១៤៧ ដុល្លារ មកត្រឹម ០,១៤៦ ដុល្លារនៅឆ្នាំនេះ។

លោកថ្លែងថា៖ «យើងស្វាគមន៍ហើយវាជាដំណឹងល្អ។ ចំពោះវិស័យស្រូវអង្ករ យើងចង់ឲ្យមានស្ថិរភាព និងគុណភាពការផ្គត់ផ្គង់អគ្គិសនីដែលវានឹងបង្កើនភាពប្រកួតប្រជែង ជានួយប្រទេសជិតខាង»៕

ការទទួលលេខទូរស័ព្ទពីក្រៅប្រទេស មិនធ្វើឱ្យបាត់លុយពីធនាគាររបស់ម្ចាស់ទូរស័ព្ទទេ

ភ្នំពេញ ÷ និយ័តករទូរគមនាគមន៍កម្ពុជាបានចេញមកបំភ្លឺ ការទទួលលេខទូរស័ព្ទជនអនាមិកដែលស៊ីញ៉ូហៅពីក្រៅប្រទេស ដូចជាប្រទេសសាម័រ (Samoa) និងបណ្តាប្រទេសមួយចំនួនទៀតនោះ មិនពាក់ព័ន្ធនឹងការបាត់លុយពីធនាគាររបស់ម្ចាស់ទូរស័ព្ទ ដូចការបង្ហោះព័ត៌មានបំភ្លៃ នៅលើបណ្ដាញ Facebook នោះឡើយ។

ការចេញមកបំភ្លឺសាធារណៈជននៅពេលនេះ គឺនៅក្រោយពីបណ្តាញសង្គមបានចែករំលែកតគ្នាព័ត៌មាន ថាមានលេខទូរស័ព្ទពីក្រៅប្រទេសខលមក ហើយគ្រាន់យើចុចទទួលភ្លាម នឹងធ្វើឲ្យបាត់បង់ថវិកាដែលមាននៅក្នុងគណនីនោះភ្លាម។ លេខទូរស័ព្ទរបស់អនាមិកមួយចំនួន រួមមានលេខ +6857215458, 6857320014, +6867330021, +685715411 ដែលជាលេខទូរស័ព្ទបានស៊ីញ៉ូហៅពីប្រទេសសាម័រ (Samoa) ចូលមកកាន់លេខទូរស័ព្ទចល័តគ្រប់ប្រព័ន្ធរបស់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅកម្ពុជា។ និយ័តករទូរគមនាគមន៍កម្ពុជា ចាត់ទុកព័ត៌មាននោះជាការបំភ្លៃ និងបំភ័យដល់សាធារណៈជន តាមរយៈការចែករំលែកតៗគ្នា នៅតាមបណ្តាញសង្គម។ ក្រសួងអះអាងថា មិនមានផលប៉ះពាល់ជាបច្ចេកទេស និងហានីយភ័យកើតចេញពីការស៊ីញ៉ូហៅនេះ រឺក៏ធ្វើឱ្យខាតបង់អ្វីៗនោះទេ។

តាមការការស្រាវជ្រាវ ការបកស្រាយ និងការបញ្ជាក់ពីបណ្តាប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជាលក្ខណៈបច្ចេកទេសថា ក្នុងការលើកទទួល ឬការហៅទៅវិញលេខអនាមិកទាំងនោះមិនបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ក្នុងការធ្វើឱ្យបាត់បង់ទិន្នន័យដែលផ្ទុកនៅក្នុងទូរស័ព្ទ ឬថវិកាក្នុងគណនីសេវាទូរស័ព្ទ ឬថវិកាដែលបានផ្ទុកក្នុងគណនីធនាគាររបស់ពួកគាត់ឡើយ ហើយអ្វីដែលជាហានីភ័យពិតប្រាកដជាក់ស្តែងនោះ ៖

ទី១ ៖ ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាណាម្នាក់បានលើកទទួលលេខ អនាមិកដែលស៊ីញ៉ូហៅចូលមកនោះ គឺមិនបានធ្វើឱ្យបាត់បង់អ្វីទាំងអស់របស់អ្នកប្រើប្រាស់នោះ សូម្បីតែទិន្នន័យផ្ទុកក្នុងទូរស័ព្ទ ឬថវិកាផ្ទុកក្នុងគណនីសេវាទូរស័ព្ទ ឬថវិកានៅក្នុងគណនីធនាគារមានតែធ្វើឲ្យអ្នកស៊ីញ៉ូហៅលេខអនាមិកនោះ បាត់បង់ថ្លៃហៅចេញក្រៅប្រទេសរបស់ខ្លួនទៅវិញទេ ព្រោះមិនមានបច្ចេកទេសណាអាចអនុវត្តទៅបាននៅឡើយទេ។

ទី២ ៖ ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាណាម្នាក់ បានហៅត្រលប់ទៅកាន់លេខអនាមិកដែលស៊ីញ៉ូហៅចូលមកនោះ គឺធ្វើឱ្យអ្នកប្រើប្រាស់នោះបាត់បង់ថវិកាក្នុងគណនីសេវាទូរស័ព្ទរបស់គាត់ សម្រាប់ការសន្ទ នាទូរស័ព្ទអន្តរជាតិ ឬហៅទៅក្រៅប្រទេស ដែលគិតទៅតាមអត្រាគិតលុយរបស់ប្រតិបត្តិករទូរស័ព្ទក្នុងស្រុក ដែលអ្នកប្រើប្រាស់នោះបានជាវយកមកប្រើប្រាស់ ក្នុងអត្រាតម្លៃមួយគិតទៅតាមទំហំនាទីសរុប ដែលអ្នកប្រើប្រាស់នោះបានសន្ទនា។

និយ័តករទូរគមនាគមន៍កម្ពុជា និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការសេវាទូរគមនាគមន៍នៅកម្ពុជា កំពុងតែយកចិត្តទុកធ្វើការនេះយ៉ាងម៉ឺងម៉ាត់ ត្រួតពិនិត្យលើផ្នែកបច្ចេកទេសក្នុងកិច្ចការពារផលប្រយោជន៍អ្នកប្រើប្រាស់ មិនឱ្យទទួលផលប៉ះពាល់ណាមួយជាយថាហេតុឡើយ៕

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវប្តូរឈ្មោះទៅជា«ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ ÷ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជា «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ ការបន្ថែមវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ នៅពេលនេះ គឺនឹងប្រមូលផ្តុំអ្នកជំនាញដែលបានបញ្ចប់ការសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យកមកជួយអភិវឌ្ឍប្រទេសជាតិ ដើរឲ្យទាន់សម័យឧស្សាហកម្ម ៤.០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជា «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៣ ក្រោយបោះឆ្នោតអាណត្តិទី៥ ដោយបំបែកចេញពីក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល។ ឯ.ឧ ចម ប្រសិទ្ធ កាលនោះ ជារដ្ឋមន្ត្រីពាណិជ្ជកម្ម ត្រូវប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងថ្មីមួយនេះ និងរក្សាទុក ឯ.ឧ ស៊ុយ សែម នៅជារដ្ឋមន្ត្រីរ៉ែ និងថាមពលដដែល។

បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ទន្ទឹមនឹងការយល់ព្រមឱ្យប្តូរឈ្មោះក្រសួងហើយនោះ រាជរដ្ឋាភិបាល ក៏យល់ព្រមឱ្យធ្វើវិសោធនកម្មច្បាប់ទាំងឡាយ និងឯកសារគតិយុត្តផ្សេងៗ ដែលមានការពាក់ព័ន្ធដល់រចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងដែលប្តូរឈ្មោះថ្មីនេះផងដែរ។ រាជរដ្ឋាភិបាល ឯកភាពឱ្យបង្កើតអង្គភាពថ្មីពីរទៀត គឺអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានថ្នាក់ស្មើអគ្គនាយកដ្ឋាន។ ការបង្កើតអង្គភាពទាំងពីរនេះ គឺពុំមានការតម្រូវឱ្យបន្ថែមនូវក្របខណ្ឌរដ្ឋនោះទេ ពោលគឺប្រើប្រាស់ក្របខណ្ឌទាំងឡាយដែលកំពុងមាន ហើយពាក់ព័ន្ធដល់ការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យមានកិច្ចប្រជុំអន្តរក្រសួង ជាមួយបណ្តាក្រសួងពាក់ព័ន្ធជុំវិញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរចនាសម្ព័ន្ធ អង្គការលេខ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដាក់ឆ្លងគណៈរដ្ឋមន្ត្រី។

រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យបើកទូលាយឱ្យមានឥស្សរជនសំខាន់ៗ បញ្ញាវន្ត ដែលមានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាគំនិតផ្តួចផ្តើមទាំងឡាយ ដែលមានលក្ខណៈនវានុវត្តន៍ និងមន្ត្រីផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ចូលមកបម្រើការ ឬផ្ទេរក្របខណ្ឌមន្ត្រីមានបំណងស្ម័គ្រចិត្ត ពីបណ្តាក្រសួងនានា ដែលពាក់ព័ន្ធការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា មកបម្រើការងារក្នុងអង្គភាពថ្មីទាំងពីរដែលនឹងត្រូវបង្កើតឡើងនេះ។

រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យផ្តល់ការងារយកចិត្តទុកដាក់ គាំទ្រ និងបង្កលទ្ធភាពទៅតាមសភាពជាក់ស្តែងនៃតម្រូវការរបស់អង្គភាពទាំងពីរថ្មីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីបណ្តាស្ថាប័នពាក់ព័ន្ធទាំងឡាយ ដើម្បីធ្វើឱ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជា ឱ្យទទួលបានប្រសិទ្ធភាព និងទូលំទូលាយក្នុងប្រយោជន៍ជំរុញឱ្យវិស័យវិទ្យាសាស្ត្រមានការរីកចម្រើន និងផ្ទេរបច្ចេកវិទ្យាស្របតាមបរិបថនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។

រាជរដ្ឋាភិបាល ក៏ចាត់ឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ឆ្លងរដ្ឋសភា និងព្រឹទ្ធសភា និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។ ក្រោយពេលរៀបចំរួរាល់ ត្រូវដាក់ឆ្លងគណៈរដ្ឋមន្ត្រីទាំងពីរតែម្តង៕

អភិបាលខេត្តព្រះវិហារ ៖ ការខិតខំសិក្សារៀនសូត្រ គឺដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ

ខេត្តព្រះវិហារ ៖ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ អមដំណើរដោយលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកជំទាវ និងមន្ត្រីរាជការ នៃមន្ទីរស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្ត កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយ សមណៈសិស្ស និងប្អូនៗសិស្សានុសិស្ស នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលអប់រំផ្នែកព្រះពុទ្ធសាសនា ដែលមានសមណៈសិស្ស និងសិស្សានុសិស្ស ចំនួន ៣៧១អង្គនាក់ កំពុងសិក្សារៀនសូត្រ ស្ថិតនៅក្នុងវត្តប្រាសាទព្រះខ័ន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ថ្លែងទៅកាន់សមណៈសិស្ស និងប្អូនៗសិស្សានុសិស្សទាំងជាង៣០០អង្គនាក់ នាឱកាសនោះលោក ប្រាក់ សុវណ្ណ មានប្រសាសន៍ថា ៖ «ទោះបីជាមជ្ឍមណ្ឌលបណ្តុះបណ្តាលអប់រំ ផ្នែកព្រះពុទ្ធសាសនានេះ នៅកំពុងមានការខ្វះខាតសាលាបង្រៀនក្តី យើងក៏ត្រូវតែខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងជួយទៅដល់ប្រទេសជាតិ នឹងខ្លួនយើងទៅថ្ងៃអនាគត ក៏ដូចជានាពេលបច្ចុប្បន្ននេះផងដែរ» ។

ជាមួយគ្នានោះ លោក ប្រាក់ សុវណ្ណ ក៏បានធ្វើការវាយតំលៃ និងកោតសរសើរខ្ពស់ ដែលនៅតាមទីវត្តអារាម បានយកវិស័យអប់រំជាចំបង នៅការបង្ហាត់បង្រៀន និងអប់រំ ទៅដល់ប្អូនៗសិស្សានុសិស្ស និងសមណៈសិស្ស ឲ្យមានចំណេះចេះដឹង ច្បាស់លាស់ ពិតប្រាកដ ដើម្បីរួមចំណែកជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងកសាងសង្គមជាតិយើង ឲ្យកាន់តែរឹងមាំ និងរីកចម្រើនរុងរឿង ទៅថ្ងៃអនាគត ។

បន្ថែមពីនោះ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះគ្រូចៅអធិការវត្ត បញ្ញាសីលញាណ នាតសុផានិត ទីព្រឹក្សាផ្ទាល់សម្តេចមហាសុមេធាធិបតី នួន ងែត ដែលបាននិងកំពុងខិតខំប្រឹងប្រែងដឹកនាំគ្រប់គ្រង និងជម្រុញ ហើយទទួលបន្ទុកខុសត្រូវខ្ពស់ លើការងារសិក្សាអប់រំនេះ បើទោះបីជាសាលារៀន នៅមានការខ្វះខាត ៕ កូវ ប៊ុនហេង

អ្នក​ពន្លត់អគ្គីភ័យ​ជនជាតិ​អាមេរិក​៣​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​អូស្ត្រាលី

​អូស្ត្រាលី ៖ អ្នក​ពន្លត់​អគ្គិភ័យ​ជនជាតិ​អាមេរិក​៣ នាក់​បាន​ស្លាប់​នៅក្នុង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ដឹក​ទឹក​មួយគ្រឿង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខណៈពេល​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​។​

​ក្រុមមន្ត្រី​បាន​បាត់​ការទាក់ទង​ជាមួយ​យន្តហោះ C -130 Hercules មុន​ម៉ោង ១៣ និង ៣០ នាទី​ម៉ោង​ក្នុងស្រុក​កាលពី​ព្រឹក​នៅ​ថ្ងៃ​ព្រហស្បតិ៍​) ។​ប៉ុន្តែ​ក្រុមមន្ត្រី​សេវាកម្ម​អគ្គីភ័យ​ជន ​បាន​រកឃើញ​យ​ន្ត​ហោះ​នេះ​ធ្លាក់​នៅក្នុង​តំបន់ Snowy Monaro នៃ​រដ្ឋ New South Wales ។​រីឯ​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ទាំង​៣​នាក់ ដែល​បាន​បាត់បង់​ជីវិត គឺជា​ជនជាតិ​អាមេរិក​ទាំងអស់​៕

 

សម្តេចប្រធានរដ្ឋសភា ៖ មានសន្តិភាព គឺមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិលើកកម្ពស់ជីវភាពពលរដ្ឋ

ខេត្តត្បូងឃ្មុំ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្ថិតនៅភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា នៅពេលប្រទេសជាតិមានសុខសន្តិភាពដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗបានទំាងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សន្តិភាព គឺជាធាតុស្នូលដ៏សំខាន់ដែលអាចឱ្យកម្ពុជាធ្វើការអភិវឌ្ឍន៍ឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយ ប្រកបដោយសុទិដ្ឋិនិយម។ នៅចំពោះមុខព្រះសង្ឃនិងពលរដ្ឋជាច្រើនរយនាក់ សម្តេច បានលើកឡើងថា “អនាគតរបស់កម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែងនិងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់យើងទាំងអស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំជាប្រចាំដល់អ្នកនៅជុំវិញខ្លួនឲ្យយល់ពីគុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ ក្នុងការថែរក្សាសន្តិភាពឲ្យបានជានិច្ចនិរន្តន៍”។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានពុះពារជម្នះរាល់គ្រប់ឧបសគ្គ ច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ គួរឲ្យកត់សម្គាល់។ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់បន្តការកសាងអភិវឌ្ឍសង្គមជាតិ និងការពារសមិទ្ធផលនានា ដែលសម្រេចបាន ដើម្បីផ្តល់ប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនរស់នៅសុខសាន្ត តទៅមុខទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ជម្រាបពលរដ្ឋថា រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយ និងច្បាប់វិនិយោគត្រឹមត្រូវ ក្នុងការបើកចំហរនិងលើកទឹកចិត្តដល់អ្នកវិនិយោគ ជាតិ និងអន្តរជាតិគ្រប់ប្រភេទ។ យុទ្ធសាស្រ្តរាជរដ្ឋាភិបាល ក្នុងគោល ដៅបង្កើតប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងប្រព័ន្ធឡូជីស្ទីក ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច និងការពង្រាយរោងចក្រ ទៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ តួរយ៉ាងដូចជា រោងចក្រកែច្នៃកៅស៊ូ និងផ្លែស្វាយ ក្នុងខេត្តត្បូងឃ្មុំជាដើម ដើម្បីបង្កើតការងារជូនពលរដ្ឋ នៅនឹងកន្លែង ក្នុងគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការកាត់បន្ថយគម្លាត រវាងទីក្រុងនិងជនបទ ក៏ដូចជាការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន។

ជាមួយគ្នានេះ រដ្ឋសភាបានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលក្នុងនោះមានកញ្ចប់ថវិកា សម្រាប់បន្តជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋាន ដោយឃុំសង្កាត់នីមួយៗទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណជាង ១០ម៉ឺនដុល្លារ ហើយថវិកានេះនឹងកើនឡើងជាលំដាប់ ។ ជាមួយនឹងកញ្ចប់ថវិកានេះ ឃុំ សង្កាត់ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍គ្រប់ផ្នែក ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងស្របតាមសកម្មភាពអាទិភាពរបស់ខ្លួន។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចប្រធានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តក្បាលដំរី ដែលបានរួមគ្នាកសាងសមទ្ធិផលជាច្រើនក្នុងវត្តជាការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។ សម្តេចបានមានប្រសាសន៍ថា វត្តអារាមគឺជាមូលដ្ឋានចំបង ក្នុងការបញ្ជ្រៀប ផ្សព្វផ្សាយព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកាយ វាចា ចិត្ត ដ៏ប្រពៃសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុម ក្នុងគ្រួសារ និងសង្គមជាតិ៕

 

ប្រមុខការពារជាតិកម្ពុជានឹង​ទៅ​ទស្សន​កិច្ចនៅតួកគី ចុង​ខែ​មករា​នេះ ​

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​យៈពេល ៦ថ្ងៃ ពីថ្ងៃទី​២៦-៣១ ខែមករា ឆ្នាំ២០២០ នៅប្រទេសតួគី តបតាមការអញ្ជើញរបស់លោក ហ៊ូលូស៊ី អាការ៍ រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិតួគី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២០។

សេចក្តីជូនដំណឹងបញ្ជាក់ថា ក្នុង​អំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋធានីអង់ការ៉ា សម្ដេចពិជ័យសេនា ទៀ បាញ់ និង​គណៈ​ប្រតិភូ​គ្រោង​នឹង​អញ្ជើញ​ជួប​ពិភាក្សាការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សាធារណរដ្ឋ​តួគី លោក ហ៊ូលូស៊ី អាការ៍ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំង២។

សូមជម្រាបថា កម្ពុជា និងតួគី ធ្លាប់មានទំនាក់ទំនងការទូតរវាងគ្នាតាំងពីឆ្នាំ១៩៧០។ ចំណង​ការទូត​បាន​បាត់បង់​ក្រោយឆ្នាំ១៩៧៥ ដែលកម្ពុជាបានធ្លាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទំនាក់ទំនង​រវាង​កម្ពុជា និងតួគី បានវិលត្រឡប់មកវិញក្រោយឆ្នាំ១៩៩៣ ដែល​មាន​ការ​បោះ​ឆ្នោត​សកល​លើក​ដំបូង។ ទំនាក់ទំនងរវាងកម្ពុជានិងតួកគី ក្រោយ​មក​កាន់​តែ​បាន​ពង្រឹង​បន្ថែម​ទៀត​ជាពិសេស​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ទៅ​កាន់​ប្រទេស​តួកគី​កាលពីខែតុលាឆ្នាំ២០១៨។

ក្រោយមកទៀតនៅចុងខែកក្កដាឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើទស្សនកិច្ចក្នុងក្រុងអង់ការ៉ា ដែលពេលនោះ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​ប្រទេស​ទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិ​សុខ និងការលើកកម្ពស់នៃទំនាក់ទំនងទ្វេភាគីប្រឆាំងនឹង អំពើភេរវកម្ម៕

 

 

អាជ្ញាធរខេត្តកំពង់ស្ពឺរៀបចំពិធីសូត្រមន្តរំដោះគ្រោះ និងឧទ្ទិសកុសលជូនដល់ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធី សូត្រមន្តរំដោះគ្រោះ និងឧទ្ទិសកុសលជូនទៅដល់ ជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ និងផ្លូវសំខាន់នានា តាមបណ្ដាក្រុងស្រុកនៃខេត្តកំពង់ស្ពឺក្រោមវត្តមានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រីឧកញ៉ាកត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលរៀបចំធ្វើឡើងនៅមុខបរិវេណសាលាខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានលើកឡើងថា ដើមហេតុដែលរដ្ឋបាលខេត្តបានរៀបចំពិធី សូត្រមន្តរំដោះគ្រោះ និងឧទ្ទិសកុសលជូនទៅដល់ ជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ និងផ្លូវសំខាន់នានា តាមបណ្ដាក្រុងស្រុកនៃខេត្តកំពង់ស្ពឺនាពេលនេះ ដោយសារតែជាបន្តបន្ទាប់មកនេះ សង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ និងផ្លូវសំខាន់នានាក្នុងខេត្ត បានបន្តកើតមានស្ទើររាល់ថ្ងៃ និងបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងខូចខាតរថយន្ត និងបំផ្លាញ ទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនអស់ជាច្រើនទៀត។

លោកក៏បានរំលឹកដល់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបើកបរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានជាប្រចាំ ទោះបីចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី។ ពិសេសជាងនេះ គឺត្រូវចេះយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ពេលប្រើប្រាស់ផ្លូវសាធារណៈ ដើម្បីឈានទៅ កាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅថយចុះ៕

 

សម្តេច ហេង សំរិន លើកទឹកចិត្តដល់គ្រប់វត្តអារាម ដាំដុះដើមឈើដើម្បីបរិស្ថានស្អាត

ខេត្តត្បូងឃ្មុំ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកទឹកចិត្ត ដល់គ្រប់វត្តអារាមធ្វើការដាំដុះរុក្ខជាតិ ដើម្បីបរិស្ថានស្អាត ហើយថាបរិស្ថានល្អនាំមកនូវសុខភាពល្អ និងរុក្ខជាតិមានអត្ថប្រយោជន៍ច្រើនយ៉ាង។

សម្តេច បានអំពាវនាវដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ចូលរួមដាំដុះរុក្ខជាតិឱសថតាមវត្តអារាមនានា ដើម្បីប្រែក្លាយបរិវេនវត្តអារាម ពោរពេញដោយឱសថរុក្ខាធម្មជាតិ រំលេចភាពបៃតងជាទីគយគន់ស្រស់ស្រាយ សម្រាប់រក្សាទុកជាធម្មទានជូនពុទ្ធបរិស័ទជិតឆ្ងាយទស្សនាលំហែរ ជាទីទាក់ទាញអ្នកទេសចរផង។ ជាមួយគ្នានេះ សម្តេច បានអំពាវនាវដល់ ប្រជាពុទ្ធបរិស័ទ ចូលរួមសកម្មក្នុងការផ្សព្វផ្សាយ សីលធម៌រស់នៅ និងតម្លៃគុណធម៌សង្គមឱ្យបានទូលំទូលាយ និងបានជំរុញ ដល់សហគមនីមួយៗ បង្កើតស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ។

នៅក្នុងពិធីដែលមានប្រជាពលរដ្ឋប្រមាណ៣ពាន់ចូលរួមនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងពីគុណតម្លៃសន្តិភាពដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះដែរ។ សម្តេចបានគូសបញ្ជាក់ថា នៅពេលប្រទេសជាតិមានសុខសន្តិភាពដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗបានទំាងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឱ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។ សន្តិភាព គឺធាតុស្នូលដ៏សំខាន់ដែលអាចឱ្យកម្ពុជាធ្វើការអភិវឌ្ឍន៍ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយ ប្រកបដោយសុទិដ្ឋិនិយម ។

សម្តេចបានលើកឡើងថា “អនាគតរបស់កម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែងនិងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់យើងទាំងអស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំជាប្រចាំដល់អ្នកនៅជុំវិញខ្លួនឲ្យយល់ពីគុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ ក្នុងការថែរក្សាសន្តិភាពឲ្យបានជានិច្ចនិរន្តន៍”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍បន្តថាក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានពុះពារជន្នះរាល់គ្រប់ឧបសគ្គ ច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ប្រទេសជាតិរីកចម្រើនកាន់តែឆាប់រហ័ស និងគ្រប់ទីកន្លែង។

រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយ និងច្បាប់វិនិយោគត្រឹមត្រូវ ក្នុងការបើកចំហរនិងលើកទឹកចិត្តដល់អ្នកវិនិយោគ ជាតិ និងអន្តរជាតិគ្រប់ប្រភេទ។ យុទ្ធសាស្រ្តរាជរដ្ឋាភិបាល ក្នុងគោលដៅបង្កើតប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងប្រព័ន្ធឡូជីស្ទីក ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច និងការពង្រាយរោងចក្រ ទៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ តួរយ៉ាងដូចជារោងចក្រកែច្នៃកៅស៊ូ និងផ្លែស្វាយ ក្នុងខេត្តត្បូងឃ្មុំជាដើម ដើម្បីបង្កើតការងារជូនក្មួយៗ កម្មករ កម្មការនី នៅនឹងកន្លែង ក្នុងគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការកាត់បន្ថយគម្លាត រវាង ទីក្រុងនិងជនបទ ក៏ដូចជាការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន។

ជាមួយគ្នានេះ រដ្ឋសភា បានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលក្នុងនោះមានកញ្ចប់ថវិកា សម្រាប់បន្តជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋាន ដោយឃុំសង្កាត់នីមួយៗទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណជាង ១០ម៉ឺនដុល្លារ ហើយថវិកានេះនឹងកើនឡើងជាលំដាប់ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណជា្រលជ្រៅ ចំពោះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តវត្តក្បាលដំរី ដែលបានរួមគ្នាកសាងសមទ្ធិផលជាច្រើនក្នុងវត្តជាការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។ ក្នុងន័យនេះ វត្តអារាមគឺជាមូលដ្ឋានចំបង ក្នុងការបញ្ជ្រៀប ផ្សព្វផ្សាយព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកាយ វាចាចិត្ត ដ៏ប្រពៃសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខុដុម ក្នុងគ្រួសារ និងសង្គមជាតិ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមុតមាំថាព្រះថេរានុត្ថេរៈ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ នឹងរួមគ្នាថែរក្សាការពារសមិទ្ធផលដ៏ឧត្តុង្គឧត្តមទាំងនេះ ឱ្យបានស្ថិតស្ថេរ គង់វង្ស ដើម្បីជាឧត្តមប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែក លើកកម្ពស់វិស័យសាសនា និងសីលធម៌សង្គម ជាពិសេសត្រូវតម្កល់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយៗទៀត៕

 

 

ចិន​សម្រេច​ផ្អាក​ជើងហោះហើរ​ និង​រថភ្លើង​ចេញពី​ទីក្រុង​វូ​ហាន​ បន្ទាប់​ពី​ផ្ទុះឡើង​នូវ​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី

ប៉េកាំង ៖ អាជ្ញាធរ​ចិន បានប្រកាស​ផ្អាក​ជើងហោះហើរ​និង​ខ្សែ​រថភ្លើង​ចាក​ចេញពី​ទីក្រុង វូ​ហាន (Wuhan) បន្ទាប់ពី​ការ​ពី​ផ្ទុះឡើង​នូវ​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ចេញពី​ទីក្រុង​មួយ​នេះ​។​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​អាជ្ញាធរ​ចិន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា វីរុស​នេះ​បាន​រីក​រាលដាល​ពាសពេញ​ប្រទេស​ចិន​និង​លើសពីនេះទៅទៀត​មនុស្ស​ចំនួន​១៧​នាក់​បាន​ស្លាប់​និង​ជាង ៥០០ នាក់​បាន​ឆ្លង​ជំងឺ ខណៈ​អ្នកជំងឺ​ភាគច្រើនបំផុត ស្ថិតនៅ​ទីក្រុង​នៃ​ខេត្ត​ហឺ​ប៉ី (Hubei) ភាគ​កណ្តាល​ប្រទេស​ចិន​។​

​បច្ចុប្បន្ន​ក្រៅពី​ប្រទេស​ចិន ប្រទេស​ផ្សេងៗ​ដូចជា សហរដ្ឋអាមេរិក ថៃ ជប៉ុន និង​កូរ៉េខាងត្បូង ក៏មាន​ការរកឃើញ​អ្នក​ឆ្លង​វីរុស​ពី​ចិន​នេះ​ផងដែរ ហើយ​ពួកគេ​សុទ្ធ​តែមាន​ប្រភពពី​ទីក្រុង Wuhan ខណៈ​នៅ​ប្រទេស​ថៃ​វិញ​មាន​ការឆ្លង​រហូតដល់ ០៤​ករណី​ឯណោះ​។​

​ជាមួយគ្នា​នោះ​ដែល​អាជ្ញាធរ​បានប្រកាសថា​ជើងហោះហើរ​និង​រថភ្លើង​ចេញពី​ទីក្រុង​នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ចាប់ពី​ម៉ោង​០២៖០០ ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈដែល​រថយន្តក្រុង​សាធារណៈ​រថភ្លើង​ក្រោម​ដី​និង​រថភ្លើង​ចម្ងាយ​ឆ្ងាយ​របស់​ទីក្រុង​ក៏ត្រូវ​បាន​ផ្អាក​រហូតដល់​មានការ​ជូនដំណឹង​បន្ថែម​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា​“​ហេតុផល​ពិសេស​អ្នករស់នៅ​ក្នុង​ទីក្រុង​មិនគួរ​ចាកចេញ​ពី​ទីក្រុង​វូ​ហាន​ឡើយ​” ។ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​បាន​និយាយថា​ការផ្លាស់ប្តូរ​នេះ​មានន័យថា​“ កាត់ផ្តាច់​ការរីក​រាល​ដាល​នៃ​មេរោគ​ប្រកបដោយ​ប្រសិទ្ធភាព​ទប់ស្កាត់​ការផ្ទុះ​ឡើង​និង​ធានា​នូវ​សុខភាព​និង​សុវត្ថិភាព​របស់​ប្រជាជន​” ។​

​គួរ​បញ្ជាក់ថា វីរុស​ផ្លូវដង្ហើម​ត្រូវបាន​អាជ្ញាធរ​ចិន​ប្រកាស​ពី​ការរកឃើញ​ដំបូង​បំផុត កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន ហើយ​ប្រភព​ដើម្បី​បំផុត​នៃ​ការកកើត​វីរុស ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវដង្ហើម (​សួត​) ចុះ​ទន់ខ្សោយ​ខ្លាំង​នេះ ត្រូវបាន​ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ចិន សង្ស័យថា បានកកើតឡើង​នៅក្នុង​ទីផ្សារ​លក់​គ្រឿង​សមុទ្រ ដ៏​ល្បីល្បាញ​មួយ​ប្រចាំ​ទីក្រុង​នេះ​៕