All posts by មេគង្គ ប៉ុស្តិ៍

មនុស្សកើនដល់១៧នាក់ដោយសារវីរ៉ុសរលាកផ្លូវដង្ហើមថ្មី ខណៈអ្នកឆ្លងកើនដល់៥៤៤នាក់

ចិន ៖ ចំនួនអ្នកស្លាប់ដោយសារវីរ៉ុសថ្មី ដូចទៅនឹងជំងឺផ្តាសាយ ក្នុងខេត្តហ៊ូប៊ី ប្រទេសចិនបានកើនឡើងដល់១៧នាក់ហើយ ខណៈដែលករណីដែលគេបញ្ជាក់ថា បានឆ្លងវីរ៉ុសក៏មានការកើនឡើងដល់ចំនួន៥៤៤នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។

ការផ្ទុះឡើងនៃវីរុសថ្មីប្រភេទថ្មីនេះ បានចាប់ផ្តើមនៅក្នុងទីក្រុង Wuhan នៃខេត្ត Hubei ជាទីដែលកំពុងមានអ្នកឆ្លងច្រើនជាងគេ ហើយបច្ចុប្បន្នបានរាលដាលដល់ទីក្រុងក៏ដូចជាខេត្តជាច្រើនទៀតរបស់ចិន រួមមានទាំងរដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ខេត្ត Guandong និងទីក្រុងម៉ាកាវ ហើយនៅក្រៅព្រំដែនប្រទេសចិន គឺនៅប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏សុទ្ធបានរកឃើញករណីអ្នកមានផ្ទុកវីរុសនេះដែរ ដោយក្នុងនោះថៃមានដល់ទៅ០៤ករណី។

អម្បូរវីរុសខាងលើ គឺ Coronavirus មានប្រភេទវីរុសច្រើន ដែលអាចបង្កជំងឺចាប់ពីកម្រិតស្រាល ដូចជាគ្រុនផ្តាសាយធម្មតាៗរហូតដល់ជំងឺរលាកសួត ឬជំងឺផ្លូវដង្ហើមខ្លាំងក្លាដូចជា ជំងឺ SARS ដ៏កាចសាហាវ៕

 

អាជ្ញាធរហាមមិនឲ្យកម្មករស្នាក់នៅក្នុងសំណង់ដែលកំពុងសាងសង់

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ត្រូវមើលការខុសត្រូវទៅលើការដ្ឋានសំណង់នានា ដោយមិនអនុញ្ញាតឲ្យមានកម្មករ កម្មករស្នាក់នៅ ក្នុងសំណង់អាគារដែលកំពុងសាងសង់ជាដាច់ខាត។

លោក ឃួង ស្រេង បានហាមប្រាមបែបនេះ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្ដីពីសំណង់ចាស់ទ្រុឌទ្រោមនៅក្នុងរាជធានី ដោយមានការចូលរួមពីអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជ ធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ការហាមប្រាមមិនឲ្យមានការស្នាក់នៅកម្មករនៅក្នុងការដ្ឋានសំណង់ធ្វើឡើង ដើម្បីរក្សាសុវត្ថិភាពជូនកម្មករ ខណៈដែលកន្លងមកនេះ នៅខេត្តព្រះសីហនុក៏ដូចជាខេត្តកំពត មានបញ្ហាបាក់ស្រុតអាគារកើត ឡើង ដោយបានធ្វើឲ្យកម្មកររាប់សិបនាក់បានស្លាប់និងរងរបួស។ បញ្ហាបែបនេះមិនមែនជារឿងសាមញ្ញទេ វាប៉ះពាល់ដល់អាយុជីវិតមនុស្សដែលត្រូវតែមានការបង្ការទប់ស្កាត់អោយបានខ្ពស់ជាមុន។

លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា អាជ្ញាធរខណ្ឌ រាជធានី គឺជាម៉ែជាឪរបស់ប្រជាពលរដ្ឋដូច្នេះទេ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាជាមួយនឹងប្រជាពលរដ្ឋ ដោយអាជ្ញាធរខណ្ឌ មានអភិបាលរងមួយរូបនិងមន្ទីរជំនាញ មានអនុប្រធានមន្ទីរ១ រូប ត្រូវចុះតាមដាន ពិនិត្យមើលការដ្ឋាន សំណង់ដែលបាននឹងកំពុងសាងសង់ ថាតើសំណង់ទាំងនោះ មានច្បាប់ទេស្របតាមស្តង់ដារបច្ចេកទេសទេ ។

បើពិនិត្យឃើញថា ការដ្ឋានសំណង់ទាំងនោះធ្វើខុសលក្ខណៈបច្ចេកទេសនិងមិនមានច្បាប់អនុញ្ញាតយើងត្រូវតែបិទជាបណ្ដោះអាសន្ន នឹងត្រូវហៅ ម្ចាស់ការដ្ឋានសំណង់មកប្រជុំដោះស្រាយ សំដៅធ្វើយ៉ាងណាឲ្យការដ្ឋានទាំងនោះអនុវត្តទៅតាមច្បាប់និងសាងសង់ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

លោកបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិន បានបន្ទុច បង្អាក់ ចំពោះការសាងសង់អាគារនោះទេ ដោយសារតែប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៏ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសំណង់ទាំងនោះត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ចៀសវាងកុំអោយហេតុការមិនល្អកើតឡើង។

លោកអភិបាល បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ពិតជាមានអាគាចាស់ៗ ទ្រុឌទ្រោមច្រើនដែលបន្សល់តាំងពីជំនាន់បារាំងក៏មាន ដែលការងារនេះ គឺជាការងារដែលត្រូវយក ចិត្តទុកដាក់ និងស្រង់ស្ថិតិឱ្យបានច្បាស់ ជៀស វាងមានបញ្ហាកើតឡើងមិនបានដឹង។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងរុយោដីរាជធានីភ្នំពេញ បានមានប្រ សាសន៍ថា សំណង់គឺជាការងារមួយដែលមន្ទីរបានយកចិត្តទុកដាក់ ដោយកន្លងមកនេះ យើងបានចែកក្រុមការងារ ជាពីរក្រុម ដើម្បីចុះត្រួតពិនិត្យមើលទៅ លើបច្ចេកទេសនិងច្បាប់នៅក្នុងការដ្ឋានទាំងនោះ ដោយបានជំរុញឲ្យមានការតាមដានសំណង់ទាំង នោះរហូត ពោលគឺ បើខុសលក្ខណៈបច្ចេកទេសយើងត្រូវផ្អាកការដ្ឋានសំណង់ជាបណ្តោះអាសន្ន និងហៅ ម្ចាស់សំណង់មកប្រជុំដោះស្រាយ ។ សំណង់មួយ បើមិនបានចុះបញ្ជីត្រឹមត្រូវទេ សាងសង់ខុសប្លង់ ក្នុងនាមអាជ្ញាធរ និងមន្ទីរជំនាញគឺត្រូវតែបិទសំណង់ទាំងនោះចោលតែម្ដង ៕

អង្គការ FOUR PAWS ៖ ការបរិភោគសាច់ឆ្កែប្រឈមហានិភ័យនៃជំងឺឆ្កែឆ្កួត

ភ្នំពេញ ៖ សត្វឆ្កែរហូតដល់ ៣លានក្បាល ត្រូវបានគេសម្លាប់ក្នុងមួយឆ្នាំៗនៅប្រទេសកម្ពុជា។ គ្រាន់តែនៅរាជធានីភ្នំពេញ ទីតាំងលក់សាច់ឆ្កែនៅកម្ពុជា ត្រូវបានគេហៅថា «សាច់ពិសេស» មានរហូតដល់១១០កន្លែង។ អង្គការ FOUR PAWS បានអះអាងថា ការបរិភោគសាច់ឆ្កែ ជាប្រភពបង្កហានិភ័យជំងឺឆ្កែឆ្កួត។

យោងតាមការស្រាវជ្រាវលើទីផ្សាររបស់អង្គការ FOUR PAWS បានបង្ហាញនូវរបាយការណ៍គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអ្នកឆ្លើយតបចំនួន ៥៣.៦% បានប្រាប់ថា ក្នុងជីវិតពួកគាត់ធ្លាប់បរិភោគសាច់ឆ្កែ (៧២.៤% ជាបុរស និង ៣៤.៨% ជាស្ត្រី)។ នៅក្នុងរាជធានីភ្នំពេញ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការ FOUR PAWS បានទៅកាន់ហាងលក់សាច់ឆ្កែចំនួន១១០កន្លែង ក្នុងនោះហាងភាគច្រើនទើបតែចាប់ផ្តើមបើកក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយប៉ុណ្ណោះ ដោយសារតែមុខរបរជួញដូរនេះមានការកើនឡើងជាបន្តបន្ទាប់។

កត្តាជំរុញឲ្យបរិភោគ មានមូលហេតុជាច្រើន ដែលជំរុញឲ្យប្រជាជននៅអាស៊ីអាគ្នេយ៍និយមបរិភោគសាច់ឆ្កែ និងឆ្មា។ ភាគច្រើនគេបរិភោគសាច់ឆ្កែនៅពេលជួបជុំគ្នាទទួលទានគ្រឿងស្រវឹង។ ហេតុផលផ្សេងទៀត គឺដោយសារគេជឿថាសាច់ឆ្កែសម្បូរអាហារូបត្ថម្ភទ្រទ្រង់រាងកាយ និងថាមពល ជួយរក្សាកម្ដៅក្នុងខ្លួននៅក្នុងរដូវត្រជាក់។ ម្យ៉ាងវិញទៀតករណីខ្លះ ដោយសារតែមានការណែនាំពីគ្រូពេទ្យ ឬការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា សាច់ឆ្កែមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ និងជាថ្នាំផងដែរ។ យ៉ាងណាក្តី បើតាមអង្គការ FOUR PAWS បានអះអាងថា ការជួញដូរសាច់ឆ្កែ និងឆ្មា មិនត្រឹមតែជាអំពើឃោរឃៅព្រៃផ្សៃសម្រាប់សត្វនោះទេ ថែមទាំងបង្កហានិភ័យដល់សុខភាពសាធារណៈទៀតផង។ ការជួញដូរសាច់ឆ្កែ គឺជំនួញមួយដែលជំរុញឲ្យមានការជួញដូរខុសច្បាប់ ការលក់ និងសម្លាប់ជីវិតឆ្កែរាប់លានក្បាលជារៀងរាល់ឆ្នាំ ហើយក៏បានបង្កហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ តាមរយៈការចម្លងជំងឺ សត្វ ដែលមិនត្រឹមតែជាជំងឺឆ្កែឆ្កួតទេ ប៉ុន្តែនៅមានជំងឺអាសន្នរោគ និងជំងឺកាចសាហាវគ្រោះថ្នាក់ដល់អាយុជីវិតផ្សេងៗទៀត។ ការឆ្លងមេរោគបាក់តេរីផ្សេងទៀតដែលបណ្ដាលមកពីការបរិភោគសាច់ឆ្កែរួមមាន ដំបៅពងបែក ជំងឺរលាកស្បែក ជំងឺរលាកថ្លើម និងជំងឺបរាសិតដែលបង្កដោយពពួកសត្វល្អិតដូចជាព្រូនជាដើម។

ភ្នាក់ងារបង្កជំងឺផ្សេងទៀតរួមមាន អ៊ីកូលី១០៧ ទ្រីឈីននេឡូស៊ីស និង សាម៉ូនេឡា។ ការសិក្សាបានបង្ហាញថា ជំងឺឆ្កែឆ្កួតច្រើនកើតឡើងដោយឆ្លងពីសត្វឆ្កែដែលមាននៅតាមហាង ទីសត្តឃាត និងទីផ្សារនៅក្នុងតំបន់។ អំឡុងពេលធ្វើការស៊ើបអង្គេត របស់ក្រុមការងារ FOUR PAWS បានឲ្យឃើញថា ឆ្កែដែលមានរោគសញ្ញាជំងឺឆ្កែឆ្កួត ត្រូវគេលក់ទៅឲ្យអ្នកជួញដូរដើម្បីសម្លាប់ និងយកសាច់លក់។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ជាញឹកញយ តែងតែធ្វើការអំពាវនាវដល់ សាធារណៈជន បញ្ឈប់ការបរិភោគសត្វសុនខ ព្រោះសត្វសុនខប្រៀបបានទៅនឹងសមាជិកក្រុមគ្រួសាររបស់យើង ហើយពិសេសប្រជាជនកម្ពុជា ជាអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ៕

ចាប់ចិន២នាក់ករណីចាប់ជំរិតជនជាតិចិនរួចសម្លាប់នៅក្នុងរថយន្ត

ភ្នំពេញ ៖ ករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នា នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវកម្លាំងនគរបាលតាមស្រាវជ្រាវ និងបង្ក្រាបបាន នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ នៅម្ដុំរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងឃាត់ខ្លួនបានជនដៃដល់ ២នាក់ ខណៈជនរងគ្រោះត្រូវក្រុមជនសង្ស័យសម្លាប់ក្នុងរថយន្ដ។

លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីចាប់ជំរិតជនជាតិចិន នៅស្រុកអង្គស្នូល កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន សហការជាមួយនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តកណ្ដាល តាមស្រាវជ្រាវរហូតប្រទះឃើញជនសង្ស័យនៅម្ដុំរង្វង់មូលចោមចៅ។

អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌរូបនេះ បានអះអាងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិចិន ខណៈជនរងគ្រោះដែលជាជន ជាតិចិនដូចគ្នា ត្រូវបានគេសម្លាប់ដាក់ខាងក្រោយគូថឡាន ម៉ាក Lexus LX470 ពាក់ផ្លាកលេខភ្នំពេញ2L-8689 ដែលជាមធ្យោបាយធ្វើសកម្មភាពចេញពីខេត្តកណ្ដាល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំបន្ដ ខណៈមូលហេតុ នៃករណីចាប់ជំរិតមិនទាន់ដឹងច្បាស់នៅឡើយទេ៕

អាមេរិករកឃើញករណីឆ្លងដំបូងនៃវីរុសផ្លូវដង្ហើម

អាមេរិក ៖ អាជ្ញាធរអាមេរិកនៅថ្ងៃអង្គារទី២១ ខែមករានេះបានប្រកាសករណីដំបូងនៃវីរុសថ្មីមួយដែលបានឆក់យកជីវិតមនុស្ស៦នាក់នៅក្នុងប្រទេសចិន និងធ្វើឲ្យមនុស្សរាប់រយនាក់ឈឺ។ នេះបើយោងតាមសារព័ត៌មាន CNA។

យោងតាមមន្រ្តីសហព័ន្ធ និងរដ្ឋបានឲ្យដឹងថា បុរសដែលជាអ្នករស់នៅសហរដ្ឋអាមេរិកមានអាយុ៣០ ឆ្នាំ ដែលរស់នៅក្បែរទីក្រុង Seattle ក្នុងរដ្ឋ Washington បានស្ថិតក្នុងសភាពល្អប្រសើរ ហើយបានទៅរកគ្រូពេទ្យដោយខ្លួនឯងបន្ទាប់ពីបានអានព័ត៌មានអំពីវីរុស SARS ដូចនៅក្នុងរបាយការណ៍ព័ត៌មាន។ ក្រោយការពិនិត្យ មន្ទីរពេទ្យក្នុងតំបន់បានអះអាងថា បុរសរូបនេះពិតជាមានផ្ទុកវីរុសខូរ៉ូណា (Coronavirus) ដែលជាវីរុសផ្លូវដង្ហើមធ្ងន់ធ្ងរមានប្រភពដើមពីចិននោះប្រាកដមែន។

លោក Chris Spitters មន្រ្តីសុខាភិបាលរដ្ឋវ៉ាស៊ីនតោនបាននិយាយថា “ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយសម្រាប់ការត្រួតពិនិត្យរយៈពេលខ្លីមិនមែនដោយសារតែមានជំងឺធ្ងន់ធ្ងរទេ” ។

ដោយឡែកមន្ត្រីមួយរូបនៃមជ្ឈមណ្ឌលគាំពារ និងគ្រប់គ្រងជំងឺឆ្លង (CDC) នៃសហរដ្ឋអាមេរិកលោកស្រី ណាន់ស៊ី មេស្សូនា (Nancy Messonier) ក៏បានលើកឡើងផងដែរថា «នេះគឺជាស្ថានការណ៍ដែលកំពុងតែវិវត្តឡើង ហើយជាថ្មីម្តងទៀតយើងរំពឹងថា នឹងអាចមានអ្នកជំងឺបន្ថែមនៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោក។ ទោះបីជាបែបក្តីហានិភ័យសម្រាប់ពលរដ្ឋអាមេរិកនៅតែស្ថិតក្នុងកម្រិតទាប»។

បើតាមអាជ្ញាធរបានឲ្យដឹងថា បុរសដែលបានឆ្លងវីរុសខាងលើនេះ គឺទើបតែបានត្រឡប់មកពីទីក្រុង វូហាន (Wuhan) ភាគកណ្តាលប្រទេសចិនកាលពីថ្ងៃទី១៥ ខែមករា ជាតំបន់ដែលវីរុស Corona ផ្ទុះឡើងដំបូង និងកំពុងស្ថិតក្នុងស្ថានភាពអាក្រក់។

សូមជម្រាបថា គិតត្រឹមថ្ងៃពុធនេះ មនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមនៅចិនមានចំនួន០៦នាក់ និងជាង៣០០នាក់ទៀតឆ្លង នៅក្នុងទីក្រុង វូហាន, ប៉េកាំង, សៀងហៃ និងខេត្តក្វាងទុង។ ដោយឡែកប្រទេសមួយចំនួន ដែលបានរកឃើញមនុស្សមានផ្ទុកវីរុសនេះដែរ គឺមានដូចជា ថៃ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក៕

 

ព្រឹកនេះតុលាការបន្តសវនាការលើកសំណុំរឿងលោក កឹម សុខា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។

នៅក្នុងសវនាការនេះ មានវត្តមានជនជាប់ចោទ កឹម សុខា, មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោក គី តិច, មេធាវីរបស់ជនជាប់ចោទ រួមទាំងតំណាងទូត អង្គការសង្គមស៊ីវិល សមាគម និងអ្នកសារព័ត៌មានផងដែរ។

នេះជាសវនាការលើកទី២ហើយ ក្រោយសវនាការលើកទី១ ធ្វើឡើងកាលពីថ្ងៃ១៥-១៦ មករា។ សវនាការពេលនោះ ក្រុមប្រឹក្សាអង្គជំនុំជម្រះបានសម្រេច ទទួលយកភស្តុតាងជាវិដេអូ មានរយៈពេលជាងមួយម៉ោង ដែលបង្ហាញពីសកម្មភាព របស់លោក កឹម សុខា ដែលមានការចោទប្រកាន់ពីអំពើក្បត់ជាតិ ៕

 

 

បុគ្គលិកវេជ្ជសាស្ត្រ១៥នាក់នៅក្នុងទីក្រុងវូហានបានឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មី

វូហាន ៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារម្សិលមិញថា បុគ្គលិកវេជ្ជសាស្ត្រចំនួន១៥នាក់នៅក្នុងទីក្រុងវូហាន (Wuhan) ប្រទេសចិនបានឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីរួមជាមួយបុគ្គលិកម្នាក់ទៀតត្រូវបានសង្ស័យថា បានឆ្លងវីរុសនេះ។

អាជ្ញាធរបានឲ្យដឹងថា បុគ្គលិកម្នាក់ក្នុងចំណោម១៥នាក់នោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលអ្នកផ្សេងទៀតស្ថិតក្នុងស្ថានភាពល្អប្រសើរ។ អាជ្ញាធរបញ្ជាក់ថា មកទល់ពេលនេះ មនុស្សជាង២រយនាក់ហើយបានធ្លាក់ខ្លួនឈឺដោយសារឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះនៅក្នុងប្រទេសចិន ខណៈដែលវាបានរីករាលដាលទៅដល់ប្រទេសយ៉ាងហោចចំនួន៣នៅតំបន់អាស៊ី។

ព័ត៌មាននេះត្រូវបានគេរាយការណ៍នៅពេលដែលអាជ្ញាធរចិនបានបញ្ជាក់ថា ចំនួនអ្នកបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមប្រភេទថ្មីបានកើនឡើងដល់៤នាក់ ហើយអ្នកជំនាញរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានថាវីរុសនោះអាចឆ្លងពីមនុស្សទៅមនុស្ស។

អ្នកដែលឆ្លងវីរុសនោះភាគច្រើនស្ថិតនៅក្នុងទីក្រុងវូហាន (Wuhan) បើទោះបីជាវាបានរីករាលដាលទៅដល់ទីក្រុងផ្សេងទៀតនៅក្នុងប្រទេសចិនរួមមានទីក្រុងប៉េកាំង, សៀងហៃ, និងសិនជិន (Shenzhen) ក៏ដោយ៕

 

មេទ័ពកំពូលអ៊ីរ៉ង់ថ្មីប្តេជ្ញាសងសឹកឲ្យលោក Soleimnai ដែលត្រូវអាមេរិកសម្លាប់

អ៊ីរ៉ង់ ៖ មេបញ្ជាការកងអង្គភាពពិសេស Quds Force ថ្មី របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក អ៊ីស្មែល កាអានី (Esmail Qaani) បាននិយាយថា សហរដ្ឋអាមេរិកបានសម្លាប់លោក  Qassem Soleimani តាមបែប «មនុស្សកំសាកញី» ហើយសន្យាថា នឹងសងសឹកឱ្យវិញ្ញាណក្ខន្ធ អតីតមេបញ្ជាការកងអង្គភាពពិសេសមួយនេះ វិញតាមបែប «កូនប្រុស»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera។

លោក អ៊ីស្មែល កាអានី បាននិយាយថា សហរដ្ឋអាមេរិកបានសម្លាប់លោក សូឡៃមេនី ដោយប្រើប្រាស់វិធីរបស់មនុស្សកំសាក ប៉ុន្តែយើងប្តេជ្ញាថា នឹងសងសឹកចំពោះសត្រូវដែលបានសម្លាប់លោក សូឡៃមេនី តាមបែបមនុស្សក្លាហាន។

សូមជម្រាបថា លោក អ៊ីស្មែល កាអានី ដែលនឹងត្រូវឡើងកាន់មុខតំណែងបន្តពីលោក កាស្សេម សូឡៃមេនី ដែលជាអតីតមេបញ្ជាការកងអង្គភាពពិសេស Quds របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់រូបនេះ គឺជាមនុស្សម្នាក់ដែលស្មោះស្ម័គ្រនឹងលោក សូឡៃមេនី ហើយក៏ត្រូវបានគេជឿជាក់ដែរថា រូបលោកនឹងបន្តដើរតាមជំហាននៃអតីតមេបញ្ជាការអ៊ីរ៉ង់លោក សូឡៃមេនី៕

 

 

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលេនក្នុងសិល្បៈចម្លាក់ខ្មែរ

ខេត្តសៀមរាប ៖ ចម្លាក់ទោល «សត្វម្ករ» ដ៏ធំដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជើងភ្នំគូលេន ដែលស្ថិតនៅទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំនួន១៤បំណែកដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០មីលីម៉ែត្រ និងកម្ពស់ទំហំ១០៩០មីលីម៉ែត្រ) ចំនួន០១ រួមទាំងបំណែកដងខ្លួនមានសណ្ឋានជាទរទឹកនិងគម្របទរព្រមទាំងបំណែកវត្ថុសិល្បៈផ្សេងៗទៀត ដែលនៅរាយប៉ាយក្បែរនោះ។ ប្រជាពលរដ្ឋមានជំនឿនិងគោរពបូជាបដិមានេះជាយូរមកហើយរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីនោះ ក៏មានស្លាកស្នាមជាការដ្ឋានយកថ្មភក់ពីបុរាណជាច្រើនកន្លែងនៅក្បែរៗនោះដែរ។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បញ្ជាក់ថាអាជ្ញាធរជាតិអប្សរានឹងបន្តការសិក្សាស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីដឹងច្បាស់ពីប្រវត្តិទីតាំងសម្រាប់ចងក្រងជាឯកសារ ការផ្សព្វផ្សាយ និងអភិរក្សដើម្បីលើកតម្លៃបេតិភណ្ឌជាតិ ព្រមទាំងថែរក្សាជំនឿរបស់ប្រជាពលរដ្ឋក្នុងតំបន់។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរាបានឱ្យដឹងថា៖ ម្ករគឺជាត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រម៉ុប ធ្មេញនិងចង្កូមស្ញាញគួរឱ្យសម្បើម។ ខ្មែរតែងហៅថាត្រីថ្ករឬឆ្លាមម្ករ។ ជាប្រភេទសត្វពេញនិយមតំណាលក្នុងរឿងព្រេងទេវកថារបស់ព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។

ខ្មែរបង្ហាញម្ករនៅតាមចម្លាក់លើជញ្ជាំងប្រាសាទ ហោរជាង ផ្តែរ និងចម្លាក់ទោល។ តាមទេវកថាព្រះឥសូរ ម្ករជាយាន្តជំនិះរបស់ព្រះនាងគង្គា តំណាងឱ្យទឹកបរិសុទ្ធ ជាទឹកមន្ត។ ដូច្នោះហើយបានជាម្ករមានវត្តមានយ៉ាងសំខាន់នៅតាមប្រាសាទនិងចម្លាក់។ ម្ករអាចមានទ្រង់ទ្រាយរូបភាពផ្សេងៗអាស្រ័យតាមរចនាបថសិល្បៈនៃសម័យកាលមួយៗ។ សិល្បករច្នៃប្រឌិតរូបភាពម្ករបន្តិចម្តងៗទៅតាមទេពកោសល្យរបស់ខ្លួន ហើយក៏ឃ្លៀងឃ្លាតពីធម្មជាតិរបស់ខ្លួនទៅ។

គេអាចមើលឃើញម្ករនៅក្នុងចម្លាក់សិល្បៈ នៅលើផ្តែរ បង្តាន់ដៃកាំជណ្ដើរ លើជញ្ចាំង នៅជ្រុងដំបូលនៃប្រាសាទដែលជាទបង្ហូរទឹក។ ម្ករក៏មានតួនាទីជាអ្នកយាមទ្វារដែរ។ ជាពិសេស ម្ករមានបង្ហាញខ្លួននៅកន្លែងបញ្ចេញទឹក មានទម្រង់ជាទរបង្ហូរទឹក ដែលភាសាបច្ចេកទេសហៅថា «សោមសូត្រ» មានទម្រង់ស្រដៀងតោ ឬនាគ ដោយមានប្រម៉ោយដូចដំរី ហើយបើកចំហរមាត់ផង។

ដោយពិនិត្យលើរចនាបថសិល្បៈរបស់ចម្លាក់ អ្នកជំនាញយល់ថា ប្រហែលស្ថិតក្នុងសតវត្សរ៍ទី១១ ដោយយោងតាមចម្លាក់បដិមាស្រដៀងនឹងរចនាបថសិល្បៈនៅប្រាសាទបេងមាលា ដែលរូបម្ករនេះទំនងជាឆ្លាក់និងរៀបចំជាក្បាលនៃទរទឹករបស់ស្ទឹងទឹកមុជ៕

 

រថយន្តធន់ធំ៤គ្រឿងបុកបន្តកន្ទុយគ្នានៅលើផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះ របួស៨នាក់

ខេត្តក្រចេះ ៖ មនុស្សប្រុសស្រី ចំនួន៨នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តធន់ធំ ចំនួន៤គ្រឿង បានបុកបន្តកន្ទុយគ្នា កាលពីម៉ោង១១យប់ថ្ងៃទី១៩ ខែមករា នៅលេីផ្លូវជាតិលេខ៧ ភូមិអូព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ជាមួយនិងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធន់ធំ៤គ្រឿង បុកបន្តកន្ទុយគ្នានេះ បានបណ្តាលឱ្យរថយន្តខ្លះត្រូវក្រឡាប់ផ្ងារជេីង រថយន្តខ្លះត្រូវកៀរគ្នាធ្លាក់ប្រឡាយ និងរថយន្តធន់ធំមួយគ្រឿង ទៀត ត្រូវឆាបឆេះសល់តែគ្រោងឆ្អឹង។

នគរបាលចរាចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ក្រោយ
កើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានដឹកនាំរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលមិនបណ្តាលឱ្យឆេះរាលដាល ដល់រថយន្ត៣គ្រឿងទៀតនោះទេ។

នគរបាលជំនាញបាននិយាយថា មូលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺផ្តេីមចេញពីរថយន្តធន់ធំ ម៉ាកHINOមួយគ្រឿង មានដឹកដំឡូងមី បានបេីកបរក្នុងល្បឿនលឿង លុះមកដល់ចំនុចផ្លូវកោងខ្លាំង រថយន្តបង្កបា នរ៉េចង្កូតពេញផ្លូវ ហើយខ្ទាតទៅប៉ះរថយន្ត ចំនួន២គ្រឿង ដែលកំពុងបេីកបរច្រាសទិសគ្នា និងបានខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត ម៉ាកTOYOTA SINA ដែលកំពុងបេីកបរក្រោយ។ ករណីនេះដែរបានបណ្តាលឱ្យរថយន្តធន់ធំ១គ្រឿងត្រូវភ្លើងឆេះ ហើយមនុស្សប្រុស៨នាក់របួស ក្នុងនោះរបួសធ្ងន់ ៣នាក់។

រថយន្តបង្កទាំងបួនគ្រឿង ត្រូវបាននគរបានជំនាញនាំមករក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ។ ហេីយករណីនេះត្រូវបាននគរបាលជំនាញចរាចរណ៍កំណត់ថា ដោយសារភូមិសាស្រ្តន៍ផ្លូវតំបន់នោះកោងខ្លាំង ហើយទំនងអ្នកបើកបររថយន្តបើកងោកផងដែរ៕

ប្រកាសលក់ស៊ីក្លូ តម្លៃ១លានដុល្លារដើម្បីយកលុយជួយមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពរញ ៖ ស៊ីក្លូ ដែលគេប្រើក្នុងខ្សែភាពយន្តខ្មែររឿង ដើម្បីកូនត្រូវបានផលិតករភាពយន្តប្រកាសដាក់លក់ដេញថ្លៃដើម្បីយកលុយដែលបានមកពីការលក់ស៊ីក្លូនេះបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ទុកជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើនដែលកំពុងត្រូវការជំនួយសង្គ្រោះពីមន្ទីរពេទ្យនេះ។
លោកហ៊ុយ យ៉ាឡេង ផលិតករភាពយន្តរឿង ដើម្បីកូន ដែលបានប្រកាសដាក់លក់ស៊ីក្លូ ដែលខ្លួនបានប្រើក្នុងការថតភាពយន្តរឿងនេះ បានអោយដឹងថា ក្រោយពេលថតភាពយន្តខ្មែរ រឿងដើម្បីកូន ចប់រួចរាល់លោកចង់កែប្រែនិងយកស៊ីក្លូ ដែលខ្លួនបានប្រើក្នុងការថតភាពយន្តនោះអោយប្រយោជន៍ លោកក៏បានកែច្នៃ និងលាបពណ៌ស៊ីក្លូនោះទៅជាពណ៌មាស និងដាក់តាំងបង្ហាញ និងប្រកាសលក់ដើម្បីយកលុយជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ។
លោកបន្តថា ស៊ីក្លូ ដែលលោកបានប្រកាសលក់នៅពេលនេះ គឺមានតម្លៃ ១លានដុល្លារអាមេរិក ហើយលុយ ១លានដុល្លារអាមេរិកនេះ មិនមែនយកមកទុកប្រើប្រាស់ផ្ទាល់ខ្លួននោះទេ តែលោកនឹងយកលុយនេះ ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីអោយមន្ទីរពេទ្យមានលទ្ធភាពក្នុងការដំណើរការមន្ទីរពេទ្យជួយកុមារកម្ពុជាបន្តទៀត ។ លោកថា រហូតមកដល់ពេលនេះលោកមិនទាន់ដែលបានកាន់លុយ១លានដុល្លារនៅឡើយ ហើយលោកក៏មិនទាន់បានជួយអ្វីដល់សង្គមជាតិធំដុំនៅឡើយ ។ ដូច្នេះលោកជឿជាក់ថា នឹងមានសប្បុរសជនទិញស៊ីក្លូនេះទុកជាអនុស្សាវរីយ៍ និងបរិច្ចាគថវិកា ដើម្បីជួយសង្គមជាពិសេសជួយកុមារដែលជាទំពាំងស្នងឬស្ស៊ី នៃប្រទេសកម្ពុជា ។
លោក យ៉ា ឡេង បានអោយដឹងបន្តទៀតថា បើតាមលោកដឹង មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាច្រើនណាស់ ក្នុងមួយឆ្នាំៗ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា ដែលចូលមកសម្រាក និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ ហើយបើសិនជាមិនមានការជួយជ្រោមជ្រែងពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសនោះទេ មន្ទីរពេទ្យនេះក៏នឹងមិនមានដំណើរការទៀតដែរ ។
លោកបានបញ្ជាក់ថា ស៊ីក្លូដែលលោកប្រកាសលក់នៅពេលនេះមានអាយុកាលជាង៨០ឆ្នាំមកហើយ ដែលធ្វើឡើងដោយជនជាតិបារាំងមួយរូប ហើយអ្វីលោកធ្វើពេលនេះ លោកក៏ដឹងថានឹងមានការរិះគន់ពីប្រជាពលរដ្ឋខ្មែរ តែយ៉ាងណាក៏លោកនៅតែជំនះធ្វើវា ព្រោះអ្វីដែលលោកធ្វើគឺដើម្បីពលរដ្ឋកម្ពុជា ដើម្បីកុមារកម្ពុជា ៕

វីរុសផ្លូវដង្ហើមថ្មីសម្លាប់មនុស្សកើនដល់៤នាក់ និង២១៨នាក់ផ្សេងទៀតឆ្លងវីរុសនេះ

ប៉េកាំង ៖ អ្នកជំនាញរដ្ឋាភិបាលបាននិយាយថា វីរុសផ្លូវដង្ហើមថ្មីដែលកំពុងបង្កឲ្យប្រទេសចិន និងពិភពលោកព្រួយបារម្ភជាខ្លាំងនាប៉ុន្មានសប្តាហ៍មកនេះ អាចឆ្លងពីមនុស្សទៅមនុស្ស ខណៈដែលអង្គការសុខភាពពិភពលោកប្រកាសរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រាអាសន្នសំខាន់នៅសប្តាហ៍នេះដើម្បីពិភាក្សាពីការឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា មនុស្សម្នាក់ទៀតហើយបានស្លាប់នៅថ្ងៃអង្គារនេះ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់នៅក្នុងទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិនកើនឡើងដល់០៤នាក់។ វីរុសខូរ៉ូណា (Coronavirus) ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិនអះអាងថា មិនសូវខុសពីជំងឺ SARS នោះឡើយ ព្រោះពេលមនុស្សណាម្នាក់ឆ្លងជំងឺនេះ ប្រព័ន្ធផ្លូវដង្ហើមរបស់ពួកគេនឹងចុះទន់ខ្សោយខ្លាំងភ្លាមៗ ដោយអ្នកជំងឺនឹងស្លាប់ ប្រសិនបើមិនត្រូវបានសង្គ្រោះមិនបានទាន់ពេល។

ក្រៅពីចំនួនមនុស្សស្លាប់កើនដល់០៤នាក់នោះ អ្នកឆ្លងវីរុសនេះក៏បានកើនឡើងដល់២១៨នាក់ផងដែរ ខណៈប្រទេសផ្សេងៗទៀតក្រៅពីចិន ដូចជា ថៃ ជប៉ុន និងកូរ៉េខាងត្បូង ក៏បានអះអាងជាផ្លូវការអំពីការរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមនេះផងដែរ ដោយពួកគេទាំងនោះសុទ្ធតែមានប្រភពពីប្រទេសចិន។ ដោយឡែកនៅក្នុងប្រទេសចិនវិញ ក្រៅពីទីក្រុង Wuhan ដែលជាកន្លែងផ្ទុះជំងឺនេះដំបូង ទីក្រុងប៉េកាំង សៀងហៃ និងហ្សិនជិន ក៏ត្រូវបានគេរាយការណ៍ថា បានរកឃើញអ្នកឆ្លងជំងឺនេះដែរ ហើយពួកគេសុទ្ធតែធ្លាប់ធ្វើដំណើរទៅទីក្រុងវូហាន។

សូមជម្រាបថា វីរុសផ្លូវដង្ហើមថ្មីនៅប្រទេសចិន ដែលស្រដៀងជំងឺ SARS ដែលបានផ្តាច់ជីវិតមនុស្សជិត ៦៥០នាក់នៅចិនដីគោក និងហុងកុងពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិនអះអាងថា បានផ្ទុះឡើងដំបូងចេញពីទីផ្សារលក់គ្រឿងសមុទ្រ ដ៏ធំមួយនៅក្នុងទីក្រុង Wuhan៕

 

ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង៤ពាន់លើក សម្លាប់មនុស្សជិត២ពាន់នាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបង្ហាញក្នុងពិធីបូកសរុបលទ្ធផលការងារនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះបានបង្ហាញថា ពេញមួយឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតចំនួន៤,១២១លើក សម្លាប់មនុស្ស១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់ ដែលគិតជាមធ្យមភាគក្នុងមួយថ្ងៃមានមនុស្សស្លាប់៥.៤នាក់។

របាយការណ៍ដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងភាគច្រើននៅក្នុងរាជធានីភ្នំពេញ ដែលបណ្តាលឱ្យមនុស្សស្លាប់ ៣៤៨នាក់ តាមពីក្រោយដោយខេត្តព្រះសីហនុ ស្លាប់ ១៤៩នាក់ និងខេត្តកណ្តាលស្លាប់ ១៤៣នាក់ ហើយមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចររួមមាន ការបើកបរលើសល្បឿនកំណត់ ៣៨ភាគរយ, មិនគោរពសិទ្ធិ ២៣ភាគរយ, មិនប្រកាន់ស្តាំ ១៣ភាគរយ, វ៉ាជែង ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយានយន្ត ២ភាគរយ និងងងុយដេក ១ភាគរយ។

របាយការណ៍បានគូសបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ កើនឡើង៨៤៥លើក ស្មើនឹង២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះអ្នកស្លាប់កើន២២០នាក់ ស្មើនឹង១២ភាគរយ ខណៈអ្នករងរបួសកើន១,៣៧១នាក់ ស្នើនឹងប្រមាណ ២៩ភាគរយ។

របាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនេះ ភាគច្រើនជាអ្នកជិះម៉ូតូ ដែលមានចំនួន ១,៥៤២នាក់ នៃចំនួនអ្នកស្លាប់សរុប ១,៩៨១នាក់ ស្មើនឹង ៧៨ភាគរយ។ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ១,១៨៦នាក់ ស្មើនឹង ៧៧ភាគរយ។ បញ្ហាប្រឈមចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ គឺជនរងគ្រោះជាអ្នកជិះម៉ូតូនៅតែមានចំនួនច្រើនរហូតដល់៧៨ភាគរយ, ជនរងគ្រោះជាកម្មករចំនួន៣៤ភាគរយ កសិករ៣៣ភាគរយ សិស្សចំនួន១០ភាគរយ, វ័យនៃជនរងគ្រោះមានក្រោមអាយុ១៧ឆ្នាំ ចំនួន១១ភាគរយ ពីអាយុ១៨ ដល់៤៥ឆ្នាំមានចំនួន៧០ភាគរយ និងអាយុ៤៦ឆ្នាំឡើង មានចំនួន១៩ភាគរយ។

ដោយឡែកបញ្ហាប្រឈមសម្រាប់គ្រោះថ្នាក់ចរាចរណ៍ទៀតនោះ គឺរចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែចង្អៀត ដោយសារកំណើនយានយន្ត ដែលមាន ៣៦ភាគរយនៅឆ្នាំ២០១៩, តម្រូវការធ្វើចរាចរណ៍ដឹកជញ្ជូនកាន់តែកើនឡើង កន្លែងខ្លះត្រូវរងការខូចខាត ឬខ្វះស្លាកសញ្ញា, កង្វះការគ្រប់គ្រងទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងចំណីផ្លូវ បណ្តាលឱ្យផ្លូវសម្រាប់ធ្វើចរាចរណ៍កាន់តែចង្អៀត, ស្មារតីនៃការគោរពច្បាប់របស់ប្រជាពលរដ្ឋនៅមានកម្រិត នៅតែខ្លាចនគរបាលជាងខ្លាចច្បាប់, សមត្ថភាពមន្ត្រីអនុវត្តច្បាប់នៅមានកម្រិត និងគុណភាពការងារមិនទាន់ឆ្លើយតបតាមសំណូមពរដោយខ្វះមធ្យោបាយឧបករណួសម្ភារៈប្រតិបត្តិការ៕

 

 

ក្រសួងធនធានទឹកបញ្ជាក់ពីអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់​ថ្ងៃ២៧មករា

ភ្នំពេញ ៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូនដំណឹងថា ឥទ្ធិពល​ជ្រលងសម្ពាធខ្ពស់ និង​ខ្យល់​មូសុងឦសាន​ខ្សោយ គ្របដណ្តប់​លើ​កម្ពុជា។ ស្ថានភាព​បែបនេះ ធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែមករា៖

១. តំបន់​ជួរភ្នំ​ដងរែក និង​ខ្ពង់រាបឦសាន ៖

-សីតុណ្ហភាព​អប្បបរមា មានពី ១៩-២២អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ២៩-៣១អង្សារសេ

២. តំបន់​វាលទំនាប​កណ្តាល ៖

-សីតុណ្ហភាព​អប្បបរមា មានពី ១៩-២២អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣២-៣៤អង្សារសេ

៣. តំបន់​មាត់សមុទ្រ ៖

-សីតុណ្ហភាព​អប្បបរមា មានពី ២២-២៤អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣១-៣៣អង្សារសេ។

ទន្ទឹមនោះ នៅបណ្តាខេត្តមាត់សមុទ្រ​អាច​មានភ្លៀង​ក្នុងកម្រិតតិចតួច៕

 

 

រថយន្តធន់ធំ៤គ្រឿងបុកបន្តកន្ទុយគ្នានៅលើផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះ របួស៨នាក់

ខេត្តក្រចេះ ៖ មនុស្សប្រុសស្រី ចំនួន៨នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តធន់ធំ ចំនួន៤គ្រឿង បានបុកបន្តកន្ទុយគ្នា កាលពីម៉ោង១១យប់ថ្ងៃទី១៩ ខែមករា នៅលេីផ្លូវជាតិលេខ៧ ភូមិអូព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ជាមួយនិងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធន់ធំ៤គ្រឿង បុកបន្តកន្ទុយគ្នានេះបានបណ្តាល ឱ្យរថយន្តខ្លះត្រូវក្រឡាប់ផ្ងារជេីង រថយន្តខ្លះត្រូវកៀរគ្នាធ្លាក់ប្រឡាយ និងរថយន្តធន់ធំមួយគ្រឿង ទៀត ត្រូវឆាបឆេះសល់តែគ្រោងឆ្អឹង។

នគរបាលចរាចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានដឹកនាំរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលមិនបណ្តាលឱ្យឆេះរាលដាល ដល់រថយន្ត៣គ្រឿងទៀតនោះទេ។

នគរបាលជំនាញបាននិយាយថា មូលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺផ្តេីមចេញពីរថយន្តធន់ធំ ម៉ាកHINOមួយគ្រឿង មានដឹកដំឡូងមី បានបេីកបរក្នុងល្បឿនលឿង លុះមកដល់ចំនុចផ្លូវកោងខ្លាំង រថយន្តបង្កបា នរ៉េចង្កូតពេញផ្លូវ ហើយខ្ទាតទៅប៉ះរថយន្ត ចំនួន២គ្រឿង ដែលកំពុងបេីកបរច្រាស ទិសគ្នា និងបានខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត ម៉ាកTOYOTA SINA ដែលកំពុងបេីកបរក្រោយ។ ករណីនេះដែរបានបណ្តាលឱ្យរថយន្តធន់ធំ១គ្រឿងត្រូវភ្លើងឆេះ ហើយមនុស្សប្រុស៨នាក់របួស ក្នុងនោះរបួសធ្ងន់ ៣នាក់។

រថយន្តបង្កទាំងបួនគ្រឿងត្រូវបាននគរជំនាញនាំមករក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ។ ហេីយករណីនេះត្រូវបាននគរបាលជំនាញចរាចរណ៍កំណត់ថា ដោយសារភូមិសាស្រ្តន៍ផ្លូវតំបន់នោះកោងខ្លាំង ហើយទំនងអ្នកបើកបររថយន្តបើកងោកផងដែរ៕