All posts by មេគង្គ ប៉ុស្តិ៍

ស៊ីហ្គេម ៖ កម្ពុជាត្រូវប៉ះវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ភ្នំពេញ ៖ ក្រោយត្រឹមស្មើ U22 ថៃ នៅជុំចុងក្រោយ U22 វៀតណាមបាន​បន្ត​ឈរលេខ១​ក្នុងពូលB មាន១៣ពិន្ទុ ត្រូវទៅប៉ះ​ក្រុមលេខ២ពូលA គឺ U22កម្ពុជា នៅវគ្គបន្ទាប់។ ចំណែកU22 ឥណ្ឌូណេស៊ី លេខ២ មាន១២ពិន្ទុ ក្រោយឈ្នះ U22 ឡាវ ៤-០ ត្រូវឡើងទៅប៉ះក្រុមលេខ១ពូល A គឺ U22 មីយ៉ាន់ម៉ា។ ចំណែក U22 ថៃ លេខ៣ មាន១០ពិន្ទុ។

សូមជម្រាបថា ការ​ប្រកួត​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើង​នៅថ្ងៃទី៧ ខែធ្នូខាងមុខនេះ៕

 

ថវិកា​សម្រាប់គម្រោងអភិវឌ្ឍ និង​ធ្វើ​ទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតឡើងដល់ជាង១០០លាន​ដុល្លារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្រ្តី​ នៃព្រះរាជាណាចក្របាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេស​បុក​ផ្ទាល់​ខ្លួន​ថា «សូម​ជម្រាប​ជូន​បង​ប្អូន​ជនរួមជាតិជាទីគោរពស្រឡាញ់ថា​ ចំណូល​ដែល​សប្បុរស​ជន​ចូលរួមដើម្បី​ធ្វើ​ទំនើប​កម្ម​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​រហូតព្រឹក​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នេះមានចំនួន៧០ ១៩១ ៩៩៤​ដុល្លារ​ និង​ប្រាក់រៀល​ចំនួន ៣២ ១១០០០០រៀល»។

សម្ដេច​បាន​បន្ត​ថា «បើ​គិត​ទាំង​ថវិកា ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផង​ចំនួន​ទឹក​ប្រាក់​ឡើង​ដល់​ជាង ១០០លាន​ដុល្លារ​ដែល​ធ្វើ​ឱ្យ​យើង​មាន​លទ្ធភាព រៀប​ចំ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ឱ្យ​ក្លាយទៅ​ជា​មជ្ឈម ណ្ឌល​ពហុបច្ចេកទេស​សម្រាប់​ការ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​យើង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព»។

សូមជម្រាបថា នាពេលថ្មីៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ជួយចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស៕

​ទំនិញក្លែងក្លាយ​ចំនួន១២មុខ សរុប​ជាង១០០តោនត្រូវបានដុតបំផ្លាញចោល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ធ្វើការដុត​បំផ្លាញ​ទំនិញក្លែងក្លាយ​ចំនួន ១២មុខ សរុប​ជាង ១០០តោន នៅ​ភូមិច្រេស សង្កាត់​គោកឃ្លាង ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​របស់​លោក តេង សាវង្ស រដ្ឋ​លេខាធិការក្រសួងមហាផ្ទៃ។

ទំ​និញ​ក្លែងក្លាយ​ទាំងនោះ​រួមមាន ៖ សំបក​កញ្ចប់​បារី​គ្រប់​ប្រភេទ, សំបក​សុង​បារីចម្រុះ, បារីចម្រុះម៉ាក, សសៃថ្នាំជក់, ឧបករណ៍​សម្ភារៈ​បម្រើឱ្យ​ការ​ផលិត​បារី, ផលិតផល​គ្រឿងសំអាង​គ្រប់​ប្រភេទ, ឧបករណ៍​សម្ភារៈ​បម្រើ​ឱ្យ​ការ​ផលិត​គ្រឿង​សំអាង, ផលិតផលធូប និងធូប​មូស។

លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានសូមសំណូមពរដល់អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត និងសំណូមពរប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងផលិតផលផ្សេងៗ ដែលខុសច្បាប់ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក តេង សាវង្ស បានគូសបញ្ជាក់ថា គោលដៅដែលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការបង្ក្រាបនេះ គឺជាទីតាំងលួចលាក់ផលិត ដែលមិនមានអាជ្ញាប័ណ្ណ ឬទិដ្ឋាការពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងពីក្រសួងសុខាភិបាលនោះទេ ហើយផលិតផលដែលលួច លាក់ផលិតនោះគឺ ៖ ជាផលិតផលដែលពុំមានការត្រួតពិនិត្យត្រឹមត្រូវ និងបានក្លែងបន្លំម៉ាក សញ្ញារបស់ក្រុមហ៊ុន ដែលមានសិទ្ធិស្របច្បាប់ទៀតផង៕

 

 

អភិបាលខេត្តកណ្តាល ៖ សុវត្ថិភាពចរាចរណ៍ជាបញ្ហាសុខភាពសាធារណៈ ដែលទាមទារឲ្យមានការដោះស្រាយបន្ទាន់

ខេត្តកណ្តាល ៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល ខេត្តកណ្តាល និងជាប្រធាន អនុគណៈកម្មការ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ខេត្តកណ្តាលបានលើកឡើងថា សុវត្ថិភាពចរាចរណ៍ ជាបញ្ហាសុភាពសាធារណៈ ដែលជាអាទិភាពចំបង ទាមទារឲ្យមានការដោះស្រាយ ជាបន្ទាន់។ ការលើកឡើងរបស់អភិបាលខេត្តបែបនេះធ្វើឡើងក្នុងទិវា អន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ លើកទី១៤ ដែលប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដោយមានប្រជាពលរដ្ឋ អាជ្ញាធរឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងសិស្សានុសិស្សចូលរួមជាង ៥០០នាក់។

ថ្លែងក្នុងពិធីនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា គោលបំណង នៃការប្រារព្ធ ទិវានេះឡើងគឺមិនគ្រាន់តែ ចូលរួមរំលឹក ដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពញ្ញាក់ ស្មារតីប្រជាជនឲ្យយល់ដឹង អំពីហានិភយ័ នៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាល មកពីបើកបរធ្វេសប្រហែស មិនគោរព ច្បាប់ចរាចរណ៍ដូចជាការបើកបរ ហួសល្បឿនកំណត់ មិនគោរពសិទ្ធអាទិភាព ការបត់ ឬជែងទាំងប្រថុយប្រថាន ការបើកបរ ក្រោមឥទ្ធិពលស្រវឹង ការដឹកលើសទម្ងន់កំណត់ ការមិនពាក់មួកសុវត្តិភាព ឬការមិនពាក់ ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។

លោកបានបន្តថា ក្នុងទិវានេះវាបានជួយជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួម ពីគ្រប់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកំរឹតទាបតាម បំណងរបស់រាជរដ្ឋាភិបាល និងអង្គការ សហប្រជាជាតិ ដែលកំណត់យកថ្ងៃអាទិត្យ សប្តាហ៍ទី៣ នៃខែវិច្ឆិកាជារៀងរាល់ឆ្នាំ។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល និងជាប្រធាន លេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ខេត្តកណ្តាល បានអោយដឹងថា ក្នុងរយះពេល ៩ខែ ឆ្នាំ២០១៩គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅទឹកដី ខេត្តកណ្តាល មានចំនួន ១៦៩លើក ថយចុះ ៧លើក ស្មើនិង ៤% ក្នុងនោះ កំរឹតស្រាល ចំនួន ៥៨លើក បណ្តាលអោយ មនុស្សចំនួន ១១៩នាក់ ថយចុះចំនួន៤នាក់ ស្មើនិង៣% ក្នុងនោះស្រីចំនួន ១៥នាក់។
សូមជម្រាបថា ក្នុងទិវានេះ ក៍មានរៀបចំ និមន្តព្រសង្ឃ បង្សុកូល ឧទ្ទិសដល់ជនរងគ្រោះ ដែលបាន បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ និងមានចែកមួក សុវត្ថិភាព ផងដែរ៕

មនុស្ស​៥៨​នាក់​ស្លាប់ ករណីលិចទូកដឹក​ជនអន្តោប្រវេសន៍​នៅ​សមុទ្រ​​ម៉ូ​រីតា​នី

​អាហ្វ្រិក ៖ អង្គការ​អន្តរជាតិ​សម្រាប់​ជនភៀសខ្លួន (IOM) ដែលជា​ទីភ្នាក់ងារ​មួយ​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​យ៉ាងហោចណាស់​មនុស្ស ៥៨ នាក់​បាន​ស្លាប់​បន្ទាប់ពី​ទូក​ដឹក​ជនអន្តោប្រវេសន៍​រាប់សិប​នាក់​បាន​ក្រឡាប់​លិច​នៅឯ​ឈូង​សមុទ្រ​ម៉ូ​រីតា​នី​នៃ​ប្រទេស​អាហ្វ្រិក​ខាង នៃ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN។​

​អាជ្ញាធរ​ម៉ូ​រីតា​នី បាន​និយាយថា ​មនុស្ស៥៨​នាក់​បាន​ស្លាប់ ក្រោយ​ទូក​ដឹក​ជនអន្តោប្រវេសន៍​មួយគ្រឿង បាន​លិច​នៅឯ​ឈូង​សមុទ្រ​នៃ​ប្រទេស​អា​ហ្រិ្វ​កមួយ​នេះ នៅ​ថ្ងៃ​ពុធ​នេះ​បន្ទាប់ពី​ទូក​មួយគ្រឿង​ដឹក​ជនអន្តោប្រវេសន៍​១៥០​នាក់ ចេញដំណើរ​ពី ប្រទេស​ហ្គាំ​ប៊ី កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្ពោះទៅកាន់​អ៊ី​រ៉ុ​ប​។​ ​ទោះបីយ៉ាងណា IOM មិនបាន​លម្អិត​ពី​ចំនួន​អ្នក​បាត់​ខ្លួន ឬ​អ្នក​ដែល​ត្រូវបាន​ជួយសង្គ្រោះ​នោះទេ​។

ផ្លូវសមុទ្រដ៏គ្រោះថ្នាក់ពីទ្វីបអាហ្រ្វិកខាងលិច ទៅកាន់អឺរ៉ុប គឺជាផ្លូវធ្វើដំណើរមួយដ៏សំខាន់សម្រាប់ ជនអន្តោប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើ និងកសាងជីវិត នៅលើទឹកដីអឺរ៉ុប បើទោះជាពួកគេដឹងថាត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ៕

 

រលំអគារ និងផ្ទុះបំពង់ឧស្ម័ននៅភាគខាងត្បូងប៉ូឡូញឆក់យកជីវិតមនុស្ស៨នាក់

ប៉ូឡូញ ៖ អាជ្ញាធរបាននិយាយថា យ៉ាងហចោណាស់មនុស្សចំនួន៨នាក់ ក្នុងនោះមានកុមារ៤នាក់បានបាត់បង់ជីវិត នៅពេលអគារកម្ពស់៣ជាន់មួយខ្នងបានដួលរំលំ នៅក្រុង Szczyrk ភាគខាងត្បូង ប្រទេសប៉ូឡូញ។

បើតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរបានឲ្យដឹងថា ហេតុការណ៍ស្រុតអគារខាងលើបានកើតឡើងកាលពីយប់ថ្ងៃពុធ បន្ទាប់ពីមាន ការផ្ទុះបំពង់ឧស្ម័ននៅទីនោះ ខណៈអគារបានរលំអំឡុងម៉ោង០៦ និង៣០នាទីយប់ថ្ងៃពុធ។ សាកសពជនរងគ្រោះ២នាក់ចុងក្រោយ ក្នុងចំណោម៨នាក់ ទើបត្រូវបានរកឃើញនៅរសៀលថ្ងៃព្រហស្បតិ៍ ក្រោយប្រតិបត្តិការជួយសង្រ្គោះដែលបានប្រព្រឹត្តយ៉ាងសស្រាក់សស្រាំ ក្រោមការចូលរួមពីក្រុមភ្នាក់ងារពន្លត់អគ្គីភ័យជាង១០០នាក់។

អាជ្ញាធរប៉ូឡូញបាននិយាយថា ពុំមានជនរងគ្រោះណាផ្សេងៗ ក្រៅពីជនរងគ្រោះទាំង០៨នាក់ខាងលើឡើយ ដូច្នេះប្រតិបត្តិការ រុករកនិងជួយសង្រ្គោះមិនបន្តទៀតទេ។ បន្ទាប់ពីមានហេតុការណ៍នេះ ការផ្គត់ផ្គង់ឧស្ម័នទៅកាន់តំបន់កើតហេតុ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។

ការិយាល័យរដ្ឋអាជ្ញាប៉ូឡូញ បានបើកការស៊ើបអង្កេតជុំវិញករណីសោកនាដកម្មនេះ ខណៈសាកសពនឹងត្រូវឆ្លងកាត់ ការធ្វើកោសល្យវិច្ច័យ៕

 

កម្ពុជា​ឈ្នះមេដាយមាសមួយគ្រឿងទៀតហើយ​​​នៅ​ស៊ី​ហ្គេមលើវិញ្ញាសាប៉េតង់​នារី​​

ម៉ានីល ៖ អបអរសាទរ​! ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា ឈ្នះ​មេដាយមាស ១​គ្រឿង​នៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​ក្រោយ​ឈ្នះ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ១៣-៤​ពិន្ទុ​។​

​ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា ដណ្តើមបាន​មេដាយមាស ១​គ្រឿង ក្នុង​វិញ្ញាសា ៣​នាក់​ទល់នឹង​៣​នាក់ រួមមាន ស្រ៊ាង សុរ៉ា​ឃីម​, ដួង ឌី​ណា និង​កីឡាការិនី អ៊ុន ស្រី​យ៉ា។

​គួរបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​មេដាយមាស លើក​ទី​២ របស់​កម្ពុជា​ដែល​ដណ្តើមបាន​នៅ SEA Games លើក​ទី​៣០ ឆ្នាំ​២០១៩ ដែលមាន​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ បន្ទាប់ពី​កីឡា​គុន​ល្បុក្កតោ ដណ្តើមបាន​មេដាយមាស ១​គ្រឿង​ដែរ​កាលពីដើម​សប្តាហ៍ ដោយ​ពេលនេះ​កម្ពុជា ឈ្នះ​មេដាយ​សរុប​កើន​ដល់ ២២​គ្រឿង​ហើយ​រួមមាន មាស​២ ប្រាក់​៣ និង​សំរិទ្ធ​១៧​គ្រឿង​៕

 

មនុស្ស៣នាក់ស្លាប់ និងម្នាក់របួស ករណីបាញ់ប្រហារនៅមូលដ្ឋានទ័ពអាមេរិក Pearl Harbor លើកោះហាវ៉ៃ

អាមេរិក ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និងម្នាកទៀតរងរបួស បន្ទាប់ពីហេតុការណ៍បាញ់ប្រហារមួយលើនៅមូលដ្ឋានទ័ពជើងទឹកអាមេរិក ភាលហាប៊ឺ (Pearl Harbor) នៃកោះហាវ៉ៃនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈខ្មាន់កាំភ្លើងបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង។ នេះបើតាម សារព័ត៌មាន CNA។

រហូតទល់នឹងពេលនេះនៅតែមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់ថា តើការបាញ់បោះនោះមានគោលបំណងអ្វីឱ្យប្រាកដនោះទេ រីឯអត្តសញ្ញាណខ្មាន់កាំភ្លើង ក៏មិនទាន់ត្រូវបានបញ្ជាក់នៅឡើយដែរ ប៉ុន្តែមន្ត្រីអាមេរិកដែលទទួលបន្ទុកលើបញ្ហានេះ បានចូលរួមសម្តែងមរណទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។

បើតាមសាក្សីមិនបញ្ជាក់បញ្ចេញឈ្មោះម្នាក់បានអះអាងថា បុរសជាខ្មាន់កាំភ្លើង ស្លៀកឯកសណ្ឋានជានាវិកនៃកងនាវាអាមេរិក បានបាញ់ត្រង់ក្បាលសម្លាប់ខ្លួនឯង ក្រោយពីបានបាញ់ប្រហារមនុស្សបីនាក់ខាងលើ។ ជនរងគ្រោះទាំងបីនាក់ខាងលើនេះ គឺសុទ្ធតែជាមន្ត្រីស៊ីវិល ដែលបម្រើការងារឲ្យក្រសួងការពារជាតិអាមេរិក៕

កម្ពុជា-អាមេរិក រំពឹង​ទំនាក់ទំនងលើ​វិស័យ​ការងារ និង​ពាណិជ្ជកម្ម​កាន់​តែ​ល្អ​ប្រ​សើរឡើង

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជា​មួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ការរំពឹងទុកថា កិច្ច​សហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា-អាមេរិក នឹង​កាន់​តែ​មាន​វឌ្ឍនភាព​បន្តទៅទៀត ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ។ ជំនួបពិភាក្សា​នេះ​ធ្វើឡើង​កាល​ពី​ថ្ងៃទី ៤ ខែធ្នូ នៅទីស្ដីការក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

លោក អ៊ិត សំហេង មានសុទិដ្ឋិនិយមថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម W. Patrick Murphy កម្ពុជា-អាមេរិក នៅ​តែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជា​មួយ​គ្នា​កាន់តែជិតស្និទ្ធថែមទៀត។

ជាមួយ​គ្នា​នោះ លោក អ៊ិត សំហេង បាន​រៀប​រាប់ពី​វឌ្ឍនភាព​លើវិស័យ​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ក្រោម​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក៏ដូចជាអង្គការដៃគូនានារបស់សហរដ្ឋអាមេរិកផងដែរ ខណៈ​ដែល​ពេល​ថ្មីៗនេះ គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា បាន​សម្រេច​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣ឆ្នាំទៀត (២០២០-២០២២)។

លោករដ្ឋមន្ត្រីបានបន្ដថា កម្ពុជាទទួលស្គាល់ធាតុចូលសំខាន់នានា ដែល​សហរដ្ឋអាមេរិក​បាន​ចូល​រួម​ផ្ដល់​ឱ្យកម្ពុជាក្នុងការរៀបចំច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្ត ក៏​ដូច​ជា​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន ក្នុងនោះច្បាប់ស្ដីពីការងារក៏ជាសមិទ្ធផលមួយ ដែល​សហរដ្ឋ​អាមេរិក​បាន​ចូល​រួម​ជួយ​ដល់កម្ពុជា។

លោក អ៊ិត សំហេង និង​លោក W. Patrick Murphy បានបង្ហាញគោលបំណងរួមគ្នាថា នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏​ដូច​ជា​វិស័យ​ពាណិជ្ជ​កម្មរវាង​កម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែជិតស្និទ្ធ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន និង​ប្រធានាធិបតីសហរដ្ឋអេមរិក លោក ដូណាល់ ត្រាំ ក៏​បាន​ផ្ញើសារ​ទំនាក់ទំនង​ការ​ទូត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ប្រកបដោយភាពជិតស្និទ្ធផងដែរ៕

 

 

ជប៉ុន ប្ដេជ្ញា​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខា លើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ សរុបចំនួន ២ ៤០៥ ០០០ ០០០ យ៉េន (ជាង២២លានដុល្លារ) សម្រាប់អនុវត្តគម្រោង «ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់ ទឹកស្អាត នៅខេត្តពោធិ៍សាត់»។ ពិធីចុះហត្ថលេខានេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី៤ ខែធ្នូ នៅ​ទីស្ដី​ការក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុង​ការ​រួម​ចំណែក​ធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែល​បាន​ចូល​រួម​ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារសម្រាប់ “គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​ពោធិ៍សាត់” ដែលជាហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។

លោកបន្តថា តាមរយៈហិរញ្ញប្បទានឥតសំណងប្រមាណ ២២លានដុល្លារអាមេរិក (២៤០៥​លាន​យ៉េន) ដែលបានចុះហត្ថលេខានេះ ជប៉ុននឹងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និង​រៀប​ចំ​ប្រព័ន្ធ​ចែក​ចាយទឹកជាដើម ក្នុងក្រុងពោធិ៍សាត់។

ឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន ​និង​កម្ពុជា​បាន​នឹង​កំពុង​ពង្រីក​ដល់វិស័យជាច្រើន ហើយ​ទាំង​អស់​ក៏​ទទួល​បាន​លទ្ធផលដ៏ធំធេង ដូច្នេះ​ហើយ​លោក​គិត​ថា កិច្ចសហប្រតិបត្តិការទាំងនេះ បាន​ចូល​រួម​ចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា ទោះបីជាតិចតួចក្តី។

ក្នុង​នោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត គឺ​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​រយៈ​ពេល​ដ៏​វែង​និង​ទំហំដ៏ធំនៃសមិទ្ធផលដែលសម្រេចបាន។ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​ជំនាញ​ការ​បច្ចេកទេស​ជប៉ុន និងកម្ពុជា យើងអាចសម្រេចបាននូវសមទ្ធផលដែលត្រូវបានហៅថា “ភ្នំពេញ​អច្ឆរិយៈ” នៅរាជធានីភ្នំពេញ។ ប៉ុន្តែអត្រាផ្គត់ផ្គង់ទឹកស្អាត និងគុណភាពទឹកនៅតំបន់ជាច្រើននៅក្នុងខេត្តក្រុងផ្សេងទៀតមានស្ថានភាពខ្វះខាតច្រើន។ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​កំណត់​គោល​ដៅ​នៃ​អត្រា​ផ្គត់ផ្គង់​ទឹក​ស្អាត​ឲ្យ​បាន​១០០ភាគរយ​នៅ​គ្រប់​តំបន់​ទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៥ ។

តាមរយៈគម្រោងនេះ លោករំពឹងថាអត្រាផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់នឹងមានការកើនឡើង ហើយ​អត្រាផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងផ្សេងទៀតនឹងមានការអភិវឌ្ឍកាន់តែខ្លាំង។ ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​កម្ពុជា​មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក៏ដោយ លោក​គិត​ថា​មិន​ត្រឹម​តែ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជា​ជន ដូចជាប្រព័ន្ធទឹកកខ្វក់បញ្ហាសំរាម និងការកកស្ទះចរាចរណ៍ជាដើម។ ប្រទេស​ជប៉ុន​សង្ឃឹម​ថា​នឹង​អាច​ជួយដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ប្រើប្រាស់​នូវ​គម្រោង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផ្សេងៗ៕

 

 

រដ្ឋមន្ត្រីការងារដាក់កំហិត​ឱ្យ​គិលានដ្ឋាន​តាម​សហគ្រាស​ត្រូវ​មាន​បរិក្ខារ​ និង​ឱសថគ្រប់គ្រាន់

ភ្នំពេញ ៖ គ្រប់គិលានដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន ត្រូវធានាថាដំណើរការបានល្អ មានសម្ភារបរិក្ខារ ឱសថ​ប្រើប្រាស់គ្រប់គ្រាន់ និងមានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់តាមការកំណត់ និង​ប្រកប​ដោយ​វិជ្ជាជីវៈ។

នេះជាសារអំពាវនាវរបស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅកាន់ម្ចាស់-និយោជកគ្រឹះស្ថាន សហគ្រាសទាំងឡាយនៅកម្ពុជា ក្នុង​ពិធី​បើក​សិក្ខាសាលា​ចែក​រំលែកបទពិសោធន៍ស្តីពី កា​រៀបចំ​គិលានដ្ឋាន សហគ្រាស គ្រឹះស្ថាននៅសណ្ឋាគារភ្នំពេញ កាល​ពី​​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ដើម្បីធានានូវសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមគ្រឹះស្ថាន សហគ្រាស លោក រដ្ឋមន្ត្រី បាន​អំពាវនាវ​ដូចខាងក្រោម៖

ចំពោះនិយោជក៖

១. រៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថានឱ្យបានសមស្រប និងត្រឹមត្រូវតាមវិធាន និង​បទ​ប្បញ្ញតិ្ត​ដែល​បាន​កំណត់ក្នុងច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសប្រកាសរួមលេខ៣៣០ និង ១៣៩។

២. ធានាថាគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន ដំណើរការបានល្អ មានសម្ភារបរិក្ខារ ឱសថ​ប្រើ​ប្រាស់​គ្រប់​គ្រាន់ និង​មានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់តាមការកំណត់។

៣. ត្រូវផ្តល់ និងថែរក្សាកន្លែងធ្វើការឱ្យមានអនាម័យ និងសុវត្ថិភាព។

៤. រៀបចំមធ្យោបាយបង្ការទប់ស្កាត់ ឬវិធាន​ការ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ហានិភ័យ​ទាំង​ឡាយ។

៥. ធានាថាកម្មករនិយោជិតទទួលបាន និងប្រើប្រាស់សម្ភារៈ ឧបករណ៍ការពារពលកម្មបានត្រឹមត្រូវ និង​ណែនាំឱ្យគាត់ថែរក្សាទុកដាក់សម្ភារឧបករណ៍ទាំងនោះឱ្យបានល្អ។

៦. ត្រូវអប់រំ និងពន្យល់ណែនាំដល់កម្មករនិយោជិតឱ្យបានដឹងអំពីវិធាន ឬបទប្បញ្ញត្តិថ្មីៗ ដែល​ចេញ​ដោយ​ស្ថាប័ន​មានសមត្ថកិច្ច ជាពិសេសក្រសួងទទួលបន្ទុកវិស័យការងារ ដែល​ទាក់ទង​នឹង​សុវត្ថិភាព និងសុខភាព ការងាររបស់កម្មករនិយោជិត។

៧. ជូនដំណឹងពីជំងឺ និងគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត ទៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឱ្យ​បាន​ទាន់ពេលវេលា និងធ្វើការបញ្ជូនគាត់ទៅមន្ទីរពេទ្យឱ្យបានឆាប់រហ័សតាមបែបបទ និង​នីតិវិធី​របស់​បេឡាជាតិរបបសន្តិសុខសង្គម។

ចំពោះកម្មករនិយោជិត ៖ ត្រូវចូលរួមអនុវត្ត និងផ្សព្វផ្សាយនូវវិធាន និង​បទប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​សុខ​ភាព និង​សុវត្ថិភាព​ការងារ​ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុង​នាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាល លោក អ៉ិត សំហេង បាន​ស្នើ​ភាគីនិយោជកចូលរួមអនុវត្តគោលការណ៍ណែនាំនេះឱ្យបានកាន់តែល្អប្រសើរថែមទៀត ក្នុង​ការ​រៀប​ចំគិលាន​ដ្ឋាន និងសេវាសុខភាព និងសុវត្ថិភាព ដែល​ជា​សេចក្តី​ត្រូវ​ការ​របស់​កម្មករ​និយោជិត​នៅ​ក្នុង​សហគ្រាស គ្រឹះស្ថានរបស់ខ្លួន៕

 

 

អូស្រ្តាលីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកស្រី អានជីឡា ខូកូរ៉ាន់ ( Angela Corcoran ) ឯកអគ្គរដ្ឋទូត នៃប្រទេស អូស្ត្រាលីប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ បានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជានិងអូស្រា្តលី ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ហើយប្រទេសអូស្រ្តាលីនៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាទៅមុខទៀត។

នៅក្នុងជំនួបនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី អានជីឡា ខូកូរ៉ាន់ បានជម្រាបសម្តេចប្រធានរដ្ឋសភាថាចាប់តាំងពីឆ្នាំ១៩៩៣ មកអូស្រ្តាលីបានចូលរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជាជាច្រើនវិស័យ មានការអប់រំ កសិកម្ម សុខាភិបាលនិងការបោសសំអាតមីន ជាដើម។ កម្ពុជានិងអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការល្អជាមួយក្នុងការប្រយុទ្ធប្រឆំាងអំពើភេវរកម្មនានា ដូចការជូញដូរមនុស្ស និងគ្រឿងញៀនជាដើម។

លោកស្រីឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៤មក មាននិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសអូស្រ្តាលី ចំនួន២៩០០នាក់។ ក្នុងនោះនិស្សិតកម្ពុជាចំនួន៩៩៤នាក់ ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលី។ ទន្ទឹមនោះលោកស្រីបានជម្រាបសម្តេចប្រធានរដ្ឋសភាថា ប្រទេសអូស្រ្តាលី បន្តគាំទ្រនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើគ្រប់វិស័យ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ខាងនេះ អូស្រ្តាលី នឹងខិតខំជំរុញឲ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់តំណាងរាស្រ្តវ័យក្មេងកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលី។

ជាមួយគ្នានោះប្រទេសអូស្រា្តក៏បានត្រៀមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាននៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) របស់សម្តេចប្រធានរដ្ឋសភានិងគណៈ ប្រតិភូសភាកម្ពុជា ក្នុងប្រទេសអូស្រ្តាលី នាដើមខែមករា ឆ្នាំ២០២០ខាងមុខនេះផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិការទូតរបស់ លោកស្រី អានជីឡា ខូកូរ៉ាន់ ដែលបានរួមចំណែកដល់ការបន្តថែរក្សាទំនាក់ទំនង មិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អូស្រ្តាលី ឲ្យមានការ រីកចម្រើនថែមមួយកម្រិតទៀត។ ទន្ទឹមនោះសម្តេចជឿជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ដែលលោកស្រីឯកអគ្គរដ្ឋទូតស្នាក់នៅកម្ពុជា លោកស្រីពិតជាបានឃើញជាក់ស្តែងនូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា រួមទំាងសភាពការពិតនៅកម្ពុជាដែលផ្ទុយពីការបំពងសម្លេងពីខាងក្រៅ ដើម្បីកេងចំណេញប្រយោជន៍នយោបាយបុគ្គលមួយចំនួនតូច។

ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភា មានក្តីសង្ឃឹមថា ទោះបីលោកស្រី អានជីឡា ខូកូរ៉ាន់ បានចប់បេសកកម្មនៅកម្ពុជា តែលោកស្រីនៅតែមនោសញ្ចេតនា និងទំនាក់ទំនងល្អជាមួយប្រជាជាតិកម្ពុជាជានិច្ច៕

 

គ្រូបង្វឹក​កម្ពុជា ដាក់​គោលដៅ​យក​មេដាយមាស​នៅ​ស៊ី​ហ្គេម

បាល់ទាត់ ៖ ក្រោយពេល​ក្រុម U22 កម្ពុជា បាន​បំបាក់ U22 ម៉ាឡេស៊ី ៣-១ ដើម្បី​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើកដំបូង ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន កាលពី​ល្ងាច​មិញ​លោក Felix G.Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ U22 កម្ពុជា បាន​ប្រាប់​កូនក្រុម​ត្រូវ​ត្រៀមខ្លួន​ឲ្យ​កាន់តែ​ល្អ​ថែមទៀត ដើម្បី​ប្រជែង​មេដាយមាស​ជូន​ជាតិ​។​

​លោក Felix បាន​និយាយថា «​ថ្ងៃនេះ​យើង​ពិតជា​ធ្វើបាន​អ​សា្ច​រ្យ ហើយ​ខ្ញុំ​ជឿជាក់​លើ​ពួកយើង​ទាំងអស់គ្នា​តាំងពីដើម ខ្ញុំ​មាន​ទំនុកចិត្ត​លើ​កីឡាករ​ទាំង ២០​នាក់​។ ឥឡូវ​យើង​ធ្វើបាន​មួយ​ដំណាក់កាល​ហើយ ដូច្នេះ​យើង​ត្រូវ​ត្រៀម​វគ្គ​បន្ដ​ក្នុងការ​ឆ្ពោះទៅរក​មេដាយ ហើយ​យើង​អត់​មាន​គិត​រឿង​លេខ​៣ អី​ទេ គឺ​យើង​គិត​រឿង​ពាន យើង​ដាក់​គោលដៅ​ដណ្ដើម​មេដាយមាស​សិន​»​។​

​លោក​ថា «​ឥឡូវ​បេសកកម្ម​របស់​យើង មិនទាន់​ចប់​ទេ យើង​ត្រូវ​ថែរក្សា​រៀងកាយ​របស់​យើង វា​មិន​បញ្ហា​រឿង​លទ្ធផល​ទេ បញ្ហា​គឺ​យើង​ត្រូវការ​រីកចម្រើន​បន្ដទៀត យើង​រីកចម្រើន​ហើយ ការប្រកួត​បន្ទាប់ យើង​កាន់តែ​ល្អ​ជាងនេះទៀត​»៕

 

ប្រវត្តិសាស្ត្រ​ថ្មី ៖ កម្ពុជា​ឡើង​ទៅ​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​ដំបូងព្រឹត្តិការណ៍ស៊ីហ្គេម

ម៉ានីល ៖ ទីបំផុតក្រុមជម្រើសជាតិ U22 កម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន បន្ទាប់ពីលត់ក្រុម U22 ម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ក្នុងជំនួបបញ្ចប់ពូល A នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល។

៣​ ពិន្ទុដ៏សំខាន់នេះ ស៊ុតបាន​ដោយ​កីឡាករ អ៊ិន សូដេវីត សៀង ចន្ធា និងកែវ សុផេង ជួយឲ្យកម្ពុជា​រកបាន ៧ ពិន្ទុស្មើហ្វីលិពីន ​ត្រូវ​ឡើងទៅជាមួយ​មីយ៉ាន់ម៉ា ទៅ​វគ្គ​បន្ត។ ខណៈដែល នៅចុងម៉ោង ហ្វីលីពីន មានគ្រាប់បាល់ស្មើនឹងកម្ពុជាទៅហើយ តែត្រូវបាន ទីម័រ ដាក់១ គ្រាប់នៅម៉ោងបន្ថែម(ចប់ប្រកួត ៦-១) (ហ្វីលីពីន ខាតមួយគ្រាប់)៕

 

ពលរដ្ឋក្រីក្រ១០១គ្រួសារ ព្រមចាកចេញពីភ្នំពេញទៅរស់នៅស្រុកចុងកាល់

ខេត្តឧត្តរមានជ័យ ៖ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានជូនដំណើរសមាជិកសមាគម ចំនួន១០១គ្រួសារ ដែលស្ម័គ្រចិត្តទៅរស់នៅខេត្តឧត្តរមានជ័យ ដោយទទួលបានផ្ទះ និងដីធ្លីត្រឹមត្រូវពិតប្រាកដ ក្រោយពីពួកគាត់បានចាប់ឆ្នោតយកផ្ទះ និងការផ្តល់ដីលំនៅឋានដែលបានកសាងរួចរាល់ចំនួន១០១ខ្នង ពីសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ កាលពីកន្លងទៅនេះ។

ការជូនដំណើរសមាជិកសមាគអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ តាមមធ្យោបាយរថយន្តក្រុងចំនួន៦គ្រឿង ចេញដំណើរពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដែលមានការជួយផ្គត់ផ្គង់ឧបត្ថម្ភថវិកាសម្ភារៈ និងការចំណាយផ្សេងៗ ពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ក្រោមការដឹកនាំដោយអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញលោក ឃួង ស្រេង និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញដែលធ្វើដំណើរទៅរស់នៅខេត្តឧត្តរមានជ័យ ក៏បានលើកឡើងសំដែងចេញនូវទឹកចិត្តរីករាយដែលសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូសុខទុក្ខ និងការរស់នៅរបស់ពួកគាត់។ ពួកគាត់ក៏សូមថ្លែងអំណគុណ និងប្តេជ្ញាតស៊ូទៅរស់នៅទីនោះដើម្បីកសាងជីវភាពថ្មី។

សូមបញ្ជាក់ថា សមាជិកសមាគម១០១គ្រួសារ ពួកគាត់នៅភ្នំពេញ គ្មានផ្ទះ និងទីជម្រកពិតប្រាកដនោះទេ ពួកគាត់រស់នៅបច្ចុប្បន្នក្នុងតំបន់អនាធិបតេយ្យ និងជួលផ្ទះគេរស់នៅបណ្តោះអាសន្ន ក្នុងជីវភាពលំបាក។ ពួកគាត់ក៏បានដាក់ពាក្យស្នើសុំមកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយផ្ទះ និងដីធ្លីមួយចំនួនសម្រាប់បង្កបង្កើនផលផ្គត់ផ្គង់ជីវភាពឱ្យកាន់តែល្អប្រសើរ។ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការឆ្លើយតបទៅនិងគុណបំណាច់របស់ពួកគាត់ដែលលះបង់សព្វបែបយ៉ាង ដើម្បីជាតិនិងមាតុភូមិក៏បានគិតគូ រកដីសម្បទានសង្គមកិច្ច និងបានកសាងផ្ទះជូនដល់ពួកគាត់១០១គ្រួសារ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីដោះស្រាយការលំបាក។ ផ្ទះកសាងអំពីឈើប្រក់ស័ង្កសីទំហំ ៤ម៉ែត្រគុណ ៦ម៉ែត្រ លើដីលំនៅឋាន ៣០ម៉ែត្រ គុណ ៨០ម៉ែត្រ បំពាក់ដោយភ្លើងសូឡា មានស្រះទឹកមួយ ទំហំ១០០ម៉ែត្រគុណ១០០ម៉ែត្រ ជម្រៅ៤ម៉ែត្រ និងអណ្តូងទឹកស្នប់ចំនួន ៣អណ្តូង ដែលមានការជួយឧបត្តម្ភពីសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ៕