All posts by មេគង្គ ប៉ុស្តិ៍

ខណ្ឌព្រែកព្នៅនឹងមាន​រោងចក្រ​ផ្គុំ​ដំឡើង​រថយន្តគ្រប់​ប្រភេទ និង​គ្រឿង​ម៉ាស៊ីន

ភ្នំពេញ ៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន CXD Industry Co., LTD លើ​គម្រោង​បង្កើត​រោងចក្រ​ផ្គុំដំឡើង​រថយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​ម៉ាស៊ីន សម្ភារៈ​បរិក្ខារផ្សេងៗ។

គម្រោង​នេះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបាន​ចំនួន ៧៣០កន្លែង៕

 

ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថបង្ក្រាបបទល្មើសចំនួន២,៣៩៨/២,៥៥០លើក

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅផែនការការងារ ឆ្នាំ២០២០ បានបង្ហាញក្នុងថា ក្នុងឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបបទល្មើសបានចំនួន ២,៣៩៨/២,៥៥០លើក។

របាយការណ៍បញ្ជាក់ថា បទល្មើសចំនួន២,៣៩៨ក្នុងនោះរួមមាន ៖ បង្ក្រាបបទល្មើសជាក់ស្តែង បានចំនួន ២,១៣៥/២,២២២លើក (ម្ចាស់ការ) រួមមាន ឃាតកម្ម១៤លើក, បង្ខាំងមនុស្ស+ជំរិតទារប្រាក់១៣លើក, រំលោភសេពសន្ថវៈ៣៥លើក, លួចមានស្ថានទម្ងន់ទោស ២៨លើក, ហិង្សាមានស្ថានទម្ងន់ទោស៦៧លើក, ជួញដូរមនុស្ស៨លើក, ការជួញដូរចែកចាយគ្រឿងញៀន ៩៦៣លើក, លួច១៤២លើក, ឆក់៣៣លើក, ឆបោក៣៣លើក, ហិង្សាដោយចេតនា២៧លើក, ប្រើប្រាស់ និងរក្សាអាវុធខុសច្បាប់២១លើក, ការប្រើប្រាស់គ្រឿងញៀន១៨៨លើក, ដំណាំកញ្ញា៤លើក, ធ្វើខូចខាតដោយចេតនា១៦លើក, រំលោភលើទំនុកចិត្ត៣០លើកល្បែងស៊ីសង៤៨លើក។ល។

ស្រាវជ្រាវបង្ក្រាប បានចំនួន២៦៣/៣២៨លើក (ម្ចាស់ការ) រួមមាន ឃាតកម្ម៩លើក, បង្ខាំងមនុស្សខុសច្បាប់១លើក, រំលោភសេពសន្ថវៈ២លើក, លួចមានស្ថានទម្ងន់ទោស១៤លើក, ហិង្សាមានស្ថានទម្ងន់ទោស៣៧លើក, លួច៧១លើក, ឆក់៧លើក, ឆបោក៣៧លើក, ហិង្សាដោយចេតនា២៣លើក, រំលោភលើទំនុកចិត្ត៣០លើក, ធ្វើឲ្យខូចខាតដោយ ចេតនា៤លើក, ទទួលផលចោរកម្ម៣លើក និងក្មេងទំនើង១លើក។

សូមជម្រាបថា ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសមានរៀបចំកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅផែនការការងារ ឆ្នាំ២០២០។ កិច្ចនេះស្ថិតក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត នាយការិល័យ មេបញ្ជាការកងអន្តរាគមន៍ និងមេបញ្ជាការវរអន្តរាគមន៍ផងដែរ៕

 

៕

 

ចិនផ្តល់ជំនួយជាង២លានដុល្លារដល់សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលចិនបានសំរេចផ្តល់ជំនួយចំនួន២លាន៥សែនដុល្លារអាមេរិក​ ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ឆ្នាំ២០២០។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះថា ថវិកាជាជំនួយឥតសំណងចំនួន២,៥០០,០០០​ ដុល្លារនៃ​រដ្ឋាភិបាលចិននេះ​ នឹងត្រូវប្រើប្រាស់ដើម្បីអនុវត្តគម្រោង “ជំនួយចិនដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា”​ ហើយគម្រោងនេះគាំទ្រការពង្រាយកម្លំាងប្រតិបតិ្តការរបស់អង្គភាពស៊ីម៉ាក់នៅខេត្តព្រះវិហារ​ ខេត្តឧត្តមានជ័យ​ ខេត្តស្ទឹងត្រែង​ ព្រមទាំងកម្លាំងអន្តរាគមន៍នៅខេត្តសៀមរាប​ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម​ ដែលមានផែនការរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួនជាង១៧គីឡូម៉ែត្រក្រឡា។ លោកបញ្ជាក់ថា គម្រោងនេះត្រូវប្រើប្រាស់កម្លំាងជំនាញជិត៣០០នាក់​ ក្នុងរយៈពេល១ឆ្នាំគឺពីថ្ងៃទី១​ ខែមករា ដល់ថ្ងៃទី៣១​ ខែធ្នូ​២០២០។

គួរបញ្ជាក់ថា គម្រោងជំនួយឥតសំណង​រដ្ឋាភិបាលចិននេះមានរយៈ​ពេល៣ឆ្នាំ​ (២០២០-២០២២)​ ហើយនេះជាឆ្នាំទី១។ សូមរំលឹកថា​ រដ្ឋាភិបាលចិនបានផ្តល់ជំ​នួយទំហំថវិកាដូចគ្នានេះនៅចុងឆ្នាំ២០១៨ ដើមឆ្នាំ២០១៩​ផងដែរ​ ដែលបានអនុវត្តការបោសសំអាតមីន និងសំណល់ជាតិផ្ទុះតាមបណ្តាខេត្តដូចខាងលើផងដែរ៕

 

ចាប់មេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ ដកហូតថ្នាំញៀនប្រមាណ២០គីឡូ

 

ខេត្តព្រះវិហារ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន នៅភូមិសាស្រ្តខេត្តព្រះវិហារត្រូវបានកម្លាំងជំនាញមួយក្រុមចុះស្រាវជ្រាវ និងឃាត់ខ្លួន​ និងដកហូតបានថ្នាំញៀនប្រមាណ២០គីឡូក្រាម ខណៈដែលការឃាត់នេះធ្វើឡើងនៅវេលាម៉ោង១៤ និង២២នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ (ពីថៃមកកម្ពុជា ឆ្លងកាត់តាមច្រកអានសេះ) នៅចំណុច ដំណាក់សេមាន់ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រតិបត្តិការនេះធ្វើឡើងតាមបញ្ជានាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោករវសេនីយ៍ទោ ជា សំអឿន នាយរងការិយាល័យ ក១ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្របសម្រួលដោយពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ។

ជាលទ្ធផល ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន និស្សា ហៅខូច ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ រឹបអូសវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២០ដុំធំ ស្មើទម្ងន់ប្រមាណ២០គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធី៕

 

ជួលរថយន្តជិះពីខេត្តបាត់ដំបងដល់ព្រលានយន្តហោះភ្នំពេញយកខ្សែរឹតកប្លន់ទ្រព្យសម្បត្តិ

 

ភ្នំពេញ ៖ ចោរប្លន់ទៀតហើយ នៅសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ជនសង្ស័យអស់ពីមួយក្រុមភ្ជង់ប្លន់យកម៉ូតូ លេចចេញជនសង្ស័យម្នាក់ផ្សេងទៀត ធ្វើសកម្មភាពយកខ្សែលួសមករឹតកជនរងគ្រោះ ខណៈដែលកំពុងដេកសម្រាកក្នុងរថយន្ត ប្លន់យកទូរស័ព្ទដៃ បានសម្រេចហើយគេចខ្លួនបាត់ បណតាលឲ្យរងរបួសរយះមុតឈាមស្រោចពេញខ្លួន កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ មុំ សាន អាយុ៤៣ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ សម្ភារៈបាត់បង់ ទូរស័ព្ទដៃ ម៉ាកOPPO មួយគ្រឿង ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានអាយុជាង៣០ឆ្នាំ បានជួលរថយន្តរបស់គាត់ ម៉ាក សាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាតដំបង2A-7909 ជិះធ្វើដំណើរចេញពីខេត្តបាត់ដំបង ប្រាប់ថា មកទទួលបងប្អូនចុះពីយន្តហោះ នៅព្រលានពោធិចិនតុង ក្នុងតម្លៃ១ថ្ងៃ៨០ដុល្លា យ៉ាងហោចណាស់៣ថ្ងៃ និយាយគ្នាត្រូវហើយ ធ្វើដំណើរ មកដល់ចំណុចមុខព្រលាននៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ហើយជនសង្ស័យក៏ដើរចូលក្នុងព្រលានបាត់ ទុកឲ្យជនរងគ្រោះឈប់ចតរថយន្តរងចាំ លុះច្រើនម៉ោងបន្ទាប់ មកប្រាប់ថាបងប្អូនមិនទាន់មកដល់ ម្តងថាម៉ោងនេះ ម្តងថាម៉ោងនោះ ជនរងគ្រោះចាំយូរពេក ដេកក្នុងរថយន្ត រួមជាមួយជនសង្ស័យ ស្រាប់តែដល់វេលាម៉ោងខាងលើ ពុទ្ធោ ! មិននឹកស្មានដល់ អ្នកជួលរថយន្ត គឺជាចោរប្លន់ ធ្វើសកម្មភាព យកខ្សែលួសមករឹតក ប្លន់យកទ្រព្យសម្បត្តិ ប្រតាយប្រតប់គ្នាក្នុងរថយន្ត បណ្តាលឲ្យមុតរយះហូរឈាមស្រោចខ្លួន ជនសង្ស័យយកបានតែទូរស័ព្ទដៃមួយគ្រឿង លោតចុះគេចខ្លួនចូលទៅក្នុងបុរីព្រីនថោនបាត់ស្រមោល បន្សល់ទុកតែកាបូបខោអាវមួយជារបស់ជនសង្ស័យ ផ្អើលឆោឡោ សមត្ថកិច្ចចុះទៅសាកសួរ រួចនាំជូនជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប២ ដើម្បីស្រាវជ្រាវស្វែងចាប់ខ្លួនជនដៃដល់៕

ចាប់ខ្លួនបុរសវ័យ២៤ឆ្នាំម្នាក់ខណៈនាំគ្រឿងញៀន២០គ.ក្រ ពីថៃចូលកម្ពុជាតាមច្រកអានសេះ

ខេត្តព្រះវិហារ : កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ( ក១ ) នៃក្រសួងមហារផ្ទៃ សហការណ៍ជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះបង្ក្រាបអំពើរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់មានចំនួន ២០កញ្ចប់ធំ និងបានចាប់ខ្លួនបុរសម្នាក់នៅចំណុច សេមាន់ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាម៉ោង ២ និង២២នាទី រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។

ប្រតិបត្តិការនេះ បានដឹកនាំបញ្ជាការបង្ក្រាបពីនាយករង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ត្រី អ៊ិន សុង និងនាយរងការិយាល័យ ( ក១ ) លោករវសេនីយ៍ទោ ជា សំអឿន ដោយមានការ សម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ផងដែរ។

មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាកម្លាំងជំនាញមួយក្រុម ចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

លោកថា ជាលទ្ធផល ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន និស្សា ហៅ ខូច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រឹបអូសវត្ថុតាងជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២០ដុំធំ មានទម្ងន់ប្រមាណ ២០គីឡូក្រាម ដែលជនសង្ស័យ បាននាំឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ចំណុចកូបុន តាមច្រកអានសេះ ។

ខណ:នេះ ជនសង្ស័យ រួមជាមួយវត្ថុតាងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ ចាត់ការតាមនីតិវិធី៕ ដោយ : ក.ប៊ុនហេង

ដឹងទីតាំងផ្សារអ៊ីអនម៉លទី៣ហើយ!

ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​ជូនដល់​ក្រុមហ៊ុន AEON MALL (Cambodia) Co.,Ltd លើ​គម្រោង​សាងសង់​ផ្សារទំនើប ពោលគឺជាផ្សារទំនើបអ៊ីអនទី៣។

គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិព្រែកតាឡុង៣ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (តំបន់ផ្លូវ៦០ម៉ែត្រ) មាន​ទុនវិនិយោគ​ប្រមាណ ២៨៩,៦លានដុល្លារ និង​អាចបង្កើតការងារបាន ៤៧​កន្លែង៕

 

ត្រីផ្សោតឃ្លៀចសមុទ្រមួយក្បាលទម្ងន់ជាង២០០គ.ក្រ ងាប់ទើរលើឆ្នេរក្រោមស្ពានកោះពស់

ខេត្តព្រះសីហនុ ៖ អ្នកនេសាទសមុទ្របានប្រទះឃើញ ត្រីផ្សោតឃ្លៀចមួយក្បាលងាប់អណ្តែតទឹក មកទើរលើឆ្នេរខ្សាច់ក្រោមស្ពានកោះពស់ នាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃើញដូច្នេះអ្នកនេសាទរូបនេះក៏រាយការណ៍ទៅមន្ត្រីជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ។

បើតាមមន្ត្រីជំនាញរដ្ឋបាលជលផល បានឲ្យដឹងថា៖ មានត្រីផ្សោតសមុទ្រមួយក្បាល មានទម្ងន់ជាង ២០០គីឡូក្រាម បានស្លាប់អណ្តែតមកទើរ នៅលើឆ្នេរខ្សាច់ ត្រង់ចំណុចម្តុំក្រោមស្ពានកោះពស់ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

មន្ត្រីជលផលខេត្តព្រះសីហនុ បញ្ជាក់ថា ត្រីផ្សោតនោះ ទំនងជាបានងាប់រយៈពេលមួយសប្តាហ៍កន្លងមកហើយ ដោយមានទង្ងន់ ប្រហែលជាង ២០០គីឡូក្រាម, មានប្រវែង ២.៣០ម៉ែត្រ និងទទឹង ០.៤០សង់ទីម៉ែត្រ។

មន្ត្រីជំនាញបន្តថា ត្រីផ្សោតខាងលើនេះ ជាប្រភេទផ្សោតឃ្លៀច(Indo-Pacific humpoback dolphin) ហើយគេធ្លាប់ឃើញមានរស់នៅតំបន់កោះព្រីង ឆ្នេរខែម មុខឆ្នេររាម និងនៅប្រជុំកោះរ៉ុង ហើយវាជាប្រភេទសត្វកម្រ ត្រូវការពារដោយអនុត្រឹក្សលេខ១២៣ អ.ន.ក្រ។

តាមការសន្និដ្ឋាន របស់មន្ត្រីជលផល ត្រីផ្សោតឃ្នៀចមួយក្បាលនេះ ទំនងជាងាប់ដោយសារជាប់មងរបស់ប្រជានេសាទ។ ហើយថា បច្ចុប្បន្ននេះ មន្ត្រីជលផលបានជីកដីកប់ទុកនៅក្បែរឆ្នេរសមុទ្រស្របតាមបច្ចេកទេស។

ទាក់ទិនបញ្ហានេះ ប្រជានេសាទរស់នៅខេត្តព្រះសីហនុ បានឲ្យដឹងដែរថា កន្លងមកត្រីផ្សោតសមុទ្រប្រភេទនេះ ប្រជានេសាទមិនសម្លាប់យកសាច់ធ្វើជាអាហារនោះទេ។ ជាងនេះទៀត ប្រសិនបើពួកវាបានមកជាប់មងហើយនៅរស់ គឺពួកគាត់តែងបានដោះលែងវិញ។ ប៉ុន្តែបើត្រីនោះងាប់វិញ គឺតែងបានដោះចេញពីមងឲ្យអណ្តែតតាមទឹកសមុទ្រ និងបានបួងសួងសុំសេចក្តីសុខសប្បាយជាដើម៕

ចាប់បកស្បង់សង្ឃក្លែងក្លាយ៣អង្គ ដើរចែកសំបុត្របុណ្យរៃអង្គាសប្រាក់ពីពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ សង្ឃក្លែងក្លាយចូលក្រុងប៉ោយប៉ែតដើរបិណ្ឌបាតនៅថ្ងៃសីល និងលើសម៉ោង លើសវេលាឆាន់ថ្ងៃត្រង់ ត្រូវបានពលរដ្ឋសង្ស័យ ប្តឹងសមត្ថកិច្ចនិងព្រះអនុគណក្រុងប៉ោយប៉ែតចាប់បកស្បង់ចេញឲ្យស្លៀកពាក់គ្រហស្ដ កាលរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩ នៅក្នុងវត្ត សិរីមង្គលស្ទឹងបត់ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលបន្លំជាលោកសង្ឃ ១.ឈ្មោះ គឹម ម៉ាត អាយុ៣៣ឆ្នាំ ទី២.ឈ្មោះសឿន ចិត្រា អាយុ២១ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិ.ឃុំ.ស្រុកអង្គរជ័យ ខេត្តបាត់ដំបង និងទី៣.ឈ្មោះ ភី សារិទ្ធិ អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិខ្វៀវ ឃុំបេង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ក្រោយពីពលរដ្ឋរាយការណ៍ប្រាប់ថា មានលោកសង្ឃប្លែកមុខ ចំនួន៣អង្គ ដើរបិណ្ឌបាត និងចែកប្រូក្រាម ចម្លែងគ្មានកាត និងបិណ្ឌបាតចំថ្ងៃសីល ផុតវេលាថ្ងៃត្រង់ ផុតម៉ោងឆាន់ រួមធ្វើសកម្មភាពនិមន្តចូលដល់ក្នុងផ្ទះ ខុសពីលោកសង្ឃដ៏ទៃ និងការស្លៀកពាក់ស្បង់គ្មានសណ្តាប់ធ្នាប់ ក៏សួរនាំ តែព្រះសង្ឃ១អង្គព្យាយាមមន្តគេចខ្លួនតែត្រូវឃាត់ខ្លួនបានផងដែរ។

ក្រោយពីបានយកមកសួរនាំ ឃើញថា លោកសង្ឃទាំងបីអង្គនេះ បានប្រព្រឹត្តខុស និងច្បាប់របស់រដ្ឋ និងវិន័យពុទ្ធសាសនា ដោយក្លែងបន្លំខ្លួនជាលោកសង្ឃ ដើរកាន់ប្រូក្រាម បោកប្រាស់ពុទ្ធបរិស័ទថា យកទៅកសាងសមទ្ធិផលនៅវត្តគិរីសែនសុខ (ហៅវត្តភ្នំ១៤៧) ស្ថិតនៅក្នុងស្រុកកំរៀង ខេតត្តបាត់ដំបង ដោយដើរអង្គាសលុយពុទ្ធបរិស័ទ នៅក្នុងក្រុងប៉ោយប៉ែត លើទីតាំងឃាត់ខ្លួននៅចំណុចផ្សារអគ្គៈថ្មីប៉ោយប៉ែត និងផ្សារត្រី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃើញមានប្រាក់ដែលអង្គាសបានបានចំនួន ៨៣៨,០០០រៀល។

ក្រោយពីព្រះអនុគណក្រុងប៉ោយប៉ែត ធ្វើការទំនាក់ទំនងទៅកាន់ព្រះគ្រូអនុគណស្រុកកំរៀង និងព្រះគ្រូចៅអធិការនៅវត្តគិរីសែនសុខ (ហៅវត្តភ្នំ១៤៧) បញ្ជាក់ថា មិនមែនជាលោកសង្ឃគង់នៅវត្តរបស់ខ្លួន ហើយខាងវត្តក៏មិនបានឲ្យលោកសង្ឃអង្គណាទៅធ្វើសកម្មភាពដើរអង្គាសលុយ ឬបិណ្ឌបាតនោះទេ សូមឲ្យចាត់ការទៅតាមច្បាប់ និងវិន័យពុទ្ធសាសនា។ ក្រោយពីបកស្បង់ចេញ ជនសង្ស័យទាំងបីនាក់ ត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតចាត់ការបន្ត៕

គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ សម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការថ្មីតម្លៃជាង ៣ម៉ឺនដុល្លារ

ខេត្តព្រះវិហារ ៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ បានណែនាំ និងជំរុញដល់ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ចុះពង្រឹង ការដឹកនាំគណបក្សឲ្យដល់មូលដ្ឋាន ដោយយើងមិនត្រូវស្កប់ស្កល់ និងជោគជ័យដែលយើង តែងទទួលបានកន្លងមកនោះទេ។

នៅក្នុងពិធីសម្ពោធអគារស្នាក់ការ គណបក្សប្រជាជនកម្ពុជា នៅឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នេះ លោក មាស សុភា បានថ្លែងថា ដើម្បីពង្រឹងគណបក្សយើង ឲ្យដល់មូលដ្ឋាន គឺយើងត្រូវពង្រឹងផ្នែកនយោបាយ យល់ដឹងអំពីមាគ៌ានយោបាយរបស់គណបក្ស និងត្រូវពង្រឹងនូវគោលជំហរសតិអារម្មណ៍ ពង្រឹងអង្កការចាត់តាំងរបស់បក្ស ដូចសម្តេចប្រធានតែងពោលថា៖ «យើងពង្រឹងចាស់ ពង្រីកថ្មី»។

\លោក មាស សុភា ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអនុប្រធាន ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ របស់គំបក្សប្រជាជនកម្ពុជា ដើម្បីផ្ញើជូនគណបក្សគ្រប់លំដាប់ថ្នាក់ របស់ខេត្តព្រះវិហារ ស្រុក ឃុំ សង្កាត់ ក៏ដូចជាផ្ញើជូនសមាជិក-សមាជិកា គណបក្សប្រជាជន លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តព្រះវិហារ។

លោក មាស សុភា បានបន្តទៀតថា យើងប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្នាក់ការគណបក្សឃុំនេះ ស្របពេលដែលប្រជាជនរបស់យើង ប្រទេសជាតិរបស់យើង អបអរសារទរនូវព្រឹត្តិការណ៍ធំៗ របស់ប្រទេសជាតិ រួមមាន៖ ព្រឹត្តិការណ៍ខួបទី៤១ នៃទិវាខួប ការបង្កើតរណសិរ្យសង្រ្គោះជាតិកម្ពុជា២ធ្នូ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ។ ហើយព្រឹត្តិការនេះ មានសារៈសំខាន់ណាស់ សម្រាប់ការរស់រានមានជីវិតឡើងវិញ របស់ប្រជាពលរដ្ឋកម្ពុជា ឲ្យចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងព្រឹត្តិការមួយទៀត គឺយើងទាំងអស់គ្នា កំពង់តែ

ត្រៀមដើម្បីប្តូរឆ្នាំថ្មី នៃឆ្នាំសកល គឺពីឆ្នាំ២០១៩ ទៅឆ្នាំ២០២០។
លោកបានបន្តទៀតថា ព្រឹត្តិការណ៍មួយទៀត គឺជាខួបលើកទី៤១ នៃថ្ងៃជ័យជំនះ របស់ប្រជាពលរដ្ឋយើង ចំពោះរបបប្រលយ័ពូជសាសន៍ ដែលជាថ្ងៃកំណើតទី២របស់យើង ចាកផុតពីរបបប្រលយ័ពូជសាសន៍ រស់រានមានជីវិតមកដល់សព្វថ្ងៃនេះ។ ការដាក់សម្ពោធនូវស្នាក់ការគណបក្សឃុំថ្មីថ្ងៃនេះ គឺជាព្រឹត្តិការណ៍មួយ ដែលបានកត់សម្គាល់ បានចារទុកនៅក្នុងខេត្តរបស់យើង នៅក្នុងស្រុក ក្នុងឃុំរបស់យើង នូវសមិទ្ធិផលថ្មីមួយ ហើយអាចចាត់ទុកថា នេះជារបស់គណបក្សប្រជាជនកម្ពុជាក៏ដោយចុះ វាក៏ជាសមិទ្ធិផលថ្មីមួយ របស់សង្គមកម្ពុជាដែលបានកើតឡើង នៅលើទឹកដីឃុំថ្មី ស្រុកគូលែនរបស់យើង នៅក្នុងឱកាសនេះដែរ។

បើតាមការឲ្យដឹង ពីលោក មុត ភិសិទ្ធនា អនុប្រធានក្រុមការងារ ចុះជួយស្រុកគូលែន បានឲ្យដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាជុំថ្មី ស្រុកគូលែននេះ ត្រូវបានសាងសង់ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ លើផ្ទៃដីទំហ៊ំ១៤.៣ គុណ៧៦ម៉ែត្រ ក្នុងនោះទិញដីបន្ថែម៤.៣ម៉ែត្រ។ ចំណែកអគារគណបក្សមានទំហំ៥.៥ម៉ែត្រ គុណ៩ម៉ែត្រ និងសរុបការចំណាយទាំងអស់ សរុប៣៣,៣៤៤ដុល្លារ។ ដោយក្នុងនោះ លោក មាស សុភា បានឧបត្ថម្ភថវិកាចំនួន១០.២៣៥ដុល្លារ រួមនិងថវិការបស់សប្បុរសជាច្រើនរូបទៀតផងដែរ៕ ដោយ ៖ ក.ប៊ុនហេង

 

កម្ពុជាកំពុងសិក្សាពីគម្រោងសាងសង់ផ្លូវតភ្ជាប់អាស៊ាន ១៣១គ.ម.ដែលផ្តល់កម្ចីដោយថៃ

ភ្នំពេញ ៖ ប្រទេសចំនួនបីក្នុងអាស៊ាន ដែលថៃ គ្រោងផ្តល់ប្រាក់កម្ចីប្រមាណ ២៨១,៦ លានដុល្លារ សម្រាប់ឲ្យសាងសង់ផ្លូវចំនួន ៤ខ្សែ ក្នងនោះកម្ពុជានឹងទទួលបានជាង ៣៩,៧៨ លានដុល្លារសម្រាប់សង់ផ្លូវ១ខ្សែប្រវែង ១៣១គីឡូម៉ែត្រពី ថៃ ឆ្ពោះមកកម្ពុជា កាត់តាមតំបន់សំខាន់ៗរវាងព្រំដែនប្រទេសទាំង២ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលនេះ គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃ។
កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃ លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង ដែលថា «អត្រាការប្រាក់សម្រាប់គម្រោងផ្លូវនីមួយៗ ត្រូវបានកំណត់ត្រឹម ០,១ ភាគរយប៉ុណ្ណោះ» ។ ចំណែកក្រុមអ្នកសង្កេតការណ៍ បានឲ្យដឹងថា សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងមីយ៉ាន់ម៉ា មិនមានបន្ទុកបំណុលនោះទេ ដែលគួរតែស័ក្តិសមនឹងគំនិតផ្តួចផ្តើមនេះ។
មន្ត្រីរដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រាប់ឲ្យដឹងថា បើសិនគម្រោងផ្លូវថ្មីតភ្ជាប់ពីថៃ មកកម្ពុជា អាចដំណើរការមែននោះ វានឹងពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ពិសេសការលើកកម្ពស់អាជីវកម្ម និងពាណិជ្ជកម្មនៅតាមព្រំដែន កាន់តែមានទំហំធំធេងជាងមុន។
គួរជម្រាបថា កន្លងមក កម្ពុជាបាននាំចេញជាចម្បងនូវទំនិញកសិកម្មដូចជា ស្វាយ អង្ករ ពោត ដំឡូង និងសណ្តែក ខណៈការនាំចូលរបស់កម្ពុជាមកវិញរួមមាន គ្រឿងអគ្គិសនី ប្រេង សម្ភារសំណង់ គ្រឿងសម្អាង និងសម្ភារផ្ទះបាយ ដែលវានឹងជួយជំរុញការនាំចេញកសិផលទៅថៃ ហើយក៏ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាដែរ» ហើយប្រទេសទាំង ២ បានសន្យាបង្កើនទំហំពាណិជ្ជកម្មនៅឆ្នាំ ២០២០ ឲ្យដល់១៥ ពាន់លានដុល្លារ៕

កូនផ្សោតឈ្មោលមួយក្បាលអាយុជាង១០ថ្ងៃ ងាប់អណ្តែតទឹកនៅក្បែរអន្លង់ផ្សោតកាំពី

ខេត្តក្រចេះ ៖ កូនផ្សោតឈ្មោលមួយក្បាល មានទំងន់ជាង១០គីឡូក្រាម និងមានអាយុ ជាងកន្លះ ខែ ជាផ្សោតដែលទើបនិងកើតរស់នៅក្នុងអន្លង់ផ្សោតកាំពី ត្រូវបានសហគមន៍ នេសាទប្រទះឃើញងាប់អណ្តែតទឹកទន្លេមេគង្គ នៅចំនុចឃុំថ្មគ្រែ ស្រុកចិត្របុរី កាលពី ប៉ុន្មានថ្ងៃមុននេះ។

រាប់ទាំងការងាប់របស់កូនផ្សោតដែលជាប្រភេទឋនិកសត្វទឹកសាបដ៏កម្រមួយក្បាលនេះ ទៀត គឺជាការងាប់របស់ផ្សោតក្បាលទី៧ហើយក្នុងឆ្នាំ២០១៩នេះ ខណះចំនួនការកើតរបស់ ផ្សោតក្នុងឆ្នាំ២០១៩នេះ មានចំនួន១៣ក្បាល។

ជុំវិញការងាប់សត្វផ្សោតមួយក្បាលនេះដែរ គឺនៅមិនទាន់មានសេចក្តីរាយការជាក់លាក់ ណាមួយបង្ហាញពីមូលហេតុថាងាប់ដោយសារអ្វីនៅឡើយនោះទេ។ តែបើតាមការសន្និដ្ឋាន របស់សហគមន៍នេសាទបានអះអាងថា សត្វផ្សោតតូចមួយក្បាលនេះ គឺងាប់ដោយសារតែ បារបស់វាខាំ។

ប្រធានឆ្មាំអភិរក្សនិងជាអនុប្រធានខណ្ឌរដ្ឋបាលជលផលខេត្តលោក ម៉ុក ពន្លក បាន ថ្លែងឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ នេះថា ខាងជំនាញរបស់លោក ក៏ដូចជាខាងជំនាញរបស់អង្គ ការជាដៃគូបានធ្វើកោសល្យវិច្ច័យ លោកសំណាកផ្សោតមួយក្បាលនេះដើម្បីរកមូលហេតុនៃ ការងាប់ឲ្យឃើញពិតប្រាកដ ។

បើតាមលោក ម៉ុកពន្លក បានបញ្ជាក់ក្រោយការពិនិត្យនៅលើដងខ្លួនសំណាកផ្សោតនេះ រកមិនឃើញមានស្លាកស្នាមអ្វីដែលបណ្តាលមកពីការធ្វើនេសាទនោះទេ។ តែនៅជុំវិញ បរិវេណមាត់របស់វាត្រូវបានមើលឃើញថា មានស្នាម់ជាំឈាមដោយសង្ស័យថា អាចត្រូវបា របស់វាខាំបោកក្រវ៉ាត់ ទៅត្រូវជាមួយនិងថ្មទើបបណ្តាលឲ្យងាប់។

បើតាមលោក ម៉ុក ពន្លក ប្រធានឆ្មាំអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ និងជានាយ រងខណ្ឌរដ្ឋបាលជលផល លោកធ្លាប់បានប្រាប់ឲ្យដឹងកាលពីពេលថ្មីៗនេះថា សព្វថ្ងៃទន្លេ មេគង្គខេត្តក្រចេះមានសត្វផ្សោតរស់នៅក្នុងចន្លោះពី៥៥ទៅ៦០ក្បាល។ សត្វផ្សោតទាំងអស់ នេះសព្វថ្ងៃកំពុងតែរស់នៅ តាមអន្លង់ចំនួន៥អន្លង់ធំៗក្នុងទន្លេមេគង្គខេត្តក្រចេះ។ អន្លង់ទាំង នោះមានដូចជា អន្លង់ខ្សាច់ ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្តៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី។ក្នុងចំណោមអន្លង់ធំៗទាំង៥ គឺអន្លង់ផ្សោតកាំពីមានសត្វផ្សោតរស់នៅច្រើន ជាងគេក្នុង ចន្លោះចាប់ពី២០ទៅ ៣០ក្បាល៕

ឆ្នាំ២០១៩ CMAC សម្អាតផ្ទៃដីមានគ្រាប់មីន៦៦លានម៉ែត្រក្រឡា និងកម្ទេចជាង៣ម៉ឺនគ្រាប់

ភ្នំពេញ ៖  ក្នុងរយៈពេល១២ខែ ឆ្នាំ២០១៩ ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរំដោះផ្ទៃដី ៦៦.៩៦៦.៥៤៤ ម៉ែត្រក្រឡា និងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះជាង៣៦.១៦៥គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន៥,៤១៥គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន៧៥គ្រាប់ មីនច្នៃចំនួន១៥គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣០,៦៦០គ្រាប់។ នេះបើតាមការបញ្ជាក់ពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)។

យោងតាមទំព័រហ្វេសប៊ុក របស់លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញនូវលទ្ធផលការងាររបស់អង្គភាពស៊ីម៉ាក់ ឆ្នាំ២០១៩ ដោយសង្ខេបដូចខាងក្រោម៖

១៖ ការងារអប់រំយល់ដឹងពីមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងការជួយសង្គ្រោះជនពិការដោយសារមីន៖
សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់ បានចុះធ្វើការផ្សព្វផ្សាយការអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅ បានចំនួន១១,២៣៥លើក និងមានប្រជាពលរដ្ឋចូលរួមចំនួន៥៣៣,២៤២នាក់ផងដែរ។

ការងារជួយសង្គ្រោះជនពិការដោយសារមីន ក៏សម្រេចបានលទ្ធផលល្អ ទាំងក្នុងការកៀរគរជំនួយ និងការឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ។ សកម្មភាពនេះបានទទួលការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធយ៉ាងសកម្ម ដូចជាការសម្របសម្រួល ក្នុងការជីកស្រះទឹក ប្រព័ន្ធប្រឡាយ ផ្លូវ និងការអប់រំបង្កើតមុខរបរថ្មីៗជាដើម។

២៖ ការហ្វឹកហ្វឺន និងពង្រឹងសមត្ថភាព៖ ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងគាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ នៅតំបន់រងការគំរាមកំហែងដោយសារមីន អង្គភាពស៊ីម៉ាក់បានផ្ដល់ការហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការឆ្លើយតបព័ត៌មានគ្រាប់ ជូនដល់កម្លាំងនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ជាពិសេសបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រមាណជាង៤០០នាក់ ក្នុងនោះផ្ដល់ការបណ្ដុះបណ្ដាល ការអប់រំយល់ដឹងពីមីន ដល់មន្រ្តីនគរបាលស្ម័គ្រចិត្តចំនួនជាង១០០នាក់ និងការហ្វឹកហ្វឺនជំនាញកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់កងយោធពលខេមរភូមិន្ទ ប្រមាណជាង៣០០នាក់។

ជាមួយគ្នានេះដែរ រយៈពេល១២ខែ ឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់បានផ្ដល់ការហ្វឹកហ្វឺនជំនាញ ក្នុងវិស័យសកម្មភាពកំចាត់មីន ជូនមន្រ្តីជំនាញសកម្មភាពមីនមកពីប្រទេសអ៊ីរ៉ាក់/ឃើដ ប្រទេសកូឡុំប៊ី និងប្រទេសឡាវ។ ការហ្វឹកហ្វឺនទាំងនេះទទួលបានការគាំទ្រពី JICA និង JICS ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន១១៥នាក់។

៣៖ ការងារប្រតិបត្តិការបោសសម្អាតមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងរំដោះផ្ទៃដី៖ សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩នេះ លទ្ធផលប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមមានជាអាទិ៍ដូចជា៖ រំដោះផ្ទៃដីបានទំហំ៦៦,៩៦៦,៥៤៤ ម៉ែត្រក្រឡា លើចំការមីន/ចំការគ្រាប់ចំនួន ៤៨៧ទីតាំង កិច្ចប្រតិបត្តិការនេះរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង៣៦,១៦៥គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន៥,៤១៥គ្រាប់មីនប្រឆាំងរថក្រោះ ចំនួន៧៥គ្រាប់ មីនច្នៃចំនួន១៥គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣០,៦៦០គ្រាប់ និងបោះផ្លាកសញ្ញាព្រំចំការមីនបានប្រវែង៣៧១,២០០ម៉ែត្រ ព្រមទាំងឆ្លើយតបតាមសំណើ (EOD Calls) ចំនួន៣,១៤៤ សំណើ។

៤៖ ការងារស្រាវជ្រាវព័ត៌មានចំការមីន និងចំការគ្រាប់៖ ការងារស្រាវជ្រាវ និងដាក់ស្លាកសញ្ញាក្នុងរយៈពេល ១២ខែនេះ បានធ្វើការស្រាវជ្រាវព័ត៌មានចំការមីន ចំការគ្រាប់បែកចង្កោម តាមលក្ខណៈបច្ចេកទេស និងមិនបច្ចេកទេស ដោយសម្រេចបានប្រមាណជិត៩០០ហិកតា និងខាងជំនួយគម្រោង UNDP-CFR ក៏បានបន្ថែមជំនួយ លើការងារស្រាវជ្រាវព័ត៌មានតំបន់ចំការមីន លើភូមិចំនួន៣៨៦ ស្ថិតក្នុងខេត្តប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយបានរកឃើញចំការមីន/គ្រាប់ថ្មីចំនួន៦២២ទីតាំង ស្មើនឹងផ្ទៃដី៩៦.២៨៦.៥៨៦ម៉ែត្រក្រឡា (បន្ថែមលើផែនការ)។ សំគាល់៖ លទ្ធផលនៃការអនុវត្តផែនការបោសសំអាតមីនមានការថយចុះ ដោយសារការផ្លាស់ប្តូរផែនការមកបង្កើនកំលាំងលើភារកិច្ចស្រាវជ្រាវចំការមីន/ចំការគ្រាប់ វិញ។

៥៖ សមិទ្ធិផលរួមក្នុងសង្គម៖ កិច្ចប្រតិបតិ្តការរំដោះផ្ទៃដី ក្នុងឆ្នាំ២០១៩នេះ បានផ្តល់ប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋចំនួន៤០,៨៥០គ្រួសារ និងដោយប្រយោលជាង៥០,០០០គ្រួសារ គិតជាមនុស្សរាយជិត១លាននាក់។ ទន្ទឹងនឹងនេះ ការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារមីនបានចំនួន១១,២៣០លើក ស្មើនឹង៧០,៤២៨ខ្នងផ្ទះ គិតជាមនុស្សរាយដែលសិស្សនិសិ្សត និងប្រជាពលរដ្ឋទូទៅចំនួន៥៣៣,២៤២នាក់ផងដែរ៕

 

ជនស៊ីវិល៣៥នាក់ត្រូវបានសម្លាប់ ក្នុងវាយឆ្មក់លើប៉ុស្តិ៍នៅបួគីណាហ្វាសូ

អាហ្គាដូហ្គូ ៖ ក្រុមបះបោរ Burkina Faso បានសម្លាប់ជនស៊ីវិលភាគច្រើនជាស្ត្រីចំនួន៣៥នាក់កាលពីថ្ងៃអង្គារទី២៤ធ្នូម្សិលមិញ បន្ទាប់ពីបានវាយប្រហារទីតាំងយោធានៅភាគខាងជើងខេត្តសួម (Soum) ភាគខាងជើងប្រទេសបួគីណាហ្វាសូ នៃតំបន់អាហ្វ្រិកភាគខាងលិច។ នេះបើតាមសារព័ត៌មាន CNA។

ការវាយប្រហារខាងលើបានកើតមានឡើងនៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈប្រទេសនេះនៅតែស្ថិតក្នុងជម្លោះ ជាមួយក្រុមសកម្មប្រយុទ្ធតាមតំបន់មួយចំនួន នៅទូទាំងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ដែលរដ្ឋាភិបាលបួគីណាហ្វាសូ មិនទាន់អាចគ្រប់គ្រងទាំងស្រុងនៅឡើយ។ ក្រោយការវាយប្រហារកើតឡើងប្រធានាធិបតីបួគីណាហ្វាសូ លោក រ៉ូច ម៉ាច កាបូរ៉េ (Roch Marc Kabore) បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេលពីរថ្ងៃ។

រដ្ឋាភិបាលបួគីណាហ្វាសូបានឲ្យដឹងថា ក្នុងចំណោមមនុស្សស្លាប់ទាំង៣៥នាក់នោះគឺមាន៣១នាក់ជាស្ត្រី ខណៈការវាយលុករបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ក៏បានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធជាង ៨០នាក់ផងដែរ។

ការវាយប្រហារខាងលើនេះបានកើតមានឡើងមួយខែ បន្ទាប់ពីការវាយប្រហារមួយផ្សេងទៀតកាលពីខែវិច្ឆិកា ដែលបានផ្តាច់ជីវិតមនុស្សជិត៤០នាក់ ស្ថិតនៅក្នុងតំបន់ដែលមានជម្លោះជាមួយក្រុមជនជាតិភាគតិចអ៊ីស្លាម៕

 

 

ថ្លើមធំមែន ! ភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងពីស្ត្រីម្នាក់ក្បែរប៉ុស្តិ៍នគរបាលកាកាបទី២បានសម្រេច

ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលជិះម៉ូតូវិលមកពីយកកូនសោចាក់ផ្ទះពីប្តីវិញ ត្រូវបានក្រុមចោរបរដាប់ដោយអាវុធខ្លី គ្នា៤នាក់ ជិះម៉ូតូ២គ្រឿង តាមស្ទាក់ប្លន់យកម៉ូតូ គ្រឿងអល័ង្កាទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំ ខាងក្រោយវត្តតាំងកសាងខាងត្បូង ខាងលិចប៉ុស្តិ៍កាកាប២ ប្រមាណជា២០០ម៉ែត្រ ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីរងគ្រោះឈ្មោះ សៀក ផាត អាយុ៤២ឆ្នាំ មុខរបរមេផ្ទះ មានប្តី ឈ្មោះ យ៉ុន បេ អាយ៤៧ឆ្នាំ មុខរបរ លក់ទឹកកក នៅសង្កាត់ក្រាំងធ្នង់ មានកូនស្រី២នាក់ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ ម៉ូតូដែលចោរប្លន់យកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-7791 ( ជាម៉ូតូខ្ចីអ្នកជិតខាង) និងភ្ជង់ដោះយកខ្សែកប្លាទី ទម្ងន់៣,៥ជី ទូរស័ព្ទចុចពិលមួយគ្រឿង ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ប្តីរបស់គាត់ងើបក្រោកពីយប់ បានចាក់ សោផ្ទះ ចំហៀងខាងបន្ទប់ដាក់ម៉ូតូ ហើយចេញទៅលក់ទឹកកកនៅឯខាងសង្កាត់ក្រាំងធ្នង់បាត់ លុះគាត់ និងកូនស្រីងើបភ្ញាក់ឡើង បន្ទាប់ទ្វារខាងដាក់ម៉ូតូជាប់សោ គាត់ក៏បាន ទៅខ្ចីម៉ូតូ ពីអ្នកជិតខាង ស្នាក់នៅទល់មុខផ្ទះ ឈ្មោះ សុខ សៃ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងសំណង់ មានស្រុកកំណើត ភូមិព្រែកទ័ព ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ជិះទៅតាមយកកូនសោ ពីប្តី នៅកន្លែងលក់ទឹកកក លុះជិះវិលត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យគ្នា៤នាក់ ជិះម៉ូតូសេ១២៥ ចំនួន២គ្រឿង តាមមកស្ទាក់ ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ និង ដោះ យកដោះយកខ្សែក ទូរស័ព្ទដៃ ហើយគេចខ្លួន ទៅតាមផ្លវស្របផ្លូវដែក ឆ្ពោះទៅខាងលើតបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះ រួមជាមួយម្ចាស់ម៉ូតូ ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប២ ដើម្បីឲ្យជួយស្រាវជ្រាវតាមចាប់ខ្លួនចោរ ប្លន់ប្រដាប់អាវុធខាងលើ ៕