All posts by មេគង្គ ប៉ុស្តិ៍

សម្តេចតេជោ ប្រាប់ទូតថ្មីស៊ុយអែត ថា អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ ៖  នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតថ្មី ស៊ុយអ៊ែត ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព។ សម្តេចតេជោ បញ្ជាក់ថា ស៊ុយអែត បានចូលរួមចំណែកជាច្រើន ក្នុងដំណើរការកាត់ក្តីមេដឹកនាំខ្មែរក្រហម និងការអភិវឌ្ឍកម្ពុជា។

លោក  Bjorn Haggmark មានប្រសាសន៍ថា ឯកឧត្តម បានស្វែងយល់អំពីសោកនាដកម្មរបស់កម្ពុជាកន្លងមក ដែលសោកនាដកម្មទាំងនោះគួរគប្បីណា ទប់ស្កាត់កុំឲ្យមានការវិលត្រឡប់មកវិញ។ លោក បានមានប្រសាសន៍ថា ប្រទេសស៊ុយអែត បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់តុលាការកាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហម ហើយស៊ុយអែតក៏បានផ្ដល់ជំនួយមកកម្ពុជា តាមរយៈជំនួយមនុស្សធម៌។ ពិសេសស៊ុយអែត បានចំណែកជួយដល់កម្ពុជានៅក្នុងការអភិវឌ្ឍន៍កម្ពុជាផងដែរ។

លោក បានមានប្រសាសន៍ថា បេសកកម្មកាទូតរបស់លោក មកកាន់កម្ពុជាលោកនឹងមិនចំណាយពេលទៅលើអ្វីផ្សេងទៀតទេ ក្រៅពីការជំរុញទំនាក់ទំនងដែលមានស្រាប់និងពង្រីកទំនាក់ទំនងដែលមានស្រាប់ ជាពិសេសពង្រីកទំនាក់ទំនងទៅលើបញ្ហាពិភពលោក បញ្ហាសកល ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសកលភាវូបនីយកម្ម។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនដល់ប្រជាជន និងរដ្ឋាភិ    បាលស៊ុយអែត ដែលតែងតែជួយដល់កម្ពុជា ទាំងផ្នែកមនុស្សធម៌ ទាំងការអភិវឌ្ឍន៍។ សម្ដេចតេជោ បានលើកឡើងថា ប្រទេសស៊ុយអែតជាប្រទេសមួយ ដែលមិនទទួលស្គាល់រដ្ឋាភិបាលអតីតខ្មែរក្រហមអង្គុយនៅកៅអីអន្តរជាតិ នោះទេ ហើយបានអនុញ្ញាតឲ្យកម្ពុជាបើកការិយាល័យព័ត៌មាននៅទីក្រុងស្តុកហូមថែមទៀត។ ចាប់ពី១៩៨៤ ស៊ុយអែត បានចាប់ផ្ដើមផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ។

សម្ដេចបានបញ្ជាក់ថា អាទិភាពរបស់រាជាណាចក្រកម្ពុជា គឺកត្តាសុខសន្តិភាពនិងស្ថេរភាព ដែលជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍរបស់កម្ពុជា ហើយ មហិច្ឆតារបស់កម្ពុជា នោះគឺកែប្រែប្រទេសកម្ពុជាពីប្រទេស មានចំនូលមធ្យមកម្រិតទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

ប្លន់ទៀតហើយ ! ចោរ៥នាក់តាមគាបប្លន់យកម៉ូតូពីកម្មការិនីទៅបាត់ទាំងព្រឹកនៅខណ្ឌកំបូល

ភ្នំពេញ ៖ ចោរប្លន់៥នាក់បានជិះម៉ូតូ២គ្រឿងដេញតាមកៀរប្លន់យកម៉ូតូ១គ្រឿងពីនាងកម្មការិនីម្នាក់បានសម្រេចរួចបានជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាពនិងបានបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំខាងត្បូងវត្តស្រះស្រង់នៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះខាងលើនេះមានឈ្មោះធឹម ស្រីនិច អាយុ៣២ឆ្នាំ  មុខរបរជាកម្មការិនីរោងចក្រ ជាស្រីមេម៉ាយមានកូន២នាក់ នៅក្នុងបន្ទុកគ្រួសារសព្វថ្ងៃមានទីលំនៅក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3242 ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុនាងបានជិះម៉ូតូ១គ្រឿងតែម្នាក់ឯងចេញពីផ្ទះទៅធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងស្ថិតនៅមុខសាលាក្ដីខ្មែរក្រហម តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុចោរទាំង៥នាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ១គ្រឿង និងម៉ាក ហុងដា ឌ្រីមសេ ១២៥ មួយគ្រឿងដេញតាមពីក្រោយនាង ។

ប្រភពដដែលបានបន្តថា លុះពេលតាមទាន់ក៏បានធ្វើសកម្មភាពកៀរឲ្យដួលរួចច្រាននាងចេញពីម៉ូតូបន្ទាប់មកបានលើកយកម៉ូតូនាងជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាពតែម្ដង ហើយនាងមិនបានដឹងថាក្រុមចោរមានកាំភ្លើងឬអត់នោះទេ ។ប៉ុន្តែពិតជាធ្វើឲ្យនាងមានការភ័យខ្លាចខ្លាំងណាស់ ហើយម៉ូតូនេះគឺនាងបានខ្ចីលុយធនាគាទិញសម្រាប់ជិះទៅធ្វើការកលុយចិញ្ចឹមកូនហើយមិនទាន់ទាំងសងលុយគេរួចនៅឡើយទេ បែរជាពេលនេះត្រូវចោរប្លន់យកទៅបាត់។

ក្រោយពេលកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងហើយនគរបាលប៉ុស្តិ៍កំបូលរួមជាមួយកម្លាំងប្រជាការពារភូមិបានចេញទៅអន្តរាគមន៍ពួនស្ទសក់គ្រប់កន្លែងដែរតែចោរនៅតែគេចបាត់ស្រមោល បន្ទាប់មកស្រ្តីរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍កំបូលដើម្បីឲ្យនគរបាលជួយធ្វើការស្រាវជ្រាវ៕

ប្រជាកសិករខេត្តព្រះវិហាររីករាយជាមួយតម្លៃស្រូវសរីរាង្គឡើងខ្ពស់គួរជាទីពេញចិត្ត

ខេត្តព្រះវិហារ ៖ កិច្ចសន្យាជួយកសិករដាំស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ បានធ្វើឱ្យប្រជាកសិករសប្បាយរីករាយដោយសារតម្លៃស្រូវគួរជាទីគាប់ចិត្ត។សហគមន៍កសិករផលិតស្រូវសរីរាង្គ នៅក្នុងខេត្តព្រះវិហារ បានសម្ដែងការត្រេកអរដែលបានសហការជាមួយក្រុមហ៊ុននាំចេញអង្ករ ព្រោះតែឆ្នាំនេះ ការប្រមូលផលស្រូវទទួលបានទិន្នផលល្អប្រសើរ ចំណែកឯតម្លៃទទួលបានជាទីគាប់ចិត្ត។

លោក សំបូរ ប្រធានសហគមន៍កសិកម្មរក្សាស្ទឹងសែនមានជ័យ ក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ បាននិយាយថា ក្នុងឆ្នាំ២០១៩ នេះសហគមន៍មានកសិករចំនួន ២២៧នាក់ មានផ្ទៃដី ៧៧៤ហិកតា។ពួកគាត់បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គលក់ជូនក្រុមហ៊ុន AmruRice លើបរិមាណស្រូវចំនួន ១.៣១៥តោន ក្នុងឆ្នាំ២០១៩ នេះ។ គិតមកត្រឹមដើមសប្ដាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សហគមន៍លក់ស្រូវសិរីរាង្គ ជូនក្រុមហ៊ុនបានជិត ៥០ភាគរយហើយ។

លោក សំបូរ បានឱ្យដឹងទៀតថា«កន្លងមកសហគមន៍យើងខ្ញុំបានបញ្ចេញស្រូវសើមបាន ៣០០តោនហើយថ្មីៗនេះ បានបញ្ចេញស្រូវស្ងួតចំនួន ៤០០តោនទៀត ក្នុងតម្លៃទិន្នផលគម្រោង AmruRice ដាក់ឱ្យនេះបានធ្វើឱ្យទាំងខ្ញុំ និងកសិករអាចទទួលយកបាន»។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ បានឱ្យដឹងថា នៅឆ្នាំ២០១៩ នេះ នៅទូទាំងខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន ៣៤បានចុះកិច្ចសន្យាសរីរាង្គ ជូនក្រុមហ៊ុនចំនួន ៣មានក្រុមហ៊ុនស៊ីកនេត ឈ័រអហ្វ អេស៊ា,ក្រុមហ៊ុន AmruRice និងក្រុមហ៊ុន GoldenRice ដែលប្រជាសហគមន៍ទាំង ៣៤មានប្រមាណ ៥៣១៤គ្រួសារ ដែលបានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុនទាំង ៣ នេះ លក់បរិមាណស្រូវប្រមាណ ២ម៉ឺនតោន ហើយរហូតមកដល់ពេលនេះ សហគមន៍បានលក់ជូនក្រុមហ៊ុនប្រមាណ ៦០ភាគរយហើយដែរ»។

លោកបានបញ្ជាក់ទៀតថា «បើធៀបតម្លៃជាមួយឈ្មួញកណ្ដាល ឃើញថា ការលក់ឲ្យក្រុមហ៊ុនទាំង ៣នេះលើសតម្លៃចន្លោះពី ២០០ ទៅ ២៥០ រៀលក្នុងមួយគីឡូក្រាម ដោយក្រុមហ៊ុនឱ្យតម្លៃថ្លៃជាងសម្រាប់ស្រូវសរីរាង្គដែលបានចុះកិច្ចសន្យា»។ លោកបន្ថែមថា ប្រជាពលរដ្ឋរីករាយជាខ្លាំងដោយលក់ជូនក្រុមហ៊ុនសម្រាប់ស្រូវសើមលេខ ១ តម្លៃ ១.៣១០រៀលក្នុងមួយគីឡូក្រាម។ ស្រូវសើមលេខ  ២ តម្លៃ ១.២៦០រៀលក្នុងមួយគីឡូក្រាម។ស្រូវស្រពាប់លេខ ១ តម្លៃ ១.៤៤០រៀលក្នុងមួយគីឡូ។ ស្រូវស្រពាប់លេខ ២តម្លៃ១.៤១០រៀលក្នុងមួយគីឡូក្រាម។ ស្រូវស្ងួតលេខ១ តម្លៃ ១.៥៩០រៀលក្នុងមួយគីឡូក្រាម និងស្រូវស្ងួតលេខ ២ តម្លៃ ១.៤៩០រៀលក្នុងមួយគីឡូក្រាម៕ ដោយ ៖ ពិសិដ្ឋ

ពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនៅស្រុកជាំក្សាន្តមានសិទ្ធិសំខាន់ៗ៣យ៉ាង

ខេត្តព្រះវិហារ ៖ ក្នុងពិធីអញ្ជើញចូលរួមចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ៤៨៦ក្បាលដី ចំនួន ២ភូមិ គឺភូមិស្រែ នឹងភូមិគោក ស្ថិតនៅ ក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត កាលពីវេលា ព្រឹកថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅក្នុងឱកាសនោះដែរ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានមានប្រសាសន៏លើកឡើងថា នៅក្រោយពេលដែលបងប្អូន ពុកម៉ែទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់នេះហើយ បងប្អូនមានសិទ្ធិក្នុងកាប្រើប្រាស់ ក៏ដូចជាកាគ្រប់គ្រងអចលនវត្ថុទាំងនោះ មានសិទ្ធិសំខាន់ៗ ៣យ៉ាង ។

ក្នុងនោះសិទ្ធិទី១ លោកអភិបាលស្រុកថាសិទ្ធស្របច្បាប់ចឹង សិទ្ធិស្របច្បាប់នេះ បានន័យថា របបដីស្រែដែលបងប្អូនបានចុះនឹងមានក្នុងបញ្ជីដែលបានទទួលស្គាល់ដោយអាជ្ញាធរដែនដីនោះគឺមានសិទ្ធិគ្រប់គ្រងដោយខ្លួនឯងដោយមិនមានបុគ្គលឬក៏ក្រុមណា១មកដណ្តើមយកពីរបងប្អូននោះបានឡើយ។

សិទ្ធិទី២ គឺបងប្អូនមានសិទ្ធចាត់ចែងលើវិញ្ញាបនបត្រនេះ។

សិទ្ធិទី៣.លោកអភិបាលស្រុកបានលើកឡើងថាក្រោយបងប្អូនទទួលបានសិទ្ធកាន់កាប់លើអចលនវត្ថុស្របច្បាប់ទាំងនេះហើយគឺបងប្អូនមានសិទ្ធអាស្រ័យផលបានលើដីទាំងនោះ។

ចំនុចនេះលោកអភិបាលស្រុកក៏បានធ្វើការដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងនោះថាសិទ្ធអាស្រ័យផលនេះ មានពិតប្រាកដក៏ប៉ុន្តែចំនុចសំខាន់មិនតម្រូវឲ្យបងប្អូនយើងយកដីទាំងនេះទៅអាស្រ័យផលដំណាំដែលច្បាប់ហាមឃាត់ ដូចជា ការដាំដើម កញ្ឆានោះជាដើម ឬក៏យកទីតាំងដីទាំងនោះ ទៅបង្កើតជាតំបន់អ្វីដែលប្រាសចាកផ្ទុយទៅនឹងច្បាប់នោះដែរ ហើយច្បាប់មិនអនុញ្ញាត ឬក៏លើកលែងទោសនោះឲ្យបានទៀតផង។ជាចុងក្រោយលោកអភិបាលស្រុកក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្រោយទទួលបានវិញ្ញាបនបត្រនេះហើយមេត្តារក្សាទុកដាក់ឲ្យបានល្អជៀសវៀងទទឹកភ្លៀងហើយក៏មិនត្រូវយកវិញ្ញាបនបត្រនេះទៅអ៊ុតឬក៏បិទស្ទីកឃើរនោះដែរ។

ដោយឡែក កាលពីថ្ងៃទី២ ខែធ្ន ឆ្នាំ២០១៩ កន្លងទៅ ក៏មានការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់បងប្អូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ រស់នៅភូមិស្រឡៃ ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោមវត្តមាន លោក ប៉ែន ជឹង អភិបាលរងស្រុកគូលែន និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ។ លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត បានមានប្រសាសន៍ សំណូមពរឲ្យបងប្អូន ប្រជាពលរដ្ឋ ដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី នាពេលនេះ ត្រូវថែរក្សាទុកឲ្យបានគង់វង្ស  ធ្វើការដាំដុះដំណាំផ្សេងៗ ដើម្បីលើកកំពស់ជីវភាពគ្រួសារប្រចាំថ្ងៃ រួមទាំងនៅឲ្យឆ្ងាយ ពីបទល្មើសផ្សេងៗ ជាពិសេសល្បែងកន្ទុយលេខ ជាទង្វើខុសច្បាប់ ដែលសង្គមស្អប់ខ្ពើម៕ ដោយ ៖ ពិសិដ្ឋ

ព្រះមហាក្សត្រត្រាស់​បង្គាប់​បញ្ចប់​គោរម្យងារ​ជា «ឧកញ៉ា» ពីនាយទាហានចំនួន១០រូប

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​​ត្រាស់​បង្គាប់​បញ្ចប់​គោរម្យងារ​ជា «ឧកញ៉ា» ពី​នាយ​ទាហាន នៃកងយោធពល​ខេមរភូមិន្ទ ១០រូប រួមមាន​ដូចខាងក្រោមនេះ៖

 

ព្យុះ​ទី​ហ្វុ​ង​នៅ​ហ្វីលីពីន​ឆក់យក​ជីវិត​មនុស្ស​កើន​ដល់​១០​នាក់​ ​ខណៈជាង​៣​សែន​នាក់​ត្រូវជម្លៀស​ខ្លួន

​ម៉ានីល ៖ ព្យុះ​ទី​ហ្វុ​ង​កំណាច​កាំ​មួ​រិ (Kammuri) វាយប្រហារ​ភាគ​កណ្តាល និង​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន និង​បាន​ស្លាប់​មនុស្ស​កើន​ដល់​ដល់​១០​នាក់​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ ខណៈ​ជាង​៣.៤​សែន​នាក់​នៅតែ​ស្ថិតក្នុង​ការជម្លៀស​ខ្លួន​ដដែល​។​

​អាជ្ញាធរ​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង ៣៤០,០០០​នាក់ បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​ក្នុង​តំបន់ Bicol ហើយ​កំពុង​ជ្រកកោន​នៅតាម​មជ្ឈមណ្ឌល​សុវត្ថិភាព ។  ​ទីភ្នាក់ងារ​ឧតុនិយម​បាន​ឲ្យ​ដឹង​ព្យុះ​បាន​នាំយកមក​ជាមួយ​នូវ​ខ្យល់​បោកបក់​ល្បឿន​ចន្លោះ ១៥០-២០៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​បាន​បង្ក​ការខូចខាត​ដល់​លំនៅឋាន និង​សំណង់​អគារ​មួយចំនួន ព្រមទាំង​ធ្វើ​ឲ្យ​ដើមឈើ បង្គោល​ភ្លើង​រួមជាមួយ​ផ្ទាំង​បដា​ជាច្រើន​ដួលរលំ​ថែមទៀត​។ អាជ្ញាធរ​ក៏បាន​ព្រមាន​ដែរ​ថា នឹង​អាចមាន​មនុស្ស​បន្ថែមទៀត​បាត់បង់​ជីវិត​។​

​គួរ​បញ្ជាក់ថា ការវាយប្រហារ​របស់​ព្យុះ​ទី​ហ្វុ​ង​ខាងលើ កើតមានឡើង​ចំពេល​ដែល​ហ្វីលីពីន​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Game) ដែល​ត្រូវ​ប្រព្រឹត្តទៅ​រហូតដល់​ថ្ងៃទី​១១ ខែធ្នូ នៅ​ទីក្រុង​ម៉ានីល​៕

 

ប៉ាគីស្ថានចប់អាណត្តិចាត់ទុកយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោជាមេរៀនរបស់ប្រទេសដទៃផ្សេងទៀតសិក្សារៀនសូត្រ

ភ្នំពេញ ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Amjad ALi sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ ក្នុងជំនួបនោះ ឯកឧត្តម Amjad ALi sher បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ បានអនុញ្ញាតអោយឯកឧត្តមបានជួបសម្ដែងការគួរសមនាពេលនេះ​។

ក្នុងឱកាសដែល​ ឯកឧត្តម​ បញ្ចប់បេសកកម្មកាទូតពីព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា រយៈពេល៦ឆ្នាំកន្លះនៅកម្ពុជា ឯកឧត្តមបានរួមចំណែកជាច្រើនក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ក្នុងការលើកស្ទួយនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ ពិសេសក៏បានចូលរួមចំណែកផងដែរក្នុងការរៀបចំឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាអាទិ៍ដូចជាការនាំមកនូវទស្សនកិច្ចរវាងប្រធានព្រឹទ្ធសភាប៉ាគីស្ថានមកកម្ពុជា និងការចូលរួមសន្និសីទផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាននៅកម្ពុជា។

ឯកឧត្តមបានសម្ដែងនូវសេចក្តីរីករាយចំពោះការទទួលបានបទពិសោធន៍ពីកម្ពុជា ជាពិសេសយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលវាជាមេរៀនរបស់ប្រទេសដទៃផ្សេងទៀតសិក្សារៀនសូត្រជាបទពិសោធន៍មួយដែលនាំមកនូវសន្តិភាព​ ស្ថិរភាព និងការអភិវឌ្ឍ​ រួមជាមួយភាពសុខដុមរវាងប្រជាជន សាសនា និងសាសនាផងដែរ។

ឧត្តម​ បានបញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ស្រស់បំព្រងដែលគួរឲ្យចង់រស់នៅនិងស្នាក់អាស្រ័យ ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ថាឯកឧត្តម នឹងចងចាំនូវអ្វីដែលបានចូលរួមចំណែកជាមួយនឹងកម្ពុជា និងអ្វីដែលទទួលបានតាមរយៈបទពិសោធន៍ពីព្រះរាជាណាចក្រកម្ពុជា ហើយបន្តចូលរួមចំណែកបន្ថែមទៀតក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តមបានធ្វើការងារយ៉ាងច្រើននៅក្នុងការជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានរៀបចំខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរលើកទី៦៥ ជំរុញអោយទស្សនកិច្ចរបស់ប្រធានរដ្ឋសភា​ ប៉ាគីស្ថាន​ និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ប៉ាគីស្ថានមកកាន់កម្ពុជាផងដែរ។ ឯកឧត្តមក៏បានចូលរួមចំណែកផងដែរក្នុងការលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយនឹងកម្ពុជា។

ក្នុងន័យនេះ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះហើយ ដែលជាមូលដ្ឋានសម្រាប់ការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ទន្ទឹមនោះសម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Amjad ALi sher ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ៕

លោក Trump និង​លោក Macron ឈ្លោះប្រកែក​គ្នា​ជុំវិញ​អនាគត​របស់​ណា​តូ​

​អាមេរិក ៖ កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​លោក Emmanuel Macron បាន​ឈ្លោះប្រកែក​គ្នា​ជុំវិញ​អនាគត​របស់​អង្គការ​ណា​តូ​ ខណៈ​មេដឹកនាំ​បារាំង​បាន​វាយប្រហារ​ប្រទេស​តួកគី និង​បានទាមទារ​ឲ្យ​សម្ព័ន្ធភាព​នេះ​ពិចារណា​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​របស់ខ្លួន​។​

​ការឈ្លោះប្រកែក​គ្នា​៣​ភាគី​បាន​គ្របដណ្តប់​លើ​ការចាប់ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល​ខួប​លើក​ទី​៧០​របស់​សម្ព័ន្ធភាព​មួយ​នេះ​នៅ​ទីក្រុង​ឡុង​ដ៍​ដោយបាន​គំរាមកំហែង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ហាញ​ពី​ការ​ឯកភាពគ្នា​ស្របពេល​ប្រឈមមុខ​នឹង​ប្រទេស​រុស្ស៊ី ​និង​ចិន​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ លោក Macron បាន​ព្យាយាម​ផ្លាស់ប្តូរ​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​ដោយ​ទាមទារ​ឲ្យ​ពិនិត្យឡើងវិញ​នូវ​យុទ្ធសាស្ត្រ​របស់​អង្គការ​ណា​តូ​ប៉ុន្តែ​លោក Trump បាន​វាយបក​ទៅវិញ​បន្ទាប់ពី​បាន​អួតអាង​ថា លោក​គឺជា​អ្នក​បង្ខំ​ឲ្យ​សមាជិក​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​។​

​លោក Trump បាន​លើកឡើងថា “​ខ្ញុំ​គិតថា​នេះ​គឺជា​ការប្រមាថ​យ៉ាងខ្លាំង​”​។ លោក​និយាយ​បែបនេះ​ដោយ​សំដៅ​ទៅលើ​ការអះអាង​របស់លោក Macron កាលពី​ខែ​មុន​ដែលថា អង្គការ​ណា​តូ​មិនចេះ​ពិចារណា​ហើយ​គួរតែ​ផ្តោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ទៅលើ​ក្រុម​ភេរវ​ករ​ឥស្លាម​និង​បើក​ការសន្ទនា​ជា​យុទ្ធសាស្ត្រ​ឡើងវិញ​ជាមួយ​ប្រទេស​រុស្ស៊ី​។​លោក​បាន​ព្រមាន​ថា “​គ្មាន​ប្រទេស​ណា​ត្រូវការ​ណា​តូ​ជាង​ប្រទេស​បារាំង​នោះទេ​។ វា​ជា​សេចក្តី​ថ្លែង​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ពួកគេ​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយមក​លោក Trump បាន​បន្ទន់​វោហា​សាស្ត្រ​របស់លោក​នៅក្នុង​កា​រ​បង្ហាញខ្លួន​រួមគ្នា​ជាមួយ​លោក Macron ប៉ុន្តែ​មេដឹកនាំ​បារាំង​បានបង្ហាញ​សេចក្តីថ្លែងការណ៍​របស់​លោក​ហើយ​បាន​ចោទប្រកាន់​ប្រទេស​ទួរគី​ថា បានធ្វើការ​ជាមួយ​ក្រុម​ជ្រុលនិយម​នៅក្នុង​ប្រទេស​ស៊ី​រី​។​ លោក​បាន​កត់សម្គាល់ថា ប្រទេស​ទួរគី​បាន​វាយប្រហារ​ទៅលើ​កងជីវពល​ឃើ​ដដែល​បាន​គាំទ្រ​សម្ព័ន្ធមិត្ត​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​ហើយ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ថា​បានធ្វើការ​ជាមួយ​បក្សពួក​ក្រុម ISIS៕

 

រដ្ឋសភាទទួលពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួន៦ ដែលជាសំណើរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលដឹកនាំកិច្ចប្រជុំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា។
សេចក្តីព្រាងច្បាប់ដែលជាសំណើរបស់រាជរដ្ឋាភិបាលសុំរដ្ឋសភា អនុម័តនោះ មាន ៖
១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហ្រ្គីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។
២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។
៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លេន ខមភេនី លីមីតធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។
៦- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។
ក្រោយពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទំាង៦ខាងលើនេះរួចហើយ គណៈកម្មការជំនាញរដ្ឋសភា នឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ ដើម្បីសម្រេចថាត្រូវដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការពិភាក្សានិងអនុម័ត៕

 

កម្ពុជា ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) មកពី៤០ប្រទេស

ភ្នំពេញ ៖ សន្និសីទស្តីពី“ទីក្រុង ដែលមានភាពធន់ ការគិតគូរ អំពី បញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងវិញ” នៃមហាសន្និបាតលើកទី៣៩ របស់សហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសា បារាំង (AIMF) បាននឹងកំពុងប្រារព្ធឡើង នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ នាព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩នេះ ដោយបានទទួលស្វាគមន៍គណៈប្រតិភូ នៃទីក្រុងនិងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤០២នាក់មកពី៤១ប្រទេសទូទាំងពិភពលោក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះ បានថ្លែងក្នុងពិធីបើកសន្និសីទ ស្តីពី“ទីក្រុងដែលមានភាពធន់ ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនា ទីក្រុងឡើងវិញ” នៃមហាសន្និបាតលើកទី៣៩របស់សហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដោយមានការចូលរួមពីសមាជិករដ្ឋសភា និងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាអតីតអភិបាលរាជធានីភ្នំពេញ លោក ព្យែរ  ប៊ៃយ៉េ លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។

លោក ឃួង ស្រេងបានមានប្រសាសន៍ថា មហាសន្និបាតនេះ ជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តសម្រាប់សមាគម AIMF និងសម្រាប់រាជធានីភ្នំពេញ ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌទីក្រុង ជាមួយសមាគម និងទីក្រុងជាមួយទីក្រុង ដែលជាសមាជិកសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។

រាជធានីភ្នំពេញពិតជាមានកិត្តិយសនិងមោទនភាពបំផុតដោយបានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ដោយមានដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូ នៃទីក្រុង និងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ វាង៤រយនាក់ មកពីជុំវិញពិភពលោក។

សន្និសីទពេញអង្គ«ការស្តារឡើងវិញ និងការអភិវឌ្ឍទីក្រុង» បានលើកឡើងអំពីការងារស្ថាបនាទីក្រុងឡើងវិញបាននិងកំពុងក្លាយជាទីក្រុងប្រឈមរួមពិតៗ សម្រាប់គ្រប់ក្រុងលើពិភពលោក។ស្ថានភាពទាំងឡាយដែលភ្នំពេញនិងគីហ្គាលី ជួបប្រទះក្រោយ      សង្គ្រាមក្តី, គ្រោះមហន្តរាយធម្មជាតិក្តី, គម្រាងធំៗ ដើម្បីកែលម្អក្រុងសារជាថ្មី (ក្រុងសៀងហៃ, ក្រុងឡុងដ៏, ក្រុងដេត្រ័រ) សុទ្ធតែនាំដល់ការកំទេច និងការកសាងឡើងវិញប្រកបដោយថាមភាពខ្លាំងក្លាមិនធ្លាប់ជួបប្រទះពីមុន។

បទអន្តរាគមន៍ទាំងឡាយដែលលើកយកមកក្នុងពេលនេះផ្តោតជាសំខាន់លើកត្តាថាមភាព៣ចំនុច ជាសារវន្ត័សម្រាប់ការស្ថាបនាឡើងវិញ ហើយវាមានភាពប្រទាក់ក្រឡាគ្នា ស្និតទៅនឹងដំណាក់កាល៣ ដែលមនុស្សនិងទីក្រុងត្រូវបានបំបែកចេញពីគ្នា។

លោក  ព្យែរ  ប៊ៃយ៉េ លេខាធិការដ្ឋានសមាគមអន្តរជាតិ នៃអភិបាលប្រើប្រាស់ភាសាបារាំងបានថ្លែងថា “ការស្ថាបនាទីក្រុងឡើងវិញ តោងទាមទារសមត្ថភាពរបស់ប្រជាជន និងសមត្ថភាពរបស់មន្ត្រីដឹកនាំ ដើម្បីជំនះនឹងផលប៉ះពាល់ ដែលផុសចេញពីការប្រែប្រួល ផ្លាស់ប្តូររបស់ទីក្រុង និស្ថានភាពតក់ស្លុតណាមួយ៕

សម្តេចតេជោ ៖ ចំពោះមុខ ភ្នំពេញមានបញ្ហាបួនដែលត្រូវដោះស្រាយមុនអភិវឌ្ឍន៍ទីក្រុងថ្មី

ភ្នំពេញ ៖  នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាធំរបស់រាជធានីភ្នំពេញបច្ចុប្បន្ន មានចំនួន ៤ ដែលត្រូវដោះស្រាយបន្ទាន់ មុនអភិវឌ្ឍន៍ទីក្រុងថ្មី រួមមាន ៖ ចរាចរណ៍ ចំណតរថយន្ត សំរាម និងទឹកកខ្វក់។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយ លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅព្រឹកម៉ិញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបានបញ្ជាក់ជូនគណៈប្រតិភូអភិបាលក្រុងនិយាយភាសាបារាំងថា ភ្នំពេញទាំងមូលកាលពីពេលមុន មិនមែនបញ្ហាប្រឈមច្រើននោះទេ មានតែបញ្ហាគ្មានមនុស្សរស់នៅ ពុំមានចរាចរណ៍ទៅមក។

ប៉ុន្តែផ្ទុយទៅវិញនៅពេលនេះ រាជធានីភ្នំពេញ កំពុងជួបប្រទះបញ្ហាធំចំនួនបួន ដែលត្រូវដោះស្រាយបន្ទាន់។ ទី១ គឺបញ្ហាចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលនាំទៅដល់ការស្លាប់ប្រជាជនច្រើន ហើយការធ្វើដំណើរមានការយឺតយ៉ាវ។ ទី២ គឺបញ្ហាប្រឈមខ្វះចំណតរថយន្ត។ សម្ដេចតេជោ បានជម្រាបជូនប្រតិភូទាំងមូលថា សម្ដេច បានណែនាំ លោកអភិបាល ពិនិត្យនិងធ្វើយ៉ាងណាជំរុញឲ្យមានការវិនិយោគទៅលើការបង្កើតចំណតរថយន្ត នៅក្រោមសួនច្បារនានា ដើម្បីដោះស្រាយបញ្ហានេះ ទី៣ គឺបញ្ហាសំរាមដែលកំពុងតែប្រឈម។ សម្ដេចលើកឡើងថា រាជធានីភ្នំពេញគឺមានសំរាមប្រមាណ៣ពាន់តោនក្នុងមួយថ្ងៃ ហើយបើយើងមិនប្រមូលទាន់ទេ សម្រាមនេះនឹងពូនឡើង ធ្វើឲ្យមានបញ្ហាដល់សោភណភាពផង អនាម័យទីក្រុងផង។ សម្ដេចបន្តថា កម្ពុជាដើម្បីដោះស្រាយបញ្ហានេះ កំពុងជំរុញ ឲ្យមានការចូលរួមពីវិស័យផ្សេងៗក៏ដូចជាវិស័យឯកជនដែរ ដើម្បីធ្វើយ៉ាងណាកែច្នៃសម្រាមឲ្យទៅជាថាមពលអគ្គិសនីយកមកប្រើប្រាស់ឡើងវិញ។

បញ្ហាចុងក្រោយគឺបញ្ហាទី៤. បញ្ហាសំណល់រាវ រាជធានីភ្នំពេញ ដែលមានកំពស់ទាប ហើយការបង្ហូរសំណល់រាវទៅទន្លេ ទៅបឹងបួរនោះពុំទាន់មានការធ្វើអាងប្រព្រឹត្តិកម្ម ឬអាងចម្រោះទឹកកខ្វក់ បានត្រឹមត្រូវនៅឡើយ។ សម្ដេចតេជោ មានប្រសាសន៍ថា បញ្ហាទាំងនេះគប្បីណា   យកមកពិចារណាដោះស្រាយ មុននឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី។ ជាមួយនឹងបញ្ហាប្រឈមនេះ សម្តេចតេជោ បានលើកឡើងដែរថា កម្ពុជាមានបញ្ហាប្រឈមនេះ គឺបណ្ដាលមកពីការអភិវឌ្ឍដែលមានភាពជឿនលឿនជាទីបំផុត ហើយការអភិវឌ្ឍនេះសោតទៀត គឺបានមកអំពីកត្តាសុខសន្តិភាព ស្ថេរភាព ។ ទាំងនោះគឺជាកត្តាទាក់ទាញនៃការវិនិយោគ ហើយការវិនិយោគនេះហើយ ដែលលេចចេញ នូវបញ្ហាប្រឈមថ្មីៗដែលកម្ពុជាកំពុងតែជួបប្រទះ។

លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា អភិបាលក្រុងនានាដែលបានមកដល់កម្ពុជា សង្កេតឃើញថា រាជធានីភ្នំពេញគឺជាទីក្រុងមួយដែលមានភាពចំណាស់ និងមានភាពស្រស់បំព្រង ត្បិតតែគណៈប្រតិភូទើបមកដល់កម្ពុជាលើកដំបូងក៏ដោយ។ លោកនិងប្រតិភូទាំងមូល នឹងប្រឹងប្រែងធ្វើយ៉ាងណាធ្វើការសង្កេតការណ៍ ដើម្បីយកបទពិសោធន៍ទាំងនេះ ទៅអនុវត្តនៅតាមប្រទេសរបស់គាត់ រៀងៗខ្លួនថែមទៀត។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានបទនៃការកសាងក្រុងនៃកិច្ចប្រជុំនៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់៕

លោក នេត ភក្ត្រា អំពាវនាវឲ្យចូលរួមអនុវត្តមេត្រីភាពបរិស្ថានដើម្បីទប់ស្កាត់ការប្រើប្រាស់សំណល់ប្លាស្ទិក

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវឲ្យប្រជាជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តមេត្រីភាពបរិស្ថាន ដើម្បីទប់ស្កាត់ការប្រើប្រាស់សំណល់ប្លាស្ទិកនៅកម្ពុជា និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និងរួមចំណែកការពារអេកូឡូស៊ី។

ថ្លែងក្នុងវេទិកាជាតិស្តីពីសកម្មភាពទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា នៅ សណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃទី៣ ខែធ្នូ នេះ លោក នេត្រ ភក្ត្រា រដ្ឋលខាធិកាក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ផលប៉ះពាល់បរិស្ថានដែលបង្កឡើងដោយ ប្លាស្ទិកនេះវាបានបំផ្លាញ និងបំពុលធ្ងន់ធ្ងរ ដល់ជីវៈចម្រុះ ជីវិតសត្វសមុទ្រ បរិស្ថានធម្មជាតិ និងបង្កហានិភ័យដល់សុខភាពសាធារណៈ ដូច្នោះការចូលរួមរបស់ប្រជាពលរដ្ឋ និងគ្រប់ស្ថាប័នពាក់ព័ន្ធគឺកត្តាចាំបាច់បំផុត។ លោក នេត្រ ភក្ត្រា សង្កត់ធ្ងន់ថា ដោយសារកង្វះការចូលរួម របស់ពលរដ្ឋ ក្នុងការញែកសំរាម ធ្វើឲ្យសំណល់ដែលយកទៅបោះចោលនៅ ទីលានចាក់សំរាម គឺមានបរិមាណច្រើន មិនអាចកែច្នៃបាន។

ក្នុងចំណោម សំរាម១០០ភាគរយ មាន៧០ទៅ៨០ភាគរយ ត្រូវបានយកទៅចាក់ចោល នៅគំនរសំរាម ដោយគ្មានការច្នៃអ្វីបានសោះ។ លោកលើកចិត្តពលរដ្ឋឲ្យញែកសំរាមទៅតាមប្រភេទ ដូចជាសំណល់សរីរាង្គ សំណល់ប្លាស្ទីក និងសំណល់ គ្រោះថ្នាក់ នោះសំណល់សរីរាង្គ អាចធ្វើជាជីកំប៉ុស នោះសំណល់នឹងត្រូវកាត់ បន្ថយនៅចាក់ចោល ដោយគ្មានកែច្នៃ។

សូមជម្រាបដែរថា រាជធានីភ្នំពេញផលិតសំរាមច្រើនជាងគេគឺ ប្រមាណជាង ៣០០០ តោនក្នុងមួយថ្ងៃក្នុងនោះ២០ ភាគរយជាសំណល់ប្លាស្ទិក ចំណែកក្រុងព្រះសីហនុ មានប្រមាណ៧០០តោន ក្នុងមួយថ្ងៃក្នុងនោះ៣៤ភាគរយជាសំណល់ប្លាស្ទិកនិងក្រុងសៀមរាបប្រមាណ៤០០តោនក្នុងមួយថ្ងៃ ក្នុងនោះ២០,៧ភាគរយជាសំណល់ប្លាស្ទិក។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានសំណល់សំរាម ក្នុងមួយឆ្នាំមានប្រមាណជាង៤លានតោន ក្នុងនោះប្រមាណ២០ ភាគរយជាសំណល់ប្លាស្ទិក ៕

ក្រសួង ស្នើឲ្យកងទ័ព និងពលរដ្ឋចូលរួមការងារគ្រប់គ្រង និងអភិរក្សសត្វរមាំងនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធឈរជើងនៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ និងប្រជាពលរដ្ឋ ជួយទប់ស្កាត់ និងអភិរក្សសត្វរមាំង នៅតំបន់ការងារទេសភាពអាងត្រពាំងថ្ម ត្បិតចំនួនសត្វប្រភេទនេះ បានថយចុះយ៉ាងច្រើន សឹងផុតពូជ។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ ស្តីពីការងារគ្រប់គ្រង និងអភិរក្សសត្វរមាំងនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម» ដល់កងទ័ពនៅកងពលតូចអន្តរាគមន៍លេខ៥ ខេត្តឧត្តរមានជ័យ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួង     បរិស្ថាន បានឱ្យដឹងថា តំបន់ការពារទេសភាពអាងត្រពាំងថ្ម ដែលមានភូមិ  សាស្ត្រក្នុងខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ ជាប់នឹងខេត្តឧត្តរមានជ័យ ក្នុងការទ្រទ្រង់ដល់ការរស់នៅ និងបន្តពូជរបស់ប្រភេទសត្វព្រៃ សំខាន់ៗជាច្រើន ប្រភេទជាពិសេស ប្រភេទសត្វរមាំង  ដែលជាប្រភេទថនិកសត្វជិតផុតពូជបំផុតលើពិភពលោក។

ពិសេសចូលរួមទប់ស្កាត់ និងការគម្រាមកំហែង លើប្រភេទសត្វរមាំង តាមរយៈការប្រមាញ់  ការជួញដូរ ការលួចទន្ទ្រានកាន់កាប់ដីតំបន់ការពារទីជម្រក និងបន្តពូជដ៏សំខាន់របស់សត្វព្រៃជិតផុតពូជ។

លោករដ្ឋលេខាធិការ បានបន្តទៀតថា៖ សត្វរមាំងនេះរស់នៅចាប់ពីខែកក្កដា ដល់ខែមករា នៅក្នុងតំបន់ព្រៃកូនខ្លែង ជាតំបន់សហគមន៍ព្រៃឈើជាប់នឹងព្រំប្រទល់ខេត្តឧត្តរមានជ័យ  និងរស់នៅបន្តពូជនៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្មចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ដែលជាកន្លែងមានប្រភពទឹក ចំណីអាហារ និងទីជម្រកគ្រប់គ្រាន់។

សូមជម្រាបដែរថា ចំនួនសត្វរមាំងនៅក្នុង និងជុំវិញតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ បានកត់ត្រា មានចំនួន៧០ក្បាល ឆ្នាំ២០០៣ ប៉ុន្តែមកដល់ឆ្នាំ២០១៩នេះ មានត្រឹមតែ១៧ក្បាលប៉ុណ្ណោះ។ ចំនួននេះ ជាចំនួនដ៏តិចតួចបំផុត បើប្រៀបធៀបជាមួយ នឹងប្រភេទសត្វព្រៃជិតផុតពូជផ្សេងទៀត  ហេតុដូចនេះ ចាំបាច់ត្រូវធ្វើ ការការពារ យ៉ាងមុតមាំ ទាំងនៅតំបន់ជម្រកបន្ត ពូជ កន្លែង រកចំណី និងកន្លែងរស់នៅបណ្តោះអាសន្នរបស់វា៕

ប្រមុខការទូតកម្ពុជាស្នើនិស្សិតជាប់អាហារូបករណ៍ យកចំណេះដឹងពីបរទេសមកបំរើជាតិរបស់ខ្លួន

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ នេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានអនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍ចំនួន ៣៧នាក់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ផ្សេងៗ រួមមាន ៖ និស្សិតអាហារូបករណ៍ទៅអូស្រ្តាលី ២១នាក់ និងនិស្សិតអាហារូបករណ៍ទៅ ណូវែលហ្សេឡង់ ចំនួន ១៦នាក់។

បើតាមប្រសាសន៍ លោក កុយ គួង  អ្នកនាំពាក្សក្រសួងការបរទេស បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួននោះថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងស្វែងរកអាហាររូបករណ៍ ជូនដល់និស្សិតកម្ពុជា ដែលមានបំណងទៅបន្តការសិក្សានៅក្រៅប្រទេស។ លោក ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ ចំពោះនិស្សិត ដែលបានជាប់អាហាររូបករណ៍ទៅអូស្រ្តាលីនិងណូវែលហ្សេឡង់នៅពេលនេះ ថាពិតជាមោទនភាពខ្លាំងណាស់ សម្រាប់ប្រទេសជាតិ ដែលមានយុវជន មានសមត្ថភាព ជាសក្កដានុពល ដ៏ល្អរបស់ប្រទេសទៅថ្ងៃខាងមុខ។

លោកឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិ ស្វែងយល់ពីអាកាសធាតុ ប្រពៃណី រៀបចំសម្លៀកបំពាក់សម្រាប់រស់នៅ ក្នុងនោះក៏ ត្រូវស្វែងយល់ពីការរស់នៅ ការប្រើប្រាស់ភាសារ ដើម្បីអាចសម្របខ្លួនបាន ពិសេស ខិតខំរៀនសូត្រ ទទួលយកទាំងចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ល្អៗ ដែលគេមាន នាំយកមកបំរើប្រទេសជាតិរបស់យើង។ លើសពីនេះត្រូវចេះគ្រប់គ្រងខ្លួន មានសាមគ្គីភាព ចេះជួយយកអាសាគ្នា ហើយត្រូវតាំងខ្លួនជាតំណាងឱ្យជនជាតិខ្មែរទាំងមូល ត្រូវរក្សាតម្លៃ កិត្តិយសជាខ្មែរ បំពេញតួនាទីជាអ្នកផ្សព្វផ្សាយអំពីភាពរុងរឿងរបស់ខ្មែរលើគ្រប់វិស័យ ឱ្យបានទូលំទូឡាយ ជាពិសេស វប្បធម៌និងទេសចរដ៏សម្បូបែបរបស់យើងឱ្យបរទេសគេបានដឹង បានយល់ និងមកកំសាន្ត។

លោក ប្រាក់ សុខុន បញ្ជាក់ថា ដើម្បីក្លាយខ្លួនជាអ្នកនាំដ៏ល្អ សម្រាប់ប្រទេសជាតិ ត្រូវផ្តើមចេញពីកិច្ចខិតខំកសាងខ្លួនឱ្យបានល្អ ខិតខំបំពេញការងារដោយមិនខ្លាចនឿយហត់ មានទស្សនជាតិនិយម ជាមនុស្សស្អាតស្អំ និងមានចំណេះដឹងខ្ពង់ខ្ពស់។ជាមួយគ្នានោះ តំណាងក្រុមនិស្សិត ក៏បានប្តេជ្ញាទទួលយកនូវអនុសាសន៍ល្អៗទាំងនេះ ទៅអនុវត្តឱ្យបានល្អ ក្នុងនាមជាកូនខ្មែរ ដើម្បីនាំមកវិញនូវចំណេះ ជំនាញដ៏ពិតប្រាកដមកបំរើប្រជាជន និងប្រទេសជាតិរបស់ខ្លួននាពេលអនាគត៕

អគ្គលេខាធិកាអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី បំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបានមុខតំណែងជាអគ្គលេខធិការនៃអង្គការ OIF។ ដំណើរទស្សនកិច្ចរបស់លោកជំទាវ មានរយៈ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃកម្ពុជា។

សម្រាប់ថ្ងៃទី០៣ ខែធ្នូនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្តីការក្រសួង។

បើតាមអ្នកនាំពាក្សក្រសួងការបរទេសបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកជំទាវ ក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអង្គការ OIF បន្ទាប់ពីលោកជំទាវចូលកាន់តំណែង ជាអគ្គលេខាធិការ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩មកនេះ។ ទស្សនកិច្ចផ្លូវការនេះ ប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានឹងមហាសន្និបាត អភិបាលក្រុងនិយាយភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ ជាព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនដ៏សំខាន់មួយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ លោកជំទាវ និងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយក៏ជួបសម្តែងការគួរសម ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីនេះលោកជំទាវក៏នឹងអញ្ជើញទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទអង្គរ និងចូលរួមសិក្ខាសាលាតំបន់ ស្តីពី សកម្មភាពស្រាវជ្រាវ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលតំបន់ហ្វ្រង់កូហ្វូន អាស៊ី-ប៉ាស៊ីហ្វិកនិងក្រសួងអប់រំ យុវជន និងកីឡា ហើយក៏គ្រោងទស្សនាថ្នាក់រៀនពីរភាសា នៃសាលាបឋមសិក្សាវត្តបូផងដែរ។

សូមបញ្ជាក់ថា អង្គការ OIF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ដោយបិតាស្ថាបិកចំនួន ៤រូប គឺលោក Léopold Sédar Senghor ប្រមុខរដ្ឋប្រទេសសេណេហ្កាល់ លោក Habib Bourguiba ប្រមុខរដ្ឋប្រទេសទុយនីស៊ី លោក Hamani Diori ប្រមុខរដ្ឋប្រទេសនីហ្សេ និង ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៃប្រទេសកម្ពុជា។ បច្ចុប្បន្ន អង្គការ OIFបានក្លាយជាអង្គការអន្តររដ្ឋាភិបាលដ៏ធំមួយនៅក្នុងពិភពលោក (បន្ទាប់ពីអង្គការសហប្រជាជាតិ) មានរដ្ឋ នងរដ្ឋាភិបាលសមាជិកសរុបចំនួន៨៨ (សមាជិកពេញសិទ្ធិចំនួន៥៤ មិនពេញសិទ្ធិ៧ និងសមាជិកសង្កេតការណ៍ចំនួន២៧៕