All posts by មេគង្គ ប៉ុស្តិ៍

ប្រធាន IMF និយាយថា មនុស្សគ្រប់គ្នានឹងខាតបង់ នៅពេលមានសង្គ្រាមពាណិជ្ជកម្មកើតឡើង

បរទេស ៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី គ្រីស្ទាលីណា ចចហ្គីវ៉ា បាននិយាយថា នៅពេលមានសង្គ្រាមពាណិជ្ជកម្មកើតឡើង នោះ មនុស្សគ្រប់គ្នាខាតបង់ នៅក្នុងសង្គ្រាមនេះ។

លោកស្រី ចចហ្គីវ៉ា បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោកថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនគឺជាប្រធានបទដ៏សំខាន់មួយ នៃការពិភាក្សានៅកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ។ លោកស្រីបាននិយាយថា យើងចាំបាច់ត្រូវរកមើលហេតុផលថា ហេតុអ្វីបានជាយើងមិនមានការរីកចម្រើនបន្ថែមទៀត លើបញ្ហាពាណិជ្ជកម្ម វាមិនមែនគ្រាន់តែអំពីបញ្ហា សហរដ្ឋអាមេរិក និងប្រទេស ចិនប៉ុណ្ណោះទេ ។

គណៈកម្មាធិការដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយថា ភាពតានតឹង ពាណិជ្ជកម្មស្ថិតក្នុងចំណោមហានិភ័យធ្លាក់ចុះសំខាន់ៗ ចំពោះសេដ្ឋកិច្ចពិភពលោក ហើយបានទទួលស្គាល់ពីតម្រូវការ ក្នុងការដោះស្រាយបញ្ហាទាំងនេះ រួមទាំងការធ្វើកំណែទម្រង់ របស់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

គណៈកម្មាធិការ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ប្រព័ន្ធពាណិជ្ជ កម្មអន្ដរជាតិដ៏រឹងមាំមួយ ដែលមានច្បាប់ត្រឹមត្រូវ សម្រាប់ដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចពិភពលោក ។ របាយការណ៍នេះបាននិយាយថា យើងទទួលស្គាល់ពីភាពចាំបាច់ ដើម្បីដោះស្រាយភាពតានតឹងផ្នែកពាណិជ្ជកម្ម និងគាំទ្រដល់ការធ្វើកំណែទម្រង់ចាំបាច់ របស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីកែលម្អមុខងាររបស់ខ្លួន។ របាយការណ៍ ក៏បាននិយាយថា ភាពមិនប្រាកដប្រជានៃគោលនយោបាយ និងហានិភ័យភូមិសាស្ត្រនយោបាយ ក៏ជាហានិភ័យដល់ទស្សនវិស័យសេដ្ឋកិច្ចផងដែរ៕

អ្នកនាំពាក្យគ្រប់ក្រសួង ស្ថាប័ន ទូទាំងប្រទេសជួបពិភាក្សារកវិធីសាស្ត្រប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ អ្នកនាំពាក្យគ្រប់ក្រសួង ស្ថាប័ន ក្នុងរាជធានី ខេត្ត ចំនួន ៥៤ស្ថាប័ន បានមកជួបជុំគ្នានៅព្រឹកថ្ងៃទី២១ ខែតុលា នេះ ដើម្បីពិភាក្សា ចែករំលែក រកវិធីសាស្ត្រទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ដែលមានគោលដៅបំភ្លៃ វិទ្ធង្សនា និងវិច្ឆេទកម្មបំផ្លាញសន្តិភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី«អភិបាលកិច្ចល្អ នៅក្នុងបរិបទលំហូរព័ត៌មាន នាយុគសម័យបច្ចេកវិទ្យាឌីជីថល» នៅស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ភាពទូលំទូលាយ នៃវិថីព័ត៌មានដែលធ្វើចរាចរណ៏ដោយសំបូរបែប ទាំងរូបភាព ទាំងសម្លេង ទាំងទិន្នន័យ បានផ្តល់នូវឱកាស និងការប្រឈម ដល់មនុស្សជាតិគ្រប់ជាតិសាសន៏។ ព័ត៌មានចម្រុះ និងសំបូរបែប ជាមួយនឹងនិន្នាការបានធ្វើឲ្យអ្នកប្រើប្រាស់ត្រូវតែមានសមត្ថភាព ក្នុងកិច្ចធ្វើអត្តសញ្ញាណកម្ម ដើម្បីជ្រើសរើស និងប្រើប្រាស់ប្រយោជន៏របស់ខ្លួនជាដើម។

គួរកត់សំគាល់ដែរថា នៅកម្ពុជាអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទបច្ចុប្បន្នមានជាង២០លានស៊ីមកាត បាននឹងកំពុងដំណើរការ និងចំនួនអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមមានចំនួនជាង១១លានគណនី ដែលកំពុងប្រតិបត្តិការយ៉ាងសកម្ម។ រីឯក្រសួង ស្ថាប័នផ្លូវការរបស់ជាតិមានចំនួនត្រឹម២៩ និងរាជធានីខេត្តក្រុង មានចំនួន២៥ ដូច្នោះត្រូវទាមទារឲ្យមន្ត្រីធ្វើការយ៉ាងសកម្ម និងប្រសិទ្ធភាព ក្នុងការឆ្លើយតបជាមួយនឹងអ្នកប្រើប្រាស់ជាមធ្យមយ៉ាងហោចណាស់ជាង១០លាននាក់។

សាស្ត្រាចារ្យសារព័ត៌មាន លោក ឆាយ សុផល បានបញ្ជាក់ថា អ្នកនាំពាក្យ ត្រូវមានជំនាញច្បាស់លាស់ និងបត់បែន ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ មហាជន ពិសេសអ្នកសារព័ត៌មាន។ អ្នកនាំពាក្យ និងអ្នកកាសែត គឺជាដៃគូមិនអាចខ្វះបាន ដែលរួមសហការគ្នាដោះស្រាយបញ្ហា។ លោកសាស្ត្រាចារ្យ ថា ធ្វើជាអ្នកនាំពាក្យកុំឲ្យខ្លាចអ្នកកាសែត តែត្រូវផ្តល់ព័ត៌មានដែលពិត និងច្បាស់លាស់ដល់ពួកគេ តែបើអ្នកកាសែតធ្វើខុសវិជ្ជាជីវៈ មន្ត្រីអាចប្តឹងអ្នកកាសែត ទៅតាមច្បាប់ស្តីពីសារព័ត៌មាន។

លោក ផាត់ សាលីន ប្រធានលេខាធិការដ្ឋាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា នេះគឺជាសិក្ខាសាលាលើកទី២ គោលបំណងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយណា ដែលមានគោលដៅបំភ្លៃ វិទ្ធង្សនា និងវិច្ឆេទកម្មបំផ្លាញសន្តិភាព និងសមិទ្ធផលនានា ពិសេសមានទិសដៅពង្រឹងកម្លាំងសរុប គ្រប់ស្ថាប័ន គ្រប់អង្គភាព ក្នុងការគ្រប់គ្រង និងប្រើប្រាស់ព័ត៌មាន ដើម្បីពង្រឹងការយល់ដឹងដ៏ត្រឹមត្រូវ របស់សាធារណជន ដែលជាចំណែកមួយក្នុងភាពជាដៃគូ នៃកិច្ចថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព អភិបាលកិច្ចល្អ៕

ហ្វូ​ត​សាល​កម្ពុជា ចាញ់​ថៃ ធ្ងន់​ក​ថ្ងៃ​បើកឆាក​ព្រឹត្តិការណ៍ AFF Futsal

​កីឡា ៖ ក្រុម​ជម្រើសជាតិ​ហ្វូ​ត​សាល​កម្ពុជា ប្រកួត​ចាញ់​​ក្រុម​ការពារ​តំណែង​ជើងឯក និង​ជា​ជើងឯក​១៤​សម័យ ថៃ យ៉ាងធ្ងន់ក ថ្ងៃ​បើកឆាក​ព្រឹត្តិការណ៍​ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​ក្នុង​សាល​ក្របខណ្ឌ​អាស៊ាន​ឆ្នាំ​២០១៩ ដោយ​លទ្ធផល ១២-០ នៅ​កីឡដ្ឋាន Phu Tho Stadium នៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩​។​

​សូមជម្រាបថា សម្រាប់​ព្រឹត្តិការណ៍​ខាងលើ កម្ពុជា ស្ថិតនៅ​ពូ​ល A មាន​​ ថៃ​, មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​៕ ហើយនៅថ្ងៃស្អែកនេះ កម្ពុជា បន្តជួបមីយ៉ាន់ម៉ា វេលាម៉ោង ១១៖៣០នាទីព្រឹក៕

 

អេហ្ស៊ីបបើកគំរបមឈូសចំនួន៣០ ដែលមានអាយុកាលជាង៣,០០០ឆ្នាំ ដើម្បីបានឃើញការពិត

អេហ្ស៊ីប ៖ មឈូសបុរាណចំនួន៣០ ដែលមានអាយុកាលជាង ៣,០០០ឆ្នាំ និងមានតុបតែងដោយក្បូរក្បាច់ និងពណ៌ចំរុះនោះ ត្រូវបានរកឃើញនៅទីក្រុង លូហ្ស័រ (Luxor) ភាគខាងត្បូងប្រទេសអេហ្ស៊ីប ស្ថិតនៅបណ្តោយច្រាំងទន្លេនីល (Nile) ទល់មុខប្រាសាទបុរាណ ហាត់សេពស៊ូត (Hatshepsut) នៃអតីតព្រះមហាក្សត្រអេហ្ស៊ីប។ នេះបើតាមសារព័ត៌មាន CNN។

យោង​តាម​រដ្ឋលេខាធិការ​វត្ថុ​បុរាណ​លោក Mostafa Waziri ឲ្យ​ដឹង​ថា​ នេះ​គឺ​ជា​ការ​រក​ឃើញ​ធំ​បំផុត​ក្នុង​ប្រទេស​អេហ្ស៊ីប​អស់​រយៈ​ពេល​ជាង១​សតវត្ស ដោយ​អ្នក​ជំនាញ​អេហ្ស៊ីប​ផ្ទាល់។ មឈូស​ឈើ​ទាំង​នេះ ត្រូវ​បាន​បើក​បង្ហាញ​នៅ​ពី​មុខ​ប្រាសាទ Hatshepsut ដែល​ផ្ទុក​ទៅ​ដោយ​ខ្មោច​ម៉ាំមី​អាយុ​កាល​ជាង ៣​ ០០០​ឆ្នាំ។ ក្នុង​ចំណោម​ខ្មោច​ទាំង​អស់ ក្នុង​នោះ​មាន​ទាំង​ប្រុស​ ស្រី​និង​ក្មេង​ៗ​២​នាក់ ដែល​គេ​ជឿ​ថា​មក​ពី​គ្រួសារ​ថ្នាក់​កណ្ដាល។

បើ​ទោះ​បី​ជា​ខ្មោច​ម៉ាំមី​ ត្រូវ​បាន​រុំ​ដោយ​ក្រណាត់​ក្ដី គេ​អាច​កំណត់ភេទ​របស់ពួកគេ​បាន​តាម​រយៈ​ទម្រង់​ដៃ​នៅ​ក្នុង​មឈូស។ ប្រសិន​បើដៃលាត មាន​ន័យ​ថា ​ជា​នារី ហើយ​ប្រសិន​បើ​ដៃ​ក្ដាប់​ចូល​គ្នា នោះ​គឺ​ជា​បុរស។ អ្វីដ​ែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៀត គឺ​មឈូស​ទាំង​អស់​ត្រូវ​បាន​រក្សា​រូប​រាង​យ៉ាង​ល្អ និង​នៅ​រក្សា​ពណ៌​បាន​ល្អ​ថែម​ទៀត​ផង បើ​ទោះ​បី​ជា​ត្រូវ​បាន​កប់​អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​ក៏​ដោយ​ក្ដី។

ជាមួយគ្នា​ដែរ ការ​រក​ឃើញ​ខ្មោច​ម៉ាំមី​កូន​ក្មេង​ គឺ​ជា​រឿង​ដែល​កម្រ​បំផុត ហើយ​ពិភពលោក​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ក្មេង​ទាំង​ពី​ដែល​ទើប​រក​ឃើញ​នេះ៕

 

ឃើ​ដ​ដកថយ​ចេញ​ទាំងស្រុង​ពី​ទីក្រុង​ដែល​ឡោមព័ទ្ធ​ដោយតួកគី​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​

ស៊ី​រី កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ឃើ​ដ​បាន​ដកខ្លួន​ចេញ​ទាំងស្រុង​ពី​ទីក្រុង​ដែល​ព័ទ្ធជុំវិញ​ដោយ​តួកគី​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​អ្វីដែល​ហាក់ដូចជា​ការចាប់ផ្តើម​នៃ​ការដក​ទ័ព​ដ៏​ទូលំទូលាយ​ក្រោម​កិច្ចព្រមព្រៀង​ឈប់​បាញ់​មួយ​។​

​ទីក្រុង​អង់កា​រ៉ា​បាន​បើក​ការវាយប្រហារ​ឆ្លងកាត់​ព្រំដែន​ប្រឆាំងនឹង​កងកម្លាំង​ឃើ​ដរ​បស់​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃទី​៩​ ខែតុលា​ បន្ទាប់ពី​សហរ​ដ្ឋ​អាមេរិក​បានប្រកាស​ដក​កងទ័ព​ចេញពី​ភាគ​ខាងជើង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​។​

​បទ​ឈប់​បាញ់​មួយ​ដែល​សម្របសម្រួល​ដោយ​អាមេរិក​ត្រូវបាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ទុកពេល​ឲ្យ​កងកម្លាំង​ឃើ​ដ​ដល់​ល្ងាច​ថ្ងៃ​អង្គារ​ដើម្បី​ដកខ្លួន​ចេញពី​តំបន់ទ្រនាប់​មួយ​ដែល​ទីក្រុង​អង់កា​រ៉ា​ចង់​បង្កើត​លើទឹក​ដី​ស៊ី​រី​តាម​បណ្តោយ​ព្រំដែន​ភាគខាងត្បូង​រប​ស់​ខ្លួន​។​

​កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដកខ្លួន​ចេញពី​តំបន់​ព្រំដែន​ដែល​លាតសន្ធឹង​ចម្ងាយ​៣២​គីឡូម៉ែត្រ​ចូល​ជ្រៅ​ទៅក្នុង​ទឹកដី​ស៊ី​រី​។ ​កងកម្លាំង​ឃើ​ដ​បាន​យល់ព្រម​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​ចាប់ពី Tal Abyad ទៅដល់ Ras al-Ain ដែលមាន​ចម្ងាយ​ប្រហែល​១២០​គីឡូម៉ែត្រ​។ ប៉ុន្តែ​ទីបំផុតតួកគីចង់​ឲ្យ​មាន “​តំបន់​សុវត្ថិភាព​” ដែល​វែង​ជាង​នេះ​ដើម្បី​លាតសន្ធឹង​ដល់​ចម្ងាយ​៤៤០​គីឡូម៉ែត្រ​តាម​បណ្តោយ​ព្រំដែន​។​

​កាលពី​ថ្ងៃ​សៅរ៍ មេបញ្ជាការ SDF លោក Mazloum Abdi បាន​និយាយថា កងកម្លាំង​ឃើ​ដ​នឹង​ដកខ្លួន​ចេញពី​តំបន់​ចម្ងាយ​១២០​គីឡូម៉ែត្រ​ភ្លាមៗ​នៅពេល​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​តំបន់ Ras al-Ain ដែល​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​កងទ័ពតួកគី​។ ​ក្រោយមក SDF បាន​និយាយថា យុទ្ធជន​របស់ខ្លួន​បាន​ជម្លៀស​ចេញពី​ទីក្រុង​ព្រំដែន​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​បន្ទាប់ពី​ក្រសួងការពារជាតិ​តួកគី​បាន​បញ្ជាក់ថា ពួកគេ​បាន​ចាកចេញ​៕

 

អាមេរិកកម្ទេចអតីតមូលដ្ឋានរបស់ខ្លួននៅភាគឦសានប្រទេសស៊ីរី

ស៊ីរី ៖ ទីភ្នាក់ងារព័ត៌មានស៊ីរី SANA បានរាយការណ៍ថា កងកម្លាំង​យោធា​អាមេរិកបានទម្លាក់​គ្រាប់បែក​លើ​អតីត​មូលដ្ឋានទ័ព​ខ្លួន​នៅ​ប្រទេស​ស៊ី​រី ចំពេល​មានការ​ផ្លាស់ប្តូរ​ទីតាំង​កងទ័ព​អាមេរិក​ទៅកាន់​អ៊ីរ៉ាក់ ដែល​ត្រូវ​បានប្រកាស​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Mark Esper ។ ​នេះ​បើ​យោងតាមការដកស្រង់ចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik​។​

ទីភ្នាក់ងារព័ត៌មានស៊ីរី SANA បានរាយការណ៍ថា កងទ័ពអាកាសអាមេរិកបានធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវ អាកាសទៅលើមូលដ្ឋានទ័ព អាល់គូឡេប (Al-Qulaib) ដែលស្ថិតក្នុងខេត្ត អាល់ហាកាស (Al-Hasakah) ភាគឦសានស៊ីរី ដែលទើបតែត្រូវបានកងទ័ពអាមេរិកបោះបង់ចោល ក្រោមការបញ្ជាឲ្យដកខ្លួនចេញពីតំបន់ភាគខាងជើងស៊ីរី នៅចំពោះមុខការបើកប្រតិបត្តិការយោធារបស់តួកគី។

ជុំវិញ​បញ្ហា​នេះ ក្រសួងការពារជាតិអាមេរិក មិនបានចេញមុខបកស្រាយជុំវិញព័ត៌មានខាងលើ ការទម្លាក់គ្រាប់បែកលើអតីតមូលដ្ឋានទ័ព ដែលត្រូវបានបោះបង់ចោលបែបនេះ អាចជាវិធានការរបស់អាមេរិក ដើម្បីបង្ការកុំឲ្យបរិក្ខាយោធាដែលបន្សល់ទុកនៅទីនោះ ធ្លាក់ទៅក្នុងដៃកងទ័ពស៊ីរី ឬមួយក៏រុស្ស៊ី។

សូមជម្រាបថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការដកទ័ពចេញពីភាគខាងជើងស៊ីរី មុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការចាប់ផ្តើម បើកប្រតិបត្តិការយោធារបស់តួកគី៕

 

ប្រមុខរដ្ឋាភិបាលកម្ពុជា-​ឥណ្ឌូ​ណេស៊ី គាំទ្រ​ឱ្យ​ទីម័រ​ខាងកើតក្លាយ​ជា​សមាជិក​អាស៊ាន

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​អញ្ជើញ​ចូលជួប​ជូនពរ និងពិភាក្សា​ការងារ​ដោយផ្ទាល់​ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក្នុង​ដំណើរ​អញ្ជើញ​ចូលរួម​ពិធីស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​រូបនេះ នៅក្រុងហ្សាការតា កាលពី​ព្រឹក​ថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០១៩។​

នៅក្នុង​ជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​ពី​បញ្ហា​របស់​ទីម័រ​ខាងកើត ​ដែលចង់ក្លាយ​ជា​សមាជិក​អាស៊ាន​ផងដែរ។ សម្តេច​បានថ្លែង​បង្ហាញក្តី​សង្ឃឹម​ថា ប្រទេស​សមាជិក​អាស៊ានទាំងអស់​នឹង​សម្រេច​ពីការចង់​ក្លាយជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទីម័រ​ខាងកើត នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាទីក្រុង​បាងកក នៅចុង​ឆ្នាំ​នេះ។

សម្តេច​តេជោ បានថ្លែង​ថា ប្រទេស​ទីម័រខាងកើត បានខិតខំ​គ្រប់លទ្ធភាព​ដើម្បីក្លាយជា​សមាជិក​អាស៊ាន ជាពិសេស​បាន​បើកស្ថាន​ទូត​នៅប្រទេស​ទាំង​១០ នៃ​សមាជិក​អាស៊ាន។ សម្តេច​សង្ឃឹមថា លោក​ប្រធានាធិបតី​នឹងគាំទ្រ​ប្រទេសទីម័រ​ជាសមាជិក​របស់​អាស៊ាន។

លោក ចូកូ វីដូដូ គាំទ្រ​ការលើក​ឡើង​របស់​សម្តេច ហ៊ុន សែន ក្នុងការ​អនុញ្ញាត​ឱ្យទីម័រ​ខាងកើត​ក្លាយជា​សមាជិក​ទី១១ របស់​អាស៊ាន ហើយ​ឥណ្ឌូណេស៊ី​គាំទ្រ​ប្រទេស​នេះ។ លោក​ប្រធានាធិបតី បានបញ្ជាក់​ថា ជារឿងដ៏ល្អ​សម្រាប់​ការអនុញ្ញាតឱ្យទីម័រ​ក្លាយជា​សមាជិក​អាស៊ាន។

ក្នុងជំនួបនោះដែរ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនប្រធានាធិបតី​ឥណ្ឌូណេស៊ីផងដែរ។ ទន្ទឹមនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតីនឹងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅកម្ពុជា ខណៈដែលអតីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយបានបំពេញទស្សនកិច្ចនៅកម្ពុជា។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ ប្រធានាធិបតី ចូកូ វីដូដូ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពី​ ឯកឧត្តមបានឈ្នះឆ្នោតកាលពីខែមេសា កន្លងទៅនេះ។ ពិធីចូលកាន់តំណែងត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមដោយមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាមិត្តមួយចំនួនទៀត៕

 

 

 

ព្រះមហាក្សត្រយាងយាងចាកចេញពីកម្ពុជាដើម្បីចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជថ្មីរបស់ជប៉ុន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងចាកចេញពីកម្ពុជាដើម្បីចូលរួមពិធីរាជាភិសេក ព្រះចៅអធិរាជថ្មី របស់ជប៉ុន គឺព្រះចៅ Naruhito។

ព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការ របស់ព្រះចៅអធិរាជថ្មីរបស់ជប៉ុននឹងធ្វើឡើងតាមប្រពៃណីជប៉ុននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភាកន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។

ព្រះចៅ Akihito គឺជាព្រះចៅអធិរាជជប៉ុនទី១២៥ ហើយទ្រង់បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេបំផុត ដែលដាក់រាជ្យក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ។ ចំណែកឯព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានចាប់ផ្ដើមរជ្ជកាល Reiwa របស់ព្រះអង្គជាផ្លូវការ ក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០៣ ខែឧសភា៕

 

មន្ត្រីគយ និងឧកញ៉ាម្នាក់ បន្តឃុបឃិតបន្លំពន្ធនាំទំនិញពីវៀតណាម ចូលតាមច្រកកោះធំ

កណ្តាល ៖ រថយន្តធុនធំដឹកទំនិញជាច្រើនគ្រឿង ត្រូវបានក្រុមឈ្មួញបង្ហើបឲ្យដឹងថា ជាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ដែលនាំចូលដោយឧកញ៉ា សុខ ថៃ នៅតែបន្តនាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិកោះធំ ក្នុងខេត្តកណ្តាល យ៉ាងគក្រឹកគគ្រេង ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មន្ត្រីគយដែលប្រចាំនៅច្រកទ្វារទាំងនេះ បានធ្វើការត្រួតពិនិត្យដោយច្បោលៗប៉ុណ្ណោះ ​ដែលនាំឲ្យបាត់បង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។

ប្រភពព័ត៌មានបានបញ្ជាក់ថា ឃ្លាំងស្តុកទំនិញគេចពន្ធរបស់ឧកញ៉ា សុខ ថៃ មាន២ទីតាំងផ្សេងគ្នា គឺទី១ ស្ថិតនៅផ្ទះលេខ០៤៨ ផ្លូវលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមួយទីតាំងទៀត ស្ថិតនៅតាមផ្លូវលេខ២១B ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អ្នកបើកបររថយន្តឈ្នួលម្នាក់ បានប្រាប់ មេគង្គប៉ុស្តី៍ ថា លោកឧកញ៉ា សុខ ថៃ រកស៊ីដឹកទំនិញចម្រុះចូលមកកម្ពុជា ដោយមិនមានការបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ ចូលតាមច្រកអន្តរជាតិជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដោយមានបុរសម្នាក់ ជាជនជាតិវៀតណាម ឈ្មោះ យាំង ជាអ្នកគ្រប់គ្រង។
កន្លងមក បុរសវៀតណាម ឈ្មោះ យំាង រូបនេះ ធ្លាប់បានទទួលស្គាល់ថា លោកពិតជាអ្នកនាំទំនិញទាំងនេះ ចូលតាមច្រកជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ពិតប្រាកដមែន ប៉ុន្តែលោកបានអះអាងថា ទំនិញទាំងនេះ ជារបស់អភិបាលរងខេត្តកណ្ដាលម្នាក់ ដែលលោកមិនហ៊ានប្រាប់ឈ្មោះ។ យ៉ាងណាក៏ដោយ លោក យ៉ាំង បានសារភាព ថា បើមិនធ្វើដូច្នេះទេ លោកមិនអាចរកប្រាក់ចំណេញសម្រាប់ចែកជាមួយមន្ត្រីគយប្រចាំច្រកព្រំដែន និងមេគយខេត្តកណ្តាលឡើយ។

លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះសំណួរលើកឡើងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមឡើយ។

លោកឧកញ៉ា សុខ ថៃ ធ្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនាពេលថ្មីៗនេះថា លោកពិតជាមានឃ្លាំងទំនិញ ដែលមានទីតាំងខាងលើមែន តែលោកបកស្រាយថា បានលក់ឲ្យទៅឈ្មួញវៀតណាម ឈ្មោះ យាំង ដែលជាដៃគូរកស៊ីទំនិញ ឆ្លងដែនជាមួយគ្នា។

ឈ្មួញដែលនាំចូលទំនិញស្របច្បាប់ បានអំពាវនាវឲ្យលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បើកការស៊ើបអង្កេតឃ្លាំងស្តុកទំនិញដែលសង្ស័យគេចពន្ធដើម្បីបញ្ជាក់ឲ្យច្បាស់ពីសុច្ចរិតភាពនៃការរកស៊ីប្រកួតប្រជែងក្នុងទីផ្សារដូចគ្នា៕

រឿងថ្មី ! លោក សម រង្ស៊ី លោក ហូ វ៉ាន់ និងលោក កាក់ កុម្ភារ ម្នាក់ៗត្រូវជាប់ទោសជិត២ឆ្នាំ

ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសលោក សម រង្ស៊ី ក្នុងសំណុំរឿងថ្មីមួយទៀត ជាមួយមន្ត្រីបក្សប្រឆាំង ៣នាក់ គឺលោក ហូ វ៉ាន់ និងលោក កាក់ កុម្ភារ នៅថ្ងៃទី១៨ ខែតុលា ពាក់ព័ន្ធនឹងករណីបង្ហោះសារប្រមាថលោក ហ៊ុន សែន និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានប្រកាសសាលក្រមផ្ដន្ទា ទោស លោក សម រង្ស៊ី អតីតតំណាងរាស្ត្របក្សប្រឆាំង លោក ហូ វ៉ាន់ និងអតីតសមាជិកប្រតិបត្តិបក្សសង្គ្រោះជាតិប្រចាំក្រុងភ្នំពេញ លោក កាក់ កុម្ភារ ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ ១ឆ្នាំ ៨ខែ ពីបទផ្ដើមគំនិតក្នុងអំពើប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី១៨ ខែតុលា ដដែលនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បាន ចេញសាលក្រមដាច់ដោយឡែកមួយផ្សេទៀត ដោយផ្តន្ទាទោសឈ្មោះ គង់ ម៉ាស់ និងឈ្មោះ វឿន គឹមលន់ ដាក់ពន្ធនាគារម្នាក់ៗ ១ឆ្នាំ ៦ខែ ពីបទប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយផ្អែកតាមបញ្ញតិ្តមាត្រា ៤៩៥ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ដូចគ្នា។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បង្ហាញថា ក្រោយការចាប់ខ្លួនក្រុមឧទ្ទាមទាំងនេះ សមត្ថកិច្ច បានរកឃើញមានឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិ បាល កម្ពុជា តាមបញ្ជារបស់លោក សម រង្សី។

គួរជម្រាបជូនផងដែរថា ក្នុងចំណោមជនជាប់ចោទទាំងនោះ គឺមានតែឈ្មោះ គង់ ម៉ាស់ ជាសកម្ម ជននៃអតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តស្វាយរៀង ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនបាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនា គារ ព្រៃ ស ក្រោមការចោទប្រកាន់ពីបទប្រមាថ និងបទញុះញង់ឲ្យបង្កចលាចល កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។ ចំណែក លោក សម រង្ស៊ី វិញ កំពុងជាប់បណ្ដឹងនៅតុលាការចំនួន ១៥ បទ ល្មើសហើយ ដោយក្នុងនោះ ៩សំណុំរឿង មានសាលក្រមស្ថាពរ៕

សភាកម្ពុជា ៖ លោក សម រង្ស៊ី បរាជ័យយ៉ាងអាម៉ាស់ ក្នុងមហាសន្និបាតសហភាពអន្តរសភានៅស៊ែប៊ី

ភ្នំពេញ ៖ គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវកិត្តិសង្គហ បណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោ បាយ សភាស្រ្តី នាព្រឹកថ្ងៃទី១៩ តុលា បាននិវត្តន៍មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបាន អញ្ជើញទៅចូលរួមហាសន្និបាតសហភាព អន្តរសភា (IPU) លើកទី១៤១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី ពីថ្ងៃទី១៣- ដល់១៧ ខែតុលា ឆ្នាំ២០១៩ ដោយគណៈប្រតិភូសភា កម្ពុជាបាន ហៅវេទិកាមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤១ នេះថា ជា ជោគជ័យដ៏ធំធេង របស់សភាកម្ពុជា និងការបរាជ័យយ៉ាងអាម៉ាស់បំផុតរបស់លោក សម រង្ស៊ី។

សូមជម្រាបជូនថា មហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី នេះ មានសមាជិកចូលរួមចំនួនជាង ២០០០នាក់ មកពី១៤៩ប្រទេស ក្នុងនោះ មានប្រធានសភាចំនួន ៧០នាក់ និងអនុប្រធានសភាចំនួន៤០ និងសមាជិក សមាជិកាសភា ក្នុងនោះសមាជិក សភាវ័យក្មេងប្រមាណ១៧% និងសមាជិកសភាជាស្រ្តី មានចំនួន៣០% រួមទាំង សមាជិកសង្កេតការណ៍ និងអង្គការដៃគូមួយចំនួន ដោយមហាសន្និបាតប្រព្រឹត្តទៅក្រោមមូលបទ ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី យន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការ ក្នុង តំបន់។ ថ្លែងក្នុងមហាសន្និបាតនេះលោកជំទាវ ឃួន សុដារី ប្រធានគណៈប្រតិភូសភាកម្ពុជា បាន សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃច្បាប់អន្តរជាតិ ក្នុងការថែ រក្សាសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ជាពិសេសការពង្រឹងយន្តការពហុភាគី ដែលមានលក្ខណៈទូលំទូលាយ ប្រកបដោយបរិយាប័ន្ន និងមានប្រសិទ្ធភាព ហើយជាមួយគ្នានេះលោកជំទាវក៏បានលើកឡើងពីភាពចាំបាច់ នៃការគោរព គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ ការគោរពអធិបតេយ្យគ្នា ទៅវិញទៅ មក ការពឹងពាក់គ្នាទៅវិញទៅមកជាវិជ្ជមាន ដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកមួយ ដែលផ្អែក លើវិធានច្បាប់ និងតួនាទីរបស់សភានៅក្នុងការជំរុញកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសភាកម្ពុជាបាន ប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មថែមទៀតក្នុងការគោរពសមភាព បរិយាប័ន្ន គោរពគ្នាទៅវិញទៅមក ភាពថ្លៃថ្នូរ និងសាមគ្គីភាពជាពិសេសកម្ពុជាបានស្នើបន្ថែមនូវគោលការណ៍ ពីរទៀត គឺពិពិធកម្ម និងការគោរពអធិបតេយ្យភាព ដែលជាសសរស្តម្ភដ៏សំខាន់នៃសន្តិភាព និងវិបុលភាពសកលលោក៕

អង្គការ CSW រៀបចំកម្មវិធីផ្តល់ចំណេះដឹងទាក់ទងវិស័យទឹកស្អាត និងអនាម័យ នៅកម្ពុជា

ភ្នំពេញ ៖ អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព ហៅកាត់ថា (CSW) សហការជាមួយអង្គការ វ៉តធើ អេត អ៊ីនវ៉េសម៉ែន អ៊ីន អ៊ីនហ្វ្រេស ស្រ្តាក់ឈ័រ (Water Aid Investment in Infrastructure) បានរៀប ចំកម្មវិធីមួយមានឈ្មោះថា ជ្រុងមួយនៃទឹក (វ៉តធើ ខននឺ) ដើម្បីផ្តល់នូវចំណេះដឹងនានា ដែលទាក់ ទងនឹងវិស័យទឹកស្អាត និងអនាម័យ នៅក្នុងប្រទេសកម្ពុជា។

លោក ដាញ់ អេងកក្កដា នាយកប្រតិបត្តិ នៃអង្គការប្រើប្រាស់ទឹកប្រកបដោយចិរភាព បានមាន ប្រសាសន៍ឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវចំណេះដឹង នានា ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យ ដែលហៅកាត់ (WASH) ។ ដោយផ្តោត សំខាន់ទៅលើជំនាញ ដែលជាតម្រូវការក្នុងវិស័យទឹកស្អាត និងអនាម័យ ព្រមទាំងជំនាញ ក្នុងការ សរសេរសំណើនានាផងដែរ។

លោកបញ្ជាក់ថា អង្គការ CSW គឺជាអង្គការ មិនស្វែងរកប្រាក់ចំណេញ ដែលមានសម្មភាពទៅលើ ការ កសាងសមត្ថភាពយុវជនលើវិស័យទឹកស្អាតនិង អនម័យ ។ អង្គការនេះបានបង្កើតឡើង នៅ ពាក់កណ្តាលឆ្នាំ២០១៨ មានសម្មភាពសំខាន់ៗ ដើម្បីកសាងអ្នកជំនាញវ័យក្មេងកម្ពុជា ឱ្យក្លាយជា ភ្នាក់ងារផ្លាស់ប្តូរ និងអ្នកដឹកនាំនាពេលអនាគត សម្រាប់វិស័យទឹកស្អាត និងអនាម័យ។

ក្រៅពីនេះ ក៏ជំរុញចំណេះដឹងផ្នែកទឹកក្នុងតំបន់ និងពិភពលោក ការចងក្រងឯកសារ និងចែក រំលែកការអនុវត្តល្អ និងការងារច្នៃប្រឌិត បង្កើតដំណោះស្រាយប្រកបដោយចីរភាព ក្នុងការដោះ ស្រាយបញ្ហាទឹក តាមរបៀបដែលមានប្រសិទ្ធភាព និងប្រសើរជាងមុន ជាពិសេសប ង្កើតភាពជាដៃ គូ ដើម្បីជំរុញការបង្កើតថ្មី ភ្ជាប់ទំនាក់ទំនង ជាមួយអ្នកច្នៃប្រឌិត និងធនធានខាងក្រៅវិស័យ ក៏ដូច ជាបង្កើតក្រុមស្រាវជ្រាវ ដើម្បីជូនព័ត៌មាន និងសកម្មភាពពីតម្រូវការនានា ក្នុងការដោះស្រាយបញ្ហា ទឹក ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា៕

រាជរដ្ឋាភិបាលកម្ពុជាចេញ ស.ជ.ណ លុបចោលការកាត់ដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ជាង១០ហិកតា

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីប្រពន្ធ័ផ្សព្វផ្សាយជាច្រើន បានផ្សាយរឿងក្រុមជនខិលខូច ឃុបឃិតគ្នាលក់ ដីរបស់រដ្ឋជាច្រើនកន្លែងមកនោះ ហើយបានដឹងដល់ប្រមុខថ្នាក់ដឹកនាំកំពូលនោះ ទីស្ដីការគណៈ រដ្ឋមន្ដ្រី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បាននិរាករណ៍លិខិតអនុញ្ញាត ឲ្យមានការ លក់ដីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពង់ស្ពឺ ដែលមានទំហំជាង ១០ហិកតា ទៅឲ្យ ក្រុមហ៊ុនឯកជនមួយកាលពីពេលកន្លងទៅ។

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញលិខិតឲ្យក្រុមហ៊ុន ទូច សារិន ធ្វើការអភិវឌ្ឍនៅនឹងកន្លែង ដោយកាត់យកដីមន្ទីរកសិកម្មខេត្ដកំពង់ស្ពឺ ទំហំជាង១០ហិកតា ស្ថិតនៅភូមិចំការដូង ផ្លូវលេខ៤៤ សង្កាត់ច្បារមន ក្រុងច្បារមន ជាថ្នូរការសាងសង់អគារថ្មី នៅលើ ដីដែលនៅសេសសល់ជាង១២ហិកតា។

ក្រោយចេញសេចក្ដីសម្រេចខាងលើនេះ បាននាំឲ្យផ្ទុះការតវ៉ាពីមន្ដ្រីរដ្ឋបាលព្រៃឈើ និងមន្ដ្រី កសិកម្ម នៅក្នុងអង្គភាពរដ្ឋមួយនេះជាច្រើននាក់ ស្នើសុំកិច្ចអន្ដរាគមន៍ទៅថ្នាក់ដឹកនាំ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កុំឲ្យមានការលក់ទីតាំងមន្ទីរកសិកម្ម ទៅក្រុម ហ៊ុនឯកជន ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ។

យោងតាមលិខិតរបស់លោក ហ៉ីង ថូរ៉ាក់ស៊ី ដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នេះ បានបញ្ជាក់ថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលសម្រេចនិរាករណ៍ លិខិតលេខ៨៩៦ ស.ជ.ណ. កធ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ មន្ត្រីរាជការស្ថិតក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅគ្រាដែលបុគ្គលមួយចំនួន បានដើរទទួលលុយកក់ ពីក្រុមអ្នកទិញក្នុងខេត្តកំពង់ស្ពឺ និងមានអ្នកពីចម្ងាយរាប់សិបម៉ឺនដុល្លារ ដោយសន្យាកាត់ដីរដ្ឋមកឲ្យអ្នកទិញស្របច្បាប់ នាពេលដ៏ខ្លីខាងមុខ ហើយដីដែលគេគ្រោងលក់នោះ មានទីតាំងក្នុងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដីចំការប្រេងខ្យល់ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ដីសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង ក្នុងភូមិ ផ្គង់ ស្រុកសំរោងទង រួមទាំងដីរបស់មន្ទីរកសិកម្មខេត្តផងដែរ ដែលគិតជាទឹកលុយរាប់លានដុល្លារ ឯណោះ។

ការបែកធ្លាយរឿងលក់ដីរបស់រដ្ឋជាច្រើនកន្លែង ហើយគ្មានអ្នកណាម្នាក់ដឹងសោះនោះ បានធ្វើឲ្យ មន្ត្រីកសិកម្ម និងមន្រ្តីរដ្ឋបាលព្រៃឈើ មានការហួសចិត្តយ៉ាងខ្លាំងរហូតប្រកាសនាំគ្នាតវ៉ាដល់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ។

មានការលើកឡើងថា ដីរបស់រដ្ឋ នៃមន្ទីរកសិកម្មខេត្តដ៏ធំល្វឹងល្វើយ ពេលនេះ ត្រូវបានគេអង្កន់ពុះ ជាដីឡូត៍លក់ ហើយទទួលលុយកក់រាប់សិបម៉ឺនដុល្លាររួចហើយដោយគ្មាននរណាដឹងឡើយ ក្នុងនោះឲ្យតែដីរបស់កសិកម្ម ត្រូវក្រុមឈ្មួញដាក់តម្លៃរួចជាស្រេចក្នុងការចរចាលក់ ពិតជាមិនធម្មតា ! ។

តាមសេចក្តីរាយការណ៍ពីក្រុមមន្រ្តីទាំងនោះ ដីដែលគេកំពុងត្រៀមរត់ការលក់ទាំងអស់មាន ចំនួន៤កន្លែងរួមមាន៖
*ទី១៖ ដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ
*ទី២៖ ដីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើផ្គង់
*ទី៣៖ ដីចំការប្រេងខ្យល់ព្រៃផ្តៅ
*ទី៤៖ ដីមន្ទីរកសិកម្មមួយផ្នែក (បានទទួលលុយកក់មួយចំនួនហើយ) សរុបតម្លៃរាប់លានដុល្លារ ដែលមានក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ជាអ្នកដេញថ្លៃ។

មន្ត្រីខាងលើមួយចំនួន បានលើកឡើងថា ដីទាំងនោះ បើសិនជាលក់មានតម្លៃរាប់សិបលានដុល្លារឯណោះ ដែលទាមទាត្រូវបង្កើតឲ្យមានគណៈកម្មាធិការត្រឹមត្រូវ ប្រជុំវាយតម្លៃ ព្រមទាំងមានការយល់ព្រមពីមន្ត្រីបម្រើក្នុងអង្គភាពគ្រប់គ្រងដីទាំងនោះជាមុន មិនគួរមករៀបចំលក់ដោយគ្មានការពិភាក្សាគ្នាបែបនេះឡើយ៕

ស្ថានទូតជប៉ុន ជ្រើសយកយុវជនខ្មែរ៦ក្រុមទៅសំដែងរឿង«ស្រុកកំណើតខ្ញុំ»នៅក្រុងតូក្យូ

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែតុលាកន្លងទៅនេះ បានរៀបចំ ការប្រកួតដំណាក់ចុងក្រោយ ជ្រើសរើសបេក្ខជន បេក្ខនារីកម្ពុជា ចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន Jeneseys ឆ្នាំ២០១៩។ នៅក្នុងការប្រកួតនេះ ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានសម្រេចជ្រើស រើសបេក្ខជនបេក្ខនារីពីកម្ពុជា ចំនួន៦ក្រុម សរុប២៤រូប ចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាព ការច្រៀងរាំ សំដែងរឿង ក្រោមប្រធានបទ«ស្រុកកំណើតខ្ញុំ» ជាមួយបណ្តាយុវជនអាស៊ាន នៅ ប្រទេស ជប៉ុននៅដើមឆ្នាំ២០២០។

ថ្លែងនៅក្នុងពិធីនោះ លោកស្រី កាអូរិ តាណាបេ លេខាទី១ ប្រចាំស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានថ្លែងថា នៅក្នុងកម្មវិធីប្រកួតជ្រើសរើសបេក្ខជនបេក្ខនារីកម្ពុជា ចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន Jeneseys ឆ្នាំ២០១៩ នេះ មានសិស្សនិស្សិតកម្ពុជា ប្រមាណជិត ៥០០នាក់ ដែលមាន១២២ ក្រុម បានតាក់តែងច្នៃប្រឌិតរឿងរ៉ាវពិតនៅក្នុងសង្គមខ្មែរ ក្រោមប្រធានបទ«ស្រុកកំណើតខ្ញុំ» មកធ្វើការប្រកួតប្រជែងដណ្តើមជ័យលាភី។

លោកស្រីបន្តថា នៅក្នុងការប្រកួតនេះ ចុងក្រោយគណៈកម្មការបានសម្រេចជ្រើសរើសក្រុមឆ្នើមចំនួន ៦ក្រុម សរុបបេក្ខជន ២៤រូប យកទៅចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាពរាំច្រៀង និងសំដែងសាច់រឿងនៅប្រទេសជប៉ុន ជាមួយបណ្តាបេក្ខជនយុវជន មកពីបណ្តាប្រទេសនានានៅ ក្នុងតំបន់អាស៊ាន នៅចុងខែមករា ដើមឆ្នាំ២០២០ខាងមុខនេះ។

លោក ស៊ឺ ទ្រី អនុប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា គ្រប់ការ បង្ហាញដែលមានការច្រៀងផង រាំផង និងសំដែងផងពីសំណាក់បេក្ខជនទាំងអស់ គឺសុទ្ធតែល្អទាំង អស់ ពិសេសគឺការសំដែងបង្ហាញអត្ថន័យជាប្រវត្តិសាស្ត្រ និងការរីកចំរើននៃតំបន់វប្បធម៌ទេស ចរណ៍នានា នៅតាមមូលដ្ឋាននានារបស់ប្រទេសកម្ពុជា។

លោក បន្តថា សម្រាប់បេក្ខជនឆ្នើមដែលជាប់ជ័យលាភីចុងក្រោយនេះ គឺក្រុមបេក្ខជនដែលមាន គំនិតការច្នៃរប្រឌិតខ្ពស់ជាងគេ ហើយការសំដែងគឺមានភាពទាក់ទាញ និងមានសាមគី្គភាពគ្នាល្អ ។

សូមបញ្ជាក់ថា កម្មវិធី JENESYS ២០១៩ មានគោលបំណងជំរុញការយល់ដឹង និងការកសាង ទំនុក ចិត្តទៅវិញទៅមក ក្នុងចំណោមប្រជាជនជប៉ុន និងបណ្ដាប្រទេសចូលរួម ដើម្បីកសាង មូល ដ្ឋាន គ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីស្បថឡើងកាន់តំណែងប្រធានាធិបតីថ្មីប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅរសៀលថ្ងៃទី១៩ ខែតុលា នេះ ដើម្បីចូលរួមពិធីស្បថ ចូលកាន់តំណែងថ្មីរបស់លោក ចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតីឥណ្ឌូនេស៊ី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ហើយនៅរសៀលថ្ងៃសៅរ៏ ទី១៩ ខែតុលា នេះ ដើម្បីអញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ ឯកឧត្តមចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតី និង លោក ម៉ារូហ្វ អាម៉ីន (Marut Amin) ជាអនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្រាប់ អាណត្តិ ២០១៩-២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង ហ្សាការតា ។ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាន នៅក្នុងពិធីនោះផងដែរ។បើតាមរដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រីបានឲ្យដឹងថា គណៈប្រតិភូអមដំណើរ សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្ម ពិសេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។ តាមការគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបដោយឡែកជាមួយឯកឧត្តម ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់ អំពីកិច្ចសហប្រតិបត្តិការទ្វេ ភាគី និងពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា​៕