All posts by មេគង្គ ប៉ុស្តិ៍

ប្រធានាធិបតី​ហ្វីលីពីនបង្ហាញការមិន​ស​ប្យា​យ​ចិត្ត​ចំពោះអ្នករៀបចំ​ស៊ី​ហ្គេម​ឆ្នាំនេះ​​

ហ្វីលីពីន ៖ បន្ទាប់ពី​មានការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ជាច្រើន​ស្ដីពី​កំហុស​ដែល​បាន​កើតឡើង​អំឡុងពេល​ស៊ី​ហ្គេម​២០១៩ នេះ​លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​។​

​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​នេះ​ហាក់​មិនទាន់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​រៀបចំ​ឡើយ​។ ការធ្វើដំណើរ កន្លែង​ស្នាក់នៅ អាហារ​ហូបចុក និង​កន្លែង​ទីលាន​ហ្វឹកហាត់​ប្រកួត ជាដើម​នោះ សុទ្ធ​តែមាន​បញ្ហា​ទាំងអស់​។ ក្រុម​បណ្ដា​ប្រទេស​ដែល​ចូលរួម​សុទ្ធតែ​រិះគន់​ទៅលើ​ប្រព័ន្ធគ្រប់គ្រង ដែល​ផ្ដល់ឱ្យ​ពួកគេ​មិនបាន​ល្អ សម្រាប់​ការប្រកួត​។​

​អ្នកនាំពាក្យ​របស់លោក​ប្រធានាធិបតី Duterte បានចេញ​សេចក្តីថ្លែងការណ៍​ទាក់ទង​នឹង​កង្វល់​ជុំវិញ​ការរៀបចំ​ផែនការ​និង​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ ២០១៩ ដោយសារ​បញ្ហា​មួយចំនួន​កំពុង​ប្រឈម​ទាកទង​នឹង​កន្លែង​ស្នាក់នៅ អាហារ​ហូបចុក របស់​អត្ត​ព​លិ​ក​។​

​លោក Panelo បាន​និយាយប្រាប់ CNN ថា​ប្រធានាធិបតី​ហ្វីលីពីន មិន​ពេញចិត្ត​សម្រាប់​ការរៀបចំ​បែបនេះ​ទេ​។ ជាធម្មតា វា​មិន​សម​កើតឡើង​ក្នុងប្រទេស​ហ្វីលីពីន​ឡើយ វា​គួរតែ​ដំណើរការ​ទៅដោយ​រលូន មិនគួរ​រញ៉េរញ៉ៃ​ទេ​។ ដូច្នេះហើយ ទើបបានជា​លោក Duterte ខឹង​ចំពោះ​ក្រុម​អ្នករៀបចំ​នេះ​៕

 

កូរ៉េខាងជើងបង្កើនការគំរាមកំហែងនុយក្លេអ៊ែរ​កាន់​តែ​ខ្លាំងចំពោះអាមេរិក

កូរ៉េ​ខាង​ជើង ៖ មេដឹកនាំកូរ៉េខាងជើង លោក​ គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍​កំពុង​មមាញឹក​ក្នុង​ការ​ស្វែងរក​គ្រឿងផ្សំ​សម្រាប់​គ្រាប់​បែក ​និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​មី​ស៊ី​ល​ថ្មីៗ​ ដែល​អាច​ធ្វើ​ឱ្យ​មានការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប (ICBM) ដ៏​ធំ​មួយ​នា​ពេល​ខាង​មុខ ដែល​ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ក្រុម​អ្នក​រៀបចំ​ផែនការ​យោធា​ នៅ​មន្ទីរ​បញ្ច​កោណ​។

​រយៈពេល​ប្រហែល​២ឆ្នាំ​ហើយ​ចាប់​តាំង​ពី​លោក គីម ជុងអ៊ុន​ បាន​បាញ់​មី​ស៊ី​ល​ដែល​មាន​សមត្ថភាព ​វាយ​ប្រហារ​លើទឹក​ដី​សហ​រដ្ឋ​អាមេរិក​ទាំងមូលបាន​ប្រកាស​ថា ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​បានសម្រេច​ជោគជ័យ ហើយ​បាន​បញ្ឈប់​រាល់​ការ​សាកល្បង​គ្រប់​អាវុធ ICBM ​ទាំងអស់​។​ នៅ​ពេល​នោះ​មេដឹក​នាំ​កូរ៉េខាងជើង ក៏បាន​ក្លាយ​ជា​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ចំពោះ​អាមេរិក​ផងដែរ​។​

​ការ​ផ្អាក​ការ​បាញ់​សាកល្បង​របស់​លោក​ គីម បាន​បង្កើត​ឱ្យ​មាន​ទំនាក់ទំនង​ការទូត​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ​ដែល​នាំ​ឱ្យ​មាន​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​សិង្ហ​បុរី​, វៀតណាម​ និង​តំបន់​គ្មាន​យោធា​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​៕

 

ឃាត់ខ្លួនម្ចាស់ហាងលក់ស្រាល្បីៗក្លែងស្លាកសញ្ញានៅក្រុងប៉ោយប៉ែត

 

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបទីលក់ស្រា ក្លែងបន្លំម៉ាកសញ្ញាមួយកន្លែង យីហោ“តុលាលក់ស្រាគ្រប់ប្រភេទ” និងឃាត់ខ្លួនមនុស្សបានចំនួន២នាក់ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្បែរសាលាបាលិលេយ្យ២ ឋិតនៅ ភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលឃាត់ខ្លួន ១.ឈ្មោះ ថៃ ម៉ាឡា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជាម្ចាស់ហាងយីហោ “តុលាលក់ស្រាគ្រប់ប្រភេទ” រស់កន្លែងទីតាំងខាងលើ ២.ឈ្មោះ សេន សាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជាកម្មករលក់ស្រានៅទីតាំងខាងលើរួមទាំងវត្ថុតាងច្រើនជាច្រើនផងដែរ។

លោកឧត្តមសេនីយត្រី ចាប សុផាន់ឬទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពេលឆែកឆេរនេះសមត្ថកិច្ចបានរកឃើញបទល្មើស ១.ក្លែងបន្លំម៉ាកសញ្ញា ទី២. បិទតែមពន្ធគយក្លែងក្លាយ ទី៣.សំបកកេសស្រាក្លែងក្លាយផងដែរ ហើយសមត្ថកិច្ចនិងតាមដានពិនិត្យទៅលើគុណភាពស្រា បន្តទៀត។

លោកបន្តថា ការអនុវត្តឆែកឆេរទីតាំងខាងលើនេះ ដោយទទួលបានពាក្យបណ្តឹងមកពីក្រុមហ៊ុននាំចូលផ្តាច់មុខ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបសមត្ថកិច្ចឈានដល់វិធានការអនុវត្តលើទីតាំងនេះតែម្តង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញាPenfold Bin2 Bin8 Bin707 Bin128 Bin407 Bin389, ស្រាចំនួន២២៤កេស ស្មើរនឹង១,៤៨៨ដប ,ស្រាក្រហម៨៨ចំនួន១៣២កេសស្មើរនឹង១៥៨៤ដប, ប្រអប់៩៣ដបស្មើរនឹង៩៣០សន្លឹក, ស្ទីគ័រ៥២ដុំស្មើរនឹង៥២០០សន្លឹក, សំបកកេស៤០០ដុំស្នើរនឹង១០,០០០កេស (ក្លែងក្លាយ រំលោភកម្មសិទ្ធបញ្ញា)។

ក្រោយពីបិទទីតាំងលក់ស្រាខាងលើ វត្ថុតាងនិងជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ពាក់ព័ន្ធការចុះបង្ក្រាបទីតាំងលក់ស្រា ក្លែងបន្លំម៉ាកសញ្ញានេះ មហាជនស្នើឲ្យសមត្ថកិច្ចបន្តត្រួតពិនិត្យតូបលក់ស្រានៅតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាបន្តទៀតផង ដោយសង្ស័យថា ទំនិញមួយចំនួនអាចបង្កប់នូវបទល្មើសដូចករណីខាងលើនេះដែរ៕

កម្ពុជាឡើងឈរកំពូលតារាងពូល A បណ្តោះអាសន្ន ក្រោយលត់ទីម័រ ៥-០

បាល់ទាត ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជាបានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន។

៥គ្រាប់ដ៏សំខាន់នេះដែរបានជួយឲ្យក្រុម​កម្ពុជា​យក​បាន៣​ពិន្ទុ​ឡើងឈរលេខ១ ក្នុងពូលបណ្ដោះអាសន្ន (លេង២ ប្រកួត ស្មើ១ ឈ្នះ១ មាន៤ពិន្ទុ)។

១ គ្រាប់ដំបូងរកបានដោយ ស៊ីន កក្កដា(នាទី ៧) ចំណែក ៤ គ្រាប់ទៀតត្រូវចាំដល់តង់ទី ២ នាទី ៧០ ទើបរកបានដោយ រឹង ប៊ុនហៀង (ទើបនឹងដូរចូល) រំលងបាន ៥ នាទីក្រោយ សៀង ចន្ធា ដូរចូលដែរហើយក៏រកបាន ១ គ្រាប់នាទី ៧៧។ នាទី ៨២ កែវ សុខផេង ដែលបញ្ជូនឲ្យគេច្រើនគ្រាប់ក៏រកបាន ១ ដែរ បន្តដល់នាទី ៩១ គ្រាប់ទី ៥ ស៊ុតបានដោយរឹង ប៊ុនហៀង ចប់ការប្រកួត។

សម្រាប់ប្រកួត​បន្ទាប់​ទៀត​កម្ពុជា ​ប៉ះសុទ្ធ​តែ​ក្រុម​ខ្លាំង​មាន ​មីយ៉ាន់ម៉ា ​និង​ម៉ាឡេស៊ី។ ព្រឹត្តិការណ៍​ស៊ីហ្គេម​២០១៩​ នេះ​ក្រុម​កម្ពុជា ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ​និង​ទីម័រ។ ​ក្រុម​ក្នុង​ពូល ​លេខ​ ១​ និង​លេខ​២ ​នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

 

 

ក្រុមហ៊ុនធំៗចំនួន៣៥ មកពីប្រទេសចិនសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងសិក្សាស្វែងយល់ពីឱកាសសម្រាប់វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូមកពីពីសាធារណរដ្ឋប្រជាមានិតចិន និងបន្តជម្រាបជូនអំពើស្ថានភាពរួមរបស់រដ្ឋបាលខេត្ត សក្កានុពលនានា និងក្រុមហ៊ុននានាដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្ត ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC)។

ជាមួយគ្នានេះដែរលោកអភិបាលខេត្តក៏បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺកំពុងត្រូវការអ្នកវិនិយោគិនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្ត ហើយផ្តល់ទីផ្សារការរងារនៅនឹងកន្លែងជាច្រើនដល់ប្រជាជនកម្ពុជា មានការងារធ្វើ មានជីវភាពធូធារ កាត់បន្ថយការចំណាកស្រុក បង្កើនជីវភាពរស់នៅជួបជុំគ្រួសារ ឱ្យកាន់តែប្រសើឡើង ស្របពេលដែលខេត្តកំពង់ស្ពឺកំពុងក្លាយជាជង្រុករបស់អ្នកវិនិយោគផងដែរ។ បន្ថែមលើនេះលោកអភិបាលខេត្តបានសំណូមពរដល់គណៈប្រតិភូចិនជួយដល់ភាគីកម្ពុជាក្នុងការវិនិយោគលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តមានជីវភាពកាន់តែរីកចំរើនឡើង។

គណៈប្រតិភូបានរីករាយ និងទទួលសំណូមពររបស់លោកអភិបាលខេត្ត យកទៅសិក្សាបន្ថែម និងណែនាំកៀងគរអ្នកវិនិយោគលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តកំពង់ស្ពឺឲ្យមានការរីកចំរើនបន្ថែមទៀតនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត់។

លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនមួយចំនួនដែលបានវិនិយោគនៅខេត្តកំពង់ស្ពឺកន្លងមក និងបន្តសហការគ្នារកស៊ីជាមួយគ្នាធ្វើឲ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍កាន់តែរីចំរើនតទៅ៕

គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅអាល់បានី ស្លាប់មនុស្ស២៦នាក់ និង៦៥០នាក់របួស

អាល់បានី ៖ អាជ្ញាធរនៃប្រទេសអាល់បានីបានឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ចំនួនអ្នកស្លាប់ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ ដែលបានវាយប្រហារលើរដ្ឋធានី Tirana និងទីក្រុង Durres កាលពីថ្ងៃអង្គារបានកើនដល់២៦នាក់ហើយ និងជាង៦៥០នាក់រងរបួស។ នេះបើតាមសារព័ត៌មាន BBC ។

បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) គ្រោះរញ្ជួយដីនេះមានជម្រៅទៅក្នុងដី១០គីឡូម៉ែត្រ ព្រមទាំងមានចំណុចរញ្ជួយស្ថិតនៅចំងាយ៣០គីឡូម៉ែត្រពីរដ្ឋធានី Tirana។ ម្យ៉ាងវិញទៀត គិតមកទល់នឹងពេលនេះ មនុស្សច្រើនជាង៤០នាក់ ត្រូវបានគេទាញចេញពីគំនរអគារបាក់បែក រីឯក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការ របស់ពួកគេ ខណៈរដ្ឋាភិបាលប្រកាសកាន់ទុក្ខចំនួនមួយថ្ងៃ នៅថ្ងៃពុធនេះ។

គ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើ បានកើតឡើងជាលើកទី២នៅក្នុងប្រទេសអាល់បានី នារយៈពេល ២ខែមកនេះ ដោយកាលពីថ្ងៃទី២១ ខែកញ្ញា គ្រោះរញ្ជួយដី៥.៦រ៉ិចទ័រ ក៏ធ្លាប់បានវាយប្រហារលើប្រទេសក្នុងតំបន់ បាល់កង់នេះផងដែរ ជាមួយការបំផ្លាញ និងធ្វើឱ្យខូចខាតផ្ទះជាង៥០០ខ្នង៕

 

ផ្ទុះបណ្តឹងចោទលោកស្រី ហ៊ឹម សុវណ្ណរី រំលោភយកដីពលរដ្ឋនៅតំបន់អូរត្រេះ ស្រុកស្ទឹងហាវ

ដោយ ៖ ជុំ នរិន្ទ្រ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋចំនួន ១៤០គ្រួសារ នៅតំបន់អូរដំរី និងម្ចាស់ដីផ្សេងៗទៀតនៅខេត្តព្រះសីហនុ បានឲ្យដឹងថា ពួកគាត់បានរៀបចំដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ដោយចោទលោកស្រី ហ៊ឹម សុវណ្ណរី ថា បានរំលោភចាប់យកដីកម្មសិទ្ធិរបស់ពួកគាត់។ ជាមួយគ្នានេះ ក៏បានអំពាវនាវស្នើឲ្យលោកអភិបាល និងសាលាដំបូងខេត្តព្រះសីហនុ ជួយចាត់វិធានការចំពោះអ្នកដែលដើររំលោភទន្ទ្រានយកដីប្រជាពលរដ្ឋឲ្យបានតឹងរ៉ឹងតាមផ្លូវច្បាប់ទៀតផង។   

( លោក គួច ចំរើន  អភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងលោកស្រី ហ៊ឹម សុវណ្ណរី  កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩)

ក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ បានរៀបរាប់ដោយសុំមិនបញ្ចេញឈ្មោះថា លោកស្រី ហ៊ឹម សុវណ្ណរី មានខ្សែរយៈជាមួយអ្នកធំៗ ទើបគាត់ហ៊ានដើរធ្វើសកម្មភាពរំលោភយកដី ពលរដ្ឋរាប់រយហិកតាដែលកន្លងមកលោកស្រីក៏ធ្លាប់បានផ្ទុះរឿងអាស្រូវនៃការរំលោភដីធ្លីនៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត ស្រដៀងគ្នានេះដែរ។ ប្រភពដដែលបន្តថា លោកស្រី ហ៊ឹម សុវណ្ណរី បានប្រើវិធីកៀរគរកម្លាំងចូលកាប់ឆ្ការកាន់កាប់ដីធ្លីក្រោមលេសផ្សេងៗ លុះធ្វើបានហើយ គាត់ពុះចែកឲ្យក្រុមអ្នកចូលរួមកាប់ឆ្ការខ្លះ ប្រកាសលក់ខ្លះ និងធ្វើជាកាដូឲ្យមន្ត្រីធំៗខ្លះ ដើម្បីបិទបាំងទង្វើខុសច្បាប់ ហើយនៅសល់ប៉ុន្មានស៊ិះស៊ុះរត់ការរៀបឯកសារឲ្យក្លាយទៅជាដីកម្មសិទ្ធិស្របច្បាប់សម្រាប់ខ្លួនឯង។

ប្រភពដដែលបន្តថា ដូចជាករណីដីកម្មសិទ្ធិរបស់លោក ហេង វណ្ណា (ហៅតុង) ជាដើម ក៏បានប្តឹងផ្តល់ពីករណីរំលោភដីធ្លីពីសំណាក់លោកស្រី ទៅកាន់តុលាការដែរ ហើយកាលណោះលោក ហេង វណ្ណា បានឈ្នះក្តីទើបអាចយកដីត្រឡប់មកវិញបាន។ ស្រដៀងគ្នានេះដែរ សារព័ត៌មានក្នុងស្រុកមួយចំនួន ក៏ធ្លាប់ដកស្រងសំដីរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនពាក់ព័ន្ធនឹងការរំលោភដីធ្លីពីសំណាក់លោកស្រី ហ៊ឹម សុវណ្ណរី នេះដែរ គឺខេត្តកំពង់ស្ពឺ និងខេត្តកំពត។

បើតាមរបាយការណ៍របស់ទីចាត់ការអន្តរវិស័យ ខេត្តព្រះសីហនុ បានអោយដឹងថា ៖ លោកស្រី ហ៊ឹម សុវណ្ណរី បានរងបណ្តឹងចំនួន ៤ករណី តែតាមការពិតគឺមានរហូតដល់ទៅ ៦ករណីឯណោះ ដែលមានផ្ទៃដីសរុបប្រមាណ ១៣៥ហិកតា ហើយករណីនៃពាក្យបណ្តឹងនីមួយៗ គឺមានម្ចាស់ខុសៗគ្នាតែនៅក្នុងតំបន់អូរដំរីតែមួយ រួមទាំងដីរបស់វត្តដែលត្រូវបានចាត់ទុកជាគរុភ័ណ្ឌផងដែរ។

បណ្តឹងទាំងនោះរួមមាន ៖ – ករណីទី១ លោក ស្រី ហ៊ឹម សុវណ្ណរី ជាមួយលោកស្រី ម៉ី ឌីណាត្យា។ – ករណីទី២ លោក ស្រី ហ៊ឹម សុវណ្ណរី ជាមួយ លីហុង ស៊ីន។ – ករណីទី៣ លោក ស្រី ហ៊ឹម សុវណ្ណរី ជាមួយលោក ម៉ន ស៊ីណា និងលោក កែវ ឡេង តំណាងអោយប្រជាពលរដ្ឋ ១៤០ គ្រួសារ។ – ករណី ទី៤ លោក ស្រី ហ៊ឹម សុវណ្ណរី ជាមួយ លោក លី សួរ ។ – ករណី ទី៥ លោក ស្រី ហ៊ឹម សុវណ្ណរី ជាមួយ លោក ឈិន ឡុង និងនៅពេលថ្មីៗនេះ យើងឃើញមានពាក្យបណ្តឹងមួយករណីទៀត គឺលោកស្រី ហ៊ឹម សុវណ្ណរី ជាមួយលោក ណុប បិន។

គួររំឭកថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចូលរួមបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីសម្របសម្រួល និងដោះស្រាយករណីវិវាទដីធ្លីរវាងលោកស្រី ហ៊ឹម សុវណ្ណរី និងប្រជាពលរដ្ឋស្ថិតនៅតំបន់អូរដំរី ក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងមួយភាគទៀតស្ថិតនៅក្នុងក្រុងព្រះសីហនុ ហើយលទ្ធផលនៃដំណោះស្រាយមិនទទួលបានជាដុំកំភូនឡើយ ប៉ុន្តែក្នុងឱកាសនោះ លោកអភិបាលខេត្ត បានព្រមានធ្ងន់ៗថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលបង្កើតឲ្យមានបញ្ហាដូចបានរៀបរាប់ខាងលើនេះ ដោយមិនទុកឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ខេត្ត និងប្រមុខរាជរដ្ឋាភិបាលឡើយ។

ភាគីលោកស្រី ហ៊ឹម សុវណ្ណរី នៅមិនទាន់អាចសុំការពន្យល់ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមប្រជាពលរដ្ឋដូចខាងលើនេះបាននៅឡើយទេ។

ក្រុមប្រជាពលរដ្ឋរស់នៅតំបន់អូរដំរី ស្រុកស្ទឹងហាវ បានអំពាវនាវ ដល់លោកអភិបាលខេត្ត និងតុលាការខេត្តព្រះសីហនុ មេត្តាស៊ើបអង្កេតស្រាវជ្រាវលម្អិតពីករណីដូចបានរៀបរាប់ខាងលើនេះ ដើម្បីផ្តល់យុត្តិធម៌ឲ្យពលរដ្ឋរងគ្រោះរាប់រយគ្រួសារដោយសារការរំលោភយកដីធ្លីពីសំណាក់ លោកស្រី ហ៊ឹម សុវណ្ណរី នេះផង បើមិនដូច្នេះទេ ពួកគាត់បង្ខំចិត្តត្រូវស្វែងរកការអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន តែម្តង៕

( ភាគីលោកស្រី ហ៊ឹម សុវណ្ណរី ក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីជាមួយប្រជាពលរដ្ឋក្រោមវត្តមានលោកអភិបាលខេត្តព្រះសីហនុ)

សាកសព​១៦​នាក់ដំបូង​ នៃសពទាំង៣៩​នាក់​បាន​បញ្ជូន​មកដល់​វៀតណាម​ហើយ​

​វៀតណាម ៖ ប្រភព​សន្តិសុខ​អាកាសយានដ្ឋាន​បាន​និយាយថា សាកសព​មនុស្ស ១៦​ដំបូង​នៃ​ជនរងគ្រោះ​វៀតណាម​ទាំង ៣៩​នាក់​ដែល​ត្រូវបាន​រកឃើញ​ស្លាប់​នៅក្នុង​រថយន្ត​ដឹកទំនិញ​មួយ​នៅក្នុង​ប្រទេស​អង់គ្លេស​កាលពី​ខែ​មុន​បាន​បញ្ជូន​មកដល់​ប្រទេស​វៀតណាម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៧ ខែវិច្ឆិកា​នេះ ។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​សាកសព​ជង​រងគ្រោះ​សរុប​ចំនួន ១៦​នាក់ ត្រូវបាន​បញ្ជូន​មកដល់​វៀតណាម តាម​ជើងហោះហើរ​របស់​អាកាស​ចរណ៍​វៀតណាម Vietnam Airlines មាន​គោលដៅ​ពី​ទីក្រុង​ឡុង​ដ៍ ឆ្ពោះ​មកកាន់​ទីក្រុង​ហាណូយ​។ ជនរងគ្រោះ​ទាំង១៦​នាក់​នោះ មាន​ដើមកំណើត​មកពី​ខេត្ត​ចំនួន ០៣​ផ្សេងគ្នា នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម រួមមាន​ខេត្ត Nghe An Ha Tinh និង Quang Binh​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​២៣ ខែតុលា កន្លងទៅនេះ សាកសព​មនុស្ស​ប្រុស​ចំនួន ៣១​នាក់ និង​ស្ត្រី ០៨​នាក់ ត្រូវបាន​អាជ្ញាធរ​អង់គ្លេស​ប្រទះឃើញ​នៅក្នុង​ទូរ​កុងតឺន័រ​ក្លាសេ នៃ​រថយន្ត​មួយគ្រឿង ដែល​ចត​ចោល​នៅ​តំបន់​អ៊ី​សសិ​ក (Essex) ក្បែរ​ទីក្រុង​ឡុង​ដ៍​៕

 

១១ខែឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាពិនិត្យ និងព្យាបាលជំងឺកុមារកម្ពុជាជាង១លាននាក់

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលទទួលបាននៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបង្ហាញថា នៅរយៈពេល១១ ខែឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងរាជធានីភ្នំពេញ និងសៀមរាបបានទទួលពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារជាង១លាននាក់។

សេចក្តីប្រកាសដដែលបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៩ មានកុមារចំនួន៩០៤,៣៦៦ ករណី ត្រូវបានពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះខាងក្រៅ, កុមារចំនួន១៩១,២៤៩នាក់ ត្រូវបានដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ក្នុងនោះមានកុមារ ៣៣,៩៤៤នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ, កុមារ២៤,៦១៧នាក់ ត្រូវបានវះកាត់ទូទៅ និងកុមារចំនួន៨៩១នាក់ ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូង តាមសរសៃឈាម (ទាំងនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងភ្នំពេញ)។ លើសពីនេះទៅទៀត ស្ត្រីមានផ្ទៃពោះចំនួន ១៤៨ ២៤៨ ករណីបានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ព្រមទាំងបានសម្រាលកូនបានចំនួន ២៣ ៣៥០នាក់៕

ភ្ជង់កាំភ្លើងប្លន់យកម៉ូតូស្កុបពីស៊េរីឆ្នាំ២០២០ទាំងព្រឹកនៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូម៉ាកហុងដាស្កុបពីពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1HI 5464 យកទៅបាត់។ ហេតុការណ៍ភ្ជង់ប្លន់យ៉ាងសាហាវខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចផ្លូវលំម្តុំលក់ទឹកត្នោតជូ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ឡាយ ពៅ អាយុ៣៨ឆ្នាំ មុខរបរលក់កាហ្វេស្នាក់នៅម្តុំកើតហេតុខាងលើ។

បើយោងតាមសម្តីស្ត្រីរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងដោយរូបគាត់សោកស្តាយម៉ូតូដែលទើបនឹងទិញមកបានមួយសប្តាហ៍ និងទើបយកទៅកិបស្លាកលេខកាលពីម្សិលមិញ។ ជនរងគ្រោះបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូយកបាយទៅឲ្យម្តាយរបស់គាត់នៅម្តុំបន្ទាយរថពាសដែកទួលពង្រ លុះត្រលប់មកវិញក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងតាមក្រោយគាត់រហូតដល់ផ្លូវស្ងាត់ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីពុំស្គាល់ម៉ាកតំរង់ភ្ជង់ប្លន់គាត់ ហើយក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាពដោយគ្មានការរំខានដល់សមត្ថកិច្ចខណ្ឌពោធិសែនជ័យ នោះឡើយ។

ក្រោយពេលកើតហេតុទើបឃើញកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុហើយក៏បានដឹកស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១៕

កម្ពុជានៅសល់ផ្ទៃដីប្រមាណ៨៩០ គីឡូម៉ែត្រក្រឡា ដែលមានការគម្រាមដោយសារមីន

ភ្នំពេញ ៖ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានរាយការណ៍ជូនកិច្ចប្រជុំពេញអង្គនូវសំណើសុំរបស់កម្ពុជាក្នុងការពន្យារពេលបោសសម្អាតលើកទី២។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីលទ្ធផលបណ្តាលមកពីសង្គ្រាមជាង៣ទស្សវត្សន៍ដែលនាំឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលបន្សល់ទុកនូវគ្រាប់មីនច្រើនជាងគេបំផុតនៅលើពិភពលោក។ លោកទេសរដ្ឋមន្ត្រី ក៏បានលើកនូវលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងអំឡុងពេលសំណើសុំពន្យាពេលលើកទី១។ គិតចាប់ពីឆ្នាំ១៩៩២ ដល់ខែធ្នូ ២០១៨ កម្ពុជាបោសសម្អាតបានផ្ទៃដី ១.៨២៣ គីឡូម៉ែត្រក្រឡា ដោយរកឃើញនិងបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់ គ្រាប់មីនប្រឆាំងយាន្តយន្តប្រមាណ ២.៤៨៤០គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៣លានគ្រាប់។

លោកបន្តថា កម្ពុជានៅសល់ផ្ទៃដីប្រមាណ ៨៩០គីឡូម៉ែត្រក្រឡា ដែលមានការគម្រាមដោយសារមីន ហើយដែលត្រូវបោសសម្អាតឲ្យអស់ក្នុងរយៈពេល៦ឆ្នាំខាងមុខ។ កម្ពុជាមានផែនការជាក់លាក់សម្រាប់រយៈពេល៦ឆ្នាំខាងមុខគឺ នឹងស្រាវជ្រាវ៧៣ស្រុកដែលនៅសល់ បន្តជំរុញឲ្យកងយោធពលខេមរភូមិន្ទចំនួន២.០០០នាក់ ឲ្យចូលរួមក្នុងការបោសសម្អាតមីនមនុស្សធម៌ បន្តស្វែងរកនូវវិធីសាស្រ្តថ្មីៗដើម្បីកាត់បន្ថយផ្ទៃដីដែលមានការគម្រាម ទាក់ទាញម្ចាស់ជំនួយពីប្រភពផ្សេងៗ និងធ្វើការបោសសម្អាតផ្ទៃដីដែលមានការគម្រាមដោយមីនប្រឆាំងយាន្តយន្តប្រមាណ ៨០៦គីឡូម៉ែត្រក្រឡា។

លោកបញ្ជាក់ថា ដើម្បីសម្រេចផែនការនេះ កម្ពុជាត្រូវការថវិកាប្រមាណ ៣៧៧លានដុល្លារ ក្នុងនោះត្រូវប្រើប្រាស់តាមអាទិភាព គឺបោសសម្អាត១១០គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០២០-២០២១ នៅក្នុងភូមិចំនួន៥០០សម្រាប់ផ្ទៃដីដែលមានការគម្រាមដោយសារមីន។

ចូលរួមនៅក្នុងសំណើសុំរបស់កម្ពុជា អង្គការ ICBL និងអង្គការ GICHD បានសំដែងនូវការគាំទ្រទាំងស្រុងសម្រាប់សំណើសុំនេះ ពីព្រោះកម្ពុជាមានការតាំងចិត្តខ្ពស់ និងមានផែនការច្បាស់លាស់ដែលអង្គការកំពូលទាំងពីរនេះយល់ថា កម្ពុជាពិតជាអាចបំពេញបាននូវកាតព្វកិច្ចនេះ៕

 

ជប៉ុនកោតសរសើររដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈពិតប្រាកដក្នុងការបោសសម្អាតគ្រាប់មីន

អូស្លូ ប្រទេសណ័រវេស្ស ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីពិធីបើកសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ លោកទេសរដ្ឋមន្ត្រី លី ធុជ បានជួបពិភាក្សាការងារជាមួយលោកស្រី OMI Asako, អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសជប៉ុន។

លោកទេសរដ្ឋមន្ត្រី បានសំដែងនូវការអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់នូវការយកចិត្តទុកដាក់និងផ្តល់នូវជំនួយជាបន្តបន្ទាប់លើវិស័យបោសសម្អាតមីននៅកម្ពុជា ជាពិសេសការផ្តល់កិច្ចសហការដោយផ្ទាល់ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។ លោកទេសរដ្ឋមន្ត្រី បានស្នើសុំរដ្ឋាភិបាលជប៉ុនបន្តជួយវិស័យបោសសម្អាតមីននៅកម្ពុជា ដើម្បីកម្ពុជាមានលទ្ធភាពសម្រេចបាននូវគោលដៅ កម្ពុជាអស់ការគម្រាមដោយសារមីននៅឆ្នាំ២០២៥។

ក្នុងជំនួបនោះដែរ លោកស្រីសំដែងនូវការកោតសរសើររដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈពិតប្រាកដក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានទទួលយកសំណើរបស់កម្ពុជាដាក់បញ្ចូលទៅក្នុងរបៀបវារៈ សម្រាប់ជជែកពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុននៅពេលខាងមុខ៕

 

វៀតណាមកាត់ទោសអ្នកលេង Facebook ម្នាក់ដាក់គុករយៈពេល៦ឆ្នាំ ករណីចែកចាយព័ត៌មានញុះញង់ប្រឆាំងរដ្ឋាភិបាល

ហាណូយ ៖ តុលាការមួយនៅប្រទេសវៀតណាមកាលពីថ្ងៃអង្គារម្សិលមិញបានកាត់ទោសអ្នកប្រើប្រាស់ Facebook ម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ដោយសារការបង្ហោះ និង Live Facebook ចែកចាយព័ត៌មានមិនពិតជាបន្តបន្ទាប់នៅលើប្រព័ន្ធទំនាក់ទំនងសង្គម ដែលរដ្ឋាភិបាល វៀតណាមចាត់ទុកថា ជាការប្រឆាំងនឹងរដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មាន CGTN។

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ Nguyen Chi Vung អាយុ៣៨ឆ្នាំ ពីបទបង្កើត និងធ្វើឲ្យរីករាលដាលនូវព័ត៌មានប្រឆាំងរដ្ឋាភិបាល ដោយតុលាការរបស់ប្រជាជននៅខេត្ត Bac Lieu។

ដោយឡែកតុលាការបានបញ្ជាក់ថា ជនជាប់ទោស Nguyen Chi Vung បានផ្សាយផ្ទាល់ (Livestream) ចំនួន៣៣លើក លើប្រព័ន្ធ Facebook ដើម្បីចែករំលែក ព័ត៌មានមិនពិត និងជំរុញឲ្យប្រជាជន ចូលរួមក្នុងការតវ៉ាអំឡុងពេលបុណ្យជាតិ។

ទោះបីជាកំពុងធ្វើការកែទម្រង់សេដ្ឋកិច្ចទាំងស្រុង និងកំពុងបើកការផ្លាស់ប្តូរចំពោះការផ្លាស់ប្តូរសង្គម បក្សកុម្មុយនីស្តវៀតណាម នៅតែបន្តរឹងបន្តឹងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងមិនអត់ទ្រាំចំពោះការរិះគន់នោះទេ ហើយការបង្ក្រាបប្រឆាំងរបស់រដ្ឋាភិបាល បានបង្ហាញនូវសញ្ញាកាន់តែខ្លាំងឡើងនាពេលថ្មីៗនេះ៕

 

ក្រសួងជូនដំណឹងពីស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៣ ខែធ្នូ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព ធាតុអាកាសជាប្រចាំទាំង នៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុង គ្របដណ្តប់លើកម្ពុជា ។

ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសនៅកម្ពុជា៖

១៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C ។

២៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C។

៣៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង កែប កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បរមាមានពី ២៥-២៦°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C៕

 

អភិបាលខេត្តកំពង់ចាមជំរុញឲ្យអាជ្ញាធរមូលដ្ឋានបំផុសដល់ប្រជាពលរដ្ឋឲ្យចេះថែរក្សាទឹកទុក

ខេត្តកំពង់ចាម ៖ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងឯកឧត្ដម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួង ធនធានទឹក និង ឧតុនិយមបានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុកសម្រាប់ប្រេីប្រាស់ ដើម្បីត្រៀមបង្កានឹងគ្រោះរាំងស្ងួត។

យោងតាមការព្យាករណ៍ ក៏ដូចជាស្ថានភាពជាក់ស្ដែងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភាព “អែលនីណូ” ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើនដូចជា÷

ធាតុអាកាសមានភាពក្តៅហួតហែង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវដោយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែ១លើក ហើយបន្ទាប់មកក៏បានស្រកជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមកបើទោះបីជាចាប់ពីខែកក្កដាឆ្នាំ២០១៩ បាតុភូត”អែលណូនី”បានថមថយឥទ្ធិពលជាបណ្ដើរបណ្ដើរទន្ទឹមនឹងអាងទឹកនានាពេលកន្លងមកបានរក្សាទុកស្ទើរតែ១០០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក៏ដោយបញ្ហាគ្រប់គ្រងនិងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាពដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា ស្រូវរដូវប្រាំងឆ្នាំ២០១៩-២០២០ និងការប្រើប្រាស់ជាប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនៃឆ្នាំថ្មី។

យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើរាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម

១, ការងារបង្កបង្កើនផលស្រូវរដូវប្រាំងក្នុងឆ្នាំ២០១៩-២០២០ គឺអាចធ្វើបានតែមួយដងប៉ុណ្ណោះដោយមិនអាចធ្វើស្រែប្រាំងលើកទីពីរបានទេបើទោះបីជាទឹកនៅបណ្ដាអាងដែលមានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃនិងការដាំដំណាំរួមផ្សំផ្សេងៗទៀតក្រៅពីស្រូវ។

ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ជាប្រចាំថ្ងៃបណ្ដុះរហូតដល់មានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕ ដោយ ៖ ប៉ែន សុផល