All posts by មេគង្គ ប៉ុស្តិ៍

អ្នកដាំបន្លែស្នើស្ថាប័នជំនាញជួយបង្រៀនវិធីដាំ និងការពារសត្វល្អិតស៊ីដំណាំសាឡាត់

បាត់ដំបង ៖ ប្រជាពលរដ្ឋដាំបន្លែសាឡាត់ លក់គ្រប់រដូវកាល ស្ថិតក្នុងភូមិសំរោងស្នោ ឃុំសំរោង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង បានស្នើសុំមន្ត្រីជំនាញអង្គការដៃគូជួយបង្រៀនវិធីបង្ការ ឬការពារព្យាបាលជំងឺ ដែលកើតឡើងលើបន្លែសាឡាត់ និងសុំជួយបង្រៀនពីវិធី ឬបច្ចេកទេសនៃការដាំសាឡាត់ ឲ្យមាន លក្ខណៈស្ដង់ដារដោយសារពួកគាត់មានបំណងចង់ពង្រីកការដាំដុះដើម្បីទទួលបានផលច្រើនសម្រាប់យកទៅផ្គត់ផ្គង់នៅតាមទីផ្សារនានាទូទាំងប្រទេស ក៏ដូចជាអភិវឌ្ឍន៍ភូមិឋានឲ្យក្លាយទៅជាភូមិមួយ ផលិតផលមួយផងដែរ។

ប្រជាពលរដ្ឋដាំបន្លែសាឡាត់លក់ បានប្រាប់ឲ្យដឹងថា ក្នុងតំបន់របស់ពួកគាត់ មានប្រជាពល រដ្ឋជាច្រើនគ្រួសារក្រៅពីធ្វើស្រែ បាននាំគ្នាដាំបន្លែជាលក្ខណៈវិលជុំ លក់ជាច្រើនប្រភេទ ពិសេស ដំណាំ បន្លែសាឡាត់ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារធ្វើឲ្យជីវភាព កាន់តែល្អប្រសើ រឡើង។ បន្លែប្រភេទសាឡាត់ នេះ ស្រួលដាំជាងបន្លែមួយចំនួន ព្រោះមិនសូវមានរោគយារយី ឬសត្វ ល្អិតធ្វើទុក្ខ ដោយនៅពេលជួបបញ្ហាម្ដងៗ ងាយរកថ្នាំការពារ ឬបង្ការ ធុននឹងកម្ដៅ ធុននឹងទឹកភ្លៀង ធ្លាក់ជោគជាំ មិនងាយខូច ហើយពេលវេលានៃការដាំរយៈពេលតែ ១ខែកន្លះ អាចប្រមូលផលបាន ហើយមានទីផ្សារល្អច្រើន ប៉ុន្តែតម្លៃឡើងចុះទៅតាមរដូវកាល។ក្នុងមួយឆ្នាំៗ បើមានផ្ទៃដីត្រឹមប្រមាណ ១រ៉ៃ(៤០ម៉ែត្រគុណ៤០ម៉ែត្រ) អាចរកចំណូលបានប្រាក់ជាង ១០លានរៀល។

ប្រជាពលរដ្ឋដាំបន្លែ បានស្នើសុំមន្ត្រីជំនាញ អង្គការដៃគូ ជួយបង្រៀនវិធីបង្ការ ឬការពារ ព្យាបាល ជំងឺដែលកើតឡើងលើបន្លែសាឡាត់ នេះ ក្នុងនោះមានប្រភេទជំងឺ ក្រាស៊ី ដែលពិបាកក្នុងការព្យាបាល ជាងគេ។ ម្យ៉ាងទៀត សុំឲ្យជួយបង្រៀនបច្ចេកទេសជំនាញដាំសាឡាត់ ដែលមានលក្ខណៈស្ដង់ដារ អាចផ្តល់លទ្ធផលខ្ពស់​។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅភូមិសំរោងស្នោ នេះ ក្រៅពីដាំបន្លែសាឡាត់ មានពលរដ្ឋដាំបន្លែស្ពៃ ស្ពៃផ្កា ឬដើមខាត់ណា ម្ទេស ននោង ត្រសក់ផងដែរ ខណៈពេលរាជរដ្ឋាភិ បាល កំពុងធ្វើការស្ដារប្រឡាយទឹក ដែលបំបែកចេញពីដងស្ទឹងសង្កែ នៅក្នុងតំបន់នោះ ដើម្បីបានជា ប្រយោជន៍ដល់កសិករអាចធ្វើស្រែបានចាប់ពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំ ហើយអាចទាញយកទឹកមក ស្រោចស្របដំណាំផ្សេងៗផងដែរ ៕ 

អត្រាអ្នកផ្ទុកមេរោគអេដស៏ ធ្លាក់ចុះមកត្រឹម ០,៥ភាគរយ នៅឆ្នាំ២០១៩

ភ្នំពេញ ៖ អត្រាអ្នកផ្ទុកមេរោគអេដស៏ បានធ្លាក់ចុះមកត្រឹម០.៥ភាគរយនៅឆ្នាំ ២០១៩ គ្រាដែលអត្រា ចំលងថ្មីបានធ្លាក់ចុះពីជាង២៣០០នាក់ក្នុងឆ្នាំ ២០១០ មកត្រឹម៨៨០នាក់ នៅឆ្នាំ២០១៩។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវឲ្យជនរួម ជាតិ រួមគ្នាជាចរន្តជាតិមួយក្នុងការទប់ស្កត់ការរីករាលដាលនៃមេរោគអេដស៏ និងជំងឺអេដស៍ ក្នុង ការកសាងកម្ពុជាមួយ ដែលគ្មានមេរោគអេដស៏នៅឆ្នាំ២០២៥។

ការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់ អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគ អេដ ស៏ ជំងឺអេដស៏ និងការអភិវឌ្ឍ នៅកម្ពុជា នៅក្នុងសារលិខិតមួយ ដើម្បីចូលរួមអបអរឱកាសទិវា ពិភពលោក ប្រយុទញធនឹងជំងឺអេដស៏ ០១ ធ្នូ ២០១៩ ក្រោមប្រធានបទ«ទាំងអស់គ្នាចូលរួមជា ចរន្តជាតិមួយ ក្នុងការទប់ស្កត់ការរីករាលដាលនៃមេរោគអេដស៏ និងជំងឺអេដស៏»។

សម្តេចប្រធានបាន ត្បិតតែកម្ពុជាសម្រេចបាននូវសមិទ្ធិផលធំធេង និងជោគជ័យក្នុងការកាត់ បន្ថយអត្រាឆ្លងថ្មីនៃមេរោគអេដស៏ ប៉ុន្តែបើយើង មានការធ្វេសប្រហែសនោះ មេរោគអេដស៏ នឹង អាចផ្ទុះឡើងវិញ។ សម្តេច ប្រធានព្រួយបារម្ភចំពោះក្រុមបុរសរួមភេទជាមួយបុរស កុ្រមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់ និងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារក្នុងកន្លែងកំសាន្ត សប្បាយជាដើម។

ជាការកត់សំគាល់ក្នុងរយៈពេល២៨ឆ្នាំមកនេះ កម្ពុជារួមជាមួយដៃគូអភិវឌ្ឍ សង្គមស៊ីវិល កាកបាទ ក្រោម និងជនរួមជាតិ បានខិតខំប្រយុទ្ធប្រឆាំងជំងឺអេដស៏ រហូតសម្រេចបានការទប់ស្កាត់ការីក រាលដាលមេរោគអេសដស៏ ជំងឺអេដស៏ ធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៏ក្នុងចំណោម ប្រជាជនទូទៅ ចាប់ពីអាយុ ១៥ ទៅ៤៩ឆ្នាំ បានធ្លាក់ចុះពី១.៦ភាគរយនៅឆ្នាំ១៩៩៨ ធ្លាក់ចុះមក១ភាគរយ នៅ ឆ្នាំ២០០៦ និងបន្តធ្លាក់ចុះមកត្រឹម០.៨ភាគរយនៅឆ្នាំ២០១០។ ពិសេស នៅឆ្នាំ២០១៩នេះ អត្រា ផ្ទុកមេរោគអេដស៏ បានធ្លាក់ចុះមកត្រឹម០.៥ភាគរយ។ បើតាមរបាយការណ៍របស់ អាជ្ញាធរ ជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០១៩ នេះនបង្ហាញឲ្យថា កម្ពុជាអាចកាត់បន្ថយការចម្លងមេរោគអេដស៍ ថ្មី បានពី ២,៣០០នាក់ ក្នុងឆ្នាំ២០១០ មកនៅត្រឹមចំនួនប្រមាណ៨៨០នាក់ ក្នុងឆ្នាំ២០១៩។

ចំណែកឯការផ្តល់ឱសថប្រឆាំងមេរោគអេដស៍វិញ អាចសម្រេចបាន ៩៩% ក្នុងចំណោមអ្នកផ្ទុក មេរោគអេដស៍ដែលកំពុងត្រូវឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាល។ ជាលទ្ធផល បានធ្វើឱ្យអត្រាមរណភាពដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ។ លើសពីនេះទៅទៀត អត្រាធ្វើតេស្តរកមេរោគអេដស៍ក្នុងចំណោមស្ត្រីមានផ្ទៃពោះបានកើនឡើងខ្ពស់ អត្រាចម្លងពីម្តាយ ដែលមានផ្ទុកមេរោគអេដស៍ទៅកូន និងសន្ទស្សន៍នៃការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍មានការថយចុះខ្លាំងគួរជាទីមោទនៈ។

រាជរដ្ឋាភិបាល កំពុងស្ថិតនៅលើផ្លូវត្រូវក្នុងការ កសាងសង្គមមួយ ដែលគ្មានបញ្ហាអេដស៍នៅឆ្នាំ ២០២៥ ពោលគឺ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៏របស់ខ្លួន ៩៥% នៃអ្នកដែលដឹងពីស្ថានភាពផ្ទុកមេរោគ អេដ ស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% នៃអ្នកដែលបានទទួល ការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួន មេ រោគអេដស៏នៅក្នុងខ្លួន ជាមួយនឹងការបំបាត់ទាំងស្រុងនូវ ការស្អប់ខ្ពើម រើសអើង និងមាក់ងាយអ្នក ផ្ទុក និងអ្នកជំងឺអេដស៏៕

កម្ពុជា បង្ហាញពីអត្ថប្រយោជន៍ពីសមាគមអន្តរជាតិ ក្រុងប្រើប្រាស់ភាសាបារាំង (AIMF)

ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវមកពី ១៤០ទីក្រុងនៅជុំវិញពិភពលោក ដែលនឹងមកចូលរួមមហាសន្និបាត សមាគម អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ហៅកាត់ថា AIMF (លើកទី៣៩) ហើយដើម្បីអោយ ប្រជាពលរដ្ឋយល់ច្បាស់អំពីអត្ថន័យ ខ្លឹមសារ និងអត្ថប្រយោជន៍ នៃមហាសន្និបាតនេះ។

នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹក ថ្ងៃទី២៩ វិច្ឆិកា នៅសាលារាជធានី ភ្នំពេញ ដោយមានសារព័ត៌មានជាតិ អន្តរជាតិ ចូលរួមយកព័ត៌មាន ជាច្រើនអង្គភាព។

ក្នុងសន្និសីទសារព័ត៌មាននោះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាស ន៍ លើកឡើងថា មហាសន្និបាទសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលនឹង ធ្វើឡើងនៅដើមខែធ្នូនេះ មានប្រធានបទ ឬ កម្មវិធីសំខាន់ៗចំនួន៣ ក្នុងនោះមាន៖ ទី១ បើកមហា សន្និបាត ដើម្បីអនុមតិនូវការងារសំខាន់មួយចំនួន និងការដាក់ទិសដៅការងារនៅឆ្នាំ បន្ទាប់របស់ សមាគមន៍។ ទី២ ក្រោយបើកមហាសន្និបាត ធ្វើសន្និសីទ បច្ចេកទេស ពាក់ព័ន្ធទៅនឹងការរៀបចំ ក្រុងឡើងវិញ បន្ទាប់ពីមានគ្រោះមហន្តរាយនានា និងកម្មវិធីទី៣ ជាកម្មវិធី ផ្លូវការណ៍ ដោយមាន កិច្ច ប្រជុំអចិន្ត្រៃយ៍ ដែលមានតែ២៧ទីក្រុងប៉ុណ្ណោះចូលរួម ដើម្បីអនុមតិ លើ របាយការណ៍សំខាន់ ៗ មួយចំនួនសម្រាប់ដាក់ឆ្លងមហាសន្និបាត។

លោកបន្តថា ការបង្កើតសមាគមនេះឡើង គឺដើម្បីចងក្រងប្រទេសដែលប្រើភាសាបារាំងសម្រាប់ ចែករំលែកបទពីសោធន៍ ដោះស្រាយបញ្ហាប្រឈមរបស់ទីក្រុង ក៏ដូចជាពង្រឹងនូវសម្ព័ន្ធមេត្រីភាព រវាង ទីក្រុងនិងទីក្រុង។

សូមជម្រាបថា សមាគមនេះ ត្រូវបានបង្កើតឡើង ដើម្បីចងក្រង ប្រមូលផ្តុំបណ្តា ទីក្រុងទាំងអស់ ចែករំលែកបទពិសោធន៍គ្នា ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា និងជួយគ្នាទៅវិញទៅមក មានន័យថា ទីក្រុងធំ ត្រូវជួយមកទីក្រុងដែលមានតម្រូវការអភិវឌ្ឍដោយ ជួយជាជំនួយបច្ចេកទេស ឬ ផ្តល់ជាមូលនិធិពីអង្គការនានា នៅលើពីភពលោក តាមរយៈ AIMF នេះ៕

កម្ពុជា ស្នើស៊ុយអែត បន្តផ្ដល់ជំនួយមនុស្សធម៌សម្រាប់សកម្មភាពដោះមីន

ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ លោក ប្រាក់ សុខុន បានស្នើដល់រដ្ឋាភិបាលស៊ុយអែត ពិចារណាឡើងវិញ លើការផ្ដល់ជំនួយមនុស្សធម៌ សម្រាប់វិស័យដោះមីននៅកម្ពុជា ដោយសារកម្ពុជា មានផែនការដោះមីនឲ្យអស់នៅឆ្នាំ២០២៥។ ចាប់តាំងពីឆ្នាំឆ្នាំ១៩៩២ មក រដ្ឋាភិបាលកម្ពុជា បានទទួលជំនួយសម្រាប់សកម្មភាពដោះមីន បាន ១៨០០គីឡូម៉ែត្រក្រឡា ប៉ុណ្ណោះ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ដូច្នេះនៅក្រោយជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែតថ្មីប្រចាំ កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស៊ុយអែត ដែលតែង តែផ្ដល់ជំនួយជាច្រើនលើការអភិវឌ្ឍវិស័យអភិបាលកិច្ច អប់រំ និងការបណ្ដុះបណ្ដាលសមត្ថភាពការ ងារដល់មន្ត្រីរាជការ ក៏ដូចជានិស្សិតកម្ពុជា វិស័យសិទ្ធិមនុស្ស ដោះមីន ផ្ដល់ជំនួយដល់សាលាក្តី ខ្មែរក្រហម យេនឌ័រ ដែលជំនួយទាំងនោះ បានជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាច្រើននៅ កម្ពុជា។

នៅក្នុងជំនួបនោះដែរ លោក ឯកអគ្គរដ្ឋទូត ស៊ុយអែត បានលើកឡើង ពីកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ នាពេលកន្លងមក និងលើកពីផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ ដៃគូរសហការ រវាងស៊ុយអែត និងកម្ពុជា ពីឆ្នាំ២០២0 ដល់ឆ្នាំ២០២៤ ដែលប្រទេសកម្ពុជា បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព សកម្មភាពដោះមីន ក្រោមឆ័ត្រអង្គការសហប្រជា ជាតិ ដែលជាការរួមចំណែកដល់សុខ សន្តិភាព នៃពិភពលោក។

ឯកអគ្គរដ្ឋទូត ស៊ុយ អ៊ែត ក៏បានបញ្ជាក់ផងដែរ អំពីផែនការយុទ្ធសាស្ត្រ កិច្ចសហការ រវាង ស៊ុយអែត និងកម្ពុជាពីឆ្នាំ២០២០ ឆ្នាំ២០២៤ ដែលផ្ដោតទៅលើវិស័យសំខាន់ៗរួមមាន ៖ វិស័យ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ការលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ វិស័យអប់រំ និង កិច្ចសហការ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ដែលកន្លងមករដ្ឋាភិបាល ស៊ុយអែតបានផ្ដល់ អាហារូបករណ៍ ដល់និស្សិតកម្ពុជា ប្រមាណជាង៧០០នាក់ ទៅបន្តការសិក្សានៅក្នុងប្រទេស ស៊ុយអែត៕

ជប៉ុនផ្ដល់ជំនួយជិត ៤៤ម៉ឺនដុល្លារទៀតសម្រាប់លើកកម្ពស់សហគមន៍នៅកម្ពុជា

ភ្នំពេញ ៖ ជប៉ុនផ្ដល់ថវិកាជិត ៤៤ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាម រយៈការបោសសម្ពាតមីន គាំទ្រកិច្ចសហប្រតិបត្តិការ កសិកម្ម និងការពង្រឹងការថែទាំសុខភាព ប្រជាពលរដ្ឋក្នុងសហគមន៍។រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា សរុបចំនួន ៤៣៩.២៦១ ដុល្លារអាមេរិក ដល់អង្គការ IVY ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៩ ខែវិច្ឆិកា នេះ ដោយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និង លោកស្រី ឈឺហូកុ សាំហ្សឹះស៊ីម៉ាក ជំនួយការនាយកនៃអង្គការ IVY ដើម្បីអនុវត្តគម្រោង”គាំទ្រ កសិករខ្នាតតួច ធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្គ តាមរយៈសហគមន៍កសិកម្ម ឆ្នាំទី២។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងឱ្យដឹងថា សព្វថ្ងៃ ផលិតផលកសិកម្ម សរីរាង្គ កាន់តែមាន ប្រជា ប្រិយភាពនៅលើទីផ្សារហើយផលិតផលទាំងនោះ ត្រូវបានលក់ក្នុងតម្លៃខ្ពស់។ ក្នុងគម្រោង នេះ អង្គការ IVY នឹងគាំទ្រដល់កសិករនិងសហគមន៍ កសិកម្មក្នុងស្រុក (AC) ក្នុងខេត្តព្រះវិហារ ដូច្នេះកសិករអាចផលិត និងលក់គ្រាប់ស្វាយចន្ទសរីរាង្គដែលមានតម្លៃបន្ថែម និងទទួលបានប្រាក់ ចំណូលបន្ថែមទៀត ដើម្បីគេចផុតពីភាពក្រីក្រ។

លោក ឯកអគ្គរាជទូតបញ្ជាក់ថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅ រដ្ឋាភិ បាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជា ឡើង វិញ នៅតាមកម្រិតមូលដ្ឋាន ។

ចាប់តាំងពីឆ្នាំ២០០២ មករដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៣៧ លានដុល្លារអាមេរិក ដល់គម្រាងចំនួន ១២២ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិត មូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសំអាតមីនក្នុងប្រទេសកម្ពុជា៕

អ្នកបើករថយន្ត​បុក​នគរបាល​ចរាចរ​ខេត្តកណ្តាល​ ចូលខ្លួន​មក​សារភាព​ទោស​កំហុស​

ខេត្តកណ្តាល ​៖​ ​អ្នកបើកបរ​បុក​មន្ដ្រី​នគរបាល​ចរាចរណ៍​ម្នាក់​ ពេល​កំពុង​ឈរ​ការពារ​ក្បូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ ត្រូវ​បាន​បងស្រី​នាំ​ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​នៅ​វេលា​ម៉ោង​០៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ ដើម្បី​ទទួលទោស​តាម​ផ្លូវច្បាប់​ ក្រោយ​បើករថយន្ដ​បុក​មន្ដ្រី​នគរបាល​បណ្ដាល​ឲ្យ​រង​របួស​។​ នេះបើការបញ្ជាក់ពីលោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​។

​លោកស្នងការ​ខេត្ត​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ​ មន្ដ្រី​នគរបាល​យុត្តិធម៌​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ កំពុង​សួរនាំ​ជន​បង្ក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​ លោក​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ថា​ អ្នក​បើករថយន្ត​មានឈ្មោះ​ សំ​ណា​ន​ សំណាង​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​ស្អាង​ ខេត្តកណ្តាល​។​

​សូម​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​២០​ និង​១០​នាទី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ភ្លើងស្តុប​ស្ពាន​ព្រែក​ហូរ​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​បើកបរ​ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​បំ​បុក​ មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល​ម្នាក់​ កំពុង​ឈរ​បញ្ជា​ចរាចរណ៍​លើ​ដងផ្លូវ​ បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ទាំង​សង្ខាង​ និង​បាក់ឆ្អឹង​ក​ង្កេះ​ ស្រាំ​លលា​ដ៏​កកឈាម​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​។​ ក្រោយ​មាន​ហេតុការណ៍​កើតឡើង​ ជន​បង្ក​បាន​ព្យាយាម​បើករថយន្ត​យក​ទៅ​ប្លុង​ចោល​រួច​គេចខ្លួន​បាត់​។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ត្រូវ​រថយន្ត​បើក​បុក​ពេល​បំពេញការងារ​នោះ​ឈ្មោះ​ ទូច​ សៅ​ហេង​ មាន​តួនាទី​ជា​ នាយ​រង​ផ្នែក​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក​។​ ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា​ តា​កូ​ម៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-3669​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​។​

​លោក​ ឆេ​ង​ សំ​អឿ​ន​ នាយការិយាល័យ​ចរាចរណ៍​ជើង​គោក​បានឲ្យ​ដឹង​ថា​លោក​ទូក​ សៅ​ហេង​ និង​មន្ត្រី​នគរបាល​ចរាចរណ៍​៥​រូប​ទៀត​ ត្រូវ​បាន​ចាត់​អោយ​ឈរជើង​នៅ​គោលដៅ​ស្តុ​ប​ស្ពាន​ព្រែក​ហូរ​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ដើម្បី​ សម្រួល​ចរាចរណ៍​នៅ​ទីនោះ​។​ នៅ​មុន​ពេល​កើតហេតុ​ លោក​ ទូច​ សៅ​ហេង​ បាន​ចេញ​ឈរ​បញ្ជា​ចរាចរណ៍​ដោយ​បាន​បញ្ជា​អោយ​រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​ឈប់​ មិន​ត្រឹមតែ​មិន​ស្តាប់​តាម​ការ​បញ្ជា​អ្នកបើកបរ​ដែល​មាន​ច​រិ​ក​សាហាវព្រៃផ្សៃ​រូប​នេះ​បាន​ជាន់​ហ្គា​បន្ថែម​ល្បឿន​បំ​បុក​មន្ត្រី​នគរបាល​ទាំង​កំរោល​បណ្តាលឲ្យ​ប៉ើង​ខ្ទាត​ប្រមាណ​៥​ទៅ​៦​ម៉ែត្រ​ ធ្វើ​ឲ្យ​មន្ត្រី​នគរ​បាលរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើក​គេច​ពី​ចំណុច​កើតហេតុ​យក​រថយន្ត​ទៅ​ប្លុង​ចោល​ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ស្ទូចៗ​យក​ទៅ​រក្សា​ទុក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា​ ចំពោះ​លោក​ទូច​សៅ​ហេង​ ក្រោយ​ពី​ពិនិត្យ​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ លោក​ទទួល​រង​របួស​បាក់ជើង​ទាំង​សងខាង​បាក់ឆ្អឹង​ចង្កេះ​ និង​ស្រាំ​លលាដ៍ ​កកឈាម​ក្នុង​ខួរក្បាល​ទៀត​ផង​បច្ចុប្បន្ន​ កំពុង​សង្គ្រោះ​៕

 

ឃាត់ខ្លួនម្ចាស់ទីតាំងលក់ និងចែកចាយស្រាល្បីៗក្លែងក្លាយ ៥នាក់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់បន្ទាប់ពីសង្ស័យថាបានលក់ចែកចាយស្រាក្រហមក្លែងក្លាយរំលោភកម្មសិទ្ធិបញ្ញា។

ការបង្រ្កាបនេះធ្វើឡើងពីរថ្ងៃជាប់គ្នាគឺថ្ងៃទី២៧-២៨ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ការឆ្មក់ចុះបង្ក្រាបរបស់សមត្ថកិច្ចចំរុះធ្វើឡើងក្រោមការសម្របសម្រួលរបស់លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធបានបន្តអោយដឹងទៀតថា ក្នុងយុទ្ធនាការឆែកឆេរនោះកម្លាំងជំនាញបានចុះបង្ក្រាបបទល្មើសផលិត វេចខ្ចប់ ស្រាក្រហមក្លែងបន្លំម៉ាកចំនួន៤ទីតាំងក្នុងនោះ ទីតាំងទី១-សមត្ថកិច្ចបានដកហូតស្រាសញ្ញាPenfolds Bin 2  , Bin 8  , Bin707 , Bin128 , Bin407, Bin389 ស្រាចំនួន២៤៨កេះស្មើនឹង១៤៨៨ដប ស្រាក្រហម88ចំនួន ១៣២កេះស្មើនឹង១៥៨៤ដប សំបកប្រអប់៩៣ដុំស្មើនឹង៩៣០សន្លឹក ស្ទីកឃ័រ៥២ដុំស្មើនឹង៥២០០សន្លឹក សំបកកេះ៤០០ដុំស្មើនឹង១០០០០កេស ក្លែងក្លាយ (កម្មសិទ្ធបញ្ញា)។

ទីតាំងទី ២- មានឈ្មោះ សាន្ដ សុត្ថាវុធ លទ្ធផល ដកហូតស្រាចំរុះ២២១ដប ស្រាក្រហម Penfolds 60ដប ស្រាបៀកូរ៉ូណា ហួសកាលបរិច្ឆេទ ២៨កេះ ទីតាំទី៣-មានឈ្មោះ ហេង ស្រីពៅ ជាលទ្ធផល ដកហូតស្រាJohnnie Walker ៤១ដប ទីតាំងទី ៤- មានឈ្មោះ តុលា ជាលទ្ធផល ដកហូតស្រាកហម Penfolds ចំនួន៣៧កេសស្មើនឹង២២២ដប johnnie Walker ៤៣ដប Hennessy X O ៧៧ដប X R.21 5ដប CHIVAS18 ១៣ដប ។

ក្រោយធ្វើការដកហូតស្រាក្លែងក្លាយ ហួសឧឺឡេ និងក្លែងបន្លំម៉ាក សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាម្ចាស់ទីតាំងចំនួន៥នាក់យកមកសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

លោកស្រី ម៉ែន សំអន ៖ រាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើឲ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញ ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា អធិការកិច្ច បានអញ្ជើញជាអធិតបតីក្នុងពិធីជប់លៀងស្វាគមន៍ការអញ្ជើញមកដល់នៃគណៈប្រតិភូសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ ២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា (TCEC) ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ រាត្រីថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រីកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដោយរក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ ដែលនាំឲ្យចំណូលរបស់ប្រជាជនទូទាំងប្រទេសមានការកើនឡើង និងមានជីវភាពរស់នៅកាន់តែប្រសើរ។

លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេច​​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅតែបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចិត្តចំពោះការវិនិយោគ ពីក្រុមហ៊ុនបរទេសមកកម្ពុជា ​ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិន​ ហើយរាជរដ្ឋាភិបាល នឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ហើយបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ។

លោកស្រីបានបន្តទៀតថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគដ៏ធំជាងគេរបស់កម្ពុជា។ តាមរយៈសហគ្រិនចិនទាជីវលំដាប់សេដ្ឋីប្រទេសចិនជាង៣០០នាក់ របស់គណៈប្រតិភូនៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក ដែលបានប្រារព្ធពិធីនាថ្ងៃនេះបានបង្ហាញអំពីកិច្ចសហករវាងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ជាមួយនឹងសហព័ន្ធចិនទាជីវសកលោក ដែលបានរួមគ្នាបង្កើតជាវេទិការសម្រាប់ពាណិជ្ជករចិនទាជីវ និងពាណិជ្ជករក្នុងតំបន់ធ្វើការប្រាស្រ័យទាក់ទង ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក និងឈានទៅដល់កិច្ចសហការលើវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ក៏ដូច ជាការបង្កើននូវឱកាសការងារនៅកម្ពុជា។ ម៉្យាងទៀត ក៏បានបង្ហាញអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន ពោលគឺ គោលនយោបាយចិនតែមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក៏ត្រូវបានឆ្លើយតបជាវិជ្ជមានពីមិត្តចិន តាមរយៈផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមនិងការផ្តល់ជំនួយឥតសំណង កម្ចីឥតការប្រាក់ និងកម្ចីឥណទានសម្រាប់ការអភិវឌ្ឍជាច្រើន ៕

 

គ្រោះ​រញ្ជួយ​ដី​នៅប្រទេស​អាល់​បា​នី សម្លាប់មនុស្សកើនដល់៦៤នាក់

អាល់​បា​នី ៖ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា ចំនួន​អ្នកស្លាប់​ដោយសារ​ការរញ្ជួយ​ដី​ដែល​បាន​វាយប្រហារ​ប្រទេស​អាល់​បា​នី កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បាន​កើនឡើង​ដល់ ៤៦ នាក់​ហើយ​និង​ជាង​៦៥០​នាក់​រងរបួស​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CTGN ។​

​ក្តីសង្ឃឹម​ក្នុងការ​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​កាន់តែ​តិច​ទៅៗ ខណៈដែល​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​ឈានដល់​ទីបញ្ចប់​ក្នុង​រយៈពេល​៣​ថ្ងៃ​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​។ ចំណែក​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ទីក្រុង​ប្រជាជន​បាន​ចាក​ចេញពី​ផ្ទះសម្បែង​កំពុង​ស្វែងរក​ទី​ជំរក​នៅក្នុង​តង់​។​

​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៤​រ៉ិ​ច​ទ័​រ​និង​មាន​ជម្រៅ​ទៅក្នុង​ដី​១០​គីឡូម៉ែត្រ បាន​វាយប្រហារ​លើ​រដ្ឋធានី Tirana និង​ទីក្រុង Durres នៃ​ប្រទេស​អាល់​បា​នី កាលពី​ថ្ងៃ​អង្គារ ដែលមាន​មាន​ចំណុច​រញ្ជួយ​ស្ថិតនៅ​ចំងាយ​៣០​គីឡូម៉ែត្រ​ពី​រដ្ឋធានី Tirana​។​

​គួរ​បញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​ខាងលើ បានកើត​ឡើងជា​លើក​ទី​២​នៅក្នុង​ប្រទេស​អាល់​បា​នី នា​រយៈពេល ២​ខែ​មកនេះ ដោយ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា គ្រោះ​រញ្ជួយ​ដី​៥.៦​រ៉ិ​ច​ទ័​រ ក៏​ធ្លាប់បាន​វាយប្រហារ​លើ​ប្រទេស​ក្នុង​តំបន់ បាល់​កង់​នេះ​ផងដែរ ជាមួយ​ការបំផ្លាញ និង​ធ្វើឱ្យ​ខូចខាត​ផ្ទះ​ជាង​៥០០​ខ្នង​៕

 

អាមេរិកកាត់បន្ថយការចូលរួមវិភាគទានហិរញ្ញវត្ថុដល់ណាតូ

អាមេរិក ៖ ប្រភពមន្រ្តីក្រសួងការពារជាតិ​អាមេរិក បាន​បង្ហើបប្រាប់​ CNN ថា រដ្ឋបាលដូណាល់ ត្រាំ ចង់​កាត់បន្ថយការចំណាយលើ​ NATO ឱ្យនៅសល់ត្រឹម ១៦ភាគរយ​នៃ​វិភាគទានសរុប ដើម្បីឱ្យស្មើប្រហាក់ប្រហែលនឹង​អាល្លឺម៉ង់ ដែល​បាន​ចំណាយ​ប្រហែល ១៤,៨ភាគរយ។ ការ​កាត់​បន្ថយនេះ គឺក្នុងក្តីសង្ឃឹមថា ប្រទេស​ជាសមាជិកផ្សេងទៀត នឹង​បង្កើន​ការចំណាយរបស់ខ្លួនចូលមកក្នុងបក្សសម្ព័ន្ធនេះ។

បច្ចុប្បន្នអាមេរិកបានចូលរួម​ចំណែកប្រហែល២២ភាគរយ នៃ​ថវិកាសរុប​របស់ NATO ដែលរ៉ាប់រង​លើការ​ថែទាំ​​ទីបញ្ជាការកណ្តាល ការ​វិនិយោគ​លើ​សន្តិសុខ​របស់​ខ្លួន និង​ប្រតិបត្តិការយោធារួមគ្នា​មួយចំនួន​ទៀត។

មន្រ្តី​ NATO មួយរូប​បាន​ប្រាប់ CNN ថា «សម្ព័ន្ធមិត្ត​ទាំងអស់បាន​ព្រមព្រៀង​គ្នា​នូវរូបមន្តថ្មីនៃ​ការចូលរួមវិភាគទាននេះ។ ក្នុងនោះប្រទេស​អឺរ៉ុប​ភាគច្រើន​ដែលជាសមាជិក និងកាណាដានឹង​បង្កើន​ការចំណាយ ឯអាមេរិកបន្ថយវិញ។ នេះ​គឺសំខាន់ណាស់​ដែល​បង្ហាញ​ពីការតាំងចិត្ត​របស់​សម្ព័ន្ធមិត្ត​ចំពោះ NATO និង​ការចូលលុយដោយ​យុត្តិធម៌»៕

 

កម្ពុជា-អាល្លឺម៉ង់ចុះកិច្ចព្រមព្រៀង​ចំនួន២ ដែល​មាន​ទឹកប្រាក់​សរុប ៧៤លាន​ដុល្លារ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ប្រចាំ​នៅកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ចំនួន២ ដែលមាន​ទឹកប្រាក់សរុប ៦៧,១លានអឺរ៉ូ (ប្រមាណ ៧៤លានដុល្លារ​អាមេរិក)។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួង​សេដ្ឋកិច្ច។

កិច្ចព្រមព្រៀង​ទាំង២រួមមាន ៖ ១. កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឆ្នាំ​២០១៨ អាល្លឺម៉ង់ នឹង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន៣០លាន​អឺរ៉ូ និង​ហិរញ្ញប្បទាន​ឥតសំណង​ចំនួន២លានអឺរ៉ូ សម្រាប់់​ហិរញ្ញប្បទាន​លើ​គម្រោង​ប្រសិទ្ធភាព​ថាមពល​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ និង២. កិច្ច​ព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ​ឆ្នាំ​២០១៩ អាល្លឺម៉ង់ នឹង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន ៣០លាន​អឺរ៉ូ សម្រាប់​ហិរញ្ញប្បទាន​លើគម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​សម្រាប់​កម្ពុជា និង​ហិរញ្ញប្បទាន​ឥតសំណងចំនួន ៥,១លានអឺរ៉ូ សម្រាប់​គាំទ្រ​ការ​ធ្វើហិរញ្ញប្បទានលើគម្រោង​ជាក់លាក់មួយ​ចំនួនទៀត៕

 

 

គ្រួសារ​សពជនរងគ្រោះវៀតណាម​ដែលស្លាប់នៅ​អង់គ្លេស​ធ្វើពិធីបញ្ចុះសព

​វៀតណាម ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមគ្រួសារ​នៃ​ជនជាតិ​វៀតណាម​មួយចំនួន​ក្នុងចំណោម​៣៩​នាក់​ដែល​ត្រូវបាន​គេ​រកឃើញ​ស្លាប់​នៅក្នុង​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​នៅ​ចក្រភព​អង់គ្លេស​បានរៀបចំ​ធ្វើ​ពិធី​បញ្ចុះសព​កូនៗ​របស់​ពួកគេ​បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ដើម្បី​នាំ​សាកសព​របស់​ពួកគេ​មក​ផ្ទះ​។​

​សាកសព​ដំបូង​បានមក​ដល់​ប្រទេស​វៀតណាម​កាលពី​ព្រឹក​ថ្ងៃ​ពុធ​មុនពេល​ត្រូវបាន​បញ្ជូនទៅ​ផ្ទះ​របស់​ពួកគេ​ភ្លាមៗ​នៅ​កណ្តាល​ប្រទេស​ដែលជា​កន្លែង​ដើម​នៃ​ជនរងគ្រោះ​ជាច្រើន​នាក់​។ បុរស​ចំនួន​៣១​នាក់​និង​ស្ត្រី​៨​នាក់​ដែល​ត្រូវបាន​រកឃើញ​ក្នុង​កុងតឺន័រ​ក្លាស្សេ​នៅ​តំបន់ Essex កាលពី​ខែ​មុន​គឺ​មកពី​ប្រទេស​វៀតណាម​ដែល​ភាគច្រើន​ចេញ​មកពី​តំបន់​ជនបទ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ អ្នកភូមិ​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​បញ្ចុះសព​នៃ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​បន្ទាប់ពី​ការ​អធិស្ឋាន​ច្រើន​រាត្រី​សុំ​ឲ្យ​ពួកគេ​វិលត្រឡប់​មកវិញ​។ ​គ្រួសារ​នានា​បាន​ខ្ចីប្រាក់​ពី​រដ្ឋាភិបាល​ដើម្បី​រ៉ាប់រង​ការចំណាយ​សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍​ដែល​តម្លៃ​គឺ​១,៨០០​ដុល្លារ​សម្រាប់​អដ្ឋិធាតុ ​ឬ​២,៩០០​ដុល្លារ​សម្រាប់​សាកសព​។

​គួរ​បញ្ជាក់ថា ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​១០​នាក់​ពាក់ព័ន្ធ​នឹង​សោកនាដកម្ម​នេះ​បើទោះបីជា​មិនទាន់មាន​នរណាម្នាក់​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​ក៏ដោយ​៕

 

អភិបាលខេត្តកំពង់ចាមប្តេជ្ញាអភិវឌ្ឍន៍ខេត្តឲ្យកាន់តែប្រសើរឡើងតាមកម្មវិធីបីឆ្នាំរំកិល

កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា យើងត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានមកពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង និងចូលរួមដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ឲ្យបានទាន់ពេលវេលា។

ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងកម្មវិធីបំនិយោគបីឆ្នាំរំកិលខេត្ត (២០២០ ២០២២) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរផែនការខេត្តកំពង់ចាម។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការរៀបការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) នេះពិតជាឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ អាណត្តិទី៦ របស់រដ្ឋសភា និងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិយ៉ាងពិតប្រាកដ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានបន្តថា លទ្ធផលសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ/សង្កាត់ ក្រុង/ស្រុក ទទួលបានសរុបចំនួន២.៦៥៧គម្រោង ស្មើនឹង៥៥% នៃគម្រោងស្នើឡើងចំនួន៤.៨២៥គម្រោង មន្ទីរ អង្គភាពគាំទ្របានចំនួន២. ៣២៧គម្រោង អង្គការសង្គមស៊ីវិលគាំទ្រ បានចំនួន៣២៩គម្រោង និងសប្បុរសជនចំនួន០១គម្រោង ។

ដោយឡែក គម្រោងវិនិយោគកំពុងដំណើរការ មានចំនួន២៤គម្រោង ដែលត្រូវចំណាយថវិកាសរុបអស់ ៥០.៣១២លានរៀល និងគម្រោងដែលមានថវិកាគាំទ្រ មានចំនួន៣៧០គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩.២៣០លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២០ ។

ទន្ទឹមនឹងនោះ គម្រោងទាំងនេះ ពិតជាស្ដែងឡើងនូវការរីកចម្រើនលើកគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ហើយជម្រុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត និងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាជន រួចផុតពីបន្ទាត់ក្រីក្រ ជាបន្តបន្ទាប់ ផងដែរ ៕ ដោយ ៖ ប៉ែនសុផល

EU បណ្ដុះបណ្ដាលមន្ត្រីកម្ពុជាជាង១៧០នាក់អំពីសុវត្ថិភាពគីមី

ភ្នំពេញ : មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាជាង ១៧០នាក់បានទទួលការ បណ្តុះបណ្តាលជាចម្បងលើទិដ្ឋភាព ពាក់ព័ន្ធជាមួយសុវត្ថិភាពគីមី ក្នុងរយៈពេល ២សប្តាហ៍នៅក្នុងក្របខណ្ឌនៃមជ្ឈមណ្ឌលកាត់បន្ថយ ហានិភ័យគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) នៃ គំនិតផ្តួចផ្តើមសំរាប់ ឧត្តមភាព (CoE) របស់សហភាពអឺរ៉ុប ។

សិក្ខាកាមមួយក្រុមត្រូវបានជ្រើសរើស និងទទួលបានការបណ្តុះបណ្តាលឲ្យក្លាយជាគ្រូបង្គោល ដើម្បីពួកគេអាចផ្តល់នូវការបណ្តុះបណ្តាល និងការអនុវត្តល្អៗបន្ត ដល់សិក្ខាកាមផ្សេងៗ ទៀត នៅ ទូទាំងប្រទេសកម្ពុជា ផងដែរ។

នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ មានអ្នកជំនាញនានា អញ្ជើញមកពីវិស័យសុខាភិបាល សាធារណៈនៃប្រទេសអង់គ្លេស វិទ្យាស្ថានសន្តិសុខអន្តរជាតិ និងការគ្រប់គ្រងគ្រោះអាសន្ន (ISEMI) នៃប្រទេសស្លូវ៉ាគី និង អង្គការដំណោះស្រាយយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយចីរភាព (Sustainable Criminal Justice Solutions) ដែលជាអង្គការមិនរកប្រាក់ចំណូលអឺរ៉ុប បានដឹកនាំ សិក្ខាសាលាពាក់ព័ន្ធជាមួយប្រធានបទជាច្រើន ដូចជាការ លុបបំបាត់សារធាតុគីមី ការស្តារឡើង វិញ ការកំណត់សំណាកនិងការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រងហានិភ័យគីមីជាដើម។

ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានសំដែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាល កម្ពុជា ដែលមានការចាប់អារម្មណ៍ ក្នុងការលើកកម្ពស់សុវត្ថិភាពគីមី និងសន្តិសុខគីមី នៅក្នុង ប្រទេស កម្ពុជា និងទីកន្លែងផ្សេងទៀតក្រៅពីប្រទេសកម្ពុជា។

អាជ្ញាធរជាតិហាមឃាត់អាវុធគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែរ (NACW) របស់កម្ពុជា ដើរតួជា យន្តការ CBRN ថ្នាក់ជាតិជាអ្នកសម្របសម្រួលសកម្មភាពនៃវគ្គបណ្តុះបណ្តាលជាមួយ CBRN CoE អនុវត្តគម្រោងលេខ ៦១ ស្តីពីការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ពាក់ព័ន្ធ ជាមួយ សារធាតុគីមីឲ្យបានត្រឹមត្រូវនៅអាស៊ីអគ្នេយ៍ (SEACHEM) របស់សហភាពអឺរ៉ុប។

គម្រោងនេះ គ្របដណ្តប់លើប្រទេសចំនួន ១០ នៅអាស៊ីអគ្នេយ៍ និងមានគោលបំណងជួយដោះ ស្រាយបញ្ហាពាក់ព័ន្ធជាមួយសុវត្ថិភាព និងសន្តិសុខគីមីនៅក្នុងវិស័យច្បាប់/លិខិតបទដ្ឋានគតិយុត្តិ ការទប់ស្កាត់ និងបង្កា ការរាវរក ការត្រៀមបម្រុង និងការឆ្លើយតបចំពោះហេតុកាណ៍ ពាក់ព័ន្ធ នឹងសារធាតុគីមីនេះ។

គម្រោងកាត់បន្ថយហានិភ័យគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែររបស់សហភាពអឺរ៉ុប បាន ទទួលការ ឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប ហើយគម្រោងនេះត្រូវបានអនុវត្តរួមគ្នា ដោយវិទ្យាស្ថាន ស្រាវជ្រាវយុត្តិធម៌ និង ឧក្រិដ្ឋកម្មអន្តរតំបន់របស់អង្គការសហប្រជាជាតិ (UNICRI) និងមជ្ឈ មណ្ឌល ស្រាវជ្រាវរួម (JRC) របស់គណៈកម្មាធិការ អឺរ៉ុប។ គម្រោងនេះត្រូវបានរៀបចំ ដោយ មានការជួយគាំទ្របច្ចេកទេសពីអង្គការអន្តរជាតិ និងតំបន់ រដ្ឋសមាជិករបស់សហភាពអឺរ៉ុប និងដៃ គូពាក់ព័ន្ធផ្សេងទៀត តាមរយៈសហប្រតិបត្តិការស្អិតរមួត និងមាន ប្រសិទ្ធិភាពនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ គម្រោងនេះ មានការចូលរួមពីប្រទេសដៃគូចំនួន ៦១ នៅក្នុងតំបន់ និងពិភពលោក ៕

ទោះដក EBA ក៏មិនប៉ះពាល់ដល់វិស័យធនាគារនៅកម្ពុជា ទេ

ដោយ : នរិន្ទ្រ

ភ្នំពេញ ៖ ខណៈប្រព័ន្ធអនុគ្រោះរបស់សហភាពអឺរ៉ុប EBA កំពុងប្រឈមដកបណ្ដោះអាសន្នពីកម្ពុជា មានមតិមួយចំនួនបានលើកឡើងបង្ហាញពីក្តីបារម្ភចំពោះផលប៉ះពាល់ តែក៏មានមតិមួយចំនួនបានលើកឡើងថា អត់មានផលប៉ះពាល់អ្វីដល់កម្ពុជា នោះទេ ហើយបើយោងទៅតាមមេធនាគារធំៗនៅកម្ពុជាវិញ ក៏មានជំនឿជាក់ថា ទោះបីអត់មាន EBA ក៏មិនធ្វើអោយវិស័យមួយនេះ រងផលប៉ះពាល់ដែរ។ ចំណែកអ្នកវិភាគសេដ្ឋកិច្ច បានលើកទឹកចិត្តក្នុងករណីគ្មាន EBA ថា បើយើងពឹងផ្អែកលើគេ គេអាចគំរាមយើងបានគ្រប់ពេល …។   

(កិច្ចពិភាភ្សាអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩)

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមកិច្ចពិភ្សា​អំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)កម្ពុជា បានមានប្រសាសន៍ថា ផលប៉ះពាល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ប្រាកដជាមាន ក៏ប៉ុន្តែត្រូវដឹងថា ការធ្វើអាជីវកម្ម មិនអាចនៅពឹងពាក់លើការអនុគ្រោះនេះយូរអង្វែងតទៅទៀត គឺត្រូវពឹងពាក់លើកម្លាំងសេដ្ឋកិច្ចនៃប្រទេសនោះ ដូចជាពឹងលើការនាំចេញ ក៏ដូចជាការពឹងទៅលើទីផ្សារក្នុងប្រទេសដែរ។ អ្វីដែលត្រូវធ្វើបន្ត មិនមែននៅព្រួយបារម្ភខ្លាចបាត់ការអនុគ្រោះពន្ធនោះទេ តែសហគ្រិនក្នុងប្រទេសទាំងអស់ត្រូវបង្កើនសមត្ថភាព ដោយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងសហគ្រាសទាំងអស់ ពិនិត្យមើលឡើងវិញ នូវខ្សែចង្វាក់ផលិតកម្មនៃសហគ្រាសទាំងអស់ក្នុងស្រុក ដើម្បីអោយការចំណាយធ្លាក់មកនៅតិចបំផុត ។

លោកបន្តថា ការរស់នៅដោយពឹងលើគេវាមិនស្រួលប៉ុន្មាននោះទេ ជាក់ស្ដែង ផលដែលសហគមន៍បានផ្ដល់មកកម្ពុជា លោកមិនគិតថាវាធំប៉ុន្មាននោះទេ ហើយបើសិនជាយើងនៅតែពឹងលើគេ គេនឹងគំរាមយើងបានគ្រប់ពេល ដូច្នេះ មានការបើកចំហរពាណិជ្ជកម្មខាងក្រៅ ហើយពង្រឹងផលិតកម្មខាងក្នុង ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ច ដែលអាចជំរុញអោយយើងអាចរស់នៅបានដោយខ្លួនហើយ ។ ប៉ុន្តែបើក្រឡេកមកមើលសហគមន៍ ដែលកំពុងធ្វើនីតិវិធីដកប្រព័ន្ធអុគ្រោះពន្ធពីកម្ពុជា វាជារឿងអយុត្តិធម៌មួយសម្រាប់កម្ពុជា ។ តួយ៉ាង ការដាក់ពន្ធលើការនាំចូលអង្ករពីកម្ពុជាចូលទីផ្សារអឺរ៉ុប គឺជារឿងមិនសមហេតុផល ដោយគ្រាន់តែយកលេសថា ដើម្បីទុកផលប្រយោជន៍អោយកសិករអឺរ៉ុប ។តាមពិតគឺអង្កររបស់កសិករអឺរ៉ុប មិនអាចប្រកួតប្រជែង ជាមួយអង្ករកម្ពុជាបាន ទើបគេធ្វើជាដាក់ពន្ធ ដើម្បីអោយអង្ករកម្ពុជាឡើងថ្លៃ នៅទីផ្សារអឺរ៉ុប ។ លោកន្ថែមថា សម្រាប់ EBA ក៏ដូចគ្នា គេយកបញ្ហាសិទ្ធិមនុស្សមកជជែកដើម្បីដកការអនុគ្រោះពន្ធ ក៏ប៉ុន្តែបើក្រលេកទៅមើលប្រទេសក្នុងតំបន់អាស៊ាន ដូចជាទាន់មានប្រទេសណាមួយល្អប្រសើរជាងកម្ពុជានៅឡើយទេ ។ យ៉ាងណាក៏ដោយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងប្រជុំអាស៊ីអឺរ៉ុបនៅពេលឆាប់ៗ ដូច្នេះអឺរ៉ុប អាចមកកម្ពុជា និងសង្កេតដោយផ្ទាល់ ហើយពេលនោះ ពួកគាត់នឹងយល់កាន់តែច្បាស់ពីកម្ពុជា ។ លោកបញ្ជាក់ថា សម្រាប់វិស័យធនាគារ ក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២០ខាងមុខ លោកនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះការធ្វើប្រតិបត្តិការ ជាក់ស្ដែងធនាគារអេសីលីដាផ្ទាល់ នឹងកំណត់ផែនការលូតលាស់របស់ខ្លួនប្រមាណជាង១២ភាគរយ ។

លោក Raymond Sia ( រ៉េយ៍ម៉ុន សៀ ) អគ្គនាយកធនាគារកាណាឌីយ៉ា បានលើកឡើងថា យើងមិនមានការព្រួយបារម្ភជុំវិញបញ្ហា EBA ដែលនឹងធ្វើឲ្យប៉ះពាល់វិស័យធនាគារនៅកម្ពុជានោះទេ ព្រោះ រដ្ឋាភិបាលបានដាក់ចេញវិធានការប្រុងប្រយ័ត្នជាច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់ណាមួយដោយសារ EBA រួចរាល់ហើយ។

លោកបន្តថា រដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានដែលអាចកើតឡើងណាមួយ ដោយសារតែការផ្អាក EBA នេះ ។ ដូច្នេះក្នុងនាមជាប្រតិបត្តិករធនាគារ ពិតជាមានទំនុកចិត្តយ៉ាងខ្លាំង ទោះបីជាការផ្អាក EBA ក៏ដោយ ក៏ប្រទេសកម្ពុជានឹងនៅតែប្រតិបត្តិការល្អប្រសើរ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ផងដែរថា កម្ពុជា បានត្រៀមខ្លួនហើយក្នុងការបង់ពន្ធទៅទីផ្សារអឺរ៉ុបបើសិនជាសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ។
សូមបញ្ជាក់ថា បច្ចុប្បន្នអឺរ៉ុបជាទីផ្សារធំទី២របស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំណែកប្រមាណ ២៤ភាគរយនៃទីផ្សារនាំចេញសរុប ។ ការនាំចេញទៅកាន់សហភាពអឺរ៉ុបភាគច្រើន ឬស្ទើរតែទាំងអស់ ត្រូវនាំចេញដោយមិនមានការបង់ពន្ធនោះឡើយ ក្រោមកម្មវិធី អ្វីគ្រប់យ៉ាងលើកលែងអាវុធ ( EBA ) ។ ការសិក្សានានាក៏បានបង្ហាញផងដែរថា បើសិនជាអឺរ៉ុបដកប្រពន្ធ EBA នេះពីកម្ពុជា ក្នុងមួយឆ្នាំ កម្ពុជាត្រូវបង់ពី ៦០០លានទៅ ៧០០លានដុល្លារ លើទំនិញដែលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប ៕