All posts by មេគង្គ ប៉ុស្តិ៍

តៃកុងថ្មីបើករថយន្ដដឹកកម្មករក្រឡាប់ស្លាប់២នាក់ របួសជាង៣០នាក់ នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ ម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលឲ្យកម្មកររោងចក្រ ២នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាង ៣០នាក់ផ្សេងទៀត ក្នុងនោះក៏មានកម្មការិនីមានផ្ទៃពោះផងដែរ នៅចំណុចភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មុនពេលកើតហេតុ ក្រុមកម្មករ-កម្មការិនីធ្វើដំណើរទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស សាន តុង ដោយរថយន្តកូរ៉េ១គ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តបានបើកវ៉ាម៉ូតូមួយគ្រឿងនៅក្នុងល្បឿនលឿន ហើយគ្រប់គ្រងល្បឿនលែងបានក៏រេចង្កូត បណ្ដាលឲ្យក្រឡាប់តែម្ដង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងបន្តថា អ្នកបើកបររថយន្តកូរ៉េខាងលើទើបតែចេះបើកបរមិនទាន់ស្ទាត់នោះទេ ហើយការដឹកជញ្ជូនកម្មករ-កម្មការិនីនៅព្រឹកថ្ងៃនេះ គឺទើបតែជាលើកដំបូងផងដែរ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានទៅដល់ ជួយចាត់ចែងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងស្ទូចរថយន្តយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

លួចម៉ូតូស៊េរីមិនទំនើបនៅភ្នំពេញ យកទៅលក់នៅកំពង់ចាម

ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍គគរ ស្រុកកំពង់សៀម ចាប់ឃាត់ខ្លួននៅពេលកំពុងដើរលក់ម៉ូតូ ហើយនៅថ្ងៃទី30ខែកក្កដាឆ្នាំ2019 នេះ ។

នគរបាលខេត្តកំពង់ចាម បានប្រកាសរកម្ចាស់ម៉ូតូ ឆាលីមួយគ្រឿងដែលជនសង្ស័យ លួចពីភ្នំពេញ ហើយជិះមកលក់នៅខេត្តកំពង់ចាម។ ប៉ូលិសបានអោយដឹងថា នៅថ្ងៃទី30 ខែកក្កដាឆ្នាំ2019 វេលាម៉ោង13 និង15នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍គគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សន ស៊ីណា ហៅពៅ ភេទប្រុស អាយុ35ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគរ2 ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងខណះយកម៉ូតូ01គ្រឿងម៉ាក ហុងដា chaily (ឆាលី) ពណ៌ស ពាក់ផ្លាកលេខ1AQ-4507 មានលេខតួ 3605700 លេខម៉ាស៊ី3508530 មកលក់ឲ្យប្រជាពលរដ្ឋនៅភូមិគគរ2 ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយគ្មានឯកសារ ត្រឹមត្រូវនិងដោយមានការសង្ស័យប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចហៅឈ្មោះសនស៊ីណា ហៅពៅមកធ្វើការ សួរនាំ ។

ជនសង្ដយ័បានឆ្លើយសារភាពថា ចំពោះម៉ូតូ ខាងលើខ្លួនពិតជាបានធ្វើសកម្មភាពលួចជិះយកមកពីម្តុំផ្ទះជួល នៅភូមិដើមខ្វិត សង្កាត់ទទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខណះម្ចាស់គេទុកចោលនៅមុខបន្ទប់ជួល ហើយជិះយកមកលក់នៅស្រុកកំណើតរបស់ខ្លួនតែម្តង ។

ប៉ូលិសបានបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបានបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីរៀបចំ ឯកសារ និងសំណុំរឿងតាមនីតិវិធី ​៕

ត្រៀមសម្ពោធបើកហាងថ្មី ត្រូវចោរកាត់ដំបូងចូលលួចទូរស័ព្ទទំនើបៗជាង៥០គ្រឿង

ភ្នំពេញ៖ហាងលក់ទូរស័ព្ទមួយកន្លែងទើបតែដឹកទំនិញចូលបាន២ថ្ងៃ ត្រៀមបើកសម្ពោធហាង ត្រូវបានក្រុមចោរ ធ្វើសកម្មភាពកាត់ដំបូលសង័្កសីចូលលួចយកទូរស័ព្ទទំនើបៗ ប្រមាណជាង៥០គ្រឿង រួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ចោរគាស់ហាងនេះបង្កអោយមានការភ្ញាកផ្អើលកាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះសង់ថ្មី នៅតាមមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ហាង ទូរស័ព្ទ ដែលត្រូវចោរចូលលួចឈ្មោះ ពៅ ម៉ាលី ភេទស្រី អាយុ៤៦ឆ្នាំ មានលំនៅផ្ទះកើតហេតុខាងលើ។

តាមព័ត៌មាន បានអោយដឹងថា ក្រុមចោរ ដាក់បន្ទះត្តា ឡើង តាមជញ្ជាំងផ្ទះ ហើយ ឡើង ទៅលើដំបូល ធ្វើសកម្មភាពកាតើសង្ក័សីនិងចុះពីដានដាក់អង្រឹងចូលមកក្រោមធ្វើសកម្មភាពគាស់ទូរកញ្ចក់ាំងប្រមូលយកទូរម៉ត់រួចគេចខ្លួន ដោយសុវត្តិភាព។

តាមស្រ្តីជាម្ចាស់ ហាងបានអោយដឹងថា គាត់បានដឹងអីវ៉ាន់រៀបចំទូរស័ព្ទដាក់លក់បាន២ថ្ងៃដើម្បីត្រៀមរៀបចំបើកសម្ភោធ នៅថ្ងៃខាងមុខនេះ។នៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី៣០ខែកក្កដា នៅពេលដែលភ្ញាក់ពីដំណេកនៅបន្ទប់ផ្នែកខាងក្រោយ ចេញមកក៍ឃើញទ្វារបំហរ និងដំបូលធ្លុះធ្លាយព្រមទាំងអង្រឹងចងសំរ៉ូតចុះលួចទូរស័ព្ទថ្មី ដែលទើបតែទិញដាក់អស់ពីក្នុងទូរ។

តាមម្ចាស់ ក៍បានបន្តទៀត ទូរស័ព្ទសេរីទំនើបៗ មានថ្មី មានមួយទឹកប្រមាណប្រមាណជាង៥០គ្រឿង ត្រូវបានក្រុមចោរគាស់យកហើយគេចខ្លួនទៅបាត់។ទោះបីជាយ៉ាងណា គេពុំដឹងថា សម្ភារះទាំងនេះគិតជាប្រាក់អស់ប៉ុន្មានឡើយ ។
តាមព័ត៌មាន បានអោយដឹងថា ចោរ បានចូលធ្វើសកម្មភាពនៅវេលាម៉ោងប្រមាណ១ទៅ២រំលងអាធ្រាត្រខណះពេលដែលម្ចាស់កំពុងតែដេកលង់លក់។
នៅព្រឹកនោះ ម្ចាស់ក៍បានរាយការណ៍ ទៅនគរបាលចុះត្រួតពិនិត្យ។នៅក្បែរនោះ សមត្ថកិច្ច ក៍បានរកឃើញប្រអប់ទូរស័ព្ទជាច្រើន ត្រូវ បានក្រុមចោរយកទូរស័ព្ទទៅបាត់ហើយបោះចោលនៅក្បែរ៕

រដ្ឋសភាជំរុញឲ្យពន្លឿនធ្វើសេចក្តីព្រាងច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអ៊ីនធើណេត នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាគាំទ្រឲ្យរដ្ឋាភិបាលរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីបទឧក្រិដ្ឋអ៊ីន​​ធើណែត​​​​ឲ្យ​​បានលឿនដើម្បីងាយស្រួល​​ទប់ស្កាត់បទល្មើសតាមបណ្តាញសង្គម​​ដែល​​បង្ករឲ្យ​ប៉ះ​​ពាល់​​ដល់ប្រទេសជាតិ និង​សិទ្ធប្រជាពលរដ្ឋ។

លោក ឈាង វុន សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យរដ្ឋសភាបា​​នមាន​​ប្រសាសន៍​​កាល​​​ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩ថា  ដល់ពេលដែលត្រូវបង្កើតច្បាប់នេះឡើងហើយ ខណៈ​​​​បច្ចុប្បន្ននេះបណ្តាញអ៊ីនធើណែត និងបណ្តាញទំនាក់ទំនងសង្គមកុំពុងរីកចំរើន និង​អាច​បង្ករ​ភាព​​​វឹកវរ ព្រោះឧក្រិដ្ឋជនតែងតែផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រើប្រាស់បណ្តាញ​សង្គម​ទៅ​​​ប្រព្រឹត្តបទល្មើសផ្សេងៗ។

លោកបញ្ជាក់ថា ក្រសួង​មហាផ្ទៃ​​កំពុងរៀបចំដំណើដំណើរការតាក់តែងសេចក្តី​​ព្រាងច្បាប់​​ស្តីពីឧក្រិ​​ដ្ឋអ៊ីនធើណែតនេះ ដោយ​​រដ្ឋសភារង់ចាំពិនិត្យ និងអនុម័តគាំទ្រនៅពេល​​នីតិវិធី​​រៀបចំច្បាប់​នេះធ្លាក់ដល់ដៃរដ្ឋសភា។​

លោកបញ្ជាក់ថា នៅពេលច្បាប់នេះបានអនុម័តរួចរាល់ហើយ នឹងក្លាយជាឧបករណ៍​គតិយុត្តិ សម្រាប់​​ទប់ស្កាត់កាជួញដូរគ្រឿង​ញៀន​ ទប់​ស្កាត់ការជួញដូរមនុស្ស  និងបទល្មើស​​ឧក្រិដ្ឋកម្មផ្សេងៗជាច្រើនផងដែរ។

យោងតាមនីតិវិធីនៃការតាក់តែងច្បាប់មួយ​ដែលស្នើឡើងដោយ​​រាជដ្ឋាភិបាល ដំបូង ​មន្ត្រី​​​នី​​តិកម្ម​​ និងអ្នកពាក់ព័ន្ធ​​នៃក្រសួងជំនាញ​​ត្រូវរៀបចំ​​សិក្សាចង​ក្រងសេចក្តីពង្រាង​​ច្បាប់​​ ដើម្បី​សុំការគាំទ្រពីកិច្ច​​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី។

បន្ទាប់មកត្រូវបញ្ជូនសេចក្តីព្រាងច្បាប់​​ដែលគណៈ​រដ្ឋមន្ត្រីអនុម័តរួចទៅឲ្យរដ្ឋសភា​សិក្សាពិនិត្យ និងអនុម័ត ។  រដ្ឋសភា​អនុម័ត​រួច​​ហើយ​​ត្រូវ​​បញ្ជូន​​ទៅព្រឹទ្ធសភា ដើម្បីពិនិត្យ និងឲ្យយោបល់ រួចហើយ​​ឆ្លង​​ទៅ​​​​ក្រុម​ប្រឹក្សា​​ធម្មនុញដើម្បី​​ពិនិ​​ត្យធម្មនុញភាព។ ​បន្ទាប់​ពីនិត្យ​​​រួចរាល់​ហើយ​​​នឹង​ត្រូវដាក់​​ថ្វាយ​ព្រះម​ហាក្ស​​ត្រ​​ទ្រង់​​​​ឡាយ​​ព្រះហត្ថ​​លេ​ខាប្រកាសឲ្យ​ប្រើតាមពេល​វា​​ជាក់ស្តែង៕ ប្រភព : ក្រសួងព័ត៌មាន

អាជ្ញាធរចុះពិនិត្យបច្ចេកទេសទប់ស្កាត់ការបាក់ច្រាំងទន្លេក្នុងស្រុកស្ទឹងត្រង់

ដោយ ៖ សុផល
ខេត្តកំពង់ចាម ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង មន្រ្តីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ២៩ ខែកក្កដា ឆ្នាំ២០១៩ នេះ បានអញ្ជើញចុះពិនិត្យ បច្ចេកទេសទប់ស្កាត់បណ្ដោះអាសន្នចំពោះការបាក់ច្រាំងទន្លេ មេគង្គ ស្ថិតនៅក្នុងឃុំពាមកោះស្នា និងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមអាជ្ញាធរខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីរដូវទឹកសម្រកទន្លេមេគង្គឆ្នាំ២០១៨កន្លងទៅ ច្រាំងទន្លេ នៅភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ក្នុងឃុំកោះស្លា ស្រុកស្ទឹងត្រង់ខេត្ត ពិសេសនៅចំណុចមុខសាលា បឋមសិក្សាព្រះអណ្តូង ទទួលរងនូវការបាក់ស្រុតជាបន្តបន្ទាប់ ដែលបណ្តាលឱ្យផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ ម៉ែត្រ ប្រឈមនឹងការបាក់ស្រុតដែលអាចនាំឱ្យកាត់ផ្តាច់ចរាចរណ៍ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកព្រែក ប្រសព្វ ខេត្តក្រចេះ ហើយដោយសាររដ្ឋបាលខេត្តពុំមានបច្ចេកទេស និងថវិកាគ្រប់គ្រាន់ក្នុងការសិក្សាលក្ខណៈ បច្ចេកទេស ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំងទន្លេដែលនឹងឈានដល់ការកាត់ផ្តាច់ចរាចរណ៍នៅត្រង់ចំណុចខាង លើ ពិសេសនៅមុនរដូវទឹកឡើង ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តបានសុំកិច្ចអន្តរាគមន៍ដល់ក្រសួងធនធានទឹក និង ឧតុនិយម ក្នុងការចុះសិក្សាលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបាក់ស្រុតផ្លូវខេត្តលេខ២២៣ នៅត្រង់ចំណុច ប៉ះពាល់ខាងលើឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា បន្ទាប់ពីបានទទួលសំណើពី អាជ្ញាធរ ខេត្តកំពង់ចាម ឯកឧត្តមរដ្ឋមន្រ្តីបានបង្កើតក្រុមការងារចុះពិនិត្យ និងសិក្សានៅទីតាំងខាងលើ និងបានណែនាំលើវិធានការចំពោះមុខបន្ទាន់បណ្តោះអាសន្ន គឺត្រូវធ្វើច្រាំងការពារប្រវែង១០០០ម នៅក្នុងឆ្នាំនេះ ដោយក្នុងនោះនៅទីតាំង៖
– ទី១ ៖ នៅភូមិក្រៅ ឃុំពាមកោះស្នា ស្រុក ស្ទឹងត្រង់ ប្រវែង ៥០០ម
– ទី២៖ នៅភូមិព្រះអណ្តូងទី២ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ប្រវែង ២០០ម និង
– ទី៣ ៖ នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ប្រវែង ៣០០ម ។ ដោយ ការងារនេះ បាននឹងកំពុងអនុវត្តចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា មកម្ល៉េះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនៃការបាក់ច្រាំងនៅទីតាំងខាងលើ ឲ្យបានប្រសើរ ក៏ដូចជានៅទីតាំងប្រឈមផ្សេងៗទៀតនាពេលចំពោះមុខ ដោយនឹងសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយនូវហានីភ័យនៃការបាក់ច្រាំងដែលអាចបង្កនូវការខូតខាតដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងនាពេលខាងមុខនៅមូលដ្ឋានដែលមានភាពប្រឈមនឹងការបាក់ច្រាំង ៕

ការសាងសង់ពហុកីឡដ្ឋាន «មរតកតេជោ» សម្រេចបានជាង៥០ភាគរយហើយ

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន នឹងអញ្ជើញទៅពិនិត្យការសាងសង់ ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅព្រឹកថ្ងៃចន្ទ ទី២៩ កក្កដា នេះ ខណៈដែលពិធីផ្គុំកៅអី និងផ្គុំអគារទាំងមូលក្នុងបរិវេណ ត្រូវបានសម្រេចរួចរាល់តាមផែនការដំណាក់កាលទី ២។

ព្រឹកថ្ងៃចន្ទ ទី២៩ កក្កដា នេះ សម្តេចតេជោ អញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋាន «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនី។ នៅក្នុងឱកាសនោះ សម្តេចតេជោ បានផ្តល់អនុសាសន៍ឲ្យសហព័ន្ធកីឡាកម្ពុជា ខិតខំរៀបចំឲ្យបានល្អបំផុត សម្រាប់ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។

នៅព្រឹកនេះដែរ សម្តេចតេជោ និងអគ្គរដ្ឋទូតចិន ក៏បានអញ្ជើញ ក្នុងការដំឡើងថាសកៅអីបេតុងចុងក្រោយជានិមិត្តរូប នៃការលេចចេញជារូបរាងរបស់កីឡដ្ឋានធំ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង ហើយនេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រ ដែលកើតឡើងក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រ។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាសំណង់កីឡាទំនើបមួយទទួលបានជំនួយឥតសំណងពីប្រទេសចិនក្នុងគម្រោងទឹកប្រាក់ជិត ១៦០ លានដុល្លារ ហើយត្រូវបានសាងសង់ និងប្រើប្រាស់ជាបណ្តើរៗហើយក្នុងនោះការសាងសង់ត្រូវបានបែងចែកជា ៣ ដំណាក់កាល និងត្រូវបានអនុម័តឲ្យសាងសង់តាំងពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៦ ហើយគិតត្រឹមពេលនេះសាងសង់បាន ៦០ ភាគរយ និងបានបញ្ចប់ដំណាក់កាលទី ២ ហើយគឺនឹងគ្រោងបន្តសាងសង់ដំណាក់កាលទី ៣ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣។

គិតមកដល់ពេលនេះ ការសាងសង់ពហុកីឡដ្ឋាន «មរតកតេជោ» លំដាប់អន្តរជាតិ ដែលជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន សម្រេចបានលើស៥០ភាគរយហើយ ដែលនឹងបំរើការធ្វើការជាម្ចាស់កីឡាស៊ីហ្គេមនៅ ឆ្នាំ២០២៣ខាងមុខ ។ ការសាងសង់ដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២០។ រីឯដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមសាងសង់ ក្រោយបញ្ចប់ការសាងសង់កីឡដ្ឋានធំ ឬ Main Stadium៕

បែកធ្លាយលិខិតអភិបាលរងស្រុកត្បែងមានជ័យ សុំសម្តេច ស ខេង ឡើងតំណែង

ខេត្តព្រះវិហារ ៖ បែកធ្លាយលិខិតរបស់លោក លឹម ម៉ៅ អភិបាលរងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារស្នើសុំសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំផ្ទេរក្របខ័ណ្ឌពីមន្ត្រីរាជការស៊ីវិល មកបម្រើការងារ ជាមន្ត្រីក្របខ័ណ្ឌនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងសូមតែងតាំងមុខតំណែងជាស្នងការរង នៃស្នងការដ្ឋាននគ របាលខេត្តព្រះវិហារ ។ នេះបើយោងតាមលិខិតចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ របស់លោក លឹម ម៉ៅ។

នៅក្នុងលិខិតដែលស្នើឡើងតាមរយៈលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងលោកអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មានខ្លឹមសារថា ៖
« ខ្ញុំបាទឈ្មោះ លឹម ម៉ៅ ឆ្នាំកំណើត ១៩៧១ អត្តលេខមន្ត្រីរាជការ ១៧១០៧០០០៥៥ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ឋានៈជាអភិបាលរងស្រុកត្បែងមាន ជ័យនៃខេត្តព្រះវិហារ ។សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទី គោរពដ៏ខ្ពង់ខ្ពស់ តាមរយៈលោកអភិបាលនៃគណៈអភិបាលស្រុកត្បែងមានជ័យ ដោយស្នើសុំផ្ទេរក្របខ័ណ្ឌពីមន្ត្រីរាជការស៊ីវិល មកបម្រើការងារជាមន្ត្រីក្របខ័ណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃនិងសូមតែងតាំ ងមុខតំណែងជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។

នៅក្នុងលិខិតដដែល លោក លឹម ម៉ៅ បានលើកឡើងថា « ខ្ញុំបាទបានបម្រើការងារជាមន្ត្រីរាជការស៊ីវិលអ ស់រយៈពេល២២ឆ្នាំ មកហើយបច្ចុប្បន្នជាអ ភិបាលរងស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារបានឆ្លងកាត់ ការ សិក្សាទទួលបា នសញ្ញាបត្រឧត្តមរុក្ខកម្ម ខ្ញុំបាទមានបំណងចង់ទៅបម្រើការងារជាស្នងការរង នៃស្នងការដ្ឋាននគរបា លខេត្តព្រះវិហា រវិញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការបម្រើជាតិមាតុភូមិ» ។

ទោះជាយ៉ាងនេះក្តី មកទល់នឹងថ្ងៃទី២៩ ខែកក្កដា នេះ គ្មានមមន្ត្រីណាម្នាក់បានដឹងច្បាស់ថា តើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងសម្រេចបែបណាចំពោះការស្នើសុំនេះ នៅឡើយទេ៕

លម្អិតពី ACU ចាប់ខ្លួនមេសុរិយោដីខេត្តពោធិ៍សាត់រឿងទារលុយ ១០ម៉ឺនដុល្លារ

ពោធិ៍សាត់ ៖ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។

ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយឯកឧត្តមម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់។
អង្គភាព ប្រឆាំង អំពើពុករលួយ (ACU) បានឲ្យដឹងថា ប្រធាន អនុប្រធាន និង
មន្ត្រី មន្ទីរ សុរិយោដី ខេត្តពោធិ៍សាត់ ដែល ត្រូវចាប់ខ្លួន៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់
*ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់
*ទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។

ការចាប់ខ្លួននេះបានធ្វើឡើងនៅភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ នៅវេលាម៉ោងប្រមាណ ៩៖៣៥នាទីព្រឹកនៅពេលម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ។
ប្រភពពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹង តាមសារអេឡិចត្រូនិក នៅក្នុងគ្រុបតេឡាក្រាម “ សភាព្រោកប្រាជ្ញ ” ថា ប្រធានមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ បានទារលុយគេ ៤ម៉ឺនដុល្លារ គេមិនព្រម បង្កការលំបាកខ្លាំងទាល់តែគេមកអង្វរទារគេដល់ ១០ម៉ឺនដុល្លារ ទើបចេញច្បាប់សាងសង់ឲ្យគេ ។ហើយត្រូវកក់ភ្លាម៥០% (៥ ម៉ឺន ដុល្លារ ) ។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩ គេកក់៥ពាន់ដុល្លារនៅបន្ទប់ការិយាល័យប្រធានតែម្តងហើយ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា កក់ឲ្យ ៤ម៉ឺន៥ ពាន់ដុល្លារទៀតបង្គ្រប់៥០% នៅភោជនីយដ្ឋាន មហាលាភ ទើបអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនមកតែម្តង ។

សូមបញ្ជាក់ថា លោក លៀម ប៊ុនរឿម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានតែងតាំង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ ដោយចេញពីអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមាន
ជ័យ ហើយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ត្រូវបានតែងតាំងតំណែងជប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ៕

កម្ពុជា-បេឡារុស ជួបពិភាក្សាពីការបង្កើនវិស័យពាណិជ្ជកម្មទ្វេភាគី

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្តែងមោទនភាព និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស ថាបានដើរតួនាទីយ៉ាងសំខាន់ ដល់ការធ្វើពិពិធកម្មឱកាសការងារ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាគណៈអធិបតីភាពជាមួយ លោក ជេនណាឌី ស្វេឌ័រស្គី (Gennady Svidersky) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងឧស្សាហកម្មបេឡារុស ក្នុងពិធីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និងបេឡារុស ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងសណ្ឋាគារសុខាសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចប្រឹងប្រែងសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាល ដែលបង្កើតបានជាកាលានុវត្តភាពសម្រាប់វិនិយោគិនបេឡារុស តួយ៉ាងករណីជោគជ័យរបស់ក្រុមហ៊ុនផលិតត្រាក់ទ័រ «បេឡារុស-មេគង្គ» ដែលចាប់ផ្តើមពីទុន ៤លានដុល្លារ និងបានកំពុងចែកចាយត្រាក់ទ័រគុណភាពខ្ពស់នៅលើទីផ្សារ និងផ្តល់ការងារជូនពលករខ្មែរជាច្រើននាក់។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តពិភាក្សាគ្នាលើវិស័យកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម ទេសចរណ៍ អប់រំ និងវិស័យផ្សេងទៀត ដោយប្រើប្រាស់ជំនាញ និងបទពិសោធន៍ ដើម្បីបង្កើតផែនការសកម្មភាពថ្មីមួយ ដែលមានកំណត់បញ្ហាប្រឈមដែលត្រូវដោះស្រាយ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជេនណាឌី ស្វេឌ័រស្គី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបេឡារុស ក្នុងការបន្តជំរុញវិនិយោគ មកកាន់ប្រទេសកម្ពុជា លើវិស័យកសិកម្ម ឧស្សាហកម្ម សុខាភិបាល និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើតឱកាសសម្រាប់ប្រជាជន និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាល។
បន្ថែមលើនេះ លោកអនុរដ្ឋមន្ត្រីបេឡារុស ក៏បានសន្យាជួយជំរុញការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយបញ្ហាគម្លាតជំនាញ និងគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្មធុនស្រាល និងធុនធ្ងន់ នៅក្នុងប្រទេសកម្ពុជាថែមទៀត។

សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារ នៅក្រោមក្របខណ្ឌនៃកិច្ចព្រមពៀងឆ្នាំ២០១៤ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា សំដៅបង្កើនទំហំពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស ឱ្យកាន់តែមានភាពស៊ីជម្រៅ និងទូលំទូលាយ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការលើកទី២ បានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស ៕

សាសនិក​អ៊ិស្លាមកម្ពុជាចេញដំណើរទៅចូលរួមបុណ្យហាជ្ជី ប្រចាំឆ្នាំនៅ អារ៉ាប៊ីសាអូឌីត

ភ្នំពេញ ៖ ឆ្នាំនេះ សាសនិអ៊ិស្លាមកម្ពុជាប្រមាណ ១.២១០នាក់ បានចេញទៅចូលរួមក្នុងពិធីបុណ្យហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយចំពោះការធ្វើដំណើរបានធ្វើឡើងជាក្រុមៗ និងជាបន្តបន្ទាប់។ ដោយ ឡែកសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ នេះ មានចំនួន ១៥៣នាក់ ក្រោមការជូនដំណើរពីថ្នាក់ដឹកនាំជាន់ខ្ពស់់សាសនិអ៊ិស្លាមកម្ពុជា យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។

លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជាបានឱ្យដឹងថា ឆ្នាំនេះការចំណាយសរុបរបស់សាសនិកឥស្លាមកម្ពុជា ដែលត្រូវទៅចូលរួមកម្មវិធីបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអូឌីត មានប្រមាណ ៤លាន ៨សែនដុល្លារអាមេរិក ដែលជាការចំណាយផ្ទាល់ខ្លួនរបស់បងប្អូន។ ឯកឧត្តមថា ពី មួយឆ្នាំ ទៅមួយឆ្នាំ មានសាសនិកឥស្លាមកម្ពុជាកាន់តែច្រើនទៅៗបានដាក់ពាក្យសុំទៅចូលរួមក្នុងពិធី បុណ្យប្រចាំឆ្នាំដ៏ធំមួយនេះ តែដោយសារចំនួនមានកំណត់បងប្អូនយើងខ្លះពុំបានទៅទេ ដែលការកើន ឡើងដល់ចំនួនខ្ទង់ពាន់នាក់បែបនេះ សបញ្ជាក់ឱ្យឃើញថា បងប្អូនយើងមានលទ្ធភាពកាន់តែធំទៅៗ ក្នុងការចំណាយ ដែលខុសពីពេលមុនយើងមានអ្នកដែលមានលទ្ធភាពទៅត្រឹមតែ១ ឬ២នាក់ប៉ុណ្ណោះ ក្នុង១ឆ្នាំ ព្រោះថាការចំណាយឃើញថាវាខ្ពស់គួរសមដែរសម្រាប់ប្រទេសយើង។

បើតាមលោក ស៊ីត យូសុះ មកពីខេត្តកំពង់ឆ្នាំង ដែលបានចេញដំណើរពីប្រទេសកម្ពុជា ទៅចូលរួមក្នុងពិធីបុណ្យហាជ្ជី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះបានឱ្យដឹងថា លោក និងភរិយា បានចំណាយលុយផ្ទាល់ខ្លួន ក្នុងម្នាក់ៗ ប្រមាណ ៤ពាន់ដុល្លារអាមេរិក សម្រាប់ការធ្វើដំណើរ និងការស្នាក់ នៅប្រទេសអារ៉ាប៊ីសាអូឌីត រយៈ ពេលប្រហែល៤០ថ្ងៃ ដើម្បីស្វែងរកបុណ្យជាមួយសាសនិកឥស្លាម មកពីជុំវិញពិភពលោករាប់លាន នាក់ផ្សេងទៀត៕

លោក ប្រាក់ សុខុន នឹងប្រជុំរដ្ធមន្ត្រីការបរទេសអាស៊ាននៅក្រុងបាងកកនាដើមខែក្រោយ

ភ្នំពេញ :តបតាមការអញ្ជើញរបស់ លោក ដូន ប្រាំម៉ូដវីណៃ រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក។

លោក ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ។ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងផ្តោតជាសំខាន់ទៅលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីជំរុញបន្ថែមទៀតនូវដំណើរការកសាងសហគមន៍អាស៊ាន និងការពង្រឹងនិម្មាបនកម្មតំបន់ដែលផ្តោតទៅលើមជ្ឈភាពអាស៊ាន ក៏ដូចជាការពង្រីកភាពជាដៃគូជាមួយដៃគូសន្ទនាអាស៊ាន និងភាគីខាងក្រៅ ។

  • លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំ ដូចខាងក្រោម៖
    -ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស
    – កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
    -កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២
    -សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន
    -កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២០
    -កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៩ និង
    -វេទិកាតំបន់អាស៊ានលើកទី២៦ ។

ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលហ្សេឡង់ (២០១៨-២០២១) ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធានជាមួយ ឯកឧត្តម វីនស្តុន ភីទ័រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនូវែលហ្សេឡង់ កិច្ចប្រជុំ «សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាមួយនិងនូវែលហ្សេឡង់» ។

ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀត នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសាធារណរដ្ឋប៉េរូ និងសាធារណរដ្ឋអាហ្រ្វិកខាងត្បូង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការកម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន-ចិន និង គំនិតផ្តួចផ្តើមអាស៊ាន-អូស្រ្តាលី ប្រយុទ្ធប្រឆាំងនឹងការជួញដូរ។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំដទៃទៀត ដូចខាងក្រោម ៖
– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសគំនិតផ្តួចផ្តើមមេគង្គក្រោម លើកទី១២
– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១០
– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី៩ និង
– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១២។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក ឯកឧត្តម ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយ ឯកឧត្តម វីនស្តុន ភីទ័រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នូវែលហ្សេឡង់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន លោកជំទាវ អ៊ីណេ ម៉ារី អេរិកសិន រដ្ឋមន្រ្តីការបរទេសន័រវែស ព្រមទាំងប្រមុខនៃគណៈប្រតិភូនៃប្រទេសមួយចំនួនទៀតផងដែរ៕

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា

ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចទទួលយកសេចក្តី ព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិច ត្រូនិច ដែលស្នើឡើងដោយរាជរដ្ឋា ភិបាលមកពិនិត្យសិក្សា។

គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នក ប្រើប្រាស់ ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យសិក្សា ហើយធ្វើរបាយការ ណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាវិញ។ ចំណែកសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិច គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា បានអនុម័តប្រគល់ជូនគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាពិនិត្យសិក្សា ដោយសហការជាមួយ គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយ ការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តលើសំណើសុំជ្រើសតំាង សមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណត្តិថ្មីចំនួន ១រូប ជំនួសឯកឧត្តម អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម ដែលត្រូវបញ្ចប់អាណត្តិ ដោយបានប្រគល់ភារកិច្ចដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភាធ្វើសេចក្តីជូន ដំណឹង និងផ្សព្វផ្សាយជាសាធារណៈ ជ្រើសរើស ឥស្សរ ជន ដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយ ការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋ សភាវិញ៕

ពលរដ្ឋខ្មែរម្នាក់ត្រូវទាហានថៃបាញ់ធ្លាយភ្លៅខណៈឆ្លងចូលទៅរកស្ពាយឈើនៅទឹកដីថៃ

ព្រះវិហារ ៖ ប្រជាពលរដ្ឋចំណាកស្រុកម្នាក់ លួចឡើងឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ទៅរកស្ពាយ ឈើប្រណិតចេញពីទឹកដីថៃ មកកម្ពុជាតែត្រូវទាហានថៃ បាញ់បណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣.០០នាទី យប់ទាបភ្លឺថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមប្រភពព័ត៌មានមួយដែលភ្នាក់ងារទូទស្សន៍អាស៊ីអាគ្នេយ៍ ប្រចាំខេត្តព្រះវិហារទទួលបាន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ជឹម យូឡុង ភេទប្រុស អាយុ២៦ឆ្នាំ រងរបួស ដោយសារ សមត្ថកិច្ចថៃបាញ់ ត្រូវចំនួន ១គ្រាប់ចំគូទ ធ្លុះមកភ្លៅខាងឆ្វេង។

ប្រភពបន្តថា បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកនាំយកទៅជួយសង្គ្រោះជីវិត យ៉ាងស្ងាត់ៗផងដែរ៕

មន្ទីរកសិកម្មខេត្តព្រៃវែង រៀបចំពិធីហូបសាច់ជ្រូកលើកទឹកចិត្តដល់អ្នកចិញ្ចឹម

ខេត្តព្រៃវែង ៖ នៅល្ងាចថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៩ ក្នុងបរិវេណ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួមហូបសាច់ជ្រូកខ្វៃ និងនំបាញ់ហយ បន្លែស្រស់ៗគ្រប់មុខ ពីសំណាក់ ឯកឧត្តម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ទីរនានា ជុំវិញខេត្ត។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានមានប្រសាសន៍ថា មូលហេតុប្រារព្វពិធីនេះឡើង ដោយសារតែជ្រូកកសិករចិញ្ចឹមតាមទ្រុង នៅទូទាំងខេត្តជិត៦ម៉ឺនក្បាល លក់មិនចេញ តាមផ្សារនីមួយៗ លក់សាច់ជ្រូកលែងដាច់ ។ បន្ទាប់ពី លេចឮពាក្យចចាមអារាមថា ហូបសាច់ជ្រូកប៉ះពាល់សុខភាព ជ្រូកមានជម្ងឺ ប៉េស្តជ្រូកអាហ្វ្រិច។

លោកបន្តថា តាមពិតទូទាំតខេត្តព្រៃវែង ជ្រូកទាំងអស់ គ្មានជម្ងឺប៉េស្តជ្រូកអាហ្វ្រិចនោះទេ ជ្រូកមានសុខភាពល្អ ពេល បង ប្អូន ទទួលទានសាច់ជ្រូក ធ្វើឲ្យសុខភាពយើងល្អមិនប៉ះពាល់នូវការឆ្លងឫកើតជម្ងឺដង្កាត់ផ្សេងៗអ្វីឡើយ។ដូចនេះ សូម បង ប្អូននាំគ្នា ហូប សាច់ជ្រូកឡើងវិញ ដើម្បី ជាការលើកទឹកចិត្ត ដល់កសិករចិញ្ចឹមជ្រូកតាមផ្ទះទៀត។

លោកបន្តថា សព្វថ្ងៃនេះ អ្នកកាប់ជ្រូក យកសាច់ លក់លើទីផ្សារមិនហ៊ានទិញជ្រូករស់ មកកាប់លក់ទេ ដោយសារតែលក់មិនដាច់ មនុស្សភាគច្រើន បង្វែរពីការធ្លាប់ហូបសាច់ជ្រូក ទៅហូប មាន់ ទា គោ ក្របី ត្រី ជាដើមវិញ ម្លោះហើយ បញ្ហានេះ ប៉ះពាល់ធ្ងន់ធរណាស់ ដល់កសិករចិញ្ចឹមជ្រូក ដែលជាជ្រូកសុខភាពល្អ គ្មានជម្ងឺទាល់តែសោះ ព្រោះថា ក្នុងខេត្តព្រៃវែង ជ្រូកមិនកើតជម្ងឺប៉េស្តជ្រូកអាហ្វរិចនោះទេ ។

លោក សុខ ជា តំណាងលក់ចែកចាយជ្រូករស់ របស់ក្រុមហ៊ុន ស៊ីភី ប្រចាំខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង បានបន្ថែមថា មិនត្រឹមតែកសិករចិញ្ចឹមជ្រូកទេ លក់ជ្រូកមិនដាច់ សូម្បីតែក្រុមហ៊ុនស៊ីភី ក៍លក់មិនដាច់ដែរ មួយថ្ងៃៗ ខេត្តមួយៗ លក់ដាច់ត្រឹមតែពីរក្បាលប៉ុណ្ណោះ ខណៈពីមុនពេលផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្វ្រិច មួយថ្ងៃៗលក់ដាច់ដល់ទៅរាប់ពាន់ក្បាលឯណោះ។

ជាមួយបញ្ហាខាងលើ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋមិនហ៊ានហូបសាច់ជ្រូក ឲ្យហូប សាច់ជ្រូកឡើងវិញ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ហូប សាច់ជ្រូកបណ្តើរ រៀបរាប់ថា ខ្ញុំហូបសាច់ជ្រូក ធម្មតារាល់ថ្ងៃ មិនបោះបង់វាទេ មិនដែលមានជម្ងឺយាយីរាងកាយខ្ញុំឡើយ ដូចនេះ តាមរយៈពិធីជួបជុំហូប សាច់ជ្រូកនេះដែរ សូម បង ប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាទទួលទានសាច់ជ្រូកឡើងវិញ ដើម្បីលើកទឹកចិត្តដល់កសិករយើងខំចិញ្ចឹមជ្រូក បន្តចិញ្ចឹមជ្រូកបទៀត៕

ជនរងគ្រោះ៧គ្រួសារ ប្តឹងទារសំណងីម្ចាស់សំណង់អគារដែលបាក់រលំនៅខេត្តព្រះសីហនុ

ដោយ : សុត្ថារ៉ា

ក្រុងព្រះសីហនុ ៖ ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ដោយសារការបាក់អគារ នៅខេត្ត ព្រះសីហនុ ចំនួន៧គ្រួសារ តាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ប្តឹងទាមទារសំណងពីក្រុមហ៊ុន XI GANG TANG GONG YOU JI HAISAO ពាក់ព័ន្ធនឹងករណីដែលសាច់ញាតិ របស់ពួក គេបានរងគ្រោះក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ។

ប្រភពព័តឥមានមួយបានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះដែលប្តឹងនោះមានចំនួន ៧គ្រួសារ មកពីខេត្តព្រៃវែង និងខេត្តកំពង់ចាម រួមមានៈ ១. ឈ្មោះ សុន សុផាត ២. ឈ្មោះ ផឹម អិត ៣. ឈ្មោះ ភួន ផានិត ៤. ឈ្មោះ ឆេង ចំរើន ៥. ខឹម សាខន ៦. ឈ្មោះ យឹម ថេន ៧. ឈ្មោះ ឈុំ ចិនឡាង។

លោក យឹម ប៉ុណ្ណារ៉េត ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់ បណ្តាញព័ត៌មាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះថា ពិតជាមានបណ្តឹងយ៉ាដូច្នេះមែន ហើយបច្ចុប្បន្ន លោកចៅក្រម សុខ ហេង ជាអ្នកកាន់សំណុំរឿងនេះ។

រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ការដ្ឋានសំណង់នេះ មានម្ចាស់ឈ្មោះ CHEN KHUN ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ម៉ៅការសាងសង់ដោយក្រុមហ៊ុនឈ្មោះ XI GANG TANG GONG YOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ AGO YU ភេទប្រុស អាយុ២៩ឆ្នាំ។ បច្ចុប្បន្នអ្នកទាំង៤នាក់នេះ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា អគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ មានទំហំទទឹង ១៥ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់បានប្រមាណ ៧០ ទៅ ៨០ភាគរយ ហើយបានបាក់ស្រុត កាលពីវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានបណ្តាលឲ្យកម្មករស្លាប់ចំនួន ២៨នាក់ និងរងរបួសចំនួន ២៦នាក់៕