All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្រ្តីព័ត៌មានអំពាវនាវឲ្យអ្នកនាំពាក្យតាមក្រសួង ស្ថាប័នទាំងអស់យកចិត្តទុកដាក់ទប់ស្កាត់ព័ត៌មានប្រឌិតឲ្យមានប្រសិទ្ធភាព

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអំពាវនាវឲ្យអ្នកនាំពាក្យតាមក្រសួង ស្ថាប័នទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះករណីនេះ ហើយសហការគ្នាឆ្លើយតប និងទប់ស្កាត់ព័ត៌មានប្រឌិតទាំងអស់នេះឲ្យមានប្រសិទ្ធភាព។ ការអំពាវនាវរបស់លោករដ្ឋមន្រ្តីបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាន នាយុគសម័យបច្ចេកវិទ្យាឌីជីថល កាលពីល្ងាចថ្ងៃទី២២ ខែតុលា នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ជាមួយគ្នានោះលោករដ្ឋមន្រ្តីក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានក្លែងក្លាយដែលបាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ។ លោកថា អ្វីដែលគួរឲ្យបារម្ភបំផុតនោះ គឺការបំលែងព័ត៌មានពិត ទៅជារឿងផ្សេងៗទៀតដែលបង្កឲ្យមានភាពចលាចល ឬ បង្ខូចកិត្តិយសអ្នកផ្សេងជាដើម។

លោក ខៀវ កាញារីទ្ធ បានប្រសាសន៍ថា “ព័ត៌មានដែលគ្រោះថ្នាក់បំផុតនោះ គឺព័ត៌មានពិត ប៉ុន្តែគេបំលែងរឿងពិតនោះទៅជារឿងផ្សេង”។

លោក ខៀវ កាញារីទ្ធ បានលើកជាឧទាហរណ៍ករណីឡានពេទ្យឆ្លងកាត់ក្បួនដែលត្រូវនគរបាលឃាត់នោះថា “មែនទែនទៅ គេឲ្យអាទិភាពឡានពេទ្យ ប៉ុន្តែមិនអាចគេចផុតអំពីក្បួនខ្ពស់ នៃការការពារសុវត្ថិភាពខ្ពស់បំផុត ប៉ុន្តែទីបំផុតរឿងឡានពេទ្យនេះ គេទាញរឿងនេះក្លាយជារឿងខុសនោះគឺ រាជរដ្ឋាភិបាលមើលងាយជីវិតប្រជាជន”។ លោកបន្តថា នេះជាព័ត៌មានគ្រោះថ្នាក់បំផុត៕

កម្ពុជា​នឹង​ធ្វើ​​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​សមាគម​តុលាការ​ធម្មនុញ្ញនិយាយ​ភាសា​បារាំងនាចុងខែនេះ​

​ភ្នំពេញ ៖ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុ​ជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​សមាគម​តុលាការ​ធម្មនុញ្ញ​និយាយ​ភាសា​បារាំង ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​ខាងមុខនេះ​។ នេះបើយោងតាមសេចក្តីប្រកាស​ព័​ត៌​មាន​របស់​អគ្គលេខាធិកា​រ​ នៃ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ចុះ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ។

​យោង​តាម​សេចក្តីប្រកាស​ព័​ត៌​មានដដែលបន្តថា ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ហ្វ្រ​ង់​កូ​ហ្វូ​ន (​អា​សេ​សេ​អេ​ហ្វ​) នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភូ​គី​ត្រា ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ​នឹង​ដឹកនាំ​ដោយ​លោក​ប្រធាន​តុលាការ​កំពូល​នៃ​ប្រទេស​កាណាដា ដែល​បានទទួល​អាណត្តិ​ជា​ប្រធាន​សមាគម ACCF និងចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ចំនួន​៣០​រូប​នៃ ក្រុមប្រឹក្សាធម្មនុញ្ញ​, តុលាការ​ធម្មនុញ្ញ និង​តុលាការ​កំពូល មកពី​ប្រទេស​ចំនួន​១១ រួមមាន​៖ កម្ពុជា កាណាដា ស្វី​ស សេ​ណេ​ហ្គា​ល់ បេ​ណាំង ម៉ាលី ប៊ែ​ល​ហ្ស៊ី​ក រ៉ូ​ម៉ា​នី បារាំង ម៉ា​រ៉ុ​ក និង​ហ្គា​បុ​ង​៕

 

 

មេបក្សប្រឆាំងវេណេស៊ុយអេឡាស្នើឱ្យចិន និងរុស្ស៊ីជួយបញ្ចប់វិបត្តិនយោបាយ

ការ៉ាកាស់ ៖ លោក Juan Guaido មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡាបានស្នើឱ្យចិន និងរុស្ស៊ី ជួយដោះស្រាយបញ្ចប់វិបត្តិនយោបាយដែលបានធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ដល់បាត ហើយប្រជាជនរាប់លាននាក់រត់ភៀសខ្លួនទៅក្រៅប្រទេស។ នេះបើតាមសារព័ត៌មាន AFP។

លោកស្រី Teresa Belandria ដែលត្រូវបានលោក Guaido តែងតាំងជាតំណាងទូតរបស់លោកប្រចាំប្រទេស ប្រេស៊ីលបានបញ្ជាក់ថាមេដឹកនាំបក្សប្រឆាំងរូបនេះ បានជួបប្រតិភូចិនជាច្រើននាក់ ក្នុងទីក្រុងការ៉ាកាស់ កាលពីពេលថ្មីៗនេះ។ លោកស្រី បន្ថែមទៀតថា ក្រុមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ក៏បានធ្លាប់ពិភាក្សាការងារជាមួយ ក្រុមមន្ត្រីរុស្ស៊ី នៅក្នុងរដ្ឋ Brasilia នៃប្រទេសប្រេស៊ីលផងដែរ ដើម្បីស្នើឱ្យពួកគេជួយដោះស្រាយបញ្ចប់វិបត្តិ នយោបាយវេណេស៊ុយអេឡា នៅពេលបច្ចុប្បន្ន។

យ៉ាងណាម៉ិញមហាអំណាចទាំងពីរនៅមិនទាន់ប្រតិកម្មចំពោះការលើកឡើងនេះនៅឡើយទេ ប្រទេសទាំងពីរសុទ្ធតែជាសម្ព័ន្ធមិត្តនៃរដ្ឋាភិបាលប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ និងដែល បានបដិសេធទទួលស្គាល់លោក Guaido ជាប្រធានាធិបតីវេណេស៊ុតអេឡាស្ដីទី៕

 

សម្តេចតេជោ សម្រេចដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្រអគ្គិសនីចាប់ពីឆ្នាំ២០២០

ភ្នំពេញ ៖ បន្ទាប់ពីសម្រេចដកយកក្រុមហ៊ុន សំរាម ស៊ិន ទ្រី យកមកឲ្យរដ្ឋគ្រប់គ្រងវិញ យប់ថ្ងៃទី២២ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្លៃសេវាអគ្គសនី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។

សម្តេចតេជោ ហ៊ុនសែន បានបង្ហោះសារនៅទំព័រ Facebook ផ្លូវការនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «ដោយក្តាប់បាននូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអំពីការដាក់ថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុន ស៊ិនទ្រី ក្នុងវិក្កយបត្ររបស់អគ្គិសនីកម្ពុជា ល្ងាចថ្ងៃនេះ ខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជាដោយដកថ្លៃ សេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ»។

សម្តេចតេជោ បន្ថែមថា «យន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខនឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ ដែលកិច្ចការនេះខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និងដោះស្រាយ។ សូមបងប្អូនប្រជា ពលរដ្ឋជាទីស្រឡាញ់មេត្តាជ្រាបជាព័ត៌មាន»៕

 

Mike Pompeo ៖ Trump ត្រៀម​ប្រើប្រាស់​យោធា​ប្រឆាំង​តួ​ក​គី បើ​ចាំបាច់​

​អាមេរិក ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ ថា​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ត្រៀមលក្ខណៈ​ពេញលេញ​ដើម្បី​ធ្វើ​សកម្មភាព​យោធា​ប្រឆាំងនឹង​ប្រទេស​តួ​ក​គី ប្រសិនបើ​មានការ​ចាំបាច់​។​ នេះ​បើ​យោងតាម​ប្រភពពី Sputniknews​។​

​លោក Mike Pompeo បាន​ថ្លែងប្រាប់​ទូរទស្សន៍ CNBC ថា យើង​ចូលចិត្ត​សន្តិភាព ប៉ុន្តែ​បើសិនជា​ការប្រើប្រាស់​កម្លាំង​យោធា​គឺជា​រឿង​ចាំបាច់​បំផុត អ្នក​ទាំងអស់គ្នា​ប្រាកដជា​ដឹងថា លោក​ប្រធានាធិបតី ​Trump បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិករូបនេះ បាន​បដិសេធ​មិន​បង្ហាញ​ខ្សែបន្ទាត់​ក្រហម​ដែល​នឹង​ជំរុញ​ឲ្យ​អាមេរិក ប្រើប្រាស់​កម្លាំងយោធា​ប្រឆាំង​តួ​ក​គី ស្ថិតនៅក្នុង​កម្រិតណា​នោះទេ ដ្បិត​ទាំង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​អង់កា​រ៉ា​សុទ្ធតែជា​សមាជិក​អង្គការ NATO។ NATO បានចែង​យ៉ាងច្បាស់​ថា ការវាយប្រហារ​លើស​មា​ជិ​ក​ណាមួយ គឺជា​ការវាយប្រហារ​លើ​អង្គការ NATO ទាំងមូល ហើយ​តម្រូវ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់ ចាត់វិធានការ​ឆ្លើយតប​៕

 

សម្តេចតេជោ ៖ គ្មាន​ប្រទេស​ណាមួយ​នៅ​អឺរ៉ុប​ដែល​គ្មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជានោះទេ​!

​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណ​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ប្រទេស​នៅ​អឺរ៉ុប​គឺ​គ្មាន​ប្រទេស​ណាមួយ​ដែល​គ្មាន​ទំនាក់ទំនង​ល្អជា​មួយកម្ពុជា​នោះទេ ហើយ​គេ​កំពុងធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​នាយករដ្ឋមន្ត្រី ឈ្មោះ ហ៊ុន សែន​។​


​ ​ការ​ថ្លែង​របស់​សម្តេច​ធ្វើឡើង​ក្នុងឱកាស​សម្តេច​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញាបត្រនិស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​នៅ​កោះ​ពេជ្រ៕

ដំរី​ចំនួន៥៥ ក្បាល​ងាប់ដោយសារ​គ្រោះរាំងស្ងួត​នៅ​ហ្សី​ម​បាប​វ៉េ​

​ហ្សី​ម​បាប​វ៉េ​ ៖ អាជ្ញាធរ​នៃ​ឧទ្យាន​ជាតិ​ហ្សី​ម​បាប​វ៉េ លោក Tinashe Farawo បាននិយាយថា យ៉ាងហោចណាស់​មាន​សត្វ​ដំរី​ចំនួន៥៥ក្បាល​បាន​ងាប់​នៅក្នុង​ឧទ្យាន​ជាតិ Hwange National Park របស់​ប្រទេស​ហ្សី​ម​បាប​វ៉េ​ក្នុង​រយៈពេល​ជាង២ខែ​កន្លងមកនេះ​ចំពេល​មាន​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​។ ​នេះ​បើ​យោងតាម​ប្រភពពី BBC។​

​លោក Tinashe Farawo បាន​ថ្លែងថា​ ៖ «​ស្ថានភាព​គឺ​ធ្ងន់ធ្ងរ​ណាស់​។ “ សត្វ​ដំរី​កំពុង​ងាប់​ដោយសារ​ភាពអត់ឃ្លាន​ហើយ​នេះ​គឺជា​បញ្ហា​ធំ​”។ ​គ្រោះរាំងស្ងួត​បាន​កាត់បន្ថយ​កម្រិត​ដំណាំ​យ៉ាងច្រើន​នៅ​ហ្សី​ម​បាប​វ៉េ​។​

​មួយ​ភាគបី​នៃ​ប្រជាជន​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ត្រូវការ​ជំនួយ​ស្បៀងអាហារ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​កំពុង​បន្ត​។ នៅក្នុង​ខែសីហា​របាយការណ៍​រប​ស់កម្ម​វិធី​ស្បៀងអាហារ​ពិភពលោក​បាន​និយាយថា​ប្រជាជន ២ លាន​នាក់​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាពអត់ឃ្លាន​នៅក្នុង​ប្រទេស​។​

​អាជ្ញាធរ​ហ្ស៊ី​ម​បាប​វ៉េ ឧទ្យាន​ជាតិ Hwange National Park បាន​បញ្ជាក់ថា មាន​សត្វ​ដំរី​ជាង ៥០,០០០​ក្បាល ប៉ុន្តែ​ឧទ្យាន​មួយ​នេះ​អាច​ដោះស្រាយ​បញ្ហា​សត្វ​ដី​រី​បានតែ​១៥,០០០​ក្បាល​ប៉ុណ្ណោះ​។  លោក Farawo បាន​បន្ថែមថា ​ឧទ្យាន​នេះ​មិនបាន​ទទួល​ថវិកា​ពី​រដ្ឋាភិបាល ហើយ​បាននិងកំពុង​ព្យាយាម​ខួង​អណ្តូងទឹក​ប៉ុន្តែ​ខ្វះ​ថវិកា​៕

 

លោក ផៃ ស៊ី​ផាន ៖ រាជរដ្ឋាភិបាល​គ្មាន​គម្រោង​បិទ​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​នោះទេ​

​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​លោក ផៃ ស៊ី​ផាន បានប្រកាស​ច្រានចោល​នូវ​ព័ត៌មាន​ប្រឌិត​ដែល​បង្កើតឡើង​ដោយ​ក្រុមប្រឆាំង​ថា រាជរដ្ឋាភិបាល​មាន​គម្រោង​បិទ ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ។ លោក​ថា នោះ​ជា​ព័ត៌មាន​ប្រឌិត (Fake News)​ និង​វិទ្ធង្សនា​ដែលជា សង្គ្រាមចិត្តសាស្ត្រ​របស់​ក្រុម​ក្បត់ជាតិ​ប្រឌិត​ឡើង​ប៉ុណ្ណោះ។


​ ​
​លោក ផៃ ស៊ី​ផាន បាន​សរសេរ​បង្ហោះ​លើ​ប្រព័ន្ធ Facebook របស់លោក​ថា « យើងខ្ញុំ​សូមបញ្ជាក់​ជម្រាបជូន​ដល់​ស​ធា​រណ​ជន​មេត្តា​កុំ​ចូល​រួម​ដាច់ខាត​ជាមួយ​សកម្មភាពក្បត់ជាតិ​នេះ។ រាល់​វិធានការ​និង​តម្លៃ​ណាមួយ​ក៏ដោយ​កាតព្វកិច្ច​បង្ក្រាប​ និង​កម្ទេច​គឺជា​ហេតុផល​នៃ​កិច្ច​ការពារជាតិ សាសនា ព្រះមហាក្សត្រ​ និង​សណ្តាប់ធ្នាប់​សាធារណៈ៕
​

 

សម្តេចតេជោប្រកាសយកក្រុមហ៊ុនស៊ិនទ្រីមកគ្រប់គ្រងជារបស់រដ្ឋ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសយកក្រុមហ៊ុនស៊ិនទ្រី មកគ្រប់គ្រងជារបស់រដ្ឋ ទាំងរបស់របរទាំងអស់ ដើម្បីដាក់ដេញថ្លៃ ត្រូវកែប្រែរឿងបញ្ហាសំរាម ដោយសារតែ​កន្លងមក​ក្រុមហ៊ុន​មួយ​នេះ​បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជា​ពលរដ្ឋ។

សម្តេច ហ៊ុន សែន បញ្ជាក់ថា នឹងមាន​ការរៀបចំ​ឲ្យ​មាន​ជា​តំបន់សម្រាប់​ប្រមូលសំរាម ហើយ​ប្រកាស​ដេញថ្លៃ​ដែល​ធ្វើ​យ៉ាងនេះ​យើង​នឹង​អាចមាន​លទ្ធភាព​ក្នុងការ​ប្រមូលសំរាម ខណៈដែល​បញ្ហា​សម្រាម​កាន់តែ​ច្រើនឡើងៗ នាពេល​បច្ចុប្បន្ននេះ។

សម្តេចប្រកាសបែបនេះនៅក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយ នាព្រឹកថ្ងៃទី២២ ខែតុលានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

 

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃមានតម្លៃជាង២ពាន់លានដុល្លារអាមេរិកនាដើមឆ្នាំ២០១៩នេះ

ភ្នំពេញ ៖ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា ចំនួន២២រូប ដឹកនាំដោយលោក Idsara Amornkitbamrung ប្រធាននាយកដ្ឋានវិនិយោគក្នុងតំបន់ នៃក្រុមប្រឹក្សាវិនិយោគ នៃប្រទេសថៃ ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការនាំចេញ-នាំចូលផលិតផល និងរៀបចំកិច្ចជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា-ថ្ងៃ។

នៅក្នុងឱកាសនោះ លោក កឹម ស៊ីថន បានផ្សព្វផ្សាយអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ គោលនយោបាយពាណិជ្ជកម្ម និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ដែលមានតម្លៃជាង៣ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ជាង២ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ លោកក៏បានផ្តល់យោបល់ដល់គណៈប្រតិភូថៃ ដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជាលើវិស័យកសិកម្មឧស្សាហកម្ម សណ្ឋាគារ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គិសនី និងបច្ចេកវិទ្យា(IT) ដែលផ្តល់ឱកាសដល់ពាណិជ្ជករថៃមកវិនិយោគលើវិស័យទាំងនេះ។

លោក Idsara Amornkitbamrung បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការយកចិត្តទុករបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងពាណិជ្ជកម្ម ដែលបានប្រឹងប្រែងរៀបចំ និងផ្តល់ពេលវេលាដ៏មានតម្លៃចូលរួមផ្តល់ការណែនាំ និងជម្រាបផ្តល់អំពីព័ត៌មានសំខាន់ៗមួយចំនួនធំ ចែកជូនដល់ពាណិជ្ជករថៃទាំង២២រូប ដែលមានគោលបំណង និងមានចំណាប់អារម្មណ៍មកវិនិយោគ ធ្វើពាណិជ្ជកម្មនាំចេញ-នាំចូលផលិតផលនៅប្រទេសកម្ពុជា៕

 

អ្នកនាំពាក្យព្រឹទ្ធសភា ៖ ការកែទម្រង់តាមមូលដ្ឋានធ្វើឱ្យសេវារដ្ឋបាលមានភាពសកម្មល្អ

ភ្នំពេញ ៖ លោក ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា ការផ្តល់សេវាសាធាណៈនៅថ្នាក់ក្រោមជាតិបានដំណើរការល្អប្រសើរហើយប្រជាពលរដ្ឋទទួលបានផ្លែផ្កាគួរជាទីមោទនៈ។

បន្ទាប់ពីស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធ​ស​ភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៤ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ លោក ម៉ម ប៊ុននាង បានប្រាប់អ្នកសារព័ត៌មានថា វិស័យកែទម្រង់តាមមូលដ្ឋានមានភាពសកម្មល្អ ជាពិសេសរដ្ឋបាលសាធារណៈ មានច្រកចេញ-ចូលតែមួយច្រើនកន្លែងនៅ​ទូទាំងប្រ​ទេ​ស​ ។

លោកបានបញ្ជាក់ថា « យើងពិនិត្យឃើញថា ច្បាប់កំណែទម្រង់ស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាល គឺថា នៅតាមមូលដ្ឋានចាប់ផ្តើមកែទម្រង់យ៉ាងខ្លាំង ហើយទទួ​ល​បានលទ្ធផលជាផ្លែផ្កាជាវិជ្ជមាន »។ ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា រាជរដ្ឋាភិបាលនឹង ផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍមូលដ្ឋា​ន​មួ​យទ្វេជាពីរ ដើម្បីការកែទម្រង់ស្តារ និងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្តនានា ជាពិសេសខេត្តជាប់តាមព្រំដែន ក៏ដូចជាខេត្តដាច់ស្រយាល ឱ្យមានប្រព័ន្ធគមនាគមន៍ និងប្រព័ន្ធទឹក ភ្លើង ទៅតាមគម្រោងចាំបាច់ដែលមូលដ្ឋានស្នើឡើង។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ធ្វើឡើងក្រោមអធិប​តី​ភាព​​​របស់ លោក ស៊ឹម ​កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

 

កម្ពុជា ស្នើឥណ្ឌូនេស៊ី ជួយគាំទ្រទីម័រជាសមាជិកទី១១ របស់អាស៊ាន

MC: សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក  ចូកូ វីដូដូ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ។ នៅក្នុងជំនួបសម្ដេចតេជោហ៊ុន សែន ស្នើឥណ្ឌូនេស៊ី ជួយគាំទ្រទីម័រជាសមាជិកទី១១ របស់អាស៊ាន។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំ ណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក។ លោក ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតីនឹងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅកម្ពុជា ខណៈដែលអតីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយ បានបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹម ថា ប្រទេសសមាជិកអាស៊ានទាំងអស់នឹងសម្រេចពីការចង់ក្លាយជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។ សម្តេចតេជោ បានថ្លែងថា ប្រទេសទីម័រ ខាងកើត បានខិតខំគ្រប់លទ្ធភាពដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិ សេសបានបើកស្ថានទូតនៅប្រទេសទាំង១០ នៃសមា ជិក អាស៊ាន។ សម្តេចតេជោសង្ឃឹមថា លោកប្រធា នាធិបតីនឹងគាំទ្រប្រទេសទីម័រជាសមាជិករបស់អាស៊ាន។ លីបាតាមលោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូនេស៊ីគាំទ្រប្រទេសទីម័រ។ ឯកឧត្តមប្រធានាធិបតី បានលើក ឡើងថា ជារឿងដ៏សម្រាប់ការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកអាស៊ាន។

សម្រាប់បញ្ហាទំនាក់ទំនងទ្វេភាគីវិញឯកឧត្តមប្រធានា ធិបតី បានមើលឃើញមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរដូចជាវិស័យសុខាភិបាល ប្រទេសទាំងពីរមានការវិនិយោគរួមគ្នា ហើយវិស័យជញ្ជូនវិញប្រទេសទាំងពីរមានការហោះហើរត្រង់ជាមួយគ្នាផងដែរ។ប៉ុន្តែលោកមើលឃើញថា នៅមានវិស័យជាច្រើនទៀតដែលមានសក្តានុពលហើយត្រូវយកចិត្តទុកដាក់បន្ថែមដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ លោកប្រធានាធិបតី ចូកូ វីដូដូ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពីលោកបានឈ្នះឆ្នោតកាលពីខែមេសា កន្លង ទៅនេះ។ពិធីចូលកាន់តំណែងរបស់លោកត្រូវបានប្រារព្ធធ្វើ ឡើងយ៉ាងអធឹកអធមដោយមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាមិត្តមួយចំនួនទៀត៕

រដ្ឋមន្ត្រីទេសចរណ៍ ជំរុញឱ្យកំណត់ផែនទីអភិវឌ្ឍន៍តំបន់ទេសចរណ៍ព្រែកកំពង់បាយ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកត់សម្គាល់ប្រកបដោយភាពជឿជាក់ថា តំបន់ទេសចរណ៍ ក៏ដូចជារមណីយ ដ្ឋានទេសចរណ៍ធម្មជាតិនានា ដែលមាននៅតាមព្រែកកំពត ឬព្រែកកំពង់បាយ នៃស្រុកទឹកឈូ ខេត្តកំពត គឺពិតជា មេដែកថ្មីដ៏សំខាន់មួយក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរឱ្យមកទស្សនាខេត្តកំពត ខណៈខេត្តមួយនេះក៏មានភ្នំបូកគោ និងរមណីយដ្ឋានមួយចំនួនទៀត ជាមេដែកទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ផងដែរនោះ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ នៅសាលាខេត្តកំពត នាថ្ងៃទី២០ តុលា លោក រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីវិធានការភ្លាមៗនៅចំពោះមុខ គឺត្រូវទប់ច្រាំងនៅកន្លែងមួយចំនួននៃដងព្រែក កំពង់បាយ ដើម្បីរក្សាច្រាំងព្រែកឱ្យបានយូរអង្វែង រាំងខ្ទប់អោយបានការបូមខ្សាច់ដែអាចធ្វើអោយប៉ះពាល់ដល់ តំបន់នេះ ពីព្រោះកន្លែងខ្លះដូចជាផ្លូវធ្វើដំណើរនៅជិតមាត់ព្រែក និងផែទូកកាណូតទេសចរណ៍តូចៗ ប្រសិនបើ ដាច់ច្រាំង គឺដូចជាបាត់ផ្លូវធ្វើដំណើរ និងមិនអាចធ្វើសកម្មភាពទេសចរណ៍បាន។ ម្យ៉ាងទៀត តំបន់ទេសចរណ៍នៅ ព្រែកកំពង់បាយនេះ មិនត្រូវឱ្យមានការកាប់ទន្ទ្រានព្រៃឈើ រុក្ខជាតិនានាដូចជាដើមចាក យកធ្វើដីចម្ការតទៅទៀត ឡើយ ព្រោះធនធានធម្មជាតិទាំងនោះ ក៏ជាកត្តាចាំបាច់ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ ម្យ៉ាងទៀត ត្រូវរក្សា ស្ថិរភាពទឹក និងភាពស្អាតនៅក្នុងព្រែកឱ្យបានជាប់ជានិច្ច។

លោក រដ្ឋមន្ត្រី ថោង ខុន បានបន្តថា ប្រព័ន្ធផ្សព្វផ្សាយត្រូវជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ពិសេសត្រូវផលិតជាវីដេអូស្ប៉តអំពីតំបន់ទេសចរណ៍ទាំងនោះឱ្យកាន់តែខ្លាំងក្លាដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេស ចរបានដឹងពីសក្ដានុពលនៃតំបន់នេះឱ្យបានសុះសាយបន្ថែមទៀត។

បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ ២០១៩នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជាង ១លាន ៣សែននាក់ កើនឡើង ១៧.៤៨% ក្នុងនោះភ្ញៀវ ជាតិមានជាង ១លាន ១សែននាក់ កើនឡើង ១៧.៥២% និងភ្ញៀវអន្តរជាតិជាង ១សែន ៥ម៉ឺននាក់ កើនឡើង ១៧.១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨៕

ព្រឹទ្ធសភាកម្ពុជា នឹងបើកសម័យប្រជុំឡើងវិញនៅថ្ងៃទី២៤ ខែតុលា បន្ទាប់ពីសម្រាក ៣ខែ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ដោយលើកយករបៀបវារៈតែមួយគត់ គឺស្តាប់របាយការណ៍ គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ លើកទី៣ និងលើកទី៤ នីតិកាលទី៤៕

ភ្នំពេញ និងខេត្តបារៀ-វង់តាវ របស់វៀតណាម ជំរុញកិច្ចការតភ្ជាប់វិស័យទេសចរណ៍

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ជំរុញការតភ្ជាប់វិស័យទេសចរណ៍ រវាងរាជធានីភ្នំពេញនៃព្រះ រាជាណាចក្រកម្ពុជា ជាមួយនឹងខេត្តបារៀ-វង់កាវនៃប្រទេសវៀតណាមដើម្បីទាក់ទាញ ភ្ញៀវទេសចរ នៃប្រទេសទំាងពីឲ្យទៅទស្សនាកម្សាន្តទៅវិញទៅមកឲ្យកាន់តែច្រើន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចង់ឲ្យមានការភ្ជាប់ទំនាក់ទំនង រវាង វិស័យ ដឹកជញ្ជូនអ្នកដំណើរ តាមរយៈរថយន្តក្រុង ពីរាជធានីភ្នំពេញ ទៅខេត្ត បារៀ-វង់កាវ នៃប្រទេសវៀតណាម ឬពីខេត្តខេត្ត បារៀ-វង់កាវ មកកាន់រាជធានីភ្នំពេញវិញ ដើម្បីបង្ករលក្ខណៈងាយស្រួល ដល់អ្នកទេសចរ នៃប្រទេសទំាងពី បានទៅទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗ ទំាងនៅ រាជធានីភ្នំពេញ និងខេត្ត បារៀ-វង់កាវជាដើម។

លោក អភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះ ក្នុងឱកាសទទួលស្វាគមន៍ក្រុមគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយ លោក ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តបារៀ-វង់កាវ នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ដើម្បីពិភាក្សាគ្នាលើគម្រោងភ្ជាប់កិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទំាងសងខាង។

លោក ឃួង ស្រេង បានអៈអាងថា គម្រោងតភ្ជាប់វិស័យទេសចរណ៍ រវាង រាជធានី ខេត្ត នៃប្រទេសទំាងពីនេះ និងជាកញ្ចប់ផលិតផលថ្មី ក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈដែល រាជធានីភ្នំពេញ និងបារៀ-វង់កាវ សម្បូរទៅដោយតំបន់ទេសចរណ៍ ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏ច្រើនដូចគ្នា។បន្ថែមពីនេះទៀត គឺការផ្លាស់ប្តូរវិនិយោគលើវិស័យទេសចរណ៍ ដែលបង្កលក្ខណៈងាយស្រួល ដល់ប្រជាជន នៃប្រទេសទំាង២បានធ្វើដំណើរកម្សាន្តទៅវិញទៅមកផងដែរ។

លោក ង្វៀន ហុងលិញ សម្តែងនូវការគាំទ្រ ចំពោះគម្រោងពង្រីកកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរវិស័យទេសចរណ៍នេះថា នឹងជួយទាក់ទាញ ភ្ញៀវទេសចរ ទំាងសងខាងបានកាន់តែច្រើនក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕