All posts by មេគង្គ ប៉ុស្តិ៍

ហេរញ្ញិកគ្រឹះស្ថានហិរញ្ញវត្ថុ AMK ខេត្តព្រៃវែង បន្លំលួចលុយជាង ១១ម៉ឺនដុល្លារ

 

ព្រៃវែង ៖ កម្លាំងនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធ ពាក់ព័នន្ធករណីចោរកម្ម(កេងបន្លំលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង ) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

 

សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ដោយយោងតាមពាក្យបណ្តឹងរបស់ដើមបណ្ដឹងឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានសាខា AMK ព្រៃវែង។

ជនសង្ស័យឈ្មោះ សោម អង្គា ភេទស្រី អាយុ២៨ឆ្នាំ( ប្រធានហេរញ្ញិក AMK) ប្ដីឈ្មោះ សុខ សុភារ៉ា អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីន នៅភ្នំពេញ ជាអ្នករៀបចំគំរោង ឲ្យប្រពន្ធយកលុយ ពីមីក្រូហិរវត្ថុ AMK។ ចំនួនទឹកប្រាក់ដែលជនសង្ស័យទាំង២នាក់ប្តីប្រពន្ធលួចបានចំនួន ១១៥.៤០០ ដុល្លារ (ដប់មួយម៉ឺនប្រាំពាន់បួនរយ ដុល្លារអាមេរិក)។
យោងតាមការ សាកសួរបង្ហាញថា ការលួចបន្លំនេះ ផ្តើមចេញប្ដីចាញ់ល្បែង នៅភ្នំពេញក៏រៀបគំរោងឲ្យប្រពន្ធលួចតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

សម្តេច ហ៊ុន សែន ប្រកាសឈប់ទទួលជំនួយឧបត្ថម្ភគ្រោះបាក់អគារកម្ពស់៧ជាន់

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឈប់ទទួលជំនួយពីសប្បុរសជនសម្រាប់ជួយដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុដួលរលំអគារនៅក្នុងខេត្តព្រះសីហនុហើយ ដែលបូកសរុបថវិកាពីសប្បុរសជនចាប់តាំងពីយប់ថ្ងៃទី២៣ ខែមិថុនា មកដល់ថ្ងៃបិទបញ្ចប់នេះ មានចំនួនជាង ២,៥លានដុល្លារអាមេរិក។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នៅលើ Facebook យប់មិញនេះ ថា ក្នុងស្មារតីអាណិតស្រឡាញ់សម្រាប់បងប្អូនជនរងគ្រោះដែលបណ្តាលមកពីការរលំអាគារ៧ជាន់នៅខេត្តព្រះសីហនុ សប្បុរសជនបានបន្តចូលរួមដោយគិតត្រឹមម៉ោង ៦ល្ងាចថ្ងៃ២៧ ខែមិថុនានេះ ថវិកាបានកើនឡើងពី ២,៣៦៨,៤០០ដុល្លារ ដល់ ២,៥១២,៨២១ដុល្លារ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ថវិកាទាំងអស់នេះ ៣០ម៉ឺនដុល្លារ ត្រូវបានឧបត្ថម្ភទៅជនរងគ្រោះដែលរងរបួស។ ថវិកាសល់ពីឧបត្ថម្ភដល់អ្នករងរបួស ត្រូវបានយកទៅឧបត្ថម្ភដល់គ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត។ ថវិកាសប្បុរសជនដែលចូលរួមតាមការអំពាវនាវរបស់សម្តេចតេជោ ឧបត្ថម្ភដល់ក្រុមគ្រួសារសពទាំង២៨ ក្នុងមួយសព ៧៩,០០១ដុល្លារ (នៅសល់ ៣២សេន)។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា បូករួមទាំងថវិកាដែលជាព្រះរាជនូបត្ថម្ភរបស់ព្រះមាហាក្សត្រ និងព្រះមហាក្សត្រីយ៍ជាទីគោរពសក្តារៈ, ថវិកាឧបត្ថម្ភពីរដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល, កាកបាទក្រហម និងសប្បុសជនចូលផ្ទាល់ផងនោះ អ្នកស្លាប់មួយនាក់ទទួលបានថវិកាឧបត្ថម្ភជាង ៩មុឺនដុល្លារ ឬជិត ៤០០លានរៀល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមតាមការអំពាវនាវរបស់សម្តេច ដើម្បីជួយដោះស្រាយការលំបាករបស់ជនរងគ្រោះ ក៏ដូចជាគ្រួសារជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្រាប់កម្លាំងចូលរួមប្រតិបត្តិការរុករក និងសង្គ្រោះក្រោមការបញ្ជាផ្ទាល់នៅហ្នឹងកន្លែងពីសំណាក់លោក យន្ត មីន ត្រូវបានវាយតម្លៃខ្ពស់និងកោតសរសើរពីគ្រប់ទិសទី។ ក្រៅពីផ្តល់នូវមេដាយមាសមួយគ្រឿងម្នាក់ហើយនោះ សម្តេចឧបត្ថម្ភថវិកាប្រមាណ ២០០ដុល្លារសម្រាប់អ្នកជួយសង្គ្រោះជាបុរស និង២០០ដុល្លារសម្រាប់នារី។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកម្លាំងជួយសង្គ្រោះជនរងគ្រោះទាំងយប់ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តព្រះសីហនុ បានបញ្ចប់សាររបស់សម្តេចថា «ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕

សំណង់គ្មានច្បាប់ មិនអនុញ្ញាតឱ្យចូលស្នាក់នៅ ធ្វើអាជីវកម្ម និងមិនឲ្យតទឹកភ្លើ

 

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា សំណង់ដែលគ្មានច្បាប់ត្រឹមត្រូវនៅខេត្តព្រះសីហនុ គឺមិនអនុញ្ញាតឱ្យចូលស្នាក់នៅ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម មិនតទឹកនិងតភ្លើងជូនឡើយ ក្នុងករណីមិនសហការជាមួយក្រុមការងារ។

ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយម្ចាស់សំណង់ និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ប្រមាណ ១៦៥ក្រុមហ៊ុន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។

ការដាក់កំហិតបែបនេះ គឺបន្ទាប់ពីកើតមានឧប្បត្តិហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបានបណ្តាលឲ្យមនុស្សចំនួន២៨នាក់ស្លាប់ និងរងរបួសចំនួន២៦នាក់។ អគារដែលបាក់រលំនេះ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុអះអាងថា គ្មានច្បាប់អនុញ្ញាត។

នៅក្នុងជំនួបសំណេះសំណាល លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានស្នើសុំឱ្យក្រុមហ៊ុននិងនចិត្តបង្កើនការវិនិយោគ សហការជាមួយក្រុមការងារចុះពិនិត្យ ដែលមានភារកិច្ចជួយគាំទ្រដល់ពួកគាត់ គោរពច្បាប់ក្នុងការសាងសង់ និងលើកកម្ពស់គុណភាពសំណង់ ដើម្បីនាំមកនូវប្រយោជន៍ផ្ទាល់ខ្លួន និងសេដ្ឋកិច្ចជាតិ។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កត់ធ្ងន់ថា សំណង់គ្មានច្បាប់ មិនអនុញ្ញាតឱ្យចូលស្នាក់នៅ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម មិនតទឹកនិងតភ្លើងជូនឡើយ ក្នុងករណីមិនសហការជាមួយក្រុមការងារ។

ដោយឡែកលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ និងពិភាក្សាអំពីការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកគន់ គីម ទេសរដ្ឋមន្រ្តីមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអង្គភាពពាក់ព័ន្ធ។
ជាលទ្ធផល នៃកិច្ចប្រជុំនេះទទួលបានលទ្ធផលដូចខាងក្រោមៈ ប្រកាសសមាសភាពគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីនុ និងក្រុមការងារបច្ចេកទេស បានអនុម័ត និងដាក់អោយអនុវត្ត check list ក្នុងការចុះពិនិត្យសំណង់ ដើម្បីមានមូលដ្ឋានវាយតម្លៃអំពីគុណភាពសំណង់។ ស្នើគណៈកម្មការ និងក្រុមការងារបច្ចេកទេស ចាប់ផ្តើអនុវត្តការងារពេលមួយសប្តាហ៍ក្នុងជំហានដំបូងដោយត្រូវប្រតិ្តបត្តិឱ្យបានម៉ងចត់ សុក្រឹត្យ និងគោរពក្រមសីលធម៏ វិជ្ជាជិវៈ។

ផ្អែកលើលទ្ធផលទទួលបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បូកសរុបរបាយការណ៍ព្រមទាំងពិគ្រោះយោបល់ជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីរាយការណ៍ និងសូមការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងផ្អាកជាបន្ទាន់នូវការដ្ឋានសំណង់ដែលគ្មានច្បាប់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេស។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំឱ្យមានរថយន្តពន្លត់អគ្គិភ័យសម្រាប់ខេត្តព្រះសីហនុ ដែលមានសមត្ថភាពប្រតិបត្តិការដល់កម្ពស់ ៥៧ជាន់ ចំនួន ២គ្រឿង សម្រាប់បង្កើនសមត្ថភាពសង្គ្រោះ ក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុ៕

បញ្ជូនចោរលួចរថយន្តម៉ាកហ្វ័រេនជ័រម្នាក់ ទៅតុលាការ

 

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសក្នុងអំពើលួចយករថយន្តមួយគ្រឿងម៉ាក FORD RANGER PICK UPពណ៌ ទឹកប្រាក់ ឆ្នាំផលិត២០១៨។

 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ផាន់ ឌីណា អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែកស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯកឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ៣០នាទីរសៀល នៅចំណុចផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៤រសៀល មានករណីជនសង្ស័យបានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AV 0100 នៅចំណុចផ្ទះលេខ១២ បូរីប៉េងហួត ផ្លូវលេខ១៥ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ ក្រោយពីម្ចាស់រថយន្តមកដាក់ពាក្យបណ្តឹង ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើនាំយកទៅឲ្យតុលាការចាត់ការតែម្តង៕

រដ្ឋបាលស្រុកសាមគ្គីមានជ័យ ទទួលបដិសណ្ឋារកិច្ច ប្រតិភូរបស់ក្រុមការងារធនាគាពិភពលោក

 

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨ និង១៥នាទីព្រឹក រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានទទួលបដិសណ្ឋារកិច្ចក្រុមប្រតិភូរបស់ក្រុមការងារគម្រោងអាហារូបត្ថម្ភនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងធនាគាពិភពលោក នៅសាលប្រជុំសាលាស្រុក ក្រោមអធិបតី លោក វន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យ។

លោក ជ័យ សម្បត្តិផល្លា ប្រធានក្រុមប្រតិភូរបស់ក្រុមការងារគម្រោងអាហារូបត្ថម្ភនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងក្រុមការងារធនាគារពិភពលោក បានបញ្ជាក់ពីគោលបំណងនៃការធ្វើទស្សនកិច្ចសិក្សាគឺ ដើម្បីសិក្សារៀនសូត្រអំពីប្រព័ន្ធ បែបបទ និងនីតិវិធីនៃការអនុវត្តការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំកម្មវិធីឃុំសម្រាប់ស្ត្រី និងកុមារ នៃគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា។

កិច្ចពិភាក្សា និងពិគ្រោះយោបល់ក្នុងការរៀបចំគម្រោងមូលនិធិនៃការផ្តល់សេវានៅរដ្ឋបាលឃុំ និងពិនិត្យមើលការរៀបចំស្ថាប័នថ្នាក់ក្រោមជាតិ ដើម្បីរៀបចំប្រព័ន្ធមូលនិធិនៃការផ្តល់សេវាសហគមន៍ ដើម្បីប្រមូលធាតុចូល សម្រាប់ពិនិត្យកែសម្រួលចុងក្រោយនៃ”សៀវភៅណែនាំបច្ចេកទេសអំពីការអនុវត្តសមាសភាគទី២ នៃគម្រោងអាហារូបត្ថម្ភកម្ពុជា” នៅរដ្ឋបាលស្រុក និងឃុំពាម ក្នុងស្រុកសាមគ្គីមានជ័យ។

ក្នុងឱកាលនោះ លោក វន ស៉ីផា អភិបាលស្រុក បានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយ និងបានបង្ហាញអំពីស្ថានភាពទូទៅ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ដោយបានបញ្ជាក់អំពីសកម្មភាពដែលរដ្ឋបាលស្រុកបានអនុវត្តគម្រោងអាហាររូបត្ថម្ភ ដៃគូសហការដែលបានជួយឧបត្ថម្ភគាំទ្រ និងសហការ រួមទាំងបញ្ហាប្រឈម និងទិដៅការងារបន្តការងារអាហាររូបត្ថម្ភនៅស្រុកសាមគ្គីមានជ័យ។

ក្រុមប្រតិភូរបស់ក្រុមការងារគម្រោងអាហារូបត្ថម្ភនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងក្រុមការងារធនាគារពិភពលោក ក៏បានពិភាក្សាពិគ្រោះយោបល់ជាមួយអភិបាល និងអភិបាលរងស្រុកទទួលបន្ទុកផែនការ និងគាំទ្រឃុំ , ក្រុមប្រឹក្សាស្រុក , ប្រធាន គ.ក.ស.ក ស្រុក , ការិ.ផែនការ និងគាំទ្រឃុំ , ការិ.កិច្ចការនារី , ការិ.ផែនការ , ការិ. អ.យ.ក ស្រុក , ការិ. ប្រតិបត្តិសុខាភិបាលស្រុក ដោយផ្តោតសំខាន់ក្នុងការរៀបចំគម្រោងមូលនិធិនៃការផ្តល់សេវានៅរដ្ឋបាលឃុំ និងពិនិត្យមើលការរៀបចំស្ថាប័នថ្នាក់ក្រោមជាតិ ដើម្បីរៀបចំប្រព័ន្ធមូលនិធិនៃការផ្តល់សេវាសហគមន៍ ដើម្បីប្រមូលធាតុចូល សម្រាប់ពិនិត្យកែសម្រួលចុងក្រោយនៃ”សៀវភៅណែនាំបច្ចេកទេសអំពីការអនុវត្តសមាសភាគទី២ នៃគម្រោងអាហារូបត្ថម្ភកម្ពុជា” ៕

តុលាការសម្រេចឃុំខ្លួនវេជ្ជបណ្ឌិតដែលប៉ុនប៉ងរំលោភលើគ្រូពេទ្យក្រមុំក្នុងបន្ទប់ទឹក

ដោយ ៖ សហការី

ខេត្តកំពង់ឆ្នាំង ៖ វេជ្ជបណ្ឌិតឯកទេស ត្រចៀក បំពង់ ក ម្នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធ ពីបទប្រទូស្តកេរ លើអ្នកគ្រូពេទឆ្មបម្នាក់នៅកន្លែងធ្វើការជាមួយគ្នា ដែលអាចជាប់ពន្ឋនាគារ ពី១ឆ្នាំទៅ៣ឆ្នាំ ។

សាលាដំបូងខេត្តកំពង់ឆ្នាំងបានសម្រេចឃុំខ្លួនវេជ្ជបណ្ឌិត ឈ្មោះ ហេង សេងហ៊ ហើយនៅល្ងាចថ្ងៃទី ២៦ ខែមិថុនា ម្សិលម៉ិញនេះ ដោយចោទប្រកាន់ពីបទប្រទូស្តកេរ្តិ៍ខ្មាស់ ដែលបានប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី ២៣ខែមិថុនាឆ្នាំ ២០១៩ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

លោក- ស្រី សុដា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនីតិជននៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាលោកវេជ្ជបណ្ឌិត ហេង សេងហ៊ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងនោះមាន៖ ព្រះរាជអាជ្ញា អមសាលាដំបូង គឺលោក ទី មុនិន្ទ និងចៅក្រម លោក សុខ ឧត្តម បានចោទប្រកាន់ព្រមគ្នា លើវេជ្ជបណ្ឌិត រូបនោះ ក្នុងបទ ប្រព្រឹត្តអំពើប្រទូស្តកេរ្តិ៍ខ្មាស់ លើអ្នកគ្រូពេទ្យឆ្មបមធ្យម ម្នាក់កាលពីយប់ថ្ងៃទី 23 ខែមិថុនា។

ប្រភពដដែលបានបន្តថាក្រោយពីមានពាក្យបណ្ដឹងរបស់ អ្នកគ្រូពេទ្យឆ្មបមធ្យម នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប្តឹងចោទប្រកាន់លោកវេជ្ជបណ្ឌិត ហេង សេងហ៊ ពីបទប៉ុនប៉ងរំលោភមិនបានសម្រេច រួចមក សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយផ្អែកតាមសាក្សី វត្ថុតាងមានកាមេរ៉ាសុវត្ថិភាពដែលបានបង្ហាញថា៖ នៅពេលដែលអ្នកគ្រូពេទ្យរងគ្រោះ បើកទ្វាចេញពីបន្ទប់ទឹក ត្រូវបានវេជ្ជបណ្ឌិត ចាប់ ឱបនាងពីមុខហើយនារីរងគ្រោះបានប្រឹងរះបំរះរហូតរួចខ្លួន ។

ក្រោយពីបានសាក្សី និងវត្ថុតាង សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាវិជ្ជបណ្ឌិត ទៅតុលាការ តាមនិតិវិធី ហើយក្រោយពីធ្វើការសាកសួរ របស់ព្រះរាជអាជ្ញា និង ចៅក្រម សាលាដំបូងខេត្តហើយ ទើបសម្រេចចេញដិការឃុំខ្លួន លោកវិជ្ជបណ្ឌិតរូបនោះ ជាបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតជាបន្ត ។

សូមរំឭកថា យោងតាមពាក្យបណ្តឹងអ្នកគ្រួពេទ្យឆ្មបមធ្យម បានប្តឹងថា៖ កាលពីយប់ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ២០១៩ លោកវេជ្ជបណ្ឌិត ហេង សេងហ៊ ឯកទេសជំនាញ ត្រចៀក បំពង់ ក បានចាប់រូបនាង ប៉ុនប៉ងរំលោភ នៅបន្ទប់ទឹក ក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប៉ុន្តែត្រូវរូបនាងរើរួចខ្លួន ហើយបានរត់មកដល់បន្ទប់ដែលនាងប្រចាំការវិញ។ នៅទីនោះ មិនមានអ្នកជំងឺ និងមិនមានគ្រូពេទ្យ ណាទៀតទេពេលនោះ លោកវេជ្ជបណ្ឌិត ក៏មកតាមដល់បន្ទប់ ហើយក៏បានចាប់អង្អែលភ្លៅ និងស្ទាបលើរាងកាយនាង ។ ឃើញសភាពកាន់តែមិនស្រួលនាងក៏បានរត់ចេញពីបន្ទប់នោះ រួចទៅដេកនៅជាមួយមិត្តភក្កិជាអ្នកគ្រូពេទ្យដូចគ្នា។

ក្រោយមកនាងក៏ដាក់ពាក្យបណ្ដឹងលោកវេជ្ជបណ្ឌិត រូបនោះទើបឈានដល់ការចាប់ និងឃុំខ្លួនតែម្ដង។ តាមអ្នកច្បាប់ ដែលដឹងរឿងនេះបានអោយដឹងថា៖ បទប្រទូស្តកេខ្មាស់ ជាបទល្មើស មជ្ឈឹម អាចជាប់ពន្ឋនាគារ ពី១ឆ្នាំទៅ៣ឆ្នាំ ៕

ឃាតកម្មដុតមនុស្សទាំងរស​ឆេះទាំងម៉ូតូនៅឃុំស្រែចារ ស្រុកស្នួល

ដោយ ៖ ផល្លា

ខេត្តក្រចេះ ៖ ករណីឃាតកម្មមួយបានកើតឡើងយ៉ាងអាថ៌កំបាំង នៅក្នុងចំការកៅស៊ូ ស្ថិតក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដោយជនរងគ្រោះត្រូវបានគេដុតទាំងរស់ ជាមួយនឹងម៉ូតូមួយគ្រឿង ឆេះខ្ទេចមើលមិនស្គាល់ជានរណាឡើយ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ។

តាមប្រភពពីប្រជាពលរដ្ឋ គ្រាន់តែឲ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាអ្នកមករកអុស នៅក្នុងចំការកៅស៊ូ ចំណុចខាងលើ
ពាក់ព័ន្ធនឹងមូលហេតុនេះ អត្តសញ្ញាណរបស់ជនរងគ្រោះ គឺពុំទាន់បានដឹងនៅឡើយ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ៕

បង្ក្រាបរថយន្តស៊េរីទំនើបគេចពន្ធចំនួន៥គ្រឿង នៅចំណុចក្រុងច្បារមន

ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នេះ រថយន្តស៊េរីទំនើបចំនួន៥គ្រឿង ត្រូវបានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ សហការណ៏ជាកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវ និងឈានទៅបង្ក្រាបបាននៅចំណុចភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានភាពមិនប្រក្រតី។

យោងតាមរបាយការណ៍សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺបានឲ្យដឹងថា រថយន្តដែលស្រាវជ្រាវបង្ក្រាបបានមានចំនួន០៥គ្រឿង។

ទី១ ម៉ាក Lexus 350 ផលិតឆ្នាំ2012 ពាក់ស្លាកលេខភ្នំពេញ 2AS-2244 ,ទី២ម៉ាក TOYOTA Vellfire ផលិតឆ្នាំ2013 ពាក់ស្លាកលេខខេមរភូមិន្ទ ខម 01-2-2547, ទី៣ម៉ាក Lexus GS300 ផលិតឆ្នាំ2006 ពាក់ស្លាកលេខ ភ្នំពេញ2AG-3893,ទី៤ម៉ាក TOYOTA Land Cruiser ផលិតឆ្នាំ2011 ពាក់ស្លាកលេខភ្នំពេញ 2AO-9313, និងទី៥ ម៉ាក Rang Rover ផលិតឆ្នាំ2006 ពាក់ស្លាកលេខខេមរភូមិន្ទ ខម02-2-1528 ។

បើទោះបីរថយន្តទាំង០៥គ្រឿងមានបំពាក់ស្លាកលេខពិតមែន តែតាមការស្រាវជ្រាវរបស់សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺបានរកឃើញថារថយន្តទាំងអស់នេះមិនទាន់បានបំពេញកាតព្វកិច្ច ពន្ធ និងអាករ នាំចូលឲ្យបានត្រឹមត្រូវនៅឡើយ ទើបឈានទៅបង្ក្រាបឃាត់ទុកបែបនេះសិន ។

សាខាគយបានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមបំពេញកាតព្វកិច្ច ពន្ធគយ និងរដ្ឋាករឲ្យបានត្រឹមត្រូវ ហើយរាល់ការទិញឬលក់រថយន្តត្រូវពិនិត្យផ្ទៀងផ្ទាត់គ្រប់ឯកសារគយច្បាស់លាស់ផងដែរ ។

សូមបញ្ជាក់ថា ករណីនៃបង្ក្រាបបទល្មើសគយទាមទាឲ្យមន្ត្រីគយ បើកការស្រាវជ្រាវប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈនិងច្បាប់ ។

បច្ចុប្បន្នសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ ធ្វើកំណត់ហេតុបទល្មើសគយបញ្ជូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករសុំសេចក្តីសម្រេច៕

កូរ៉េផ្តល់កម្ចី៥៦លានដុល្លារ លើគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២ និងលេខ២២

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៥ ខែមិថុនា នេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd ដើម្បីធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២ និងលេខ២២ ចាប់ពីក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់ខេត្តតាកែវ ក្រោមកម្ចីឥណទានសម្បទានរបស់សាធារណៈរដ្ឋកូរ៉ ក្នុងទំហំទឹកប្រាក់ចំនួន ៥៦លានដុល្លារអាមេរិក។

គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២គឺជាគម្រោងក្រោមឥណទានសម្បទានពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវបានចុះហត្ថលេខាសាងសង់ជាផ្លូវការហើយ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធាណៈការ និងដឹកជញ្ជូន។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកដល់ក្រុមហ៊ុនសាងសង់ធ្វើផ្លូវប្រកបដោយគុណភាព និងការ ទទួលខុសត្រូវខ្ពស់បំផុត ពោលគឺមិនមែនធ្វើផ្លូវជាប់រហូតទេ គឺត្រូវផ្លូវឲ្យមានគុណភាព និងមាំ។ លោក រដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ផ្លូវជាតិលេខ ២នេះ នឹងត្រូវ បើកការដ្ឋានសាងសង់នៅអំឡុងខែវិច្ឆិកា រឺខែធ្នូខាងមុខនេះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានគណៈកម្មការដោះស្រាយផលប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ទៅតម្លៃទីផ្សារ ដោយមិនមែនធ្វើវាយកម្ទេចដោយ គ្មានសំណងនោះទេ។

គម្រោងនេះឆ្លងកាត់រាជធានី/ខេត្ត ចំនួនបីក្នុងនោះមាន ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ មានប្រវែងផ្លូវសរុបជាង៧២ គីឡូម៉ែត្រ។ គម្រោងផ្លូវជាតិលេខ២ ចាប់ផ្ដើមពីរង្វង់មូលតាខ្មៅ (ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល) ដល់រង្វង់មូលអូរចំបក់ (ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ) និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម។

គម្រោងខាងលើធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូAC (Asphalt Concrete) សាងសង់ស្ពានថ្មី ចំនួន១១។ ការស្ថាបនាគ្រោងនឹងប្រើរយៈពេល ៣០ខែ (ប្រហែល ២ឆ្នាំកន្លះ)។ បើតាមរដ្ឋមន្ត្រីសាធារណៈការឲ្យដឹងថា គម្រោងនេះបែងចែកជាបីកំណាត់ផ្លូវធំៗ មានដូចជា៖ កំណាត់ទី១៖ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលកួរស្រូវ ដែលមានប្រវែង ៨គ.ម ដោយពង្រីកពី ២ គន្លង ទៅ ៤ គន្លង។ កំណាត់ទី២៖ ចាប់ផ្តើមចេញពីរង្វង់មូលកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣គ.មស្ថិតក្នុងតំបន់ជនបទ និងកំណាត់ទី៣៖ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែងជាង៩គ.ម ស្ថិតក្នុងតំបន់ជនបទ៕

អភិបាលខេត្តចំនួន៤ ត្រូវផ្ទេរភារកិច្ចបន្ទាប់ពីមានករណីបាក់អគារកម្ពស់ ៧ជាន់

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ៖ តែពីរថ្ងៃប៉ុណ្ណោះ នៅក្រោយពេលមានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ដោយបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់រួចមក នៅថ្ងៃទី២៤ មិថុនា នេះ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្លាស់ប្តូរ និងតែងតងអភិបាលខេត្តចំនួន៤ ដើម្បីរក្សានិរន្តរភាពនៃស្ថានភានសន្តិសុខ សុវត្ថិភាព សម្រាប់ខេត្តព្រះសីហនុ ដែលជាខេត្តដែលមានសក្តានុពលបំផុតលើវិស័យទេសចរណ៍របស់កម្ពុជា។

សូមជម្រាបថា តុល្យការចុងក្រោយ នៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៦រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។

 

តាមព័ត៌មានដែលត្រូវបានផ្សព្វ ផ្សាយនៅថ្ងៃនេះ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ត្រូវបានតែងតាំងឲ្យទៅជាអភិបាលខេត្តព្រះសីហនុ ជាមួយគ្នានេះ លោក ប្រាក់ សុវណ្ណ ពីអភិបាលរងខេត្តស្វាយរៀង ក៏ត្រូវបានតែងតាំងឲ្យទៅជាអភិបាលខេត្តព្រះវិហារ ឯលោក អ៊ុន ចាន់ដា ពីអភិបាលខេត្តព្រះវិហារ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម វិញ។

លោក ខៀវ សុភ័គ ប្រធានខុទ្ទការល័យ  និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ ថា តាមពាក្យស្នើសុំរបស់សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ គឺបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំផ្ទេរភារកិច្ចខាងលើនេះ។

លោក ខៀវ សុភ័គ បានបញ្ជាក់ថា «សម្តេចក្រឡាហោម បានសុំការយល់ព្រមជាគោលការណ៍ ពីសម្តេចតេជោរួចហើយ ហើយសម្តេចនាយករដ្ឋមន្ត្រី ក៏បានឯកភាពដែរ»​។

ស្របពេលគ្នានេះ  តាមរយៈសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យពីរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយព្រះរាជក្រឹត្យមួយ ដកលោក ញឹក វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ហើយព្រះរាជក្រឹត្យមួយទៀត តែងតាំងលោក ជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី ហើយការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានប្រគល់ទៅលោក គន់ គឺំម វិញ៕

ស្អែកនេះ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពេញអង្គអនុម័តសេចក្តី ព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំ ពិនិត្យ និង ពិភាក្សាគ្នា ទៅសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៥ ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គពិនិត្យ និងអនុម័តនៅក្នុងសម័យប្រជុំលើកទី៣ និតិកាលទី៤ នៅថ្ងៃស្អែកនេះ ជាពិសេស សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រេងកាត និង ការផលិតប្រេងកាត។

អ្នកនាំពាក្សព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ ឲ្យដឹងនៅក្រោយ កិច្ចប្រជុំនេះថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹកនេះ បានកំណត់យក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បន្តសម័យប្រជុំរបស់ខ្លួន ដើម្បី ពិនិត្យ និងសម្រេច ទៅលើសេចក្តីព្រាងច្បាប់សំខាន់ៗ ដែល គណៈកម្មាធិការ ព្រឹទ្ធសភាបានស្នើឡើង។

លោក ម៉ម ប៊ុននាង បញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាតនិងការផលិតប្រេងកាតនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការផ្តល់ផលប្រយោជន៍ជូនសង្គមជាតិ ជាពិសេស នៅពេលដែលកម្ពុជាទទួលបានប្រេងកាត វានឹងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត។

លោកបន្តថាកិច្ចប្រជុំលើកទី៣នោះដែរ ក៏នឹងពិនិត្យ ពិភាក្សា និងអនុម័ត ទៅលើសេចក្តី ព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង រវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស សហភាពអារ៉ាប់អេមីរ៉េត និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីដើម្បីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ។

ក្រៅពីនេះ កិច្ចប្រជុំព្រឹទ្ធសភា ក៏នឹងអនុម័ត ទៅលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើត អង្គការ បណ្តាញ អន្តរជាតិ សម្រាប់ ឬស្សី និង ផ្តៅ របស់កម្ពុជាផងដែរ៕

​ដកលោក យន្ត មីន ដាក់លោក គួច ចំរើន និងដកលោក ញឹម វណ្ណដា ដោយសារនិយាយភូត

ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រកាសលាលែងចេញពីតំណែងពីអភិបាលខេត្តព្រះសីហនុ ហើយ ក្រោយពីឧបទ្ទវហេតុរលំបាក់អគារកម្ពស់ ៧ជាន់ បណ្តាលឲ្យមនុស្សជាច្រើននាក់បានបាត់បង់ជីវិត និងេបួស។ ទន្ទឹមនឹងនេះ សម្តេចតេជោ នាយរដ្ឋមន្ត្រី ក៏បានប្រកាសដកតំណែងទេសរដ្ឋមន្ត្រី និងពីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ លោក ញឹម វណ្ណដា ដោយសារខ្វះការ ទទួលខុសត្រូវ និងភូតភរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លាលែងចេញពីតំណែង ក្រោយពីលោក បានស្នើសុំទៅសម្តេចតេជោ។ ការឈានទៅដល់ការលាលែងពីតំណែងជា ភិបាលខេត្តព្រះសីហនុ នៅពេលនេះ គឺពាក់ព័ន្ធទៅនឹងរឿងរលំបាក់អគារកម្ពស់៧ជាន់ សម្លាប់មនុស្សចំនួនជាង ២០នាក់ និងរបួសជាង ២០នាក់កាលពីថ្ងៃទី២២ ខែមិថុនា។

បើតាមសំណេរនៅលើហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ មិថុនានេះ បានបញ្ជាក់ថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។

សម្តេចបានបញ្ជាក់ថា «ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ»។ ទោះជាមានការរៀបចំបែបនេះក៏ដោយ ក៏ លោក យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសម្រេចចិត្តដក លោក ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ផងដែរ ដោយមូលហេតុថា លោកខ្វះការទទួលខុសត្រូវ និងភូតភរ៕

បង្រ្កាបក្រុមចោរប្លន់ និងគ្រឿងញៀនមួយសំបុកឃាត់ខ្លួនប្រុសស្រី៩នាក់នៅខណ្ឌដង្កោ

ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាក់អោយដឹងថា នៅវេលាម៉ោង១១ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋបានរាយការណ៏ដល់សមត្ថកិច្ចមូលដ្ឋានថា មានជនសង្ស័យមួយក្រុមបានប្រមូលផ្តុំគ្នាដោះដូរស្លាកលេខម៉ូតូនៅចំនុចផ្ទះមួយកន្លែងស្ថិតនៅផ្លូវបេតុង ភូមិខ្វាខាងលិចសង្កាត់ដង្កោខណ្ឌដង្កោ។

 

ខណៈពេលទទួលបានព័ត៍មាននេះភ្លាម លោកអនុសេនីយ៍ឯក តុន តូនី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ដង្កោ ក៏បានរាយការណ៏ជូលលោកអធិការរួចក៏បានសហការគ្នាដឹកនាំកម្លាំងចុះទៅធ្វើការស្រាវជ្រាវនៅចំនុចផ្ទះខាងលើ និងធ្វើការឡោមពទ្ធ័ឆែកឆេភ្លាមៗកិច្ចប្រត្តិបត្តិការខាងលើនេះ សមត្ថកិច្ចបានរកឃើញដាវសាំម៉ារ៉ៃចំនួន៣ដើម ថ្នាំញៀនមួយកញ្ចប់ធំ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១ ស្លាកលេខម៉ូតូ៣បន្ទះ ម៉ូតូចំនួន៧គ្រឿង ក្នុងនោះដែរក៏មានម៉ូតូមួយគ្រឿងដែលក្រុមជនសង្ស័យខាងលើ បានវាយប្លន់ពីយុវជនម្នាក់ កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំនុចផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំ៩នាក់ សមត្ថកិច្ចក៏បានឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ។

បច្ចុប្បន្នជនសង្ស័យទាំ៩នាក់ខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

រដ្ឋាភិបាលចិនផ្តល់សំភារៈសម្រាប់ការបោសសម្អាតមីននៅកម្ពុជា

ដោយ ៖​ សុត្ថារ៉ា

ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី២៤ មិថុនា នេះ បានផ្តល់នូវសំភារៈ សម្រាប់ការបោសសំអាតមីននៅកម្ពុជាជាច្រើនមុខ ក្នុងនោះមាន រថយន្ត ម៉ូតូ ឧបករណ៍រាវលោហៈ ធាតុ ប្រអប់សំភារៈ សម្លៀកបំពាក់ការពារ មួកការពារ ម៉ាស៊ីនបំផ្ទុះ ឯកសណ្ឋាន ស្បែកជើង ខ្សែក្រវ៉ាត់ជាដើមជូនដល់អាជ្ញាធរមីនដើម្បីធ្វើសកម្មភាពបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅ កម្ពុជា ក្នុងន័យចូលរួមចំណែកជួយកម្ពុជាឱ្យសម្រេចបាននូវផែនការរំដោះផ្ទៃដីឱ្យរួចផុតពីគ្រាប់មីន ទាំងស្រុងត្រឹមឆ្នាំ ២០២៥។

ក្នុងពិធីប្រគល់ និងទទួល ជំនួយនេះ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរ មីន និង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាសុទ្ធតែបានចាត់ទុកទំនាក់ទំនងរវាង ប្រទេសទាំងពីរកម្ពុជា ចិន ថាមានសារៈសំខាន់ ហើយថាការផ្តល់ជំនួយរបស់ប្រទេសចិនពិតជាបាន រួមចំណែកយ៉ាងសំខាន់បំផុតនៅក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា។

សម្រាប់វិស័យសកម្មភាពមីន លោក ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា រយៈពេល២៧ ឆ្នាំមកនេះ កម្ពុជាបានបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានផ្ទៃដីចំនួន ១៨៦៩ គីឡូ ម៉ែត្រក្រឡា យកមកប្រើប្រាស់សម្រាប់សាងសង់លំនៅដ្ឋាន ការបង្កបង្កើនផល និងគាំទ្រដល់ការ អភិវឌ្ឍ ក្នុងនោះយើងបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សជាង ១លានគ្រាប់ មីនប្រឆាំង រថក្រោះជាង ២ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជិត ៣លានគ្រាប់ ព្រមទាំងមានអ្នកទទួល ផលសរុបជិត ៦លាននាក់។

លោក នោះដីចំការមីនជាង ៩០០គីឡូម៉ែត្រក្រឡា ដីចំការគ្រាប់បែកចង្កោមជាង ៧០០គីឡូម៉ែត្រក្រឡា និង ដីចំការគ្រាប់ជិត ៥០០គីឡូម៉ែត្រក្រឡាទៀតដែលកំពុងគំរាមកំហែងដល់ការរស់នៅ ការប្រកបមុខរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងបានរារាំងដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។

គួរជម្រាបជូនថា ឆ្លៀតក្នុងឱកាសនៃពិធីប្រគល់ និងទទួលសំភារៈបំរើការបោសសំអាតមីន កាលពីព្រឹកនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentian ក៏បានបញ្ជាក់អំពីការគាំទ្រឱ្យ មានចំណាត់ការតាមផ្លូវច្បាប់ចំពោះជនជាតិចិនទាំងឡាយណា ដែលមានការជាប់ពាក់ព័ន្ធនៅក្នុងការ ដ្ឋានសំណង់អគារដែលបានបាក់រលំនៅខេត្តព្រះសីហនុដែលនាំឱ្យមានកម្មករស្លាប់ និងរបួសជាច្រើន នាក់ ហើយជាមួយគ្នានេះឯកឧត្តមទូតបានសម្តែងនូវអារម្មណ៍ក្តុកក្តួលជាពន់ពេកចំពោះឧបទ្ទហេតុ
នេះ៕

សម្តេច ហ៊ុន សែន ចុះពិនិត្យផ្ទាល់ការរុករកជនរងគ្រោះក្រោមផ្ទាំងថ្មនៃអគារបាក់រលំ

ដោយ ៖ សហការី

ព្រះសីហនុ ៖ ក្រោយចូលរួមបេសកកម្មរុករកអ្នករងគ្រោះដោយសារបាក់រលំអគារ ព្រឹកថ្ងៃទ២៤ ខែមិថុនា នេះ អ្នកស្លាប់កើនដល់ ២៤នាក់ហើយ ខណៈក្រុមសង្គ្រោះនកំពុងបន្តការស្វែងមនុស្សដែលសង្ស័យថា នៅមានជនរងគ្រោះនៅសេសសលនៅឡើយ។

នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅសម្រាកហើយ បន្ទាប់ពីបានធ្វើដំណើរតាមរថយន្តមកកាន់ទីតាំងអគារ៧ជាន់ នៅខេត្តព្រះសីហនុ ទាំងយប់ ក្រោយពីបានវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៣ មិថុនា នេះ។

ការអញ្ជើញមកទាំងយប់របស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះនិងលើកទឹកចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអាគារបាក់រលំសង្កត់កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។

សម្តេចតេជោ មានប្រសាសន៍តាមរយៈហ្វេសប៊ុកផេកថា “ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចមានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសព ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារជនរងគ្រោះផងដែរ” ។

សូមបញ្ជាក់ថា ក្រុមប្រតិបត្តិការសង្គ្រោះ បានឲ្យដឹងថា គិតត្រឹមម៉ោង ៦៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ ចំនួនអ្នកស្លាប់កើនដល់ ២៤នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស ២នាក់ទៀត ដែលជាអ្នករស់នៅឯខេត្តព្រៃវែង បានស្លាប់ក្នុងគំនរបាក់បែកនៃអគារនោះ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩នាក់ ហើយក្នុងនោះស្លាប់ចំនួន២៥នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៤រូប(ស្រី ២ នាក់)គិតត្រឹមម៉ោងព្រឹក ថ្ងៃទី ២៤ ខែមិថុនា នេះ។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត ៕